លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៦

ព្រះយេហូវ៉ា បិតារបស់យើងស្រឡាញ់យើងខ្លាំងណាស់

ព្រះយេហូវ៉ា បិតារបស់យើងស្រឡាញ់យើងខ្លាំងណាស់

«អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ៖ ‹ឱ​បិតា​របស់​យើង›»។—ម៉ាថ. ៦:៩

ចម្រៀង​លេខ​១៣៥ ពាក្យ​អង្វរ​របស់​ព្រះ​យេហូវ៉ា៖ ‹កូន​អើយ ចូរ​បង្ហាញ​ប្រាជ្ញា›

សេចក្ដី​សង្ខេប *

១. តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី បើ​គាត់​ចង់​និយាយ​ជា​មួយ​នឹង​ស្ដេច​ស្រុក​ពើស៊ី?

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​រស់​នៅ​ស្រុក​ពើស៊ី​ប្រហែល​ជា​២.៥០០​ឆ្នាំ​មុន។ អ្នក​ចង់​និយាយ​ទៅ​កាន់​ស្ដេច​នៅ​ស្រុក​នោះ​អំពី​រឿង​មួយ ដូច្នេះ​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ូសាន​ជា​ក្រុង​ដែល​ស្ដេច​រស់​នៅ។ ប៉ុន្តែ មុន​អ្នក​អាច​និយាយ​ទៅ​កាន់​ស្ដេច​នោះ អ្នក​ត្រូវ​ទទួល​ការ​អនុញ្ញាត​ពី​គាត់​សិន។ បើ​ពុំ​នោះ​ទេ អ្នក​អាច​បាត់​បង់​ជីវិត!—អេធ. ៤:១១

២. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​និយាយ​ជា​មួយ​នឹង​លោក?

យើង​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​ព្រះ​យេហូវ៉ា​មិន​ដូច​ស្ដេច​ស្រុក​ពើស៊ី​នោះ! ព្រះ​យេហូវ៉ា​សំខាន់​ជាង​និង​មាន​ឫទ្ធា​នុ​ភាព​ខ្លាំង​ជាង​អ្នក​គ្រប់​គ្រង​នៅ​ផែន​ដី​ឆ្ងាយ​ណាស់ តែ​យើង​អាច​និយាយ​ជា​មួយ​នឹង​លោក​នៅ​ពេល​ណា​ក៏​បាន។ លោក​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​ទាក់​ទង​ជា​មួយ​នឹង​លោក។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​ជា​អ្នក​បង្កើត​ដ៏​ឧត្តម ព្រះ​ដែល​មាន​ឫទ្ធា​នុ​ភាព​ខ្លាំង​ក្លា​បំផុត និង​ម្ចាស់​ដ៏​ឧត្តម​បំផុត​ជា​ដើម ប៉ុន្តែ​លោក​នៅ​តែ​ចង់​ឲ្យ​យើង​ហៅ​លោក​ដោយ​ប្រើ​ពាក្យ​ដ៏​កក់​ក្ដៅ​គឺ​«បិតា»។ (ម៉ាថ. ៦:៩) ពេល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​បែប​នេះ​ជា​មួយ​នឹង​លោក យើង​សប្បាយ​ចិត្ត​ណាស់!

៣. ហេតុ​អ្វី​យើង​អាច​ហៅ​ព្រះ​យេហូវ៉ា​ថា​«បិតា» ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​ហៅ​លោក​ថា​«បិតា» ពី​ព្រោះ​លោក​គឺ​ជា​អ្នក​បង្កើត​យើង។ (ទំនុក. ៣៦:៩) ដោយ​សារ​លោក​ជា​បិតា​របស់​យើង យើង​ត្រូវ​ស្ដាប់​បង្គាប់​លោក។ ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​លោក​សុំ​ឲ្យ​យើង​ធ្វើ យើង​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ។ (ហេ. ១២:​៩) ពរ​មួយ​ដែល​យើង​អាច​ទទួល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មិន​ថា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី។ នៅ​ឥឡូវ​នេះ យើង​ក៏​ទទួល​ប្រយោជន៍​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​នៅ​ឥឡូវ​នេះ​ថា​លោក​ជា​បិតា​ដែល​ស្រឡាញ់​យើង និង​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា​លោក​នឹង​មិន​បោះ​បង់​យើង​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​មុន​ដំបូង សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ខ្លាំង​ណាស់។

ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក

ព្រះ​យេហូវ៉ា​ចង់​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​យើង ដូច​ឪ​ពុក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ចង់​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កូន (សូម​មើល​វគ្គ​៤)

៤. ហេតុ​អ្វី​បុគ្គល​ខ្លះ​ពិបាក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​របស់​ពួក​គេ?

