លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ការ​ពារ​ខ្លួន​ពី​អន្ទាក់​មួយ​របស់​សាថាន

របៀប​ការ​ពារ​ខ្លួន​ពី​អន្ទាក់​មួយ​របស់​សាថាន

កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​កំពុង​ត្រៀម​ខ្លួន​ឆ្លង​ទន្លេ​យ៉ូដាន់​ដើម្បី​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា មាន​មនុស្ស​មួយ​ចំនួន​បាន​មក​រក​ពួក​គេ។ អ្នក​ទាំង​នោះ​ជា​ស្ត្រីជន​ជាតិ​ដទៃ​ដែល​បាន​អញ្ជើញ​ពួក​ប្រុស​ៗ​ឲ្យ​ទៅ​ពិធី​ជប់​លៀង​មួយ។ នេះ​ប្រហែល​ជា​មើល​ទៅ​ជា​ឱកាស​ដ៏​កម្រ​មាន។ ការ​រាប់​អាន​មិត្ត​ភក្ដិ​ថ្មី ការ​រាំ និង​ការ​បរិភោគ​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​អាច​ជា​អ្វី​ដែល​គួរ​ឲ្យ​ទាក់​ទាញ។ ទោះ​ជា​ស្ត្រី​ទាំង​នោះ​មាន​សីលធម៌​និង​ទំនៀម​ទម្លាប់​ខុស​ពី​អ្វី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្លាប់​រៀន​ពី​ច្បាប់​របស់​ព្រះ​ក្ដី បុរស​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​ប្រហែល​ជា​បាន​គិត​ថា ‹មិន​អី​ទេ ពួក​គេ​នឹង​មិន​មាន​ឥទ្ធិពល​លើ​យើង​ឡើយ។ យើង​នឹង​ប្រុង​ប្រយ័ត្ន›។

តើ​អ្វី​បាន​កើត​ឡើង? កំណត់​ហេតុ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​អំពី​ពេល​នោះ​ចែង​ថា​៖ ​«​បណ្ដា​ជន​ចាប់​តាំង​សហាយស្មន់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ម៉ូអាប់​»។ តាម​ពិត ​ស្ត្រី​ទាំង​នោះ​ចង់​ឲ្យ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​គោរព​បូជា​ព្រះ​មិន​ពិត​របស់​ពួក​គេ ហើយ​បុរស​ទាំង​នោះ​បាន​គោរព​បូជា​ព្រះ​ទាំង​នោះ​មែន! ហេតុ​នេះ​ហើយ ‹ព្រះ​យេហូវ៉ា ឆួល​ឡើង​ទាស់​នឹង​គេ›។—ជន. ២៥:១​-​៣

ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​បាន​បំពាន​ច្បាប់​របស់​ព្រះ​ពីរ​យ៉ាង។ ទី១ ពួក​គេ​បាន​គោរព​បូជា​រូប​ព្រះ និង​ទី២​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​បាន​ស្លាប់​ដោយ​សារ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ។ (​និក្ខ. ២០:៤, ៥, ១៤; ចោ. ១៣:៦​-​៩​) ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​នេះ​រឹត​តែ​គួរ​ឲ្យ​ខ្លោច​ផ្សា​នោះ​គឺ​ពេល​វេលា។ បើ​បុរស​រាប់​ពាន់​នាក់​នោះ​មិន​បាន​បំពាន​ច្បាប់​របស់​ព្រះ​ទេ មិន​យូរ​ទៀត ពួក​គេ​នឹង​បាន​ឆ្លង​ទន្លេ​យ៉ូដាន់​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា។—ជន. ២៥:៥,

ស្តី​អំពី​ហេតុ​ការណ៍​ទាំង​នោះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ការ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួក​គេ​ទុក​ជា​គំរូ ក៏​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ​»។ (​១កូ. ១០:៧​-​១១​) សាថាន​ប្រាកដ​ជា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ហេតុ​នេះ​ពួក​គេ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា។ គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​ចង​ចាំ​អំពី​ការ​ព្រមាន​នេះ ដោយ​ដឹង​ថា​សាថាន​នឹង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​បើ​វា​អាច​ធ្វើ​ឲ្យ​យើង​មិន​អាច​ចូល​ពិភព​លោក​ថ្មី​របស់​ព្រះ!

