លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៩

សូមឲ្យព្រះយេហូវ៉ាសម្រាលទុក្ខអ្នក

សូមឲ្យព្រះយេហូវ៉ាសម្រាលទុក្ខអ្នក

«ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំញី​ក្នុង​ចិត្ត​ទូល​បង្គំ ព្រះ​អង្គ​សំ​រាល​ទុក្ខ​ទូល​បង្គំ»។—ទំន. [ទំនុក.] ៩៤:១៩, ខ.ស.

ចម្រៀង​លេខ​៤៤ សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទន់​ទាប

សេចក្ដី​សង្ខេប *

១. តើ​អ្វី​អាច​បណ្ដាល​ឲ្យ​មាន​ទុក្ខ​កង្វល់ ហើយ​តើ​ទុក្ខ​កង្វល់​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

តើ​អ្នក​ធ្លាប់​មាន​ទុក្ខ​កង្វល់ *ដោយ​សារ​រឿង​ណា​មួយ​ឬ​ទេ? ប្រហែល​ជា​អ្នក​មាន​ទុក្ខ​ព្រួយ​ដោយ​សារ​អ្នក​ឯ​ទៀត​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឈឺ​ចិត្ត។ ឬ​ក៏​អ្នក​ប្រហែល​ជា​មាន​ទុក្ខ​ព្រួយ​ដោយ​សារ​អ្វី​ដែល​អ្នក​បាន​និយាយ​ឬ​ធ្វើ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​បាន​ធ្វើ​ខុស ហើយ​បារម្ភ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ទេ។ ម្យ៉ាង​ទៀត​អ្នក​ប្រហែល​ជា​គិត​ថា ដោយ​សារ​អ្នក​មាន​ទុក្ខ​កង្វល់​ខ្លាំង​អំពី​អ្វី​មួយ នោះ​អ្នក​មាន​ជំនឿ​ខ្សោយ និង​ជា​មនុស្ស​មិន​ល្អ។ ប៉ុន្តែ​តើ​នេះ​ជា​ការ​ពិត​ទេ?

២. តើ​គំរូ​ណា​ខ្លះ​ពី​គម្ពីរ​បង្ហាញ​ថា​ការ​មាន​ទុក្ខ​កង្វល់​មិន​មែន​មាន​ន័យ​ថា​យើង​ខ្វះ​ជំនឿ?

សូម​ពិចារណា​អំពី​គំរូ​ខ្លះ​ក្នុង​គម្ពីរ។ ហាណា​ដែល​បាន​ទៅ​ជា​ម្ដាយ​របស់​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ជា​ស្ត្រី​ដែល​មាន​ជំនឿ​មាំ​មួន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​កើត​ទុក្ខ​ជា​ខ្លាំង ពេល​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់​ទៅ​លើ​គាត់។ (១សាំ. ១:៧) សាវ័ក​ប៉ូល​មាន​ជំនឿ​មុត​មាំ តែ​គាត់​ពោរ​ពេញ​ទៅ​ដោយ​«កង្វល់​អំពី​ក្រុម​ជំនុំ​ទាំង​ឡាយ»។ (២កូ. ១១:២៨) ស្តេច​ដាវីឌ​មាន​ជំនឿ​រឹង​មាំ​ដល់​ម្ល៉េះ​បាន​ជា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ (សកម្ម. ១៣:២២) ទោះ​ជា​យ៉ាង​នេះ​ក្ដី ដាវីឌ​បាន​ធ្វើ​ខុស ហើយ​នេះ​នាំ​ឲ្យ​គាត់​ពិបាក​ចិត្ត​ជា​ពន់​ពេក។ (ទំនុក. ៣៨:៤) ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​ពួក​គាត់​ម្នាក់ៗ។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​គាត់។

អ្វី​ដែល​យើង​រៀន​ពី​ហាណា​ ដែល​ជា​ស្ត្រី​ដ៏​ស្មោះ​ត្រង់

៣. តើ​ពាក្យ​សម្ដី​របស់​អ្នក​ឯ​ទៀត​អាច​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​កង្វល់​យ៉ាង​ណា?