តើ​អ្នក​ពិបាក​ចាត់​ទុក​ព្រះ​ថា​ជា​បិតា​របស់​អ្នក​ឬ​ទេ? បុគ្គល​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​តូច​តាច​និង​មិន​សំខាន់ បើ​ប្រៀប​ធៀប​នឹង​ព្រះ​យេហូវ៉ា។ ពួក​គេ​សង្ស័យ​ថា​ព្រះ​ដែល​មាន​ឫទ្ធា​នុ​ភាព​ខ្លាំង​ក្លា​បំផុត​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ម្នាក់ៗ​ឡើយ។ ក៏​ប៉ុន្តែ បិតា​ដែល​ស្រឡាញ់​យើង​មិន​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​បែប​នេះ​ទេ។ លោក​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង ហើយ​ចង់​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ ក្រោយ​ពី​សាវ័ក​ប៉ូល​ប្រាប់​អំពី​ចំណុច​នេះ គាត់​បាន​ពន្យល់​ពួក​អ្នក​ដែល​ស្ដាប់​គាត់​នៅ​ក្រុង​អាថែន​ថា ព្រះ​យេហូវ៉ា​«មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​»​ឡើយ។ (សកម្ម. ១៧:២៤​-​២៩) ព្រះ​ចង់​ឲ្យ​យើង​ម្នាក់ៗ​និយាយ​ជា​មួយ​នឹង​លោក ដូច​ដែល​កូន​ចូល​ចិត្ត​និយាយ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។

៥. តើ​យើង​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់?

អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បិតា ដោយ​សារ​ឪ​ពុក​របស់​ពួក​គេ​មិន​សូវ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស​ចំពោះ​ពួក​គេ​ទេ។ សូម​គិត​អំពី​ការ​រៀប​រាប់​របស់​បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់។ គាត់​និយាយ​ថា៖ «ឪ​ពុក​ខ្ញុំ​ជា​មនុស្ស​ដែល​និយាយ​ស្តី​ដែល​គ្មាន​មេ​ត្ដា។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​រៀន​គម្ពីរ ខ្ញុំ​ពិបាក​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បិតា​មួយ​ដែល​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ​អារម្មណ៍​បែប​នេះ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​ខ្ញុំ​បាន​ស្គាល់​ព្រះ​យេហូវ៉ា»។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​ជឿ​ជាក់​ថា​អ្នក​ក៏​អាច​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​ដ៏​ល្អ​បំផុត​បាន​ដែរ។

៦. យោង​ទៅ​តាម​ម៉ាថាយ ១១:២៧ តើ​អ្វី​ជា​របៀប​មួយ​ដែល​ព្រះយេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​ចាត់​ទុក​លោក​ថា​ជា​បិតា​ដែល​ស្រឡាញ់​យើង?

របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ចាត់​ទុក​លោក​ថា​ជា​បិតា​ដែល​ស្រឡាញ់​យើង គឺ​ដោយ​ឲ្យ​មនុស្ស​កត់​ទុក​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ក្នុង​គម្ពីរ។ (សូម​អាន ម៉ាថាយ ១១:​២៧) លោក​យេស៊ូ​មាន​បុគ្គលិក​លក្ខណៈ​ដូច​បិតា​របស់​លោក​បេះ​បិទ រហូត​ដល់​លោក​អាច​និយាយ​បាន​ថា៖ «អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ»។ (យ៉ូន. ១៤:៩) លោក​យេស៊ូ​ច្រើន​តែ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​ជា​បិតា។ គ្រាន់​តែ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ប៉ុណ្ណោះ លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​«បិតា»​ប្រហែល​ជា​១៦​៥​ដង ដើម្បី​សំដៅ​លើ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ច្រើន​ដង​អំពី​ព្រះ​យេហូវ៉ា? មូលហេតុ​មួយ​គឺ​ដើម្បី​ឲ្យ​មនុស្ស​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ស្រឡាញ់​យើង។—យ៉ូន. ១៧:២៥, ២៦

៧. តើ​យើង​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ពី​របៀប​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​បុត្រ​របស់​លោក?