អន្ទាក់​ដ៏​គ្រោះ​ថ្នាក់

នៅ​សព្វ​ថ្ងៃ​នេះ សាថាន​ចង់​ឲ្យ​គ្រិស្ត​សាសនិក​ជាប់​អន្ទាក់ ហើយ​វា​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​កលល្បិច​ដែល​ធ្លាប់​មាន​ប្រសិទ្ធភាព​ពី​មុន។ ដូច​ដែល​យើង​បាន​រៀន​រួច​ហើយ សាថាន​បាន​ប្រើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដើម្បី​ទាក់​ទាញ​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​សម័យ​យើង​ដែរ អំពើ​ប្រាស​ចាក​សីលធម៌​នៅ​តែ​ជា​អន្ទាក់​ដ៏​គ្រោះ​ថ្នាក់។ ការ​មើល​រូប​អាសអាភាស​ជា​របៀប​មួយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ជាប់​អន្ទាក់​នោះ។

សព្វ​ថ្ងៃ​នេះ មនុស្ស​អាច​មើល​រូប​អាសអាភាស​បាន​ដោយ​គ្មាន​អ្នក​ណា​ដឹង​ទេ។ ប៉ុន្មាន​ទសវត្សរ៍​មុន អ្នក​ដែល​ចង់​មើល​រូប​អាសអាភាស​ប្រហែល​ជា​ត្រូវ​ទៅ​រោង​កុន​ដើម្បី​មើល​រឿង​ដែល​មិន​សមរម្យ ឬ​ត្រូវ​ទៅ​ហាង​លក់​សៀវភៅ​អាសអាភាស​ដើម្បី​ទិញ​សៀវភៅ​ដែល​មាន​រូប​អាសអាភាស។ ដោយ​សារ​មនុស្ស​ជា​ច្រើន​ខ្មាស​គេ ហើយ​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​ពួក​គេ​នៅ​កន្លែង​នោះ​ឬ​នៅ​ជិត​ទី​នោះ នេះ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចៀស​ផុត​ពី​ការ​មើល​រូប​អាសអាភាស។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មនុស្ស​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​មើល​រូប​អាសអាភាស​នៅ​កន្លែង​ធ្វើ​ការ ឬ​សូម្បី​តែ​នៅ​ក្នុង​ឡាន ក៏​ពួក​គេ​អាច​មើល​បាន​ដែរ។ នៅ​ប្រទេស​ជា​ច្រើន ទាំង​ប្រុស​ទាំង​ស្រី​អាច​មើល​រូប​អាសអាភាស​ដោយ​មិន​ចាំ​បាច់​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទូរស័ព្ទ​ដៃ​និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ​បាន​ធ្វើ​ឲ្យ​ការ​មើល​រូប​អាសអាភាស​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ពេល​មនុស្ស​ដើរ​តាម​ផ្លូវ ជិះ​ឡាន​ក្រុង ឬ​រថ​ភ្លើង ពួក​គេ​អាច​មើល​រូប​អាសអាភាស​ក្នុង​គ្រឿង​អេឡិចត្រូនិក​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ដៃ។

ដោយ​សារ​ការ​មើល​រូប​អាសអាភាស​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ហើយ​ជា​អ្វី​ដែល​ពួក​គេ​អាច​លាក់​ពី​អ្នក​ឯ​ទៀត ការ​មើល​រូប​អាសអាភាស​ជា​បញ្ហា​ធំ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ អ្នក​ដែល​មើល​រូប​អាសអាភាស​បាន​បំផ្លាញ​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ លែង​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន និង​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដែល​ផ្ដន្ទា​ទោស។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ពួក​គេ​អាច​បាត់​បង់​ចំណង​មិត្តភាព​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​ព្រះ។ មែន​ហើយ អ្នក​អាច​ឃើញ​ច្បាស់​ថា​បុគ្គល​ដែល​មើល​រូប​អាសអាភាស​ទទួល​ផល​វិបាក។ ក្នុង​ករណី​ជា​ច្រើន ការ​មើល​រូប​អាសអាភាស​នាំ​មក​នូវ​វិបត្ដិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ។ វិបត្ដិ​ទាំង​នោះ​ប្រហែល​ជា​អាច​ព្យាបាល​បាន ប៉ុន្តែ​ប្រហែល​ជា​បន្សល់​ទុក​នូវ​ស្លាកស្នាម​ដ៏​យូរ​អង្វែង។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​គួរ​ចាំ​ថា​ព្រះ​យេហូវ៉ា​អាច​ការ​ពារ​យើង​ពី​អន្ទាក់​របស់​សាថាន។ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​មិន​បាន​ធ្វើ ពោល​គឺ​«​ស្ដាប់​តាម​»​លោក។ (​និក្ខ. ១៩:៥​) យើង​ត្រូវ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ស្អប់​រូប​អាសអាភាស។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ?

