លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៨

មូលហេតុ​បង្ហាញ​អំណរ​គុណ

មូលហេតុ​បង្ហាញ​អំណរ​គុណ

​«​ចូរ​បង្ហាញ​អំណរ​គុណ​»។—កូឡ. ៣:១៥

ចម្រៀង​លេខ​៤៦ យើង​អរគុណ​ព្រះ​យេហូវ៉ា

សេចក្ដី​សង្ខេប *

១. តើ​ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​បាន​បង្ហាញ​អំណរ​គុណ​យ៉ាង​ដូច​ម្ដេច?

បុរស​១០​នាក់​បាន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ណាស់។ ពួក​គេ​កើត​ជំងឺ​ឃ្លង់ ហើយ​គ្មាន​សង្ឃឹម​ថា​នឹង​ជា​ពី​ជំងឺ​នេះ​ឡើយ។ ប៉ុន្តែ នៅ​ថ្ងៃ​មួយ​ពួក​គេ​បាន​ឃើញ​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ពី​ចម្ងាយ។ ពួក​គេ​បាន​ឮ​ថា​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រប់​បែប​យ៉ាង ហើយ​ពួក​គេ​បាន​ជឿ​ជាក់​ថា​លោក​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ដែរ។ ដូច្នេះ ពួក​គេ​បាន​ស្រែក​ថា​៖ ​«​លោក​គ្រូ​យេស៊ូ! សូម​មេត្ដា​ជួយ​យើង​ផង!​»។ បុរស​១០​នាក់​នោះ​បាន​ជា​សះ​ស្បើយ។ ពួក​គេ​ទាំង​អស់​គ្នា​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​សប្បុរស​របស់​លោក​យេស៊ូ។ ប៉ុន្តែ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មិន​គ្រាន់​តែ​មាន​ចិត្ត​កតញ្ញូ​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​បង្ហាញ​អំណរ​គុណ *ចំពោះ​លោក​យេស៊ូ។ បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​បាន​ជា​សះ​ស្បើយ​នោះ មាន​អារម្មណ៍​ថា​គាត់​ត្រូវ​សរសើរ​តម្កើង​ព្រះ​«​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​»។—លូក. ១៧:១២​-​១៩

២​-​៣. (​ក​) ហេតុ​អ្វី​យើង​ប្រហែល​ជា​ភ្លេច​បង្ហាញ​អំណរ​គុណ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ដូច​ជន​ជាតិ​សាម៉ារី​ម្នាក់​នោះ យើង​ចង់​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ពួក​អ្នក​ដែល​មាន​ចិត្ត​សប្បុរស។ ប៉ុន្តែ ជួន​កាល​យើង​ប្រហែល​ជា​ភ្លេច​បង្ហាញ​អំណរ​គុណ​តាម​រយៈ​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​យើង។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​បង្ហាញ​អំណរ​គុណ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​គឺ​សំខាន់។ យើង​នឹង​រៀន​ពី​គំរូ​របស់​បុគ្គល​ខ្លះ​ក្នុង​គម្ពីរ​ដែល​បាន​បង្ហាញ​អំណរ​គុណ​និង​អំពី​គំរូ​របស់​បុគ្គល​ឯ​ទៀត​ដែល​មិន​បាន​បង្ហាញ​អំណរ​គុណ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​មួយ​ចំនួន​ដែល​យើង​អាច​បង្ហាញ​អំណរ​គុណ។

ហេតុ​អ្វី​យើង​គួរ​បង្ហាញ​អំណរ​គុណ?

៤​-​៥. ហេតុ​អ្វី​យើង​គួរ​បង្ហាញ​អំណរ​គុណ?

