លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៧

ចូរ​ស្វែង​រក​សេចក្ដី​សុភាព​រាប​ទាប​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

ចូរ​ស្វែង​រក​សេចក្ដី​សុភាព​រាប​ទាប​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

​«​អស់​អ្នក​រាប​សា​នៅ​ផែន​ដី . . . ចូរ​ស្វែង​រក[​ព្រះ​យេហូវ៉ា​] . . . ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ​»។—សេផ. ២:៣

ចម្រៀង​លេខ​៨០ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​លោក​ល្អ​»​

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ម៉ូសេ ហើយ​តើ​គាត់​បាន​ធ្វើ​អ្វី? (​ខ​) ហេតុ​អ្វី​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​សុភាព​រាប​ទាប?

គម្ពីរ​រៀប​រាប់​អំពី​ម៉ូសេ​ថា គាត់​ជា​មនុស្ស​«​សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែន​ដី​»។ (​ជន. ១២:៣​) តើ​នេះ​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​ទន់​ខ្សោយ មិន​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត និង​ទន់​ជ្រាយ​ឬ​ទេ? មនុស្ស​ខ្លះ​គិត​ថា​បុគ្គល​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប​ជា​បុគ្គល​បែប​នេះ។ ប៉ុន្តែ ទស្សនៈ​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។ ម៉ូសេ​ជា​បុគ្គល​ដែល​រឹង​មាំ មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត និង​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​បម្រើ​ព្រះ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​គ្រប់​គ្រង​ដ៏​អង់អាច​នៃ​ស្រុក​អេស៊ីប បាន​ដឹក​នាំ​បណ្ដា​ជន​ប្រហែល​ជា​៣​លាន​នាក់​ឲ្យ​ឆ្លង​កាត់​វាល​ខ្សាច់ និង​ជួយ​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​ច្បាំង​ឈ្នះ​សត្រូវ​របស់​ពួក​គេ។

យើង​មិន​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ដូច​ម៉ូសេ​ទេ តែ​ជា​រៀង​រាល់​ថ្ងៃ​យើង​ត្រូវ​ជួប​មនុស្ស ឬ​ស្ថានភាព​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​មាន​ចិត្ត​សុភាព​រាប​ទាប។ ប៉ុន្តែ យើង​មាន​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នេះ។ ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​មនុស្ស​រាប​សា គេ​នឹង​បាន​ផែន​ដី​ជា​មរដក​»។ (​ទំនុក. ៣៧:១១​) តើ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​សុភាព​រាប​ទាប​ឬ​ទេ? តើ​អ្នក​ឯ​ទៀត​ចាត់​ទុក​ថា​អ្នក​ជា​មនុស្ស​បែប​នោះ​ឬ​ទេ? មុន​យើង​អាច​ឆ្លើយ​សំណួរ​ដ៏​សំខាន់​ទាំង​នេះ យើង​ត្រូវ​ដឹង​ថា​ចិត្ត​សុភាព​រាប​ទាប​មាន​អត្ថន័យ​យ៉ាង​ណា។

តើ​ចិត្ត​សុភាព​រាប​ទាប​គឺ​ជា​អ្វី?

៣​-​៤. (​ក​) តើ​ចិត្ត​សុភាព​រាប​ទាប​ប្រៀប​ដូច​ជា​អ្វី? (​ខ​) ដើម្បី​មាន​ចិត្ត​សុភាព​រាប​ទាប តើ​យើង​ត្រូវ​ការ​គុណ​សម្បត្ដិ​បួន​អ្វី ហើយ​ហេតុ​អ្វី?

ចិត្ត​សុភាព​រាប​ទាប​គឺ​ប្រៀប​ដូច​ជា​គំនូរ​ដ៏​ស្រស់​ស្អាត​មួយ។ តើ​តាម​របៀប​ណា? ដូច​វិចិត្រករ​លាយ​ពណ៌​ស្អាត​ៗ​ដើម្បី​គូរ​ឲ្យ​ចេញ​ជា​គំនូរ យើង​ក៏​ត្រូវ​លាយ​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​ចំនួន​ដើម្បី​មាន​ចិត្ត​សុភាព​រាប​ទាប។ គុណ​សម្បត្ដិ​ខ្លះ​ដ៏​សំខាន់​គឺ​ចិត្ត​រាប​ទាប ការចេះ​ចុះ​ចូល ចិត្ត​ស្លូត​បូត និង​ចិត្ត​ក្លាហាន។ * ហេតុ​អ្វី​យើង​ត្រូវ​ការ​គុណ​សម្បត្ដិ​ទាំង​នេះ បើ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