ចូរ​ស្អប់​រូប​អាសអាភាស ដូច​ដែល​ព្រះ​យេហូវ៉ា​ស្អប់

ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​គឺ​ខុស​ពី​ច្បាប់​ដែល​ប្រជា​ជាតិ​ឯ​ទៀត​មាន​នៅ​សម័យ​នោះ។ ដូច​ជញ្ជាំង ច្បាប់​ទាំង​នោះ​អាច​ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ប្រជា​ជាតិ​ផ្សេង​ៗ​ដែល​នៅ​ជុំ​វិញ និង​ពី​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ពួក​គេ។ (​ចោ. ៤:៦​-​៨​) ច្បាប់​ទាំង​នោះ​បញ្ជាក់អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​ថា ព្រះ​យេហូវ៉ា​ស្អប់​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

ពេល​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ដែល​ប្រជា​ជាតិ​នៅ​ជុំ​វិញ​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត លោក​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​មិន​ត្រូវ​ឲ្យ[​ឯង​រាល់​គ្នា​]ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​នោះ . . . ស្រុក​គេ​ក៏​ត្រូវ​ស្មោក​គ្រោក​ដែរ បាន​ជា​អញ​ទំ​លាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ​»។ ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល របៀប​រស់​នៅ​របស់​ជន​ជាតិ​កាណាន​គឺ​គួរ​ឲ្យ​ស្អប់ខ្ពើម​ក្រៃ​លែង​រហូត​ដល់​ស្រុក​ដែល​គេ​រស់​នៅ​បាន​ទៅ​ជា​មិន​ស្អាត​ឬ​ស្មោក​គ្រោក។—លេវី. ១៨:៣, ២៥

ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ជន​ជាតិ​កាណាន​ក្ដី មនុស្ស​ឯ​ទៀត​បាន​បន្ត​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ជាង​១.៥០០​ឆ្នាំ​ក្រោយ​មក ប៉ូល​បាន​រៀប​រាប់​អំពី​មនុស្ស​ដែល​រស់​នៅ​ប្រទេស​ដែល​មាន​គ្រិស្ត​សាសនិក​ថា​៖ ​«​ពួក​គេ​លែង​ស្គាល់​ល្អ​ស្គាល់​អាក្រក់​»។ តាម​ការ​ពិត​«​ពួក​គេ​បណ្ដោយ​ខ្លួន​ទៅ​តាម​សីលធម៌​ធូរ​រលុង ដើម្បី​ធ្វើ​អំពើ​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ដោយ​ចិត្ត​លោភ​លន់​»។ (​អេភ. ៤:១៧​-​១៩​) នៅ​សព្វ​ថ្ងៃ​នេះ​ដែរ មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ហើយ​ក៏​គ្មាន​ការ​អៀន​ខ្មាស​ចំពោះ​ទង្វើ​ទាំង​នោះ​ដែរ។ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​ការ​មើល​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​អំពើ​ប្រាស​ចាក​សីលធម៌។