ពេល​អ្នក​ឯ​ទៀត​និយាយ​ដោយ​គ្មាន​មេ​ត្ដា​ឬ​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​មក​លើ​យើង នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​កង្វល់។ យើង​ឈឺ​ចិត្ត​ខ្លាំង​បំផុត​បើ​បុគ្គល​នោះ គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​ឬ​សាច់​ញាតិ​របស់​យើង។ យើង​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា​យើង​លែង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​បុគ្គល​នោះ​ទៀត។ ជួន​កាល បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ប្រហែល​ជា​និយាយ​ដោយ​មិន​បាន​គិត ហើយ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​យើង​បាន​ត្រូវ​គេ​ចាក់​ដោយ​ដាវ! (សុភ. ១២:១៨) អ្នក​ខ្លះ​ប្រហែល​ជា​ថែម​ទាំង​មាន​បំណង​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ ប្អូន​ស្រី​ម្នាក់​ជួប​ការ​ពិបាក​ដូច​នេះ។ គាត់​និយាយ​ថា៖ «ប៉ុន្មាន​ឆ្នាំ​មុន មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​ជា​មិត្ត​ល្អ បាន​ចាប់​ផ្ដើម​និយាយ​កុហក​អំពី​ខ្ញុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ខ្ញុំ​ឈឺ​ចិត្ត ហើយ​មាន​ទុក្ខ​ព្រួយ។ ខ្ញុំ​មិន​យល់​សោះ​ថា ហេតុ​អ្វី​មិត្ត​ដែល​ខ្ញុំ​ទុក​ចិត្ត​ចាក់​ខ្ញុំ​ពី​ក្រោយ​ខ្នង​បែប​នេះ»។ បើ​អ្នក​ឈឺ​ចិត្ត​ដោយ​សារ​មិត្ត​ជិត​ស្និទ្ធ​ឬ​សាច់​ញាតិ អ្នក​អាច​រៀន​ច្រើន​ពី​ហាណា។

៤. តើ​ហាណា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​អ្វី?

ហាណា​មាន​ការ​ពិបាក​ខ្លះ។ អស់​ជា​ច្រើន​ឆ្នាំ គាត់​មិន​អាច​មាន​កូន។ (១សាំ. ១:២) នៅ​វប្បធម៌​អ៊ីស្រាអែល​សម័យ​បុរាណ ស្ត្រី​ដែល​មិន​អាច​មាន​កូន​បាន​ត្រូវ​គេ​ជឿ​ថា​ជា​ស្ត្រី​ដែល​មិន​បាន​ទទួល​ពរ​ពី​ព្រះ។ ដូច្នេះ​នេះ​ធ្វើ​ឲ្យ​ហាណា​ខ្មាស​គេ​ណាស់។ (លោ. ៣០:១, ២) អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​ហាណា​កាន់​តែ​ពិបាក គឺ​ប្ដី​របស់​គាត់​បាន​យក​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​ពេនីណា ហើយ​ក៏​បាន​មាន​កូន​ជា​មួយ​នឹង​នាង។ ពេនីណា​បាន​ចាត់​ទុក​ហាណា​ជា​គូ​វិវាទ ហើយ​បាន​‹រុក​កួន​គាត់​ជា​ខ្លាំង ចង់​ឲ្យ​គាត់​កើត​សេចក្ដី​កំហឹង›ឬ​ឈឺ​ចិត្ត។ (១សាំ. ១:៦) ដំបូង ហាណា​បាន​កើត​ទុក្ខ​ជា​ខ្លាំង​អំពី​ស្ថាន​ភាព​របស់​គាត់។ គាត់​បាន​ឈឺ​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​«យំ ហើយ​មិន​បរិភោគ»។ គាត់​មាន​«សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់»។ (១សាំ. ១:៧, ១០) តើ​ហាណា​បាន​ទទួល​ការ​សម្រាល​ទុក្ខ​តាម​របៀប​ណា?