មាន​តែ​មនុស្ស​មាន​ចិត្ត​រាប​ទាប​ប៉ុណ្ណោះ​ដែល​ចុះ​ចូល​នឹង​បំណង​ប្រាថ្នា​របស់​ព្រះ។ ម្យ៉ាង​ទៀត បំណង​ប្រាថ្នា​របស់​ព្រះ​រួម​បញ្ចូល​ការ​ចង់​ឲ្យ​យើង​មាន​ចិត្ត​ស្លូត​បូត។ (​ម៉ាថ. ៥:៥; កាឡ. ៥:២៣​) ពេល​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ យើង​ធ្វើ​ឲ្យ​សាថាន​ខឹង​យ៉ាង​ខ្លាំង។ ដូច្នេះ ទោះ​ជា​យើង​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​ស្លូត​បូត​ក្ដី មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​របស់​សាថាន​ស្អប់​យើង។ (​យ៉ូន. ១៥:១៨, ១៩​) ហេតុ​នេះ​ហើយ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​តយុទ្ធ​នឹង​សាថាន។

៥​-​៦. (​ក​) ហេតុ​អ្វី​សាថាន​ស្អប់​មនុស្ស​សុភាព​រាប​ទាប? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី?

ផ្ទុយ​ពី​មនុស្ស​សុភាព​រាប​ទាប គឺ​មនុស្ស​ដែល​ក្រអឺត​ក្រទម មិន​ចេះ​ទប់​កំហឹង និង​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ សាថាន​មាន​លក្ខណៈ​ទាំង​នេះ។ យ៉ាង​នេះ​វា​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប! ដោយ​សារ​ពួក​គេ​មាន​គុណ​សម្បត្ដិ​ដែល​វា​មិន​មាន នោះ​ពួក​គេ​បង្ហាញ​ថា​សាថាន​ជា​បុគ្គល​ដែល​អាក្រក់​ណាស់។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ។ ហេតុ​អ្វី? ពី​ព្រោះ​ទោះ​ជា​វា​និយាយ​ឬ​ធ្វើ​អ្វី​ក៏​ដោយ វា​មិន​អាច​បញ្ឈប់​មនុស្ស​សុភាព​រាប​ទាប​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទេ!—យ៉ូប ២:៣​-​៥

តើ​យើង​ប្រហែល​ជា​ពិបាក​មាន​ចិត្ត​សុភាព​នៅ​ពេល​ណា? ហេតុ​អ្វី​យើង​គួរ​បន្ត​ស្វែង​រក​សេចក្ដី​សុភាព​រាប​ទាប? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​ម៉ូសេ បុរស​ជន​ជាតិ​ហេប្រឺ​បី​នាក់​ដែល​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​បាប៊ីឡូន និង​លោក​យេស៊ូ។

តើ​យើង​ពិបាក​មាន​ចិត្ត​សុភាព​រាប​ទាប​នៅ​ពេល​ណា?

៧​-​៨. តើ​ម៉ូសេ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​គេ​ប្រព្រឹត្ត​លើ​គាត់​ដោយ​មិន​បង្ហាញ​ការ​គោរព?

ពេល​ទទួល​អំណាច: ពួក​អ្នក​ដែល​មាន​អំណាច​ប្រហែល​ជា​ពិបាក​រក្សា​ចិត្ត​សុភាព​រាប​ទាប ជា​ពិសេស​ពេល​បុគ្គល​ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​គេ​មិន​បង្ហាញ​ការ​គោរព​ឬ​និយាយ​ថា​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ។ តើ​នេះ​ធ្លាប់​កើត​ឡើង​ចំពោះ​អ្នក​ឬ​ទេ? ចុះ​បើ​សមាជិក​ក្រុម​គ្រួសារ​ប្រព្រឹត្ត​ដូច្នេះ? តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? សូម​ពិចារណា​អំពី​របៀប​ដែល​ម៉ូសេ​បាន​ប្រព្រឹត្ត​ពេល​គាត់​ស្ថិត​ក្នុង​ស្ថានភាព​នោះ។

ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ម៉ូសេ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បាន​អនុញ្ញាត​ឲ្យ​គាត់​សរសេរ​ច្បាប់​សម្រាប់​ប្រជា​ជាតិ​នោះ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​គាំ​ទ្រ​ម៉ូសេ។ ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ម៉ារាម​និង​អេរ៉ុន​ដែល​ជា​បង​ប្អូន​បង្កើត​របស់​គាត់​បាន​និយាយ​ទាស់​នឹង​គាត់ ហើយ​បាន​រិះ​គន់​គាត់​អំពី​ប្រពន្ធ​ដែល​គាត់​បាន​ជ្រើស​រើស។ ប្រហែល​ជា​បុរស​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ម៉ូសេ​ខឹង​និង​ចង់​ប្រព្រឹត្ត​មិន​ល្អ​តប​ទៅ​វិញ ប៉ុន្តែ​ម៉ូសេ​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ។ គាត់​មិន​ឆាប់​ទើស​ចិត្ត​ទេ។ គាត់​ថែម​ទាំង​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​លើក​លែង​ទោស​ឲ្យ​ម៉ារាម​ទៀត​ផង។ (​ជន. ១២:១​-​១៣​) ហេតុ​អ្វី​ម៉ូសេ​ធ្វើ​ដូច្នេះ?

ម៉ូសេ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​លើក​លែង​ទោស​ឲ្យ​ម៉ារាម (​សូម​មើល​វគ្គ​៨​)

៩​-​១០. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ម៉ូសេ​ឲ្យ​យល់​អ្វី? (​ខ​) តើ​ប្រមុខ​គ្រួសារ​និង​ពួក​អ្នក​ចាស់​ទុំ​អាច​រៀន​អ្វី​ពី​ម៉ូសេ?

ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​គាត់។ ប្រហែល​ជា​៤០​ឆ្នាំ​មុន​នោះ ពេល​គាត់​ជា​សមាជិក​រាជវង្ស​នៃ​ស្រុក​អេស៊ីប ម៉ូសេ​មិន​មាន​ចិត្ត​សុភាព​រាប​ទាប​ទេ។ តាម​ការ​ពិត គាត់​ឆាប់​ខឹង ហើយ​បាន​សម្លាប់​បុរស​ម្នាក់​ដែល​គាត់​បាន​គិត​ថា​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌។ ម៉ូសេ​ក៏​បាន​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​នឹង​យល់​ស្រប​ចំពោះ​ការ​ប្រព្រឹត្ត​របស់​គាត់។ អស់​៤០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ជួយ​ម៉ូសេ​ឲ្យ​យល់​ថា​ដើម្បី​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល គាត់​មិន​គ្រាន់​តែ​ត្រូវ​មាន​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ​ទេ តែ​គាត់​ត្រូវ​មាន​ចិត្ត​សុភាព​រាប​ទាប​ដែរ។ ដើម្បី​មាន​ចិត្ត​សុភាព គាត់​ក៏​ត្រូវ​មាន​ចិត្ត​ស្លូត​បូត ចេះ​ចុះ​ចូល និង​មាន​ចិត្ត​រាប​ទាប។ គាត់​បាន​រៀន​ឲ្យ​មាន​គុណ​សម្បត្ដិ​ទាំង​នេះ ហើយ​បាន​ទៅ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ។—និក្ខ. ២:១១, ១២; សកម្ម. ៧:២១​-​៣០, ៣៦

១០ សព្វ​ថ្ងៃ​នេះ ប្រមុខ​គ្រួសារ​និង​ពួក​អ្នក​ចាស់​ទុំ​គួរ​យក​តម្រាប់​ម៉ូសេ។ ពេល​អ្នក​ឯ​ទៀត​មិន​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក សូម​កុំ​ឆាប់​ទើស​ចិត្ត​ឬ​ខឹង​ឡើយ។ ដោយ​ចិត្ត​រាប​ទាប សូម​ទទួល​ស្គាល់​កំហុស​របស់​អ្នក។ (​សាស្ដ. ៧:៩, ២០​) សូម​ចុះ​ចូល​និង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ ម្យ៉ាង​ទៀត សូម​តប​ឆ្លើយ​យ៉ាង​ស្រទន់​ឬ​ដោយ​ចិត្ត​ស្លូត​បូត​ជា​និច្ច។ (​សុភ. ១៥:១​) ប្រមុខ​គ្រួសារ​និង​អ្នក​ត្រួត​ពិនិត្យ​ដែល​ប្រព្រឹត្ត​បែប​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ជួយ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព និង​ទុក​គំរូ​អំពី​របៀប​មាន​ចិត្ត​សុភាព​រាប​ទាប។

១១​-​១៣. តើ​បុរស​ជន​ជាតិ​ហេប្រឺ​បី​នាក់​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង?

