លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២

អ្នកអាចទៅជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›

អ្នកអាចទៅជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›

«ពួក​គាត់ . . . រួម​ការ​ងារ​ជា​មួយ​នឹង​ខ្ញុំ​ដើម្បី​រាជាណាចក្រ​របស់​ព្រះ ហើយ​ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​ជំនួយ​របស់​ខ្ញុំ​និង​អ្នក​ពង្រឹង​កម្លាំង​ខ្ញុំ»។—កូឡ. ៤:១១

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

សេចក្ដី​សង្ខេប *

១. តើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​កំពុង​ជួប​ប្រទះ​នឹង​ស្ថានភាព​ពិបាក​អ្វី​ខ្លះ?

នៅ​ទូ​ទាំង​ពិភព​លោក អ្នក​បម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​កំពុង​ជួប​ប្រទះ​នឹង​ស្ថានភាព​ផ្សេងៗ ដែល​នាំ​ឲ្យ​ពួក​គេ​តាន​តឹង​ចិត្ត​ឬ​ពិបាក​ចិត្ត។ តើ​អ្នក​ឃើញ​បញ្ហា​នេះ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឬ​ទេ? ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ខ្លះ​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ ឬ​កើត​ទុក្ខ​ដោយ​សារ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ អ្នក​ខ្លះ​ទៀត​ឈឺ​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ពួក​គេ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ រីឯ​អ្នក​ខ្លះ​ទៀត​កំពុង​រង​ទុក្ខ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ។ បង​ប្អូន​ទាំង​នេះ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

២. ហេតុ​អ្វី​ជួន​កាល​សាវ័ក​ប៉ូល​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ?

អស់​ជា​ច្រើន​ដង សាវ័ក​ប៉ូល​បាន​ជួប​គ្រោះ​ថ្នាក់​ដល់​ជីវិត។ (២កូ. ១១:២៣​-​២៨) គាត់​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​«បន្លា​មួយ​ក្នុង​សាច់​ឈាម» ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​បញ្ហា​សុខភាព។ (២កូ. ១២:៧) ម្យ៉ាង​ទៀត គាត់​បាន​ខក​ចិត្ត​ពេល​ដេម៉ាស​ដែល​ធ្លាប់​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​គាត់ បាន​បោះ​បង់​ចោល​គាត់ «ដោយ​សារ​[ដេម៉ាស]​ស្រឡាញ់​របៀប​របប​ពិភព​លោក​នា​បច្ចុប្បន្ន​នេះ»។ (២ធី. ៤:១០) ទោះ​ជា​ប៉ូល​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដ៏​អង់អាច​ក្លាហាន​ម្នាក់ និង​ដែល​ជួយ​អ្នក​ឯ​ទៀត​ដោយ​មិន​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្ដី ជួន​កាល​គាត់​ក៏​ធ្លាក់​ទឹក​ចិត្ត​ដែរ។—រ៉ូម ៩:១, ២

៣. តើ​ប៉ូល​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​គាំ​ទ្រ​ពី​អ្នក​ណា?

ប៉ូល​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​គាំ​ទ្រ​ដែល​គាត់​ត្រូវ​ការ។ តើ​តាម​របៀប​ណា? ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ពង្រឹង​កម្លាំង​គាត់។ (២កូ. ៤:៧; ភី. ៤:១៣) ព្រះ​យេហូវ៉ា​ក៏​បាន​សម្រាល​ទុក្ខ​គាត់​តាម​រយៈ​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែរ។ ប៉ូល​បាន​រៀប​រាប់​អំពី​អ្នក​រួម​ការ​ងារ​ខ្លះ​ថា​ពួក​គេ​ជា​‹ជំនួយ​និង​អ្នក​ពង្រឹង​កម្លាំង›​ឬ​សម្រាល​ទុក្ខ​គាត់។ (កូឡ. ៤:១១) ក្នុង​ចំណោម​ពួក​អ្នក​ដែល​គាត់​បាន​លើក​ឈ្មោះ​ឡើង​រួម​មាន​អារីស្ដាក ទីឃីកុស និង​ម៉ាកុស។ ពួក​គាត់​បាន​ពង្រឹង​កម្លាំង​ប៉ូល​ដោយ​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ។ តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​បាន​ជួយ​គ្រិស្ត​សាសនិក​ទាំង​បី​នាក់​នេះ​ឲ្យ​ចេះ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត? តើ​យើង​អាច​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច កាល​ដែល​យើង​ព្យាយាម​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក?

