លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១០

តើ​អ្វី​រា​រាំង​ខ្ញុំ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក?

តើ​អ្វី​រា​រាំង​ខ្ញុំ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក?

​«​ទាំង​ភីលីព​ទាំង​មន្ត្រី​នោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ភីលីព​ជ្រមុជ​ទឹក​ឲ្យ​មន្ត្រី​នោះ​»។—សកម្ម. ៨:៣៨

ចម្រៀង​លេខ​៥២ ការ​ប្រគល់​ខ្លួន​ធ្វើ​ជា​គ្រិស្ត​សាសនិក

សេចក្ដី​សង្ខេប *

១. តើ​អាដាម​និង​អេវ៉ា​បាន​បាត់​បង់​អ្វី ហើយ​តើ​នោះ​មាន​លទ្ធផល​អ្វី?

តើ​អ្នក​គិត​ថា​អ្នក​ណា​គួរ​កំណត់​ខ្នាត​តម្រា​ចំពោះ​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់? ពេល​អាដាម​និង​អេវ៉ា​បរិភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ ពួក​គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក។ ពួក​គេ​បាន​សម្រេច​ចិត្ត​កំណត់​ខ្នាត​តម្រា​ដោយ​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ (​លោ. ៣:២២​) ប៉ុន្តែ សូម​គិត​អំពី​អ្វី​ដែល​ពួក​គេ​បាន​បាត់​បង់។ ពួក​គេ​បាន​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពួក​គេ​ក៏​បាន​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត ហើយ​បាន​ចម្លង​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ដល់​កូន​ចៅ​របស់​ពួក​គេ​ផង​ដែរ។ (​រ៉ូម ៥:១២​) ការ​សម្រេច​ចិត្ត​របស់​អាដាម​និង​អេវ៉ា​នាំ​មក​នូវ​ទុក្ខ​វេទនា។

បន្ទាប់​ពី​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់​បាន​ទទួល​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ គាត់​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម​ៗ (​សូម​មើល​វគ្គ​២​-​៣​)

២​-​៣. (​ក​) តើ​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ភីលីព​បាន​ផ្សព្វ​ផ្សាយ​ដល់​គាត់? (​ខ​) តើ​យើង​ទទួល​ពរ​អ្វី​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

សូម​គិត​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ប្រព្រឹត្ត​របស់​អាដាម​និង​អេវ៉ា​ទៅ​នឹង​ការ​ប្រព្រឹត្ត​របស់​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់​ពេល​ដែល​ភីលីព​ផ្សព្វ​ផ្សាយ​ដល់​គាត់។ មន្ត្រី​នោះ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់ ហើយ​នោះ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម​ៗ។ (​សកម្ម. ៨:៣៤​-​៣៨​) ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ដូច​មន្ត្រី​នោះ​បាន​ធ្វើ យើង​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ក៏​បង្ហាញ​ដែរ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ទទួល​ស្គាល់​ថា​គឺ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​គួរ​កំណត់​ខ្នាត​តម្រា​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។

សូម​គិត​អំពី​ពរ​ដែល​យើង​ទទួល​ពេល​យើង​បម្រើ​ព្រះ​យេហូវ៉ា។ ពរ​មួយ គឺ​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​ទទួល​អ្វី​ទាំង​អស់​ដែល​អាដាម​និង​អេវ៉ា​បាន​បាត់​បង់ រួម​ទាំង​ឱកាស​រស់​ជា​រៀង​រហូត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ពេល​យើង​ធ្វើ​ខុស ហើយ​ឲ្យ​យើង​នូវ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដែល​មិន​ផ្ដន្ទា​ទោស ដោយ​សារ​យើង​មាន​ជំនឿ​លើ​លោក​យេស៊ូគ្រិស្ត។ (​ម៉ាថ. ២០:២៨; សកម្ម. ១០:៤៣​) យើង​ក៏​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ដែល​ពោរ​ពេញ​ទៅ​ដោយ​ពួក​អ្នក​បម្រើ​ដែល​លោក​ពេញ​ចិត្ត។ (​យ៉ូន. ១០:១៤​-​១៦; រ៉ូម ៨:២០, ២១​) ទោះ​ជា​មាន​ពរ​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ​ក្ដី អ្នក​ខ្លះ​ដែល​ស្គាល់​ព្រះ​យេហូវ៉ា នៅ​តែ​ស្ទាក់​ស្ទើរ​ធ្វើ​តាម​គំរូ​របស់​មន្ត្រី​ជន​ជាតិ​អេចូពី​នោះ។ តើ​អ្វី​ប្រហែល​ជា​រា​រាំង​ពួក​គេ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក? តើ​ពួក​គេ​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច?

