លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១២

ចូរ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត

ចូរ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត

​«​ចូរ​អ្នក​ទាំង​អស់​គ្នា . . . កើត​ទុក្ខ​ជា​មួយ​គ្នា . . . មាន​ចិត្ត​អាណិត​មេត្ដា​»។—១ពេ. ៣:៨

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

សេចក្ដី​សង្ខេប *

១. យោង​ទៅ​តាម​ពេត្រុស​ទី១ ៣:៨ ហេតុ​អ្វី​យើង​ចូល​ចិត្ត​នៅ​ជិត​មនុស្ស​ដែល​ចេះ​យល់​អារម្មណ៍​និង​គិត​អំពី​សុខ​ទុក្ខ​របស់​យើង?

យើង​ចូល​ចិត្ត​នៅ​ជិត​មនុស្ស​ដែល​ចេះ​យល់​អារម្មណ៍​និង​គិត​អំពី​សុខ​ទុក្ខ​របស់​យើង។ ដើម្បី​យល់​អារម្មណ៍​របស់​យើង ពួក​គេ​ព្យាយាម​ស្រមៃ​ថា​បើ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​យើង ពួក​គេ​នឹង​មាន​ទស្សនៈ​និង​អារម្មណ៍​យ៉ាង​ណា។ ពួក​គេ​គិត​ទុក​ជា​មុន​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង ហើយ​បន្ទាប់​មក​ផ្ដល់​ជំនួយ​ដល់​យើង ជួន​កាល​មុន​ដែល​យើង​សុំ​ជំនួយ​ពី​ពួក​គេ​ទៅ​ទៀត។ យើង​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ដែល​ចេះ​«​កើត​ទុក្ខ​ជា​មួយ​»​ *យើង។—សូម​អាន ពេត្រុស​ទី១ ៣:៨

២. ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ព្យាយាម​បង្ហាញ​ចិត្ត​អាណិត​មេត្ដា?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ទាំង​អស់​គ្នា​ចង់​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា ឬ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត។ ប៉ុន្តែ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ទេ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ (​រ៉ូម ៣:២៣​) ដូច្នេះ​យើង​ត្រូវ​យក​ឈ្នះ​ទំនោរ​ចិត្ត​គិត​តែ​អំពី​ខ្លួន​ឯង​ដែល​យើង​មាន​តាំង​ពី​កំណើត។ យើង​ក៏​ប្រហែល​ជា​ពិបាក​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​ដោយ​សារ​របៀប​ដែល​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ឬ​កាលៈទេសៈ​ដែល​យើង​ធ្លាប់​ជួប​ប្រទះ។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​ទទួល​ឥទ្ធិពល​ពី​ចិត្ត​គំនិត​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង។ នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ មនុស្ស​ជា​ច្រើន​មិន​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​«​ស្រឡាញ់​តែ​ខ្លួន​ឯង​»។ (​២ធី. ៣:១, ២​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត?

៣. (​ក​) តើ​យើង​អាច​រីក​ចម្រើន​ក្នុង​ការ​បង្ហាញ​ថា​យើង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​អាច​រីក​ចម្រើន​ក្នុង​ការ​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយសេចក្ដី​ស្រឡាញ់ ហើយ​លោក​ទុក​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ (​១យ៉ូន. ៤:៨​) លោក​យេស៊ូ​បាន​បង្ហាញ​គុណ​សម្បត្ដិ​ដូច​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (​យ៉ូន. ១៤:៩​) ពេល​លោក​នៅ​ផែន​ដី លោក​បាន​បង្ហាញ​អំពី​របៀប​ដែល​មនុស្សជាតិ​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា។ នៅ​ដើម​ដំបូង​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ទាំង​ពីរ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​ទាំង​ពីរ។

គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត

៤. តើ​អេសាយ ៦៣:៧​-​៩​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​គិត​អំពី​អារម្មណ៍​របស់​អ្នក​បម្រើ​លោក?

គម្ពីរ​បង្រៀន​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​បម្រើ​លោក​និង​អារម្មណ៍​របស់​ពួក​គេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ពេល​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​រង​ទុក្ខ​វេទនា។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ​»។ (​សូម​អាន អេសាយ ៦៣:៧​-​៩) ក្រោយ​មក​តាម​រយៈ​សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​ពេល​គេ​ធ្វើ​បាប​រាស្ត្រ​របស់​លោក គឺ​ហាក់​ដូច​ជា​គេ​ធ្វើ​បាប​លោក​ដែរ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា​៖ ​«​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ​»។ (​សាក. ២:៨​) ឧទាហរណ៍​នេះ​បង្ហាញ​យ៉ាង​អស្ចារ្យ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​របស់​លោក!

ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​រំដោះ​ពួក​គេ​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប (​សូម​មើល​វគ្គ​៥​)

៥. សូម​លើក​ឧទាហរណ៍​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ដែល​រង​ទុក្ខ​វេទនា។

ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​អ្នក​បម្រើ​លោក​ដែល​រង​ទុក្ខ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចាត់​វិធានការ​ដើម្បី​ជួយ​ពួក​គេ​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​យល់​អំពី​ការ​ឈឺ​ចាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ពួក​គេ​បាន​រង​ទុក្ខ​ដោយ​សារ​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប ហើយ​លោក​ចង់​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​លែង​ឈឺ​ចាប់​ទៀត។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ . . . ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ​នាវ . . . អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។ ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​»។ (​និក្ខ. ៣:៧, ៨​) ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​អាណិត​មេត្ដា​ចំពោះ​រាស្ត្រ​លោក លោក​បាន​រំដោះ​ពួក​គេ​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ រាប់​រយ​ឆ្នាំ​ក្រោយ​មក នៅ​ស្រុក​ដែល​ព្រះ​បាន​សន្យា ជន​ជាតិ​អ៊ីស្រាអែល​បាន​រង​ការ​វាយ​ប្រហារ​ពី​ពួក​សត្រូវ។ តើ​ព្រះ​យេហូវ៉ាមាន​ប្រតិកម្ម​យ៉ាង​ណា? លោក​«​អាណិត​អាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់​សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ​»។ ម្ដង​ទៀត សេចក្ដី​អាណិត​មេត្ដា​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ជួយ​រាស្ត្រ​របស់​លោក។ លោក​បាន​ចាត់​ពួក​ចៅ​ក្រម​ឲ្យ​មក​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ពួក​សត្រូវ។—ចៅ. ២:១៦, ១៨

៦. សូម​លើក​ឧទាហរណ៍​អំពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​គិត​អំពី​អារម្មណ៍​របស់​អ្នក​ដែល​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ។

សូម្បី​តែ​ពេល​ដែល​មនុស្ស​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ ក៏​ព្រះ​យេហូវ៉ា​នៅ​តែ​បង្ហាញ​ថា​លោក​គិត​អំពី​អារម្មណ៍​របស់​ពួក​គេ។ សូម​ពិចារណា​អំពី​គំរូ​របស់​យ៉ូណាស។ ព្រះ​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​នេះ​ឲ្យ​ទៅ​ប្រកាស​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ទោស​អ្នក​ក្រុង​នីនីវេ។ ពេល​ពួក​គេ​ប្រែ​ចិត្ត ព្រះ​បាន​សម្រេច​ចិត្ត​មិន​បំផ្លាញ​ពួក​គេ។ ប៉ុន្តែ យ៉ូណាស​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ទេ។ គាត់​«​ខឹង​»​ដោយ​សារ​ទំនាយ​ដែល​គាត់​បាន​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​មិន​បាន​សម្រេច។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​អត់​ធ្មត់​នឹង​យ៉ូណាស ហើយ​បាន​ជួយ​គាត់​កែ​ប្រែ​ទស្សនៈ​របស់​គាត់។ (​យ៉ូណ. ៣:១០–៤:១១​) ក្រោយ​មក យ៉ូណាស​បាន​យល់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បង្រៀន​គាត់។ ម្យ៉ាង​ទៀត លោក​ប្រើ​គាត់​ឲ្យ​កត់​ទុក​កំណត់​ហេតុ​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។—រ៉ូម ១៥:៤ *

៧. តើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​របស់​លោក​ពង្រឹង​ទំនុក​ចិត្ត​យើង​យ៉ាង​ណា?

ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​លោក​នៅ​សម័យ​បុរាណ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​អ្នក​បម្រើ​របស់​លោក។ លោក​ដឹង​អំពី​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​របស់​យើង​ម្នាក់​ៗ។ ព្រះ​យេហូវ៉ា​«​ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់​»។ (​២រប. ៦:៣០​) លោក​យល់​អស់​ទាំង​គំនិត​របស់​យើង និង​អារម្មណ៍​កប់​ជ្រៅ​ក្នុង​ចិត្ត ព្រម​ទាំង​កម្រិត​សមត្ថភាព​របស់​យើង។ ម្យ៉ាង​ទៀត ​«​លោក​នឹង​មិន​ឲ្យ[​យើង​]រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់[​យើង​]ឡើយ​»។ (​១កូ. ១០:១៣​) នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន!

គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត

៨​-​១០. តើ​ចំណុច​អ្វី​ខ្លះ​ច្បាស់​ជា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត?

កាល​ដែល​លោក​យេស៊ូ​រស់​នៅ​ផែន​ដី លោក​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ឯ​ទៀត។ យ៉ាង​ហោច​ណាស់​មាន​ចំណុច​បី​យ៉ាង​ដែល​ច្បាស់​ជា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ ទី១ ដូច​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ លោក​យេស៊ូ​បាន​បង្ហាញ​គុណ​សម្បត្ដិ​ដូច​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ដូច​បិតា​របស់​លោក លោក​យេស៊ូ​ស្រឡាញ់​មនុស្សជាតិ។ ទោះ​ជា​លោក​សប្បាយ​រីក​រាយ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ក្នុង​ការ​ជួយ​ព្រះ​យេហូវ៉ា​ក្ដី លោក​យេស៊ូ​មាន​អំណរ​ជា​ពិសេស​ចំពោះ​«​ពួក​មនុស្ស​លោក​»។ (​សុភ. ៨:៣១​) សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។

ទី២ ដូច​ព្រះ​យេហូវ៉ា លោក​យេស៊ូ​អាច​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ លោក​អាច​ស្គាល់​បំណង​ចិត្ត​និង​អារម្មណ៍​របស់​ពួក​គេ។ (​ម៉ាថ. ៩:៤; យ៉ូន. ១៣:១០, ១១​) ដូច្នេះ ពេល​លោក​យេស៊ូ​ឃើញ​ថា​មនុស្ស​ណា​ម្នាក់​ឈឺ​ចិត្ត ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ចំពោះ​ពួក​គេ​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​សម្រាល​ទុក្ខ​ពួក​គេ។—អេ. ៦១:១, ២; លូក. ៤:១៧​-​២១

១០ ទី៣ លោក​យេស៊ូ​ធ្លាប់​ឆ្លង​កាត់​ការ​ពិបាក​មួយ​ចំនួន​ដែល​មនុស្ស​ជួប​ប្រទះ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ក្រី​ក្រ​មួយ។ ដោយ​ធ្វើ​ការ​ជា​មួយ​នឹង​យ៉ូសែប​ដែល​ជា​ឪ​ពុក​ចិញ្ចឹម​របស់​លោក លោក​យេស៊ូ​បាន​រៀន​ធ្វើ​កិច្ច​ការ​ដែល​ប្រើ​កម្លាំង។ (​ម៉ាថ. ១៣:៥៥; ម៉ាក. ៦:៣​) ប្រហែល​ជា​យ៉ូសែប​បាន​ស្លាប់​មុន​ពេល​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែន​ដី។ ដូច្នេះ លោក​យេស៊ូ​ទំនង​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ជំនឿ​ផ្សេង​ពី​គ្នា។ (​យ៉ូន. ៧:៥​) កាលៈទេសៈ​ទាំង​នោះ​និង​អ្វី​ៗ​ផ្សេង​ទៀត ទំនង​ជា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​យល់​អំពី​ការ​ពិបាក​និង​អារម្មណ៍​របស់​មនុស្ស​ធម្មតា។

នៅ​ឆ្ងាយ​ពី​បណ្ដា​ជន លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ដោយ​ធ្វើ​ឲ្យ​បុរស​ថ្លង់​ម្នាក់​ជា​សះ​ស្បើយ (​សូម​មើល​វគ្គ​១១​)

១១. តើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​យេស៊ូ​ចំពោះ​អ្នក​ឯ​ទៀត បាន​ស​ឲ្យ​ឃើញ​ជា​ពិសេស​នៅ​ពេល​ណា? សូម​ពន្យល់។ (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១១ ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​យេស៊ូ​ចំពោះ​អ្នក​ឯ​ទៀត បាន​ស​ឲ្យ​ឃើញ​ជា​ពិសេស​ពេល​លោក​ធ្វើ​អព្ភូតហេតុ។ លោក​យេស៊ូ​មិន​បាន​ធ្វើ​អព្ភូតហេតុ​ដោយ​សារ​លោក​ត្រូវ​តែ​ធ្វើ​ទេ តែ​លោក​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ចំពោះ​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ។ (​ម៉ាថ. ២០:២៩​-​៣៤; ម៉ាក. ១:៤០​-​៤២​) ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ កាល​ដែល​លោក​នាំ​បុរស​ថ្លង់​ម្នាក់​ទៅ​ឆ្ងាយ​ពី​បណ្ដា​ជន ហើយ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ ឬ​កាល​ដែល​លោក​ប្រោស​កូន​ប្រុស​តែ​មួយ​គត់​របស់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាក. ៧:៣២​-​៣៥; លូក. ៧:១២​-​១៥​) លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស​ទាំង​នោះ ហើយ​ចង់​ជួយ​ពួក​គេ។

