លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៨

ចូរ​បង្ហើយ​កិច្ច​ការ​ដែល​អ្នក​បាន​ចាប់​ផ្ដើម​ធ្វើ

ចូរ​បង្ហើយ​កិច្ច​ការ​ដែល​អ្នក​បាន​ចាប់​ផ្ដើម​ធ្វើ

​«​ចូរ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ​ចុះ​»។—២កូ. ៨:១១

ចម្រៀង​លេខ​៣៥ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»​

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី?

ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​របៀប​រស់​នៅ​របស់​ខ្លួន។ លោក​បង្រៀន​យើង​អំពី​របៀប​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ ហើយ​លោក​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ដែល​លោក​ពេញ​ចិត្ត។ (​ទំនុក. ១១៩:១៧៣​) កាល​ដែល​យើង​កាន់​តែ​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​គម្ពីរ នោះ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​កាន់​តែ​ល្អ​ប្រសើរ។—ហេ. ៥:១៤

២. តើ​យើង​ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី ក្រោយ​ពី​យើង​ធ្វើ​ការ​សម្រេច​ចិត្ត?

សូម្បី​តែ​ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ ក៏​យើង​ប្រហែល​ជា​នៅ​តែ​ពិបាក​បង្ហើយ​អ្វី​ដែល​យើង​បាន​ចាប់​ផ្ដើម។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ​ដូច​ត​ទៅ​នេះ​៖ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​សម្រេច​ចិត្ត​អាន​គម្ពីរ​ទាំង​មូល។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ គាត់​បាន​អាន​មែន ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ឈប់។ បង​ស្រី​ម្នាក់​សម្រេច​ចិត្ត​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល តែ​គាត់​បន្ត​ពន្យារ​ពេល​ចាប់​ផ្ដើម។ ក្រុម​អ្នក​ចាស់​ទុំ​បាន​សម្រេច​ចិត្ត​ថា​ពួក​គេ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្រុម​ជំនុំ​ក្នុង​នាម​ជា​គង្វាល​ឲ្យ​កាន់​តែ​ច្រើន ប៉ុន្តែ​ច្រើន​ខែ​ក្រោយ​មក ពួក​គេ​នៅ​តែ​មិន​ទាន់​ចាប់​ផ្ដើម​ធ្វើ។ ស្ថានភាព​ទាំង​នេះ​គឺ​ខុស​ៗ​គ្នា ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ស្រដៀង​គ្នា គឺ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ឡើយ។ នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​បាន​ប្រឈម​មុខ​នឹង​ការ​ពិបាក​ស្រដៀង​នឹង​នេះ។ សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​ពួក​គេ។

៣. តើ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​អ្វី ប៉ុន្តែ​តើ​អ្វី​បាន​កើត​ឡើង?

ប្រហែល​ជា​នៅ​ឆ្នាំ​៥៥ គ.ស. គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ។ ពួក​គេ​បាន​ដឹង​ថា បង​ប្អូន​របស់​ពួក​គេ​នៅ​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា​ក្រី​ក្រ​និង​មាន​ទុក្ខ​លំបាក ហើយ​ថា​ក្រុម​ជំនុំ​ឯ​ទៀត​បាន​ប្រមូល​លុយ​ជា​វិភាគទាន​ដើម្បី​ជួយ​ពួក​គេ។ ដោយ​បង្ហាញ​ចិត្ត​សប្បុរស​និង​ចិត្ត​ទូលាយ បង​ប្អូន​នៅ​ក្រុង​កូរិនថូស​បាន​សម្រេច​ចិត្ត​ថា ពួក​គេ​ក៏​ចង់​ជួយ​បង​ប្អូន​ដែល​ត្រូវ​ការ​ជំនួយ​ដែរ ដូច្នេះ​ពួក​គេ​បាន​សួរ​សាវ័ក​ប៉ូល​អំពី​របៀប​ដែល​ពួក​គេ​អាច​ជួយ។ គាត់​បាន​ឲ្យ​ការ​ណែនាំ​ទៅ​ក្រុម​ជំនុំ ហើយ​បាន​តែងតាំង​ទីតុស​ឲ្យ​ជួយ​ធ្វើ​ជា​អ្នក​ប្រមូល​វិភាគទាន។ (​១កូ. ១៦:១; ២កូ. ៨:៦​) ក៏​ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​មក ប៉ូល​បាន​ដឹង​ថា​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​មិន​បាន​ឲ្យ​វិភាគទាន​ដូច​ដែល​ពួក​គេ​បាន​និយាយ​នោះ​ទេ។ ជា​លទ្ធផល អំណោយ​របស់​ពួក​គេ​ទំនង​ជា​មិន​បាន​ត្រូវ​រៀប​ចំ​ទាន់​ពេល ដើម្បី​យក​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​វិភាគទាន​ពី​ក្រុម​ជំនុំ​ឯ​ទៀត​ឡើយ។—២កូ. ៩:៤, ៥

៤. យោង​ទៅ​តាម​កូរិនថូស​ទី២ ៨:៧, ១០, ១១ តើ​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​ធ្វើ​អ្វី?

គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ ហើយ​ប៉ូល​បាន​សរសើរ​ពួក​គេ​ចំពោះ​ជំនឿ​រឹង​មាំ​និង​បំណង​ចិត្ត​របស់​ពួក​គេ​ដែល​ចង់​ជួយ​ដោយ​ចិត្ត​ទូលាយ។ ប៉ុន្តែ គាត់​ក៏​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បង្ហើយ​អ្វី​ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​ដែរ។ (​សូម​អាន កូរិនថូស​ទី២ ៨:៧, ១០, ១១) បទ​ពិសោធន៍​របស់​ពួក​គេ​បង្រៀន​យើង​ថា សូម្បី​តែ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់ ក៏​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​របស់​ពួក​គេ​ដែរ។

៥. តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

ដូច​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស យើង​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង។ ហេតុ​អ្វី? ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ នោះ​យើង​ប្រហែល​ជា​បង្អែ​បង្អង់។ ឬ​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង។ (​សាស្ដ. ៩:១១; រ៉ូម ៧:១៨​) តើ​តាម​របៀប​ណា​យើង​អាច​ពិនិត្យ​ពិចារណា​ឡើង​វិញ​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង​ថា​គួរ​ផ្លាស់​ប្ដូរ​ឬ​មិន​គួរ? ម្យ៉ាង​ទៀត តើ​យើង​អាច​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា​យើង​បង្ហើយ​អ្វី​ដែល​យើង​ចាប់​ផ្ដើម​ធ្វើ?

មុន​ធ្វើ​ការ​សម្រេច​ចិត្ត

៦. តើ​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ណា?

មាន​ការ​សម្រេច​ចិត្ត​សំខាន់​ខ្លះ​ដែល​យើង​នឹង​មិន​ផ្លាស់​ប្ដូរ។ ជា​ឧទាហរណ៍ យើង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង​ជា​និច្ច​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​យើង​តាំង​ចិត្ត​ស្មោះ​ត្រង់​នឹង​គូ​អាពាហ៍​ពិពាហ៍​របស់​យើង។ (​ម៉ាថ. ១៦:២៤; ១៩:៦​) ប៉ុន្តែ ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ។ ហេតុ​អ្វី? ពី​ព្រោះ​ស្ថានភាព​ផ្លាស់​ប្ដូរ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​បំផុត?

៧. តើ​យើង​គួរ​អធិដ្ឋាន​សុំ​អ្វី ហើយ​ហេតុ​អ្វី?

ចូរ​អធិដ្ឋាន​សុំ​ប្រាជ្ញា។ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​យ៉ាកុប​ឲ្យ​សរសេរ​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់​»។ (​យ៉ា. ១:៥​) យើង​អាច​និយាយ​ថា យើង​ទាំង​អស់​គ្នា​«​ខ្វះ​ប្រាជ្ញា​»។ ដូច្នេះ ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត និង​នៅ​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​នោះ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

៨. តើ​យើង​គួរ​ស្វែង​យល់​អំពី​អ្វី​មុន​ធ្វើ​ការ​សម្រេច​ចិត្ត?

ចូរ​ស្វែង​យល់​ឲ្យ​បាន​ហ្មត់​ចត់។ សូម​ពិនិត្យ​មើល​បណ្ដាំ​របស់​ព្រះ អាន​សៀវភៅ​ផ្សេង​ៗ​ដែល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ និង​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​នឹង​ឲ្យ​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ (​សុភ. ២០:១៨​) ការ​ស្វែង​យល់​បែប​នេះ​គឺ​សំខាន់​ចាំ​បាច់​មុន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ការ​ងារ រើ​ផ្ទះ ឬ​ទទួល​យក​ការ​អប់រំ​ណា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រាក់​ខែ​ល្មម ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

៩. តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​បើ​យើង​ស្គាល់​បំណង​ចិត្ត​របស់​ខ្លួន​ឯង​ច្បាស់?

