អត្ថបទសិក្សា ១៨
សេចក្ដីស្រឡាញ់និងយុត្ដិធម៌ក្នុងក្រុមជំនុំគ្រិស្តសាសនិក
«ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញច្បាប់គ្រិស្តគ្រប់ជំពូក»។—កាឡ. ៦:២
ចម្រៀងលេខ១២ ព្រះយេហូវ៉ាខ្លាំងក្លាមហិមា
សេចក្ដីសង្ខេប *
១. តើមានអ្វីពីរយ៉ាងដែលយើងអាចដឹងប្រាកដ?
ព្រះយេហូវ៉ាស្រឡាញ់ពួកអ្នកគោរពប្រណិប័តន៍លោក។ នេះជាអ្វីមួយដែលមិនផ្លាស់ប្ដូរឡើយ។ លោកក៏ស្រឡាញ់យុត្ដិធម៌ដែរ។ (ទំនុក. ៣៣:៥) ដូច្នេះ យើងអាចដឹងប្រាកដអំពីអ្វីពីរយ៉ាងគឺ៖ (១) ព្រះយេហូវ៉ាឈឺចិត្តពេលអ្នកបម្រើរបស់លោករងអំពើអយុត្ដិធម៌។ (២) លោកនឹងធ្វើឲ្យប្រាកដថាលោកនឹងរកយុត្ដិធម៌ឲ្យអ្នកនោះ។ ក្នុងអត្ថបទទី១នៃអត្ថបទដែលមានបួនភាគនេះ * យើងបានរៀនថាច្បាប់ដែលព្រះយេហូវ៉ាបានឲ្យប្រជាជាតិអ៊ីស្រាអែលតាមរយៈម៉ូសេមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ច្បាប់នោះបានលើកស្ទួយយុត្ដិធម៌សម្រាប់បណ្ដាជនទាំងឡាយ ជាពិសេសពួកអ្នកទន់ខ្សោយ។ (ចោ. ១០:១៨) ច្បាប់នោះបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នកគោរពប្រណិប័តន៍លោក។
២. តើយើងនឹងរកចម្លើយចំពោះសំណួរអ្វីខ្លះ?
២ ច្បាប់ម៉ូសេលែងមានសុពលភាពទៀតនៅឆ្នាំ៣៣ គ.ស. ពេលដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើង។ តើនេះមានន័យថាគ្រិស្តសាសនិកនឹងលែងនៅក្រោមច្បាប់មួយដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់និងដែលលើកស្ទួយយុត្ដិធម៌ឬទេ? មិនមែនទេ! គ្រិស្តសាសនិកមានច្បាប់ថ្មី។ ក្នុងអត្ថបទនេះ មុនដំបូងយើងនឹងពិចារណាអំពីច្បាប់ថ្មីនោះ។ បន្ទាប់មក យើងនឹងពិចារណាអំពីចម្លើយចំពោះសំណួរដូចតទៅនេះ៖ ហេតុអ្វីយើងអាចនិយាយថាច្បាប់នោះមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ ហើយលើកស្ទួយឬលើកទឹកចិត្តមនុស្សឲ្យប្រព្រឹត្តដោយយុត្ដិធម៌? តើច្បាប់នោះតម្រូវឲ្យពួកអ្នកដែលទទួលអំណាចពីព្រះប្រព្រឹត្តយ៉ាងណាទៅលើអ្នកឯទៀត?
តើ«ច្បាប់គ្រិស្ត»គឺជាអ្វី?
៣. តើ«ច្បាប់គ្រិស្ត»នៅកាឡាទី ៦:២រួមបញ្ចូលអ្វីខ្លះ?
៣ សូមអាន កាឡាទី ៦:២។ គ្រិស្តសាសនិកនៅក្រោម«ច្បាប់គ្រិស្ត»។ លោកយេស៊ូមិន បានឲ្យក្រឹត្យក្រមច្បាប់សម្រាប់ពួកអ្នកកាន់តាមលោកទេ ប៉ុន្តែលោកបានផ្ដល់បង្គាប់ខ្លះៗ ការណែនាំ និងគោលការណ៍ដើម្បីដឹកនាំពួកគេ។ «ច្បាប់គ្រិស្ត»រួមបញ្ចូលអ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្រៀន។ ក្នុងវគ្គបន្តបន្ទាប់នេះ យើងនឹងរៀនច្រើនជាងអំពីច្បាប់នោះ។
៤-៥. តើលោកយេស៊ូបានបង្រៀនអ្នកឯទៀតតាមរបៀបណាខ្លះ ហើយតើលោកបង្រៀនពួកគេនៅពេលណា?
