លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២

ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​ជំនុំ

ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​ជំនុំ

​«​ទូល​បង្គំ​នឹង​សរសើរ​ដំ​កើង​ទ្រង់​នៅ​កណ្ដាល​ពួក​ជំនុំ​»។—ទំនុក. ២២:២២

ចម្រៀង​លេខ​៥៩ សូម​សរសើរ​ព្រះ​យ៉ា​ជា​មួយ​នឹង​ខ្ញុំ

សេចក្ដី​សង្ខេប *

១. តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​តើ​នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​អ្វី?

ស្តេច​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង​»។ (​ទំនុក. ១៤៥:៣​) គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​សេចក្ដី​ស្រឡាញ់​នោះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​សរសើរ​ព្រះ​«​នៅ​កណ្ដាល​ពួក​ជំនុំ​»។ (​ទំនុក. ២២:២២; ៤០:៥​) អ្នក​ច្បាស់​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យល់​ស្រប​នឹង​ពាក្យ​របស់​ដាវីឌ ដែល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ​ពរ[​ឬ​«​លើក​តម្កើង​»​]នៅ​អស់​កល្ប​ជា​និច្ច​»។—១រប. ២៩:១០​-​១៣; ខ.ស.

២. (​ក​) តើ​យើង​អាច​សរសើរ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? (​ខ​) តើ​បង​ប្អូន​ខ្លះ​មាន​ការ​ពិបាក​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

សព្វ​ថ្ងៃ​នេះ របៀប​មួយ​ដែល​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​គឺ​ដោយ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ ប៉ុន្តែ បង​ប្អូន​របស់​យើង​ខ្លះ​ប្រឈម​មុខ​នឹង​ការ​ពិបាក​មួយ។ ពួក​គេ​ចង់​ឆ្លើយ​នៅ​កិច្ច​ប្រជុំ តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ តើ​ពួក​គេ​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នោះ​យ៉ាង​ដូច​ម្ដេច? តើ​យោបល់​អ្វី​ខ្លះ​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ចេះ​ឆ្លើយ​ចម្លើយ​ដែល​លើក​ទឹក​ចិត្ត? មុន​យើង​ឆ្លើយ​សំណួរ​ទាំង​នេះ សូម​យើង​ពិចារណា​អំពី​មូលហេតុ​សំខាន់​បួន​ដែល​យើង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។

មូលហេតុ​យើង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ

៣​-​៥. (​ក​) យោង​ទៅ​តាម​ហេប្រឺ ១៣:១៥ ហេតុ​អ្វី​យើង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ? (​ខ​) តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ចម្លើយ​ដូច​ៗ​គ្នា​ឬ​ទេ? សូម​ពន្យល់។

ព្រះ​យេហូវ៉ា​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​យើង​ទាំង​អស់​គ្នា​សរសើរ​លោក។ (​ទំនុក. ១១៩:១០៨​) ចម្លើយ​របស់​យើង​នៅ​កិច្ច​ប្រជុំ​គឺ​ជា​ផ្នែក​នៃ​«​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​»​របស់​យើង ហើយ​គ្មាន​អ្នក​ណា​អាច​ជូន​គ្រឿង​បូជា​នេះ​ជំនួស​យើង​បាន​ឡើយ។ (​សូម​អាន ហេប្រឺ ១៣:១៥) តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ម្នាក់​ៗ​ជូន​គ្រឿង​បូជា​ដូច​គ្នា ឬ​មាន​ចម្លើយ​ដូច​ៗ​គ្នា​ឬ​ទេ? មិន​មែន​ទេ!

ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​មាន​ស្ថានភាព​និង​សមត្ថភាព​ខុស​ៗ​គ្នា ហើយ​លោក​ឲ្យ​តម្លៃយ៉ាង​ខ្លាំង​ចំពោះ​គ្រឿង​បូជា​ដែល​យើង​ជូន​លោក។ សូម​គិត​អំពី​គ្រឿង​បូជា​ផ្សេង​ៗ​ដែល​លោក​ព្រម​ទទួល​ពី​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​អាច​ជូន​ពពែ​ឬ​កូន​ចៀម​ជា​គ្រឿង​បូជា។ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ដែល​ក្រី​ក្រ​អាច​ជូន​«​លលក​២​ឬ​ព្រាប​ជំទើរ​២​»​ ហើយ​បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ដែល​គ្មាន​លទ្ធភាព​ជូន​សត្វ​ស្លាប​ពីរ ព្រះ​យេហូវ៉ា​ព្រម​ទទួល​«​ម្សៅ​យ៉ាង​ម៉ដ្ដ​១​ខ្ញឹង​»។ (​លេវី. ៥:៧, ១១​) ម្សៅ​មាន​តម្លៃ​ថោក​ជាង ប៉ុន្តែ​ព្រះ​យេហូវ៉ា​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​គ្រឿង​បូជា​នោះ ឲ្យ​តែ​នោះ​ជា​«​ម្សៅ​យ៉ាង​ម៉ដ្ដ​»។

ព្រះ​ដ៏​សប្បុរស​របស់​យើង​នៅ​តែ​មាន​ទស្សនៈ​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។ ពេល​យើង​ឆ្លើយ លោក​មិន​តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​ដូច​អាប៉ូឡុស ឬ​ចេះ​និយាយ​វែក​ញែក​ដូច​ប៉ូល​ទេ។ (​សកម្ម. ១៨:២៤; ២៦:២៨​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ឆ្លើយ​អស់​ពី​សមត្ថភាព។ សូម​ចាំ​អំពី​ស្ត្រី​មេ​ម៉ាយ​ដែល​ជូន​កាក់​តូច​ពីរ។ គាត់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​គាត់​បាន​ឲ្យ​អស់​ពី​សមត្ថភាព​របស់​គាត់។—លូក. ២១:១​-​៤

ការ​ឆ្លើយ​ធ្វើ​ឲ្យ​យើង​និង​អ្នក​ដែល​ស្ដាប់​ទទួល​ប្រយោជន៍ (​សូម​មើល​វគ្គ​៦​-​៧​) *

៦. (​ក​) យោង​ទៅ​តាម​ហេប្រឺ ១០:២៤, ២៥ តើ​ចម្លើយ​របស់​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? (​ខ​) តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ចម្លើយ​ដែល​បាន​លើក​ទឹក​ចិត្ត​អ្នក​តាម​របៀប​ណា?

យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ចម្លើយ​របស់​យើង។ (​សូម​អាន ហេប្រឺ ១០:២៤, ២៥) យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​ស្ដាប់​ចម្លើយ​ផ្សេង​ៗ​នៅ​កិច្ច​ប្រជុំ។ ជា​ឧទាហរណ៍ យើង​សប្បាយ​ស្ដាប់​ចម្លើយ​ដ៏​សាមញ្ញ​និង​ស្មោះ​អស់​ពី​ចិត្ត​របស់​កូន​ក្មេង។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ឮ​បង​ប្អូន​ឆ្លើយ​ដោយ​រំភើប​ចិត្ត ដោយ​សារ​គាត់​ទើប​តែ​បាន​រក​ឃើញ​ចំណុច​ថ្មី​សម្រាប់​គាត់។ ម្យ៉ាង​ទៀត យើង​កោត​ស្ងើច​ពួក​អ្នក​ដែល​«​បាន​តាំង​ចិត្ត​ក្លាហាន​»​ដើម្បី​ឆ្លើយ ទោះ​ជា​ពួក​គេ​ជា​មនុស្ស​អៀន​ខ្មាស ឬ​កំពុង​រៀន​ភាសា​របស់​យើង​ក្ដី។ (​១ថែ. ២:២​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ព្យាយាម​របស់​ពួក​គេ? របៀប​មួយ​គឺ​ក្រោយ​ពី​កិច្ច​ប្រជុំ យើង​អាច​អរគុណ​ពួក​គេ​ចំពោះ​ចម្លើយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ របៀប​មួយ​ទៀត គឺ​ដោយ​រួម​ចំណែក​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ យ៉ាង​នេះ យើង​មិន​គ្រាន់​តែ​ទទួល​ការ​លើក​ទឹក​ចិត្ត​នៅ​កិច្ច​ប្រជុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ឯ​ទៀត​ដែរ។—រ៉ូម ១:១១, ១២

៧. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​ឆ្លើយ?

