លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលអាចធ្វើឲ្យអ្នកចង់បន្តរស់នៅ

មូលហេតុដែលអាចធ្វើឲ្យអ្នកចង់បន្តរស់នៅ

ហ្វីហ្សលត្រូវ​វះ​កាត់​បេះ​ដូង​របស់​គាត់ នេះ​បាន​កើត​ឡើង​ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​ពី​ប្រពន្ធ​របស់​គាត់​ស្លាប់។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អាន​សៀវភៅ​យ៉ូប ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ដាក់​សៀវភៅ​នោះ​ក្នុង​គម្ពីរ​ព្រោះ​មាន​មូលហេតុ។ ពេល​យើង​កើត​ទុក្ខ​ជា​ខ្លាំង ហើយ​អាន​គម្ពីរ​អំពី​បុគ្គល​ដែល​មាន​អារម្មណ៍​ដូច​គ្នា នោះ​សម្រាល​ទុក្ខ​យើង​»។ គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​មាន​មូលហេតុ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ចង់​បន្ត​រស់​នៅ​»។

ថាសានៅ​ក្មេង​ពេល​ដែល​ម្ដាយ​របស់​នាង​ស្លាប់។ នាង​និយាយ​ថា​៖ ​«​ការ​ស្គាល់​អ្នក​បង្កើត​យើង ធ្វើ​ឲ្យ​ជីវិត​មាន​គោល​បំណង ក្ដី​សង្ឃឹម និង​អំណរ ទោះ​ជា​យើង​មាន​បញ្ហា​ជា​ច្រើន​ក៏​ដោយ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​ទ្រ​ទ្រង់​យើង​និង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ជា​រៀង​រាល់​ថ្ងៃ​»។

អត្ថបទ​មុន​ៗ​បង្ហាញ​ថា​រឿង​ខ្លោច​ផ្សា​ផ្សេង​ៗ​អាច​ធ្វើ​ឲ្យ​ជីវិត​មើល​ទៅ​ពិបាក​ស៊ូ​ទ្រាំ​ពេក។ កាល​ដែល​អ្នក​កំពុង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​រស់​នៅ​មាន​ន័យ​អ្វី ឬ​ក៏​តើ​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឬ​ទេ? សូម​ជឿ​ជាក់​ថា​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​ទុក្ខ​វេទនា​របស់​អ្នក។ អ្នក​មាន​តម្លៃ​ណាស់​ចំពោះ​លោក។

អ្នក​សរសេរ​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៨៦​បាន​បង្ហាញអំពី​ទំនុក​ចិត្ត​របស់​គាត់​ចំពោះ​ព្រះ ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​ហៅ​រក​លោក​ក្នុង​វេលា​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក ព្រោះ​លោក​នឹង​តប​ឆ្លើយ​មក​ខ្ញុំ​»។ (​ចម្រៀង​សរសើរ​ព្រះ ៨៦:៧​) ក៏​ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ព្រះ​នឹង​ឆ្លើយ​តប​ខ្ញុំ​«​ក្នុង​វេលា​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក​»​យ៉ាង​ដូច​ម្ដេច?›។

ទោះ​ជា​ព្រះ​ប្រហែល​មិន​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ភ្លាម​ៗ​ក្ដី គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​លោក​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​បាន ដោយ​ចែង​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ។ យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា​»។ (​ភីលីព ៤:៦, ៧​) សូម​ពិចារណា​អំពី​របៀប​ដែល​ខ​គម្ពីរ​បន្ត​បន្ទាប់​នេះ​ផ្ដល់​ទំនុក​ចិត្ត​ដល់​យើង​ថា​ព្រះ​គឺ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​មែន។

ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក

​«​ព្រះ​មិន​ភ្លេច . . . ទោះ​ជា​ចាប​មួយ​ក៏​ដោយ។ . . . អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។លូកា ១២:៦, ៧

សូម​ពិចារណា​៖ ចាប​តូច​ៗ​ដូច​ជា​ចាប​ពូក​មើល​ទៅ​ប្រហែលជា​គ្មាន​តម្លៃ​ចំពោះ​មនុស្ស​ភាគ​ច្រើន​នោះ​ទេ តែ​ព្រះ​យក​ចិត្ត​ទុកដាក់​នឹង​ពួក​វា។ ព្រះ​កត់​សម្គាល់​ចាប​ពូក​តូច​ៗ​ទាំង​អស់ ពួក​វា​មាន​តម្លៃ​ណាស់។ មនុស្ស​មាន​តម្លៃ​ចំពោះ​ព្រះ​ខ្លាំង​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត។ ក្នុង​ចំណោម​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​លើ​ផែនដី​នេះ មនុស្ស​គឺ​អស្ចារ្យ​ជាង​គេ។ ពួក​គេ​បាន​ត្រូវ​បង្កើត​មក​ឲ្យ​«​មាន​ភាព​ដូច​»​លោក ហើយ​ពួក​គេ​អាច​បណ្ដុះ​និង​បង្ហាញ​គុណ​សម្បត្តិ​អស្ចារ្យ​ផ្សេង​ៗ​ដែល​លោក​មាន។—ដើម​កំណើត ១:២៦, ២៧