ព្រះ​យេហូវ៉ា​ទុក​គំរូ​ឲ្យ​យើង​ស្តី​អំពី​ការ​បង្ហាញ​អំណរ​គុណ។ របៀប​មួយ​ដែល​លោក​ធ្វើ​ដូច្នេះ គឺ​ដោយ​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​២សាំ. ២២:២១; ទំនុក. ១៣:៦; ម៉ាថ. ១០:៤០, ៤១​) ម្យ៉ាង​ទៀត បទ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​»។ (​អេភ. ៥:១​) ដូច្នេះ មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​បង្ហាញ​អំណរ​គុណ​គឺ​ដោយ​សារ​យើង​ចង់​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា។

សូម​គិត​អំពី​មូលហេតុ​មួយ​ទៀត​ដែល​យើង​ចង់​បង្ហាញ​អំណរ​គុណ​ដល់​អ្នក​ឯ​ទៀត។ ពេល​យើង​ដឹង​ថា​អ្នក​ឯ​ទៀត​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ យើង​សប្បាយ​ចិត្ត។ ពេល​យើង​បង្ហាញ​អំណរ​គុណ យើង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​ចិត្ត។ បុគ្គល​ដែល​ទទួល​អំណរ​គុណ​ពី​យើង​ដឹង​ថា​ការ​ខំ​ព្យាយាម​របស់​គាត់​ដើម្បី​ជួយ​យើង ឬ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ពិត​ជា​មាន​ប្រយោជន៍។ ជា​លទ្ធផល យើង​កាន់​តែ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​បុគ្គល​នោះ។

៦. តើ​មាន​អ្វី​ស្រដៀង​គ្នា​រវាង​ពាក្យ​សម្ដី​ដែល​បង្ហាញ​អំណរ​គុណ​និង​ផ្លែ​សារី​ដែល​ធ្វើ​ពី​មាស?

ការ​បង្ហាញ​អំណរ​គុណ​ចំពោះ​អ្នក​ឯ​ទៀត​តាម​រយៈ​ពាក្យ​សម្ដី​របស់​យើង​គឺ​មាន​តម្លៃ​ណាស់។ គម្ពីរ​ចែង​ថា​៖ ​«​ពាក្យ​សំ​ដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់​»។ (​សុភ. ២៥:១១​) សូម​ស្រមៃ​គិត​ថា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់​គឺ​ស្អាត​យ៉ាង​ណា ហើយ​មាន​តម្លៃ​ថ្លៃ​យ៉ាង​ណា​ទៅ! បើ​អ្នក​ទទួល​អំណោយ​ដូច​នោះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ស្រដៀង​គ្នា​ដែរ ពាក្យ​សម្ដី​របស់​អ្នក​ដែល​បង្ហាញ​អំពី​អំណរ​គុណ​ចំពោះ​បុគ្គល​ឯ​ទៀត​ក៏​អាច​មាន​តម្លៃ​ថ្លៃ​វិសេស​ដែរ។ ម្យ៉ាង​ទៀត សូម​ពិចារណា​អំពី​ចំណុច​នេះ ផ្លែ​សារី​ធ្វើ​ពី​មាស​គឺ​មិន​ចេះ​ខូច​ទេ។ ស្រដៀង​គ្នា​ដែរ ពាក្យ​សម្ដី​របស់​អ្នក​ដែល​បង្ហាញ​អំពី​អំណរ​គុណ ប្រហែល​ជា​អ្វី​ដែល​អ្នក​នោះ​នឹង​នឹក​ចាំ ហើយ​ឲ្យ​តម្លៃ​អស់​មួយ​ជីវិត។

