លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៣

ចូរ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ចូរ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ

​«​[​លោក​]មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ពួក​គេ . . . រួច​មក លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន​»។—ម៉ាក. ៦:៣៤

ចម្រៀង​លេខ​៧០ ចូរ​ស្វែង​រក​អ្នក​ណា​ដែល​ទទួល​អ្នក​ជា​ភ្ញៀវ

សេចក្ដី​សង្ខេប *

១. តើ​គុណ​សម្បត្ដិ​អ្វី​របស់​លោក​យេស៊ូ​ទាក់​ទាញ​ចិត្ត​យើង? សូម​ពន្យល់។

គុណ​សម្បត្ដិ​មួយ​របស់​លោក​យេស៊ូ​ដែល​ទាក់​ទាញ​ចិត្ត​យើង គឺ​លោក​យល់​អំពី​បញ្ហា​ផ្សេង​ៗ​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​«​អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​អរ​សប្បាយ​»​ ហើយ​«​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ​»។ (​រ៉ូម ១២:១៥​) ជា​ឧទាហរណ៍ ពេល​អ្នក​កាន់​តាម​លោក​៧០​នាក់​បាន​ត្រឡប់​មក​ជួប​លោក​វិញ​ទាំង​មាន​អំណរ ក្រោយ​ពី​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ លោក​យេស៊ូ​«​បាន​ត្រេក​អរ​ពន់​ពេក​ដោយ​សារ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​»។ (​លូក. ១០:១៧​-​២១​) ប៉ុន្តែ ពេល​លោក​បាន​ឃើញ​ពួក​អ្នក​ដែល​កើត​ទុក្ខ​ដោយ​សារ​ឡាសា​បាន​ស្លាប់ លោក​យេស៊ូ​«​មាន​ចិត្ត​ក្ដុក​ក្ដួល​ក៏​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​»។—យ៉ូន. ១១:៣៣

២. តើ​អ្វី​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស?

ទោះ​ជា​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្ដី លោក​មាន​ចិត្ត​មេត្ដា​ករុណា​និង​អាណិត​អាសូរ​ចំពោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​មាន​គុណ​សម្បត្ដិ​ទាំង​នេះ? គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស។ ដូច​ដែល​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន លោក​មាន​អំណរ​ជា​ពិសេស​ចំពោះ​«​ពួក​មនុស្ស​លោក​»។ (​សុភ. ៨:៣១​) សេចក្ដី​ស្រឡាញ់​នេះ​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ស្គាល់​របៀប​គិត​គូរ​របស់​មនុស្ស​យ៉ាង​ច្បាស់។ សាវ័ក​យ៉ូហាន​ពន្យល់​ថា​៖ ​«​លោក​ជ្រាប​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​មនុស្សជាតិ​»។ (​យ៉ូន. ២:២៥​) លោក​យេស៊ូ​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​អ្នក​ឯ​ទៀត។ មនុស្ស​ដឹង​ថា​លោក​យេស៊ូ​ស្រឡាញ់​ពួក​គេ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ដាប់​ដំណឹង​អំពី​រាជាណាចក្រ​ដែល​លោក​បាន​ផ្សព្វ​ផ្សាយ។ ពេល​យើង​កាន់​តែ​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​មនុស្ស នោះ​យើង​នឹង​កាន់​តែ​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក​ដោយ​ប្រសិទ្ធភាព។—២ធី. ៤:៥

៣​-​៤. (​ក​) បើ​យើង​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត តើ​យើង​នឹង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​បម្រើ​ផ្សាយ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

សាវ័ក​ប៉ូល​បាន​ដឹង​ថា​គាត់​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ ហើយ​យើង​ដឹង​ថា​យើង​ក៏​ត្រូវ​ផ្សព្វផ្សាយ​ដែរ។ (​១កូ. ៩:១៦​) ប៉ុន្តែ បើ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត យើង​នឹង​មិន​គ្រាន់​តែ​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​កាតព្វកិច្ច​ប៉ុណ្ណោះ​ទេ។ យើង​ចង់​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស និង​ពិត​ជា​ចង់​ជួយ​ពួក​គេ។ យើង​ដឹង​ថា​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) ពេល​យើង​កាន់​តែ​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​នឹង​កាន់​តែ​មាន​អំណរ​ក្នុង​កិច្ច​ការ​នោះ។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ថា​យើង​យល់​អារម្មណ៍​របស់​ពួក​គេ។ ដំបូង យើង​នឹង​ទាញ​យក​មេ​រៀន​ពី​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​មនុស្ស។ បន្ទាប់​មក យើង​នឹង​ពិចារណា​របៀប​បួន​យ៉ាង​ដែល​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ។—១ពេ. ២:២១

លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ការ​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​សម្រាល​ទុក្ខ​មនុស្ស (​សូម​មើល​វគ្គ​៥​-​៦​)

៥​-​៦. (​ក​) តើ​លោក​យេស៊ូ​បាន​បង្ហាញ​ការ​យល់​អារម្មណ៍​ចំពោះ​អ្នក​ណា? (​ខ​) ដូច​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​អេសាយ ៦១:១, ២ ហេតុ​អ្វី​លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​ពួក​អ្នក​ដែល​លោក​បាន​ផ្សព្វ​ផ្សាយ​ឲ្យ?

សូម​ពិចារណា​អំពី​របៀប​មួយ​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ការ​ចេះ​យល់​អារម្មណ៍​ចំពោះ​អ្នក​ឯ​ទៀត។ នៅ​ពេល​មួយ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​អស់​កម្លាំង​ជា​ខ្លាំង ដោយ​សារ​លោក​និង​ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​គ្មាន​ពេល​សម្រាក​សោះ។ ពួក​គាត់​«​គ្មាន​ពេល​ទំនេរ​សោះ សូម្បី​តែ​រក​ពេល​បរិភោគ​ក៏​មិន​បាន​ផង​»។ ដូច្នេះ លោក​យេស៊ូ​បាន​នាំ​ពួក​អ្នក​កាន់​តាម​លោក​«​ចេញ​ទៅ​កន្លែង​ឆ្ងាយ​ពី​គេ​»​ដើម្បី​«​សម្រាក​បន្ដិច​»។ ប៉ុន្តែ មនុស្ស​មួយ​ក្រុម​ធំ​បាន​រត់​ទៅ​កន្លែង​ដែល​លោក​យេស៊ូ​និង​អ្នក​កាន់​លោក​នឹង​ទៅ ហើយ​បាន​ទៅ​ដល់​មុន​ពួក​គាត់។ ពេល​លោក​យេស៊ូ​ទៅ​ដល់​ទី​នោះ ហើយ​បាន​ឃើញ​មនុស្ស​ទាំង​នោះ តើ​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​«​មាន​ចិត្ត​ក្ដួល​អាណិត *ដល់​ពួក​គេ ពី​ព្រោះ​ពួក​គេ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។ រួច​មក លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន​»។—ម៉ាក. ៦:៣០​-​៣៤

ហេតុ​អ្វី​លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត ឬ​យល់​អារម្មណ៍​របស់​មនុស្ស​ទាំង​នោះ? ពី​ព្រោះ​មនុស្ស​ទាំង​នោះ​«​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល​»។ ប្រហែល​ជា​លោក​យេស៊ូ​បាន​ឃើញ​ថា​អ្នក​ខ្លះ​ជា​អ្នកក្រ ហើយ​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​កំពុង​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ បើ​ដូច្នេះ​មែន លោក​យេស៊ូ​ទំនង​ជា​យល់​អំពី​ស្ថានភាព​របស់​ពួក​គេ។ ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន លោក​យេស៊ូ​ប្រហែល​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ពិបាក​ទាំង​នោះ។ លោក​យេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត ហើយ​លោក​ចង់​សម្រាល​ទុក្ខ​ពួក​គេ។—សូម​អាន អេសាយ ៦១:១, ២

៧. តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ? ដូច​មនុស្ស​នៅ​សម័យ​លោក​យេស៊ូ មនុស្ស​នៅ​ជុំ​វិញ​យើង​គឺ​«​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល​»។ ពួក​គេ​មាន​បញ្ហា​ជា​ច្រើន។ យើង​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ ពោល​គឺ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។ (​បប. ១៤:៦​) ដូច្នេះ យើង​យក​តម្រាប់​ម្ចាស់​របស់​យើង ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រោះ​យើង​«​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត​»។ (​ទំនុក. ៧២:១៣​) យើង​អាណិត​មេត្ដា​ចំពោះ​មនុស្ស ហើយ​ចង់​ជួយ​ពួក​គេ។