១១ ពេល​ត្រូវ​គេ​បៀត​បៀន: ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស អ្នក​គ្រប់​គ្រង​បាន​បៀត​បៀន​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ប្រហែល​ជា​ចោទ​ប្រកាន់​យើង​ពី​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ ប៉ុន្តែ​មូលហេតុ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត​យើង​គឺ​ដោយ​សារ​យើង​សម្រេច​ចិត្ត​«​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ (​សកម្ម. ៥:២៩​) ពួក​គេ​ប្រហែល​ជា​សើច​ចំអក​យើង ចាប់​យើង​ដាក់​គុក ឬ​ថែម​ទាំង​ធ្វើ​បាប​យើង​ខាង​រូប​រាង​កាយ។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ប្រព្រឹត្ត​មិន​ល្អ​តប​ទៅ​វិញ​ទេ តែ​យើង​នឹង​រក្សា​ចិត្ត​ស្លូត​បូត។

១២ សូម​ពិចារណា​អំពី​គំរូ​របស់​បុរស​ជន​ជាតិ​ហេប្រឺ​បី​នាក់ គឺ​ហាណានា មីសាអែល និង​អ័សារា។ * ស្តេច​បាប៊ីឡូន​បាន​បង្គាប់​ឲ្យ​ពួក​គាត់​ក្រាប​គោរព​ប្រណិប័តន៍​រូប​មាស​ដ៏​ធំ​មួយ។ ដោយ​ស្លូត​បូត ពួក​គាត់​បាន​ពន្យល់​ស្តេច​អំពី​មូលហេតុ​ដែល​ពួក​គាត់​មិន​អាច​គោរព​ប្រណិប័តន៍​រូប​នោះ។ ពួក​គាត់​បាន​បន្ត​ស្ដាប់​បង្គាប់​ព្រះ ទោះ​ជា​ស្តេច​បាន​គំរាម​បោះ​ពួក​គាត់​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​ក្ដី។ ព្រះយេហូវ៉ា​បាន​សម្រេច​ចិត្ត​សង្គ្រោះ​ពួក​គាត់​ភ្លាម​ៗ​នោះ តែ​ពួក​គាត់​មិន​បាន​ដឹង​ថា​លោក​នឹង​ធ្វើ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​សុខ​ចិត្ត​ទទួល​អ្វី​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​កើត​ឡើង។ (​ដាន. ៣:១, ៨​-​២៨​) ពួក​គាត់​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប​ពិត​ជា​មាន​ចិត្ត​ក្លាហាន ហើយ​ថា​គ្មាន​ការ​គំរាម​កំហែង ការ​ដាក់​ទោស​ឬ​ទណ្ឌកម្ម ឬ​ស្តេច​ណា ដែល​អាច​ធ្វើ​ឲ្យ​យើង​លែង​តាំង​ចិត្ត​ជូន​ព្រះ​យេហូវ៉ា​នូវ​ភក្ដី​ភាព​ផ្ដាច់​មុខ។—និក្ខ. ២០:៤, ៥

១៣ ពេល​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​បាន​ត្រូវ​សាកល្បង តើ​យើង​អាច​យក​តម្រាប់​បុរស​ជន​ជាតិ​ហេប្រឺ​បី​នាក់​នេះ​យ៉ាង​ដូច​ម្ដេច? ដោយ​ចិត្ត​រាប​ទាប​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង។ (​ទំនុក. ១១៨:៦, ៧​) យើង​តប​ឆ្លើយ​ដោយ​ស្លូត​បូត​និង​ដោយ​ការ​គោរព​ទៅ​កាន់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​យើង។ (​១ពេ. ៣:១៥​) ម្យ៉ាង​ទៀត យើង​មិន​ព្រម​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​បិតា​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

ពេល​អ្នក​ឯ​ទៀត​ប្រឆាំង​យើង យើង​តប​ឆ្លើយ​ដោយ​ការ​គោរព (​សូម​មើល​វគ្គ​១៣​)

១៤​-​១៥. (​ក​) តើ​អ្វី​អាច​កើត​ឡើង​ពេល​យើង​តាន​តឹង​ចិត្ត? (​ខ​) យោង​ទៅ​តាម​អេសាយ ៥៣:៧, ១០ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​អំពី​បុគ្គល​ដែល​បាន​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប​ពេល​មាន​ការ​តាន​តឹង​ចិត្ត?