រូប​អាសអាភាស​ជា​អ្វី​មួយ​ដែល​ប្រមាថ​ព្រះ។ លោក​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក ហើយ​ឲ្យ​យើង​នូវ​សមត្ថភាព​ចេះ​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ព្រះ​បាន​បង្ហាញ​អំពី​ប្រាជ្ញា​របស់​លោក ដោយ​ឲ្យ​ច្បាប់​អំពី​ការ​រួម​ភេទ។ តាម​គោល​បំណង​របស់​លោក ការ​រួម​ភេទ​គឺ​នាំ​ឲ្យ​ប្ដី​ប្រពន្ធ​មាន​អំណរ។ (​លោ. ១:២៦​-​២៨; សុភ. ៥:១៨, ១៩​) ប៉ុន្តែ តើ​ពួក​អ្នក​ដែល​ផលិត​ឬ​ផ្សាយ​អំពី​រូប​អាសអាភាស​ធ្វើ​អ្វី​វិញ? ពួក​គេ​មិន​អើពើ​ទាល់​តែ​សោះ​នឹង​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ។ មែន​ហើយ មនុស្ស​ដែល​ផ្សាយ​អំពី​រូប​អាសអាភាស​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អាប់​ឱន​កិត្ដិយស។ ព្រះ​នឹង​វិនិច្ឆ័យ​ទោស​ពួក​អ្នក​ដែល​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​លោក ដោយ​ផលិត​ឬ​ផ្សាយ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌។—រ៉ូម ១:២៤​-​២៧

ប៉ុន្តែ ចុះ​យ៉ាង​ណា​អំពី​មនុស្ស​ដែល​អាន​ឬ​មើល​រូប​អាសអាភាស? អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​នេះ​ជា​ការ​កម្សាន្ត​ដែល​គ្មាន​គ្រោះ​ថ្នាក់​ទេ។ ប៉ុន្តែ តាម​ការ​ពិត​ពួក​គេ​កំពុង​គាំ​ទ្រ​ពួក​អ្នក​ដែល​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ប្រហែល​ជា​មិន​មាន​បំណង​ធ្វើ​ដូច្នេះ​ទេ ពេល​ពួក​គេ​បាន​ចាប់​ផ្ដើម​មើល​រូប​អាសអាភាស។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ពិត គួរតែ​ស្អប់ខ្ពើម​រូប​អាសអាភាស។ គម្ពីរ​ដាស់​តឿន​ថា​៖ ​«​ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​ចុះ​»។—ទំនុក. ៩៧:១០

សូម្បី​តែ​បុគ្គល​ដែល​ចង់​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស​ក៏​អាច​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​បែប​នេះ។ យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​យើង​ប្រហែល​ជា​ត្រូវ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ផ្លូវ​ភេទ​ដែល​មិន​ស្អាត​ស្អំ។ បន្ថែម​ទៅ​ទៀត ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ចិត្ត​របស់​យើង​រក​លេស​ដើម្បី​យើង​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ (​យេ. ១៧:៩​) ប៉ុន្តែ​បុគ្គល​ជា​ច្រើន​ដែល​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​បាន​យក​ឈ្នះ​បញ្ហា​នេះ។ នេះ​អាច​លើក​ទឹក​ចិត្ត​អ្នក បើ​អ្នក​មាន​បញ្ហា​ស្រដៀង​នឹង​នេះ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​រូប​អាសអាភាស​ដែល​ជា​អន្ទាក់​របស់​សាថាន។

ចូរ​កុំ​បន្ត​គិត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​ប្រាស​ចាក​សីលធម៌

ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុង​ចិត្ត រហូត​ដល់​ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដែល​នាំ​មក​នូវ​ផល​វិបាក។ នេះ​អាច​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​គ្រោះ​ថ្នាក់​នោះ​ថា​៖ ​«​មនុស្ស​ទាំង​អស់​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។ រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង​»។ (​យ៉ា. ១:១៤, ១៥​) បើ​បុគ្គល​ណា​ម្នាក់​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ប្រាស​ចាក​សីលធម៌​រីក​ដុះ​ដាល​ឡើង​ក្នុង​ចិត្ត យូរ​ៗ​ទៅ​គាត់​ទំនង​ជា​នឹង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ដូច្នេះ យើង​ត្រូវ​លះ​ចោល​គំនិត​ប្រាស​ចាក​សីលធម៌ មិន​មែន​បណ្ដែត​បណ្ដោយ​ខ្លួន​ឲ្យ​គិត​អំពី​អ្វី​ទាំង​នោះ​ទេ។

