លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៩

សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ

សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ

​«​ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្ដិធម៌ ផែន​ដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ​យេហូវ៉ា​»។—ទំនុក. ៣៣:៥

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​យើង​ទាំង​អស់​គ្នា​ចង់​បាន​អ្វី? (​ខ​) តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

យើង​ទាំង​អស់​គ្នា​ចង់​ទទួល​សេចក្ដី​ស្រឡាញ់។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ចំពោះ​យើង។ បើ​គេ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ចំពោះ​យើង​ម្ដង​ហើយ​ម្ដង​ទៀត យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​និង​អស់​សង្ឃឹម។

ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ខ្លាំង​ណាស់។ (​ទំនុក. ៣៣:៥​) យើង​អាច​ប្រាកដ​ថា​ព្រះ​របស់​យើង​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ហើយ​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ចំពោះ​យើង។ យើង​អាច​ឃើញ​ចំណុច​នេះ​ពេល​យើង​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ។ បើ​អ្នក​ឈឺ​ចិត្ត​ដោយ​សារ​គេ​មិន​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​យុត្ដិធម៌ សូម​ពិចារណា​អំពី​របៀប​ដែល​ច្បាប់​ម៉ូសេ *បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​លោក។

៣. (​ក​) ដូច​រ៉ូម ១៣:៨​-​១០​បាន​ពន្យល់ តើ​យើង​រៀន​អ្វី​ពេល​យើង​ពិនិត្យ​មើល​ច្បាប់​ម៉ូសេ? (​ខ​) តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ពេល​យើង​ពិនិត្យ​មើល​ច្បាប់​ម៉ូសេ យើង​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​សូម​អាន រ៉ូម ១៣:៨​-​១០) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ច្បាប់​ខ្លះ​ៗ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល និង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ដូច​ជា​៖ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ច្បាប់​ម៉ូសេ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ ហើយ​លើក​ស្ទួយ​យុត្ដិធម៌? តើ​ពួក​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ការ​ណែនាំ​រាស្ត្រ​លោក​ត្រូវ​អនុវត្ត​ច្បាប់​នោះ​យ៉ាង​ដូច​ម្ដេច? តើ​ច្បាប់​ម៉ូសេ​បាន​ការ​ពារ​អ្នក​ណា​ជា​ពិសេស? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​អាច​សម្រាល​ទុក្ខ​យើង ជួយ​យើង​ឲ្យ​មាន​សេចក្ដីសង្ឃឹម និង​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—សកម្ម. ១៧:២៧; រ៉ូម ១៥:៤

ច្បាប់​ម៉ូសេ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់

៤. (​ក​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ច្បាប់​ម៉ូសេ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់? (​ខ​) តើ​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​បញ្ញត្ដិ​អ្វី​ខ្លះ​នៅ​ម៉ាថាយ ២២:៣៦​-​៤០?

ដោយ​សារ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​លោក នោះ​យើង​អាច​និយាយ​ថា​ច្បាប់​ម៉ូសេ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:៨​) តាម​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា ច្បាប់​នោះ​ទាំង​មូល​មាន​មូលដ្ឋាន​លើ​បញ្ញត្ដិ​ដ៏​សំខាន់​ពីរ គឺ​ស្រឡាញ់​ព្រះ​និង​ស្រឡាញ់​អ្នក​ជិត​ខាង។ (​លេវី. ១៩:១៨; ចោ. ៦:៥; សូម​អាន ម៉ាថាយ ២២:៣៦​-​៤០) យ៉ាង​នេះ យើង​អាច​ដឹង​ថា​ច្បាប់​នីមួយ​ៗ​នៃ​ច្បាប់​ទាំង​៦០០​ជាង​នៅ​ក្នុង​ច្បាប់​ម៉ូសេ បង្ហាញ​យើង​អំពី​អ្វី​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ សូម​យើង​ពិចារណា​ឧទាហរណ៍​មួយ​ចំនួន។

៥​-​៦. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គូ​អាពាហ៍​ពិពាហ៍​ធ្វើ​អ្វី ហើយ​តើ​លោក​ដឹង​អំពី​អ្វី? សូម​លើក​ឧទាហរណ៍​មួយ។