១២. តើ​យ៉ូហាន ១១:៣២​-​៣៥​បង្ហាញ​យ៉ាង​ណា​ថា​លោក​យេស៊ូ​យល់​អារម្មណ៍​របស់​ម៉ាថា​និង​ម៉ារៀ?

១២ លោក​យេស៊ូ​បង្ហាញ​ថា​លោក​យល់​អារម្មណ៍​របស់​ម៉ាថា​និង​ម៉ារៀ។ ពេល​លោក​ឃើញ​ពួក​គាត់​កើត​ទុក្ខ​ដោយ​សារ​ឡាសា​ដែល​ជា​ប្អូន​ប្រុស​របស់​ពួក​គាត់​បាន​ស្លាប់ ​«​លោក​យេស៊ូ​ក៏​ស្រក់​ទឹក​ភ្នែក​»។ (​សូម​អាន យ៉ូហាន ១១:៣២​-​៣៥) អ្វី​ដែល​ធ្វើ​ឲ្យ​លោក​យំ​មិន​មែន​ដោយ​សារ​លោក​បាន​បាត់​បង់​មិត្ត​ជិត​ស្និទ្ធ​ទេ ពី​ព្រោះ​លោក​ដឹង​ថា​លោក​នឹង​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​យេស៊ូ​យំ​គឺ​ដោយ​សារ​លោក​រំជួល​ចិត្ត​និង​យល់​អំពី​ការ​ឈឺ​ចាប់​របស់​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក។

១៣. តើ​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ដូច​ម្ដេច​ពី​ការ​ដឹង​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ​ចំពោះ​យើង?

១៣ ការ​ដឹង​អំពី​អារម្មណ៍​ដែល​លោក​យេស៊ូ​មាន​ចំពោះ​អ្នក​ឯ​ទៀត​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​យើង។ យើង​ស្រឡាញ់​លោក​ដោយ​សារ​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​អាណិត​មេត្ដា។ (​១ពេ. ១:៨​) យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​ឥឡូវ​លោក​កំពុង​គ្រប់​គ្រង​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ មិន​យូរ​ទៀត លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់។ ដោយ​សារ​លោក​យេស៊ូ​ក៏​ធ្លាប់​រស់​នៅ​ផែន​ដី​ដូច​យើង​ដែរ លោក​គឺ​ជា​បុគ្គល​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​មនុស្សជាតិ​ឲ្យ​រួច​ផុត​ពី​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​សាថាន។ ពិត​មែន ការ​មាន​អ្នក​គ្រប់​គ្រង​ដែល​អាច​«​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​»​ពិត​ជា​ពរ​មួយ​សម្រាប់​យើង​មែន។—ហេ. ២:១៧, ១៨; ៤:១៥, ១៦

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ

១៤. យោង​ទៅ​តាម​អេភេសូរ ៥:១, ២ តើ​យើង​ចង់​ធ្វើ​អ្វី?

១៤ ពេល​យើង​ពិចារណា​អំពី​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ព្យាយាម​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​កាន់​តែ​ខ្លាំង។ (​សូម​អាន អេភេសូរ ៥:១, ២) យើង​មិន​អាច​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដូច​លោក​ទាំង​ពីរ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​ព្យាយាម​យល់​អារម្មណ៍​និង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ (​២កូ. ១១:២៩​) ខុស​ពី​មនុស្ស​ក្នុង​ពិភព​លោក​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​ព្យាយាម‹យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ›។—ភី. ២:៤

(​សូម​មើល​វគ្គ​១៥​-​១៩​) *

១៥. ជា​ពិសេស តើ​អ្នក​ណា​ត្រូវ​បង្ហាញ​ការ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត?