ការ​ពិបាក​ដែល​រា​រាំង​អ្នក​ខ្លះ ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក

ការ​ពិបាក​ដែល​អ្នក​ខ្លះ​មាន​មុន​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក

ការ​ខ្វះ​ទំនុក​ចិត្ត (​សូម​មើល​វគ្គ​៤​-​៥​) *

៤​-​៥. តើ​ប្អូន​អេវឺរី​និង​ប្អូន​ហាណា​មាន​ការ​ពិបាក​អ្វី​ខ្លះ?

ការ​ខ្វះ​ទំនុក​ចិត្ត: ឪ​ពុក​ម្ដាយ​របស់​ប្អូន​ប្រុស​អេវឺរី​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ឪ​ពុក​របស់​គាត់​មាន​កេរ្ដិ៍​ឈ្មោះ​ជា​ឪ​ពុក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​និង​ជា​អ្នក​ចាស់​ទុំ​ដ៏​ខ្នះ​ខ្នែង។ ប៉ុន្តែ ប្អូន​អេវឺរី​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ ហេតុ​អ្វី? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ឪ​ពុក​ខ្ញុំ​ទេ​»។ ប្អូន​អេវឺរី​ក៏​ខ្លាច​ថា​គាត់​មិន​អាច​បំពេញ​ភារកិច្ច​ដែល​គាត់​ប្រហែល​ជា​នឹង​ទទួល​នៅ​ពេល​អនាគត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បារម្ភ​អំពី​ការ​អធិដ្ឋាន​នៅ​មុខ​បង​ប្អូន​ឯ​ទៀត ថ្លែង​សុន្ទរកថា ឬ​ដឹក​នាំ​ក្រុម​ផ្សព្វ​ផ្សាយ​»។

ប្អូន​ស្រី​ហាណា​ដែល​មាន​អាយុ​១៨​ឆ្នាំ​ខ្វះ​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪ​ពុក​ម្ដាយ​ដែល​បម្រើ​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​នៅ​តែ​គិត​ថា​គាត់​ប្រហែល​ជា​មិន​អាច​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ប្អូន​ហាណា​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​ឡើយ។ ជួន​កាល គាត់​ពិបាក​ចិត្ត​ខ្លាំង​រហូត​ដល់​គាត់​ធ្វើ​បាប​ខ្លួន ហើយ​នោះ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ពិបាក។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​ប្រាប់​អ្នក​ណា​អំពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ សូម្បី​តែ​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​បាន​ប្រាប់​ដែរ។ ដោយ​សារ​ខ្ញុំ​ធ្វើ​បាប​ខ្លួន​ឯង ខ្ញុំ​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​លោក​ទេ​»។

ឥទ្ធិពល​ពី​មិត្ត​ភក្ដិ (​សូម​មើល​វគ្គ​៦​) *

៦. តើ​អ្វី​បាន​រា​រាំង​បង​វ៉ាន់នេសា​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក?