ចូរ​ស្មោះ​ត្រង់​ដូច​អារីស្ដាក

ដូច​អារីស្ដាក យើង​អាច​ធ្វើ​ជា​មិត្ត​ដ៏​ស្មោះ​ត្រង់ ដោយ​នៅ​ជាប់​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង​ក្នុង​អំឡុង​«គ្រា​លំបាក» (សូម​មើល​វគ្គ​៤​-​៥) *

៤. តើ​អារីស្ដាក​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ជា​មិត្ត​ស្មោះ​ត្រង់​របស់​ប៉ូល?

អារីស្ដាក​ដែល​ជា​គ្រិស្ត​សាសនិកជន​ជាតិ​ម៉ាសេដូន​ម្នាក់​ពី​ក្រុង​ថែស្សាឡូនិច បាន​បង្ហាញ​ថា​គាត់​ជា​មិត្ត​ដ៏​ស្មោះ​ត្រង់​របស់​ប៉ូល។ គម្ពីរ​ចែង​ជា​លើក​ដំបូង​អំពី​អារីស្ដាក នៅ​ពេល​ដែល​ប៉ូល​បាន​ទៅ​ជួប​បង​ប្អូន​នៅ​ក្រុង​អេភេសូរ ក្នុង​អំឡុង​ដំណើរ​ជា​សាសនទូត​លើក​ទី៣​របស់​គាត់។ កាល​ដែល​អារីស្ដាក​រួម​ដំណើរ​ជា​មួយ​ប៉ូល គាត់​បាន​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​ខ្លួន។ (សកម្ម. ១៩:២៩) ក្រោយ​មក ពេល​ដែល​គាត់​បាន​ត្រូវ​គេ​ដោះ​លែង គាត់​មិន​បាន​ទៅ​ចោល​ប៉ូល​ដើម្បី​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង​ទេ ប៉ុន្តែ​គាត់​បាន​នៅ​ជាប់​នឹង​ប៉ូល​វិញ។ ប៉ុន្មាន​ខែ​ក្រោយ​មក អារីស្ដាក​នៅ​តែ​នៅ​ជា​មួយ​នឹង​ប៉ូល​នៅ​ស្រុក​ក្រិច ទោះ​ជា​សត្រូវ​របស់​ប៉ូល​ព្យាយាម​សម្លាប់​គាត់​ក្ដី។ (សកម្ម. ២០:២​-​៤) ប្រហែល​ជា​នៅ​ឆ្នាំ ៥៨ គ.ស. ពេល​ដែល​ប៉ូល​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រុង​រ៉ូម​ក្នុង​នាម​ជា​អ្នក​ទោស អារីស្ដាក​បាន​រួម​ដំណើរ​ដ៏​សែន​ឆ្ងាយ​នោះ​ជា​មួយ​នឹង​គាត់ ហើយ​នៅ​តាម​ផ្លូវ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​លិច​សំពៅ។ (សកម្ម. ២៧:១, ២, ៤១) តាម​មើល​ទៅ កាល​ដែល​នៅ​ក្រុង​រ៉ូម គាត់​បាន​ជាប់​គុក​ជា​មួយ​នឹង​ប៉ូល​អស់​មួយ​រយៈ​ពេល។ (កូឡ. ៤:១០) ប៉ូល​ច្បាស់​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ​ពី​មិត្ត​ដ៏​ស្មោះ​ត្រង់​បែប​នេះ!