សូម​ពិចារណា​នូវ​អ្វី​ដែល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​របៀប​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ ព្រះ​យេហូវ៉ា​តែង​តែ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ផង​ដែរ។ (យ៉ូន. ១១:៤១, ៤២) ទោះ​ជា​លោក​យេស៊ូ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ លោក​តែង​តែ​ឃើញ​ថា​បិតា​របស់​លោក​ស្រឡាញ់​និង​គាំ​ទ្រ​លោក។—លូក. ២២:៤២, ៤៣

៨. តើ​ព្រះ​យេហូវ៉ា​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​រស់​ដោយ​សារ​បិតា» លោក​បាន​ទទួល​ស្គាល់​ថា​បិតា​លោក​គឺ​ជា​អ្នក​ផ្ដល់​ជីវិត​ដល់​លោក​និង​ជា​អ្នក​ផ្គត់​ផ្គង់​លោក។ (យ៉ូន. ៦:៥៧) លោក​យេស៊ូ​បាន​ទុក​ចិត្ត​ទាំង​ស្រុង​លើ​បិតា​លោក ហើយ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដែល​លោក​ត្រូវ​ការ​ដើម្បី​រស់​នៅ។ សំខាន់​បំផុត ព្រះ​យេហូវ៉ា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក។—ម៉ាថ. ៤:៤

៩. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ជា​បិតា​ដែល​ស្រ​ឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​យេស៊ូ?

ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រ​ឡាញ់ ព្រះ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​យេស៊ូ​ដឹង​ថា​លោក​បាន​ទទួល​ការ​គាំ​ទ្រ​ពី​បិតា។ (ម៉ាថ. ២៦:៥៣; យ៉ូន. ៨:១៦) ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​បាន​ការ​ពារ​លោក​យេស៊ូ​ពី​អ្វីៗ​ទាំង​អស់​ដែល​អាច​ធ្វើ​ឲ្យ​លោក​រង​ទុក្ខ​ក្ដី លោក​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ។ លោក​យេស៊ូ​បាន​ដឹង​ថា​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​លោក​ជួប​ប្រទះ គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ (ហេ. ១២:​២) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​យេស៊ូ​ដោយ​ស្ដាប់ ផ្គត់​ផ្គង់ បង្ហាត់​បង្រៀន និង​គាំ​ទ្រ​លោក។ (យ៉ូន. ៥:២០; ៨:២៨) ឥឡូវ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ដូច​នេះ​ដែរ។

របៀប​ដែល​បិតា​ដែល​ស្រឡាញ់​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង

ឪ​ពុក​ដែល​ស្រឡាញ់​កូន (១) ស្ដាប់ (២) ផ្គត់​ផ្គង់ (៣) បង្ហាត់​បង្រៀន និង​(៤) ការ​ពារ​កូន។ បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​តាម​របៀប​ស្រដៀង​នឹង​នេះ (សូម​មើល​វគ្គ​១០​-​១៥) *

១០. នៅ​ទំនុក​តម្កើង ៦៦:១៩, ២០ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​ស្រឡាញ់​យើង?

១០ ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (សូម​អាន ទំនុក​តម្កើង ៦៦:១៩, ២០) លោក​មិន​ចង់​ឲ្យ​យើង​ដាក់​កម្រិត​លើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ តែ​លោក​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ជា​រឿយៗ។ (១ថែ. ៥:១៧) យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​របស់​យើង​នៅ​ពេល​ណា​ក៏​បាន មិន​ថា​យើង​នៅ​កន្លែង​ណា​ក្ដី។ លោក​មិន​ដែល​រវល់​ពេក​រហូត​ដល់​លោក​មិន​ស្ដាប់​យើង​ទេ ផ្ទុយ​ទៅ​វិញ​លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ពេល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​កាន់​តែ​ស្រឡាញ់​លោក។ អ្នក​តែង​ទំនុក​តម្កើង​និយាយ​ថា៖ «ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្ដាប់​សំឡេង​ខ្ញុំ»។—ទំនុក. ១១៦:១

១១. តើ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ណា?

១១ បិតា​យើង​មិន​គ្រាន់​តែ​ស្ដាប់ តែ​លោក​ក៏​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដែរ។ សាវ័ក​យ៉ូហាន​ពង្រឹង​ទំនុក​ចិត្ត​យើង​ដោយ​និយាយ​ថា៖ «អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង»។ (១យ៉ូន. ៥:១៤, ១៥) ព្រះ​យេហូវ៉ា​ប្រហែល​ជា​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន​ទេ។ លោក​ដឹង​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ដូច្នេះ​ជួន​កាល​លោក​តប​ឆ្លើយ​ថា​មិន​បាន ឬ​ក៏​ថា​លោក​ចង់​ឲ្យ​យើង​រង់​ចាំ។—២កូ. ១២:៧​-​៩

១២​-​១៣. តើ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ផ្គត់​ផ្គង់​យើង​តាម​របៀប​ណា​ខ្លះ?

១២ ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​យើង។ លោក​ធ្វើ​អ្វី​ដែល​លោក​តម្រូវ​ឲ្យ​ឪ​ពុក​ទាំង​ឡាយ​ធ្វើ។ (១ធី. ៥:៨) លោក​បំពេញ​សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​កូនៗ​លោក។ លោក​មិន​ចង់​ឲ្យ​យើង​ខ្វល់​ខ្វាយ​អំពី​អាហារ សម្លៀក​បំពាក់ ឬ​ទី​លំនៅ​ឡើយ។ (ម៉ាថ. ៦:៣២, ៣៣; ៧:១១) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ស្រឡាញ់​យើង លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​នឹង​ទទួល​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​នៅ​ថ្ងៃ​អនាគត។

១៣ សំខាន់​បំផុត ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ តាម​រយៈ​បណ្ដាំ​របស់​លោក លោក​បាន​បើក​បង្ហាញ​សេចក្ដី​ពិត​អំពី​លោក គោល​បំណង​របស់​លោក ខ្លឹម​សារ​នៃ​ជីវិត និង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។ លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​យើង​ផ្ទាល់​ពេល​យើង​រៀន​សេចក្ដី​ពិត​នៅ​ដើម​ដំបូង ដោយ​ប្រើ​ឪ​ពុក​ម្ដាយ​របស់​យើង ឬ​អ្នក​បង្រៀន​ឯ​ទៀត​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​លោក។ ម្យ៉ាង​ទៀត លោក​បន្ត​ជួយ​យើង​ឲ្យ​ទៅ​ជា​មិត្ត​របស់​លោក តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​ស្រឡាញ់​យើង និង​បង​ប្អូន​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ។ មួយ​វិញ​ទៀត ព្រះ​យេហូវ៉ា​ណែនាំ​យើង​តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​កន្លែង​ដែល​យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​មួយ​នឹង​បង​ប្អូន​យើង។ តាម​របៀប​ទាំង​នេះ​និង​របៀប​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​នាម​ជា​បិតា ចំពោះ​យើង​ទាំង​អស់​គ្នា។—ទំនុក. ៣២:៨

១៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​យើង ហើយ​តើ​លោក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​យើង។ ខុស​ពី​លោក​យេស៊ូ យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ​ដើម្បី​បង្ហាត់​បង្រៀន​យើង បិតា​ដែល​ស្រឡាញ់​យើង​ប្រដៅ​តម្រង់​យើង​នៅ​ពេល​ដែល​ចាំ​បាច់។ បណ្ដាំ​របស់​លោក​រំលឹក​យើង​ថា៖ «ព្រះ​យេហូវ៉ា​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់»។ (ហេ. ១២:៦, ៧) ព្រះ​យេហូវ៉ា​ប្រដៅ​យើង​តាម​របៀប​ផ្សេងៗ។ ជា​ឧទាហរណ៍ អ្វី​ដែល​យើង​អាន​ពី​បណ្ដាំ​របស់​ព្រះ ឬ​ឮ​នៅ​កិច្ច​ប្រជុំ​ប្រហែល​ជា​កែ​តម្រង់​យើង។ ឬ​ក៏​ប្រហែល​ជា​ជំនួយ​ដែល​យើង​ត្រូវ​ការ​មក​ពី​ពួក​អ្នក​ចាស់​ទុំ។ ទោះ​ជា​ព្រះ​យេហូវ៉ា​ប្រដៅ​តម្រង់​យើង​តាម​របៀប​ណា​ក្ដី លោក​តែង​តែ​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​ស្រឡាញ់​យើង។—យេ. ៣០:១១

១៥. តើ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង​តាម​របៀប​ណា​ខ្លះ?