យើង​ទទួល​ប្រយោជន៍​ពេល​យើង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ (​អេ. ៤៨:១៧​) តើ​តាម​របៀប​ណា? ទី១ បើ​យើង​មាន​គោល​ដៅ​ឆ្លើយ នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​រៀប​ចំ​យ៉ាង​ល្អ​សម្រាប់​កិច្ច​ប្រជុំ។ ពេល​យើងរៀប​ចំ​ល្អ យើង​យល់​បណ្ដាំ​របស់​ព្រះ​បាន​ជ្រាល​ជ្រៅ​ជាង។ កាល​ដែល​យើង​កាន់​តែ​យល់ នោះ​យើង​កាន់​តែ​អាច​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន។ ទី២ ដោយ​សារ​យើង​រួម​ចំណែក​ឆ្លើយ​ក្នុង​កិច្ច​ប្រជុំ យើង​ទំនង​ជា​នឹង​ចូល​ចិត្ត​កិច្ច​ប្រជុំ​នោះ​ជាង។ ទី៣ ពេល​យើង​ព្យាយាម​ឆ្លើយ យើង​ច្រើន​តែ​ចាំ​ចំណុច​ដែល​យើង​បាន​លើក​ឡើង​នោះ​យូរ​ជាង។

៨​-​៩. (​ក​) តើ​អ្នក​យល់​យ៉ាង​ណា​ពី​ម៉ាឡាគី ៣:១៦​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ចម្លើយ​របស់​យើង? (​ខ​) តើ​អ្នក​ខ្លះ​នៅ​តែ​មាន​ការ​ពិបាក​អ្វី?

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​និយាយ​អំពី​ជំនឿ​របស់​យើង។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​ចម្លើយ​របស់​យើង ហើយ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខំ​ព្យាយាម​របស់​យើង​ដើម្បី​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ (​សូម​អាន ម៉ាឡាគី ៣:១៦) លោក​បង្ហាញ​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ព្យាយាម​របស់​យើង ដោយ​ឲ្យ​ពរ​យើង​ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—ម៉ាឡ. ៣:១០

ដូច្នេះ​យើង​ឃើញ​ច្បាស់​ថា មាន​មូលហេតុ​ល្អ​ឲ្យ​យើង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ ប៉ុន្តែ អ្នក​ខ្លះ​នៅ​តែ​ភ័យ​ខ្លាច​ក្នុង​ការ​លើក​ដៃ​ឆ្លើយ។ បើ​អ្នក​មាន​អារម្មណ៍​បែប​នោះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម​យើង​ពិចារណា​អំពី​គោល​ការណ៍​មួយ​ចំនួន​ពី​គម្ពីរ គំរូ និង​យោបល់​ខ្លះ​ៗ​ដែល​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ព្យាយាម​ឆ្លើយ​ច្រើន​ជាង​នៅ​កិច្ច​ប្រជុំ។

ការ​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច

១០. (​ក​) តើ​បង​ប្អូន​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​អ្វី? (​ខ​) ហេតុ​អ្វី​ការ​មាន​អារម្មណ៍​ភ័យ​ខ្លាច​អាច​ជា​អ្វី​ល្អ?

១០ តើ​អ្នក​ភ័យ​បុក​ពោះ​រាល់​ដង​ពេល​អ្នក​គិត​ថា​អ្នក​ចង់​លើក​ដៃ​ឆ្លើយ​ឬ​ទេ? បើ​ដូច្នេះ​មែន មិន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ​ដែល​មាន​អារម្មណ៍​បែប​នេះ។ តាម​ការ​ពិត យើង​ភាគ​ច្រើន​មាន​អារម្មណ៍​ភ័យ​ខ្លាច​មួយ​កម្រិត​ពេល​យើង​លើក​ដៃ​ឆ្លើយ។ មុន​អ្នក​អាច​យក​ឈ្នះ​អារម្មណ៍​នោះ អ្នក​ត្រូវ​ដឹង​ថា​ការ​ភ័យ​ខ្លាច​របស់​អ្នក​មក​ពី​អ្វី។ តើ​អ្នក​ខ្លាច​ថា​អ្នក​នឹង​ភ្លេច​អ្វី​ដែល​ចង់​និយាយ ឬ​ថា​អ្នក​នឹង​និយាយ​ខុស​ឬ​ទេ? តើ​អ្នក​បារម្ភ​ថា​ចម្លើយ​របស់​អ្នក​គឺ​មិន​ល្អ​ដូច​ចម្លើយ​របស់​អ្នក​ឯ​ទៀត​ឬ​ទេ? តាម​ការ​ពិត ការ​គិត​ដូច្នេះ​អាច​ជា​អ្វី​ដែល​ល្អ ដោយ​សារ​នេះ​បង្ហាញ​ថា​អ្នក​មាន​ចិត្ត​រាប​ទាប និង​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គុណ​សម្បត្ដិ​នោះ។ (​ទំនុក. ១៣៨:៦; ភី. ២:៣​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​អ្នក​សរសើរ​លោក និង​ពង្រឹង​កម្លាំង​របស់​បង​ប្អូន​នៅ​កិច្ច​ប្រជុំ​ដែរ។ (​១ថែ. ៥:១១​) លោក​ស្រឡាញ់​អ្នក ហើយ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ចិត្ត​ក្លាហាន​ដែល​អ្នក​ត្រូវ​ការ។