ពួក​គេ​បាន​បង្ហាញ​អំណរ​គុណ

៧. ដូច​ពាក្យ​របស់​ដាវីឌ​នៅ​ទំនុក​តម្កើង ២៦:៦​-​៨ តើ​គាត់​និង​អ្នក​តែង​ទំនុក​តម្កើង​ឯ​ទៀត​បាន​បង្ហាញ​អំណរ​គុណ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​នៅ​អតីតកាល​បាន​បង្ហាញ​អំណរ​គុណ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ដាវីឌ។ (​សូម​អាន ទំនុក​តម្កើង ២៦:៦​-​៨) គាត់​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​គាត់​បាន​បង្ហាញ​អំពី​អារម្មណ៍​របស់​គាត់​តាម​រយៈ​ការ​ប្រព្រឹត្ត។ គាត់​បាន​ជូន​វិភាគទាន​ជា​ច្រើន​សម្រាប់​កិច្ច​ការ​សាង​សង់​វិហារ។ កូន​ចៅ​របស់​អេសាភ​បាន​បង្ហាញ​អំណរ​គុណ​ដោយ​សរសេរ​ទំនុក​តម្កើង ឬ​បទ​ចម្រៀង​សរសើរ​ព្រះ។ ក្នុង​បទ​ចម្រៀង​មួយ ពួក​គេ​បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​និង​ប្រកាស​អំពី​ការ​កោត​ស្ងើច​ដែល​ពួក​គេ​មាន​ចំពោះ​«​ការ​អស្ចារ្យ​»​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ៧៥:១​) ដាវីឌ​និង​កូន​ចៅ​របស់​អេសាភ​ចង់​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​ពរ​ទាំង​អស់​ដែល​ពួក​គេ​បាន​ទទួល​ពី​លោក។ តើ​អ្នក​អាច​យក​តម្រាប់​អ្នក​តែង​ទំនុក​តម្កើង​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច?

តើ​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ជួយ​យើង​ឲ្យ​រៀន​អ្វី​អំពី​ការ​បង្ហាញ​អំណរ​គុណ? (​សូម​មើល​វគ្គ​៨​-​៩​) *

៨​-​៩. តើ​សាវ័ក​ប៉ូល​បាន​បង្ហាញ​អំណរ​គុណ​ចំពោះ​បង​ប្អូន​របស់​គាត់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នោះ​ប្រាកដ​ជា​មាន​លទ្ធផល​អ្វី?

សាវ័ក​ប៉ូល​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​របស់​គាត់ ហើយ​បង្ហាញ​ដូច្នេះ​តាម​របៀប​ដែល​គាត់​និយាយ​អំពី​ពួក​គេ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ផ្ទាល់​ខ្លួន គាត់​តែង​តែ​អរគុណ​ព្រះ​ដោយ​សារ​គាត់​មាន​ពួក​គេ។ គាត់​ក៏​បាន​ថ្លែង​អំណរ​គុណ​ពេល​គាត់​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​គេ។ នៅរ៉ូម ១៦:១​-​១៥ ប៉ូល​បាន​លើក​ឈ្មោះ​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​២៧​នាក់។ ជា​ពិសេស​ប៉ូល​បាន​នឹក​ចាំ​ថា​ព្រីស្កា​និង​អាគីឡា​«​បាន​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​ជីវិត​»​គាត់ ហើយ​គាត់​ក៏​រៀប​រាប់​ថា​ភីបេ​បាន​«​ជួយ​ការ​ពារ​បង​ប្អូន​ជា​ច្រើន​នាក់​»​ រួម​ទាំង​គាត់​ផ្ទាល់។ គាត់​បាន​សរសើរ​បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​នោះ​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។—រ៉ូម ១៦:១​-​១៥

ប៉ូល​ដឹង​ថា​បង​ប្អូន​របស់​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ក្នុង​សេចក្ដី​បញ្ចប់​នៃ​សំបុត្រ​របស់​គាត់​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​ពួក​គេ។ សូម​ស្រមៃ​គិត​ថា​ពេល​បង​ប្អូន​ទាំង​នោះ​បាន​ឮ​ពាក្យ​របស់​ប៉ូល ដែល​បាន​ត្រូវ​អាន​ឮ​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ ពួក​គេ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទៅ! ជា​លទ្ធផល ពួក​គេ​ច្បាស់​ជា​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជាង​មុន​ជា​មួយ​នឹង​ប៉ូល។ តើ​អ្នក​បង្ហាញ​អំណរ​គុណ​ជា​រឿយ​ៗ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​និយាយ​ឬ​ធ្វើ​ឬ​ទេ?

១០. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​បង្ហាញ​អំណរ​គុណ​ដល់​ពួក​អ្នក​កាន់​តាម​លោក?