៥. យោង​ទៅ​តាម​សុភាសិត ១៧:១៧ តើ​យើង​អាច​ធ្វើ​ជា​មិត្ត​ដ៏​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

ដូច​អារីស្ដាក យើង​អាច​ធ្វើ​ជា​មិត្ត​ដ៏​ស្មោះ​ត្រង់ ដោយ​នៅ​ជាប់​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង​មិន​គ្រាន់​តែ​នៅ​គ្រា​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​ក្នុង​អំឡុង​«គ្រា​លំបាក»​ដែរ។ (សូម​អាន សុភាសិត ១៧:១៧) សូម្បី​តែ​ក្រោយ​ពី​បញ្ហា​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី បង​ប្អូន​របស់​យើង​ប្រហែល​ជា​នៅ​តែ​ត្រូវ​ការ​ការ​សម្រាក​ទុក្ខ។ ជា​ឧទាហរណ៍ ឪ​ពុក​ម្ដាយ​របស់​បង​ស្រី​ហ្វ្រានស៊ីស *បាន​ស្លាប់​បន្ត​បន្ទាប់​គ្នា​ក្នុង​រយៈ​ពេល​បី​ខែ ដោយ​សារ​ជំងឺ​មហា​រីក។ គាត់​និយាយ​ថា៖ «ខ្ញុំ​ឃើញ​ថា ទុក្ខ​លំបាក​ធំ​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​យ៉ាង​យូរ។ ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​មិត្ត​ដ៏​ស្មោះ​ត្រង់​ដែល​ចាំ​ថា​ខ្ញុំ​នៅ​តែ​ពិបាក​ចិត្ត ទោះ​ជា​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​អស់​មួយ​រយៈ​ពេល​ក្ដី តាំង​ពី​ឪ​ពុក​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​ទៅ»។

៦. តើ​ភាព​ស្មោះ​ត្រង់​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

មិត្ត​ស្មោះ​ត្រង់​ធ្វើ​ការ​លះ​បង់​ផ្សេងៗ​ដើម្បី​គាំ​ទ្រ​បង​ប្អូន​របស់​ពួក​គេ។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ឈ្មោះ​ភីធើ​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​កេតរ៉ឹន និយាយ​ថា៖ «ប្ដី​ប្រពន្ធ​មួយ​គូ​ក្នុង​ក្រុម​ជំនុំ​យើង បាន​ជូន​យើង​ទៅ​ជួប​គ្រូ​ពេទ្យ ហើយ​នៅ​ពេល​នោះ​យើង​បាន​រក​ឃើញ​ជំងឺ​របស់​បង​ភីធើ។ នៅ​ខណៈ​ពេល​នោះ ពួក​គាត់​បាន​សម្រេច​ចិត្ត​ថា​ពួក​គាត់​នឹង​មិន​ទុក​យើង​ចោល​ក្នុង​ស្ថានភាព​ដ៏​ពិបាក​នេះ​ទេ ហើយ​ពួក​គាត់​បាន​នៅ​ជា​មួយ​យើង​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ពួក​គាត់»។ ការ​មាន​មិត្ត​ពិត​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន!

ចូរ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ទីឃីកុស

ដូច​ទីឃីកុស យើង​អាច​ធ្វើ​ជា​មិត្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ពេល​អ្នក​ឯ​ទៀត​កំពុង​ជួប​បញ្ហា (សូម​មើល​វគ្គ​៧​-​៩) *

៧​-​៨. យោង​ទៅ​តាម​កូឡុស ៤:៧​-​៩ តើ​ទីឃីកុស​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

ទីឃីកុស​ជា​គ្រិស្ត​សាសនិក​ពី​តំបន់​អាស៊ី​ដែល​កាន់​កាប់​ដោយ​រ៉ូម ហើយ​គាត់​ជា​ដៃ​គូ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ប៉ូល។ (សកម្ម. ២០:​៤) ប្រហែល​ជា​នៅ​ឆ្នាំ ៥៥ គ.ស ប៉ូល​បាន​រៀបចំ​ប្រមូល​វិភាគទាន​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា ហើយ​គាត់​ប្រហែល​ជា​បាន​ឲ្យ​ទីឃីកុស​ជួយ​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ។ (២កូ. ៨:១៨​-​២០) ក្រោយ​មក ពេល​ដែល​ប៉ូល​បាន​ជាប់​គុក​នៅ​ក្រុង​រ៉ូម​ជា​លើក​ដំបូង ទីឃីកុស​បាន​បម្រើ​ជា​អ្នក​នាំ​ពាក្យ​របស់​គាត់។ គាត់​បាន​នាំ​យក​សំបុត្រ​និង​ដំណឹង​ដែល​លើក​ទឹក​ចិត្ត​ពី​ប៉ូល​ទៅ​ឲ្យ​ក្រុម​ជំនុំ​នៅ​តំបន់​អាស៊ី។—កូឡ. ៤:៧​-​៩