១១. តើ​គោល​ការណ៍​អ្វី​ខ្លះ​ពី​គម្ពីរ​អាច​ជួយ​យើង?

១១ សូម​ពិចារណា​អំពី​គោល​ការណ៍​ខ្លះ​ក្នុង​គម្ពីរ។ គម្ពីរ​ចែង​ថា​យើង​ទាំង​អស់​គ្នា​ចេះ​និយាយ​ខុស ហើយ​របៀប​ដែល​យើង​និយាយ​ក៏​អាច​ខុស​ដែរ។ (​យ៉ា. ៣:២​) ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​បង​ប្អូន​របស់​យើង​ក៏​មិន​តម្រូវ​បែប​នោះ​ដែរ។ (​ទំនុក. ១០៣:១២​-​១៤​) ពួក​គេ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង ហើយ​ពួក​គេ​ស្រឡាញ់​យើង។ (​ម៉ាក. ១០:២៩, ៣០; យ៉ូន. ១៣:៣៥​) ពួក​គេ​យល់​ថា​ជួន​កាល​អ្វី​ដែល​យើង​ឆ្លើយ​មិន​មែន​ដូច​អ្វី​ដែល​យើង​ចង់​ឆ្លើយ​ទេ។

១២​-​១៣. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​នេហេមា​និង​យ៉ូណាស?

១២ សូម​ពិចារណា​អំពី​គំរូ​ខ្លះ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច។ សូម​គិត​អំពី​នេហេមា។ គាត់​បម្រើ​នៅ​ក្នុង​វាំង​របស់​ស្តេច​ដ៏​មាន​អំណាច។ នេហេមា​ពិបាក​ចិត្ត ដោយ​សារ​គាត់​បាន​ឮ​ថា​កំពែង​និង​ទ្វារ​ក្រុង​យេរូសាឡិម​បាន​បាក់​បែក។ (​នេហ. ១:១​-​៤​) សូម​គិត​ទៅ​មើល​ថា​គាត់​ប្រហែល​ជា​ភ័យ​បុក​ពោះ​យ៉ាង​ណា​ពេល​ស្តេច​នោះ​សុំ​ឲ្យ​គាត់​ប្រាប់​អំពី​មូលហេតុ​ដែល​គាត់​មាន​ទឹក​មុខ​ព្រួយ! នេហេមា​បាន​អធិដ្ឋាន​ភ្លាម​ៗ រួច​គាត់​បាន​ប្រាប់​ស្តេច​អំពី​សំណូម​ពរ​របស់​គាត់។ រួច​មក ស្តេច​នោះ​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ។ (​នេហ. ២:១​-​៨​) សូម​គិត​ដែរ​អំពី​គំរូ​របស់​យ៉ូណាស។ ពេល​ព្រះ​យេហូវ៉ា​បាន​សុំ​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​បណ្ដា​ជន​នៅ​ក្រុង​នីនីវេ យ៉ូណាស​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​គាត់​បាន​រត់​ទៅ​ទិស​ដៅ​ផ្ទុយ​ពី​ក្រុង​នោះ។ (​យ៉ូណ. ១:១​-​៣​) ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យ៉ូណាស​បាន​បំពេញ​ភារកិច្ច​របស់​គាត់ ហើយ​ដំណឹង​ដែល​គាត់​បាន​ប្រកាស​មាន​ឥទ្ធិពល​ល្អ​ដល់​អ្នក​ក្រុង​នីនីវេ។ (​យ៉ូណ. ៣:៥​-​១០​) តាម​រយៈ​គំរូ​របស់​នេហេមា យើង​រៀន​ថា​គឺ​សំខាន់​ឲ្យ​យើង​អធិដ្ឋាន​មុន​នឹង​ឆ្លើយ។ ម្យ៉ាង​ទៀត តាម​រយៈ​គំរូ​របស់​យ៉ូណាស យើង​រៀន​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​បម្រើ​លោក ទោះ​ជា​យើង​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​យ៉ាង​ណា​ក្ដី។ សូម​គិត​ទៅ​មើល តើ​មាន​ក្រុម​ជំនុំ​ណា​ដែល​គួរ​ឲ្យ​ខ្លាច​ដូច​អ្នក​ក្រុង​នីនីវេ​ឬ​ទេ?