ឥទ្ធិពល​ពី​មិត្ត​ភក្ដិ: បង​ស្រី​វ៉ាន់នេសា​ដែល​មាន​អាយុ​២២​ឆ្នាំ​និយាយ​ថា​៖​«​ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​ដែល​ខ្ញុំ​បាន​រាប់​អាន​ជិត​១០​ឆ្នាំ​ហើយ​»។ ប៉ុន្តែ មិត្ត​ភក្ដិ​របស់​បង​វ៉ាន់នេសា​មិន​បាន​គាំ​ទ្រ​គាត់​ឲ្យ​មាន​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ នេះ​បាន​ធ្វើ​ឲ្យ​បង​វ៉ាន់នេសា​ឈឺ​ចិត្ត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​រាប់​អាន​មិត្ត​ភក្ដិ​ថ្មី ហើយ​ខ្ញុំ​បាន​បារម្ភ​ថា​បើ​ខ្ញុំ​ឈប់​រាប់​អាន​គាត់ ខ្ញុំ​នឹង​មិន​អាច​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ដូច​គាត់​ទៀត​ទេ​»។

ការ​ភ័យ​ខ្លាច​ថា​ខ្លួន​នឹង​ធ្វើ​ខុស (​សូម​មើល​វគ្គ​៧​) *

៧. តើ​បង​ម៉ាខៃឡា​ភ័យ​ខ្លាច​អំពី​អ្វី ហើយ​ហេតុ​អ្វី?

ការ​ភ័យ​ខ្លាច​ថា​ខ្លួន​នឹង​ធ្វើ​ខុស: ពេល​បង​ស្រី​ម៉ាខៃឡា​មាន​អាយុ​ប្រាំ​ឆ្នាំ បង​ប្រុស​របស់​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ កាល​ដែល​គាត់​ធំ​ឡើង គាត់​បាន​ឃើញ​ឪ​ពុក​ម្ដាយ​គាត់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​បង​ប្រុស​គាត់។ បង​ម៉ាខៃឡា​និយាយ​ថា​៖ ​«​ខ្ញុំ​ខ្លាច​ថា​បើ​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​នឹង​ធ្វើ​ខុស ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​កាន់​តែ​ឈឺ​ចិត្ត​»។

ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឆាំង (​សូម​មើល​វគ្គ​៨​) *

៨. តើ​បង​ម៉ែល​ភ័យ​ខ្លាច​អំពី​អ្វី?

ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឆាំង: ឪ​ពុក​ម្ដាយ​របស់​បង​ប្រុស​ម៉ែល​បាន​លែង​លះ​គ្នា។ ឪ​ពុក​របស់​បង​ម៉ែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្តែ​ម្ដាយ​របស់​គាត់​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ បង​ម៉ែល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​នឹង​ម្ដាយ​របស់​ខ្ញុំ​អស់​រយៈ​ពេល​១៨​ឆ្នាំ ហើយ​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​គាត់​ថា​ខ្ញុំ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ខ្ញុំឃើញ​ប្រតិកម្ម​របស់​គាត់​ពេល​ឪ​ពុក​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ដូច្នេះ​ខ្ញុំ​ខ្លាច​ថា​គាត់​នឹង​រក​រឿង​ខ្ញុំ​»។

តើ​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក យ៉ាង​ដូច​ម្ដេច?

៩. តើ​អ្វី​ទំនង​ជា​នឹង​កើត​ឡើង​ពេល​អ្នក​យល់​អំពី​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា?

ដោយ​សារ​អាដាម​និង​អេវ៉ា​មិន​បាន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​បម្រើ​លោក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​រស់​នៅ​យូរ​ល្មម​ដើម្បី​បង្កើត​កូន​និង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​របៀប​ដែល​ពួក​គេ​ចិញ្ចឹម​អប់រំ​កូន។ លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​របស់​អាដាម​និង​អេវ៉ា​ក្នុង​ការ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​ឆោត​ល្ងង់​ខ្លាំង​ណាស់។ កូន​ប្រុស​ច្បង​របស់​ពួក​គេ​បាន​សម្លាប់​ប្អូន​ប្រុស​របស់​ខ្លួន​ដែល​គ្មាន​កំហុស ហើយ​មិន​យូរ​ក្រោយ​មក​ពិភព​លោក​ពោរ​ពេញ​ដោយ​អំពើ​ហិង្សា​និង​ការ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​លោ. ៤:៨; ៦:១១​-​១៣​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​វិធី​មួយ​ដើម្បី​សង្គ្រោះ​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​ដែល​ចង់​បម្រើ​លោក។ (​យ៉ូន. ៦:៣៨​-​៤០, ៥៧, ៥៨​) កាល​ដែល​អ្នក​យល់​កាន់​តែ​ច្បាស់​អំពី​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា អ្នក​ទំនង​ជា​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ យ៉ាង​នេះ អ្នក​នឹង​មិន​ចង់​ធ្វើ​ដូច​អាដាម​និង​អេវ៉ា​ទេ តែ​អ្នក​នឹង​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។