១០ ក្នុង​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ​នា​នា​នៅ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច លោក​បាន​ថ្លែង​អំណរ​គុណ​សម្រាប់​កិច្ច​ការ​ដែល​អ្នក​កាន់​តាម​លោក​បាន​ធ្វើ។ ជា​ឧទាហរណ៍ ក្នុង​ពាក្យ​ផ្ដើម​របស់​លោក​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ធាទេរ៉ា លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ កិច្ច​បម្រើ និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ក៏​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក​ឥឡូវ​នេះ គឺ​ល្អ​ប្រសើរ​ជាង​ការ​ប្រព្រឹត្ត​របស់​អ្នក​កាល​ពី​មុន​»។ (​បប. ២:១៩​) លោក​យេស៊ូ​មិន​គ្រាន់​តែ​បាន​មាន​ប្រសាសន៍​អំពី​អ្វី​ដែល​ពួក​គេ​បាន​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ តែ​ក៏​សរសើរ​ពួក​គេ​ចំពោះ​គុណ​សម្បត្ដិ​ដែល​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ល្អ។ ទោះ​ជា​លោក​យេស៊ូ​ត្រូវ​ឲ្យ​ឱវាទ​ដល់​បង​ប្អូន​ខ្លះ​នៅ​ក្រុង​ធាទេរ៉ា​ក្ដី លោក​នៅ​តែ​ចាប់​ផ្ដើម​និង​បញ្ចប់​ប្រសាសន៍​របស់​លោក​ទៅ​កាន់​ពួក​គេ​ដោយ​ពាក្យ​លើក​ទឹក​ចិត្ត។ (​បប. ២:២៥​-​២៨​) សូម​គិត​អំពី​អំណាច​ដែល​លោក​យេស៊ូ​មាន​ក្នុង​នាម​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​ទាំង​ឡាយ។ លោក​មិន​ចាំ​បាច់​អរគុណ​យើង​សម្រាប់​កិច្ច​ការ​ដែល​យើង​ធ្វើ​ដើម្បី​លោក​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​នៅ​តែ​បង្ហាញ​អំណរ​គុណ។ លោក​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ពួក​អ្នក​ចាស់​ទុំ!

ពួក​គេ​មិន​បាន​បង្ហាញ​អំណរ​គុណ

១១. ដូច​ដែល​បាន​ត្រូវ​ចែង​នៅ​ហេប្រឺ ១២:១៦ តើ​អេសាវ​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​អ្វី​ដ៏​ពិសិដ្ឋ?

១១ គួរ​ឲ្យ​ស្ដាយ​ណាស់ បុគ្គល​ខ្លះ​ក្នុង​គម្ពីរ​មិន​បាន​បង្ហាញ​អំណរ​គុណ​ទេ។ ជា​ឧទាហរណ៍ ទោះ​ជា​អេសាវ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪ​ពុក​ម្ដាយ​ដែល​គោរព​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ក៏​ដោយ គាត់​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដ៏​ពិសិដ្ឋ​ឡើយ។ (​សូម​អាន ហេប្រឺ ១២:១៦) តើ​ចិត្ត​គំនិត​របស់​គាត់​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​យ៉ាង​ដូច​ម្ដេច? អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង​ភ្លាម​ៗ​ឲ្យ​ទៅ​យ៉ាកុប​ដែល​ជា​ប្អូន​គាត់ ដើម្បី​បាន​សម្ល​មួយ​ចាន។ (​លោ. ២៥:៣០​-​៣៤​) ក្រោយ​មក អេសាវបាន​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ប៉ុន្តែ គាត់​មិន​បាន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​គាត់​មាន ដូច្នេះ​គាត់​គ្មាន​ហេតុ​ត្អូញត្អែរ​ពេល​គាត់​មិន​បាន​ទទួល​ពរ​ជា​កូន​ច្បង​ទេ។

១២​-​១៣. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ធ្វើ ហើយ​តើ​នោះ​មាន​លទ្ធផល​អ្វី?