៥. តើ​ការ​អធិដ្ឋាន​បាន​ជួយ​ហាណា​យ៉ាង​ដូច​ម្ដេច?

ហាណា​បាន​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា​ថា គាត់​ពិបាក​ចិត្ត​យ៉ាង​ណា។ ក្រោយ​គាត់​បាន​អធិដ្ឋាន គាត់​បាន​ពន្យល់​សម្ដេច​សង្ឃ​អេលី​អំពី​ស្ថានភាព​របស់​គាត់។ បន្ទាប់​មក សម្ដេច​សង្ឃ​នោះ​បាន​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំ​រេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ហាណា​«ក៏​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន​វិញ»។ (១សាំ. ១:១៧, ១៨) ការ​អធិដ្ឋាន​បាន​ជួយ​ហាណា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​ឡើង​វិញ។

ដូច​ហាណា តើ​យើង​អាច​មាន​ចិត្ត​ស្ងប់​ឡើង​វិញ ហើយ​រក្សា​ចិត្ត​ស្ងប់​យ៉ាង​ដូច​ម្ដេច? (សូម​មើល​វគ្គ​៦​-​១០)

. ស្តី​អំពី​ការ​អធិដ្ឋាន តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ហាណា​និង​ពី​ភីលីព ៤:៦, ៧?

យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ បើ​យើង​តស៊ូ​ក្នុង​ការ​អធិដ្ឋាន។ ហាណា​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​និយាយ​ទៅ​កាន់​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌។ (១សាំ. ១:១២) យើង​ក៏​អាច​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​យ៉ាង​យូរ​ដែរ ដោយ​ប្រាប់​លោក​អំពី​ទុក្ខ​កង្វល់ ការ​ភ័យ​ខ្លាច និង​ភាព​ទន់​ខ្សោយ​របស់​យើង។ ក្នុង​សេចក្ដី​អធិដ្ឋាន យើង​មិន​ចាំ​បាច់​រៀប​ពាក្យ​និយាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ ឬ​ប្រើ​ពាក្យ​វប្បធម៌​ឡើយ។ ពេល​ខ្លះ យើង​ប្រហែល​ជា​ថែម​ទាំង​ស្រក់​ទឹក​ភ្នែក​ពេល​យើង​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ទុក្ខ​ព្រួយ​របស់​យើង។ ទោះ​ជា​ដូច្នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​ធុញ​ទ្រាន់​នឹង​ស្ដាប់​យើង​ទេ។ ក្រៅ​ពី​ការ​អធិដ្ឋាន​អំពី​បញ្ហា​របស់​យើង យើង​ត្រូវ​ចង​ចាំ​យោបល់​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ភីលីព ៤:៦, ៧។ (សូម​អាន) ប៉ូល​បាន​លើក​បញ្ជាក់​ថា​យើង​គួរ​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា។ យើង​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​អរគុណ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​អាច​អរគុណ​លោក​ចំពោះ​ជីវិត​ដែល​យើង​ទទួល​ពី​លោក អ្វី​ដ៏​ស្រស់​ស្អាត​ដែល​លោក​បាន​បង្កើត សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង។ តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​ហាណា?

៧. តើ​ហាណា​និង​ប្ដី​របស់​គាត់​បាន​ធ្វើ​អ្វី​ជា​ទៀង​ទាត់?

ទោះ​ជា​ហាណា​មាន​បញ្ហា​អ្វី​ក៏​ដោយ គាត់​បាន​ទៅ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ស៊ីឡូរ​ជា​មួយ​នឹង​ប្ដី​របស់​គាត់​ជា​ទៀង​ទាត់។ (១សាំ. ១:១​-​៥) ពេល​ដែល​ហាណា​នៅ​ត្រសាល សម្ដេច​សង្ឃ​អេលី​បាន​លើក​ទឹក​ចិត្ត​ហាណា​ដោយ​និយាយ​ថា​គាត់​សង្ឃឹម​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ហាណា។—១សាំ. ១:៩, ១៧

៨. តើ​កិច្ច​ប្រជុំ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? សូម​ពន្យល់។

យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ បើ​យើង​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ តាម​ធម្មតា ពេល​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​របស់​យើង បង​ប្អូន​ប្រុស​ម្នាក់​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​ផ្ដល់​សកម្មពល​របស់​លោក​ដល់​យើង។ សេចក្ដី​សុខ​សាន្ត​គឺ​ជា​ផល​ដែល​មក​ពី​សកម្មពល​របស់​ព្រះ។ (កាឡ. ៥:២២) ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ទោះ​ជា​យើង​កំពុង​តាន​តឹង​ចិត្ត​ក្ដី យើង​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​លើក​ទឹក​ចិត្ត​យើង ហើយ​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ។ ការ​អធិដ្ឋាន​និង​កិច្ច​ប្រជុំ​គឺ​ជា​របៀប​ដ៏​សំខាន់​ដែល​ព្រះ​យេហូវ៉ា​រៀប​ចំ​ដើម្បី​សម្រាល​ទុក្ខ​យើង។ (ហេ. ១០:​២៤, ២៥) សូម​ពិចារណា​អំពី​មេ​រៀន​មួយ​ទៀត​ដែល​យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​ហាណា។

៩. តើ​ស្ថានភាព​អ្វី​របស់​ហាណា​មិន​បាន​ផ្លាស់​ប្ដូរ ប៉ុន្តែ​តើ​អ្វី​បាន​ជួយ​គាត់?

បញ្ហា​របស់​ហាណា​មិន​បាន​បាត់​ទៅ​ភ្លាមៗ​នោះ​ទេ។ ពេល​ហាណា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ឯ​ត្រសាល​ គាត់​នៅ​តែ​ត្រូវ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជា​មួយ​នឹង​ពេនីណា។ ម្យ៉ាង​ទៀត គម្ពីរ​មិន​បាន​ចែង​ថា​ពេនីណា​បាន​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ។ ដូច្នេះ ហាណា​ទំនង​ជា​ត្រូវ​បន្ត​ស៊ូ​ទ្រាំ​នឹង​ពាក្យ​សម្ដី​ឌឺដង​របស់​គូ​វិវាទ​គាត់។ ប៉ុន្តែ ពេល​ហាណា​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់ នោះ​គាត់​ឈប់​ព្រួយ​ចិត្ត​ទៀត។ គាត់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ស្ងប់។ មួយ​រយៈ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ដោយ​ឲ្យ​គាត់​មាន​កូន!—១សាំ. ១:១៩, ២០; ២:២១

១០. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ហាណា?

១០ យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ ទោះ​ជា​បញ្ហា​របស់​យើង​នៅ​តែ​ដដែល​ក៏​ដោយ។ មិន​ថា​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ក្ដី បញ្ហា​ខ្លះ​ប្រហែល​ជា​នៅ​តែ​មាន។ ប៉ុន្តែ​តាម​រយៈ​គំរូ​របស់​ហាណា យើង​រៀន​ថា​គ្មាន​អ្វី​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ជួយ​យើង​មាន​ចិត្ត​ស្ងប់​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​យើង​ទេ ហើយ​មិន​យូរ​មិន​ឆាប់​លោក​នឹង​ផ្ដល់​ពរ​ឲ្យ​យើង​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​យើង។—ហេ. ១១:៦

អ្វី​ដែល​យើង​រៀន​ពី​សាវ័ក​ប៉ូល

១១. តើ​អ្វី​ខ្លះ​នាំ​ឲ្យ​ប៉ូល​ព្រួយ​ចិត្ត?

១១ ប៉ូល​មាន​អ្វី​ជា​ច្រើន​ដែល​នាំ​ឲ្យ​គាត់​ព្រួយ​ចិត្ត។ ជា​ឧទាហរណ៍ ដោយ​សារ​ប៉ូល​ស្រឡាញ់​បង​ប្អូន​របស់​គាត់ គាត់​ព្រួយ​ចិត្ត​ណាស់​ពេល​ឃើញ​ពួក​គេ​ជួប​បញ្ហា។ (២កូ. ២:៤; ១១:២៨) កាល​ដែល​ប៉ូល​បំពេញ​ភារកិច្ច​ជា​សាវ័ក គាត់​ត្រូវ​ប្រឈម​មុខ​នឹង​អ្នក​ប្រឆាំង​ដែល​វាយ​គាត់​និង​ចាប់​គាត់​ដាក់​គុក។ គាត់​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ដែល​នាំ​ឲ្យ​គាត់​មាន​ទុក្ខ​កង្វល់ ដូច​ជា​ការ​«រស់​នៅ​ដោយ​មាន​តែ​ប​ន្ដិ​ច​បន្តួច»។ (ភី. ៤:១២) មួយ​វិញ​ទៀត ដោយ​សារ​គាត់​ធ្លាប់​លិច​សំពៅ​យ៉ាង​ហោច​ណាស់​បី​ដង គាត់​ទំនង​ជា​ព្រួយ​ចិត្ត​រាល់​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ទូក។ (២កូ. ១១:២៣​-​២៧) តើ​អ្វី​បាន​ជួយ​ប៉ូល​ពេល​គាត់​ព្រួយ​ចិត្ត?

១២. តើ​អ្វី​បាន​ជួយ​កាត់​បន្ថយ​ទុក្ខ​កង្វល់​របស់​ប៉ូល?

១២ ប៉ូល​មាន​ទុក្ខ​កង្វល់​ពេល​បង​ប្អូន​របស់​គាត់​ជួប​បញ្ហា ប៉ុន្តែ​គាត់​មិន​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​ពួក​គេ​ដោយ​ខ្លួន​គាត់​នោះ​ទេ។ ប៉ូល​បាន​ដឹង​ថា​គាត់​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​បាន​ឡើយ។ គាត់​បាន​សុំ​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​ថែ​រក្សា​ក្រុម​ជំនុំ។ ជា​ឧ​ទា​ហ​រ​ណ៍ គាត់​បាន​ឲ្យ​ភារកិច្ច​ជា​ច្រើន​ដល់​បុរស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដូច​ជា​ធីម៉ូថេ​និង​ទីតុស​ជា​ដើម។ កិច្ច​ការ​ដែល​បង​ប្អូន​ប្រុស​ទាំង​នោះ​បាន​ធ្វើ​ច្បាស់​ជា​បាន​ជួយ​កាត់​បន្ថយ​ទុក្ខ​កង្វល់​របស់​ប៉ូល។—ភី. ២:​១៩, ២០; ទីត. ១:១, ៤, ៥

ដូច​យើង​រៀន​ពី​គំរូ​របស់​សាវ័ក​ប៉ូល តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​មាន​ទុក្ខ​កង្វល់​ច្រើន​ពេក? (សូម​មើល​វគ្គ​១៣​-​១៥)

១៣. តើ​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៣ ចូរ​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ ដូច​ប៉ូល នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​ចាស់​ទុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មាន​ទុក្ខ​កង្វល់​ពេល​ឃើញ​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​កំពុង​ជួប​ទុក្ខ​លំបាក។ ប៉ុន្តែ អ្នក​ចាស់​ទុំ​ប្រហែល​ជា​មិន​អាច​ជួយ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ទេ។ ចិត្ត​សុភាព​នឹង​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចែក​រំលែក​ភារកិច្ច​ដល់​បុរស​ឯ​ទៀត​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ហើយ​បង្ហាត់​បង្រៀន​បុរស​វ័យ​ក្មេង​ឲ្យ​ជួយ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ។—២ធី. ២:២

១៤. តើ​ប៉ូល​មិន​ព្រួយ​បារម្ភ​អំពី​អ្វី ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