៤ តើលោកយេស៊ូបានបង្រៀនមនុស្សតាមរបៀបណា? ទី១ លោកបង្រៀនពួកគេតាមរយៈពាក្យសម្ដីរបស់លោក។ ពាក្យសម្ដីរបស់លោកមានឥទ្ធិពលដោយសារលោកប្រាប់សេចក្ដីពិតអំពីព្រះ បង្រៀនអំពីគោលបំណងពិតនៃជីវិត និងបង្ហាញថារាជាណាចក្ររបស់ព្រះជាដំណោះស្រាយសម្រាប់ទុក្ខវេទនាទាំងអស់របស់មនុស្ស។ (លូក. ២៤:១៩) លោកយេស៊ូក៏បានបង្រៀនមនុស្សតាមរយៈគំរូរបស់លោកដែរ។ តាមរយៈរបៀបរស់នៅរបស់លោក លោកបង្ហាញអ្នកកាន់តាមលោកថាពួកគេគួរមានរបៀបរស់នៅបែបណា។—យ៉ូន. ១៣:១៥
៥ តើលោកយេស៊ូបានបង្រៀនមនុស្សនៅពេលណា? លោកបានបង្រៀនមនុស្សក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី។ (ម៉ាថ. ៤:២៣) លោកក៏បានបង្រៀនអ្នកកាន់តាមលោកមិនយូរក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ជាឧទាហរណ៍ លោកបានលេចមកជួបពួកអ្នកកាន់តាមលោកមួយក្រុម ដែលប្រហែលជាមានគ្នា៥០០នាក់ជាង ហើយបានបង្គាប់ពួកគេឲ្យ‹បង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក›។ (ម៉ាថ. ២៨:១៩, ២០; ១កូ. ១៥:៦) ក្នុងនាមជាប្រមុខក្រុមជំនុំ លោកយេស៊ូបន្តណែនាំពួកអ្នកកាន់តាមលោកក្រោយពីលោកបានត្រឡប់ទៅស្ថានសួគ៌វិញ។ ជាឧទាហរណ៍ ប្រហែលជានៅឆ្នាំ៩៦ គ.ស. គ្រិស្តបានបង្គាប់សាវ័កយ៉ូហានឲ្យលើកទឹកចិត្ត និងផ្ដល់ឱវាទដល់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង។—កូឡ. ១:១៨; បប. ១:១
៦-៧. (ក) តើសេចក្ដីបង្រៀនរបស់លោកយេស៊ូបានត្រូវកត់ទុកនៅឯណា? (ខ) តើយើងធ្វើតាមច្បាប់គ្រិស្តតាមរបៀបណា?
៦ តើសេចក្ដីបង្រៀនរបស់លោកយេស៊ូបានត្រូវកត់ទុកនៅឯណា? សៀវភៅដំណឹងល្អទាំងបួនរៀបរាប់អំពីពាក្យសម្ដីនិងការប្រព្រឹត្តជាច្រើនរបស់លោកយេស៊ូពេលលោកនៅផែនដី។ ម្យ៉ាងទៀត បុរសមួយចំនួនដែលមាន«គំនិតរបស់គ្រិស្ត»បានសរសេរបទគម្ពីរផ្សេងទៀតក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ហើយពួកគេបានសរសេរក្រោមការដឹកនាំរបស់សកម្មពលបរិសុទ្ធ។ សៀវភៅទាំងនោះក៏ជួយយើងឲ្យយល់អំពីទស្សនៈរបស់លោកយេស៊ូចំពោះរឿងផ្សេងៗ។—១កូ. ២:១៦
៧ មេរៀន: សេចក្ដីបង្រៀនរបស់លោកយេស៊ូជាប់ទាក់ទងនឹងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។ ដូច្នេះ យើងធ្វើតាមច្បាប់របស់គ្រិស្ត មិនថាយើងនៅផ្ទះ នៅកន្លែងធ្វើការ នៅសាលា និងនៅក្នុងក្រុមជំនុំក្ដី។ យើងរៀនអំពីច្បាប់នេះពេលយើងអានបទគម្ពីរគ្រិស្តយ៉ូន. ៨:២៨
សាសនិកជាភាសាក្រិច និងរំពឹងគិតអំពីបទគម្ពីរទាំងនោះ។ យើងធ្វើតាមច្បាប់នេះ ដោយមានរបៀបរស់នៅស្របតាមការណែនាំ បង្គាប់ និងគោលការណ៍ដែលបានត្រូវកត់ទុកក្នុងបទគម្ពីរទាំងនោះ។ ពេលយើងធ្វើតាមច្បាប់គ្រិស្ត យើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាព្រះដែលស្រឡាញ់យើងនិងជាប្រភពនៃសេចក្ដីបង្រៀនទាំងអស់របស់លោកយេស៊ូ។—ច្បាប់មួយដែលមានមូលដ្ឋាន លើសេចក្ដីស្រឡាញ់
៨. តើច្បាប់គ្រិស្តមានមូលដ្ឋានគ្រឹះទៅលើអ្វី?