របៀប​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត

សូម​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បុគ្គល​ម្នាក់​ៗ​ (​សូម​មើល​វគ្គ​៨​-​៩​)

៨. តើ​របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ថា​យើង​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​គឺ​ជា​អ្វី? សូម​លើក​ឧទាហរណ៍។

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បង្ហាញ​ថា​យើង​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ? យើង​ចង់​ស្រមៃ​គិត​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ រួច​មក​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដូច​ដែល​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ចំពោះ​យើង​បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ពួក​គេ។ * (​ម៉ាថ. ៧:១២​) សូម​យើង​ពិចារណា​របៀប​បួន​យ៉ាង​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។ ទី១ សូម​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បុគ្គល​ម្នាក់​ៗ។ ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ តួនាទី​របស់​យើង​គឺ​ស្រដៀង​នឹង​គ្រូ​ពេទ្យ។ គ្រូ​ពេទ្យ​ល្អ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជំងឺ​ម្នាក់​ៗ។ គាត់​សួរ​សំណួរ ហើយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​អ្នក​ជំងឺ​រៀប​រាប់​អំពី​អាការ ឬ​រោគ​សញ្ញា​របស់​គាត់។ ជា​ជាង​ឲ្យ​ថ្នាំ​ដោយ​មិន​បាន​គិត​ពិចារណា​ដល់​អ្នក​ជំងឺ គ្រូ​ពេទ្យ​ប្រហែល​ជា​ចំណាយ​ពេល​ដើម្បី​ពិនិត្យ​មើល​អាការ​ថែម​ទៀត​របស់​អ្នក​ជំងឺ ហើយ​ក្រោយ​មក​ព្យាបាល​តាម​របៀប​ដែល​ត្រឹម​ត្រូវ។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​ព្យាយាម​ប្រើ​វិធី​ដូច​គ្នា​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​នឹង​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ព្យាយាម​យល់​កាលៈទេសៈ​និង​ទស្សនៈ​របស់​បុគ្គល​ម្នាក់​ៗ។

៩. តើ​យើង​មិន​គួរ​សន្និដ្ឋាន​អំពី​អ្វី? សូម​ពន្យល់។

ពេល​អ្នក​ជួប​បុគ្គល​ណា​ម្នាក់​ក្នុង​កិច្ច​បម្រើ​ផ្សាយ សូម​កុំ​ឆាប់​សន្និដ្ឋាន​ថា​អ្នក​យល់​អំពី​កាលៈទេសៈ​របស់​គាត់ ឬ​យល់​អំពី​ជំនឿ​របស់​គាត់ និង​មូលហេតុ​ដែល​គាត់​ជឿ​បែប​នោះ​ឡើយ។ (​សុភ. ១៨:១៣​) ផ្ទុយ​ទៅ​វិញ សូម​សួរ​សំណួរ​យ៉ាង​ប៉ិន​ប្រសប់។ (​សុភ. ២០:៥​) បើ​ជា​ការ​សមរម្យ​ក្នុង​វប្បធម៌​របស់​អ្នក សូម​សួរ​បុគ្គល​នោះ​អំពី​ការ​ងារ ក្រុម​គ្រួសារ ទស្សនៈ និង​ប្រវត្ដិ​របស់​គាត់។ ពេល​យើង​សួរ​សំណួរ​បែប​នេះ យើង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ប្រាប់​យើង​អំពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​ការ​ដំណឹង​ល្អ។ ពេល​យើង​ដឹង​អំពី​មូលហេតុ​នោះ យើង​អាច​បង្ហាញ​ការ​យល់​អារម្មណ៍​ចំពោះ​ពួក​គេ ដោយ​ផ្ដល់ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ​ដូច​ដែល​លោក​យេស៊ូ​បាន​ធ្វើ។—សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី១ ៩:១៩​-​២៣

សូម​ស្រមៃ​គិត​អំពី​បុគ្គល​ដែល​អ្នក​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​គាត់​ប្រហែល​ជា​មាន​ជីវិត​បែប​ណា? (​សូម​មើល​វគ្គ​១០​-​១១​)

