លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥

យើងនឹងទៅជាមួយនឹងអ្នក

យើងនឹងទៅជាមួយនឹងអ្នក

«យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។—សាក. ៨:២៣

ចម្រៀង​លេខ​២៦ អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ

សេចក្ដី​សង្ខេប *

ចៀម​ឯ​ទៀត​(​«មនុស្ស​១០​នាក់»)​មាន​កិត្ដិយស​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​(​«សាសន៍​យូដា​ម្នាក់») (សូម​មើល​វគ្គ​១​-​២)

១. តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​អ្វី​នឹង​កើត​ឡើង​នៅ​សម័យ​យើង?

ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន​អំពី​សម័យ​របស់​យើង​ថា៖ «មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›»។ (សាក. ៨:២៣) «សាសន៍​យូដា​ម្នាក់»​ជា​តំណាង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ពួក​គេ​ក៏​បាន​ត្រូវ​ហៅ​ថា​«អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡ. ៦:១៦) «មនុស្ស​១០​នាក់»​ជា​តំណាង​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ក្រុម​នេះ ហើយ​យល់​ថា​ការ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​ក្រុម​នេះ​គឺ​ជា​កិត្ដិយស​មួយ។

២. តើ​«មនុស្ស​១០​នាក់»​«ទៅ​ជា​មួយ​នឹង»​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​គ្មាន​អ្នក​ណា​ស្គាល់​ឈ្មោះ​ទាំង​អស់​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​ផែន​ដី​នា​សព្វ​ថ្ងៃ​នេះ​ក្ដី * ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែន​ដី អាច​«ទៅ​ជា​មួយ​នឹង»​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នោះ។ តើ​តាម​របៀប​ណា? គម្ពីរ​ចែង​ថា៖ «មនុស្ស​១០​នាក់»​នោះ​នឹង​«ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›»។ ខ​គម្ពីរ​នេះ​ចែង​អំពី​ជន​ជាតិ​យូដា​ម្នាក់។ ប៉ុន្តែ ពាក្យ​«អ្នក»​និង​«អ្នក​រាល់​គ្នា» សំដៅ​លើ​មនុស្ស​លើស​ពី​ម្នាក់។ នេះ​មាន​ន័យ​ថា​ជន​ជាតិ​យូដា​នោះ​គឺ​មិន​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ទេ តែ​ជា​តំណាង​ក្រុម​ទាំង​មូល​នៃ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ពួក​អ្នក​ដែល​មិន​បាន​ត្រូវ​រើស​តាំង​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ក្រុម​នោះ។ ប៉ុន្តែ ពួក​គេ​មិន​ចាត់​ទុក​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នោះ​ថា​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ឡើយ ដោយ​សារ​ពួក​គេ​យល់​ថា​លោក​យេស៊ូ​គឺ​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ។—ម៉ាថ. ២៣:១០

៣. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

ដោយ​សារ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ នៅ​តែ​មាន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ (១) តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន? (២) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​រំលឹក? (៣) បើ​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​កាន់​តែ​កើន​ឡើង តើ​យើង​គួរ​បារម្ភ​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន?

៤. តើ​បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ព្រមាន​អ្វី​នៅ​កូរិនថូស​ទី១ ១១:២៧​-​២៩ ហើយ​ហេតុ​អ្វី?

ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ព្រមាន​នៅ​កូរិនថូស​ទី១ ១១:២៧​-​២៩។ (សូម​អាន) តើ​បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​អាច​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​«ដោយ​ខ្លួន​មិន​សម​នឹង​ទទួល»​ក្នុង​ន័យ​យ៉ាង​ណា? គឺ​ក្នុង​ន័យ​ថា​គាត់​បរិភោគ​វត្ថុ​តំណាង តែ​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ (ហេ. ៦:៤​-​៦; ១០:២៦​-​២៩) ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​នៅ​ស្មោះ​ត្រង់ បើ​ពួក​គេ​ចង់​ទទួល​«រង្វាន់ ពោល​គឺ ព្រះ​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​តាម​រយៈ​គ្រិស្ត​យេស៊ូ»។—ភី. ៣:១៣​-​១៦

៥. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន?

សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជួយ​អ្នក​បម្រើ​របស់​លោក​ឲ្យ​មាន​ចិត្ត​រាប​ទាប មិន​មែន​មាន​អំណួត​ទេ។ (អេភ. ៤:១​-​៣; កូឡ. ៣:១០, ១២) ហេតុ​នេះ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​គិត​ថា​ពួក​គេ​ល្អ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ចាំ​បាច់​ឲ្យ​សកម្មពល​បរិសុទ្ធ​ដល់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ច្រើន​ជាង​ឲ្យ​អ្នក​បម្រើ​ឯ​ទៀត​របស់​លោក​ទេ។ ម្យ៉ាង​ទៀត ពួក​គេ​មិន​គិត​ថា​ពួក​គេ​យល់​សេចក្ដី​ពិត​ពី​គម្ពីរ​ជ្រាល​ជ្រៅ​ជាង​អ្នក​ផ្សេង​ទៀត​ឡើយ។ ណា​មួយ​ទៀត ពួក​គេ​នឹង​មិន​ប្រាប់​អ្នក​ណា​ម្នាក់​ទៀត​ថា​គាត់​ក៏​បាន​ត្រូវ​រើស​តាំង​ដែរ ហើយ​គួរ​ចាប់​ផ្ដើម​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ចិត្ត​រាប​ទាប ហើយ​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​អញ្ជើញ​មនុស្ស​ឲ្យ​ទៅ​ស្ថាន​សួគ៌។

៦. យោង​ទៅ​តាម​កូរិនថូស​ទី១ ៤:៧, ៨ តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?

ទោះ​បី​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​អារម្មណ៍​ថា​គឺ​ជា​កិត្ដិយស​មួយ​ដែល​ព្រះ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​ស្ថាន​សួគ៌​ក្ដី ពួក​គេ​មិន​រំពឹង​ថា​អ្នក​ឯ​ទៀត​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​របៀប​ពិសេស​ណា​មួយ​ឡើយ។ (ភី. ២:២, ៣) ពួក​គេ​ក៏​ដឹង​ដែរ​ថា​ពេល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ពួក​គេ លោក​មិន​បាន​ឲ្យ​បុគ្គល​ទាំង​អស់​ដឹង​នោះ​ទេ។ ដូច្នេះ បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ភ្ញាក់​ផ្អើល​ឡើយ បើ​បង​ប្អូន​ខ្លះ​មិន​ជឿ​ភ្លាមៗ​ថា​គាត់​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ គាត់​ដឹង​ថា​គម្ពីរ​ប្រាប់​យើង​មិន​ឲ្យ​ឆាប់​ជឿ​អ្នក​ណា​ម្នាក់​ដែល​និយាយ​ថា​គាត់​បាន​ទទួល​ភារកិច្ច​ពិសេស​ពី​ព្រះ។ (បប. ២:២) ដោយ​សារ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​គាត់ នោះ​គាត់​នឹង​មិន​ប្រាប់​ពួក​អ្នក​ដែល​គាត់​ជួប​ជា​លើក​ដំបូង​ថា​គាត់​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទេ។ ម្យ៉ាង​វិញ​ទៀត គាត់​នឹង​មិន​អួត​អំពី​ឯកសិទ្ធិ​នោះ​ដល់​អ្នក​ឯ​ទៀត​ឡើយ។—សូម​អាន កូរិនថូស​ទី១ ៤:៧, ៨