៨ ផ្ទះដែលបានត្រូវសង់យ៉ាងល្អនិងដែលមានគ្រឹះរឹងមាំធ្វើឲ្យពួកអ្នកដែលរស់នៅក្នុងផ្ទះនោះ មានអារម្មណ៍ថាពួកគេមានសុវត្ថិភាព។ ស្រដៀងគ្នាដែរ ច្បាប់ដ៏ល្អមួយដែលមានមូលដ្ឋានលើគ្រឹះដ៏រឹងមាំ ជួយពួកអ្នកដែលធ្វើតាមច្បាប់នោះឲ្យមានអារម្មណ៍ថាពួកគេមានសុវត្ថិភាព។ ច្បាប់គ្រិស្តបានត្រូវរៀបចំឡើងដោយមានគ្រឹះមូលដ្ឋានដ៏ល្អបំផុត ពោលគឺសេចក្ដីស្រឡាញ់។ ហេតុអ្វីយើងអាចនិយាយដូច្នេះ?
៩-១០. តើឧទាហរណ៍អ្វីខ្លះបង្ហាញថាសេចក្ដីស្រឡាញ់ជំរុញចិត្តលោកយេស៊ូ ហើយតើយើងអាចយកតម្រាប់លោកយ៉ាងដូចម្ដេច?
៩ ទី១ សេចក្ដីស្រឡាញ់ជំរុញចិត្តលោកយេស៊ូក្នុងគ្រប់ការទាំងអស់។ ចិត្តអាណិតអាសូរ ឬចិត្តមេត្ដាករុណាដ៏ជ្រាលជ្រៅជាគុណសម្បត្ដិដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។ សេចក្ដីអាណិតមេត្ដាបានជំរុញចិត្តលោកយេស៊ូឲ្យបង្រៀនបណ្ដាជន ធ្វើឲ្យមនុស្សឈឺជាសះស្បើយ ផ្ដល់អាហារដល់មនុស្សដែលស្រេកឃ្លាន និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាថ. ១៤:១៤; ១៥:៣២-៣៨; ម៉ាក. ៦:៣៤; លូក. ៧:១១-១៥) ដោយស្មោះអស់ពីចិត្ត លោកយេស៊ូចាត់ទុកសេចក្ដីត្រូវការរបស់អ្នកឯទៀតថាសំខាន់ជាងសេចក្ដីត្រូវការរបស់លោក ទោះជាលោកត្រូវប្រើកម្លាំងនិងពេលវេលាជាច្រើនរបស់លោកដើម្បីធ្វើអ្វីទាំងអស់នោះក្ដី។ ប៉ុន្តែ របៀបដ៏សំខាន់បំផុតដែលលោកយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ គឺដោយលះបង់ជីវិតដើម្បីអ្នកឯទៀត។—យ៉ូន. ១៥:១៣
១០ មេរៀន: យើងអាចយកតម្រាប់លោកយេស៊ូដោយចាត់ទុកសេចក្ដីត្រូវការរបស់អ្នកឯទៀតថាសំខាន់ជាងសេចក្ដីត្រូវការរបស់ខ្លួន។ យើងក៏អាចយកតម្រាប់លោកដោយរៀនឲ្យចេះបង្ហាញថែមទៀតនូវសេចក្ដីអាណិតមេត្ដាដ៏ជ្រាលជ្រៅចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង។ ពេលសេចក្ដីអាណិតមេត្ដាជំរុញចិត្តយើងឲ្យផ្សព្វផ្សាយនិងបង្រៀនដំណឹងល្អ នោះយើងកំពុងធ្វើតាមច្បាប់គ្រិស្ត។
១១-១២. (ក) តើអ្វីបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង? (ខ) តើយើងអាចមានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ ទី២ លោកយេស៊ូបានបញ្ជាក់ឲ្យដឹងថាបិតាលោកស្រឡាញ់មនុស្សខ្លាំងយ៉ាងណា។ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នកគោរពប្រណិប័តន៍លោក។ មានរបៀបជាច្រើនដែលលោកបានបង្ហាញចំណុចនេះ។ ជាឧទាហរណ៍ លោកបានបង្រៀនដូចតទៅនេះថាយើងម្នាក់ៗមានតម្លៃចំពោះបិតារបស់យើងនៅស្ថានសួគ៌។ (ម៉ាថ. ១០:៣១) ព្រះយេហូវ៉ាចង់ទទួលស្វាគមន៍ចៀមវង្វេងដែលប្រែចិត្ត និងត្រឡប់មកក្រុមជំនុំវិញ។ (លូក. ១៥:៧, ១០) ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើងដោយឲ្យបុត្ររបស់លោកជាថ្លៃលោះយើង។—យ៉ូន. ៣:១៦