ចូរ​ស្មោះ​ត្រង់​ចំពោះ​គូ​អាពាហ៍​ពិពាហ៍ ហើយ​ថែ​រក្សា​កូន​ៗ​របស់​អ្នក។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​សេចក្ដី​ស្រឡាញ់​នោះ​ស្ថិតស្ថេរ​អស់​មួយ​ជីវិត។ (​លោ. ២:២៤; ម៉ាថ. ១៩:៣​-​៦​) ការ​ផិត​ក្បត់​គឺ​ជា​ទង្វើ​ដែល​ពិត​ជា​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ហេតុ​នេះ​ហើយ ច្បាប់​ទី​៧​នៃ​បញ្ញត្ដិ​១០​ប្រការ​ហាម​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ (​ចោ. ៥:១៨​) នេះ​គឺ​ជា​អំពើ​ខុស​ឆ្គង​«​នៅ​ចំពោះ​ព្រះ​»​ និង​ជា​អំពើ​ព្រៃ​ផ្សៃ​មួយ​ចំពោះ​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន។ (​លោ. ៣៩:៧​-​៩​) បុគ្គល​ដែល​បាន​ត្រូវ​គូ​អាពាហ៍​ពិពាហ៍​ផិត​ក្បត់​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​អស់​រាប់​សិប​ឆ្នាំ។

ព្រះ​យេហូវ៉ា​ឃើញ​ច្បាស់​អំពី​របៀប​ដែល​គូ​អាពាហ៍​ពិពាហ៍​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស លោក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ល្អ​ចំពោះ​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ប្រពន្ធ។ ប្ដី​ដែល​គោរព​ច្បាប់​របស់​ព្រះ​និង​ដែល​ស្រឡាញ់​ប្រពន្ធ នឹង​មិន​លែង​លះ​នាង​សម្រាប់​មូលហេតុ​តូច​តាច​ឡើយ។ (​ចោ. ២៤:១​-​៤; ម៉ាថ. ១៩:៣,​) ប៉ុន្តែ បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរ ហើយ​គាត់​បាន​លែង​លះ​ប្រពន្ធ គាត់​ត្រូវ​តែ​ឲ្យ​លិខិត​លែង​លះ​ដល់​នាង។ លិខិត​នេះ​បាន​ការ​ពារ​ស្ត្រី​ពី​ការ​ចោទ​ប្រកាន់​មិន​ពិត​ថា​នាង​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ ម្យ៉ាង​ទៀត មុន​ដែល​ប្ដី​នោះ​អាច​ប្រគល់​លិខិត​លែង​លះ​ឲ្យ​ប្រពន្ធ តាម​មើល​ទៅ​គាត់​ត្រូវ​ពិគ្រោះ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ។ យ៉ាង​នេះ ពួក​បុរស​ចាស់​ទុំ​មាន​ឱកាស​ជួយ​គូ​ប្ដី​ប្រពន្ធ​នោះ​ឲ្យ​ស្រោច​ស្រង់​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ។ ពេល​បុរស​ជន​ជាតិ​អ៊ីស្រាអែល​បាន​លែង​លះ​ប្រពន្ធ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ព្រះ​យេហូវ៉ា​មិន​តែង​តែ​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ តែ​លោក​ឃើញ​ទឹក​ភ្នែក​របស់​ប្រពន្ធ​នោះ ហើយ​ក៏​យល់​អំពី​ការ​ឈឺ​ចាប់​របស់​នាង​ដែរ។—ម៉ាឡ. ២:១៣​-​១៦

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​ក្មេង​មាន​សេចក្ដី​សុខ​សាន្ត​និង​មាន​សុវត្ថិភាព កាល​ដែល​ពួក​គេ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​និង​ទទួល​ការ​បង្ហាត់​បង្រៀន​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ (​សូម​មើល​វគ្គ​៧​-​៨​) *

៧​-​៨. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឪ​ពុក​ម្ដាយ​ឲ្យ​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​) (​ខ​) តើ​យើង​រៀន​អ្វី​ខ្លះ?