១៤ ពេល​តាន​តឹង​ចិត្ត: មាន​មូលហេតុ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត។ យើង​ប្រហែល​ជា​តាន​តឹង​ចិត្ត​មុន​ពេល​ប្រឡង ឬ​មុន​ធ្វើ​កិច្ច​ការ​ណា​មួយ​នៅ​កន្លែង​ធ្វើ​ការ។ ឬ​ប្រហែល​ជា​ការ​គ្រាន់​តែ​គិត​អំពី​ការ​វះ​កាត់​ឬ​ការ​ពិនិត្យ​ផ្សេង​ៗ​ខាង​សុខភាព នាំ​ឲ្យ​យើង​តាន​តឹង​ចិត្ត។ ពេល​មាន​ការ​តាន​តឹង​ចិត្ត គឺ​ពិបាក​មាន​ចិត្ត​សុភាព​រាប​ទាប។ អ្វី​ៗ​ដែល​គេ​ធ្វើ​នាំ​ឲ្យ​យើង​ខឹង ទោះ​ជា​តាម​ធម្មតា​យើង​មិន​ខឹង​ចំពោះ​រឿង​បែប​នោះ​ក្ដី។ យើង​ប្រហែល​ជា​និយាយ​និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​មិន​សប្បុរស។ បើ​អ្នក​ធ្លាប់​តាន​តឹង​ចិត្ត សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។

១៥ ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​តាន​តឹង​ចិត្ត​ជា​ខ្លាំង។ លោក​ដឹង​ថា លោក​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​ថា​លោក​នឹង​ត្រូវ​រង​ទុក្ខ​យ៉ាង​ខ្លាំង។ (​យ៉ូន. ៣:១៤, ១៥; កាឡ. ៣:១៣​) ប៉ុន្មាន​ខែ​មុន​លោក​ស្លាប់ លោក​បាន​មាន​ប្រសាសន៍​ថា​លោក​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ (​លូក. ១២:៥០​) ម្យ៉ាង​ទៀត ប៉ុន្មាន​ថ្ងៃ​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ពិបាក​ចិត្ត​ណាស់​»។ យើង​អាច​ឃើញ​ថា​លោក​មាន​ចិត្ត​រាប​ទាប​និង​ចុះ​ចូល​ចំពោះ​ព្រះ ពេល​លោក​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​គ្រា​នេះ។ ប៉ុន្តែ​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក គឺ​ដើម្បី​ឆ្លង​កាត់​គ្រា​នេះ។ បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ (​យ៉ូន. ១២:២៧, ២៨​) កាល​ដែល​ពេល​កំណត់​បាន​មក​ដល់ លោក​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​សត្រូវ​របស់​ព្រះ​ចាប់​លោក ហើយ​ពួក​គេ​បាន​សម្លាប់​លោក​តាម​របៀប​ដ៏​ឈឺ​ចាប់​និង​អាម៉ាស់​មុខ​បំផុត។ ទោះ​ជា​លោក​យេស៊ូ​រង​ការ​ឈឺ​ចាប់​និង​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង​ក្ដី លោក​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ចិត្ត​សុភាព​រាប​ទាប។ មែន​ហើយ លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​អំពី​បុគ្គល​ដែល​បាន​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប​ពេល​មាន​ការ​តាន​តឹង​ចិត្ត!—សូម​អាន អេសាយ ៥៣:៧, ១០

លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​បំផុត​អំពី​ចិត្ត​សុភាព​រាប​ទាប (​សូម​មើល​វគ្គ​១៦​-​១៧​) *

១៦​-​១៧. (​ក​) តើ​ការ​ប្រព្រឹត្ត​របស់​មិត្ត​ភក្ដិ​លោក​យេស៊ូ​បាន​សាកល្បង​ចិត្ត​សុភាព​រាប​ទាប​របស់​លោក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​តាម​របៀប​ណា?