ចូរ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​អ្នក។ បំណង​ចិត្ត​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា។ (​សុភ. ១៦:២​) លោក​ចង់​ឲ្យ​យើង​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ ដូច្នេះ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត យើង​ក៏​ចង់​ស្គាល់​បំណង​ចិត្ត​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ហើយ​មិន​លាក់​បាំង​អ្នក​ឯ​ទៀត​អំពី​បំណង​ចិត្ត​របស់​យើង​ឡើយ។ បើ​យើង​មិន​ទៀង​ត្រង់​ទាំង​ស្រុង​ទេ យើង​ទំនង​ជា​នឹង​ពិបាក​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង។ ជា​ឧទាហរណ៍ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយ​មក គាត់​ពិបាក​បំពេញ​ម៉ោង​ផ្សាយ ហើយ​គាត់​មិន​សូវ​មានអំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ។ គាត់​ប្រហែល​ជា​បាន​គិត​ថា​បំណង​ចិត្ត​ចម្បង​របស់​គាត់​ក្នុង​ការ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ គឺ​ដើម្បី​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ប្រហែល​ជា​មូលហេតុ​ពិត​ប្រាកដ​របស់​គាត់ គឺ​គាត់​ចង់​ផ្គាប់​ចិត្ត​ឪ​ពុក​ម្ដាយ​ឬ​អ្នក​ឯ​ទៀត។

១០. តើ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ?

១០ សូម​គិត​អំពី​សិស្ស​គម្ពីរ​ម្នាក់​ដែល​សម្រេច​ចិត្ត​ឈប់​ជក់​បារី។ ដំបូង គាត់​បាន​ឈប់​ជក់​បារី ទោះ​ជា​នោះ​ពិបាក​សម្រាប់​គាត់​ក្ដី។ ប៉ុន្តែ​មួយ​ឬ​ពីរ​សប្ដាហ៍​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ជក់​ម្ដង​ទៀត។ នៅ​ទី​បំផុត គាត់​អាច​ផ្ដាច់​បារី​បាន! សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា ព្រម​ទាំង​បំណង​ចិត្ត​របស់​គាត់​ដែល​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ទម្លាប់​នោះ។—កូឡ. ១:១០; ៣:២៣

១១. ហេតុ​អ្វី​អ្នក​ត្រូវ​មាន​គោល​ដៅ​ជាក់​លាក់?

១១ ចូរ​មាន​គោល​ដៅ​ជាក់​លាក់។ បើ​អ្នក​មាន​គោល​ដៅ​ជាក់​លាក់ នោះ​នឹង​ស្រួល​ជាង​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​ទាំង​នោះ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​បាន​សម្រេច​ចិត្ត​អាន​គម្ពីរ​ច្រើន​ដង​ជាង។ ប៉ុន្តែ បើ​អ្នក​មិន​មាន​កាល​វិភាគ​ជាក់​លាក់​ទេ អ្នក​ប្រហែល​ជា​មិន​សម្រេច​គោល​ដៅ​របស់​អ្នក​ឡើយ។ * ឬ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​នឹង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ញឹក​ញាប់​ជាង ប៉ុន្តែ​ទោះ​ជា​មួយ​រយៈ​ពេល​បាន​កន្លង​ទៅ​ហើយ​ក្ដី ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​សម្រេច​នោះ​ទេ។ ដើម្បី​ទទួល​ជោគ​ជ័យ ពួក​គេ​អាច​សួរ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ​«​តើ​យើង​បាន​ធ្វើ​បញ្ជី​មួយ​អំពី​បង​ប្អូន​ដែល​នឹង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​របស់​យើង​ក្នុង​នាម​ជា​គង្វាល​ឬ​ទេ? តើ​យើង​បាន​កំណត់​ពេល​វេលា​ជាក់​លាក់ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ​ឬ​ទេ?​»។

១២. តើ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១២ ចូរ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល។ គ្មាន​យើង​ណា​ម្នាក់​មាន​ពេល​វេលា ធន​ធាន ឬ​កម្លាំង​ដើម្បី​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ចង់​ធ្វើ​នោះ​ទេ។ ដូច្នេះ ចូរ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល។ ពេល​ចាំ​បាច់ អ្នក​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាច​សម្រេច​បាន។ (​សាស្ដ. ៣:៦​) ប៉ុន្តែ ប្រហែល​ជា​អ្នក​បាន​ពិចារណា​ឡើង​វិញ​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក បាន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​នោះ​តាម​តម្រូវ​ការ ហើយ​មាន​អារម្មណ៍​ថា​អ្នក​អាច​ធ្វើ​តាម​ការ​ផ្លាស់​ប្ដូរ​នោះ។ សូម​ពិចារណា​អំពី​យោបល់​ប្រាំ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​បង្ហើយ​អ្វី​ដែល​អ្នក​បាន​ចាប់​ផ្ដើម។

យោបល់​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក

១៣. តើ​អ្នក​អាច​ទទួល​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត?