១០​-​១១. ស្រប​តាម​អ្វី​ដែល​បាន​ត្រូវ​ចែង​នៅ​កូរិនថូស​ទី២ ៤:៧, ៨ តើ​របៀប​ទី២​ដែល​យើង​អាច​បង្ហាញ​ការ​យល់​អារម្មណ៍​ចំពោះ​អ្នក​ឯ​ទៀត​គឺ​ជា​អ្វី? សូម​លើក​ឧទាហរណ៍។

១០ ទី២ សូម​ព្យាយាម​ស្រមៃ​គិត​អំពី​ជីវិត​របស់​មនុស្ស។ យើង​អាច​យល់​ខ្លះ​ៗ​អំពី​ស្ថានភាព​របស់​ពួក​គេ ពី​ព្រោះ​យើង​ក៏​មាន​បញ្ហា​ដែល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​មាន។ (​១កូ. ១០:១៣​) យើង​ដឹង​ថា​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ខ្លាំង​ណាស់។ យើង​អាច​ស៊ូ​ទ្រាំ​បាន​ដោយ​សារ​តែ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​សូម​អាន កូរិនថូស​ទី២ ៤:៧, ៨) ប៉ុន្តែ សូម​គិត​អំពី​ពួក​អ្នក​ដែល​មិន​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពួក​គេ​ច្បាស់​ជា​ពិបាក​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​ដោយ​គ្មាន​ជំនួយ​ពី​លោក។ ដូច​លោក​យេស៊ូ យើង​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​ពួក​គេ ហើយ​យើង​ចង់​ប្រាប់​ពួក​គេ​នូវ​«​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​»។—អេ. ៥២:៧

១១ សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ស៊ែហ្គេ។ មុន​រៀន​សេចក្ដី​ពិត​បង​ស៊ែហ្គេ​ជា​មនុស្ស​ស្ងាត់​ស្ងៀម​និង​អៀន​ខ្មាស។ គាត់​ពិបាក​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ខ្លាំង​ណាស់។ នៅ​ពេល​មួយ​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ បង​ស៊ែហ្គេ​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​រៀន​គម្ពីរ ខ្ញុំ​ដឹង​ថា​គ្រិស្ត​សាសនិក​ត្រូវ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​ខ្លួន។ ខ្ញុំ​ពិត​ជា​បាន​គិត​ថា​ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​»។ ប៉ុន្តែ គាត់​បាន​គិត​អំពី​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​អំពី​សេចក្ដី​ពិត ហើយ​ដឹង​ថា​ជីវិត​របស់​ពួក​គេ​ច្បាស់​ជា​ពិបាក​ខ្លាំង​ណាស់​ដោយ​សារ​ពួក​គេ​មិន​ស្គាល់​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​រៀន ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ជា​ខ្លាំង។ ខ្ញុំ​ដឹង​ថា​អ្នក​ឯ​ទៀត​ត្រូវ​ការ​ឮ​សេចក្ដី​ពិត​ទាំង​នោះ​ដែរ​»។ កាល​ដែល​បង​ស៊ែហ្គេ​ព្យាយាម​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត គាត់​កាន់​តែ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ។ បង​ស៊ែហ្គេ​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ដែល​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គម្ពីរ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ជំនឿ​ចិត្ត ហើយ​ក៏​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ដែរ​»។

អ្នក​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ដើម្បី​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ (​សូម​មើល​វគ្គ​១២​-​១៣​)

១២​-​១៣. ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​អ្នក​ដែល​យើង​បង្រៀន? សូម​លើក​ឧទាហរណ៍។