១៣ តើ​យោបល់​អ្វី​ខ្លះ​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ឆ្លើយ​ចម្លើយ​ដែល​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ? សូម​យើង​ពិចារណា​យោបល់​មួយ​ចំនួន។

១៤. ហេតុ​អ្វី​យើង​គួរ​រៀប​ចំ​យ៉ាង​ល្អ​សម្រាប់​កិច្ច​ប្រជុំ ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​នៅ​ពេល​ណា?

១៤ សូម​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​នីមួយ​ៗ។ ពេល​អ្នក​មាន​កាល​វិភាគ​ច្បាស់​លាស់​និង​រៀប​ចំ​យ៉ាង​ល្អ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ជាង​ពេល​អ្នក​លើក​ដៃ​ឆ្លើយ។ (​សុភ. ២១:៥​) យើង​មាន​កាល​វិភាគ​ខុស​ៗ​គ្នា។ ជា​ឧទាហរណ៍ រៀង​រាល់​សប្ដាហ៍​បង​អិលឡាវីស​ដែល​ជា​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ដែល​មាន​អាយុ​៨០​ឆ្នាំ​ជាង ចាប់​ផ្ដើម​រៀប​ចំ​សម្រាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ដើម​សប្ដាហ៍។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​កិច្ច​ប្រជុំ​ជាង បើ​ខ្ញុំ​សិក្សា​ទុក​ជា​មុន​»។ បង​ស្រី​ជយ​ដែល​ជា​អ្នក​ធ្វើ​ការ​ពេញ​ពេល លៃ​ទុក​ពេល​រាល់​ថ្ងៃ​សៅរ៍​ដើម្បី​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​រៀប​ចំ​ទស្សនាវដ្ដី​មិន​យូរ​មុន​កិច្ច​ប្រជុំ គឺ​ស្រួល​ឲ្យ​ខ្ញុំ​ចាំ​ព័ត៌មាន​ទាំង​នោះ​ជាង​»។ បងប្រុស​អែក​ដែល​ជា​អ្នក​ត្រួស​ត្រាយ​និង​ជា​អ្នក​ចាស់​ទុំ​ដ៏​រវល់​ម្នាក់ និយាយ​ថា​៖ ​«​ចំពោះ​ខ្ញុំ​គឺ​ល្អ​បំផុត​ឲ្យ​ខ្ញុំ​សិក្សា​សម្រាប់​រយៈ​ពេល​ខ្លី​ៗ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្ដាហ៍ ជា​ជាង​សិក្សា​ម្ដង​ទាំង​អស់​»។

១៥. តើ​អ្នក​អាច​រៀប​ចំ​ល្អ​សម្រាប់​កិច្ច​ប្រជុំ​តាម​របៀប​ណា?