ច្បាប់​ម៉ូសេ​ក៏​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​កូន​ក្មេង។ ព្រះ​យេហូវ៉ា​បង្គាប់​ឪ​ពុក​ម្ដាយ​ឲ្យ​ផ្គត់​ផ្គង់​កូន មិន​គ្រាន់​តែ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​របស់​កូន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​កូន​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​ផង​ដែរ។ ឪ​ពុក​ម្ដាយ​ត្រូវ​ប្រើ​គ្រប់​ឱកាស​ដើម្បី​ជួយ​កូន​ឲ្យ​យល់​តម្លៃ​នៃ​ច្បាប់​ព្រះ​យេហូវ៉ា ហើយ​ស្រឡាញ់​លោក។ (​ចោ. ៦:៦​-​៩; ៧:១៣​) មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រាអែល​គឺ​ដោយ​សារ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​ចំពោះ​កូន​របស់​ពួក​គេ។ (​យេ. ៧:៣១, ៣៣​) ឪ​ពុក​ម្ដាយ​មិន​គួរ​មាន​ទស្សនៈ​ថា​កូន​មិន​សូវ​សំខាន់ ឬ​ថា​ពួក​គេ​អាច​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​កូន​ឡើយ។ ប៉ុន្តែ​ពួក​គេ​ត្រូវ​មាន​ទស្សនៈ​ថា​កូន​ជា​មត៌ក ឬ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ពី​ព្រះ​យេហូវ៉ា។—ទំនុក. ១២៧:៣

មេ​រៀន: ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​អំពី​របៀប​ដែល​គូ​អាពាហ៍​ពិពាហ៍​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ចង់​ឲ្យ​ឪ​ពុក​ម្ដាយ​ស្រឡាញ់​កូន​ៗ ហើយ​លោក​នឹង​វិនិច្ឆ័យ​ទោស​ឪ​ពុក​ម្ដាយ​ដែល​មិន​ប្រព្រឹត្ត​ល្អ​ចំពោះ​កូន។

៩​-​១១. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ហាម​មិន​ឲ្យ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ?

កុំ​ចង់​បាន​របស់​គេ។ ច្បាប់​ទី​១០​នៃ​បញ្ញត្ដិ​១០​ប្រការ​ហាម​មិនឲ្យ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ។ (​ចោ. ៥:២១; រ៉ូម ៧:៧​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​នោះ ដើម្បី​បង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយ គឺ​ថា​រាស្ត្រ​របស់​លោក​ត្រូវ​ការ​ពារ​ចិត្ត ហើយ​នេះ​រួម​បញ្ចូល​គំនិត អារម្មណ៍ និង​ការ​វែក​ញែក​របស់​ពួក​គេ។ លោក​ដឹង​ថា​អំពើ​អាក្រក់​មក​ពី​គំនិត​អាក្រក់​និង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ (​សុភ. ៤:២៣​) បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​រីក​ដុះ​ដាល​ក្នុង​ចិត្ត គាត់​ទំនង​ជា​នឹង​ប្រព្រឹត្ត​អ្វី​ដែល​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ​ស្តេច​ដាវីឌ​បាន​ធ្វើ​អ្វី​ដ៏​ខុស​ឆ្គង​នេះ។ តាម​ធម្មតា​គាត់​ជា​មនុស្ស​ល្អ។ ប៉ុន្តែ នៅ​ពេល​មួយ​គាត់​ប៉ង​ប្រាថ្នា​ចង់​បាន​ប្រពន្ធ​របស់​បុរស​ម្នាក់​ទៀត។ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គាត់​បាន​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​យ៉ា. ១:១៤, ១៥​) ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ បាន​ព្យាយាម​បញ្ឆោត​ប្ដី​របស់​ស្ត្រី​នោះ ហើយ​ក្រោយ​មក​ឲ្យ​គេ​សម្លាប់​បុរស​នោះ។—២សាំ. ១១:២​-​៤; ១២:៧​-​១១

១០ ព្រះ​យេហូវ៉ា​បាន​ដឹង​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បំពាន​ច្បាប់​អំពី​ការ​ចង់​បាន​របស់​អ្នក​ដទៃ ដោយ​សារ​លោក​អាច​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត។ (​១រប. ២៨:៩​) ច្បាប់​ដែល​ហាម​មិន​ឲ្យ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ បង្ហាញ​រាស្ត្រ​របស់​លោក​ថា​ពួក​គេ​គួរ​លះ​ចោល​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ ព្រះ​យេហូវ៉ា​ពិត​ជា​បិតា​ដែល​មាន​ប្រាជ្ញា​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មែន!

