លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

របៀប​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង

របៀប​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង

ទោះ​ជា​គ្រិស្ដ​សាសនិក​មិន​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ​ក្ដី តែ​បញ្ញត្ដិ​ពីរ​សំខាន់​ជាង​គេ​ក្នុង​ច្បាប់​នោះ ពោល​គឺ​ការ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​នៅ​តែ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ។ (​ម៉ាថ. ២២:៣៧​-​៣៩​) សេចក្ដី​ស្រឡាញ់​បែប​នេះ​មិន​មែន​កើត​ឡើង​ដោយ​ស្វ័យប្រវត្ដិ​ទេ គឺ​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន។ តើ​តាម​របៀប​ណា? វិធី​សំខាន់​មួយ​គឺ​តាម​រយៈ​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ពេល​យើង​ពិចារណា​អំពី​បុគ្គលិក​លក្ខណៈ​ផ្សេង​ៗ​របស់​ព្រះ​ដែល​យើង​ឃើញ​ក្នុង​គម្ពីរ យើង​កំពុង​មើល​«​សេចក្ដី​លំអ​នៃ​ព្រះ​យេហូវ៉ា​»។ (​ទំនុក. ២៧:៤​) ជា​លទ្ធផល យើង​កាន់​តែ​ស្រឡាញ់​លោក និង​កាន់​តែ​គិត​ដូច​លោក។ នេះ​ជំរុញ​ចិត្ដ​យើង​ឲ្យ​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ រួម​ទាំង​បញ្ញត្ដិ​ដែល​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ចំពោះ​អ្នក​ឯ​ទៀត។ (​យ៉ូន. ១៣:៣៤, ៣៥; ១យ៉ូន. ៥:៣​) មាន​យោបល់​បី​ដើម្បី​ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​កាន់​តែ​សប្បាយ​រីក​រាយ:

  • ប្រើ​ការ​ស្រមៃ​គិត និង​ដាក់​អារម្មណ៍។ សូម​ស្រមៃ​គិត​ថា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​នោះ។ តើ​អ្នក​បាន​ឃើញ ឮ និង​ធុំ​ក្លិន​អ្វី? តើ​បុគ្គល​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា?

  • ប្រើ​វិធី​ផ្សេង​ៗ។ មាន​យោបល់​មួយ​ចំនួន​ដូច​ជា: អាន​ឮ​ៗ ឬ​អាន​តាម កាល​ដែល​ស្តាប់​ឯកសារ​ជា​សំឡេង។ អាន​អំពី​តួ​អង្គ​ណា​មួយ​ក្នុង​គម្ពីរ ឬ​ប្រធានបទ​ណា​មួយ ជា​ជាង​អាន​តាម​ជំពូក។ ជា​ឧទាហរណ៍ សូម​ប្រើផ្នែក​ទី​៤ទី​១៦ក្នុង​ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ ដើម្បី​អាន​អំពី​លោក​យេស៊ូ។ អាន​មួយ​ជំពូក​ពី​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​ដែល​បាន​ត្រូវ​ដក​ស្រង់។ អាន​គម្ពីរ​តាម​លំដាប់​ពេល​ដែល​បាន​ត្រូវ​សរសេរ។

  • អាន​ដើម្បី​យល់។ ការ​អាន​ដោយ​រំពឹង​គិត​ដើម្បី​យល់​សូម្បី​តែ​មួយ​ជំពូក​ជា​រៀង​រាល់​ថ្ងៃ គឺ​ច្បាស់​ជា​ប្រសើរ​ជាង​ការ​អាន​ជា​ច្រើន​ជំពូក​គ្រាន់​តែ​ដើម្បី​មាន​ពាក្យ​ថា​អាន។ គិត​ពិចារណា​អំពី​ទី​តាំង​និង​ពេល​វេលា។ វិភាគ​យ៉ាង​ល្អិត​ល្អន់។ ប្រើ​ផែន​ទី​និង​ឯកសារ​យោង។ ស្រាវ​ជ្រាវ​យ៉ាង​ហោច​ណាស់​ចំណុច​មួយ​ដែល​អ្នក​មិន​យល់។ បើ​អាច ចំណាយ​ពេល​រំពឹង​គិត​ស្មើ​នឹង​ពេល​អាន។