១៦ នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី ការ​ប្រព្រឹត្ត​របស់​មិត្ត​ជិត​ស្និទ្ធ​លោក​បាន​សាកល្បង​ចិត្ត​សុភាព​រាប​ទាប​របស់​លោក។ សូម​ស្រមៃ​គិត​ថា​លោក​យេស៊ូ​តាន​តឹង​ចិត្ត​ខ្លាំង​យ៉ាង​ណា​នៅ​យប់​នោះ។ លោក​ប្រាកដ​ជា​បារម្ភ​ថា តើ​លោក​នឹង​រក្សា​ចិត្ត​ស្មោះ​ត្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ​រហូត​ដល់​ស្លាប់​ឬ​ទេ? អាយុជីវិត​របស់​មនុស្ស​រាប់​ពាន់​លាន​នាក់​គឺ​អាស្រ័យ​លើ​លោក។ (​រ៉ូម ៥:១៨, ១៩​) សំខាន់​ជាង​នេះ​ទៅ​ទៀត នេះ​ជាប់​ទាក់​ទង​នឹង​កេរ្ដិ៍​ឈ្មោះ​របស់​បិតា​លោក។ (​យ៉ូប ២:៤​) ប៉ុន្តែ ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​ដែល​លោក​បរិភោគ​អាហារ​ជា​មួយ​នឹង​ពួក​សាវ័ក​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​លោក ពួក​គាត់​បាន​សន្ទនា​គ្នា ហើយ​បាន​ចាប់​ផ្ដើម​«​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​អំពី​រឿង​ថា​អ្នក​ណា​ដែល​ពួក​គាត់​គិត​ថា​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គាត់​»។ លោក​យេស៊ូ​បាន​កែ​តម្រង់​មិត្ត​ភក្ដិ​របស់​លោក​អំពី​រឿង​នេះ​អស់​ជា​ច្រើន​ដង​រួច​ហើយ រួម​ទាំង​នៅ​ប៉ុន្មាន​ម៉ោង​មុន​នៅ​ល្ងាច​ដដែល​នោះ! ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ខឹង​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​និយាយ​និង​ប្រព្រឹត្ត​យ៉ាង​ស្លូត​បូត។ ដោយ​សប្បុរស​តែ​ម៉ឺង​ម៉ាត់ លោក​យេស៊ូ​បាន​ពន្យល់​ម្ដង​ទៀត​អំពី​ចិត្ត​គំនិត​ដែល​ពួក​គាត់​គួរ​មាន។ លោកក៏​បាន​សរសើរ​ពួក​គាត់​ដោយ​សារ​ពួក​គាត់​បាន​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ដោយ​នៅ​ជាប់​ជា​មួយ​នឹង​លោក។—លូក. ២២:២៤​-​២៨; យ៉ូន. ១៣:១​-​៥, ១២​-​១៥

១៧ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​ដោយ​រក្សា​ចិត្ត​ស្លូត​បូត ទោះ​ជា​យើង​តាន​តឹង​ចិត្ត​ក្ដី។ ចូរ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​កូឡ. ៣:១៣​) យើង​នឹង​ធ្វើ​តាម​បង្គាប់​នេះ បើ​យើង​ចាំ​ថា​យើង​ទាំង​អស់​គ្នា​និយាយ​និង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ខឹង។ (​សុភ. ១២:១៨; យ៉ា. ៣:២,​) ម្យ៉ាង​ទៀត សូម​សរសើរ​អ្នក​ឯ​ទៀត​អំពី​គុណ​សម្បត្ដិ​ដែល​ពួក​គេ​មាន។—អេភ. ៤:២៩

មូលហេតុ​បន្ត​ស្វែង​រក​សេចក្ដី​សុភាព​រាប​ទាប

១៨. តើ​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​សុភាព​រាប​ទាប​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ដូច​ម្ដេច? ប៉ុន្តែ​តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី?

១៨ យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង។ ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ក្នុង​ជីវិត ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។ ប៉ុន្តែ​លោក​នឹង​ជួយ​យើង លុះ​ត្រា​តែ​យើង​មាន​ចិត្ត​សុភាព​រាប​ទាប។ លោក​សន្យា​ថា​លោក​នឹង​«​ស្ដាប់​សេចក្ដី​បំណង​របស់​មនុស្ស​រាប​ទាប​»​ឬ​សំណូម​ពរ​របស់​ពួក​គេ។ (​ទំនុក. ១០:១៧​) ម្យ៉ាង​ទៀត លោក​នឹង​មិន​គ្រាន់​តែ​ស្ដាប់​សំណូម​ពរ​របស់​យើង​ប៉ុណ្ណោះ​ទេ។ គម្ពីរ​សន្យា​ថា​៖ ​«​ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្ដិធម៌[​ឬ​«​តាម​មាគ៌ា​ដ៏​សុចរិត​»​] ហើយ​នឹង​បង្រៀន​មនុស្ស​រាប​ទាប​ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់​»។ (​ទំនុក. ២៥:៩; ខ.ស.​) ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​នេះ​តាម​រយៈ​គម្ពីរ សៀវភៅ​ផ្សេង​ៗ​ * និង​តាម​រយៈ​កម្ម​វិធី​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​-​៤៧​) តែ​យើង​ក៏​ត្រូវ​មាន​ចិត្ត​រាប​ទាប​និង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ជំនួយ។ យើង​ត្រូវ​សិក្សា​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង ព្រម​ទាំង​សុខ​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន។

១៩​-​២១. តើ​ម៉ូសេ​បាន​ធ្វើ​ខុស​អ្វី​នៅ​ឯ​កាដេស ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​កំហុស​របស់​គាត់?