១៤ ចូរ​ទទួល​ស្គាល់​ថា​អ្នក​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ ប៉ូល​មាន​ចិត្ត​រាប​ទាប ដូច្នេះ​គាត់​ដឹង​ថា​គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្ដិ​របស់​គាត់។ គាត់​មិន​បាន​ព្រួយ​បារម្ភ​ថា​អ្នក​ឯ​ទៀត​នឹង​គិត​ថា​គាត់​ជា​មនុស្ស​ទន់​ខ្សោយ ដោយ​សារ​គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​របស់​គាត់​ទេ។ ក្នុង​សំបុត្រ​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ភីលេម៉ូន គាត់​បាន​រៀប​រាប់​ថា៖ «ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​អំណរ​ជា​ច្រើន​ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក»។ (ភីលេ. ៧) ប៉ូល​បាន​លើក​ឡើង​អំពី​អ្នក​រួម​ការ​ងារ​ឯ​ទៀត​ដែល​បាន​លើក​ទឹក​ចិត្ត​គាត់​ជា​ខ្លាំង​ក្នុង​អំឡុង​គ្រា​លំបាក។ (កូឡ. ៤:៧​-​១១) ពេល​យើង​មាន​ចិត្ត​រាប​ទាប​ដោយ​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត នោះ​បង​ប្អូន​យើង​នឹង​ពេញ​ចិត្ត​ផ្ដល់​ឲ្យ​យើង​នូវ​ការ​គាំ​ទ្រ​ដែល​យើង​ត្រូវ​ការ។

១៥. តើ​ប៉ូល​បាន​ធ្វើ​អ្វី​ពេល​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​តាន​តឹង​ចិត្ត​ជា​ខ្លាំង?

១៥ ចូរ​ពឹង​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ។ ប៉ូល​ដឹង​ថា​បទ​គម្ពីរ​សម្រាល​ទុក្ខ​គាត់។ (រ៉ូម ១៥:៤) បទ​គម្ពីរ​ទាំង​នោះ​ក៏​ផ្ដល់​ប្រាជ្ញា​ឲ្យ​គាត់​ដើម្បី​គាត់​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ណា​ក៏​ដោយ។ (២ធី. ៣:១៥, ១៦) ពេល​ប៉ូល​បាន​ជាប់​គុក​នៅ​ក្រុង​រ៉ូម​ជា​លើក​ទី២ គាត់​មាន​អារម្មណ៍​ថា​គាត់​រស់​មិន​យូរ​ទេ។ ក្នុង​ស្ថានភាព​ដ៏​តាន​តឹង​ចិត្ត​នោះ តើ​ប៉ូល​បាន​ធ្វើ​អ្វី? គាត់​បាន​សុំ​ធីម៉ូថេ​ឲ្យ​មក​ជា​ប្រញាប់​ហើយ​យក​«រមូរ​ក្រដាស»​មក​ជា​មួយ​ផង។ (២ធី. ៤:៦, ៧, ៩, ១៣) ហេតុ​អ្វី? ពី​ព្រោះ​រមូរ​ទាំង​នោះ​ទំនង​ជា​ផ្នែក​ខ្លះ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ ដែល​ប៉ូល​អាច​ប្រើ​ក្នុង​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន។ ពេល​យើង​យក​តម្រាប់​ប៉ូល​ដោយ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ ​ព្រះយេហូវ៉ា​នឹង​ប្រើ​បទ​គម្ពីរ​ដើម្បី​សម្រាល​ទុក្ខ​យើង មិន​ថា​យើង​មាន​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ។

អ្វី​ដែល​យើង​រៀន​ពី​ស្តេច​ដាវីឌ

ដូច​ស្តេច​ដាវីឌ តើ​អ្វី​អាច​ជួយ​យើង​បើ​យើង​ធ្វើ​ខុស​ធ្ងន់​ធ្ងរ? (សូម​មើល​វគ្គ​១៦​-​១៩)

១៦. តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ?