៧. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​មិន​គិត​ថា​ពួក​គេ​គួរ​ចំណាយ​ពេល​តែ​ជា​មួយ​នឹង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឯ​ទៀត​នោះ​ទេ ហាក់​ដូច​ជា​ពួក​គេ​មាន​ក្រុម​ពិសេស​មួយ។ ពួក​គេ​មិន​ព្យាយាម​រក​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​រើស​តាំង​ដើម្បី​ពួក​គេ​អាច​និយាយ​គ្នា​អំពី​របៀប​ដែល​ពួក​គេ​បាន​ត្រូវ​រើស​តាំង ឬ​ជួប​ជុំ​គ្នា​ជា​ក្រុមៗ​ដើម្បី​សិក្សា​គម្ពីរ​ឡើយ។ (កាឡ. ១:១៥​-​១៧) បើ​ពួក​គេ​ធ្វើ​ដូច្នេះ ក្រុម​ជំនុំ​នឹង​មិន​មាន​សាមគ្គី​ភាព​ទេ។ យ៉ាង​នេះ ពួក​គេ​ប្រឆាំង​សកម្មពល​បរិសុទ្ធ​ដែល​ជួយ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​សាមគ្គី​ភាព​និង​សេចក្ដី​សុខ​សាន្ត។—រ៉ូម ១៦:១៧, ១៨

តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង?

យើង​មិន​គួរ​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​បង​ប្រុស​ឯ​ទៀត​ដែល​ជា​អ្នក​នាំ​មុខ ដូច​ជា​ពួក​គេ​ជា​អ្នក​ល្បី​ឈ្មោះ​ទេ (សូម​មើល​វគ្គ​៨) *

៨. ហេតុ​អ្វី​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​រំលឹក? (សូម​មើល​កំណត់​សម្គាល់​ផង​ដែរ)

តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង? ការ​ស្ងើច​សរសើរ​បុគ្គល​ម្នាក់​ខ្លាំង​ពេក​គឺ​ជា​ការ​ខុស ទោះ​ជា​បុគ្គល​នោះ​ជា​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​របស់​គ្រិស្ត​ក៏​ដោយ។ (ម៉ាថ. ២៣:៨​-​១២) ស្តី​អំពី​ពួក​អ្នក​ចាស់​ទុំ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់» ប៉ុន្តែ​គម្ពីរ​មិន​ប្រាប់​យើង​ថា​យើង​អាច​លើក​មនុស្ស​ណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​ឡើយ។ (ហេ. ១៣:៧) ពិត​មែន​តែ​គម្ពីរ​ចែង​ថា​អ្នក​ខ្លះ​«គួរ​នឹង​ទទួល​កិត្ដិយស​មួយ​ជា​ពីរ» ប៉ុន្តែ​នេះ​គឺ​ដោយ​សារ​ពួក​គេ​«ដឹក​នាំ​យ៉ាង​ល្អ​ប្រសើរ» ហើយ​«ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន​អំពី​បណ្ដាំ​របស់​ព្រះ» មិន​មែន​ដោយ​សារ​ពួក​គេ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទេ។ (១ធី. ៥:១៧) បើ​យើង​លើក​សរសើរ​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង យើង​អាច​ធ្វើ​ឲ្យ​ពួក​គេ​អៀន​ខ្មាស។ * ឬ​ក៏​អាក្រក់​ជាង​នេះ​ទៅ​ទៀត យើង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​មនុស្ស​មាន​អំណួត។ (រ៉ូម ១២:៣) គ្មាន​យើង​ណា​ម្នាក់​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​របស់​គ្រិស្ត​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​បែប​នោះ​ឡើយ!—លូក. ១៧:២

៩. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​គោរព​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​គោរព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង? យើង​នឹង​មិន​សួរ​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​បាន​ទៅ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឡើយ។ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដែល​យើង​មិន​មាន​សិទ្ធិ​ដឹង​ទេ។ (១ថែ. ៤:១១; ២ថែ. ៣:១១) ម្យ៉ាង​ទៀត យើង​មិន​គួរ​សន្និដ្ឋាន​ថា​ប្ដី ប្រពន្ធ ឪ​ពុក​ម្ដាយ ឬ​សមាជិក​ឯ​ទៀត​នៃ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ក៏​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែរ​នោះ​ទេ។ បុគ្គល​ម្នាក់​មិន​ទទួល​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌​ជា​មត៌ក​ពី​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ។ ព្រះ​ជា​អ្នក​ផ្ដល់​សេចក្ដី​សង្ឃឹម​នោះ​ឲ្យ​គាត់។ (១ថែ. ២:១២) យើង​ក៏​គួរ​ជៀស​វាង​ពី​ការ​សួរ​សំណួរ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ ជា​ឧទាហរណ៍ យើង​នឹង​មិន​សួរ​ប្រពន្ធ​របស់​បង​ប្រុស​ដែល​ព្រះ​បាន​រើស​តាំង​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដោយ​គ្មាន​ប្ដី​របស់​គាត់​ឡើយ។ យើង​អាច​ប្រាកដ​ថា​នៅ​ពិភព​លោក​ថ្មី ព្រះ​យេហូវ៉ា​នឹង​«បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។—ទំនុក. ១៤៥:១៦