១៥ ព្រះ​យេហូវ៉ា​គាំ​ទ្រ​យើង​ពេល​មាន​ទុក្ខ​លំបាក។ ដូច​ឪ​ពុក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន តែង​គាំ​ទ្រ​កូន​ក្នុង​អំឡុង​គ្រា​លំបាក បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​គាំ​ទ្រ​យើង​នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។ លោក​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ការ​ពារ​យើង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក។ (លូក. ១១:១៣) ព្រះ​យេហូវ៉ា​ក៏​ជួយ​យើង​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ឬ​ព្រួយ​បារម្ភ។ ជា​ឧទាហរណ៍ លោក​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត។ នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​ដែល​យើង​មាន។ ហេតុ​អ្វី? ពី​ព្រោះ​ទោះ​ជា​មាន​អ្វី​អា​ក្រក់​កើត​ឡើង​ចំពោះ​យើង​ក៏​ដោយ បិតា​ដែល​ស្រឡាញ់​យើង​នឹង​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​ពី​របួស​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ។ ការ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​មាន​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ តែ​ពរ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​គឺ​ស្ថិតស្ថេរ​ជា​រៀង​រហូត។—២កូ. ៤:១៦​-​១៨

បិតា​យើង​នឹង​មិន​បោះ​បង់​យើង

១៦. តើ​អ្វី​បាន​កើត​ឡើង​ពេល​អាដាម​មិន​ស្ដាប់​បង្គាប់​បិតា​ដែល​ស្រ​ឡាញ់​គាត់?

១៦ កាល​ដែល​យើង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ពេល​អា​ដាម​មិន​ស្ដាប់​បង្គាប់​លោក យើង​អាច​ឃើញ​ច្បាស់​ថា​លោក​ស្រឡាញ់​យើង។ ពេល​អាដាម​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌ ទាំង​គាត់​ទាំង​កូន​ចៅ​របស់​គាត់​មិន​អាច​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​ដ៏​រីក​រាយ​របស់​លោក​ឡើយ។ (រ៉ូម ៥:១២; ៧:១៤) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ជួយ​កូន​ចៅ​របស់​អាដាម។

១៧. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ភ្លាមៗ ក្រោយ​ពី​អាដាម​បាន​បះ​បោរ​ប្រឆាំង?

១៧ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​អាដាម តែ​លោក​បាន​សន្យា​ថា​លោក​នឹង​ជួយ​កូន​ចៅ​របស់​គាត់។ ភ្លាមៗ​នោះ​លោក​បាន​សន្យា​ថា​មនុស្ស​ដែល​ស្ដាប់​បង្គាប់​នឹង​ត្រូវ​ទទួល​ឲ្យ​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ឡើង​វិញ។ (លោ. ៣:១៥; រ៉ូម ៨:២០, ២១) ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច្នេះ​បាន​តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេ​ស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ដោយ​ឲ្យ​បុត្រ​របស់​លោក​ដើម្បី​យើង ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។—យ៉ូន. ៣:១៦

បើ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ស្រឡាញ់​យើង តែ​បាន​ប្រែ​ចិត្ត លោក​ប្រុង​ប្រៀប​ទទួល​ស្វាគមន៍​យើង​ឲ្យ​ត្រឡប់​មក​វិញ (សូម​មើល​វគ្គ​១៨)

១៨. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ជា​កូន​របស់​លោក ទោះ​បើ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​លោក​ក្ដី?