១២ ទី៣ សូម​អត់​ធ្មត់​ចំពោះ​ពួក​អ្នក​ដែល​អ្នក​បង្រៀន។ សូម​ចាំ​ថា​ពួក​គេ​ប្រហែល​ជា​មិន​ធ្លាប់​ពិចារណា​អំពី​សេចក្ដី​ពិត​ខ្លះ​ក្នុង​គម្ពីរ​ដែល​យើង​ស្គាល់​យ៉ាង​ច្បាស់​នោះ​ទេ។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា​ជំនឿ​របស់​ពួក​គេ​គឺ​ជា​ការ​ពិត។ ពួក​គេ​ប្រហែល​ជា​យល់​ថាសាសនា​របស់​ពួក​គេ​គឺ​ជា​អ្វី​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ក្រុម​គ្រួសារ វប្បធម៌ និង​សហគមន៍​របស់​ពួក​គេ។ តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៣ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បើ​ស្ពាន​ចាស់​ទ្រុឌ​ទ្រោម នោះ​ត្រូវ​ការ​សង់​ស្ពាន​ថ្មី។ ជា​ទូ​ទៅ​ពេល​កំពុង​សង់​ស្ពាន​ថ្មី គេ​នៅ​តែ​ប្រើ​ស្ពាន​ចាស់​សិន។ ពេល​ស្ពាន​ថ្មី​សង់​រួច​ហើយ គេ​អាច​វាយ​កម្ទេច​ស្ពាន​ចាស់​នោះ​ចោល។ ស្រដៀង​គ្នា​ដែរ មុន​យើង​សុំ​ឲ្យ​បុគ្គល​ណា​ម្នាក់​បោះ​បង់​សេចក្ដី​បង្រៀន​ចាស់​ៗ​និង​ជំនឿ​ដែល​ពួក​គេ​ចាត់​ទុក​ថា​មាន​តម្លៃ ដំបូង​យើង​ប្រហែល​ជា​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​និង​ស្រឡាញ់​សេចក្ដី​ពិត ពោល​គឺ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​ពួក​គេ​មិន​បាន​ស្គាល់ មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម​សិក្សា​ជា​មួយ​យើង។ ទាល់​តែ​ធ្វើ​ដូច្នេះ ទើប​ពួក​គេ​អាច​បោះ​បង់​ជំនឿ​ដែល​ពួក​គេ​ធ្លាប់​មាន។ ប្រហែល​ជា​ត្រូវ​ការ​ពេល​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​បែប​នេះ។—រ៉ូម ១២:២

១៤​-​១៥. តើ​យើង​អាច​ជួយ​ពួក​អ្នក​ដែល​មិន​សូវ​ដឹង ឬ​មិន​ដឹង​ទាល់​តែ​សោះ​អំពី​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១៤ បើ​យើង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​នឹង​មិន​រំពឹង​ថា​ពួក​គេ​នឹង​យល់ ឬ​ព្រម​ទទួល​យក​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ពេល​ដែល​ពួក​គេ​ឮ​ជា​លើក​ដំបូង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​ពួក​គេ​ចេះ​វែក​ញែក​អំពី​បទ​គម្ពីរ​បន្ដិច​ម្ដង​ៗ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​យល់​អំពី​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​ជា​សួន​ឧទ្យាន។ មនុស្ស​ជា​ច្រើន​មិន​សូវ​ដឹង ឬ​មិន​ដឹង​ទាល់​តែ​សោះ​អំពី​សេចក្ដី​បង្រៀន​នេះ។ ពួក​គេ​ប្រហែល​ជា​ជឿ​ថា​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់ ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​រស់​ម្ដង​ទៀត​ទេ។ ឬ​ពួក​គេ​ប្រហែល​ជា​គិត​ថា​មនុស្ស​ល្អ​ទាំង​អស់​ឡើង​ទៅ​ស្ថាន​សួគ៌។ តើ​យើង​អាច​ជួយ​ពួក​គេ​តាម​របៀប​ណា?

១៥ ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី បង​ប្រុស​ម្នាក់​បាន​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ដំបូង គាត់​អាន​លោកុប្បត្ដិ ១:២៨។ បន្ទាប់​មក គាត់​បាន​សួរ​ម្ចាស់​ផ្ទះ​ថា​តើ​ព្រះ​ចង់​ឲ្យ​មនុស្សជាតិ​រស់​នៅ​កន្លែង​ណា ហើយ​ក្នុង​ស្ថានភាព​បែប​ណា។ មនុស្ស​ភាគ​ច្រើន​ឆ្លើយ​ថា ​«​នៅ​លើ​ផែន​ដី ហើយ​ក្នុង​ស្ថានភាព​ដ៏​សប្បាយ​រីក​រាយ​»។ បន្ទាប់​មក បង​ប្រុស​នោះ​អាន​អេសាយ ៥៥:១១ ហើយ​សួរ​ថា​តើ​គោល​បំណង​របស់​ព្រះ​បាន​ផ្លាស់​ប្ដូរ​ឬ​ទេ។ ជា​ទូ​ទៅ ម្ចាស់​ផ្ទះ​នឹង​ឆ្លើយ​ថា​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ ចុង​ក្រោយ បង​ប្រុស​នោះ​អាន​ទំនុក​តម្កើង ៣៧:១០, ១១ ហើយ​សួរ​ថា​តើ​មនុស្ស​នឹង​មាន​អនាគត​បែប​ណា។ ដោយ​ប្រើ​បទ​គម្ពីរ​ទាំង​នេះ​ដើម្បី​វែក​ញែក​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ គាត់​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​យល់​ថា​ព្រះ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ល្អ​រស់​ជា​រៀង​រហូត​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។