១២ ជន​ជាតិ​អ៊ីស្រាអែល​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​បង្ហាញ​អំណរ​គុណ។ ពួក​គេ​បាន​ត្រូវ​រំដោះ​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ទាំង​១០​ប្រការ​នៅ​ស្រុក​អេស៊ីប។ ក្រោយ​មក​ព្រះ​បាន​សង្គ្រោះ​ពួក​គេ​ដោយ​បំផ្លាញ​កង​ទ័ព​អេស៊ីប​ទាំង​អស់​នៅ​ក្នុង​សមុទ្រ​ក្រហម។ ជន​ជាតិ​អ៊ីស្រាអែល​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង ហើយ​បាន​ច្រៀង​ចម្រៀង​ជ័យ​ជម្នះ​សរសើរ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ក្រោយ​មក តើ​ពួក​គេ​បាន​បន្ត​មាន​ចិត្ត​កតញ្ញូ​ឬ​ទេ?

១៣ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ជួប​ប្រទះ​នឹង​ការ​ពិបាក​ផ្សេង​ទៀត ពួក​គេ​ស្រាប់​តែ​បាន​ភ្លេច​អំពី​អ្វី​ល្អ​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​គេ។ បន្ទាប់​មក ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​នោះ​ទេ។ (​ទំនុក. ១០៦:៧​) តើ​តាម​របៀប​ណា? ​«​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ត្អូញត្អែរ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​»​ តែ​តាម​ការ​ពិត​ពួក​គេ​កំពុង​ត្អូញត្អែរ​នឹង​ព្រះ​យេហូវ៉ា។ (​និក្ខ. ១៦:២,​) លោក​បាន​ខក​ចិត្ត​ចំពោះ​រាស្ត្រ​របស់​លោក​ដែល​មាន​ចិត្ត​គំនិត​បែប​នេះ។ ក្រោយ​មក លោក​បាន​ប្រកាស​ទុក​ជា​មុន​ថា​ជន​ជាតិ​អ៊ីស្រាអែល​ជំនាន់​នោះ​ទាំង​អស់​នឹង​ត្រូវ​ស្លាប់​ក្នុង​តំបន់​ស្ងាត់​ជ្រងំ លើក​លែង​តែ​យ៉ូស្វេ​និង​កាលែប។ (​ជន. ១៤:២២​-​២៤; ២៦:៦៥​) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​តាម​គំរូ​មិន​ល្អ​ទាំង​នេះ ហើយ​ធ្វើ​តាម​គំរូ​ល្អ​វិញ។

ចូរ​បង្ហាញ​អំណរ​គុណ​នៅ​សព្វ​ថ្ងៃ​នេះ

១៤​-​១៥. (​ក​) តើ​គូ​អាពាហ៍​ពិពាហ៍​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? (​ខ​) តើ​ឪ​ពុក​ម្ដាយ​អាច​បង្រៀន​កូន​ឲ្យ​បង្ហាញ​អំណរ​គុណ​តាម​របៀប​ណា?

១៤ ក្នុង​ក្រុម​គ្រួសារ: ក្រុម​គ្រួសារ​ទាំង​មូល​ទទួល​ប្រយោជន៍​ពេល​សមាជិក​ម្នាក់​ៗ​បង្ហាញ​អំណរ​គុណ។ ការ​ដែល​គូ​អាពាហ៍​ពិពាហ៍​កាន់​តែ​បង្ហាញ​អំណរ​គុណ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ពួក​គេ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ ពួក​គេ​ក៏​កាន់​តែ​ស្រួល​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​កំហុស​ដែល​ពួក​គេ​មាន។ ប្ដី​ដែល​ឲ្យ​តម្លៃ​ចំពោះ​ប្រពន្ធ​មិន​គ្រាន់​តែ​កត់​សម្គាល់​អ្វី​ល្អ​ៗ​ដែល​ប្រពន្ធ​និយាយ​និង​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​«​ក្រោក​ឈរ​ឡើង​សរសើរ​នាង​ដែរ​»។ (​សុភ. ៣១:១០, ២៨​) រីឯ​ប្រពន្ធ​ដែល​មាន​ប្រាជ្ញា​សរសើរ​ប្ដី​យ៉ាង​ចំ​ៗ​អំពី​ចំណុច​ល្អ​ៗ​របស់​គាត់។