របៀប​ដែល​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ

(​សូម​មើល​វគ្គ​៩​-​១០​) *

១០. ហេតុ​អ្វី​ការ​រំពឹង​គិត​អំពី​ទំនុក​តម្កើង ១៩:៧​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា?

១០ ចូរ​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា: កាល​ដែល​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា​អ្នក​អាច​បម្រើ​លោក​ដោយ​ជោគ​ជ័យ។ ប្អូន​អេវឺរី​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ និយាយ​ថា​៖ ​«​ការ​អាន​និង​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​ដែល​មាន​នៅ​ទំនុក​តម្កើង ១៩:៧​បាន​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​»។ (​សូម​អាន​) ពេល​ប្អូន​អេវឺរី​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​នេះ គាត់​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ សេចក្ដី​ស្រឡាញ់​មិន​គ្រាន់​តែ​ពង្រឹង​ទំនុក​ចិត្ត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អ្វី​ដែល​លោក​ចង់​ឲ្យ​យើង​ធ្វើ។ ប្អូន​ហាណា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​តាម​រយៈ​ការ​អាន​គម្ពីរ​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់ ខ្ញុំ​ក៏​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចាប់​ដែរ​»។ (​១ពេ. ៥:៧​) ប្អូន​ហាណា​បាន​«​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​»។ (​យ៉ា. ១:២២​) តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង ពេល​ខ្ញុំ​ឃើញ​ថា​ការ​ស្ដាប់​បង្គាប់​លោក​នាំ​ឲ្យ​ខ្ញុំទទួល​ប្រយោជន៍​ជា​ច្រើន។ ឥឡូវ ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ណែនាំ​ខ្ញុំ​ពេល​ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពី​លោក​»។ ប្អូន​ហាណា​បាន​យក​ឈ្នះ​ចិត្ត​ដែល​ចង់​ធ្វើ​បាប​ខ្លួន​ឯង។ គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

(​សូម​មើល​វគ្គ​១១​) *

១១. តើ​បង​វ៉ាន់នេសា​បាន​ធ្វើ​អ្វី​ដើម្បី​មាន​មិត្ត​ភក្ដិ​ល្អ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

១១ ចូរ​ជ្រើស​រើស​មិត្ត​ភក្ដិ​ដោយ​ឈ្លាស​វៃ: នៅ​ទី​បំផុត​បង​វ៉ាន់នេសា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បាន​ដឹង​ថា​មិត្ត​ភក្ដិ​របស់​គាត់​គឺ​ជា​អ្វី​ដែល​រា​រាំង​គាត់​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​ឈប់​សេពគប់​បុគ្គល​នោះ​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បង​វ៉ាន់នេសា​ក៏​បាន​ព្យាយាម​រាប់​អាន​មិត្ត​ភក្ដិ​ថ្មី​នៅ​ក្នុង​ក្រុម​ជំនុំ។ គាត់​និយាយ​ថា​គំរូ​របស់​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ជួយ​គាត់។ គាត់​ក៏​និយាយ​ថា​៖ ​«​មនុស្ស​នៅ​ជុំ​វិញ​ពួក​គេ​សុទ្ធតែ​ជា​អ្នក​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ពួក​គេ​បាន​សេពគប់​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​បម្រើ​ព្រះ ហើយ​នោះ​ជា​ការ​សេពគប់​ល្អ​»។ ក្រោយ​ពី​បង​វ៉ាន់នេសា​បាន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ។ ឥឡូវ​គាត់​និយាយ​ថា​៖ ​«​ការ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជួយ​ខ្ញុំ​ឲ្យ​មាន​មិត្ត​ភក្ដិ​ល្អ​ៗ មិន​គ្រាន់​តែ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ក្រុម​ជំនុំ​ផ្សេង​ទៀត​ដែរ​»។ អ្នក​ក៏​អាច​មាន​មិត្ត​ភក្ដិ​ល្អ​ៗ បើ​អ្នក​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​យើង​ឲ្យ​ធ្វើ។—ម៉ាថ. ២៤:១៤