១០. បើ​យើង​ជៀស​វាង​«ផ្គាប់​ផ្គុន​អ្នក​ដទៃ» តើ​យើង​ការ​ពារ​ខ្លួន​យើង​យ៉ាង​ដូច​ម្ដេច?

១០ បើ​យើង​មិន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដូច​ជា​ពួក​គេ​សំខាន់​ជាង​អ្នក​ឯ​ទៀត យើង​ក៏​ការ​ពារ​ខ្លួន​យើង​ដែរ។ តើ​តាម​របៀប​ណា? គម្ពីរ​ប្រាប់​យើង​ថា អ្នក​ខ្លះ​ដែល​បាន​ត្រូវ​រើស​តាំង​ប្រហែល​ជា​នឹង​មិន​នៅ​ស្មោះ​ត្រង់​ទេ។ (ម៉ាថ. ២៥:១០​-​១២; ២ពេ. ២:២០, ២១) ប៉ុន្តែ បើ​យើង​ជៀស​វាង​«ផ្គាប់​ផ្គុន​អ្នក​ដទៃ» យើង​នឹង​មិន​កាន់​តាម​មនុស្ស​ឯ​ទៀត​ឡើយ ទោះ​ជា​ពួក​គេ​គឺ​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ឬ​បុគ្គល​ដែល​បង​ប្អូន​ស្គាល់​ជា​ទូ​ទៅ ឬ​ក៏​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ហើយ​ក្ដី។ (យូ. ១៦) យ៉ាង​នេះ បើ​ពួក​គេ​លែង​ស្មោះ​ត្រង់ ឬ​ចាក​ចេញ​ពី​ក្រុម​ជំនុំ នោះ​យើង​នឹង​មិន​បាត់​បង់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ឬ​ឈប់​បម្រើ​លោក​ឡើយ។

តើ​យើង​ត្រូវ​បារម្ភ​អំពី​ចំនួន​នៃ​ពួក​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​ឬ​ទេ?

១១. ស្តី​អំពី​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​រំលឹក តើ​អ្វី​កើត​ឡើង​ថ្មីៗ​នេះ?

១១ អស់​ជា​ច្រើន​ឆ្នាំ ចំនួន​នៃ​អ្នក​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​កាន់​តែ​ថយ​ចុះ។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​នោះ​បាន​កើន​ឡើង​រាល់​ឆ្នាំ។ តើ​យើង​ត្រូវ​បារម្ភ​អំពី​រឿង​នេះ​ឬ​ទេ? យើង​មិន​ចាំ​បាច់​បារម្ភ​ទេ។ ហេតុ​អ្វី? សូម​យើង​ពិចារណា​អំពី​មូលហេតុ។

១២. ហេតុ​អ្វី​យើង​មិន​គួរ​បារម្ភ​អំពី​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក?

១២ ​«ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក»។ (២ធី. ២:​១៩) ខុស​ពី​ព្រះ​យេហូវ៉ា បង​ប្អូន​ប្រុស​ដែល​រាប់​ចំនួន​នៃ​មនុស្ស​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​មិន​ដឹង​ថា​អ្នក​ណា​ពិត​ជា​បាន​ត្រូវ​រើស​តាំង​នោះ​ឡើយ។ ដូច្នេះ ចំនួន​នោះ​រួម​បញ្ចូល​ពួក​អ្នក​ដែល​គិត​ថា​ពួក​គេ​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ប៉ុន្តែ​ពួក​គេ​មិន​មែន​ទេ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ដែល​ធ្លាប់​បរិភោគ​វត្ថុ​តំណាង ក្រោយ​មក​បាន​ឈប់។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មាន​ជំងឺ​សរសៃ​ប្រសាទ ឬ​បញ្ហា​ខាង​ផ្លូវ​ចិត្ត ហើយ​គិត​ថា​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ យើង​អាច​ឃើញ​ច្បាស់​ថា យើង​មិន​ដឹង​ប្រាកដ​ថា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​មាន​ចំនួន​ប៉ុន្មាន​នាក់​ឡើយ។

១៣. តើ​គម្ពីរ​ចែង​អំពី​ចំនួន​នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នឹង​នៅ​ផែន​ដី​ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ឬ​ទេ?

១៣ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​មាន​នៅ​តំបន់​ជា​ច្រើន​នៅ​ផែន​ដី ពេល​លោក​យេស៊ូ​មក​ដើម្បី​នាំ​ពួក​គេ​ទៅ​ស្ថាន​សួគ៌។ (ម៉ាថ. ២៤:​៣១) គម្ពីរ​ចែង​ថា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ នឹង​មាន​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ចំនួន​តូច​ដែល​នៅ​សល់​នៅ​ផែន​ដី។ (បប. ១២:១៧) ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​ថា​នឹង​នៅ​សល់​ពួក​គេ​ប៉ុន្មាន​នាក់​ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ឡើយ។

តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា បើ​បុគ្គល​ណា​ម្នាក់​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក? (សូម​មើល​វគ្គ​១៤)

១៤. ដូច​បាន​បង្ហាញ​នៅ​រ៉ូម ៩:១១, ១៦ តើ​យើង​ត្រូវ​យល់​យ៉ាង​ណា​អំពី​ពួក​១៤៤.០០០​នាក់​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស?

១៤ ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​អំពី​ពេល​ណា​ដែល​លោក​នឹង​រើស​តាំង​អ្នក​ណា​ម្នាក់។ (រ៉ូម ៨:២៨​-​៣០) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ជ្រើស​រើស​មនុស្ស​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ តាម​មើល​ទៅ​នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​បាន​ត្រូវ​រើស​តាំង។ អស់​រាប់​រយ​ឆ្នាំ​ក្រោយ​មក មនុស្ស​ភាគ​ច្រើន​បាន​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក តែ​តាម​ពិត​ពួក​គេ​មិន​បាន​កាន់​តាម​គ្រិស្ត​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​បុគ្គល​មួយ​ចំនួន​តូច​ដែល​ជា​គ្រិស្ត​សាសនិក​ពិត។ ពួក​គេ​គឺ​ប្រៀប​ដូច​ជា​ស្រូវ​សាលី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​នឹង​ដុះ​ក្នុង​ចំណោម​ស្រងែ។ (ម៉ាថ. ១៣:២៤​-​៣០) ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ព្រះ​យេហូវ៉ា​បន្ត​ជ្រើស​រើស​មនុស្ស​ដែល​នឹង​ធ្វើ​ជា​សមាជិក​ពួក​១៤៤.០០០​នាក់។ * ហេតុ​នេះ បើ​ព្រះ​សម្រេច​ចិត្ត​ជ្រើស​រើស​អ្នក​ខ្លះ​នៃ​ពួក​អ្នក​ទាំង​នេះ​បន្ដិច​មុន​ទី​បញ្ចប់​មក​ដល់ យើង​ប្រាកដ​ជា​មិន​សង្ស័យ​អំពី​ប្រាជ្ញា​របស់​លោក​ឡើយ។ (សូម​អាន រ៉ូម ៩:១១, ១៦)​ * យើង​ត្រូវ​ប្រយ័ត្ន​មិន​ប្រព្រឹត្ត​ដូច​កម្មករ​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​ក្នុង​ឧទាហរណ៍​មួយ​របស់​លោក។ ពួក​គេ​បាន​ត្អូញត្អែរ​អំពី​របៀប​ដែល​ម្ចាស់​របស់​ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ម៉ោង​ទី១​១។—ម៉ាថ. ២០:៨​-​១៥