បើ​អ្នក​ឃើញ​ថា​អ្នក​បន្ត​គិត​អំពី​អំពើ​ប្រាស​ចាក​សីលធម៌ សូម​ចាត់​វិធានការ​ភ្លាម​ៗ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​ដៃ​ម្ខាង​ឬ​ជើង​ម្ខាង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ។ . . . ម្យ៉ាង​ទៀត ប្រសិន​បើ​ភ្នែក​ម្ខាង​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ​»។ (​ម៉ាថ. ១៨:៨, ៩​) លោក​យេស៊ូ​មិន​ចង់​មាន​ប្រសាសន៍​ថា​យើង​គួរ​បង្ខូច​រូប​កាយ​របស់​យើង​ទេ។ លោក​ប្រើ​ឧទាហរណ៍​នេះ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ថា​យើង​ត្រូវ​ស្វែង​យល់​អំពី​ដើម​ហេតុ​ដែល​នាំ​ឲ្យ​យើង​មាន​គំនិត​មិន​ត្រឹម​ត្រូវ ហើយ​បន្ទាប់​មក​កែ​ប្រែ​ភ្លាម​ៗ។ តើ​យើង​អាច​ធ្វើ​តាម​យោបល់​នេះ​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​រូប​អាសអាភាស?

បើ​អ្នក​ឃើញ​រូប​អាសអាភាស សូម​កុំ​គិត​ថា‹មិន​អី​ទេ​សម្រាប់​ខ្ញុំ›។ ចូរ​បែរ​មុខ​ចេញ​ភ្លាម​ៗ។ ចូរ​បិទ​ទូរទស្សន៍​តែម្ដង។ ចូរ​បិទ​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ដៃ​ភ្លាម។ ចូរ​គិត​អំពី​អ្វី​ដែល​ស្អាត​ស្អំ​វិញ។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​គំនិត​របស់​អ្នក​ជា​ជាង​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​គ្រប់​គ្រង​លើ​អ្នក។

ចុះ​បើ​អ្នក​នៅ​តែ​នឹក​ឃើញ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ដែល​អ្នក​ធ្លាប់​មើល​នៅ​អតីតកាល?

រូប​ឬ​គំនិត​អាសអាភាស​អាច​ដក់​ជាប់​ក្នុង​គំនិត​អស់​រយៈ​ពេល​យូរ ហើយ​អាច​លេច​មក​ដោយ​មិន​បាន​រំពឹង​ទុក។ ចុះ​បើ​អ្នក​បាន​ឈប់​មើល​រូប​អាសអាភាស តែ​យូរ​ៗ​ម្ដង​អ្វី​ដែល​អ្នក​ធ្លាប់​មើល​លេច​មក​ក្នុង​គំនិត​របស់​អ្នក? បើ​នេះ​កើត​ឡើង អ្នក​ប្រហែល​ជា​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​មិន​ស្អាត​ស្អំ ដូច​ជា​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ។ សូម​ដឹង​ថា​គំនិត​បែប​នេះ​ប្រហែល​ជា​នឹង​លេច​មក​ក្នុង​គំនិត​របស់​អ្នក តែ​សូម​តាំង​ចិត្ត​តយុទ្ធ​នឹង​គំនិត​ទាំង​នេះ។

ចូរ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​ព្រះ​ពេញ​ចិត្ត។ ចូរ​ធ្វើ​ដូច​សាវ័ក​ប៉ូល​ដែល​សុខ​ចិត្ត​«​វាយ​ដំ​រូប​កាយ​របស់[​ខ្លួន​] ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ​»។ (​១កូ. ៩:២៧​) ចូរ​កុំ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ស្អាត​ស្អំ។ ‹ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ›។ (​រ៉ូម ១២:២​) សូម​ចាំ​ថា ការ​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នាំ​ឲ្យ​ស្កប់​ចិត្ត​ជាង​ឆ្ងាយ​ណាស់​ពី​ការ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង។

ការ​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នាំ​ឲ្យ​ស្កប់​ចិត្ត​ជាង​ឆ្ងាយ​ណាស់​ពី​ការ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង

ចូរ​ព្យាយាម​ចាំ​បទ​គម្ពីរ​មួយ​ចំនួន។ រួច​ពេល​មាន​គំនិត​ខុស​ឆ្គង​លេច​មក ចូរ​បង្ខំ​ខ្លួន​ឲ្យ​គិត​អំពី​បទ​គម្ពីរ​ទាំង​នោះ។ បទ​គម្ពីរ​ដូច​ជា​ទំនុក​តម្កើង ១១៩:៣៧; អេសាយ ៥២:១១; ម៉ាថាយ ៥:២៨; អេភេសូរ ៥:៣; កូឡុស ៣:៥; និង​ថែស្សាឡូនិច​ទី១ ៤:៤​-​៨ នឹង​ជួយ​អ្នក​កែ​តម្រង់​ទស្សនៈ​របស់​អ្នក​ឲ្យ​សម​ស្រប​នឹង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រូប​អាសអាភាស ហើយ​អំពី​អ្វី​ដែល​លោក​តម្រូវ​ពី​អ្នក។

តើ​អ្នក​គួរ​ធ្វើ​អ្វី បើ​មាន​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ការ​មើល​ឬ​ការ​គិត​អំពី​អ្វី​ដែល​ប្រាស​ចាក​សីលធម៌​គឺ​ពិបាក​តយុទ្ធ​យ៉ាង​ខ្លាំង? ចូរ​ដើរ​តាម​លំ​អាន​ដាន​របស់​បុគ្គល​ដែល​បាន​ទុក​គំរូ​ឲ្យ​យើង ពោល​គឺ​លោក​យេស៊ូ។ (​១ពេ. ២:២១​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក សាថាន​ល្បួង​លោក​ម្ដង​ហើយ​ម្ដង​ទៀត។ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? លោក​ទប់​ទល់​នឹង​ការ​ល្បួង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត។ ដោយ​លើក​ឡើង​នូវ​បទ​គម្ពីរ​ម្ដង​មួយ​ៗ លោក​បាន​បដិសេធ​ការ​ល្បួង​ពី​សាថាន។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នែ! សាថាន! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»​ រួច​សាថាន​បាន​ចាក​ចេញ​ពី​លោក។ ដូច​ដែល​លោក​យេស៊ូ​មិន​បាន​ឈប់​ព្យាយាម​តយុទ្ធ​នឹង​មេ​កំណាច អ្នក​ក៏​មិន​គួរ​ឈប់​ព្យាយាម​ដែរ។ (​ម៉ាថ. ៤:១​-​១១​) សាថាន​និង​ពិភព​លោក​របស់​វា​នឹង​បន្ត​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​គិត​អំពី​អ្វី​ដែល​ប្រាស​ចាក​សីលធម៌ តែ​សូម​កុំ​ឈប់​ព្យាយាម​តយុទ្ធ​ជា​មួយ​នឹង​ពួក​វា។ អ្នក​អាច​យក​ឈ្នះ​ការ​មើល​រូប​អាសអាភាស​បាន។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​អ្នក​អាច​យក​ឈ្នះ​សត្រូវ​របស់​អ្នក។

ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ស្ដាប់​បង្គាប់​លោក

ចូរ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិដ្ឋាន។ ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភី. ៤:៦, ៧​) ព្រះ​នឹង​ឲ្យ​អ្នក​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដើម្បី​ជួយ​អ្នក​ឲ្យ​ទប់​ទល់​នឹង​ការ​ធ្វើ​អ្វី​ដែល​ខុស។ បើ​អ្នក​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ​«​លោក​នឹង​ចូល​មក​ជិត​អ្នក​»​ដែរ។—យ៉ា. ៤:៨

ការ​ការ​ពារ​ដ៏​ល្អ​បំផុត​ពី​អន្ទាក់​របស់​សាថាន​គឺ​ដោយ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​គ្រប់​គ្រង​លើ​សកល​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ[​សាថាន​]ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ​»។ (​យ៉ូន. ១៤:៣០​) ហេតុ​អ្វី​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​បែប​នេះ? លោក​បាន​ពន្យល់​ថា​៖ ​«​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​នៅ​ជា​មួយ​នឹង​ខ្ញុំ។ លោក​មិន​បាន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​»។ (​យ៉ូន. ៨:២៩​) បើ​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​ធ្វើ អ្នក​ក៏​អាច​ប្រាកដ​ថា​លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ដែរ។ ចូរ​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស នោះ​សាថាន​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជាប់​អន្ទាក់​វា​បាន​ឡើយ។