១១ មេ​រៀន: ព្រះ​យេហូវ៉ា​មិន​មើល​តែ​សម្បក​ក្រៅ​របស់​មនុស្ស​ទេ តែ​លោក​ក៏​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​ដែរ។ (​១សាំ. ១៦:៧​) គ្មាន​អ្វី​អាច​លាក់​បាំង​ពី​លោក​បាន​ទេ ទោះ​ជា​គំនិត អារម្មណ៍ ឬ​ការ​ប្រព្រឹត្ត​ណា​ក៏​ដោយ។ លោក​ស្វែង​រក​អ្វី​ល្អ​ៗ​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ចង់​ឲ្យ​យើង​មាន​អ្វី​ល្អ​ៗ​ទាំង​នេះ​កាន់​តែ​ប្រសើរ​ឡើង។ ប៉ុន្តែ លោក​ក៏​ចង់​ឲ្យ​យើង​កត់​សម្គាល់​និង​គ្រប់​គ្រង​លើ​គំនិត​ខុស​ឆ្គង​មុន​ដែល​វា​ក្លាយ​ទៅ​ជា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង។—២រប. ១៦:៩; ម៉ាថ. ៥:២៧​-​៣០

ច្បាប់​ម៉ូសេ​លើក​ស្ទួយ​យុត្ដិធម៌

១២. តើ​យើង​រៀន​អ្វី​ពី​ច្បាប់​ម៉ូសេ?

១២ យើង​ក៏​រៀន​ពី​ច្បាប់​ម៉ូសេ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្ដិធម៌។ (​ទំនុក. ៣៧:២៨; អេ. ៦១:៨​) លោក​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​របៀប​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ចំពោះ​អ្នក​ឯ​ទៀត។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ លោក​បាន​ឲ្យ​ពរ​ពួក​គេ។ ពេល​ពួក​គេ​មិន​អើពើ​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​និង​យុត្ដិធម៌​របស់​លោក ពួក​គេ​បាន​រង​ទុក្ខ។ សូម​ពិចារណា​ច្បាប់​ពីរ​ទៀត​នៃ​បញ្ញត្ដិ​១០​ប្រការ។

១៣​-​១៤. តើ​ច្បាប់​ទី១​និង​ទី២​នៃ​បញ្ញត្ដិ​១០​ប្រការ​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​អ្វី ហើយ​តើ​ការ​ធ្វើ​តាម​ច្បាប់​ទាំង​នោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​ពួក​គេ?

១៣ ចូរ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ច្បាប់​ទី១​និង​ទី២​នៃ​បញ្ញត្ដិ​១០​ប្រការ​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ហើយ​ព្រមាន​ពួក​គេ​មិន​ឲ្យ​គោរព​បូជា​រូប​ព្រះ។ (​និក្ខ. ២០:៣​-​៦​) បញ្ញត្ដិ​ទាំង​នោះ​មិន​មែន​ជា​ប្រយោជន៍​សម្រាប់​ព្រះ​យេហូវ៉ា​ទេ ប៉ុន្តែ​ជា​ប្រយោជន៍​សម្រាប់​រាស្ត្រ​លោក។ ពេល​រាស្ត្រ​របស់​លោក​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ពួក​គេ​ទទួល​ពរ។ ពេល​ពួក​គេ​គោរព​បូជា​ព្រះ​នៃ​ប្រជា​ជាតិ​ដទៃ ពួក​គេ​រង​ទុក្ខ។

១៤ សូម​គិត​អំពី​ជន​ជាតិ​កាណាន។ ពួក​គេ​គោរព​បូជា​រូប​ព្រះ​ដែល​គ្មាន​ជីវិត ជា​ជាង​ព្រះ​ពិត​ដែល​មាន​ជីវិត​រស់​នៅ។ ជា​លទ្ធផល ពួក​គេ​បាន​ធ្វើ​អ្វី​ដ៏​ថោក​ទាប។ (​ទំនុក. ១១៥:៤​-​៨​) ក្នុង​ការ​គោរព​បូជា​របស់​ពួក​គេ ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដ៏​ស្មោក​គ្រោក​ខាង​ការ​រួម​ភេទ​និង​បាន​បូជា​កូន​ក្មេង។ ស្រដៀង​គ្នា​ដែរ ពេល​ជន​ជាតិ​អ៊ីស្រាអែល​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​គោរព​បូជា​រូប​ព្រះ ពួក​គេ​បន្ទាប​បន្ថោក​ខ្លួន​និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​រង​ទុក្ខ។ (​២រប. ២៨:១​-​៤​) ពួក​អ្នក​ដែល​មាន​អំណាច​បាន​លះ​បង់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​យុត្ដិធម៌។ ពួក​គេ​បាន​ប្រើ​អំណាច​តាម​របៀប​មិន​ត្រឹម​ត្រូវ ហើយ​ជិះ​ជាន់​លើ​មនុស្ស​ទន់​ខ្សោយ។ (​អេស. ៣៤:១​-​៤​) ព្រះ​យេហូវ៉ា​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ថា​លោក​នឹង​វិនិច្ឆ័យ​ទោស​ពួក​អ្នក​ដែល​ធ្វើ​បាប​ស្ត្រី​មេ​ម៉ាយ​និង​កូន​កំព្រា។ (​ចោ. ១០:១៧, ១៨; ២៧:១៩​) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​រាស្ត្រ​លោក​ពេល​ពួក​គេ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក​និង​បាន​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​យុត្ដិធម៌។—១ព. ១០:៤​-​៩

ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​លោក​ដឹង​ពេល​ដែល​យើង​រង​អំពើ​អយុត្ដិធម៌ (​សូម​មើល​វគ្គ​១៥​)

១៥. តើ​យើង​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១៥ មេ​រៀន: មិន​មែន​ជា​កំហុស​របស់​ព្រះ​យេហូវ៉ា​ទេ ពេលពួក​អ្នក​ដែល​អះអាង​ថា​ពួក​គេ​បម្រើ​លោក​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​លោក​និង​ធ្វើ​បាប​រាស្ត្រ​លោក។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​លោក​ដឹង​ពេល​ដែល​យើង​រង​អំពើ​អយុត្ដិធម៌។ ដូច​ម្ដាយ​រង​ទុក្ខ​ពេល​កូន​ខ្ចី​របស់​គាត់​ឈឺ​ចាប់ លោក​រង​ទុក្ខ​ខ្លាំង​ជាង​នោះ​ទៅ​ទៀត​ពេល​យើង​ឈឺ​ចាប់។ (​អេ. ៤៩:១៥​) ទោះ​ជា​លោក​ប្រហែល​ជា​មិន​ចាត់​វិធានការ​ភ្លាម​ៗ​ក្ដី នៅ​ពេល​កំណត់​លោក​នឹង​វិនិច្ឆ័យ​ទោស​ពួក​អ្នក​ដែល​ធ្វើ​ខុស​ដោយ​មិន​ប្រែ​ចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទៅ​លើ​អ្នក​ឯ​ទៀត។

តើ​ច្បាប់​នោះ​បាន​ត្រូវ​អនុវត្ត​យ៉ាង​ដូច​ម្ដេច?

១៦​-​១៨. តើ​ច្បាប់​ម៉ូសេ​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​ណា​ខ្លះ​នៃ​ជីវិត​ជន​ជាតិ​អ៊ីស្រាអែល? តើ​យើង​ទាញ​យក​មេ​រៀន​អ្វី?

១៦ ច្បាប់​ម៉ូសេ​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​ជន​ជាតិ​អ៊ីស្រាអែល ដូច្នេះ​គឺ​សំខាន់​ចាំ​បាច់​ដែល​បុរស​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង វិនិច្ឆ័យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដោយ​យុត្ដិធម៌។ ពួក​គេ​មិន​គ្រាន់​តែ​វិនិច្ឆ័យ​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​ក៏​វិនិច្ឆ័យ​ចំពោះ​រឿង​ក្ដី​រដ្ឋប្បវេណី​ឬ​ស៊ី​វិល និង​រឿង​ក្ដី​ព្រហ្មទណ្ឌ។ សូម​គិត​អំពី​ឧទាហរណ៍​ខាង​ក្រោម។