ការ​ប្រព្រឹត្ត​តូច​តាច​ដែល​បង្ហាញ​អំពី​សេចក្ដី​សប្បុរស ដូច​ជា​ការ​សរសេរ​សំបុត្រ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ណា​ម្នាក់ ប្រហែល​ជា​ទទួល​លទ្ធផល​ល្អ (​សូម​មើល​វគ្គ​១៦​-​១៧​)

១៦​-​១៧. តាម​សុភាសិត ៣:២៧ តើ​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​តាម​របៀប​ណា​ខ្លះ? សូម​លើក​ឧទាហរណ៍។

១៦ ទី​៤ សូម​ស្វែង​រក​វិធី​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស។ ជា​ឧទាហរណ៍ តើ​យើង​ប្រហែល​ជា​បាន​ជួប​បុគ្គល​ណា​ម្នាក់​នៅ​ចំ​ពេល​ដែល​គាត់​មិន​អាច​និយាយ​ជា​មួយ​នឹង​យើង​ឬ​ទេ? បើ​ដូច្នេះ យើង​អាច​សុំ​ទោស​ពួក​គេ ហើយ​ស្នើ​សុំ​ត្រឡប់​មក​វិញ​នៅ​ពេល​ល្អ​ជាង​សម្រាប់​ពួក​គេ។ ចុះ​យ៉ាង​ណា​បើ​ម្ចាស់​ផ្ទះ​ត្រូវ​ការ​ជំនួយ​ក្នុង​រឿង​តូច​តាច​ណា​មួយ? ឬ​ចុះ​បើ​អ្នក​ណា​ម្នាក់​មិន​អាច​ចេញ​ពី​ផ្ទះ​ដោយ​សារ​គាត់​ឈឺ​ឬ​មាន​វ័យ​ចាស់ ហើយ​ត្រូវ​ការ​ជំនួយ​ធ្វើ​កិច្ច​ការ​មួយ? ក្នុង​ករណី​បែប​នេះ យើង​ប្រហែល​ជា​អាច​ជួយ​បុគ្គល​នោះ។—សូម​អាន សុភាសិត ៣:២៧

១៧ បង​ស្រី​ម្នាក់​បាន​ទទួល​លទ្ធផល​ល្អ​ពី​ការ​បង្ហាញ​សេចក្ដី​សប្បុរសក្នុង​រឿង​តូច​តាច។ ដោយ​សារ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត គាត់​បាន​សរសេរ​សំបុត្រ​ឲ្យ​ក្រុម​គ្រួសារ​មួយ​ដែល​មាន​កូន​ស្លាប់។ ក្នុង​សំបុត្រ​នោះ គាត់​ក៏​សរសេរ​ពាក្យ​សម្រាល​ទុក្ខ​ខ្លះ​ពី​បទ​គម្ពីរ​ដែរ។ តើ​សំបុត្រ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ក្រុម​គ្រួសារ​នោះ? ម្ដាយ​ដែល​កើត​ទុក្ខ​នោះ​សរសេរ​ថា​៖ ​«​ម្សិលមិញ ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​សំបុត្រ​របស់​អ្នក​បាន​ជួយ​យើង​ច្រើន​យ៉ាង​ណា​ទេ។ ខ្ញុំ​រៀប​រាប់​ពុំ​បាន​ថា​សំបុត្រ​នោះ​មាន​ន័យ​ខ្លាំង​យ៉ាង​ណា​ចំពោះ​យើង​ទេ។ យើង​ពិត​ជា​ដឹង​គុណ​អ្នក។ ម្សិលមិញ ខ្ញុំ​បាន​អាន​សំបុត្រ​នោះ​ជាង​២០​ដង។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា​សំបុត្រ​នោះ​បង្ហាញ​អំពី​សេចក្ដី​សប្បុរស ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​បែប​នេះ​ទេ។ យើង​សូម​អរគុណ​ដោយ​អស់​ពី​ចិត្ត​»។ ច្បាស់​ណាស់ យើង​អាច​ទទួល​លទ្ធផល​ល្អ​ពេល​យើង​ស្រមៃ​គិត​អំពី​ស្ថានភាព​របស់​ពួក​អ្នក​ដែល​រង​ទុក្ខ រួច​មក​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ពួក​គេ។