១៣ ចូរ​អធិដ្ឋាន​សុំ​កម្លាំង​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត។ ព្រះ​អាច​ជួយ​អ្នក​ឲ្យ​«​មាន​ការ​ប្រព្រឹត្ត​»​ ឬ​មាន​កម្លាំង​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក។ (​ភី. ២:១៣​) ដូច្នេះ ចូរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​នូវ​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ដែល​អ្នក​ត្រូវ​ការ។ ចូរ​បន្ត​អធិដ្ឋាន ទោះ​ជា​មើល​ទៅ​ព្រះ​យេហូវ៉ា​មិន​ទាន់​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ក្ដី។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល[​សកម្មពល​បរិសុទ្ធ​]​»។—លូក. ១១:៩, ១៣

១៤. តើ​គោល​ការណ៍​នៅ​សុភាសិត ២១:៥ អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៤ ចូរ​រៀប​ចំ​គម្រោង។ (​សូម​អាន សុភាសិត ២១:៥) ដើម្បី​បង្ហើយ​កិច្ច​ការ​ដែល​អ្នក​ចាប់​ផ្ដើម អ្នក​ត្រូវ​រៀប​ចំ​គម្រោង។ បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​តាម​គម្រោង​នោះ។ ស្រដៀង​គ្នា​ដែរ ពេល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត ចូរ​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គម្រោង​នោះ។ ពេល​អ្នក​ត្រូវ​ធ្វើ​កិច្ច​ការ​ធំ​មួយ សូម​បែង​ចែក​វា​ជា​កិច្ច​ការ​តូច​ៗ​ដើម្បី​ឃើញ​ថា​អ្នក​កំពុង​សម្រេច​វា​ដល់​កម្រិត​ណា។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក​សម្រាប់​ដាក់​វិភាគទាន​«​រាល់​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​»​ ជា​ជាង​រង់​ចាំ​និង​ព្យាយាម​ប្រមូល​វិភាគទាន​នៅ​ពេល​ដែល​គាត់​មក​ដល់។ (​១កូ. ១៦:២​) ការ​បែង​ចែក​ការ​ងារ​ធំ​ឲ្យ​ទៅ​ជា​តូច​ៗ ក៏​អាច​ជួយ​អ្នក​មិន​ឲ្យ​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​សម្រេច​អ្វី​ទាំង​នោះ​បាន។

១៥. ក្រោយ​ពី​ធ្វើ​គម្រោង​មួយ តើ​អ្នក​អាច​សម្រេច​វា​យ៉ាង​ដូច​ម្ដេច?

១៥ បើ​អ្នក​សរសេរ​គម្រោង​របស់​អ្នក នោះ​អ្នក​ស្រួល​ធ្វើ​តាម​គម្រោង​នោះ​ជាង។ (​១កូ. ១៤:៤០​) ជា​ឧទាហរណ៍ ក្រុម​អ្នក​ចាស់​ទុំ​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ឲ្យ​សរសេរ​អំពី​ការ​សម្រេច​ចិត្ត​នា​នា​របស់​ពួក​គេ ឈ្មោះ​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ និង​កាល​បរិច្ឆេទ​ដែល​ពួក​គេ​គួរ​ធ្វើ​ឲ្យ​ហើយ។ ពេល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ការ​ណែនាំ​នេះ នោះ​ពួក​គេ​ស្រួល​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ជាង។ (​១កូ. ៩:២៦​) អ្នក​អាច​ព្យាយាម​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ជា​ឧទាហរណ៍ អ្នក​អាច​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​រាល់​ថ្ងៃ ហើយ​សរសេរ​លើ​គេ​អំពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​មុន។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​ស្រួល​បង្ហើយ​អ្វី​ដែល​អ្នក​បាន​ចាប់​ផ្ដើម ហើយ​អ្នក​នឹង​សម្រេច​បាន​ច្រើន​ជាង។

១៦. តើ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង ហើយ​តើ​រ៉ូម ១២:១១ គាំ​ទ្រ​ចំណុច​នេះ​យ៉ាង​ដូច​ម្ដេច?