១៥ ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ តើ​អ្នក​អាច​បង្រៀន​កូន​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​បង្ហាញ​អំណរ​គុណ? សូម​ចាំ​ថា​កូន​របស់​អ្នក​នឹង​ធ្វើ​តាម​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​អ្នក។ ដូច្នេះ សូម​ទុក​គំរូ​ល្អ​ដោយ​និយាយ​អរគុណ​ពេល​កូន​ៗ​ធ្វើ​អ្វី​ល្អ​ចំពោះ​អ្នក។ ម្យ៉ាង​ទៀត សូម​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​និយាយ​អរគុណ​ពេល​បុគ្គល​ឯ​ទៀត​ធ្វើ​អ្វី​ល្អ​ចំពោះ​ពួក​គេ។ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​យល់​ថា​ការ​បង្ហាញ​អំណរ​គុណ​គឺ​ផុស​ចេញ​ពី​ចិត្ត ហើយ​ថា​ពាក្យ​សម្ដី​របស់​ពួក​គេ អាច​មាន​ឥទ្ធិពល​ល្អ​លើអ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ បង​ស្រី​ក្លាឌី​និយាយ​ថា​៖ ​«​ម៉ាក់​ខ្ញុំ​មាន​កូន​បី​នាក់ ហើយ​ពេល​គាត់​អាយុ​៣២​ឆ្នាំ ស្រាប់​តែ​មាន​បញ្ហា​កើត​ឡើង ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​តែ​ម្នាក់​ឯង។ ពេល​ខ្ញុំ​អាយុ​៣២​ឆ្នាំ ខ្ញុំ​បាន​យល់​ថា​ច្បាស់​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​ម៉ាក់​ខ្ញុំ ដែល​គាត់​ត្រូវ​ចិញ្ចឹម​អប់រំ​យើង​តែ​ម្នាក់​ឯង​ពេល​គាត់​មាន​អាយុ​នោះ។ ដូច្នេះ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​ណាស់​សម្រាប់​ការ​លះ​បង់​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ចិញ្ចឹម​អប់រំ​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ។ ថ្មី​ៗ​នេះ​គាត់​បាន​និយាយ​ថា ពាក្យ​សម្ដី​នោះ​មាន​តម្លៃ​ចំពោះ​គាត់ ហើយ​ថា​គាត់​ច្រើន​តែ​គិត​អំពី​ពាក្យ​នោះ។ គាត់​ក៏​និយាយ​ថា​នោះ​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​»។

សូម​បង្រៀន​កូន​របស់​អ្នក​ឲ្យ​បង្ហាញ​អំណរ​គុណ (​សូម​មើល​វគ្គ​១៥​) *

១៦. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ការ​បង្ហាញ​អំណរ​គុណ​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។

១៦ ក្នុង​ក្រុម​ជំនុំ: យើង​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​យើង ពេល​យើង​បង្ហាញ​អំណរ​គុណ​ចំពោះ​ពួក​គេ។ ជា​ឧទាហរណ៍ បង​ប្រុស​ហូហេ​ដែល​ជា​អ្នក​ចាស់​ទុំ​ដែល​មាន​អាយុ​២៨​ឆ្នាំ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ គាត់​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​អស់​មួយ​ខែ។ ទោះ​ជា​គាត់​ចាប់​ផ្ដើម​មក​កិច្ច​ប្រជុំ​ម្ដង​ទៀត​ក្ដី គាត់​នៅ​តែ​មិន​អាច​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​បាន​ឡើយ។ បង​ហូហេ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ដោយ​សារ​សមត្ថភាព​របស់​ខ្ញុំ​មាន​កម្រិត​និង​ដោយ​សារ​ខ្ញុំ​មិន​អាច​បំពេញ​ភារកិច្ច​ផ្សេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ទេ។ ប៉ុន្តែ​ក្រោយ​កិច្ច​ប្រជុំ​មួយ បង​ប្រុស​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹ខ្ញុំ​ចង់​អរគុណ​បង ដោយ​សារ​បង​បាន​ទុក​គំរូ​ល្អ​សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ យើង​ពិត​ជា​ចូល​ចិត្ត​សុន្ទរកថា​ដែល​បង​បាន​ថ្លែង។ សុន្ទរកថា​ទាំង​នោះ​បាន​ពង្រឹង​ជំនឿ​របស់​យើង›។ ខ្ញុំ​រំជួល​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ ពាក្យ​សម្ដី​របស់​គាត់​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​»។