ចូរ​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ ចំពោះ​តួនាទី​របស់​អ្នក

១៨. តាម​កូរិនថូស​ទី១ ៣:៦, ៧ តើ​យើង​ចង់​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​បែប​ណា?

១៨ យើង​ចង់​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​តួនាទី​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​អាច​រួម​ចំណែក​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ ប៉ុន្តែ​យើង​មិន​មាន​តួនាទី​សំខាន់​បំផុត​ទេ។ (​សូម​អាន កូរិនថូស​ទី១ ៣:៦, ៧) ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ឲ្យ​មក​ឯ​លោក។ (​យ៉ូន. ៦:៤៤​) ការ​ព្រម​ឬ​មិន​ព្រម​ទទួល​យក​ដំណឹង​ល្អ គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​របស់​បុគ្គល​ម្នាក់​ៗ។ (​ម៉ាថ. ១៣:៤​-​៨​) សូម​ចាំ​ថា​មនុស្ស​ភាគ​ច្រើន​មិន​បាន​ទទួល​យក​ដំណឹង​ដែល​លោក​យេស៊ូ​ផ្សាយ​ទេ ហើយ​លោក​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ! ដូច្នេះ បើ​មនុស្ស​ជា​ច្រើន​ដែល​យើង​ព្យាយាម​ជួយ​មិន​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។

១៩. តើ​ការ​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១៩ យើង​នឹង​ទទួល​លទ្ធផល​ល្អ ពេល​យើង​បង្ហាញ​ថា​យើង​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​នឹង​កាន់​តែ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​នឹង​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ។ ម្យ៉ាង​ទៀត យើង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ស្រួល​ទទួល​យក​ដំណឹង​ល្អ​ជាង។ (​សកម្ម. ១៣:៤៨​) ដូច្នេះ ​«​ដរាប​ណា​យើង​មាន​ឱកាស នោះ​ចូរ​យើង​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់​»។ (​កាឡ. ៦:១០​) យ៉ាង​នេះ យើង​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ធ្វើ​ឲ្យ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ទទួល​ការ​សរសើរ​តម្កើង។—ម៉ាថ. ៥:១៦

ចម្រៀង​លេខ​៦៤ ការ​ចូល​រួម​ប្រមូល​ផល​ដោយ​អំណរ

^ វគ្គ 5 ពេល​យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត យើង​អាច​មាន​អំណរ​កាន់​តែ​ខ្លាំង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​មនុស្ស​ប្រហែល​ជា​សុខ​ចិត្ត​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ​ច្រើន​ជាង។ ហេតុ​អ្វី? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ ព្រម​ទាំង​របៀប​បួន​យ៉ាង​ដែល​យើង​អាច​បង្ហាញ​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ថា​យើង​យល់​អារម្មណ៍​របស់​ពួក​គេ។

^ វគ្គ 5 ការ​ពន្យល់​ពាក្យ: ក្នុង​ករណី​នេះ ពាក្យ​ក្ដួល​អាណិត​មាន​ន័យ​ថា​ការ​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ដែល​កំពុង​រង​ទុក្ខ ឬ​អ្នក​ដែល​បាន​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា។ អារម្មណ៍​បែប​នេះ​ប្រហែល​ជា​ជំរុញ​ឲ្យ​បុគ្គល​ណា​ម្នាក់​ធ្វើ​អ្វី​ក៏​ដោយ​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​ពួក​គេ។

^ វគ្គ 8 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ថា ​«​ក្នុង​កិច្ច​បម្រើ​ផ្សាយ ចូរ​ធ្វើ​តាម​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។