១២ មេរៀន: តើយើងអាចមានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (អេភ. ៥:១, ២) យើងចាត់ទុកបងប្អូនម្នាក់ៗរបស់យើងថាមានតម្លៃ ហើយយើងរីករាយទទួលស្វាគមន៍«ចៀមបាត់បង់»ដែលត្រឡប់មកព្រះយេហូវ៉ាវិញ។ (ទំនុក. ១១៩:១៧៦) យើងបង្ហាញថាយើងស្រឡាញ់បងប្អូនដោយប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីជួយពួកគេ ជាពិសេសពេលពួកគេត្រូវការជំនួយ។ (១យ៉ូន. ៣:១៧) យើងធ្វើតាមច្បាប់គ្រិស្ត ពេលយើងប្រព្រឹត្តចំពោះអ្នកឯទៀតដោយសេចក្ដីស្រឡាញ់។
១៣-១៤. (ក) នៅយ៉ូហាន ១៣:៣៤, ៣៥ តើលោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យធ្វើអ្វី ហើយហេតុអ្វីនេះជាបញ្ញត្ដិថ្មី? (ខ) តើយើងធ្វើតាមបញ្ញត្ដិថ្មីនោះយ៉ាងដូចម្ដេច?
១៣ ទី៣ លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។ (សូមអាន យ៉ូហាន ១៣:៣៤, ៣៥) បញ្ញត្ដិដែលលោកយេស៊ូឲ្យនោះគឺជាបញ្ញត្ដិថ្មី ដោយសារនោះតម្រូវឲ្យអ្នកកាន់តាមលោកបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបថ្មីមួយដែលខុសពីច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែល គឺថាពួកគេត្រូវស្រឡាញ់បងប្អូនរួមជំនឿដូចដែលលោកយេស៊ូស្រឡាញ់ពួកគេ។ នេះតម្រូវឲ្យមានសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។ * យើងត្រូវស្រឡាញ់បងប្អូនរួមជំនឿខ្លាំងជាងយើងស្រឡាញ់ខ្លួនឯង។ យើងត្រូវស្រឡាញ់ពួកគេរហូតដល់សុខចិត្តលះបង់ជីវិតដើម្បីពួកគេដូចដែលលោកយេស៊ូបានធ្វើចំពោះយើង។
១៤ មេរៀន: តើយើងធ្វើតាមបញ្ញត្ដិថ្មីយ៉ាងដូចម្ដេច? គឺដោយធ្វើការលះបង់ដើម្បីបងប្អូនរបស់យើង។ យើងមិនគ្រាន់តែសុខចិត្តស្លាប់ដើម្បីបងប្អូនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែអ្វីបន្ដិចបន្តួច ក៏យើងសុខចិត្តធ្វើការលះបង់ដែរ។ ជាឧទាហរណ៍ យើងកំពុងធ្វើតាមច្បាប់គ្រិស្ត ពេលយើងជួយឌុបបងប្អូនវ័យចាស់ជារឿយៗឲ្យទៅកិច្ចប្រជុំ ឬយើងសុខចិត្តលះបង់ចំណង់ចំណូលចិត្តរបស់ខ្លួនដើម្បីបំពេញចិត្តបុគ្គលជាទីស្រឡាញ់ ឬយើងសុំច្បាប់ពីការងារដើម្បីចូលរួមក្នុងកិច្ចការផ្ដល់ជំនួយនៅពេលមានគ្រោះមហន្តរាយធម្មជាតិ។ យើងក៏កំពុងជួយធ្វើឲ្យក្រុមជំនុំជាកន្លែងដែលមនុស្សម្នាក់ៗអាចមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព។
ច្បាប់មួយដែលលើកទឹកចិត្តមនុស្សឲ្យ ប្រព្រឹត្តដោយយុត្ដិធម៌
១៥-១៧. (ក) តើការប្រព្រឹត្តរបស់លោកយេស៊ូបង្ហាញយ៉ាងណាថាលោកយុត្ដិធម៌? (ខ) តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច?