១៧. យោង​ទៅ​តាម​កូឡុស ៣:១៥ តើ​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​ចិត្ត​ទូលាយ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៧ ចំពោះ​ព្រះ​របស់​យើង​ដែល​មាន​ចិត្ត​ទូលាយ: ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​ជា​បរិបូរ​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ ជា​ឧទាហរណ៍ យើង​ទទួល​ការ​ណែនាំ​តាម​រយៈ​កិច្ច​ប្រជុំ ទស្សនាវដ្ដី និង​គេហទំព័រ​របស់​យើង។ តើ​អ្នក​ធ្លាប់​ស្ដាប់​សុន្ទរកថា អាន​អត្ថបទ​ណា​មួយ ឬ​មើល​កម្ម​វិធី​JW​ទូរទស្សន៍ រួច​គិត​ថា ‹នោះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ›ឬ​ទេ? តើ​យើង​អាច​បង្ហាញ​អំណរ​គុណ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សូម​អាន កូឡុស ៣:១៥) របៀប​មួយ​គឺ​ដោយ​អរគុណ​លោក​ជា​រឿយ​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង​សម្រាប់​របស់​ល្អ​ទាំង​នេះ។—យ៉ា. ១:១៧

ការ​ជួយ​សម្អាត​សាល​ប្រជុំ​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​អំណរ​គុណ (​សូម​មើល​វគ្គ​១៨​)

១៨. តើ​តាម​របៀប​ណា​ខ្លះ​យើង​អាច​បង្ហាញ​អំណរ​គុណ​ដោយ​សារ​យើង​មាន​សាល​ប្រជុំ?

១៨ យើង​ក៏​បង្ហាញ​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា ពេល​យើង​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​នៅ​ស្អាត​បាត​និង​មាន​របៀប​រៀប​រយ។ យើង​ចូល​រួម​ក្នុង​ការ​សម្អាត​និង​ការ​ជួស​ជុល​សាល​ប្រជុំ​ជា​ទៀង​ទាត់។ ម្យ៉ាង​ទៀត បង​ប្អូន​ដែល​ត្រូវ​ប្រើ​គ្រឿង​អេឡិចត្រូនិក​របស់​ក្រុម​ជំនុំ ប្រើ​អ្វី​ទាំង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន។ ពេល​យើង​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង​យ៉ាង​ត្រឹម​ត្រូវ យើង​អាច​ប្រើ​វា​បាន​យូរ​ជាង ហើយ​វា​នឹង​មិន​សូវ​ត្រូវ​ការ​ការ​ជួស​ជុល​ធំ​ៗ​ដែល​អស់​លុយ​ច្រើន​នោះ​ទេ។ យ៉ាង​នេះ យើងជួយ​សន្សំ​សំចៃ​លុយ​ដើម្បី​អាច​សាង​សង់​និង​ជួស​ជុល​សាល​ប្រជុំ​ឯ​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក។

១៩. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​និង​ប្រពន្ធ​របស់​គាត់?