(​សូម​មើល​វគ្គ​១២​-​១៥​) *

១២. តើ​អាដាម​និង​អេវ៉ា​បាន​ខ្វះ​ការ​ភ័យ​ខ្លាច​បែប​ណា ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១២ ចូរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ភ័យ​ខ្លាច: ការ​ភ័យ​ខ្លាច​ខ្លះ​មាន​ប្រយោជន៍​សម្រាប់​យើង។ ជា​ឧទាហរណ៍ យើង​ត្រូវ​កោត​ខ្លាច​ព្រះ ពោល​គឺ​ភ័យ​ខ្លាច​ឬ​មិន​ចង់​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ (​ទំនុក. ១១១:១០​) បើ​អាដាម​និង​អេវ៉ា​មាន​ការ​កោត​ខ្លាច​បែប​នេះ ពួក​គេ​នឹង​មិន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ​ពួក​គេ​បាន​បះ​បោរ។ ក្រោយ​មក ភ្នែក​របស់​ពួក​គេ​បាន​ភ្លឺ​ឡើង ក្នុង​ន័យ​ថា​ពួក​គេ​បាន​ដឹង​ច្បាស់​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ពួក​គេ​អាច​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​តែ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ។ ដោយ​សារ​ពួក​គេ​បាន​ដឹង​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពួក​គេ​មាន​អារម្មណ៍​អៀន​ខ្មាស​ដោយ​ព្រោះ​ខ្លួន​នៅ​អាក្រាត ហើយ​ពួក​គេ​បាន​យក​អ្វី​មក​បិទ​បាំង​រាង​កាយ។—លោ. ៣:៧, ២១

១៣​-​១៤. (​ក​) យោង​ទៅ​តាម​ពេត្រុស​ទី១ ៣:២១ ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ខ្លាច​ស្លាប់​ខ្លាំង​ពេក? (​ខ​) តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

១៣ យើង​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា តែ​យើង​មិន​ចាំ​បាច់​ខ្លាច​ស្លាប់​ខ្លាំង​ពេក​ទេ។ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ផ្លូវ​ដើម្បី​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ប៉ុន្តែ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង។ លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដោយ​សារ​យើង​បង្ហាញ​ជំនឿលើ​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក។ របៀប​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​មាន​ជំនឿ គឺ​ដោយ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។—សូម​អាន ពេត្រុស​ទី១ ៣:២១

១៤ មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ លោក​មិន​គ្រាន់​តែ​ផ្ដល់​អ្វី​ល្អ​ៗ​ឲ្យ​យើង​ជា​រៀង​រាល់​ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បង្រៀន​សេចក្ដី​ពិត​ដល់​យើង​អំពី​លោក​និង​គោល​បំណង​របស់​លោក។ (​យ៉ូន. ៨:៣១, ៣២​) លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដើម្បី​ណែនាំ​និង​គាំ​ទ្រ​យើង។ លោក​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង​នៅ​ឥឡូវ​នេះ ហើយ​លោក​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​ស្ថានភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​អនាគត។ (​ទំនុក. ៦៨:១៩; បប. ២១:៣, ៤​) ពេល​យើង​រំពឹង​គិត​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង នោះ​យើង​កាន់​តែ​ស្រឡាញ់​លោក។ ម្យ៉ាង​ទៀត ពេល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ភ័យ​ខ្លាច។ យើង​ភ័យ​ខ្លាច​ក្នុង​ន័យ​ថា​យើង​មិន​ចង់​ធ្វើ​ឲ្យ​លោក​ដែល​ជា​បុគ្គល​ដែល​យើង​ស្រឡាញ់​ឈឺ​ចិត្ត។

១៥. តើ​តាម​របៀប​ណា​បង​ម៉ាខៃឡា​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ថា​ខ្លួន​នឹង​ធ្វើ​ខុស?

