លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៧

មេ​រៀន​ដែល​យើង​អាច​រៀន​ពី​សៀវភៅ​លេវីវិន័យ

មេ​រៀន​ដែល​យើង​អាច​រៀន​ពី​សៀវភៅ​លេវីវិន័យ

​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​»។—២ធី. ៣:១៦

ចម្រៀង​លេខ​៩៨ បទ​គម្ពីរ​គឺ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. ហេតុ​អ្វី​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​គួរ​ចាប់​អារម្មណ៍​សៀវភៅ​លេវីវិន័យ?

សាវ័ក​ប៉ូល​បាន​រំលឹក​ធីម៉ូថេ​ដែល​ជា​មិត្ត​ភក្ដិ​វ័យ​ក្មេង​របស់​គាត់​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​»។ (​២ធី. ៣:១៦​) នោះ​រួម​បញ្ចូល​សៀវភៅ​លេវីវិន័យ​ដែរ។ តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សៀវភៅ​នេះ? មនុស្ស​ខ្លះ​ចាត់​ទុក​ថា​សៀវភៅ​លេវីវិន័យ​គ្រាន់​តែ​ជា​សៀវភៅ​ដែល​រៀប​រាប់​អំពី​ច្បាប់​ជា​ច្រើន​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ប៉ុន្តែ​គ្រិស្ត​សាសនិក​ពិត​មិន​គិត​ដូច្នេះ​ឡើយ។

សៀវភៅ​លេវីវិន័យ​បាន​ត្រូវ​សរសេរ​ប្រហែល​ជា​៣.៥០០​ឆ្នាំ​មុន តែ​ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​សៀវភៅ​នោះ​«​ដើម្បី​ណែនាំ​យើង​»។ (​រ៉ូម ១៥:៤​) យើង​គួរ​តែ​ចាប់​អារម្មណ៍​សៀវភៅ​លេវីវិន័យ ដោយ​សារ​សៀវភៅ​នោះ​ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ជា​ច្រើន។ មាន​មេ​រៀន​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​សៀវភៅ​នោះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ សូម​យើង​ពិចារណា​មេ​រៀន​បួន​ក្នុង​ចំណោម​មេ​រៀន​ទាំង​នោះ។

របៀប​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា

៣. ជា​រៀង​រាល់​ឆ្នាំ ហេតុ​អ្វី​គ្រឿង​បូជា​បាន​ត្រូវ​ជូន​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង?

មេ​រៀន​ទី១: យើង​ត្រូវ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​យើង​ដើម្បី​ឲ្យ​លោក​ទទួល​យក​គ្រឿង​បូជា​របស់​យើង។ រាល់​ឆ្នាំ​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ជួប​ជុំ​គ្នា ហើយ​សត្វ​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា។ គ្រឿង​បូជា​ទាំង​នេះ​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា​ពួក​គេ​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង! ប៉ុន្តែ មុន​សម្ដេច​សង្ឃ​យក​ឈាម​ពី​សត្វ​ដែល​ជា​គ្រឿង​បូជា​ចូល​ទៅ​ទី​បរិសុទ្ធ​បំផុត​នៅ​ថ្ងៃ​នោះ ដំបូង​គាត់​ត្រូវ​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​សំខាន់​ជាង​ការ​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល។

(​សូម​មើល​វគ្គ​៤​) *

៤. ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​លេវីវិន័យ ១៦:១២, ១៣ តើ​សម្ដេច​សង្ឃ​បាន​ធ្វើ​អ្វី​ពេល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ជា​លើក​ទី១​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

សូម​អាន លេវីវិន័យ ១៦:១២, ១៣សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង។ ដំបូង សម្ដេច​សង្ឃ​ចូល​ទៅ​ក្នុង​ត្រសាល​របស់​ព្រះ។ នេះ​ជា​លើក​ទី១​ក្នុង​ចំណោម​បី​លើក​ដែល​គាត់​ត្រូវ​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៅ​ថ្ងៃ​នោះ។ នៅ​ដៃ​ម្ខាង គាត់​កាន់​ប្រដាប់​មួយ​ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប ហើយ​នៅ​ដៃ​ម្ខាង​ទៀត គាត់​កាន់​ប្រដាប់​ចូក​ដែល​ពេញ​ដោយ​រងើក​ភ្លើង។ គាត់​បាន​ឈប់​នៅ​មុខ​វាំងនន​ដែល​បាំង​ច្រក​ចូល​ទី​បរិសុទ្ធ​បំផុត។ ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ គាត់​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ហើយ​ឈរ​នៅ​ខាង​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ នេះ​គឺ​ហាក់​ដូច​ជា​គាត់​កំពុង​ឈរ​នៅ​ខាង​មុខ​ព្រះ​យេហូវ៉ា! ឥឡូវ សង្ឃ​នោះ​ចាក់​គ្រឿង​ក្រអូប​បរិសុទ្ធ​ដោយ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​រងើក​ភ្លើង ហើយ​បន្ទប់​នោះ​ពេញ​ទៅ​ដោយ​ក្លិន​ក្រអូប​ភាយ។ * ក្រោយ​មក គាត់​នឹង​យក​ឈាម​ពី​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ទៀត។ សូម​កត់​សម្គាល់​ថា​គាត់​ដុត​គ្រឿង​ក្រអូប​មុន​គាត់​ជូន​ឈាម​ជា​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង។

៥. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ប្រើ​គ្រឿង​ក្រអូប​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង?

តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ប្រើ​គ្រឿង​ក្រអូប​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង? គម្ពីរ​ប្រាប់​ថា​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប។ (​ទំនុក. ១៤១:២; បប. ៥:៨​) សូម​នឹក​ចាំ​ថា សម្ដេច​សង្ឃ​បាន​យក​គ្រឿង​ក្រអូប​ទៅ​កន្លែង​ដែល​មាន​វត្តមាន​របស់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ យើង​កោត​ស្ងើច​លោក ហើយ​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ដែល​អ្នក​បង្កើត​សកល​លោក​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក ដូច​កូន​ចូល​ទៅ​ជិត​ឪ​ពុក។ (​យ៉ា. ៤:៨​) លោក​ទទួល​យើង​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក! (​ទំនុក. ២៥:១៤​) យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​នេះ​ខ្លាំង​ណាស់ បាន​ជា​យើង​នឹង​មិន​ចង់​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ឡើយ។

៦. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ដែល​សម្ដេច​សង្ឃ​ដុត​គ្រឿង​ក្រអូប​មុន​គាត់​ជូន​គ្រឿង​បូជា?

សូម​ចាំ​ថា​សម្ដេច​សង្ឃ​ត្រូវ​ដុត​គ្រឿង​ក្រអូប​មុន​គាត់​អាច​ជូន​គ្រឿង​បូជា។ តាម​របៀប​នេះ គាត់​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ព្រះ​ពេញ​ចិត្ត​គាត់​ពេល​ជូន​គ្រឿង​បូជា​នោះ។ តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​នេះ? កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ត្រូវ​ធ្វើ​អ្វី​ដ៏​សំខាន់​មុន​លោក​អាច​បូជា​ជីវិត​លោក​ជា​គ្រឿង​បូជា។ អ្វី​នោះ​គឺ​សំខាន់​ជាង​ការ​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្សជាតិ។ តើ​នោះ​ជា​អ្វី? គឺ​លោក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ពេញ​មួយ​ជីវិត​របស់​លោក​នៅ​ផែន​ដី ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​យក​គ្រឿង​បូជា​របស់​លោក។ តាម​របៀប​នេះ លោក​យេស៊ូ​បាន​បង្ហាញ​ថា​ការ​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ។ លោក​យេស៊ូ​បាន​បង្ហាញ​ថា​បិតា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​ថា​របៀប​គ្រប់​គ្រង​របស់​បិតា​លោក​គឺ​យុត្ដិធម៌​និង​ល្អ​បំផុត។

៧. ហេតុ​អ្វី​របៀប​រស់​នៅ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី​បាន​ធ្វើ​ឲ្យ​បិតា​លោក​ពេញ​ចិត្ត?

អស់​មួយ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ឥត​ចន្លោះ។ ទោះ​ជា​លោក​បាន​ជួប​ការ​ល្បួង​និង​ការ​ពិបាក ហើយ​ដឹង​ថា​លោក​នឹង​ស្លាប់​ដោយ​ឈឺ​ចាប់​ក្ដី លោក​បាន​តាំង​ចិត្ត​បង្ហាញ​ថា​មាន​តែ​របៀប​គ្រប់​គ្រង​របស់​បិតា​លោក​ប៉ុណ្ណោះ​គឺ​ល្អ​បំផុត។ (​ភី. ២:៨​) ពេល​លោក​យេស៊ូ​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក លោក​បាន​អធិដ្ឋាន​«​ដោយ​ទឹក​ភ្នែក​និង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​»។ (​ហេ. ៥:៧​) សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​លោក​បង្ហាញ​ថា​លោក​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​ធ្វើ​ឲ្យ​លោក​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ។ ចំពោះ​ព្រះ​យេហូវ៉ា សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ប្រៀប​ដូច​ជា​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​គ្រឿងក្រអូប។ អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ក្នុង​ជីវិត​នៅ​ផែន​ដី បាន​ធ្វើ​ឲ្យ​បិតា​លោក​ពេញ​ចិត្ត​ខ្លាំង​ណាស់ ហើយ​បង្ហាញ​ថា​បិតា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​ថា​របៀប​គ្រប់​គ្រង​របស់​បិតា​លោក​គឺ​ល្អ​បំផុត។

៨. តើ​យើង​អាច​មាន​របៀប​រស់​នៅ​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

យើង​អាច​យក​តម្រាប់​លោក​យេស៊ូ ដោយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​មាន​ភក្ដី​ភាព​ចំពោះ​លោក។ ពេល​យើង​ជួប​ទុក្ខ​លំបាក យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ពី​ព្រោះ​យើង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ តាម​របៀប​ទាំង​នេះ យើង​បង្ហាញ​ថា​យើង​គាំ​ទ្រ​របៀប​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ព្រម​ទទួល​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ ប្រសិន​បើ​យើង​កំពុង​ធ្វើ​អ្វី​ដែល​លោក​ស្អប់។ ក៏​ប៉ុន្តែ បើ​យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា យើង​អាច​ជឿ​ជាក់​ថា​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​នឹង​ប្រៀប​ដូច​ជា​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​គ្រឿង​ក្រអូប​ចំពោះ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត យើង​អាច​ប្រាកដ​ថា​ចិត្ត​ស្មោះ​ឥត​ងាករេ​និង​ការ​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​ត្រង់​របស់​យើង ធ្វើ​ឲ្យ​បិតា​យើង​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។—សុភ. ២៧:១១

ចិត្ត​កតញ្ញូ​និង​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា

(​សូម​មើល​វគ្គ​៩​) *

៩. ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជូន​គ្រឿង​បូជា​មេត្រី?

មេ​រៀន​ទី២: យើង​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​លោក។ ដើម្បី​លើក​បញ្ជាក់​ចំណុច​នេះ សូម​យើង​ពិចារណា​អំពី​គ្រឿង​បូជា​មេត្រី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជូន​នៅ​សម័យ​បុរាណ។ * ក្នុង​សៀវភៅ​លេវីវិន័យ យើង​រៀន​ថា​ជន​ជាតិ​អ៊ីស្រាអែល​អាច​ជូន​គ្រឿង​បូជា​មេត្រី​ទុក​សម្រាប់​«​អរ​ព្រះ​គុណ​»។ (​លេវី. ៧:១១​-​១៣, ១៦​-​១៨​) គាត់​ជូន​គ្រឿង​បូជា​នោះ មិនមែន​ដោយ​សារ​ជា​កាតព្វកិច្ច​ទេ តែ​ដោយ​សារ​គាត់​ចង់​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ នេះ​មាន​ន័យ​ថា​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​គាត់។ បុគ្គល​ដែល​ជូន​គ្រឿង​បូជា ក្រុម​គ្រួសារ​របស់​គាត់ និង​ពួក​សង្ឃ​បាន​បរិភោគ​សាច់​សត្វ​ដែល​ជា​គ្រឿង​បូជា​នោះ។ ប៉ុន្តែ ផ្នែក​ខ្លះ​នៃ​សត្វ​នោះ​បាន​ត្រូវ​ជូន​ចំពោះ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ តើ​ផ្នែក​នោះ​ជា​អ្វី?

(​សូម​មើល​វគ្គ​១០​) *

១០. តើ​គ្រឿង​បូជា​មេត្រី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​លេវីវិន័យ ៣:៦, ១២, ១៤​-​១៦ បង្រៀន​យើង​យ៉ាង​ណា​អំពី​បំណង​ចិត្ត​របស់​លោក​យេស៊ូ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក?

១០ មេ​រៀន​ទី៣: ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ជូន​អ្វី​ដែល​ល្អ​បំផុត​ទៅ​លោក។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ខ្លាញ់​ថា​ជា​ផ្នែក​ល្អ​បំផុត​របស់​សត្វ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​គ្រឿង​ក្នុង​ខ្លះ​គឺ​ពិសេស។ (​សូម​អាន លេវីវិន័យ ៣:៦, ១២, ១៤​-​១៦) ដូច្នេះ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ជា​ខ្លាំង ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្ម័គ្រ​ចិត្ត​ជូន​ខ្លាញ់​និង​គ្រឿង​ក្នុង​ទាំង​នោះ​ដល់​លោក។ ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ដែល​បាន​ជូន​គ្រឿង​បូជា​បែប​នេះ បាន​បង្ហាញ​ថា​គាត់​ចង់​ជូន​អ្វី​ដែល​ល្អ​បំផុត​ទៅ​ព្រះ។ ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ជូន​ព្រះ​យេហូវ៉ា​អ្វី​ដែល​ល្អ​បំផុត គឺ​ដោយ​ខំ​អស់​ពី​សមត្ថភាព​បម្រើ​លោក ពី​ព្រោះ​លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៤:៣១​) លោក​យេស៊ូ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ច្បាប់​របស់​ព្រះ។ (​ទំនុក. ៤០:៨​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​រីក​រាយ​ខ្លាំង​ណាស់​ពេល​ឃើញ​លោក​យេស៊ូ​បម្រើ​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត!

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​ជូន​លោក​នូវ​អ្វី​ដែល​ល្អ​បំផុត (​សូម​មើល​វគ្គ​១១​-​១២​) *

១១. តើ​កិច្ច​បម្រើ​របស់​យើង​ប្រៀប​ដូច​ជា​គ្រឿង​បូជា​មេត្រី​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នោះ​អាច​សម្រាល​ទុក្ខ​យើង​យ៉ាង​ណា?

១១ ដូច​គ្រឿង​បូជា​មេត្រី​ទាំង​នោះ កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ជា​របៀប​ស្ម័គ្រ​ពី​ចិត្ត​មួយ​ដែល​យើង​បង្ហាញ​អារម្មណ៍​របស់​យើង​ចំពោះ​លោក។ យើង​ជូន​ព្រះ​យេហូវ៉ា​អ្វី​ដែល​ល្អ​បំផុត ហើយ​យើង​ធ្វើ​ដូច្នេះ​ដោយ​សារ​យើង​ស្រឡាញ់​លោក​អស់​ពី​ចិត្ត។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ពេញ​ចិត្ត​ណាស់ ពេល​លោក​ឃើញ​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​រាប់​លាន​នាក់​ស្ម័គ្រ​ចិត្ត​បម្រើ​លោក ដោយ​ព្រោះ​ស្រឡាញ់​លោក​និង​ខ្នាត​តម្រា​របស់​លោក​យ៉ាង​ជ្រាល​ជ្រៅ! យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ ដោយ​ចាំ​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​បំណង​ចិត្ត​របស់​យើង​ផង​ដែរ។ ជា​ឧទាហរណ៍ បើ​អ្នក​ជា​មនុស្ស​វ័យ​ចាស់ ហើយ​មិន​អាច​ធ្វើ​បាន​ច្រើន​ដូច​ដែល​អ្នក​ចង់​ធ្វើ សូម​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​សមត្ថភាព​របស់​អ្នក។ ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ធ្វើ​ច្រើន​សម្រាប់​ព្រះ​យេហូវ៉ា​ទេ តែ​លោក​ឃើញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​អ្នក​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន។ លោក​ពេញ​ចិត្ត​ទទួល​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​អស់​ពី​សមត្ថភាព។

១២. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​គ្រឿង​បូជា​មេត្រី ហើយ​តើ​នេះ​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

១២ តើ​យើង​អាច​រៀន​អ្វី​ពី​គ្រឿង​បូជា​មេត្រី? កាល​ដែល​ភ្លើង​ឆេះ​ផ្នែក​ល្អ​បំផុត​នៃ​សត្វ ផ្សែង​បាន​ហុយ​ឡើង​ទៅ​លើ ហើយ​នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ សូម​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត​ដែល​អ្នក​ធ្វើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត។ (​កូឡ. ៣:២៣​) សូម​ស្រមៃ​គិត​អំពី​ស្នាម​ញញឹម​របស់​លោក​ដែល​បង្ហាញ​ពី​ក្ដី​ពេញ​ចិត្ត! លោក​ចាត់​ទុក​ថា​ការ​ខំ​ប្រឹង​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​លោក ដែល​អ្នក​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ មិន​ថា​ច្រើន​ឬ​តិច​ក្ដី ជា​ទ្រព្យ​ដែល​លោក​នឹង​នឹក​ចាំ ហើយ​ឲ្យ​តម្លៃ​ជា​រៀង​រហូត។—ម៉ាថ. ៦:២០; ហេ. ៦:១០

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​អង្គ​ការ​របស់​លោក

១៣. យោង​ទៅ​តាម​លេវីវិន័យ ៩:២៣, ២៤ តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ពេញ​ចិត្ត​នឹង​សង្ឃ?

១៣ មេ​រៀន​ទី​៤: ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​ដល់​អង្គ​ការ​របស់​លោក​ផ្នែក​នៅ​ផែន​ដី។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៥១២​មុន គ.ស. ពេល​ត្រសាល​បាន​ត្រូវ​ដំឡើង​នៅ​ជើង​ភ្នំ​ស៊ីណាយ។ (​និក្ខ. ៤០:១៧​) ម៉ូសេ​បាន​ចាត់​ចែង​ក្នុង​វិធី​តែង​តាំង​អេរ៉ុន​និង​កូន​ប្រុស​របស់​គាត់​ឲ្យ​ធ្វើ​ជា​សង្ឃ។ ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​មើល​សង្ឃ​ជូន​សត្វ​ជា​គ្រឿង​បូជា​លើក​ទី១។ (​លេវី. ៩:១​-​៥​) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ពេញ​ចិត្ត​នឹង​ពួក​សង្ឃ​ដែល​ទើប​តែ​បាន​ត្រូវ​តែង​តាំង​នេះ? កាល​ដែល​អេរ៉ុន​និង​ម៉ូសេ​ឲ្យ​ពរ​ដល់​បណ្ដា​ជន ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ភ្លើង​ពី​មេឃ​ដើម្បី​ដុត​គ្រឿង​បូជា​លើ​ទី​បូជា។—សូម​អាន លេវីវិន័យ ៩:២៣, ២៤

១៤. ហេតុ​អ្វី​ការ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពួក​សង្ឃ​ពី​ក្រុម​គ្រួសារ​អេរ៉ុន​គឺ​សំខាន់​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ តើ​ភ្លើង​ដែល​ធ្លាក់​ពី​មេឃ​បង្ហាញ​អំពី​អ្វី? ព្រះ​យេហូវ៉ា​ទម្លាក់​ភ្លើង​ដើម្បី​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​និង​គាំ​ទ្រ​អេរ៉ុន​ព្រម​ទាំង​កូន​ប្រុស​គាត់​ដែល​លោក​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សង្ឃ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​គាំ​ទ្រ​ពួក​សង្ឃ នោះ​ពួក​គេ​យល់​ថា​ពួក​គេ​ក៏​ត្រូវ​គាំ​ទ្រ​ពួក​សង្ឃ​ដែរ។ តើ​នេះ​ជាប់​ទាក់​ទង​នឹង​យើង​ឬ​ទេ? មែន! ពួក​សង្ឃ​នៅ​អ៊ីស្រាអែល​ជា​តំណាង​សង្ឃ​ដែល​ប្រសើរ​ជាង​និង​សំខាន់​ជាង។ លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​សម្ដេច​សង្ឃ​ឧត្តុង្គឧត្តម ហើយ​១៤៤.០០០​នាក់​នឹង​បម្រើ​ជា​សង្ឃ​និង​ជា​ស្តេច​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌។—ហេ. ៤:១៤; ៨:៣​-​៥; ១០:១

ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​និង​ដឹក​នាំ​អង្គ​ការ​របស់​លោក។ យើង​គាំ​ទ្រ​អង្គ​ការ​នោះ​យ៉ាង​អស់​ពី​ចិត្ត (​សូម​មើល​វគ្គ​១៥​-​១៧​) *

១៥​-​១៦. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​ពេញ​ចិត្ត​នឹង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​?

១៥ នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​បង​ប្រុស​មួយ​ក្រុម​តូច​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​ធ្វើ​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ខ្ញុំ​បម្រើ​នោះ​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ផ្ដល់‹អាហារ​តាម​ត្រូវ​ពេល›ដល់​ពួក​អ្នក​កាន់​តាម​គ្រិស្ត។ (​ម៉ាថ. ២៤:៤៥​) តើ​យើង​ឃើញ​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ឬ​ទេ?

១៦ សាថាន​និង​អ្នក​គាំ​ទ្រ​របស់​វា​កំពុង​ព្យាយាម​បញ្ឈប់​កិច្ច​ការ​របស់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់។ បើ​ខ្ញុំ​បម្រើ​នោះ​មិន​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ ពួក​គាត់​មិន​អាច​បំពេញ​កិច្ច​ការ​បាន​ឡើយ។ ទោះ​ជា​មាន​សង្គ្រាម​លោក​លើក​ទី១​និង​ទី២ ការ​បៀត​បៀន​ឥត​ស្រាក​ស្រាន្ត បញ្ហា​សេដ្ឋកិច្ច​សកល និង​អំពើ​អយុត្ដិធម៌​ក្ដី ខ្ញុំ​បម្រើដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បន្ត​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​អ្នក​កាន់​តាម​គ្រិស្ត​ដែល​នៅ​លើ​ផែន​ដី។ សូម​គិត​អំពី​សៀវភៅ​និង​អ្វី​ផ្សេង​ទៀត​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​បាន​ត្រូវ​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​ជាង​៩០០​ភាសា! នេះ​គឺ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​កំពុង​គាំ​ទ្រ​យើង។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​ក៏​ជា​ភ័ស្តុតាង​មួយ​ទៀត​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​ដែរ។ យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ (​ម៉ាថ. ២៤:១៤​) យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​កំពុង​ដឹក​នាំ​និង​ឲ្យ​ពរ​ជា​បរិបូរ​ដល់​អង្គ​ការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។

១៧. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​គាំ​ទ្រ​អង្គ​ការ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ?

១៧ ជា​ការ​ល្អ​ដែល​យើង​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ដែល​ខ្ញុំ​នៅ​ក្នុង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ភ័ស្តុតាង​ច្បាស់ ដូច​ភ្លើង​ដែល​ធ្លាក់​ពី​មេឃ​នៅ​សម័យ​របស់​ម៉ូសេ​និង​អេរ៉ុន។ យើង​ប្រាកដ​ជា​មាន​អ្វី​ជា​ច្រើន​ដើម្បី​បង្ហាញ​អំណរ​គុណ។ (​១ថែ. ៥:១៨, ១៩​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​គាំ​ទ្រ​អង្គ​ការ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ? គឺ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​យើង​ទទួល​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​របស់​យើង​ជា​ដើម។ បន្ថែម​ទៅ​ទៀត យើង​អាច​បង្ហាញ​ការ​គាំ​ទ្រ​របស់​យើង​ដោយ​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន។—១កូ. ១៥:៥៨

១៨. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ សូម​យើង​តាំង​ចិត្ត​ធ្វើ​តាម​មេ​រៀន​ដែល​យើង​បាន​រៀន​ពី​សៀវភៅ​លេវីវិន័យ។ យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​យក​គ្រឿង​បូជា​របស់​យើង។ យើង​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​លោក។ យើង​បន្ត​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ល្អ​បំផុត ពី​ព្រោះ​យើង​ស្រឡាញ់​លោក​អស់​ពី​ចិត្ត។ ម្យ៉ាង​ទៀត យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គាំ​ទ្រ​អង្គ​ការ​ដែល​លោក​កំពុង​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​បម្រើ​លោក​ក្នុង​នាម​ជា​សាក្សី​របស់​លោក!

ចម្រៀង​លេខ​៩៦ សៀវភៅ​របស់​ព្រះ​ជា​សម្បត្ដិ​វិសេស

^ វគ្គ 5 សៀវភៅ​លេវីវិន័យ​រៀប​រាប់​អំពី​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត យើង​មិន​នៅ​ក្រោម​ច្បាប់​ទាំង​នោះ​ទេ ប៉ុន្តែ​ច្បាប់​ទាំង​នោះ​នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មេ​រៀន​ដ៏​សំខាន់​ដែល​យើង​អាច​រៀន​ពី​សៀវភៅ​លេវីវិន័យ។

^ វគ្គ 4 គ្រឿង​ក្រអូប​ដែល​ដុត​នៅ​ត្រសាល​បាន​ត្រូវ​ចាត់​ទុក​ជា​អ្វី​ដែល​ពិសិដ្ឋ ហើយ​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ គ្រឿង​ក្រអូប​នោះ​អាច​ប្រើ​បាន​តែ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (​និក្ខ. ៣០:៣៤​-​៣៨​) គ្មាន​អ្វី​ដែល​បញ្ជាក់​ថា​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១ បាន​ដុត​គ្រឿង​ក្រអូប​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​នោះ​ទេ។

^ វគ្គ 9 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​គ្រឿង​បូជា​មេត្រី សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១២ ទំព័រ​២១ វគ្គ​១១

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង សម្ដេច​សង្ឃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​គ្រឿង​ក្រអូប​និង​រងើក​ភ្លើង ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដើម្បី​ធ្វើ​ឲ្យ​បន្ទប់​នោះ​ពេញ​ទៅ​ដោយ​ក្លិន​ក្រអូប​ភាយ។ ក្រោយ​មក គាត់​បាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ទៀត​ដោយ​យក​ឈាម​ពី​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឲ្យ​ចៀម​ជា​គ្រឿង​បូជា​មេត្រី​ដល់​សង្ឃ ដើម្បី​បង្ហាញ​ថា​គាត់​និង​ក្រុម​គ្រួសារ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​បន្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះ និង​ដោយ​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​តាម​បង្គាប់​ទាំង​នោះ​ដែរ។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: ទោះ​ជា​បង​ស្រី​វ័យ​ចាស់​ម្នាក់​មាន​បញ្ហា​សុខភាព​ក្ដី គាត់​បាន​ជូន​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​ព្រះ​យេហូវ៉ា ដោយ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ការ​សរសេរ​សំបុត្រ។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ បង​ប្រុស​ហ្គារីត ឡឹស ដែល​ជា​សមាជិក​គណៈ​អភិបាល​បាន​ចេញ​ផ្សាយ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី កំណែ​ថ្មី ជា​ភាសា​អាល្លឺម៉ង់ ដល់​អ្នក​ចូល​រួម​ដែល​មាន​ចិត្ត​កតញ្ញូ​និង​ខ្នះ​ខ្នែង។ សព្វ​ថ្ងៃ​នេះ អ្នក​ផ្សាយ​នៅ​ប្រទេស​អាល្លឺម៉ង់​ដូច​ជា​បង​ស្រី​ទាំង​ពីរ​នាក់​នេះ សប្បាយ​ប្រើ​គម្ពីរ​ថ្មី​ក្នុង​កិច្ច​បម្រើ​ផ្សាយ។