១៧ បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​សម្លាប់​មនុស្ស គាត់​មិន​តែង​តែ​ត្រូវ​គេ​ប្រហារ​ជីវិត​ឡើយ។ ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​ដែល​គាត់​រស់​នៅ នឹង​ស្វែង​រក​ការ​ពិត​មុន​ដែល​ពួក​គេ​សម្រេច​ចិត្ត​ថា​ត្រូវ​ប្រហារ​ជីវិត​អ្នក​នោះ​ឬ​យ៉ាង​ណា។ (​ចោ. ១៩:២​-​៧, ១១​-​១៣​) ពួក​បុរស​ចាស់​ទុំ​ក៏​បាន​វិនិច្ឆ័យ​ក្ដី​អំពី​រឿង​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​និង​ទ្រព្យ​សម្បត្ដិ ព្រម​ទាំង​រឿង​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍។ (​និក្ខ. ២១:៣៥; ចោ. ២២:១៣​-​១៩​) ពេល​ពួក​បុរស​ចាស់​ទុំ​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌ និង​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​ច្បាប់​ព្រះ នោះ​គ្រប់​គ្នា​បាន​ទទួល​ប្រយោជន៍ ហើយ​ប្រជា​ជាតិ​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​លើក​តម្កើង។—លេវី. ២០:៧, ៨; អេ. ៤៨:១៧, ១៨

១៨ មេ​រៀន: គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​យុត្ដិធម៌​និង​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​កត់​សម្គាល់​អំពី​អ្វី​ដែល​យើង​និយាយ​និង​ធ្វើ ទោះ​ជា​យើង​នៅ​ផ្ទះ​ម្នាក់​ឯង​ក៏​ដោយ។—ហេ. ៤:១៣

១៩​-​២១. (​ក​) តើ​បុរស​ចាស់​ទុំ​និង​ចៅ​ក្រម​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​រាស្ត្រ​របស់​ព្រះ? (​ខ​) តើ​ច្បាប់​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​រាស្ត្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​ទាញ​យក​មេ​រៀន​អ្វី?

១៩ ព្រះ​យេហូវ៉ា​ចង់​ការ​ពារ​រាស្ត្រ​របស់​លោក​ពី​ឥទ្ធិពល​អាក្រក់​ដែល​មក​ពី​ប្រជា​ជាតិ​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ ដូច្នេះ លោក​តម្រូវ​ឲ្យ​ពួក​បុរស​ចាស់​ទុំ​និង​ពួក​ចៅ​ក្រម​ធ្វើ​តាម​ច្បាប់​លោក​ដោយ​មិន​លម្អៀង។ ប៉ុន្តែ ពួក​អ្នក​វិនិច្ឆ័យ​ក្ដី​មិន​ត្រូវ​ប្រព្រឹត្ត​លើ​រាស្ត្រ​លោក​ដោយ​តឹងរ៉ឹង ឬ​ដោយ​គ្មាន​មេត្ដា​ឡើយ។ ពួក​គេ​ត្រូវ​ស្រឡាញ់​យុត្ដិធម៌។—ចោ. ១:១៣​-​១៧; ១៦:១៨​-​២០

២០ ព្រះ​យេហូវ៉ា​អាណិត​មេត្ដា​ចំពោះ​រាស្ត្រ​លោក ដូច្នេះ​លោក​ដាក់​ច្បាប់​ដើម្បី​ការ​ពារ​មិន​ឲ្យ​អ្នក​ណា​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ឡើយ។ ជា​ឧទាហរណ៍ ដោយ​សារ​មាន​ច្បាប់​ម៉ូសេ មនុស្ស​មិន​សូវ​អាច​ចោទ​ប្រកាន់​មិន​ពិត​ថា​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ។ ចុង​ចោទ​មាន​សិទ្ធិ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ចោទ​ប្រកាន់​គាត់។ (​ចោ. ១៩:១៦​-​១៩; ២៥:១​) ម្យ៉ាង​ទៀត មុន​ដែល​គេ​អាច​កាត់​ទោស​គាត់ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​សាក្សី​ពីរ​នាក់​ប្រាប់​អំពី​បទ​ឧក្រិដ្ឋ​នោះ។ (​ចោ. ១៧:៦; ១៩:១៥​) ចុះ​យ៉ាង​ណា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ដែល​មាន​សាក្សី​តែ​ម្នាក់​ឃើញ? គាត់​មិន​អាច​សន្និដ្ឋាន​ថា​គាត់​នឹង​មិន​បាន​ត្រូវ​វិនិច្ឆ័យ​ទោស​ចំពោះ​អំពើ​នោះ​ទេ។ ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ដែល​គាត់​បាន​ធ្វើ។ រីឯ​ក្នុង​ក្រុម​គ្រួសារ ឪពុកមាន​អំណាច តែ​អំណាច​របស់​គាត់​មាន​កម្រិត។ ដូច្នេះ បុរស​ចាស់​ទុំ​មាន​ភារកិច្ច​វិនិច្ឆ័យ​និង​កាត់​ក្ដី​ចំពោះ​រឿង​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​របស់​ជន​ជាតិ​អ៊ីស្រាអែល។—ចោ. ២១:១៨​-​២១