១៩ យើង​នឹង​ជៀស​វាង​ពី​ការ​ធ្វើ​ខុស។ សូម​គិត​ម្ដង​ទៀត​អំពី​ម៉ូសេ។ អស់​រាប់​សិប​ឆ្នាំ គាត់​បាន​រក្សា​ចិត្ត​សុភាព​រាប​ទាប ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ប៉ុន្តែ នៅ​ជិត​ទី​បញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ​៤០​ឆ្នាំ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ម៉ូសេ​មិន​បាន​បង្ហាញ​ចិត្ត​សុភាព​ទេ។ បង​ស្រី​គាត់​ដែល​ទំនង​ជា​បាន​សង្គ្រោះ​ជីវិត​របស់​គាត់​នៅ​ស្រុក​អេស៊ីប​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​នៅ​ឯ​កាដេស។ មួយ​វិញ​ទៀត ជន​ជាតិ​អ៊ីស្រាអែល​បាន​អះអាង​ថា​ពួក​គេ​មិន​បាន​ទទួល​ការ​ថែ​រក្សា​យ៉ាង​ត្រឹម​ត្រូវ​ទេ។ លើក​នេះ ពួក​គេ​«​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​»​ដោយ​សារ​គ្មាន​ទឹក។ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​តាម​រយៈ​ម៉ូសេ ហើយ​ម៉ូសេ​បាន​ដឹក​នាំ​បណ្ដា​ជន​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី ពួក​គេ​បាន​ត្អូញត្អែរ។ ពួក​គេ​មិន​គ្រាន់​តែ​បានត្អូញត្អែរ​អំពី​ការ​គ្មាន​ទឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្អូញត្អែរ​អំពី​ម៉ូសេ​ដែរ ហាក់​ដូច​ជា​ការ​គ្មាន​ទឹក​ជា​កំហុស​របស់​គាត់។—ជន. ២០:១​-​៥, ៩​-​១១

២០ ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​បាត់​បង់​ចិត្ត​សុភាព​រាប​ទាប។ ជា​ជាង​និយាយ​ដោយ​ជំនឿ​ទៅ​កាន់​ថ្ម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់ ម៉ូសេ​បាន​និយាយ​ទាំង​កំហឹង​ទៅ​កាន់​បណ្ដា​ជន ហើយ​បាន​ប្រាប់​អំពី​អ្វី​ដែល​ខ្លួន​គាត់​នឹង​ធ្វើ។ បន្ទាប់​មក គាត់​បាន​វាយ​ថ្ម​ពីរ​ដង ហើយ​មាន​ទឹក​ចេញ​មក​ជា​បរិបូរ។ អំណួត​និង​កំហឹង​បាន​នាំ​ឲ្យ​គាត់​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ។ (​ទំនុក. ១០៦:៣២, ៣៣​) ដោយ​សារ​ម៉ូសេ​បាន​បាត់​បង់​ចិត្ត​សុភាព​រាប​ទាប​អស់​មួយ​រយៈ គាត់​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា​ទេ។—ជន. ២០:១២

២១ យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​មាន​តម្លៃ​ពី​គំរូ​របស់​ម៉ូសេ។ ទី១ យើង​ត្រូវ​ខំ​រក្សា​ចិត្ត​គំនិត​ឲ្យ​នៅ​តែ​សុភាព​រាប​ទាប​ជា​និច្ច។ បើ​យើង​ឈប់​ព្យាយាម​ឲ្យ​មាន​ចិត្ត​សុភាព​រាប​ទាប ទោះ​ជា​មួយ​ភ្លែត​ក៏​ដោយ យើង​អាច​ចាប់​ផ្ដើម​មាន​អំណួត ហើយ​នេះ​អាច​ធ្វើ​ឲ្យ​យើង​និយាយ​និង​ប្រព្រឹត្ត​ដោយ​ឆោត​ល្ងង់។ ទី២ ការ​តាន​តឹង​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ចិត្ត​សុភាព​រាប​ទាប ដូច្នេះ​យើង​ត្រូវ​ខំ​ព្យាយាម​រក្សា​ចិត្ត​សុភាព ទោះ​ជា​យើង​តាន​តឹង​ចិត្ត​ក្ដី។

២២​-​២៣. (​ក​) ហេតុ​អ្វី​យើង​គួរ​បន្ត​ស្វែង​រក​សេចក្ដី​សុភាព​រាប​ទាប? (​ខ​) តើ​ពាក្យ​នៅ​សេផានា ២:៣​មាន​ន័យ​យ៉ាង​ណា?