១៥ ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​បង្ហាញ​ការ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត។ ពួក​គេ​ដឹង​ថា​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​អំពី​របៀប​ដែល​ពួក​គេ​ថែ​រក្សា​ចៀម​របស់​លោក។ (​ហេ. ១៣:១៧​) ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​ចិត្ត​អាណិត​មេត្ដា។ តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ការ​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៦. តើ​អ្នក​ចាស់​ទុំ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់?

១៦ អ្នក​ចាស់​ទុំ​ដែល​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ គាត់​សួរ​សំណួរ​ផ្សេង​ៗ ហើយ​បន្ទាប់​មក​ស្ដាប់​ដោយ​អត់​ធ្មត់​និង​ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់។ នេះ​កាន់​តែ​សំខាន់ បើ​ចៀម​ជា​ទី​ស្រឡាញ់​ណា​ម្នាក់​ចង់​ប្រាប់​អំពី​អារម្មណ៍​របស់​គាត់ ប៉ុន្តែ​គាត់​ពិបាក​រៀប​រាប់។ (​សុភ. ២០:៥​) ពេល​អ្នក​ចាស់​ទុំ​សុខ​ចិត្ត​ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ គាត់​និង​បង​ប្អូន​ទាំង​នោះ​ទុក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង កាន់​តែ​ជិត​ស្និទ្ធ និង​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង។—សកម្ម. ២០:៣៧

១៧. តើ​បង​ប្អូន​ជា​ច្រើន​និយាយ​ថា​គុណ​សម្បត្ដិ​សំខាន់​បំផុត​របស់​ពួក​អ្នក​ចាស់​ទុំ​គឺ​ជា​អ្វី? សូម​លើក​ឧទាហរណ៍​មួយ។

១៧ បង​ប្អូន​ជា​ច្រើន​និយាយ​ថា​គុណ​សម្បត្ដិ​របស់​អ្នក​ចាស់​ទុំ​ដែលមាន​តម្លៃ​បំផុត​ចំពោះ​ពួក​គេ គឺ​ពេល​អ្នក​ចាស់​ទុំ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ ហេតុ​អ្វី? បង​ស្រី​អាតាឡែត​និយាយ​ថា​៖ ​«​នេះ​ធ្វើ​ឲ្យ​យើង​ស្រួល​និយាយ​ជា​មួយ​ពួក​គាត់​ជាង ដោយ​សារ​យើង​ដឹង​ថា​ពួក​គាត់​នឹង​យល់​អារម្មណ៍​របស់​យើង​»។ គាត់​បន្ថែម​ថា​៖ ​«​យើង​អាច​ដឹង​ថា​ពួក​គាត់​យល់​អារម្មណ៍​របស់​យើង​តាម​របៀប​ដែល​ពួក​គាត់​និយាយ​មក​កាន់​យើង​ពេល​ដែល​យើង​និយាយ​ជា​មួយ​គ្នា​»។ ដោយ​ចិត្ត​កតញ្ញូ បង​ប្រុស​ម្នាក់​ចាំ​ថា​៖ ​«​អ្នក​ចាស់​ទុំ​ម្នាក់​រលីង​រលោង​ទឹក​ភ្នែក កាល​ដែល​ខ្ញុំ​ប្រាប់​គាត់​អំពី​ស្ថានភាព​របស់​ខ្ញុំ។ ខ្ញុំ​ចាំ​រូប​ភាព​នោះ​ជា​និច្ច​»។—រ៉ូម ១២:១៥

១៨. តើ​យើង​អាច​បង្ហាញ​ថា​យើង​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៨ មិន​មាន​តែ​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​បង្ហាញ​ថា​ពួក​គេ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ យើង​ទាំង​អស់​គ្នា​អាច​មាន​គុណ​សម្បត្ដិ​នេះ។ តើ​តាម​របៀប​ណា? សូម​ព្យាយាម​យល់​អំពី​ការ​ពិបាក​ដែល​សមាជិក​ក្រុម​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ​កំពុង​ជួប​ប្រទះ។ សូម​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យុវវ័យ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​បង​ប្អូន​ដែល​ឈឺ បង​ប្អូន​វ័យ​ចាស់ និង​អ្នក​ដែល​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។ សូម​សួរ​សុខ​ទុក្ខ​ពួក​គេ។ សូម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​ពួក​គេ​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន។ សូម​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​អ្នក​ពិត​ជា​យល់​អំពី​ស្ថានភាព​របស់​ពួក​គេ។ សូម​ស្នើ​សុំ​ជួយ​ពួក​គេ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ។—១យ៉ូន. ៣:១៨

១៩. ហេតុ​អ្វី​យើង​ត្រូវ​ផ្លាស់​ប្ដូរ​តាម​កាលៈទេសៈ​ពេល​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត?

