លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​នឹង​ធ្វើ​អ្វី?

តើ​ព្រះ​នឹង​ធ្វើ​អ្វី?

បើ​អ្នក​ជួប​ការ​ពិបាក អ្នក​ច្បាស់​ជា​រំពឹង​ថា​មិត្ត​ល្អ​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​អ្នក។ ដោយ​យល់​ដូច្នេះ អ្នក​ខ្លះ​និយាយ​ថា​ព្រះ​មិន​មែន​ជា​មិត្ត​ភក្ដិ​ទេ ដោយ​សារ​ពួក​គេ​មាន​អារម្មណ៍​ថា​ព្រះ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គេ​ឡើយ។ តាម​ការ​ពិត ព្រះ​មិន​គ្រាន់​តែ​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​និង​ទុក្ខ​វេទនា​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ តើ​ព្រះ​នឹង​ធ្វើ​អ្វី?

អំពើ​អាក្រក់​សព្វ​បែប​យ៉ាង​នឹង​លែង​មាន​ទៀត

ព្រះ​នឹង​បំបាត់​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង​ដោយ​បំផ្លាញ​ប្រភព​នៃ​អំពើ​អាក្រក់​ទាំង​នោះ។ គម្ពីរ​បង្ហាញ​ប្រាប់​ថា​តើ​ប្រភព​នោះ​ជា​អ្វី ពេល​ដែល​ចែង​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​យ៉ូហាន​ទី១ ៥:១៩​) ច្បាស់​ណាស់ ​«​មេ​កំណាច​»​នោះ​គឺ​ជា​បុគ្គល​ដែល​លោក​យេស៊ូ​បាន​ហៅ​ថា ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ ពោល​គឺ​មេ​កំណាច​សាថាន។ (​យ៉ូហាន ១២:៣១​) ឥទ្ធិពល​របស់​សាថាន​មក​លើ​ពិភព​លោក​គឺ​ជា​ប្រភព​នៃ​ទុក្ខ​វេទនា​និង​បញ្ហា​ដែល​មាន​នៅ​លើ​ផែន​ដី។ តើ​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា?

មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រើ​បុត្រ​របស់​លោក គឺ​លោក​យេស៊ូ​គ្រិស្ដ​ឲ្យ​«​បំផ្លាញ​ចោល​អ្នក​ដែល​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់ ពោល​គឺ​មេ​កំណាច​»។ (​ហេប្រឺ ២:១៤; យ៉ូហាន​ទី១ ៣:៨​) តាម​ពិត គម្ពីរ​បង្ហាញ​ថា​មេ​កំណាច​ផ្ទាល់​ដឹង​ថា​«​វា​មាន​ពេល​តែ​បន្តិច​បន្តួច​»​មុន​វា​នឹង​ត្រូវ​បំផ្លាញ។ (​ការ​បើក​បង្ហាញ ១២:១២​) ព្រះ​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់ ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ផង​ដែរ។—ទំនុក​តម្កើង ៣៧:៩; សុភាសិត ២:២២

ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន

ក្រោយ​ពី​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់​ពី​ផែន​ដី អ្នក​បង្កើត​របស់​យើង​នឹង​ចាត់​វិធានការ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ដែល​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត​លើ​ផែន​ដី។ នៅ​គ្រា​នោះ តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​អ្វី​ខ្លះ?

សេចក្ដី​សុខ​និង​សន្តិ​ភាព​ជា​រៀង​រហូត។ ​«​មនុស្ស​រាប​សា គេ​នឹង​បាន​ផែន​ដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។—ទំនុក​តម្កើង ៣៧:១១

អាហារ​ជា​បរិបូរ។ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ​»។—ទំនុក​តម្កើង ៧២:១៦

ផ្ទះ​សមរម្យ​និង​ការ​ងារ​ដ៏​ស្កប់​ចិត្ត។ ​«​គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ។ . . . ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ​»។—អេសាយ ៦៥:២១, ២២

តើ​អ្នក​ចង់​ឃើញ​ស្ថានភាព​បែប​នេះ​ឬ​ទេ? មិន​យូរ​ទៀត មនុស្ស​គ្រប់​គ្នា​នឹង​មាន​ស្ថានភាព​ដូច​នេះ​រាល់​ថ្ងៃ។

ជំងឺ​និង​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត

សព្វ​ថ្ងៃ​នេះ មនុស្ស​ទាំង​អស់​ឈឺ​ហើយ​ទី​បំផុត​ស្លាប់ ប៉ុន្តែ​នេះ​នឹង​មិន​មាន​យូរ​ទៀត​ឡើយ។ មិន​យូរ​ទៀត ព្រះ​នឹង​ជួយ​មនុស្ស​ឲ្យ​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ដើម្បី​ឲ្យ​«​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៦​) តើ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា​ខ្លះ?

ជំងឺ​នឹង​ត្រូវ​លុប​បំបាត់។ ​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ។ ព្រះ​ទ្រង់​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​ផង​»។—អេសាយ ៣៣:២៤

សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត។ ​«​ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់​»។—អេសាយ ២៥:៨

មនុស្ស​នឹង​រស់​ជា​រៀង​រហូត។ ​«​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​គ្រិស្ដ​យេស៊ូ ជា​ម្ចាស់​របស់​យើង​»។—រ៉ូម ៦:២៣

មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្មភាព ២៤:១៥​) ពួក​គេ​នឹង​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ពី​ព្រះ។

តើ​ព្រះ​នឹង​សម្រេច​អ្វី​ទាំង​អស់​នេះ​តាម​របៀប​ណា?

ការ​ស្ថាបនា​រដ្ឋាភិបាល​ដ៏​ល្អ​ឥត​ខ្ចោះ

ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ​និង​ផែន​ដី តាម​រយៈ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ដោយ​មាន​លោក​យេស៊ូ​គ្រិស្ដ​ជា​អ្នក​គ្រប់​គ្រង​ដែល​ព្រះ​បាន​តែង​តាំង។ (​ទំនុក​តម្កើង ១១០:១, ២​) លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​អំពី​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​នោះ ដោយ​ពោល​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ . . . សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។—ម៉ាថាយ ៦:៩, ១០

រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី ហើយ​បំបាត់​ចោល​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ទាំង​អស់​ពី​ផែន​ដី​នេះ។ រាជាណាចក្រ​នេះ​គឺ​ជា​រដ្ឋាភិបាល​ល្អ​បំផុត​ដែល​មនុស្សជាតិ​អាច​មាន! នេះ​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​ខំ​ព្យាយាម​ប្រកាស​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែន​ដី ហើយ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ។—ម៉ាថាយ ៤:២៣; ២៤:១៤

ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ដែល​លោក​បាន​បង្កើត​យ៉ាង​ខ្លាំង នោះ​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ​ដើម្បី​ពួក​គេ។ ដោយ​ដឹង​ដូច្នេះ នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​ចង់​ស្គាល់​លោក​និង​ចូល​ទៅ​ជិត​លោក មែន​ទេ? បើ​អ្នក​ធ្វើ​ដូច្នេះ តើ​អ្នក​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? អត្ថបទ​បន្ទាប់​នឹង​ពន្យល់។

តើ​ព្រះ​នឹង​ធ្វើ​អ្វី? ព្រះ​នឹង​លុប​បំបាត់​ជំងឺ​និង​សេចក្ដី​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សាមគ្គី​ភាព​ក្រោម​រដ្ឋាភិបាល​នៃ​រាជាណាចក្រ​ព្រះ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន