លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤

«សកម្មពលរបស់ព្រះធ្វើជាសាក្សី»

«សកម្មពលរបស់ព្រះធ្វើជាសាក្សី»

«សកម្មពល​របស់​ព្រះ​ធ្វើ​ជា​សាក្សី​ដែល​បញ្ជាក់​ជា​មួយ​នឹង​ចិត្ត​គំនិត​របស់​យើង​ថា យើង​ជា​កូន​ព្រះ»។—រ៉ូម ៨:១៦

ចម្រៀង​លេខ​២៥ ទ្រព្យ​ពិសេស​របស់​ព្រះ

សេចក្ដី​សង្ខេប *

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក​តាម​របៀប​ដ៏​អស្ចារ្យ​មួយ​ទៅ​លើ​គ្រិស្ត​សាសនិក​ប្រហែល​ជា​១២០​នាក់ (សូម​មើល​វគ្គ​១​-​២)

១​-​២. តើ​ព្រឹត្ដិ​ការណ៍​ដ៏​អស្ចារ្យ​អ្វី​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ ៣៣ គ.ស.?

គឺ​ជា​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​យេរូសាឡិម។ ថ្ងៃ​នោះ​គឺ​ជា​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ ៣៣ គ.ស.។ អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែល​ជា​១២០​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​ក្នុង​ផ្ទះ​មួយ។ (សកម្ម. ១:១៣​-​១៥; ២:១) នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ លោក​យេស៊ូ​បាន​បង្គាប់​ពួក​គេ​ឲ្យ​បន្ត​នៅ​ក្រុង​យេរូសាឡិម ដោយ​សារ​ពួក​គេ​ត្រូវ​ទទួល​អំណោយ​ដ៏​ពិសេស​មួយ។ (សកម្ម. ១:៤, ៥) តើ​អ្វី​កើត​ឡើង​នៅ​ពេល​បន្ទាប់​មក?

នៅ​ពេល​នោះ «ស្រាប់​តែ​មាន​សូរ​សំឡេង​ពី​លើ​មេឃ ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង»។ សំឡេង​នោះ​អាច​ឮ​ពេញ​ផ្ទះ។ បន្ទាប់​មក «អ្វី​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​ជា​ច្រើន»​បាន​លេច​មក​សណ្ឋិត​លើ​ក្បាល​របស់​ពួក​អ្នក​កាន់​តាម រួច​ពួក​គេ​គ្រប់​គ្នា​បាន​«ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ»។ (សកម្ម. ២:២​-​៤) តាម​របៀប​ដ៏​អស្ចារ្យ​នេះ ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក​ទៅ​លើ​ពួក​អ្នក​កាន់​តាម​មួយ​ក្រុម​នោះ។ (សកម្ម. ១:៨) ពួក​គេ​ជា​បុគ្គល​ដំបូង​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ * ហើយ​ដែល​បាន​ទទួល​សេចក្ដី​សង្ឃឹម​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។

តើ​អ្វី​កើត​ឡើង​ពេល​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​រើស​តាំង?

៣. ហេតុ​អ្វី​ពួក​អ្នក​ដែល​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ ៣៣ គ.ស. បាន​ជឿ​ជាក់​ថា​ពួក​គេ​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ?

បើ​អ្នក​នៅ​ក្នុង​ចំណោម​ពួក​អ្នក​កាន់​តាម​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​នា​ថ្ងៃ​នោះ អ្នក​នឹង​ចាំ​មិន​ភ្លេច​អំពី​ព្រឹត្ដិ​ការណ៍​នោះ។ អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​បាន​លេច​ឡើង​នៅ​លើ​ក្បាល​របស់​អ្នក ហើយ​អ្នក​បាន​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ! (សកម្ម. ២:៥​-​១២) អ្នក​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នក​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ប៉ុន្តែ តើ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​នៅ​ពេល​ក្រោយ​មក​ទទួល​ការ​រើស​តាំង​តាម​របៀប​ដូចៗ​គ្នា​ឬ​ទេ? មិន​មែន​ទេ។ ហេតុ​អ្វី​យើង​ដឹង? ម្យ៉ាង​ទៀត តើ​ពួក​គេ​បាន​ត្រូវ​រើស​តាំង​នៅ​ពេល​ណា?

៤. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សតវត្សរ៍​ទី១ បាន​ត្រូវ​រើស​តាំង​នៅ​ពេល​ណា​ខ្លះ?

សូម​យើង​ពិចារណា​អំពី​ពេល​ដែល​បុគ្គល​ម្នាក់​អាច​ត្រូវ​រើស​តាំង។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ ៣៣ គ.ស. មិន​មាន​តែ​គ្រិស្ត​សាសនិក​ប្រហែល​ជា​១២០​នាក់​ប៉ុណ្ណោះ​ទេ ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ បន្ទាប់​មក​នៅ​ថ្ងៃ​ដដែល​នោះ មាន​អ្នក​ឯ​ទៀត​ប្រហែល​ជា​៣.០០០​នាក់​ក៏​បាន​ទទួល​សកម្មពល​បរិសុទ្ធ​ដែរ។ ពួក​គេ​បាន​ត្រូវ​រើស​តាំង​ពេល​ដែល​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ (សកម្ម. ២:៣៧, ៣៨, ៤១) ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​បាន​ត្រូវ​រើស​តាំង​នៅ​ពេល​ដែល​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នោះ​ទេ។ ជន​ជាតិ​សាម៉ារី​បាន​ត្រូវ​រើស​តាំង​មួយ​រយៈ​ពេល​ក្រោយ​ពី​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក។ (សកម្ម. ៨:១៤​-​១៧) ម្យ៉ាង​ទៀត ក្នុង​ករណី​ខុស​ពី​ធម្មតា កូនេលាស​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់​បាន​ត្រូវ​រើស​តាំង​មុន​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។—សកម្ម. ១០:៤៤​-​៤៨

៥. យោង​ទៅ​តាម​កូរិនថូស​ទី២ ១:២១, ២២ តើ​អ្វី​កើត​ឡើង​ពេល​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ?

សូម​យើង​ពិចារណា​ផង​ដែរ អំពី​អ្វី​ដែល​កើត​ឡើង​ពេល​បុគ្គល​ម្នាក់​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ដំបូង អ្នក​ខ្លះ​ដែល​បាន​ត្រូវ​រើស​តាំង ប្រហែល​ជា​ពិបាក​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ពួក​គេ។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ព្រះ​ជ្រើស​រើស​ខ្ញុំ?›។ រីឯ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មិន​មាន​អារម្មណ៍​បែប​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ូល​បាន​ពន្យល់​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ដោយ​ថា៖ «ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​តាម​រយៈ​លោក​ដែរ ព្រះ​បាន​បិទ​ត្រា​មួយ *លើ​អ្នក​រាល់​គ្នា ពោល​គឺ​សកម្មពល​បរិសុទ្ធ​ដែល​លោក​បាន​សន្យា​ឲ្យ ហើយ​នោះ​ជា​ការ​បញ្ចាំ​ចិត្ត​ដែល​បញ្ជាក់​មត៌ក​របស់​យើង»។ (អេភ. ១:១៣, ១៤) ដូច្នេះ ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ទាំង​នេះ​ដឹង​ប្រាកដ​ថា​លោក​បាន​ជ្រើស​រើស​ពួក​គេ។ យ៉ាង​នេះ សកម្មពល​បរិសុទ្ធ​គឺ​ជា​«ការ​បញ្ចាំ​ចិត្ត»​ឬ​ការ​ធានា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​ថា នៅ​ថ្ងៃ​អនាគត​ពួក​គេ​នឹង​រស់​នៅ​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌ មិន​មែន​ផែន​ដី​ឡើយ។—សូម​អាន កូរិនថូស​ទី២ ១:២១, ២២

៦. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​រង្វាន់​របស់​គាត់​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌?

បើ​គ្រិស្ត​សាសនិក​ម្នាក់​បាន​ត្រូវ​រើស​តាំង តើ​គាត់​នឹង​ទទួល​រង្វាន់​របស់​គាត់​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ស្វ័យប្រវត្ដិ​ឬ​ទេ? មិន​មែន​ទេ។ គាត់​ដឹង​ប្រាកដ​ថា​គាត់​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។ ប៉ុន្តែ គាត់​ត្រូវ​ចង​ចាំ​អំពី​ការ​ដាស់​តឿន​នេះ ដែល​ថា៖ «បង​ប្អូន​អើយ ចូរ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​រាល់​គ្នា​ស្មោះ​ត្រង់​ជា​និច្ច ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​និង​ជ្រើស​រើស ពី​ព្រោះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ​ជា​និច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដួល​ឡើយ»។ (២ពេ. ១:១០) ម្ល៉ោះ​ហើយ ទោះ​ជា​គ្រិស្ត​សាសនិក​ណា​ម្នាក់​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រូវ​ជ្រើស​រើស ឬ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​ក្ដី គាត់​នឹង​ទទួល​រង្វាន់​របស់​គាត់​លុះ​ត្រា​តែ​គាត់​រក្សា​ភាព​ស្មោះ​ត្រង់។—ភី. ៣:១២​-​១៤; ហេ. ៣:១; បប. ២:១០

តើ​បុគ្គល​ម្នាក់​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​គាត់​បាន​ត្រូវ​រើស​តាំង?

៧. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌?

ប៉ុន្តែ តើ​បុគ្គល​ម្នាក់​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌? យើង​អាច​ឃើញ​ចម្លើយ​តាម​រយៈ​ពាក្យ​របស់​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម ដែល​«បាន​ត្រូវ​ហៅ​មក ដើម្បី​ឲ្យ​ទៅ​ជា​អ្នក​បរិសុទ្ធ»។ គាត់​បាន​ប្រាប់​ពួក​គេ​ថា៖ «សកម្មពល​របស់​ព្រះ​មិន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើ​និង​នាំ​ឲ្យ​ភ័យ​ខ្លាច​ម្ដង​ទៀត​ទេ តែ​ដោយ​សកម្មពល​នោះ យើង​បាន​ត្រូវ​ទទួល​ជា​កូន ហើយ​សកម្មពល​នោះ​ជំរុញ​ឲ្យ​យើង​ស្រែក​ឡើង​ថា៖ ‹អប្បា! បិតា​អើយ!›។ សកម្មពល​របស់​ព្រះ​ធ្វើ​ជា​សាក្សី​ដែល​បញ្ជាក់​ជា​មួយ​នឹង​ចិត្ត​គំនិត​របស់​យើង​ថា យើង​ជា​កូន​ព្រះ»។ (រ៉ូម ១:៧; ៨:១៥, ១៦) ដូច្នេះ តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ លោក​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដឹង​ច្បាស់​ថា​ពួក​គេ​បាន​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។—១ថែ. ២:១២

៨. តើ​យ៉ូហាន​ទី១ ២:២០, ២៧​បង្ហាញ​យ៉ាង​ណា​ថា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​ណា​បញ្ជាក់​ប្រាប់​ពួក​គេ​ថា​ពួក​គេ​បាន​ត្រូវ​រើស​តាំង?

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​ដឹង​ច្បាស់​ក្នុង​ចិត្ត​និង​គំនិត​ដោយ​គ្មាន​ការ​សង្ស័យ។ (សូម​អាន យ៉ូហាន​ទី១ ២:២០, ២៧) ពិត​មែន​ថា គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ក្រុម​ជំនុំ​ដូច​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែរ តែ​ពួក​គេ​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​ណា​បញ្ជាក់​ប្រាប់​ពួក​គេ​ថា​ពួក​គេ​បាន​ត្រូវ​រើស​តាំង​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដែល​ជា​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​ថា​ពួក​គេ​បាន​ត្រូវ​រើស​តាំង​មែន!

ពួក​គេ​បាន​«កើត​ម្ដង​ទៀត»

៩. ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អេភេសូរ ១:១៨ ពេល​បុគ្គល​ម្នាក់​បាន​ត្រូវ​រើស​តាំង តើ​បុគ្គល​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ?

អ្នក​បម្រើ​របស់​ព្រះ​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា​ពិបាក​យល់​អំពី​អ្វី​ដែល​កើត​ឡើង​ពេល​ព្រះ​រើស​តាំង​បុគ្គល​ណា​ម្នាក់។ នេះ​ជា​រឿង​ធម្មតា ដោយ​សារ​ពួក​គេ​មិន​បាន​ត្រូវ​រើស​តាំង​ទេ។ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី មិន​មែន​នៅ​ស្ថាន​សួគ៌​ឡើយ។ (លោ. ១:២៨; ទំនុក. ៣៧:២៩) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​ខ្លះ​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌។ ដូច្នេះ ពេល​លោក​រើស​តាំង​ពួក​គេ លោក​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​និង​របៀប​គិត​គូរ​របស់​ពួក​គេ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ ដើម្បី​ឲ្យ​ពួក​គេ​ទន្ទឹង​រង់​ចាំ​ជីវិត​នៅ​ស្ថាន​សួគ៌​វិញ។—សូម​អាន អេភេសូរ ១:១៨

១០. តើ​ការ​«កើត​ម្ដង​ទៀត»​មាន​ន័យ​យ៉ាង​ណា? (សូម​មើល​កំណត់​សម្គាល់​ផង​ដែរ)

១០ ពេល​គ្រិស្ត​សាសនិក​ណា​ម្នាក់​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ គាត់​«កើត​ម្ដង​ទៀត»។ * លោក​យេស៊ូ​ក៏​បង្ហាញ​ដែរ​ថា បុគ្គល​ដែល​បាន​«កើត​ម្ដង​ទៀត»​ឬ​«កើត​ពី​សកម្មពល​របស់​ព្រះ» គឺ​មិន​អាច​ពន្យល់​ជាក់​លាក់​អំពី​អារម្មណ៍​របស់​គាត់​ទៅ​កាន់​បុគ្គល​ដែល​មិន​បាន​ត្រូវ​រើស​តាំង​ទេ។—យ៉ូន. ៣:៣​-​៨

១១. សូម​ពន្យល់​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​របៀប​គិត​គូរ​របស់​បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង។

១១ ពេល​គ្រិស្ត​សាសនិក​ម្នាក់​បាន​ត្រូវ​រើស​តាំង តើ​របៀប​គិត​គូរ​របស់​គាត់​បាន​ត្រូវ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ខ្លះ? មុន​ព្រះ​យេហូវ៉ា​ជ្រើស​រើស​បុគ្គល​នោះ គាត់​ពេញ​ចិត្ត​នឹង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ គាត់​ទន្ទឹង​រង់​ចាំ​ដោយ​រំភើប​ចិត្ត ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ ប្រហែល​ជា​គាត់​បាន​ស្រមៃ​ឃើញ​អំពី​ពេល​ដែល​គាត់​នឹង​ទទួល​ស្វាគមន៍​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្ដិ​ដែល​បាន​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​គាត់​បាន​ត្រូវ​រើស​តាំង គាត់​បាន​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ផ្សេង។ ហេតុ​អ្វី? គាត់​មិន​មែន​លែង​ពេញ​ចិត្ត​នឹង​សេចក្ដី​សង្ឃឹម​នៅ​ផែន​ដី​ឡើយ។ គាត់​មិន​មែន​ផ្លាស់​ប្ដូរ​សេចក្ដី​សង្ឃឹម​របស់​គាត់ ដោយ​សារ​គាត់​តាន​តឹង​ចិត្ត​ឬ​មាន​ការ​ឈឺ​ចាប់​ទេ។ គាត់​មិន​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ការ​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​គឺ​គួរ​ឲ្យ​ធុញ​ទ្រាន់​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​គាត់​និង​សេចក្ដី​សង្ឃឹម​ដែល​គាត់​បាន​ឲ្យ​តម្លៃ។

១២. យោង​ទៅ​តាម​ពេត្រុស​ទី១ ១:៣, ៤ តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ?

១២ បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នឹង​ទទួល​ឯកសិទ្ធិ​ដ៏​ពិសេស​នេះ​ទេ។ ប៉ុន្តែ គាត់​មិន​សង្ស័យ​សោះ​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់។ គាត់​អរ​សប្បាយ​ជា​ខ្លាំង​និង​មាន​ចិត្ត​កតញ្ញូ ពេល​គាត់​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​គាត់​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌។—សូម​អាន ពេត្រុស​ទី១ ១:៣, ៤

១៣. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជីវិត​របស់​ពួក​គេ​នៅ​លើ​ផែន​ដី?

១៣ ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ចង់​ស្លាប់​ឬ? សាវ័ក​ប៉ូល​បាន​ឆ្លើយ​សំណួរ​នេះ។ គាត់​បាន​ប្រដូច​រូប​កាយ​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទៅ​នឹង​ត្រសាល ហើយ​និយាយ​ថា៖ «តាម​ពិត យើង​ដែល​ជា​អ្នក​នៅ​ក្នុង​ត្រសាល​នេះ​ថ្ងូរ ដោយ​មាន​ទុក្ខ​ធ្ងន់។ មិន​មែន​ដោយ​សារ​យើង​ចង់​ដោះ​ត្រសាល​នេះ​ចេញ​ទេ តែ​ដោយ​សារ​យើង​ចង់​បំពាក់​ខ្លួន​ដោយ​លំនៅ​មួយ​នោះ​វិញ ដើម្បី​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​លេប​បាត់​អ្វី​ដែល​អាច​ស្លាប់​បាន»។ (២កូ. ៥:៤) គ្រិស្ត​សាសនិក​ទាំង​នេះ​មិន​មែន​លែង​ចាប់​អារម្មណ៍​នឹង​ជីវិត​នៅ​លើ​ផែន​ដី និង​ចង់​ឆាប់​ស្លាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​សប្បាយ​នឹង​ជីវិត ហើយ​ចង់​ប្រើ​ជីវិត​រាល់​ថ្ងៃ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ត​សម្លាញ់​របស់​ពួក​គេ។ ក៏​ប៉ុន្តែ ទោះ​ជា​ពួក​គេ​កំពុង​ធ្វើ​អ្វី​ក៏​ដោយ ពួក​គេ​ចាំ​ជា​និច្ច​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​ពួក​គេ​មាន​សម្រាប់​ថ្ងៃ​អនាគត។—១កូ. ១៥:៥៣; ២ពេ. ១:៤; ១យ៉ូន. ៣:២, ៣; បប. ២០:៦

តើ​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​អ្នក​ឬ​ទេ?

១៤. តើ​អ្វី​ខ្លះ​មិន​បញ្ជាក់​ថា​បុគ្គល​ម្នាក់​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ?

១៤ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​អ្នក​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ឬ​មិន​មែន។ បើ​ដូច្នេះ សូម​គិត​អំពី​សំណួរ​ដ៏​សំខាន់​ទាំង​នេះ៖ តើ​អ្នក​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ពិត​ជា​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឬ​ទេ? តើ​អ្នក​ពិត​ជា​សប្បាយ​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​រៀន​អំពី​«សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ»​ឬ? (១កូ. ២:១០) តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​ទទួល​លទ្ធផល​ល្អ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ភារកិច្ច​ធំ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​ឬ? តើ​អ្នក​បាន​ឃើញ​ទី​សំអាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​តាម​របៀប​ជាក់​លាក់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ? បើ​អ្នក​ឆ្លើយ​ថា​មែន ចំពោះ​សំណួរ​ទាំង​អស់​នេះ តើ​នេះ​បង្ហាញ​ថា​ព្រះ​បាន​ហៅ​អ្នក​ឲ្យ​ទៅ​ស្ថាន​សួគ៌​ឬ? មិន​មែន​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​អ្នក​បម្រើ​ទាំង​អស់របស់​ព្រះ​អាច​មាន​អារម្មណ៍​បែប​នេះ ទោះ​ជា​ពួក​គេ​បាន​ត្រូវ​រើស​តាំង ឬ​មិន​បាន​ត្រូវ​រើស​តាំង​ក៏​ដោយ។ ម្យ៉ាង​ទៀត តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក ព្រះ​យេហូវ៉ា​អាច​ឲ្យ​ឫទ្ធានុភាព​ដូច​គ្នា​ដល់​អ្នក​បម្រើ​ណា​ក៏​ដោយ មិន​ថា​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​បែប​ណា​ក្ដី។ តាម​ពិត បើ​អ្នក​កំពុង​សង្ស័យ​ថា​អ្នក​នឹង​បាន​ទទួល​ការ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​ឬ​យ៉ាង​ណា ការ​សង្ស័យ​ទាំង​នេះ​មាន​ន័យ​ថា​អ្នក​មិន​បាន​ត្រូវ​រើស​តាំង​ទេ។ ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ហៅ​មិន​សង្ស័យ​អំពី​រឿង​នេះ​ឡើយ! ពួក​គេ​ដឹង!

ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ឲ្យ​អាប្រាហាំ សារ៉ា ដាវីឌ និង​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​មាន​ឫទ្ធានុភាព​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ ប៉ុន្តែ​លោក​មិន​បាន​ប្រើ​សកម្មពល​នោះ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ទេ (សូម​មើល​វគ្គ​១៥​-​១៦) *

១៥. ហេតុ​អ្វី​យើង​ដឹង​ថា​មិន​មែន​អស់​អ្នក​ដែល​បាន​ទទួល​សកម្មពល​របស់​ព្រះ​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ទៅ​ស្ថាន​សួគ៌?

១៥ ក្នុង​គម្ពីរ​មាន​គំរូ​ជា​ច្រើន​អំពី​មនុស្ស​ស្មោះ​ត្រង់​ដែល​បាន​ទទួល​សកម្មពល​បរិសុទ្ធ ក៏​ប៉ុន្តែ​ពួក​គេ​មិន​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ទេ។ ជា​ឧទាហរណ៍ ដាវីឌ​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ។ (១សាំ. ១៦:១៣) សកម្មពល​បរិសុទ្ធ​បាន​ជួយ​គាត់​ឲ្យ​យល់​សេចក្ដី​ជ្រាល​ជ្រៅ​អំពី​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​បទ​គម្ពីរ​ខ្លះ​ដែរ។ (ម៉ាក. ១២:៣៦) ទោះ​ជា​យ៉ាង​នេះ​ក្ដី សាវ័ក​ពេត្រុស​បាន​និយាយ​ថា ដាវីឌ​«មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ»។ (សកម្ម. ២:៣៤) យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​«ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ»។ (លូក. ១:១៣​-​១៦) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​គ្មាន​អ្នក​ណា​ធំ​ជាង​យ៉ូហាន​ទេ ប៉ុន្តែ​បន្ទាប់​មក​លោក​បាន​មាន​ប្រសាសន៍​ថា​យ៉ូហាន​មិន​មែន​ជា​សមាជិក​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ (ម៉ាថ. ១១:១០, ១១) ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ឲ្យ​បុរស​ទាំង​នេះ​មាន​ឫទ្ធានុភាព​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ ប៉ុន្តែ​លោក​មិន​បាន​ប្រើ​សកម្មពល​នោះ​ដើម្បី​ជ្រើស​រើស​ពួក​គាត់​ឲ្យ​ទៅ​ស្ថាន​សួគ៌​ទេ។ តើ​នេះ​មាន​ន័យ​ថា​ពួក​គាត់​មិន​សូវ​ស្មោះ​ត្រង់​ដូច​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ឬ? មិន​មែន​ទេ។ នេះ​គ្រាន់​តែ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី។—យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥

១៦. នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​បម្រើ​ភាគ​ច្រើន​របស់​ព្រះ​ទន្ទឹង​រង់​ចាំ​រង្វាន់​អ្វី?

១៦ អ្នក​បម្រើ​ភាគ​ច្រើន​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​មិន​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឡើយ។ ដូច​អាប្រាហាំ សារ៉ា ដាវីឌ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក និង​បុរស​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​នៅ​សម័យ​គម្ពីរ យើង​ទន្ទឹង​រង់​ចាំ​រស់​នៅ​ផែន​ដី ពេល​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​យើង​ទាំង​អស់​គ្នា។—ហេ. ១១:១០