ទីឃីកុស​បាន​បន្ត​ធ្វើ​ជា​មិត្ត​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ប៉ូល។ (ទីត. ៣:១២) មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​នៅ​សម័យ​នោះ​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ទីឃីកុស​ទេ។ ប្រហែល​ជា​នៅ​ឆ្នាំ ៦៥ គ.ស ក្នុង​អំឡុង​ពេល​ប៉ូល​ជាប់​គុក​ជា​លើក​ទី២ គាត់​បាន​សរសេរ​ថា​បុរស​គ្រិស្ត​សាសនិក​ជា​ច្រើន​នៅ​តំបន់​អាស៊ី​បាន​បែរ​ចេញ​ពី​គាត់ នេះ​ទំនង​ជា​ដោយ​សារ​ពួក​គេ​ខ្លាច​ពួក​អ្នក​ប្រឆាំង។ (២ធី. ១:១៥) ផ្ទុយ​ពី​ពួក​គេ ប៉ូល​អាច​ទុក​ចិត្ត​ទីឃីកុស ហើយ​បាន​ឲ្យ​ភារកិច្ច​មួយ​ទៀត​ដល់​គាត់។ (២ធី. ៤:១២) ប៉ូល​ប្រាកដ​ជា​សប្បាយ​រីក​រាយ​ដែល​មាន​មិត្ត​ល្អ​ដូច​ទីឃីកុស។

៩. តើ​យើង​អាច​យក​តម្រាប់​ទីឃីកុស​យ៉ាង​ដូច​ម្ដេច?

យើង​អាច​យក​តម្រាប់​ទីឃីកុស ដោយ​ធ្វើ​ជា​មិត្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ជា​ឧទាហរណ៍ យើង​មិន​គ្រាន់​តែ​សន្យា​ថា​យើង​នឹង​ជួយ​បង​ប្អូន​របស់​យើង​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ធ្វើ​អ្វី​ផ្សេងៗ​ដើម្បី​ជួយ​ពួក​គេ​ដែរ។ (ម៉ាថ. ៥:៣៧; លូក. ១៦:​១០) ពេល​បង​ប្អូន​ដែល​ត្រូវ​ការ​ជំនួយ​ដឹង​ថា​ពួក​គេ​អាច​ពឹង​យើង​បាន ពួក​គេ​ធូរ​ចិត្ត។ ហេតុ​អ្វី? បង​ស្រី​ម្នាក់​ពន្យល់​អំពី​មូលហេតុ។ គាត់​និយាយ​ថា៖ «យើង​មិន​បារម្ភ​ថា​បុគ្គល​ដែល​ស្នើ​សុំ​ជួយ​យើង​នឹង​ជួយ​យើង​ទាន់​ពេល​តាម​ពាក្យ​សន្យា​របស់​គាត់​ឬ​អត់​ទេ»។

១០. ដូច​ចែង​នៅ​សុភាសិត ១៨:២៤ តើ​អ្នក​ដែល​ជួប​ទុក្ខ​លំបាក​ឬ​ខក​ចិត្ត​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ណា?

១០ អ្នក​ដែល​ជួប​ទុក្ខ​លំបាក​ឬ​ខក​ចិត្ត ច្រើន​តែ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​មិត្ត​ភក្ដិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ (សូម​អាន សុភាសិត ១៨:​២៤) បង​ប្រុស​ប៊ី​ជេ​ខក​ចិត្ត​ពេល​ឃើញ​កូន​ប្រុស​របស់​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ក្រោយ​មក​គាត់​បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវ​ប្រាប់​អារម្មណ៍​របស់​ខ្ញុំ​ទៅ​អ្នក​ណា​ម្នាក់​ដែល​ខ្ញុំ​អាច​ទុក​ចិត្ត»។ បង​ប្រុស​ខាលឡូស​ដែល​បាន​បាត់​បង់​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ​ដោយ​សារ​គាត់​បាន​ធ្វើ​ខុស និយាយ​ថា៖ «ខ្ញុំ​ត្រូវ​ការ​កន្លែង​ស្ងប់​ស្ងាត់​មួយ ដែល​អាច​ឲ្យ​ខ្ញុំ​បញ្ចេញ​អារម្មណ៍​ទាំង​អស់​របស់​ខ្ញុំ​ដោយ​មិន​ខ្លាច​ថា​មាន​អ្នក​ណា​នឹង​វិនិច្ឆ័យ​ខ្ញុំ​ទេ»។ បង​ខាលឡូស​បាន​រក​ឃើញ​កន្លែង​ស្ងប់​ស្ងាត់​នោះ ក្នុង​ន័យ​ម្យ៉ាង​គឺ​ជា​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​បញ្ហា​របស់​គាត់។ គាត់​ក៏​ទទួល​ការ​សម្រាល​ទុក្ខ ដោយ​ដឹង​ថា​ពួក​អ្នក​ចាស់​ទុំ​នឹង​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​គាត់​បាន​ប្រាប់​ពួក​គេ​ឡើយ។