១៦ ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​បាតសេបា រៀប​ផែន​ការ​សម្លាប់​ប្ដី​របស់​នាង ហើយ​បាន​ព្យាយាម​លាក់​បាំង​អំពើ​ឧក្រិដ្ឋ​របស់​គាត់។ (២សាំ. ១២:៩) ដំបូង ដាវីឌ​មិន​បាន​អើពើ​នឹង​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ឡើយ។ ហេតុ​នេះ នោះ​បាន​បង្ខូច​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​ធ្វើ​ឲ្យ​គាត់​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ព្រម​ទាំង​ធ្លាក់​ខ្លួន​ឈឺ។ (ទំនុក. ៣២:៣, ៤) តើ​អ្វី​បាន​ជួយ​ដាវីឌ​ពេល​គាត់​មាន​ទុក្ខ​ព្រួយ​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​របស់​គាត់ ហើយ​តើ​អ្វី​អាច​ជួយ​យើង​បើ​យើង​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ?

១៧. តាម​រយៈ​ទំនុក​តម្កើង ៥១:១​-​៤ តើ​យើង​អាច​យល់​យ៉ាង​ណា​ថា​ដាវីឌ​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ?

១៧ ចូរ​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស។ នៅ​ទី​បំផុត ដាវីឌ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ គាត់​បាន​សោក​ស្ដាយ​ជា​ខ្លាំង ហើយ​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ។ (សូម​អាន ទំនុក​តម្កើង ៥១:១​-​៤) នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​សប្បាយ​ចិត្ត​ម្ដង​ទៀត! (ទំនុក. ៣២:១, ២, ៤, ៥) បើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ សូម​កុំ​ព្យាយាម​លាក់​បាំង​ឡើយ! ផ្ទុយ​ទៅ​វិញ សូម​សារភាព​អំពើ​ខុស​ឆ្គង​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​។ យ៉ាង​នេះ អ្នក​នឹង​មាន​អារម្មណ៍​ស្ងប់​ជាង ហើយ​មិន​សូវ​បន្ទោស​ខ្លួន។ ប៉ុន្តែ​បើ​អ្នក​ចង់​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អ្នក​មិន​គ្រាន់​តែ​ត្រូវ​អធិដ្ឋាន​ប៉ុណ្ណោះ​ទេ។

១៨. តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​គាត់​បាន​ទទួល​ការ​ប្រដៅ​តម្រង់?

១៨ ចូរ​ទទួល​យក​ការ​ប្រដៅ​តម្រង់។ ពេល​ព្រះ​យេហូវ៉ា​បាន​ចាត់​ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​និយាយ​ជា​មួយ​នឹង​ដាវីឌ​អំពី​អំពើ​ខុស​ឆ្គង​របស់​គាត់ នោះ​ដាវីឌ​មិន​បាន​ខំ​រក​លេស ឬ​និយាយ​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​មិន​សូវ​អាក្រក់​ប៉ុន្មាន​ឡើយ។ ភ្លាមៗ គាត់​បាន​សារភាព​ថា​គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ចំពោះ​ប្ដី​របស់​បាតសេបា តែ​សំខាន់​បំផុត​គឺ​ចំពោះ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​ទទួល​យក​ការ​ប្រដៅ​តម្រង់​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​អភ័យ​ទោស​ឲ្យ​គាត់។ (២សាំ. ១២:១០​-​១៤) បើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​ត្រូវ​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​ថែ​រក្សា​យើង។ (យ៉ា. ៥:១៤, ១៥) ម្យ៉ាង​ទៀត យើង​មិន​គួរ​ខំ​និយាយ​រក​លេស​ទេ។ ពេល​យើង​កាន់​តែ​ឆាប់​ទទួល​យក​និង​ធ្វើ​តាម​ការ​ប្រដៅ នោះ​យើង​នឹង​កាន់​តែ​ឆាប់​មាន​ចិត្ត​ស្ងប់​និង​អំណរ​ឡើង​វិញ។

១៩. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ចូរ​តាំង​ចិត្ត​ជៀស​វាង​មិន​ធ្វើ​ខុស​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត។ ស្តេច​ដាវីឌ​បាន​ដឹង​ថា​បើ​គាត់​ត្រូវ​ជៀស​វាង​មិន​ធ្វើ​ខុស​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត គាត់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (ទំនុក. ៥១:៧, ១០, ១២) ក្រោយ​ពី​គាត់​បាន​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា ដាវីឌ​បាន​តាំង​ចិត្ត​មិន​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ម្ដង​ទៀត​ឡើយ។ ជា​លទ្ធផល គាត់​បាន​ទទួល​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ។

២០. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​អភ័យ​ទោស​ឲ្យ​យើង?