១៥ ក្នុងគម្ពីរពាក្យ«យុត្ដិធម៌»សំដៅទៅលើការធ្វើអ្វីដែលព្រះចាត់ទុកថាត្រឹមត្រូវ ហើយធ្វើដូច្នេះដោយមិនរើសមុខ។ ហេតុអ្វីយើងអាចនិយាយថាច្បាប់គ្រិស្តលើកទឹកចិត្តមនុស្សឲ្យប្រព្រឹត្តដោយយុត្ដិធម៌?
១៦ ដំបូង សូមពិចារណាអំពីរបៀបដែលការប្រព្រឹត្តរបស់លោកយេស៊ូបង្ហាញថាលោកយុត្ដិធម៌។ នៅសម័យលោក អ្នកដឹកនាំសាសនាយូដាស្អប់អ្នកដែលមិនមែនជាជនជាតិយូដា មើលងាយជនជាតិយូដាដែលជាមនុស្សសាមញ្ញ និងមិនបង្ហាញការគោរពចំពោះស្ត្រី។ ប៉ុន្តែ លោកយេស៊ូប្រព្រឹត្តដោយយុត្ដិធម៌និងដោយមិនរើសមុខចំពោះមនុស្សទាំងអស់។ លោកទទួលស្វាគមន៍បុគ្គលដែលមានជំនឿលើលោក ទោះជាពួកគេមិនមែនជាជនជាតិយូដាក៏ដោយ។ (ម៉ាថ. ៨:៥-១០, ១៣) លោកបានផ្សព្វផ្សាយដល់មនុស្សទាំងអស់ដោយមិនរើសអើង មិនថាពួកគេជាអ្នកមានឬអ្នកក្រក្ដី។ (ម៉ាថ. ១១:៥; លូក. ១៩:២, ៩) លោកមិនដែលប្រព្រឹត្តដោយគ្មានមេត្ដាចំពោះមនុស្សស្រី ឬធ្វើបាបពួកគេឡើយ។ ផ្ទុយទៅវិញ លោកបានបង្ហាញការគោរពនិងសេចក្ដីសប្បុរសចំពោះមនុស្សស្រី រួមទាំងស្ត្រីដែលអ្នកឯទៀតមើលងាយ។—លូក. ៧:៣៧-៣៩, ៤៤-៥០
១៧ មេរៀន: យើងអាចយកតម្រាប់លោកយេស៊ូដោយប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនរើសមុខ និងដោយផ្សព្វផ្សាយដល់អស់អ្នកដែលចង់ស្ដាប់ ទោះជាពួកគេជាអ្នកមានឬអ្នកក្រ ឬកាន់សាសនាណាក៏ដោយ។ បុរសដែលជាគ្រិស្តសាសនិកពិតធ្វើតាមគំរូរបស់លោកយេស៊ូដោយបង្ហាញការគោរពចំពោះស្ត្រី។ ពេលយើងធ្វើអ្វីទាំងនេះ យើងកំពុងធ្វើតាមច្បាប់គ្រិស្ត។
១៨-១៩. តើលោកយេស៊ូបានបង្រៀនអ្វីស្តីអំពីយុត្ដិធម៌ ហើយតើយើងទាញយកមេរៀនអ្វីពីសេចក្ដីបង្រៀនរបស់លោក?