១១. តើ​យើង​អាច​ធ្វើ​ជា​មិត្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១១ ដើម្បី​ធ្វើ​ជា​មិត្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់។ ក្រោយ​ពី​ប្ដី​របស់​បង​ស្រី​ហ្សាណា​បាន​ចុះ​ចោល​គាត់ គាត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ប្រាប់​អារម្មណ៍​របស់​គាត់​ទៅ​មិត្ត​ជិត​ស្និទ្ធ។ គាត់​និយាយ​ថា៖ «ពួក​គេ​បាន​ស្ដាប់​ខ្ញុំ​ដោយ​អត់​ធ្មត់ ទោះ​ជា​ខ្ញុំ​ប្រហែល​ជា​និយាយ​ដដែលៗ​ក្ដី»។ អ្នក​ក៏​អាច​បង្ហាញ​ថា​អ្នក​ជា​មិត្ត​ដ៏​ល្អ ដោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ឯ​ទៀត។

ចូរ​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត​ដូច​ម៉ាកុស

ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​របស់​ម៉ាកុស បាន​ជួយ​ប៉ូល​ឲ្យ​ស៊ូ​ទ្រាំ ហើយ​យើង​អាច​ជួយ​បង​ប្អូន​របស់​យើង​ក្នុង​អំឡុង​គ្រា​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា (សូម​មើល​វគ្គ​១២​-​១៤) *

១២. តើ​ម៉ាកុស​ជា​អ្នក​ណា ហើយ​តើ​គាត់​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត?

១២ ម៉ាកុស​គឺ​ជា​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ពី​ក្រុង​យេរូសាឡិម។ បាណាបាស​ដែល​ជា​បង​ជីដូន​មួយ​របស់​គាត់​គឺ​ជា​សាសនទូត​ដែល​បង​ប្អូន​ជា​ច្រើន​ស្គាល់។ (កូឡ. ៤:១០) តាម​មើល​ទៅ ក្រុម​គ្រួសារ​របស់​ម៉ាកុស​គឺ​ជា​អ្នក​មាន ប៉ុន្តែ​គាត់​មិន​បាន​ចាត់​ទុក​វត្ថុ​ទ្រព្យ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​គាត់​ឡើយ។ អស់​មួយ​ជីវិត​របស់​ម៉ាកុស គាត់​បាន​បង្ហាញ​ថា​គាត់​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ក្ដី​រីក​រាយ។ ជា​ឧទាហរណ៍ នៅ​ពេល​ខ្លះ គាត់​បាន​បម្រើ​ជា​មួយ​នឹង​សាវ័ក​ប៉ូល ហើយ​ពេល​ខ្លះ​ជា​មួយ​នឹង​សាវ័ក​ពេត្រុស​ដែរ កាល​ដែល​ពួក​គាត់​កំពុង​បំពេញ​ភារកិច្ច។ ម៉ាកុស​ប្រហែល​ជា​បាន​ទិញ​អាហារ រក​កន្លែង​ស្នាក់​នៅ​ឲ្យ​ពួក​គាត់ និង​ធ្វើ​អ្វី​ផ្សេង​ទៀត។ (សកម្ម. ១៣:២​-​៥; ១ពេ. ៥:១៣) ប៉ូល​បាន​រៀប​រាប់​ថា​ម៉ាកុស​ជា​‹អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​គាត់​ដើម្បី​រាជាណាចក្រ​របស់​ព្រះ› និង​ជា​‹ជំនួយ​និង​អ្នក​ពង្រឹង​កម្លាំង›​គាត់។—កូឡ. ៤:១០, ១១

១៣. តើ​ធីម៉ូថេ​ទី២ ៤:១១ បង្ហាញ​យ៉ាង​ណា​ថា​ប៉ូល​បាន​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ម៉ាកុស?