១៨ ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​លោក​មិន​ដែល​ចាត់​ទុក​យើង​ថា​ជា​បន្ទុក​ឡើយ។ យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ចិត្ត ឬ​ឃ្លាត​ឆ្ងាយ​ពី​លោក​អស់​មួយ​រយៈ ប៉ុន្តែ​ព្រះ​យេហូវ៉ា​តែង​តែ​សង្ឃឹម​ថា​យើង​នឹង​ត្រឡប់​មក​រក​លោក​វិញ។ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​កូន​ដែល​បាន​បាត់ ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​កូន​របស់​លោក។ (លូក. ១៥:១១​-​៣២) ឪ​ពុក​ក្នុង​ឧទាហរណ៍​នោះ​មិន​ដែល​អស់​សង្ឃឹម​ថា​កូន​ប្រុស​របស់​គាត់​នឹង​មិន​ត្រឡប់​មក​វិញ​ទេ។ ពេល​កូន​នោះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ឪ​ពុក​នោះ​បាន​មក​ស្វាគមន៍​គាត់​យ៉ាង​កក់​ក្ដៅ។ ស្រដៀង​គ្នា​ដែរ បើ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា តែ​បាន​ប្រែ​ចិត្ត យើង​អាច​ប្រាកដ​ថា​បិតា​ដែល​ស្រឡាញ់​យើង​ប្រុង​ប្រៀប​ទទួល​ស្វាគមន៍​យើង​ឲ្យ​ត្រឡប់​មក​វិញ។

១៩. តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​រាល់​អ្វី​ដែល​អាដាម​បាន​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ដូច​ម្ដេច?

១៩ បិតា​របស់​យើង​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​រាល់​អ្វី​ដែល​អា​ដាម​បាន​ធ្វើ​ឲ្យ​ខូច​ខាត។ ក្រោយ​ពី​ការ​បះ​បោរ​របស់​អាដាម ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ទទួល​យក​១៤៤.០០០​នាក់​ពី​ចំណោម​មនុស្ស​ជាតិ​ឲ្យ​ធ្វើ​ជា​កូន​របស់​លោក ហើយ​ពួក​គេ​នឹង​បម្រើ​ជា​ស្តេច​និង​សង្ឃ​នៅ​ស្ថាន​សួគ៌​ជាមួយ​នឹង​បុត្រ​លោក។ នៅ​ពិភព​លោក​ថ្មី លោក​យេស៊ូ​និង​ពួក​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក នឹង​ជួយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ក្រោយ​ពី​ពួក​គេ​ឆ្លង​ផុត​ការ​សាកល្បង​ចុង​ក្រោយ​ដោយ​បង្ហាញ​ថា​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ។ ពេល​នោះ បិតា​របស់​យើង​នឹង​អរ​សប្បាយ​ដោយ​ឃើញ​ផែន​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​កូន​ប្រុស​ស្រី​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។ នោះ​នឹង​ជា​គ្រា​ដ៏​អស្ចារ្យ​មែន!

២០. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ស្រឡាញ់​យើង​ជា​ខ្លាំង ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២០ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ លោក​ជា​បិតា​ដ៏​ល្អ​បំផុត។ លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ លោក​បង្ហាត់​បង្រៀន​និង​គាំ​ទ្រ​យើង។ លោក​ក៏​នឹង​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​សម្រាប់​យើង​នៅ​ពេល​អនាគត​ដែរ។ យើង​សប្បាយ​រីក​រាយ​ដោយ​ដឹង​ថា​បិតា​របស់​យើង​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង! ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​ជា​កូន​ព្រះ អាច​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​លោក។

ចម្រៀង​លេខ​១០៨ សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​របស់​ព្រះ

^ វគ្គ 5 យើង​ច្រើន​តែ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​អ្នក​បង្កើត​យើង​និង​ជា​អ្នក​គ្រប់​គ្រង​សកល​លោក។ ប៉ុន្តែ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ចាត់​ទុក​លោក​ថា​ជា​បិតា​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ទាំង​នេះ។ យើង​ក៏​នឹង​រៀន​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: រូប​ភាព​ទាំង​បួន​បង្ហាញ​អំពី​ឪ​ពុក​ជា​មួយ​នឹង​កូន​របស់​គាត់៖ ឪ​ពុក​ស្ដាប់​កូន​ប្រុស​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ឪ​ពុក​ផ្ដល់​អ្វី​ដែល​កូន​ស្រី​ត្រូវ​ការ ឪ​ពុក​បង្ហាត់​បង្រៀន​កូន​ប្រុស និង​ឪ​ពុក​សម្រាល​ទុក្ខ​កូន​ប្រុស។ គំនូរ​អំពី​ដៃ​របស់​ព្រះ​យេហូវ៉ា​ដែល​នៅ​ខាង​ក្រោយ​រូប​ភាព​ទាំង​បួន រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​តាម​របៀប​ស្រដៀង​នឹង​នេះ​ដែរ។