១៨ ទី២ សូមពិចារណាអ្វីដែលលោកយេស៊ូបានបង្រៀនអំពីយុត្ដិធម៌។ លោកបានបង្រៀនគោលការណ៍ដែលជួយពួកអ្នកកាន់តាមលោកឲ្យប្រព្រឹត្តចំពោះអ្នកឯទៀតដោយយុត្ដិធម៌។ ជាឧទាហរណ៍ លោកយេស៊ូបានបង្រៀនថា បើយើងចង់ឲ្យអ្នកឯទៀតប្រព្រឹត្តចំពោះយើងដោយយុត្ដិធម៌ យើងគួរប្រព្រឹត្តចំពោះពួកគេដោយយុត្ដិធម៌។ បើយើងធ្វើដូច្នេះ ពួកគេប្រហែលជាចង់ប្រព្រឹត្តចំពោះយើងដោយយុត្ដិធម៌វិញ។ (ម៉ាថ. ៧:១២) ប៉ុន្តែ ចុះបើយើងបានរងអំពើអយុត្ដិធម៌? លោកយេស៊ូក៏បានបង្រៀនពួកអ្នកកាន់តាមលោកឲ្យមានទំនុកចិត្តថាព្រះយេហូវ៉ានឹង«រកយុត្ដិធម៌ឲ្យ[ពួកអ្នក] ដែលស្រែករកលោកទាំងយប់ទាំងថ្ងៃ»។ (លូក. ១៨:៦, ៧) ពាក្យទាំងនេះជាសេចក្ដីសន្យាមួយ។ ព្រះរបស់យើងដែលស្រឡាញ់យុត្ដិធម៌ ដឹងអំពីទុក្ខលំបាកដែលយើងកំពុងប្រឈមមុខក្នុងគ្រាចុងក្រោយបង្អស់នេះ ហើយលោកសន្យាថាលោកនឹងរកយុត្ដិធម៌ឲ្យយើងនៅពេលត្រឹមត្រូវ។—២ថែ. ១:៦
១៩ មេរៀន: ពេលយើងធ្វើតាមគោលការណ៍ដែលលោកយេស៊ូបានបង្រៀន យើងនឹងប្រព្រឹត្តចំពោះអ្នកឯទៀតដោយយុត្ដិធម៌។ ម្យ៉ាងទៀត បើយើងបានរងអំពើអយុត្ដិធម៌ក្នុងពិភពលោករបស់សាថាន យើងអាចទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ានឹងរកយុត្ដិធម៌ឲ្យយើង។
តើពួកអ្នកដែលទទួលអំណាចពីព្រះគួរប្រព្រឹត្តយ៉ាងណាចំពោះអ្នកឯទៀត?
២០-២១. (ក) តើពួកអ្នកដែលមានអំណាចគួរប្រព្រឹត្តយ៉ាងណាចំពោះអ្នកឯទៀត? (ខ) តើប្ដីអាចបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនយ៉ាងដូចម្ដេច? តើឪពុកគួរប្រព្រឹត្តបែបណាចំពោះកូន?
២០ នៅក្រោមច្បាប់គ្រិស្ត តើពួកអ្នកដែលមានអំណាចគួរប្រព្រឹត្តយ៉ាងណាចំពោះអ្នកឯទៀត? ដោយសារសេចក្ដីស្រឡាញ់ជាមូលដ្ឋានគ្រឹះនៃច្បាប់នោះ ពួកអ្នកដែលមានអំណាចត្រូវលើកកិត្ដិយសពួកអ្នកដែលនៅក្រោមអំណាចរបស់ពួកគេ ហើយប្រព្រឹត្តចំពោះពួកគេដោយសេចក្ដីស្រឡាញ់។ ពួកគេត្រូវចាំថាគ្រិស្តចង់ឲ្យយើងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ក្នុងគ្រប់ការទាំងអស់។
២១ ក្នុងក្រុមគ្រួសារ: ប្ដីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន«ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ»។ (អេភ. ៥:២៥, ២៨, ២៩) ដូចគ្រិស្ត ប្ដីត្រូវមានសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួន ដោយចាត់ទុកសេចក្ដីត្រូវការនិងប្រយោជន៍របស់ប្រពន្ធថាសំខាន់ជាងរបស់ខ្លួន។ បុរសខ្លះប្រហែលជាពិបាកបង្ហាញសេចក្ដីស្រឡាញ់បែបនេះ ដោយសារពួកគេបានធំឡើងក្នុងវប្បធម៌ដែលមនុស្សមិនចាត់ទុកការប្រព្រឹត្តដោយយុត្ដិធម៌និងដោយសេចក្ដីស្រឡាញ់ថាសំខាន់ទេ។ ពួកគេប្រហែលជាពិបាកកែប្រែទម្លាប់ផ្សេងៗ ប៉ុន្តែពួកគេត្រូវធ្វើការកែប្រែទាំងនោះដើម្បីធ្វើតាមច្បាប់គ្រិស្ត។ ប្ដីដែលបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួននឹងទទួលការគោរពពីប្រពន្ធរបស់គាត់។ ឪពុកដែលពិតជាស្រឡាញ់កូននឹងមិនប្រព្រឹត្តដោយឃោរឃៅឬប្រើពាក្យប្រមាថមើលងាយចំពោះកូនទេ។ (អេភ. ៤:៣១) ផ្ទុយទៅវិញ គាត់បង្ហាញថាគាត់ស្រឡាញ់និងពេញចិត្តកូន ហើយនេះធ្វើឲ្យកូនមានអារម្មណ៍កក់ក្ដៅ និងមានអារម្មណ៍ថាពួកគេមានសុវត្ថិភាព។ ឪពុកបែបនេះនឹងទទួលសេចក្ដីស្រឡាញ់និងការទុកចិត្តពីកូន។
២២. ដូចចែងនៅពេត្រុសទី១ ៥:១-៣ តើ«ចៀម»ជារបស់អ្នកណា ហើយតើពួកអ្នកចាស់ទុំគួរប្រព្រឹត្តយ៉ាងណាចំពោះពួកគេ?
