លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មិនយូរទៀត ព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់

មិនយូរទៀត ព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់

​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ឲ្យ​ខ្ញុំ​ស្រែក​សុំ​លោក​ជួយ​ដល់​កាល​ណា​ទៅ​ទើប​លោក​ព្រម​ស្ដាប់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​សុំ​ជំនួយ​ដល់​កាល​ណា​ទៀត ទើប​លោក​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ?​»។ (​ហាបាគុក ១:២, ៣​) នេះ​ជា​ពាក្យ​របស់​ហាបាគុក។ គាត់​ជា​បុរស​ល្អ​ត្រឹម​ត្រូវ​ដែល​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ តើ​ការ​អង្វរ​សុំ​របស់​គាត់​បង្ហាញ​ថា​គាត់​គ្មាន​ជំនឿ​ឬ? មិន​មែន​ទាល់​តែ​សោះ! ព្រះ​បាន​ពង្រឹង​ទំនុក​ចិត្ត​ហាបាគុក​ថា លោក​មាន​ពេល​កំណត់​ដែល​លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា។—ហាបាគុក ២:២, ៣

ពេល​អ្នក ឬ​បុគ្គល​ដែល​ជិត​ស្និទ្ធ​នឹង​អ្នក​កំពុង​រង​ទុក្ខ​វេទនា គឺ​ងាយ​ស្រួល​ឲ្យ​សន្មត​ថា​ព្រះ​យឺត​នឹង​ជួយ ហើយ​ថា​លោក​គួរ​តែ​ធ្វើ​អន្តរាគមន៍​ឥឡូវ។ ប៉ុន្តែ គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​យឺត​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ដូច​មនុស្ស​ខ្លះ​គិត​ថា​យឺត​នោះ​ទេ។ ប៉ុន្តែ លោក​អត់​ធ្មត់​នឹង​អ្នក​រាល់​គ្នា ពីព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។—ពេត្រុស​ទី​២ ៣:៩

តើ​ព្រះ​នឹង​ចាត់​វិធានការ​នៅ​ពេល​ណា?

មិន​យូរ​ទៀត! លោក​យេស៊ូ​បាន​បង្ហាញ​ថា​ជំនាន់​មួយ​នឹង​ទៅ​ជា​សាក្សី​បញ្ជាក់​អំពី​ស្ថានភាព​ផ្សេង​ៗ​ដែល​ជា​សញ្ញា​សម្គាល់​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​«​របៀប​របប​ពិភព​លោក​»។ (​ម៉ាថាយ ២៤:៣​-​៤២​) ការ​សម្រេច​ទំនាយ​របស់​លោក​យេស៊ូ​នៅ​សម័យ​យើង​បញ្ជាក់​ថា ព្រះ​កំពុង​ធ្វើ​អន្តរាគមន៍​ក្នុង​ស្ថានភាព​របស់​មនុស្ស។ *

ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់? ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​សម្រាល​ការ​ឈឺ​ចាប់​របស់​មនុស្សជាតិ។ នេះ​បង្ហាញ​អំពី​ឫទ្ធានុភាព​របស់​ព្រះ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​អំពី​រឿង​នេះ។

មហន្តរាយ​ធម្មជាតិ: កាល​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​លោក​កំពុង​ធ្វើ​ដំណើរ​តាម​សមុទ្រ​កាលីឡេ ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ​ហៀប​នឹង​ធ្វើ​ឲ្យ​ទូក​របស់​ពួក​គាត់​លិច។ តែ​លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​និង​បិតា​របស់​លោក​អាច​គ្រប់​គ្រង​លើ​អំណាច​ធម្មជាតិ។ (​កូឡុស ១:១៥, ១៦​) លោក​យេស៊ូ​គ្រាន់​តែ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ!​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ​«​រួច​ខ្យល់​ក៏​ស្ងប់ ហើយ​ក៏​កើត​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង​»។—ម៉ាកុស ៤:៣៥​-​៣៩

ជំងឺ: លោក​យេស៊ូ​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​តាម​រយៈ​សមត្ថភាព​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ដូច​ជា​មនុស្ស​ងងឹត​ភ្នែក ខ្វិន ឆ្កួត​ជ្រូក ឃ្លង់ ឬ​ពិការភាព​ឯ​ទៀត​ជា​ដើម។ ​«​លោក​ក៏​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មាន​ជំងឺ​ជា​សះ​ស្បើយ​ដែរ​»។—ម៉ាថាយ ៤:២៣, ២៤; ៨:១៦; ១១:២​-​៥

ការ​អត់​ឃ្លាន: លោក​យេស៊ូ​បាន​ប្រើ​ឫទ្ធានុភាព​ពី​បិតា​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​អាហារ​តែ​បន្តិច​បន្តួច​ទៅ​ជា​អាហារ​ដ៏​ច្រើន។ គម្ពីរ​ចែង​ថា​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក អស់​ពីរ​ដង​លោក​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់។—ម៉ាថាយ ១៤:១៤​-​២១; ១៥:៣២​-​៣៨

សេចក្ដី​ស្លាប់: ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​បំបាត់​ចោល​សេចក្ដី​ស្លាប់ នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បី​ដែល​លោក​យេស៊ូ​បាន​ធ្វើ ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ ក្នុង​ចំណោម​បុគ្គល​ដែល​លោក​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ មាន​បុគ្គល​ម្នាក់​បាន​ស្លាប់​អស់​រយៈ​ពេល​បួន​ថ្ងៃ។—ម៉ាកុស ៥:៣៥​-​៤២; លូកា ៧:១១​-​១៦; យ៉ូហាន ១១:៣​-​៤៤

^ វគ្គ 5 សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ សូម​មើល​មេ​រៀន​ទី​៣២ ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​អាច​ថត​ចម្លង​ដោយ​ឥត​គិត​ថ្លៃ​នៅ​www.pr418.com/km។