១៥ តើ​ការ​រៀប​ចំ​យ៉ាង​ល្អ​សម្រាប់​កិច្ច​ប្រជុំ​រួម​បញ្ចូល​អ្វី​ខ្លះ? មុន​ចាប់​ផ្ដើម​សិក្សា សូម​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​ឲ្យ​អ្នក។ (​លូក. ១១:១៣; ១យ៉ូន. ៥:១៤​) រួច​មក សូម​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ដើម្បី​ពិចារណា​អំពី​ចំណង​ជើង​អត្ថបទ ចំណង​ជើង​តូច រូប​ភាព និង​ប្រអប់​ដែល​មាន​ក្នុង​អត្ថបទ រួម​ទាំង​សំណួរ​រៀន​សារ​ឡើង​វិញ។ កាល​ដែល​អ្នក​សិក្សា​វគ្គ​នីមួយ​ៗ សូម​អាន​ខ​គម្ពីរ​ឲ្យ​បាន​ច្រើន​បំផុត​ដែល​មាន​ក្នុង​វគ្គ​នោះ។ សូម​រំពឹង​គិត​អំពី​ព័ត៌មាន​ទាំង​នោះ ដោយ​ផ្ដោត​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ចំណុច​ដែល​អ្នក​ចង់​ឆ្លើយ។ កាល​ដែល​អ្នក​រៀប​ចំ​កាន់​តែ​ល្អ អ្នក​នឹង​កាន់​តែ​ទទួល​ប្រយោជន៍ ហើយ​អ្នក​នឹង​ស្រួល​ឆ្លើយ​ជាង។—២កូ. ៩:៦

១៦. តើ​អង្គ​ការ​របស់​យើង​បាន​ផ្ដល់​អ្វី​ខ្លះ​ឲ្យ​យើង ហើយ​តើ​អ្នក​ប្រើ​វា​យ៉ាង​ដូច​ម្ដេច?

១៦ បើ​អាច​ធ្វើ​បាន សូម​ប្រើ​កម្ម​វិធី​ផ្សេង​ៗ​តាម​គ្រឿង​អេឡិចត្រូនិក​ជា​ភាសា​របស់​អ្នក។ តាម​រយៈ​អង្គ​ការ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​អ្វី​ផ្សេង​ៗ​ដែល​យើង​អាច​ប្រើ​តាម​គ្រឿង​អេឡិចត្រូនិក​ដើម្បី​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ។ យើង​អាច​ថត​ចម្លង​សៀវភៅ​សិក្សា​ក្នុង​គ្រឿង​អេឡិចត្រូនិក​តាម​កម្ម​វិធី​JW​បណ្ណាល័យយ៉ាង​នេះ យើង​អាច​សិក្សា ឬ​យ៉ាង​ហោច​ណាស់​អាន ឬ​ក៏​ស្ដាប់​ព័ត៌មាន​នោះ​នៅ​ពេល​ណា​និង​កន្លែង​ណា​ក៏​បាន។ បង​ប្អូន​ខ្លះ​ប្រើ​កម្ម​វិធី​នេះ​ដើម្បី​សិក្សា​ពេល​សម្រាក​ថ្ងៃ​ត្រង់​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា ឬ​ពេល​ធ្វើ​ដំណើរ។ កម្ម​វិធី​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម ជួយ​យើង​ឲ្យ​ស្រួល​ស្រាវ​ជ្រាវ​ចំណុច​ដែល​យើង​ចង់​សិក្សា​ថែម​ទៀត​ក្នុង​មេ​រៀន​នោះ។

តើ​តាម​ធម្មតា​អ្នក​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ពេល​ណា? (​សូម​មើល​វគ្គ​១៤​-​១៦​) *

១៧. (​ក​) ហេតុ​អ្វី​គឺ​ជា​ការ​ល្អ​ឲ្យ​យើង​រៀប​ចំ​ចម្លើយ​លើស​ពី​មួយ​ឬ​ពីរ? (​ខ​) តើ​អ្នក​បាន​រៀន​អ្វី​ពី​វីដេអូចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ចូរ​រៀប​ចំ​ចម្លើយ​សម្រាប់​កិច្ច​ប្រជុំ?