២០ យើង​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​អភ័យ​ទោស​ឲ្យ​យើង ពេល​យើង​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ពី​លោក ទទួល​យក​ការ​ប្រដៅ​តម្រង់ និង​ព្យាយាម​ជៀស​វាង​មិន​ធ្វើ​ខុស​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ។ បង​ប្រុស​ជេម​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត។ គាត់​និយាយ​ថា៖ «ពេល​ខ្ញុំ​សារភាព​ប្រាប់​អ្នក​ចាស់​ទុំ​អំពី​អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​អម្រែក​ដ៏​ធ្ងន់​មួយ​បាន​ដក​ចេញ​ពី​ស្មា​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ»។ យើង​ពិត​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​មែន ដោយ​ដឹង​ថា​«ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប»!—ទំនុក. ៣៤:១៨

២១. តើ​យើង​អាច​ឲ្យ​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង​តាម​របៀប​ណា?

២១ កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់ នឹង​មាន​អ្វីៗ​កាន់​តែ​ច្រើន​ដែល​អាច​នាំ​ឲ្យ​យើង​តាន​តឹង​ចិត្ត។ ពេល​អ្នក​មាន​ទុក្ខ​កង្វល់ សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ភ្លាមៗ។ សូម​សិក្សា​គម្ពីរ​ដោយ​ចិត្ត​ខ្នះ​ខ្នែង។ សូម​រៀន​ពី​គំរូ​របស់​ហាណា ប៉ូល និង​ដាវីឌ។ សូម​សុំ​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​ឲ្យ​ជួយ​អ្នក​យល់​អំពី​មូលហេតុ​ដែល​អ្នក​មាន​ទុក្ខ​កង្វល់។ (ទំនុក. ១៣៩:២៣) សូម​លោក​ឲ្យ​ជួយ​អ្នក​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​អ្នក ជា​ពិសេស​បញ្ហា​ដែល​ហួស​ពី​កម្លាំង​របស់​អ្នក។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​ថា៖ «ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំញី​ក្នុង​ចិត្ត​ទូល​បង្គំ ព្រះ​អង្គ​សំ​រាល​ទុក្ខ​ទូល​បង្គំ ដោយ​ប្រទាន​អោយ​ទូល​បង្គំ​មាន​អំណរ​សប្បាយ»។—ទំ​ន. [ទំនុក.] ៩៤:១៩, ខ.ស.

ចម្រៀង​លេខ​៤ ‹ព្រះ​យេហូវ៉ា​ជា​គង្វាល​ខ្ញុំ›

^ វគ្គ 5 ពេល​ខ្លះ យើង​ទាំង​អស់​គ្នា​មាន​ទុក្ខ​កង្វល់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បី​នាក់​នៅ​សម័យ​គម្ពីរ ដែល​ធ្លាប់​មាន​ទុក្ខ​កង្វល់។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​ពួក​គេ​ម្នាក់ៗ។

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: ទុក្ខ​កង្វល់​គឺ​ជា​អារម្មណ៍​ព្រួយ​ចិត្ត​ឬ​ភ័យ​ខ្លាច។ នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​លុយ​កាក់ សុខភាព​មិន​ល្អ បញ្ហា​ក្នុង​ក្រុម​គ្រួសារ ឬ​បញ្ហា​ឯ​ទៀត​ជា​ដើម។ យើង​ក៏​ប្រហែល​ជា​មាន​ទុក្ខ​កង្វល់​អំពី​កំហុស​ដែល​យើង​ធ្លាប់​ធ្វើ ឬ​អំពី​ការ​ពិបាក​ដែល​យើង​គិត​ថា​យើង​ប្រហែល​ជា​នឹង​ជួប​ប្រទះ​នៅ​ថ្ងៃ​ខាង​មុខ។