១៣ ប៉ូល​ប្រាកដ​ជា​បាន​ឲ្យ​តម្លៃ​ចំពោះ​ជំនួយ​ទាំង​អស់​នេះ​របស់​ម៉ាកុស។ ដូច្នេះ ម៉ាកុស​បាន​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​ប៉ូល។ ជា​ឧទាហរណ៍ ពេល​ប៉ូល​បាន​ជាប់​គុក​ជា​លើក​ចុង​ក្រោយ​នា​ក្រុង​រ៉ូម ប្រហែល​ជា​នៅ​ឆ្នាំ ៦៥ គ.ស. គាត់​បាន​សរសេរ​សំបុត្រ​ទី២​របស់​គាត់​ទៅ​កាន់​ធីម៉ូថេ។ ក្នុង​សំបុត្រ​នោះ ប៉ូល​បាន​សុំ​ធីម៉ូថេ​ឲ្យ​មក​ក្រុង​រ៉ូម ហើយ​សុំ​ឲ្យ​គាត់​យក​ម៉ាកុស​មក​ជា​មួយ​ដែរ។ (២ធី. ៤:១១) តាម​មើល​ទៅ នៅ​ពេល​នោះ​ប៉ូល​ដឹង​ថា​មិន​យូរ​ទៀត​គាត់​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ដូច្នេះ​គាត់​បាន​សុំ​ម៉ាកុស​ឲ្យ​នៅ​ជា​មួយ​នឹង​គាត់។ ម៉ាកុស​បាន​ជួយ​ប៉ូល​តាម​របៀប​ផ្សេងៗ។ គាត់​ប្រហែល​ជា​ផ្ដល់​អាហារ​ឲ្យ​ប៉ូល ឬ​សម្ភារ​សម្រាប់​ឲ្យ​គាត់​សរសេរ​សំបុត្រ។ ការ​គាំ​ទ្រ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​ប៉ូល​បាន​ទទួល ទំនង​ជា​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់។

១៤​-​១៥. តើ​ម៉ាថាយ ៧:១២ អាច​បង្រៀន​យើង​អ្វី​អំពី​ការ​ជួយ​អ្នក​ឯ​ទៀត?

១៤ សូម​អាន ម៉ាថាយ ៧:១២ពេល​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក យើង​ឲ្យ​តម្លៃ​ចំពោះ​ពួក​អ្នក​ដែល​ស្នើ​សុំ​ជួយ​យើង! ឪ​ពុក​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​រ៉ាយអិន​បាន​ស្លាប់​ភ្លាមៗ​ក្នុង​គ្រោះ​ថ្នាក់​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​មួយ គាត់​និយាយ​ថា៖ «រាល់​ថ្ងៃ មាន​អ្វី​ជា​ច្រើន​ដែល​យើង​ធ្វើ​ជា​ធម្មតា តែ​វា​បែរ​ជា​ពិបាក​ធ្វើ​ពេល​យើង​កំពុង​កើត​ទុក្ខ។ ការ​ផ្ដល់​ជំនួយ សូម្បី​តែ​តិច​តួច​ក៏​មាន​ប្រយោជន៍​ច្រើន​ណាស់»។