១៦ ចូរ​ខំ​ប្រឹង។ យើង​ត្រូវ​ខំ​ប្រឹង​ដើម្បី​ធ្វើ​តាម​គម្រោង​និង​បង្ហើយ​អ្វី​ដែល​យើង​ចាប់​ផ្ដើម។ (​សូម​អាន រ៉ូម ១២:១១) ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​«​បន្ត​ព្យាយាម​»​ និង​«​កាន់​ខ្ជាប់​»​ក្នុង​ការ​ទៅ​ជា​អ្នក​បង្រៀន​ដែល​ល្អ​ប្រសើរ​ជាង។ យើង​អាច​ធ្វើ​តាម​យោបល់​នេះ ពេល​យើង​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដើម្បី​ព្រះ​យេហូវ៉ា។—១ធី. ៤:១៣, ១៦

១៧. តើ​យើង​អាច​អនុវត្ត​តាម​អេភេសូរ ៥:១៥, ១៦​យ៉ាង​ដូច​ម្ដេច ស្តី​អំពី​ការ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត?

១៧ ចូរ​ប្រើ​ពេល​វេលា​របស់​អ្នក​ដោយ​ឈ្លាស​វៃ។ (​សូម​អាន អេភេសូរ ៥:១៥, ១៦) សូម​កំណត់​ពេល​វេលា​ដែល​អ្នក​នឹង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក ហើយ​សូម​កុំ​ផ្លាស់​ប្ដូរ​ពេល​វេលា​នោះ​ឡើយ។ សូម​កុំ​រង់​ចាំ​រហូត​ដល់​មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ដើម្បី​ចាប់​ផ្ដើម​ធ្វើ ពី​ព្រោះ​គ្មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ (​សាស្ដ. ១១:៤​) ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​អ្វី​ដែល​មិន​សូវ​សំខាន់​ស៊ី​ពេល​វេលា​និង​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ធ្វើ​អ្វី​ដែល​សំខាន់​ជាង។ (​ភី. ១:១០​) បើ​អាច​ធ្វើ​បាន សូម​ជ្រើស​រើស​ពេល​វេលា​ណា​មួយ​ដែល​មិន​សូវ​មាន​អ្នក​ឯ​ទៀត​មក​រំខាន។ សូម​ប្រាប់​អ្នក​ឯ​ទៀត​ថា​អ្នក​ត្រូវ​ការ​ពេល​ដើម្បី​ផ្ចង់​អារម្មណ៍។ ម្យ៉ាង​ទៀត សូម​បិទ​ទូរស័ព្ទ​របស់​អ្នក ហើយ​ឆែក​មើល​អ៊ីមែល ឬ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​នៅ​ពេល​ក្រោយ។ *

១៨​-​១៩. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​បន្ត​ព្យាយាម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ល្អ ទោះ​ជា​មាន​ការ​ពិបាក​ក្ដី?

១៨ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​លទ្ធផល។ លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ប្រៀប​ដូច​ជា​គោល​ដៅ​របស់​អ្នក​ធ្វើ​ដំណើរ។ បើ​អ្នក​នោះ​ចង់​ទៅ​ដល់​គោល​ដៅ គាត់​នឹង​បន្ត​ដំណើរ ទោះ​ជា​គាត់​ដឹង​ថា​គាត់​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្សេង​ក្ដី។ ស្រដៀង​គ្នា​ដែរ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​របស់​យើង យើង​នឹង​មិន​ឈប់​ព្យាយាម​ទេ ពេល​ដែល​យើង​ជួប​ឧបសគ្គ ឬ​ត្រូវ​រក​វិធី​ផ្សេង​ដើម្បី​សម្រេច​គោល​ដៅ​នោះ។—កាឡ. ៦:៩

១៩ ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​គឺ​មិន​ស្រួល ហើយ​ការ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ទាំង​នោះ​ក៏​អាច​ជា​ការ​ពិបាក​មួយ​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​និង​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​បង្ហើយ​អ្វី​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើ។

ចម្រៀង​លេខ​៦៥ ឈាន​ទៅ​មុខ!

^ វគ្គ 5 តើ​អ្នក​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​ឬ​ទេ? ឬ​នៅ​ពេល​ខ្លះ តើ​អ្នក​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ ហើយ​ពិបាក​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឬ​ទេ? អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ ហើយ​ជួយ​អ្នក​ឲ្យ​បង្ហើយ​អ្វី​ដែល​អ្នក​បាន​ចាប់​ផ្ដើម​ធ្វើ។

^ វគ្គ 11 ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​គម្រោង​អាន​គម្ពីរ​ផ្ទាល់​ខ្លួន អ្នក​អាច​ប្រើ​«​កម្ម​វិធី​អំណាន​គម្ពីរ​»​ ដែល​មាន​នៅ​គេហទំព័រ​jw.org®

^ វគ្គ 17 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​រៀប​ចំ​ពេល​វេលា​របស់​អ្នក សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត​ក្នុង​ការ​ចំណាយ​ពេល​»​ ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​កុម្ភៈ ឆ្នាំ​២០០៦ ទំព័រ​៦។