១៧. នៅ​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

១៧ ដោយ​សារ​នៅ​តែ​មាន​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ យើង​ប្រហែល​ជា​មាន​ចម្ងល់​ខ្លះ​អំពី​ពួក​គេ។ (បប. ១២:១៧) ជា​ឧទាហរណ៍ តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន? បើ​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ចាប់​ផ្ដើម​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​រំលឹក តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បុគ្គល​នោះ? ចុះ​យ៉ាង​ណា​បើ​ចំនួន​នៃ​ពួក​អ្នក​ដែល​និយាយ​ថា​ខ្លួន​បាន​ត្រូវ​រើស​តាំង​ចេះ​តែ​កើន​ឡើង? តើ​អ្នក​គួរ​បារម្ភ​អំពី​រឿង​នេះ​ឬ​ទេ? យើង​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ​នៅ​អត្ថបទ​បន្ទាប់។

^ វគ្គ 5 តាំង​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គ្រិស្ត​សាសនិក​មួយ​ចំនួន​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មួយ ពោល​គឺ​ការ​គ្រប់​គ្រង​ជា​មួយ​នឹង​បុត្រ​របស់​លោក​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ តើ​ពួក​គេ​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ទទួល​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នេះ? តើ​អ្វី​កើត​ឡើង​ពេល​បុគ្គល​ណា​ម្នាក់​ទទួល​ការ​អញ្ជើញ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌? ក្នុង​អត្ថបទ​នេះ​យើង​នឹង​ឆ្លើយ​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ។ អត្ថបទ​នេះ​មាន​មូលដ្ឋាន​លើ​អត្ថបទ​មួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ ២០១៦។

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ពោល​គឺ​ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​អញ្ជើញ​បុគ្គល​ម្នាក់​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ តាម​រយៈ​សកម្មពល​របស់​ព្រះ លោក​ឲ្យ​បុគ្គល​នោះ​នូវ​សេចក្ដី​សន្យា​មួយ​សម្រាប់​ពេល​អនាគត ឬ​ក៏​«ការ​បញ្ចាំ​ចិត្ត»។ (អេភ. ១:១៣, ១៤) គ្រិស្ត​សាសនិក​ទាំង​នេះ​អាច​និយាយ​ថា​សកម្មពល​បរិសុទ្ធ​«ធ្វើ​ជា​សាក្សី» ឬ​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា​រង្វាន់​របស់​ពួក​គេ​គឺ​នៅ​ស្ថាន​សួគ៌។—រ៉ូម ៨:១៦

^ វគ្គ 5 ការ​ពន្យល់​ពាក្យ: ការ​បិទ​ត្រា​នេះ​មិន​មែន​ជា​ការ​បិទ​ត្រា​ជា​លើក​ចុង​ក្រោយ​នោះ​ទេ ដោយ​សារ​ការ​បិទ​ត្រា​ជា​លើក​ចុង​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ដិច​មុន​បុគ្គល​ស្មោះ​ត្រង់​នោះ​ស្លាប់ ឬ​ក៏​បន្ដិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម។—អេភ. ៤:៣០; បប. ៧:២​-​៤; សូម​មើល​«តើ​អ្វី​ជា​‹ការ​បញ្ចាំ​ចិត្ត›​និង​‹ការ​បោះ​ត្រា›​ដែល​គ្រិស្ត​សាសនិក​ម្នាក់ៗ​ដែល​បាន​ត្រូវ​រើស​តាំង​ទទួល​ពី​ព្រះ?—២កូ. ១:២១, ២២» ក្នុង​ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​មេសា ឆ្នាំ​២០១៩ ទំព័រ​២។

^ វគ្គ 10 ដើម្បី​ទទួល​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​អត្ថន័យ​នៃ​ការ​«កើត​ម្ដង​ទៀត» សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០០៩ ទំ. ៣​-​១២

ចម្រៀង​លេខ​២៧ គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: មិន​ថា​យើង​ជាប់​គុក​ដោយ​សារ​ជំនឿ ឬ​មាន​សេរី​ភាព​ផ្សព្វ​ផ្សាយ​និង​បង្រៀន​សេចក្ដី​ពិត​ក្ដី យើង​អាច​ទន្ទឹង​រង់​ចាំ​រស់​នៅ​លើ​ផែន​ដី ពេល​ដែល​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​លើ​យើង។