២២ យើង​នឹង​ទទួល​ការ​ការ​ពារ។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​នឹង​មាន​តែ​មនុស្ស​សុភាព​រាប​ទាប​ប៉ុណ្ណោះ​ដែល​នឹង​រស់​នៅ​ទី​នេះ។ យ៉ាង​នេះ នឹង​មាន​សេចក្ដី​សុខ​សាន្ត​ពិត​ប្រាកដ​នៅ​ផែន​ដី។ (​ទំនុក. ៣៧:១០, ១១​) តើ​អ្នក​នឹង​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប​ទាំង​នោះ​ឬ​ទេ? អ្នក​អាច​នៅ​ក្នុង​ចំណោម​ពួក​គេ​បាន បើ​អ្នក​ធ្វើ​តាម​ការ​អញ្ជើញ​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា​ដែល​សេផានា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​កត់​ទុក។—សូម​អាន សេផានា ២:៣

២៣ ហេតុ​អ្វី​សេផានា ២:៣​ចែង​ថា​៖ ​«​ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​»​? ពាក្យ​ទាំង​នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​អាច​ការ​ពារ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​និង​ដែល​លោក​ស្រឡាញ់​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​បង្ហាញ​ថា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​ការ​ការ​ពារ។ បើ​យើង​ខំ​ព្យាយាម​នៅ​ឥឡូវ​នេះ​ដើម្បី​ស្វែង​រក​សេចក្ដី​សុភាព​រាប​ទាប​និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​អាច​រួច​ជីវិត​នៅ​«​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​»​ហើយ​រស់​នៅ​ជា​រៀង​រហូត។

ចម្រៀង​លេខ​១២០ ចូរ​មាន​ចិត្ត​ស្លូត​បូត​ដូច​គ្រិស្ត

^ វគ្គ 5 គ្មាន​អ្នក​ណា​មាន​ចិត្ត​សុភាព​រាប​ទាប​តាំង​ពី​កំណើត​ទេ។ ប៉ុន្តែ​គុណ​សម្បត្ដិ​នេះ​ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន។ យើង​ប្រហែល​ជា​ឃើញ​ថា​យើង​មាន​ចិត្ត​សុភាព​ពេល​យើង​នៅ​ជា​មួយ​នឹង​មនុស្ស​ស្លូត​បូត តែ​យើង​ប្រហែល​ជា​ពិបាក​រក្សា​ចិត្ត​សុភាព​រាប​ទាប​ពេល​យើង​ប្រឈម​មុខ​នឹង​មនុស្ស​ដែល​មាន​អំណួត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​ខ្លះ​ដែល​យើង​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ​ដើម្បី​មាន​ចិត្ត​សុភាព​ដែល​ជា​គុណ​សម្បត្ដិ​ដ៏​ល្អ​ប្រសើរ។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប​គឺ​ជា​បុគ្គល​ដែល​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត ហើយ​រក្សា​ចិត្ត​ស្លូត​បូត​ទោះ​ជា​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​ចំពោះ​ពួក​គេ​ក៏​ដោយ។ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​មិន​មាន​អំណួត​ទេ ពួក​គេ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។ ពេល​សំដៅ​លើ​ព្រះ​យេហូវ៉ា ចិត្ត​រាប​ទាប​មាន​ន័យ​ថា​លោក​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​និង​មេត្ដា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​មាន​ឋានៈ​ទាប​ជាង​លោក។

^ វគ្គ 12 ជន​ជាតិ​បាប៊ីឡូន​បាន​ដាក់​ឈ្មោះ​ឲ្យ​បុរស​ជន​ជាតិ​ហេប្រឺ​បី​នាក់​នេះ​ថា សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ។—ដាន. ១:៧

^ វគ្គ 18 ជា​ឧទាហរណ៍ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ​»​ ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១១។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​បាន​រក្សា​ចិត្ត​ស្លូត​បូត ហើយ​កែ​តម្រង់​ពួក​អ្នក​កាន់​តាម​លោក​ដោយ​ស្លូត​បូត បន្ទាប់​ពី​ពួក​គេ​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