២១ មេ​រៀន: ព្រះ​យេហូវ៉ា​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ លោក​មិន​ដែល​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទេ។ (​ទំនុក. ៨៩:១៤​) លោក​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​យ៉ាង​ស្មោះ​ត្រង់ ប៉ុន្តែ​លោក​ដាក់​ទោស​ពួក​អ្នក​ដែល​ប្រើ​អំណាច​តាម​របៀប​មិន​ត្រឹម​ត្រូវ។ (​២សាំ. ២២:២១​-​២៣; អេស. ៩:៩, ១០​) អ្នក​ខ្លះ​ប្រព្រឹត្ត​អាក្រក់ ហើយ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​បាន​ត្រូវ​ទទួល​ការ​កាត់​ទោស ប៉ុន្តែ​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​នឹង​ត្រូវ​វិនិច្ឆ័យ​ទោស។ (​សុភ. ២៨:១៣​) បើ​ពួក​គេ​មិន​ប្រែ​ចិត្ត ពួក​គេ​នឹង​ឃើញ​ថា​«​ការ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ណាស់​»។—ហេ. ១០:៣០, ៣១

តើ​ច្បាប់​ម៉ូសេ​បាន​ការ​ពារ​អ្នក​ណា​ជា​ពិសេស?

ពេល​ដោះ​ស្រាយ​ទំនាស់ បុរស​ចាស់​ទុំ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​និង​ស្រឡាញ់​យុត្ដិធម៌​ដូច​លោក (​សូម​មើល​វគ្គ​២២​) *

២២​-​២៤. (​ក​) តើ​ច្បាប់​ម៉ូសេ​បាន​ការ​ពារ​អ្នក​ណា​ជា​ពិសេស ហើយ​តើ​យើង​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​មាន​ការ​ព្រមាន​អ្វី​នៅ​និក្ខមនំ ២២:២២​-​២៤?

២២ ជា​ពិសេស​ច្បាប់​ម៉ូសេ​បាន​ការ​ពារ​ពួក​អ្នក​ដែល​មិន​អាច​ការ​ពារ​ខ្លួន ដូច​ជា​កូន​កំព្រា ស្ត្រី​មេ​ម៉ាយ និង​ជន​បរទេស។ ពួក​ចៅ​ក្រម​នៅ​ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្ដី​យុត្ដិធម៌​ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេ​ម៉ាយ​ដែរ​»។ (​ចោ. ២៤:១៧​) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ម្នាក់​ៗ​ដែល​ជាពួក​អ្នក​ដែល​ទន់​ទាប​ក្នុង​សហគមន៍។ ម្យ៉ាង​ទៀត លោក​បាន​ដាក់​ទោស​ពួក​អ្នក​ដែល​ធ្វើ​បាប​ពួក​គេ។—សូម​អាន និក្ខមនំ ២២:២២​-​២៤

២៣ ច្បាប់​នោះ​ក៏​បាន​ការ​ពារ​សមាជិក​ក្រុម​គ្រួសារ​ពី​បទ​ឧក្រិដ្ឋ​ខាង​ផ្លូវ​ភេទ ដោយ​ហាម​មិន​ឲ្យ​រួម​ភេទ​ជា​មួយ​នឹង​សាច់​ញាតិ​ជិត​ដិត។ (​លេវី. ១៨:៦​-​៣០​) ខុស​ពី​ប្រជា​ជាតិ​នៅ​ជុំ​វិញ​ស្រុក​អ៊ីស្រាអែល​ដែល​មិន​ចាត់​ទុក​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ខុស រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​មាន​ទស្សនៈ​ដូច​លោក ពោល​គឺ​ពួក​គេ​ត្រូវ​ចាត់​ទុក​អ្វី​បែប​នេះ​ជា​បទ​ឧក្រិដ្ឋ និង​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម។

២៤ មេ​រៀន: ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ភារកិច្ច​ឲ្យ បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​កក់​ក្ដៅ​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​គេ។ លោក​ស្អប់​បទ​ឧក្រិដ្ឋ​ខាង​ផ្លូវ​ភេទ ហើយ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​រាស្ត្រ​ទាំង​អស់​របស់​លោក​ទទួល​ការ​ការ​ពារ​និង​យុត្ដិធម៌ ជា​ពិសេស​ពួក​អ្នក​ដែល​ទន់​ទាប។

​«​ច្បាប់​ជា​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់​»​

២៥​-​២៦. (​ក​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​គឺ​ស្រដៀង​នឹង​ខ្យល់​ដង្ហើម​និង​ជីវិត? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់​នៃ​អត្ថបទ​ត​ភាគ​នេះ?