១៩ ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​សម្រាប់​យើង: ពេល​យើង​បង្ហាញ​អំណរ​គុណ ពាក្យ​សម្ដី​របស់​យើង​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​បង​ប្អូន​ណា​ម្នាក់​ដែល​កំពុង​ជួប​ការ​ពិបាក ឲ្យ​ល្អ​ប្រសើរ​ឡើង។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​និង​ប្រពន្ធ​របស់​គាត់។ ក្រោយ​ពី​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ពេញ​មួយ​ថ្ងៃ​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​ខ្លាំង ពួក​គេ​បាន​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ទាំង​អស់​កម្លាំង។ ដោយ​សារ​ត្រជាក់​ខ្លាំង ប្រពន្ធ​របស់​គាត់​បាន​គេង​ដោយ​ពាក់​អាវ​ធំ​ដ៏​ក្រាស់។ នៅ​ព្រឹក​ឡើង នាង​ប្រាប់​ប្ដី​របស់​នាង​ថា​នាង​មាន​អារម្មណ៍​ថា​ខ្លួន​មិន​អាច​បន្ត​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ទៀត​ទេ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​តែ​ម្ដង ពួក​គេ​បាន​ទទួល​សំបុត្រ​មួយ​ពី​ការិយាល័យ​សាខា​ដែល​សរសេរ​ជូន​នាង។ ក្នុង​សំបុត្រ​នោះ​មាន​ពាក្យ​សរសើរ​យ៉ាង​កក់​ក្ដៅ​ចំពោះ​កិច្ច​បម្រើ​និង​ការ​ស៊ូ​ទ្រាំ​របស់​នាង។ សំបុត្រ​នោះ​បាន​សរសេរ​ថា​ការ​រើ​កន្លែង​ស្នាក់​នៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​រៀង​រាល់​សប្ដាហ៍​គឺ​មិន​ស្រួល​ទេ។ ប្ដី​នោះ​និយាយ​ថា​៖ ​«​ពាក្យ​សរសើរ​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ចិត្ត​របស់​ប្រពន្ធ​ខ្ញុំ ហើយ​គាត់​មិន​ដែល​និយាយ​អំពី​ការ​ឈប់​ធ្វើ​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ទៀត​ទេ។ តាម​ពិត​ទៅ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​អស់​ប៉ុន្មាន​ដង​ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​នោះ ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ឈប់​»។ ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​បាន​បន្ត​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​អស់​ជិត​៤០​ឆ្នាំ។

២០. តើ​យើង​គួរ​ព្យាយាម​ធ្វើ​អ្វី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ហេតុ​អ្វី?

២០ ជា​រៀង​រាល់​ថ្ងៃ សូម​យើង​ព្យាយាម​បង្ហាញ​អំណរ​គុណ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ការ​ប្រព្រឹត្ត​ឬ​ពាក្យ​សម្ដី​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង ប្រហែល​ជា​អ្វី​ដែល​អ្នក​ណា​ម្នាក់​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ​មួយ​ថ្ងៃ​ទៀត​ក្នុង​ពិភព​លោក​នេះ​ដែល​មិន​ចេះ​បង្ហាញ​អំណរ​គុណ។ ម្យ៉ាង​ទៀត ការ​បង្ហាញ​អំណរ​គុណ​នឹង​នាំ​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ សំខាន់​បំផុត យើង​នឹង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​មាន​ចិត្ត​ទូលាយ និង​ដែល​តែង​តែ​បង្ហាញ​អំណរ​គុណ។

ចម្រៀង​លេខ​២០ លោក​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់

^ វគ្គ 5 ស្តី​អំពី​ការ​បង្ហាញ​អំណរ​គុណ តើ​យើង​អាច​រៀន​អ្វី​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​កើត​ឃ្លង់? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​ទាំង​នេះ​និង​គំរូ​ឯ​ទៀត។ យើង​ក៏​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​បង្ហាញ​អំណរ​គុណ​គឺ​សំខាន់​ណាស់ ហើយ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: ការ​មាន​ចិត្ត​កតញ្ញូ​ឬ​អំណរ​គុណ​ចំពោះ​បុគ្គល​ណា​ម្នាក់​ឬ​អ្វី​ណា​មួយ មាន​ន័យ​ថា​យើង​ទទួល​ស្គាល់​តម្លៃ​របស់​បុគ្គល​នោះ​ឬ​អ្វី​នោះ។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: សំបុត្រ​របស់​ប៉ូល​បាន​ត្រូវ​អាន​ឮ​ៗ​ឲ្យ​ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម​ស្ដាប់។ អាគីឡា ព្រីស៊ីល ភីបេ និង​អ្នក​ឯ​ទៀត​សប្បាយ​ចិត្ត​ពេល​ដែល​ឮ​ឈ្មោះ​របស់​ពួក​គេ។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ម្ដាយ​ម្នាក់​ជួយ​កូន​ស្រី​របស់​គាត់​ឲ្យ​បង្ហាញ​អំណរ​គុណ​ចំពោះ​បង​ស្រី​វ័យ​ចាស់​ដែល​បាន​ទុក​គំរូ​ល្អ។