២២ ក្នុងក្រុមជំនុំ: ពួកអ្នកចាស់ទុំត្រូវចាំថា«ចៀម»មិនមែនជារបស់ពួកគាត់ទេ។ (យ៉ូន. ១០:១៦; សូមអាន ពេត្រុសទី១ ៥:១-៣) ពាក្យ«ហ្វូងចៀមរបស់ព្រះ»និង«មត៌ករបស់ព្រះ»រំលឹកពួកអ្នកចាស់ទុំថាចៀមជារបស់ព្រះយេហូវ៉ា។ លោកចង់ឲ្យពួកគាត់ប្រព្រឹត្តដោយសេចក្ដីស្រឡាញ់និងដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះចៀមរបស់លោក។ (១ថែ. ២:៧, ៨) ពួកអ្នកចាស់ទុំដែលបង្ហាញ សេចក្ដីស្រឡាញ់ក្នុងការបំពេញភារកិច្ចរបស់ពួកគាត់ជាគង្វាល ទទួលការពេញចិត្តពីព្រះយេហូវ៉ា។ ពួកអ្នកចាស់បែបនេះក៏ទទួលសេចក្ដីស្រឡាញ់និងការគោរពពីបងប្អូនដែរ។
២៣-២៤. (ក) តើពួកអ្នកចាស់ទុំមានតួនាទីអ្វីពេលបុគ្គលណាម្នាក់ក្នុងក្រុមជំនុំបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? (ខ) ក្នុងករណីបែបនោះ តើពួកអ្នកចាស់ទុំត្រូវពិចារណាអំពីអ្វី?
២៣ តើពួកអ្នកចាស់ទុំមានតួនាទីអ្វីពេលមានអ្នកណាម្នាក់ក្នុងក្រុមជំនុំប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? ពួកគាត់មានតួនាទីខុសពីចៅក្រមនិងបុរសចាស់ទុំដែលនៅក្រោមច្បាប់ដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែល។ នៅក្រោមច្បាប់នោះ ពួកបុរសដែលបានត្រូវតែងតាំងមិនគ្រាន់តែដោះស្រាយរឿងដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ប៉ុណ្ណោះទេ តែក៏ដោះស្រាយរឿងក្ដីព្រហ្មទណ្ឌ និងរឿងក្ដីរដ្ឋប្បវេណីឬរឿងក្ដីស៊ីវិលដែរ។ ប៉ុន្តែ ក្រោមច្បាប់គ្រិស្ត ពួកអ្នកចាស់ទុំមានតួនាទីដោះស្រាយតែផ្នែកដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះប៉ុណ្ណោះ។ ពួកគាត់ទទួលស្គាល់ថាព្រះបានផ្ដល់ភារកិច្ចឲ្យពួកអាជ្ញាធរដើម្បីដោះស្រាយរឿងក្ដីព្រហ្មទណ្ឌនិងរឿងក្ដីរដ្ឋប្បវេណី។ នេះរួមបញ្ចូលអំណាចក្នុងការផាកពិន័យឬដាក់គុក។—រ៉ូម ១៣:១-៤
២៤ ដូច្នេះ តើពួកអ្នកចាស់ទុំមានភារកិច្ចអ្វីខាងការគោរពប្រណិប័តន៍ពេលបុគ្គលណាម្នាក់ក្នុងក្រុមជំនុំបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? ពួកគាត់ប្រើបទគម្ពីរដើម្បីថ្លឹងថ្លែងនិងធ្វើការសម្រេចចិត្តអំពីរឿងនោះ។ ពួកគាត់ចាំជានិច្ចថាសេចក្ដីស្រឡាញ់គឺជាមូលដ្ឋានគ្រឹះនៃច្បាប់គ្រិស្ត។ សេចក្ដីស្រឡាញ់ជំរុញពួកអ្នកចាស់ទុំឲ្យពិចារណាថា តើពួកគាត់ត្រូវធ្វើអ្វីដើម្បីជួយបុគ្គលក្នុងក្រុមជំនុំដែលបានរងអំពើខុសឆ្គងធ្ងន់ធ្ងរនោះ? ស្តីអំពីបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គង សេចក្ដីស្រឡាញ់ជំរុញពួកអ្នកចាស់ទុំឲ្យពិចារណាសំណួរដូចជា៖ តើគាត់ប្រែចិត្តឬទេ? តើយើងអាចជួយគាត់ឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញឬទេ?