​«​ឱ​ព្រះ​យេហូវ៉ា​អើយ លោក​បាន​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ​លោក​ស្គាល់​ខ្ញុំ​ច្បាស់​ណាស់។ . . . លោក​ដឹង​គំនិត​របស់​ខ្ញុំ . . . សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ​»។—ចម្រៀង​សរសើរ​ព្រះ ១៣៩:១, ២, ២៣

សូម​ពិចារណា​៖ ព្រះ​ស្គាល់​អ្នក​ច្បាស់​ណាស់។ លោក​ជ្រាប​អំពី​អារម្មណ៍​និង​ការ​ថប់​ព្រួយ​ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​អ្នក។ ទោះ​ជា​អ្នក​ឯ​ទៀត​ប្រហែល​ជា​មិន​យល់​អំពី​ទុក្ខ​ព្រួយ​របស់​អ្នក​ក្ដី ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​និង​ចង់​ជួយ​អ្នក។ ដោយ​ដឹង​ដូច្នេះ អ្នក​មាន​ហេតុ​បន្ត​រស់​នៅ។

ជីវិត​របស់​អ្នក​មាន​ន័យ

​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ សូម​ឲ្យ​សំឡេង​ស្រែក​សុំ​ជំនួយ​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់​លោក។ . . . សូម​មេត្តា​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ។ ពេល​ខ្ញុំ​ហៅ​រក​លោក សូម​ប្រញាប់​ឆ្លើយ​តប​មក​ខ្ញុំ​ផង។ លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទ័ល​ក្រ​»។—ចម្រៀង​សរសើរ​ព្រះ ១០២:១, ២, ១៧

សូម​ពិចារណា​៖ តាំង​ពី​ដើម​ដំបូង​ដែល​មនុស្សជាតិ​រង​ទុក្ខ ព្រះ​យេហូវ៉ា​កត់​សម្គាល់​រាល់​ទឹក​ភ្នែក​ដែល​បាន​ស្រក់​ដោយ​សារ​រង​ទុក្ខ។ (​ចម្រៀង​សរសើរ​ព្រះ ៥៦:៨​) នេះ​ក៏​រួម​បញ្ចូល​ទឹក​ភ្នែក​របស់​អ្នក​ផង​ដែរ។ ព្រះ​ចាំ​រាល់​ទុក្ខ​លំបាក​របស់​អ្នក ព្រម​ទាំង​ទឹក​ភ្នែក​របស់​អ្នក ដោយ​សារ​អ្នក​មាន​តម្លៃ​ចំពោះ​លោក។

​«​កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក . . . ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក . . . ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ‹កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›​»។អេសាយ ៤១:១០, ១៣

សូម​ពិចារណា​៖ ព្រះ​ប្រុង​ប្រៀប​ដើម្បី​ជួយ​អ្នក។ បើ​អ្នក​ដួល លោក​លើក​អ្នក​ឡើង។

មាន​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត​ដ៏​បវរ

​«​ពីព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។យ៉ូហាន ៣:១៦

សូម​ពិចារណា​៖ ព្រះ​ស្រឡាញ់​អ្នក​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​បូជា​ជីវិត​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក។ ការ​បូជា​ជីវិត​នេះ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដោយ​រីករាយ​និង​មាន​ន័យ​ខ្លឹម​សារ។ *

ទោះ​ជា​អ្នក​ប្រហែល​ជា​មាន​ទុក្ខ​សោក ហើយ​មើល​ទៅ​ពិបាក​ស៊ូ​ទ្រាំ​ក្ដី សូម​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​ពង្រឹង​ជំនឿ​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​សន្យា។ ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​និង​មាន​មូលហេតុ​បន្ត​រស់​នៅ។

^ ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ សូម​ទស្សនា​វីដេអូ​ចូរ​នឹក​ចាំ​មរណភាព​លោក​យេស៊ូ​នៅ​www.pr418.com ។ សូម​ចុច​«​អំពី​យើង​»​ រួច​ចុច​«​ពិធី​រំលឹក​»។