១៩ ពេល​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត យើង​ត្រូវ​ចេះ​ផ្លាស់​ប្ដូរ​តាម​កាលៈទេសៈ។ ហេតុ​អ្វី? ពី​ព្រោះ​មនុស្ស​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ទុក្ខ​លំបាក។ អ្នក​ខ្លះ​ចង់​និយាយ​អំពី​បញ្ហា​របស់​ពួក​គេ រីឯ​អ្នក​ខ្លះ​ទៀត​មិន​សូវ​ចង់​និយាយ​ទេ។ ដូច្នេះ ទោះ​ជា​យើង​ចង់​ផ្ដល់​ជំនួយ​ដល់​ពួក​គេ​ក្ដី យើង​មិន​គួរ​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​មិន​ស្រួល​នោះ​ទេ។ (​១ថែ. ៤:១១​) សូម្បី​តែ​ក្នុង​ករណី​ដែល​បង​ប្អូន​ប្រាប់​អំពី​អារម្មណ៍​របស់​ពួក​គេ ក៏​យើង​ប្រហែល​ជា​មិន​តែង​តែ​មាន​ទស្សនៈ​ដូច​ពួក​គេ​នោះ​ទេ។ ប៉ុន្តែ យើង​ត្រូវ​ទទួល​ស្គាល់​ថា នេះ​ជា​អារម្មណ៍​របស់​ពួក​គេ។ យើង​ចង់​រហ័ស​ស្ដាប់ និង​មិន​រហ័ស​និយាយ។—ម៉ាថ. ៧:១; យ៉ា. ១:១៩

២០. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២០ យើង​ចង់​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ តែ​យើង​ក៏​ចង់​បង្ហាញ​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ តើ​យើង​អាច​បង្ហាញ​ការ​ចេះ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច ពេល​យើង​បង្រៀន​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ? យើង​នឹង​ពិចារណា​អំពី​រឿង​នេះ​នៅ​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​១៣០ យើង​ត្រូវ​ចេះ​អភ័យ​ទោស

^ វគ្គ 5 ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​លោក​ទាំង​ពីរ។ យើង​ក៏​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​យល់​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​និង​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: ការ​«​កើត​ទុក្ខ​ជា​មួយ​»​មាន​ន័យ​ថា​ការ​ព្យាយាម​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​និង​មាន​អារម្មណ៍​ដូច​ពួក​គេ។ (​រ៉ូម ១២:១៥​) ក្នុង​អត្ថបទ​នេះ ពាក្យ​«​កើត​ទុក្ខ​ជា​មួយ​»​និង​«​យក​ចិត្ត​ទុក​ដាក់​»​ មាន​អត្ថន័យ​ដូច​គ្នា។

^ វគ្គ 6 ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ចំពោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​ដែល​ធ្លាក់​ទឹក​ចិត្ត​ឬ​ភ័យ​ខ្លាច។ សូម​គិត​អំពី​កំណត់​ហេតុ​អំពី​ហាណា (​១សាំ. ១:១០​-​២០​) អេលីយ៉ា (​១ព. ១៩:១​-​១៨​) និង​អេបេឌមេលេក (​យេ. ៣៨:៧​-​១៣; ៣៩:១៥​-​១៨​)។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: កិច្ច​ប្រជុំ​របស់​យើង​ផ្ដល់​ឱកាស​ជា​ច្រើន​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​រូប​ភាព យើង​ឃើញ (​១​) អ្នក​ចាស់​ទុំ​ម្នាក់​បង្ហាញ​សេចក្ដី​សប្បុរស​ពេល​គាត់​និយាយ​ជា​មួយ​នឹង​អ្នក​ផ្សាយ​វ័យ​ក្មេង​ម្នាក់​និង​ម្ដាយ​របស់​គាត់ (​២​) ឪ​ពុក​ម្នាក់​និង​កូន​ស្រី​របស់​គាត់​ជួយ​បង​ស្រី​វ័យ​ចាស់​ម្នាក់​ឲ្យ​ចូល​ក្នុង​ឡាន និង(​៣​) អ្នក​ចាស់​ទុំ​ពីរ​នាក់​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​បង​ស្រី​ម្នាក់​សុំ​ការ​ណែនាំ។