១៥. តើ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គឺ​ជា​«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ២៤:៤៥​-​៤៧​ឬ? សូម​ពន្យល់។

១៥ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​គឺ​ជា​«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»​ឡើយ។ (សូម​អាន ម៉ាថាយ ២៤:៤៥​-​៤៧) ដូច​នៅ​សតវត្សរ៍​ទី១​ដែរ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កំពុង​ប្រើ​បង​ប្រុសៗ​មួយ​ចំនួន​តូច ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​មនុស្ស​ជា​ច្រើន។ នៅ​សតវត្សរ៍​ទី១ មាន​តែ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​សរសេរ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ នៅ​សព្វ​ថ្ងៃ​នេះ មាន​តែ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​ភារកិច្ច​ឲ្យ​‹អាហារ​តាម​ត្រូវ​ពេល›​ដល់​រាស្ត្រ​របស់​ព្រះ។

១៦. តើ​អ្នក​បាន​រៀន​អ្វី​ពី​អត្ថបទ​នេះ?

១៦ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​អត្ថបទ​នេះ? ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី​ដល់​រាស្ត្រ​ភាគ​ច្រើន​របស់​លោក ហើយ​ផ្ដល់​ជីវិត​នៅ​ស្ថាន​សួគ៌​ដល់​មនុស្ស​មួយ​ចំនួន​តូច​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។ ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក ទាំង​«សាសន៍​យូដា​ម្នាក់»​ទាំង​«មនុស្ស​១០​នាក់» ហើយ​លោក​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ច្បាប់​ដូច​គ្នា និង​នៅ​ស្មោះ​ត្រង់​នឹង​លោក។ យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ចិត្ត​រាប​ទាប​ជា​និច្ច។ យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​បម្រើ​លោក​ជា​មួយ​គ្នា មាន​សាមគ្គី​ភាព ហើយ​ត្រូវ​ខំ​ព្យាយាម​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។ កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់ សូម​យើង​ទាំង​អស់​គ្នា​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​គ្រិស្ត​ជា​«ហ្វូង​តែ​មួយ»។—យ៉ូន. ១០:១៦

^ វគ្គ 5 ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​នៅ​ឆ្នាំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី​៧ ខែ​មេសា។ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ល្ងាច​នោះ? បើ​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​កាន់​តែ​កើន​ឡើង តើ​យើង​គួរ​បារម្ភ​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ហើយ​អត្ថបទ​នេះ​មាន​មូលដ្ឋាន​លើ​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ​២០១៦។

^ វគ្គ 2 យោង​ទៅ​តាម​ទំនុក​តម្កើង ៨៧:៥, ៦ នៅ​ពេល​អនាគត ព្រះ​ប្រហែល​ជា​នឹង​បើក​បង្ហាញ​អំពី​ឈ្មោះ​របស់​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។—រ៉ូម ៨:១៩

^ វគ្គ 8 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «សេចក្ដី​ស្រឡាញ់​‹មិន​ប្រព្រឹត្ត​ឥត​សមរម្យ›»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ​២០១៦។

^ វគ្គ 14 ទោះ​ជា​សកម្មភាព ២:៣៣​បង្ហាញ​ថា​ព្រះ​ចាក់​សកម្មពល​បរិសុទ្ធ​តាម​រយៈ​លោក​យេស៊ូ​ក៏​ដោយ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​ជ្រើស​រើស​បុគ្គល​ម្នាក់ៗ។

^ វគ្គ 14 ដើម្បី​ទទួល​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០៨ ទំ. ២៧

ចម្រៀង​លេខ​៣៤ ចូរ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​និច្ច

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​មហា​សន្និបាត បើ​បង​ប្អូន​ចោម​រោម​ថត​រូប​បង​ប្រុស​ដែល​ជា​តំណាង​មន្ទីរ​ចាត់​ការ​ពិភព​លោក​និង​ប្រពន្ធ​របស់​គាត់ នោះ​ពិត​ជា​មិន​បង្ហាញ​ការ​គោរព​ទេ!