១៧ បើ​អាច​ធ្វើ​បាន សូម​រៀប​ចំ​ចម្លើយ​លើស​ពី​មួយ​ឬ​ពីរ​សម្រាប់​មេ​រៀន​នីមួយ​ៗ។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​អ្នក​លើក​ដៃ​ឆ្លើយ អ្នក​ប្រហែល​ជា​មិន​តែង​តែ​បាន​ត្រូវ​ហៅ​ទេ។ អ្នក​ឯ​ទៀត​ទំនង​ជា​នឹង​លើក​ដៃ​នៅ​ពេល​ដំណាល​គ្នា​ដែរ ហើយ​អ្នក​ដឹក​នាំ​ប្រហែល​ជា​នឹង​ជ្រើស​រើស​ពួក​គេ។ ដើម្បី​ឲ្យ​កិច្ច​ប្រជុំ​បញ្ចប់​ទាន់​ពេល អ្នក​ដឹក​នាំ​ប្រហែល​ជា​ត្រូវ​កំណត់​ចំនួន​អ្នក​ឆ្លើយ​ចំណុច​នីមួយ​ៗ។ ដូច្នេះ សូម​កុំ​ទើស​ចិត្ត​ឬ​ធ្លាក់​ទឹក​ចិត្ត បើ​គាត់​មិន​ហៅ​អ្នក​ក្នុង​ផ្នែក​ដំបូង​នៃ​ការ​សិក្សា​នោះ។ បើ​អ្នក​រៀប​ចំ​ចម្លើយ​លើស​ពី​មួយ​ឬ​ពីរ អ្នក​នឹង​មាន​ឱកាស​ឆ្លើយ​ច្រើន​ជាង។ ចម្លើយ​មួយ​ដែល​អ្នក​អាច​រៀប​ចំ​គឺ​ដោយ​អាន​បទ​គម្ពីរ។ ប៉ុន្តែ បើ​អ្នក​អាច​ធ្វើ​បាន សូម​រៀប​ចំ​ចម្លើយ​ដែល​ចេញ​ពី​ចិត្ត *

១៨. ហេតុ​អ្វី​យើង​គួរ​ឆ្លើយ​ខ្លី?

១៨ សូម​ឆ្លើយ​ចម្លើយ​ខ្លី។ ជា​ទូ​ទៅ ចម្លើយ​ដែល​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត​គឺ​ចម្លើយ​ខ្លី​និង​សាមញ្ញ។ ដូច្នេះ សូម​ព្យាយាម​ឆ្លើយ​ខ្លី។ សូម​ព្យាយាម​កំណត់​ចម្លើយ​របស់​អ្នក​ប្រហែល​៣០​វិនាទី។ (​សុភ. ១០:១៩; ១៥:២៣​) បើ​អ្នក​ធ្លាប់​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​អស់​ជា​ច្រើនឆ្នាំ​មក​ហើយ គឺ​សំខាន់​ឲ្យ​អ្នក​ទុក​គំរូ​ល្អ​ដោយ​ឆ្លើយ​ខ្លី។ បើ​អ្នក​ឆ្លើយ​ស្មុគ​ស្មាញ​អស់​ប៉ុន្មាន​នាទី អ្នក​ឯ​ទៀត​ប្រហែល​ជា​មិន​ហ៊ាន​ឆ្លើយ ដោយ​សារ​ពួក​គេ​គិត​ថា​ពួក​គេ​មិន​អាច​ឆ្លើយ​ល្អ​ដូច​អ្នក​ទេ។ ម្យ៉ាង​ទៀត ការ​ឆ្លើយ​ខ្លី​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ច្រើន​ជាង​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ។ ជា​ពិសេស បើ​អ្នក​បាន​ត្រូវ​ហៅ​នៅ​ដើម​ដំបូង សូម​ឆ្លើយ​សាមញ្ញ​និង​ចំ​ៗ​ទៅ​នឹង​សំណួរ។ សូម​កុំ​ព្យាយាម​ឆ្លើយ​ចំណុច​ទាំង​អស់​ក្នុង​វគ្គ​ឡើយ។ បន្ទាប់​ពី​ចំណុច​សំខាន់​ក្នុង​វគ្គ​បាន​ត្រូវ​ពិគ្រោះ​រួច​ហើយ អ្នក​អាច​ឆ្លើយ​ចំណុច​បន្ថែម​ទៀត(​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​ខ្ញុំ​អាច​ឆ្លើយ​យ៉ាង​ណា?​»​)។

១៩. តើ​អ្នក​ដឹក​នាំ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី?