១៥ បង​ម៉ាខៃឡា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ថា​ខ្លួន​នឹង​ធ្វើ​ខុស ពេល​គាត់​យល់​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា។ បង​ម៉ាខៃឡា​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​នឹង​ធ្វើ​ខុស។ ប៉ុន្តែ ខ្ញុំ​ក៏​យល់​ដែរ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដោយ​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ​»។ សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

(​សូម​មើល​វគ្គ​១៦​) *

១៦. តើ​អ្វី​បាន​ជួយ​បង​ម៉ែល​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឆាំង?

១៦ បង​ម៉ែល​ដែល​បាន​ខ្លាច​ថា​ម្ដាយ​គាត់​នឹង​ចំ​ទាស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់​ក្នុង​ការ​ទទួល​ការ​ជ្រមុជ​ទឹក បាន​សុំ​យោបល់​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ បង​ម៉ែល​និយាយ​ថា​៖ ​«​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នោះ​ក៏​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​តែ​ឪ​ពុក​ជា​សាក្សី​ដែរ។ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ដើម្បី​ជួយ​ម្ដាយ​ខ្ញុំ​ឲ្យ​យល់​ថា​ខ្ញុំ​ជា​អ្នក​សម្រេច​ចិត្ត​ថា​ខ្ញុំ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ថា​ឪ​ពុក​របស់​ខ្ញុំ​មិន​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នេះ​ទេ​»។ ម្ដាយ​របស់​បង​ម៉ែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់​ទេ។ នៅ​ទី​បំផុត គាត់​ត្រូវ​រើ​ចេញ​ពី​ផ្ទះ​របស់​ម្ដាយ​គាត់ ប៉ុន្តែ​គាត់​បាន​បន្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​គាត់។ បង​ម៉ែល​និយាយ​ថា​៖ ​«​ការ​រៀន​អំពី​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​ខ្ញុំ​មាន​ឥទ្ធិពល​លើ​ចិត្ត​ខ្ញុំ។ ពេល​ខ្ញុំ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់។ នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​»។

ចូរ​បន្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក

យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង(​សូម​មើល​វគ្គ​១៧​)

១៧. តើ​យើង​មាន​ឱកាស​អ្វី?

១៧ ពេល​អេវ៉ា​បាន​បរិភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នៅ​ក្នុង​សួន​អេដែន នាង​បង្ហាញ​ថា​នាង​មិន​ព្រម​ទទួល​ស្គាល់​បិតា​របស់​នាង។ ពេល​អាដាម​បរិភោគ​ផ្លែ​នោះ គាត់​បង្ហាញ​ថា​គាត់​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​គាត់។ យើង​ទាំង​អស់​គ្នា​មាន​ឱកាស​បង្ហាញ​ថា​យើង​មិន​ដូច​អាដាម​និង​អេវ៉ា​ទេ។ ផ្ទុយ​ពី​ពួក​គេ​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​សម្រាប់​យើង។ ពេលយើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា យើង​ជឿ​ថា​លោក​មាន​សិទ្ធិ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​សម្រាប់​យើង។ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​និង​ទុក​ចិត្ត​បិតា​របស់​យើង។

១៨. តើ​អ្នក​អាច​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៨ យើង​មាន​ការ​ពិបាក​មួយ​ទៀត​បន្ទាប់​ពី​យើង​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ការ​មាន​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា មិន​មែន​របស់​ខ្លួន​ទេ។ តែ​មនុស្ស​រាប់​លាន​នាក់​កំពុង​មាន​របៀប​រស់​នៅ​បែប​នេះ។ អ្នក​ក៏​អាច​ធ្វើ​ដូច​ពួក​គេ​ដែរ បើ​អ្នក​បន្ត​បង្កើន​ការ​យល់​ដឹង​របស់​អ្នក​អំពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ សេពគប់​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក​ជា​ទៀង​ទាត់ និង​ប្រាប់​អ្នក​ឯ​ទៀត​យ៉ាង​ខ្នះ​ខ្នែង​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​បិតា​របស់​អ្នក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​ហេ. ១០:២៤, ២៥​) ពេល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត សូម​ស្ដាប់​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​តាម​រយៈ​បណ្ដាំ​របស់​លោក​និង​អង្គ​ការ​របស់​លោក។ (​អេ. ៣០:២១​) យ៉ាង​នេះ​អ្នក​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​ធ្វើ។—សុភ. ១៦:៣, ២០

១៩. តើ​អ្នក​គួរ​គិត​ជា​និច្ច​អំពី​អ្វី ហើយ​ហេតុ​អ្វី?