២៥ សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​គឺ​ស្រដៀង​នឹង​ខ្យល់​ដង្ហើម​និង​ជីវិត ពោល​គឺ​នៅ​ផែន​ដី​ខ្យល់​ដង្ហើម​និង​ជីវិត​តែង​តែ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ។ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​យុត្ដិធម៌ យើង​កាន់​តែ​ស្រឡាញ់​លោក។ ម្យ៉ាង​ទៀត ពេល​យើង​ស្រឡាញ់​ព្រះ​និង​ស្រឡាញ់​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​អ្នក​ឯ​ទៀត​និង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​យុត្ដិធម៌។

២៦ កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ម៉ូសេ​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ ក្រោយ​ពី​លោក​យេស៊ូ​បាន​បំពេញ​តម្រូវ​ការ​នៃ​ច្បាប់​នោះ រាស្ត្រ​របស់​ព្រះ​លែង​ត្រូវ​ធ្វើ​តាម​ច្បាប់​នោះ​ទៀត។ ច្បាប់​នោះ​បាន​ត្រូវ​ជំនួស​ដោយ​អ្វី​ដ៏​ល្អ​ប្រសើរ​ជាង។ (​រ៉ូម ១០:៤​) សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​ច្បាប់​នោះ​ថា​៖ ​«​ជា​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់​»។ (​ហេ. ១០:១​) នៅ​អត្ថបទ​បន្ទាប់​នៃ​អត្ថបទ​ត​ភាគ​នេះ យើង​នឹង​ពិចារណា​អំពី​ពរ​ខ្លះ​ៗ​ទាំង​នេះ ហើយ​អំពី​សារៈសំខាន់​នៃ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត

^ វគ្គ 5 នេះ​ជា​អត្ថបទ​ទី១​នៃ​អត្ថបទ​ដែល​មាន​បួន​ភាគ។ ក្នុង​អត្ថបទ​ទាំង​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ អត្ថបទ​បី​ទៀត​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ឧសភា ឆ្នាំ​២០១៩។ ចំណង​ជើង​នៃ​អត្ថបទ​ទាំង​នេះ​គឺ​«​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​»​ ​«​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ពេល​ប្រឈម​មុខ​នឹង​អំពើ​អាក្រក់​»​ និង​«​ការ​ជួយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​នៅ​ក្មេង​»។

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: ច្បាប់​៦០០​ជាង​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ​បាន​ត្រូវ​ហៅ​ថា​«​ច្បាប់​ម៉ូសេ​»​ ​«​បញ្ញត្ដិ​»​ និង​«​ក្រិត្យ​វិន័យ​»។ ម្យ៉ាង​ទៀត សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ក្នុង​គម្ពីរ(​ចាប់​ពី​លោកុប្បត្ដិ​ដល់​ចោទិយកថា​) ក៏​ច្រើន​តែ​បាន​ត្រូវ​ហៅ​ថា​ច្បាប់​ម៉ូសេ។ ជួន​កាល ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទាំង​មូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​ម្ដាយ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​កំពុង​ធ្វើ​ម្ហូប គាត់​និយាយ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់។ នៅ​ខាង​ក្រោយ ឪ​ពុក​កំពុង​បង្រៀន​កូន​ប្រុស​ឲ្យ​មើល​ថែ​សត្វ​ចៀម។

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​មុខ​ទ្វារ​ក្រុង ពួក​បុរស​ចាស់​ទុំ​ជួយ​ស្ត្រី​មេ​ម៉ាយ​និង​កូន​របស់​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​សារ​ពួក​គេ​បាន​ត្រូវ​អ្នក​ជួញ​ដូរ​ម្នាក់​ធ្វើ​បាប។