លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

នៅ​សម័យ​បុរាណ តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ដំណើរ​តាម​សំពៅ?

តាម​ធម្មតា​នៅ​សម័យ​របស់​ប៉ូល គ្មាន​សំពៅ​សម្រាប់​ដឹក​តែ​អ្នក​ដំណើរ​ប៉ុណ្ណោះ​ទេ។ តាម​ធម្មតា ដើម្បី​ធ្វើ​ដំណើរ​តាម​សំពៅ អ្នក​ដំណើរ​ត្រូវ​សួរ​អ្នក​ឯ​ទៀត​ដើម្បី​ដឹង​អំពី​សំពៅ​ដឹក​ទំនិញ​ដែល​ទៅ​ទិស​ដៅ​ដែល​គាត់​ចង់​ទៅ និង​ដែល​ព្រម​ទទួល​អ្នក​ដំណើរ។ (​សកម្ម. ២១:២, ៣​) ទោះ​ជា​សំពៅ​មិន​ទៅ​ដល់​កន្លែង​ដែល​អ្នក​ដំណើរ​ចង់​ទៅ​ក្ដី ពេល​ដែល​សំពៅ​ដែល​គាត់​ជិះ​ឈប់​នៅ​កំពង់​ផែ​នីមួយ​ៗ គាត់​អាច​រក​សំពៅ​មួយ​ទៀត​ដែល​ទៅ​ដល់​កន្លែង​ដែល​គាត់​ចង់​ទៅ។—សកម្ម. ២៧:១​-​៦

ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ច្រើន​តែ​ធ្វើ​ឡើង​តាម​រដូវ​កាល ហើយ​សំពៅ​មិន​តែង​តែ​ចេញ​តាម​កាល​វិភាគ​ដែល​បាន​ត្រូវ​កំណត់​ច្បាស់​លាស់​នោះ​ទេ។ ក្រៅ​ពី​បញ្ហា​អាកាសធាតុ អបិយជំនឿ​របស់​អ្នក​ដើរ​សំពៅ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ពន្យារ​ការ​ធ្វើ​ដំណើរ​បើ​មាន​ប្រផ្នូល​មិន​ល្អ ដូច​ជា​សត្វ​ក្អែក​យំ​និង​ទំ​លើ​ខ្សែ​សំពៅ ឬ​បើ​ពួក​គេ​ឃើញ​សំពៅ​លិច​នៅ​ជិត​ឆ្នេរ​សមុទ្រ។ ខ្យល់​គឺ​សំខាន់​សម្រាប់​អ្នក​ដើរ​សំពៅ ដូច្នេះ​ពេល​មាន​ខ្យល់​បក់​ស្រប​តាម​ទិស​ដៅ​ដែល​គេ​ចង់​ទៅ ពួក​គេ​ចេញ​ដំណើរ​ពី​កំពង់​ផែ។ ពេល​អ្នក​ដំណើរ​រក​ឃើញ​សំពៅ​ដែល​ព្រម​ទទួល​គាត់ គាត់​យក​អីវ៉ាន់​របស់​គាត់​ទៅ​រង់​ចាំ​ជិត​កំពង់​ផែ ហើយ​ចាំ​រហូត​ដល់​ឮ​ការ​ប្រកាស​ថា​សំពៅ​នោះ​ហៀបនឹង​ចាក​ចេញ។

ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​ឡែអេណិល ខាសិន​និយាយ​ថា​៖ ​«​នៅ​ក្រុង​រ៉ូម​គេ​មាន​ការ​រៀប​ចំ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ស្រួល​រក​សំពៅ ហើយ​មិន​ចាំ​បាច់​ឲ្យ​ពួក​គេ​ដើរ​រក​សំពៅ​ដោយ​ខ្លួន​ឯង។ កំពង់​ផែ​ក្រុង​រ៉ូម​បាន​នៅ​ម៉ាត់​ទន្លេ​ថៃបឺ។ នៅ​ជិត​នោះ នា​ក្រុង​អូស្ទីយ៉ា​មាន​ទី​លាន​សាធារណៈ​ដ៏​ធំ​មួយ​ដែល​មាន​ការិយាល័យ​ផ្សេង​ៗ​នៅ​ជុំ​វិញ។ ការិយាល័យ​ជា​ច្រើន​នៅ​ទី​នោះ​ចាត់​ចែង​ការ​ដឹក​ទំនិញ​ទៅ​កំពង់​ផែ​ផ្សេង​ៗ ដូច​ជា​ការ​ដឹក​ទំនិញ​ទៅ​ក្រុង​ណា​បូន[​ដែល​សព្វ​ថ្ងៃ​នេះ​នៅ​ប្រទេស​បារាំង​] និង​ការ​ដឹក​ទំនិញ​ទៅ​ក្រុង​កាកតាស[​ដែល​សព្វ​ថ្ងៃ​នៅ​ប្រទេស​ទុយនីស៊ី​]ជា​ដើម។ ដូច្នេះ អ្នក​ធ្វើ​ដំណើរ​អាច​ទៅ​រក​សំពៅ​នៅ​ការិយាល័យ​ផ្សេង​ៗ​នា​ក្រុង​អូស្ទីយ៉ា​នោះ ដើម្បី​សួរ​អំពី​សំពៅ​ដែល​ទៅ​ក្រុង​នា​នា​តាម​ផ្លូវ​ដែល​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ​»។

ការ​ធ្វើ​ដំណើរ​តាម​សំពៅ​គឺ​លឿន​ជាង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ទៀត តែ​វា​ក៏​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ នៅ​ពេល​ដែល​ប៉ូល​បាន​ធ្វើ​ដំណើរ​ជា​សាសនទូត គាត់​បាន​លិច​សំពៅ​អស់​ប៉ុន្មាន​ដង។—២កូ. ១១:២៥