២៥. តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទបន្ទាប់?
២៥ យើងពិតជាមានចិត្តកតញ្ញូដែលយើងនៅក្រោមច្បាប់គ្រិស្ត! ពេលយើងទាំងអស់គ្នាខំប្រឹងធ្វើតាមច្បាប់នេះ យើងជួយធ្វើឲ្យក្រុមជំនុំរបស់យើងទៅជាកន្លែងដែលបុគ្គលម្នាក់ៗអាចមានអារម្មណ៍ថាខ្លួនមានតម្លៃ មានសុវត្ថិភាព និងទទួលសេចក្ដីស្រឡាញ់។ ប៉ុន្តែ យើងកំពុងរស់នៅក្នុងពិភពលោកមួយដែល«មនុស្សទុច្ចរិត . . . កាន់តែអាក្រក់ទៅៗ»។ (ធីម៉ូថេទី២ ៣:១៣) ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នជានិច្ច។ តើក្រុមជំនុំគ្រិស្តសាសនិកអាចបង្ហាញយុត្ដិធម៌របស់ព្រះយ៉ាងដូចម្ដេច ពេលប្រឈមមុខនឹងការបៀតបៀនកេរ្ដិ៍ខ្មាសកុមារ? នៅអត្ថបទបន្ទាប់យើងនឹងឆ្លើយសំណួរនេះ។
ចម្រៀងលេខ១៥ ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
^ វគ្គ 5 អត្ថបទនេះនិងអត្ថបទពីរទៀតដែលនៅក្នុងចំណោមអត្ថបទដែលមានបួនភាគ ពន្យល់អំពីមូលហេតុដែលយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាជាព្រះនៃសេចក្ដីស្រឡាញ់និងយុត្ដិធម៌។ លោកចង់ឲ្យរាស្ត្ររបស់លោកទទួលយុត្ដិធម៌ ហើយលោកសម្រាលទុក្ខពួកអ្នកដែលបានរងអំពើអយុត្ដិធម៌ក្នុងពិភពលោកដ៏អាក្រក់នេះ។
^ វគ្គ 1 សូមមើលអត្ថបទដែលមានចំណងជើងថា «សេចក្ដីស្រឡាញ់និងយុត្ដិធម៌នៅអ៊ីស្រាអែលសម័យបុរាណ» ក្នុងទស្សនាវដ្ដីប៉មយាម ខែកុម្ភៈ ឆ្នាំ២០១៩។
^ វគ្គ 13 ការពន្យល់ពាក្យ: សេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនជំរុញចិត្តយើងឲ្យចាត់ទុកសេចក្ដីត្រូវការនិងប្រយោជន៍របស់អ្នកឯទៀតថាសំខាន់ជាងសេចក្ដីត្រូវការនិងប្រយោជន៍របស់ខ្លួន។ យើងសុខចិត្តធ្វើការលះបង់ដើម្បីប្រយោជន៍អ្នកឯទៀត ឬដើម្បីជួយពួកគេ។
^ វគ្គ 61 ការពណ៌នាអំពីរូបភាព: លោកយេស៊ូកត់សម្គាល់ស្ត្រីមេម៉ាយម្នាក់ដែលមានកូនប្រុសស្លាប់។ យុវជននេះជាកូនប្រុសតែមួយគត់របស់នាង។ លោកយេស៊ូមានចិត្តក្ដួលអាណិតចំពោះនាង ហើយបានប្រោសយុវជននោះឲ្យរស់ឡើងវិញ។
^ វគ្គ 63 ការពណ៌នាអំពីរូបភាព: លោកយេស៊ូបរិភោគអាហារនៅផ្ទះរបស់ស៊ីម៉ូនដែលជាផារិស៊ីម្នាក់។ ស្ត្រីម្នាក់ដែលប្រហែលជាស្ត្រីពេស្យា បានលាងជើងលោកយេស៊ូដោយទឹកភ្នែករបស់នាង ហើយយកសក់របស់នាងមកជូត ព្រមទាំងចាក់ប្រេងក្រអូបលាបលើជើងលោក។ ស៊ីម៉ូនមិនពេញចិត្តចំពោះការប្រព្រឹត្តរបស់ស្ត្រីនោះទេ ប៉ុន្តែលោកយេស៊ូបាននិយាយការពារនាង។