១៥ បើ​យើង​សង្កេត​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់ យើង​ទំនង​ជា​អាច​ស្វែង​រក​វិធី​ផ្សេងៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​បាន​សម្រេច​ចិត្ត​ជួយ​បង​ភីធើ​និង​បង​កេតរ៉ឹន​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ ដោយ​ជូន​ពួក​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ​រាល់​លើក​ដែល​ពួក​គាត់​ត្រូវ​ការ។ ទាំង​បង​ភីធើ​ទាំង​បង​កេតរ៉ឹន​មិន​អាច​បើក​បរ​បាន​ទៀត​ទេ ដូច្នេះ​បង​ស្រី​នោះ​បាន​រៀបចំ​កាល​វិភាគ​ឲ្យ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ពី​ក្រុម​ជំនុំ​ដាក់​វេន​គ្នា​ដើម្បី​ជូន​ពួក​គាត់​ទៅ​ណា​មក​ណា។ តើ​ការ​រៀបចំ​នេះ​បាន​ជួយ​ពួក​គាត់​ឬ​ទេ? បង​កេតរ៉ឹន​និយាយ​ថា៖ «យើង​មាន​អារម្មណ៍​ថា គឺ​ហាក់​ដូច​ជា​អម្រែក​ដ៏​ធ្ងន់​មួយ​បាន​ដក​ចេញ​ពី​ស្មា​របស់​យើង»។ សូម​ចាំ​ជា​និច្ច​ថា​អ្នក​អាច​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ខ្លាំង​ណាស់ ពេល​អ្នក​ធ្វើ​អ្វីៗ​ដើម្បី​ជួយ​ពួក​គេ ទោះ​ជា​អ្វី​នោះ​សាមញ្ញ​ឬ​តូច​តាច​ក៏​ដោយ។

១៦. ស្តី​អំពី​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត តើ​យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​អ្វី​ពី​គំរូ​របស់​ម៉ាកុស?

១៦ ម៉ាកុស​ច្បាស់​ជា​គ្រិស្ត​សាសនិក​ដែល​ជាប់​រវល់​ណាស់។ គាត់​មាន​ភារកិច្ច​ដ៏​សំខាន់​ពី​ព្រះ​យេហូវ៉ា ដែល​រួម​បញ្ចូល​ការ​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​ដែល​បាន​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គាត់។ ក៏​ប៉ុន្តែ ម៉ាកុស​បាន​លៃ​ទុក​ពេល​ដើម្បី​សម្រាល​ទុក្ខ​ប៉ូល ហើយ​ប៉ូល​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​សុំ​ជំនួយ​ពី​គាត់។ បង​ស្រី​អេនចឺឡា​ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​សម្រាល​ទុក្ខ​គាត់។ គាត់​និយាយ​ថា៖ «ពេល​មិត្ត​ចង់​ជួយ​យើង​ដោយ​ចិត្ត​ស្មោះ យើង​ស្រួល​ទាក់​ទង​ពួក​គេ។ ពួក​គេ​មើល​ទៅ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្ដល់​ជំនួយ​ឡើយ»។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​អ្នក​ឯ​ទៀត​ស្គាល់​ខ្ញុំ​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​ពេញ​ចិត្ត​ជួយ​សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ​តាម​របៀប​ផ្សេងៗ​ឬ​ទេ?›។

ចូរ​តាំង​ចិត្ត​សម្រាល​ទុក្ខ​ អ្នក​ឯ​ទៀត

១៧. តើ​ការ​រំពឹង​គិត​អំពី​កូរិនថូស​ទី២ ១:៣, ៤ អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៧ យើង​ស្រួល​ឃើញ​ថា​មាន​បង​ប្អូន​ដែល​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ពី​យើង។ យើង​ប្រហែល​ជា​ថែម​ទាំង​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​តាម​របៀប​ដែល​អ្នក​ណា​ម្នាក់​ធ្លាប់​លើក​ទឹក​ចិត្ត​យើង។ បង​ស្រី​នីណូ​ដែល​បាន​បាត់​បង់​យាយ​របស់​គាត់​ដោយ​សារ​សេចក្ដី​ស្លាប់ និយាយ​ថា៖ «ព្រះ​យេហូវ៉ា​អាច​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​តាម​រយៈ​យើង បើ​យើង​អនុញ្ញាត​ឲ្យ​លោក​ប្រើ​យើង»។ (សូម​អាន កូរិនថូស​ទី២ ១:៣, ៤) បង​ហ្វ្រានស៊ីស​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ និយាយ​ថា៖ «ពាក្យ​នៅ​កូរិនថូស​ទី២ ១:៤ គឺ​ជា​ពាក្យ​ពិត។ យើង​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ឯ​ទៀត​តាម​របៀប​ដែល​យើង​បាន​ទទួល»។