១៩ អ្នក​អាច​ប្រាប់​អ្នក​ដឹក​នាំ​ថា​អ្នក​ចង់​ឆ្លើយ​នៅ​វគ្គ​ណា​មួយ។ បើ​អ្នក​ចង់​ធ្វើ​ដូច្នេះ អ្នក​គួរ​ទៅ​ប្រាប់​អ្នក​ដឹក​នាំ​ជា​មុន​សិន មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម។ ពេល​ដល់​វគ្គ​ដែល​អ្នក​ចង់​ឆ្លើយ សូម​លើក​ដៃ​ឲ្យ​លឿន ហើយ​ខ្ពស់​ល្មម​ដើម្បី​ឲ្យ​អ្នក​ដឹក​នាំ​អាច​ឃើញ។

២០. តើ​កិច្ច​ប្រជុំ​ប្រៀប​ដូច​ជា​ការ​ជួប​ជុំ​បរិភោគ​អាហារ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​យ៉ាង​ដូច​ម្ដេច?

២០ សូម​ចាត់​ទុក​កិច្ច​ប្រជុំ​ដូច​ជា​ការ​បរិភោគ​អាហារ​ជុំ​គ្នា​ជា​មួយ​នឹង​មិត្ត​សម្លាញ់។ សូម​ស្រមៃ​គិត​ថា​មិត្ត​ភក្ដិ​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​អញ្ជើញ​អ្នក​ឲ្យ​បរិភោគ​អាហារ​ជា​មួយ​នឹង​ពួក​គេ ហើយ​បាន​សុំ​អ្នក​ឲ្យ​រៀប​ចំ​ម្ហូប​អាហារ​បន្ដិច​បន្តួច តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​ប្រហែល​ជា​បារម្ភ​តិច​តួច​ដែរ ប៉ុន្តែ​អ្នក​ទំនង​ជា​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​សប្បាយ។ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​រៀប​ចំ​កិច្ច​ប្រជុំ បាន​រៀប​ចំ​អ្វី​ល្អ​ៗ​ជា​ច្រើន​សម្រាប់​យើង​នៅ​កម្ម​វិធី​នោះ។ (​ទំនុក. ២៣:៥; ម៉ាថ. ២៤:៤៥​) ម្យ៉ាង​ទៀត លោក​ពេញ​ចិត្ត​ពេល​ដែល​យើង​យក​អំណោយ​ដ៏​ល្អ​បំផុត​តាម​សមត្ថភាព​របស់​យើង ទោះ​ជា​នោះ​ជា​អំណោយ​ដ៏​សាមញ្ញ​ក្ដី។ ដូច្នេះ សូម​រៀប​ចំ​ឲ្យ​បាន​ល្អ ហើយ​រួម​ចំណែក​ឆ្លើយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។ យ៉ាង​នេះ អ្នក​នឹង​មិន​គ្រាន់​តែ​បរិភោគ​ឆ្អែត​នៅ​តុ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​នឹង​យក​អំណោយ​មួយ​ចែក​ដល់​ក្រុម​ជំនុំ​ដែរ។

ចម្រៀង​លេខ​២ នាម​លោក​គឺ​យេហូវ៉ា

^ វគ្គ 5 ដូច​ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង យើង​ទាំង​អស់​គ្នា​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​សរសើរ​លោក។ ពេល​ដែល​យើង​ប្រជុំ​គ្នា​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង​សម្រាប់​ការ​គោរព​ប្រណិប័តន៍ យើង​មាន​ឱកាស​ដ៏​ពិសេស​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ។ ប៉ុន្តែ ចំពោះ​បង​ប្អូន​ខ្លះ​ការ​លើក​ដៃ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​គឺ​មិន​ស្រួល​ទេ។ បើ​អ្នក​មាន​បញ្ហា​នេះ​ដែរ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​អ្នក​ភ័យ​ខ្លាច ហើយ​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​អារម្មណ៍​នោះ។

^ វគ្គ 17 សូម​ចូល​គេហទំព័រ​jw.org/km​ហើយ​មើល​វីដេអូចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ចូរ​រៀប​ចំ​ចម្លើយ​សម្រាប់​កិច្ច​ប្រជុំសូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​ ▸ ​«​កុមារ​»។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: សមាជិក​ក្រុម​ជំនុំ​សប្បាយ​រួម​ចំណែក​ក្នុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: នេះ​ជា​សមាជិក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​រូប​ភាព​មុន។ ទោះ​ជា​ពួក​គេ​ម្នាក់​ៗ​មាន​ស្ថានភាព​ខុស​ៗ​គ្នា​ក្ដី ពួក​គេ​លៃ​ទុក​ពេល​ដើម្បី​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ។