លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរសម្រេចចិត្តគាំទ្ររាជាណាចក្ររបស់ព្រះនៅពេលឥឡូវនេះ!

ចូរសម្រេចចិត្តគាំទ្ររាជាណាចក្ររបស់ព្រះនៅពេលឥឡូវនេះ!

សូម​ស្រមៃ​គិត​ថា​មាន​ព្យុះ​សង្ឃរា​ដ៏​ខ្លាំង​មួយ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​អ្នក។ ពួក​អាជ្ញាធរ​ប្រកាស​ការ​ព្រមាន​ជា​បន្ទាន់​ថា​៖ ​«​ចេញ​ទៅ! រក​ទី​ជម្រក​ឥឡូវ​នេះ​ទៅ!​»​ តើ​អ្នក​គួរ​ធ្វើ​អ្វី? អ្នក​ពិត​ជា​ចង់​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​មែន​ទេ?

តាម​ពិត យើង​គ្រប់​គ្នា​រស់​នៅ​ចំ​ផ្លូវ​របស់​ព្យុះ​សង្ឃរា​ក្នុង​ន័យ​ធៀប ដែល​លោក​យេស៊ូ​ហៅ​ថា​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​ម៉ាថាយ ២៤:២១​) យើង​មិន​អាច​គេច​ផុត​ពី​គ្រា​នោះ​បាន​ទេ។ ប៉ុន្តែ​យើង​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ការ​ពារ​ខ្លួន​យើង។ តើ​នោះ​ជា​អ្វី?

ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​គ្រិស្ត​បាន​ជូន​ការ​ណែនាំ​នេះ​ថា​៖ ​«​ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។ (​ម៉ាថាយ ៦:៣៣​) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន។ នេះ​មាន​ន័យ​ថា​យើង​គួរ​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​គឺ​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់។ (​ម៉ាថាយ ៦:២៥, ៣២, ៣៣​) ហេតុ​អ្វី​យើង​គួរ​មាន​ទស្សនៈ​ដូច​នោះ? ដោយ​សារ​មនុស្ស​មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​ឡើយ។ មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ​ស្មាញ​របស់​មនុស្សជាតិ។

ស្វែង​រក​សេចក្ដី​សុចរិត​របស់​ព្រះ។ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​ស្រប​តាម​ច្បាប់​និង​គោល​ការណ៍​ដ៏​សុចរិត​របស់​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​បើ​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ នោះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ក្រៃ​លែង។ (​សុភាសិត ១៦:២៥​) ប៉ុន្តែ​បើ​យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ យើង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ខ្លួន​យើង​នឹង​ទទួល​ប្រយោជន៍​ផង​ដែរ។—អេសាយ ៤៨:១៧, ១៨

ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។ លោក​យេស៊ូ​បាន​ព្រមាន​ថា​អ្នក​ខ្លះ​អាច​បាន​ត្រូវ​បង្វែរ​អារម្មណ៍ ហើយ​គិត​ថា​ការ​រក​លុយ​ឲ្យ​បាន​ច្រើន​បំផុត​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​សុវត្ថិភាព។ អ្នក​ឯ​ទៀត​ប្រហែល​ឲ្យ​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​ពួក​គេ​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​គ្មាន​ពេល​ដើម្បី​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថាយ ៦:​១៩​-​២១, ២៥​-​៣២

ក៏​ប៉ុន្តែ លោក​យេស៊ូ​សន្យា​ថា​ពួក​អ្នក​ដែល​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ​នឹង​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​នា​ពេល​ឥឡូវ​នេះ ហើយ​សប្បាយ​នឹង​ពរ​ជា​រៀង​រហូត​នៅ​ថ្ងៃ​អនាគត។—ម៉ាថាយ ៦:៣៣

ទោះ​ជា​ពួក​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១​បាន​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​និង​សេចក្ដី​សុចរិត​របស់​លោក​ជា​មុន​ក៏​ដោយ តែ​ពួក​គេ​មិន​ឃើញ​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ទាំង​អស់​បាន​ត្រូវ​កម្ចាត់​ចោល​ក្នុង​ជីវិត​ពួក​គេ​ទេ។ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​ការ​ការ​ពារ។ តើ​តាម​របៀប​ណា?

ពួក​គេ​បាន​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ ហើយ​នេះ​បាន​ការ​ពារ​ពួក​គេ​ពី​ការ​ពិបាក​ផ្សេង​ៗ​ដែល​មនុស្ស​ខ្លះ​មាន​ដោយ​សារ​មិន​អើពើ​នឹង​ប្រសាសន៍​របស់​ព្រះ​ក្នុង​គម្ពីរ។ សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​ដែល​ពួក​គេ​មាន​ទៅ​លើ​រាជាណាចក្រ​នឹង​ជួយ​ពួក​គេ​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​វេទនា​ដ៏​ខ្លាំង​បំផុត។ ម្យ៉ាង​ទៀត ព្រះ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ដើម្បី​ពួក​គេ​អាច​ស៊ូ​ទ្រាំ។—កូរិនថូស​ទី២ ៤:៧​-​៩

តើ​អ្នក​នឹង​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​ឬ​ទេ?

នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​របស់​លោក​យេស៊ូ ឲ្យ​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន។ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​តំបន់​របស់​ពួក​គេ។ (​កូឡុស ១:២៣​) តើ​មាន​អ្នក​ណា​ដែល​កំពុង​ធ្វើ​ដូច្នេះ​នៅ​សព្វ​ថ្ងៃ​ឬ​ទេ?

មាន! សាក្សី​ព្រះ​យេហូវ៉ា​ដឹង​ថា​មិន​សល់​ពេល​ច្រើន​ទេ​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់ ហេតុ​នេះ​ពួក​គេ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​បង្គាប់​ដែល​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

តើ​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ដំណឹង​ល្អ? យើង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​តាម​ពួក​អ្នក​នៅ​សតវត្សរ៍​ទី​១​ដែល​រស់​នៅ​ក្រុង​បេរៀ នា​ស្រុក​ម៉ាសេដូន។ ពេល​ពួក​គេ​បាន​ឮ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ពី​សាវ័ក​ប៉ូល ពួក​គេ​ទទួល​ដំណឹង​នោះ​«​ដោយ​ក្ដី​រំភើប​»។ រួច​មក ពួក​គេ​«​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​»​ឲ្យ​ដឹង​ថា​ដំណឹង​នោះ​គឺ​ស្រប​នឹង​បទ​គម្ពីរ​ឬ​យ៉ាង​ណា ហើយ​ក្រោយ​មក​ពួក​គេ​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន។—សកម្មភាព ១៧:១១, ១២

អ្នក​អាច​ធ្វើ​ដូច​គ្នា​ដែរ។ ដោយ​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន អ្នក​នឹង​ទទួល​ការ​ការ​ពារ​នៅ​ពេល​ឥឡូវ​នេះ ហើយ​នៅ​អនាគត​អ្នក​អាច​សប្បាយ​រីករាយ​នឹង​សន្តិភាព​និង​សន្តិសុខ​ដែល​មិន​សាប​សូន្យ​ឡើយ។