១៨. (ក) ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ហ៊ាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ឯ​ទៀត? (ខ) តើ​យើង​អាច​ទៅ​ជា​អ្នក​ដែល​ពិត​ជា​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

១៨ យើង​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ទោះ​ជា​យើង​ខ្លាច​ក៏​ដោយ។ តើ​ក្នុង​ន័យ​អ្វី? យើង​ប្រហែល​ជា​ខ្លាច​ថា​យើង​មិន​ដឹង​និយាយ​អ្វី ឬ​ធ្វើ​អ្វី​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ទេ។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ផល​នឹក​ចាំ​អំពី​របៀប​ដែល​បុគ្គល​ខ្លះ​បាន​ព្យាយាម​សម្រាល​ទុក្ខ​គាត់ ក្រោយ​ពី​ឪ​ពុក​គាត់​បាន​ស្លាប់។ គាត់​និយាយ​ថា៖ «ខ្ញុំ​អាច​ឃើញ​ថា​ពួក​គេ​មិន​ស្រួល​មក​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ទេ។ ពួក​គេ​ពិបាក​រក​ពាក្យ​និយាយ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​ទឹក​ចិត្ត​ដែល​ពួក​គេ​ចង់​សម្រាល​ទុក្ខ​និង​គាំ​ទ្រ​ខ្ញុំ»។ ស្រដៀង​គ្នា​ដែរ ក្រោយ​មាន​រញ្ជួយ​ដី​ដ៏​កក្រើក​មួយ បង​ប្រុស​ថាជុន​បាន​រៀប​រាប់​ថា៖ «បើ​និយាយ​ដោយ​ស្មោះ​ទៅ ខ្ញុំ​មិន​ចាំ​គ្រប់​សារ​ដែល​អ្នក​ឯ​ទៀត​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រញ្ជួយ​ដី​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ខ្ញុំ ហើយ​ចង់​ប្រាកដ​ថា​ខ្ញុំ​មាន​សុវត្ថិភាព»។ យើង​អាច​ទៅ​ជា​អ្នក​ដែល​ពិត​ជា​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត បើ​យើង​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។

១៩. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​ធ្វើ​ជា​‹ជំនួយ​និង​អ្នក​ពង្រឹង​កម្លាំង›?

១៩ កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ស្ថានភាព​របស់​ពិភព​លោក​នឹង​កាន់​តែ​អាក្រក់​ទៅៗ ហើយ​ជីវិត​នឹង​កាន់​តែ​ពិបាក​ទៅៗ​ដែរ។ (២ធី. ៣:១៣) ម្យ៉ាង​ទៀត យើង​នឹង​នៅ​តែ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​និង​ចេះ​ធ្វើ​ខុស។ មូលហេតុ​មួយ​ដែល​សាវ័ក​ប៉ូល​អាច​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​របស់​គាត់ គឺ​ដោយ​សារ​គាត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​បង​ប្អូន​រួម​ជំនឿ។ សូម​យើង​ស្មោះ​ត្រង់​ដូច​អារីស្ដាក គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ទីឃីកុស និង​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត​ដូច​ម៉ាកុស។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​រក្សា​ជំនឿ​មាំ​មួន។—១ថែ. ៣:២, ៣

^ វគ្គ 5 សាវ័ក​ប៉ូល​បាន​ជួប​ការ​ពិបាក​ជា​ច្រើន​ក្នុង​ជីវិត​របស់​គាត់។ ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​ប៉ុន្មាន​នាក់​បាន​សម្រាល​ទុក្ខ​គាត់។ យើង​នឹង​ពិចារណា​អំពី​គុណ​សម្បត្ដិ​បី​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រួម​ការ​ងារ​ទាំង​នេះ​ពូកែ​សម្រាល​ទុក្ខ​គាត់។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់។

^ វគ្គ 5 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: អារីស្ដាក​និង​ប៉ូល​បាន​លិច​សំពៅ​ជា​មួយ​គ្នា។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: ទីឃីកុស​មាន​ភារកិច្ច​យក​សំបុត្រ​របស់​ប៉ូល​ឲ្យ​ក្រុម​ជំនុំ​ផ្សេងៗ។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: ម៉ាកុស​បាន​ជួយ​ប៉ូល​តាម​របៀប​ផ្សេងៗ។