១៩ ពេល​អ្នក​គិត​ជា​និច្ច​អំពី​ប្រយោជន៍​ជា​ច្រើន​ដែល​មក​ពី​ការ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា អ្នក​នឹង​កាន់​តែ​ស្រឡាញ់​លោក​និង​ខ្នាត​តម្រា​របស់​លោក។ យ៉ាង​នេះ សាថាន​មិន​អាច​ធ្វើ​ឲ្យ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​បាន​ឡើយ។ សូម​ស្រមៃ​គិត​អំពី​អនាគត​មួយ​ពាន់​ឆ្នាំ​ខាង​មុខ​នៅ​ក្នុង​សួន​ឧទ្យាន ពេល​អ្នក​គិត​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សព្វ​ថ្ងៃ​នេះ អ្នក​នឹង​យល់​ថា​នោះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ដែល​អ្នក​បាន​ធ្វើ!

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

^ វគ្គ 5 ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​នឹង​ធ្វើ​ក្នុង​ជីវិត គឺ​ថា​អ្នក​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​មិន​ទទួល។ ហេតុ​អ្វី​ការ​សម្រេច​ចិត្ត​នេះ​គឺ​សំខាន់​ម្ល៉េះ? អត្ថបទ​នេះ​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។ អត្ថបទ​នេះ​ក៏​នឹង​ជួយ​ពួក​អ្នក​ដែល​កំពុង​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ដែល​ប្រហែល​ជា​រា​រាំង​ពួក​គេ​ពី​ការ​សម្រេច​គោល​ដៅ​នេះ។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: ទំនុក​ចិត្ត: ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ភ័យ​ពេល​គាត់​ចង់​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: មិត្ត​ភក្ដិ: ប្អូន​ស្រី​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​មាន​ការ​សេពគប់​មិន​ល្អ ហើយ​មាន​អារម្មណ៍​អៀន​ខ្មាស​ពេល​គាត់​ឃើញ​សាក្សី​ឯ​ទៀត។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: កំហុស: ពេល​បង​ប្រុស​របស់​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​និង​ចាក​ចេញ​ពី​ផ្ទះ ក្មេង​ស្រី​ម្នាក់​ព្រួយ​បារម្ភ​ថា​គាត់​ក៏​នឹង​ធ្វើ​ខុស​ដែរ។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: ការ​ប្រឆាំង: ក្មេង​ប្រុស​ម្នាក់​ភ័យ​ពេល​អធិដ្ឋាន​ដោយ​សារ​ម្ដាយ​របស់​គាត់​ដែល​មិន​មែន​ជា​អ្នក​ជឿ​មើល​មក​គាត់។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: ទំនុក​ចិត្ត: ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​បង្កើន​ការ​សិក្សា​ផ្ទាល់​ខ្លួន។

^ វគ្គ 67 ការ​ពណ៌នា​អំពី​រូប​ភាព: មិត្ត​ភក្ដិ: ប្អូន​ស្រី​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​រៀន​ឲ្យ​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​សាក្សី។

^ វគ្គ 69 ការ​ពណ៌នា​អំពី​រូប​ភាព: កំហុស: ក្មេង​ស្រី​ម្នាក់​បាន​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

^ វគ្គ 71 ការ​ពណ៌នា​អំពី​រូប​ភាព: ការ​ប្រឆាំង: ក្មេង​ប្រុស​ម្នាក់​ពន្យល់​អំពី​ជំនឿ​របស់​គាត់​ទៅ​កាន់​ម្ដាយ​ដោយ​ចិត្ត​ក្លាហាន។