លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៣

«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»

«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»

​«​ឱ​ព្រះ​យេហូវ៉ា​អើយ ព្រះ​នាម​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប​»។—ទំនុក. ១៣៥:១៣

ចម្រៀង​លេខ​១០ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង!

សេចក្ដី​សង្ខេប *

១​-​២. តើ​សាក្សី​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​រឿង​បែប​ណា​ខ្លះ?

នៅ​សព្វ​ថ្ងៃ​នេះ មាន​រឿង​សំខាន់​ៗ​ដែល​ជាប់​ទាក់​ទង​នឹង​យើង។ នោះ​គឺ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​និង​ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ យើង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ចូល​ចិត្ត​និយាយ​អំពី​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​នេះ។ តើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​និង​ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​គឺ​ជា​រឿង​ផ្សេង​ពី​គ្នា​ឬ​ទេ? មិន​មែន​ទេ!

យើង​ទាំង​អស់​គ្នា​ដឹង​ថា​នាម​របស់​ព្រះ​ត្រូវ​តែ​លើក​តម្កើង​ឲ្យ​បាន​បរិសុទ្ធ។ យើង​ក៏​ដឹង​ដែរ​ថា​របៀប​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​គឺ​ល្អ​បំផុត។ រឿង​ទាំង​ពីរ​នេះ​សំខាន់។

៣. តើ​នាម​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ?

តាម​ពិត នាម​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ទាំង​អស់​អំពី​លោក រួម​ទាំងរបៀប​គ្រប់​គ្រង​របស់​លោក។ ដូច្នេះ ការ​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា រួម​បញ្ចូល​ការ​បញ្ជាក់​ថា​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ នាម​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​នឹង​របៀប​គ្រប់​គ្រង​របស់​លោក​ជាម​ហា​ក្សត្រ​នៃ​សកល​លោក (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ លក្ខណៈ​នៃ​រឿង​ដ៏​សំខាន់​មួយ​»​)។

៤. តើ​ទំនុក​តម្កើង ១៣៥:១៣​រៀប​រាប់​យ៉ាង​ណា​អំពី​នាម​របស់​ព្រះ ហើយ​តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

នាម​របស់​ព្រះ​យេហូវ៉ា​គឺ​ពិសេស។ (​សូម​អាន ទំនុក​តម្កើង ១៣៥:១៣) ហេតុ​អ្វី​នាម​របស់​ព្រះ​គឺ​សំខាន់​ម្ល៉េះ? តើ​នាម​របស់​លោក​បាន​ត្រូវ​បង្កាច់​បង្ខូច​ជា​លើក​ដំបូង​យ៉ាង​ដូច​ម្ដេច? តើ​លោក​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​តាម​របៀប​ណា? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ការ​ពារ​នាម​របស់​លោក? សូម​យើង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

តើ​ឈ្មោះ​គឺ​សំខាន់​យ៉ាង​ណា?

៥. តើ​អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​អ្វី ពេល​ពួក​គេ​ឮ​ថា​នាម​របស់​ព្រះ​ត្រូវ​ធ្វើ​ឲ្យ​បរិសុទ្ធ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) លោក​បង្ហាញ​ថា នេះ​គួរ​ជា​រឿង​សំខាន់​បំផុត​មួយ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ក៏​ប៉ុន្តែ តើ​ពាក្យ​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ពាក្យ​បរិសុទ្ធ​អាច​មាន​ន័យ​ថា​ធ្វើ​ឲ្យ​ស្អាត​ស្អំ ឥត​មន្ទិល ឬ​ឥត​សៅហ្មង។ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹បើ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​ស្អាត​ស្អំ ឥត​មន្ទិល ឬ​ឥត​សៅហ្មង​រួច​ហើយ ចុះ​ហេតុ​អ្វី​ត្រូវ​ធ្វើ​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ​ទៀត?›។ ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​យល់​ថា​ឈ្មោះ​រួម​បញ្ចូល​អ្វី​ខ្លះ។

៦. ស្ដី​អំពី​ឈ្មោះ តើ​អ្វី​សំខាន់​បំផុត?

ឈ្មោះ​មិន​មែន​ជា​ពាក្យ​ពីរោះ​ដែល​សម្រាប់​ឲ្យ​គេ​ហៅ​ប៉ុណ្ណោះ​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​»។ (​សុភ. ២២:១; សាស្ដ. ៧:១​) ហេតុ​អ្វី​ការ​មាន​ឈ្មោះ​គឺ​សំខាន់? ដោយ​សារ​ឈ្មោះ​រួម​បញ្ចូល​កេ​រ្តិ៍​ឈ្មោះ ពោល​គឺ​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ទៅ​លើ​បុគ្គល​ដែល​មាន​ឈ្មោះ​នោះ។ ដូច្នេះ ការ​មាន​ឈ្មោះ​ពីរោះ​គឺ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ទេ តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ពេល​ពួក​គេ​ឮ​ឈ្មោះ​នោះ។

៧. តើ​មនុស្ស​បាន​បង្ខូច​នាម​របស់​ព្រះ​តាម​របៀប​ណា?

ពេល​មនុស្ស​និយាយ​កុហក​អំពី​ព្រះ​យេហូវ៉ា ពួក​គេ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​មិន​ល្អ​អំពី​លោក។ ពេល​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​កំពុង​បង្ខូច​កេ​រ្តិ៍​ឈ្មោះ​របស់​លោក។ លើក​ដំបូង​ដែល​បុគ្គល​ម្នាក់​និយាយ​មិន​ល្អ​អំពី​ព្រះ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​មិន​ល្អ​អំពី​លោក គឺ​នៅ​សួន​អេដែន។ សូម​គិត​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​ការ​បង្កាច់​បង្ខូច​នេះ។

របៀប​ដែល​នាម​ព្រះ​បាន​ត្រូវ​បង្កាច់​បង្ខូច​ជាលើក​ដំបូង

៨. តើ​អាដាម​និង​អេវ៉ា​បាន​ដឹង​អំពី​អ្វី ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

អាដាម​និង​អេវ៉ា​បាន​ដឹង​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា ហើយ​ពួក​គេ​ក៏​ស្គាល់​អ្វី​ៗ​សំខាន់​ជា​ច្រើន​អំពី​លោក​ដែរ។ ពួក​គេ​ដឹង​ថា​លោក​ជា​អ្នក​បង្កើត ជា​អ្នក​ដែល​ផ្ដល់​ជីវិត​ឲ្យ​ពួក​គេ និង​ផ្ដល់​ទី​លំនៅ​ដ៏​ស្រស់​ស្អាត​ដល់​ពួក​គេ ព្រម​ទាំង​គូ​ដ៏​ល្អ​ឥត​ខ្ចោះ។ (​លោ. ១:២៦​-​២៨; ២:១៨​) ប៉ុន្តែ តើ​ពួក​គេ​បន្ត​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​ពួក​គេ​ឬ​ទេ? តើ​ពួក​គេ​បន្ត​បង្កើន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? សំណួរ​ទាំង​នេះ​បាន​ត្រូវ​ឆ្លើយ​ពេល​ដែល​សត្រូវ​របស់​ព្រះ​បាន​សាកល្បង​ពួក​គេ។

៩. យោង​ទៅ​តាម​លោកុប្បត្តិ ២:១៦, ១៧ និង​៣:១​-​៥ តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្វី​ដល់​ប្ដី​ប្រពន្ធ​ដំបូង ហើយ​តើ​សាថាន​បាន​បង្ខុស​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

សូម​អាន លោកុប្បត្តិ ២:១៦, ១៧ និង​៣:១​-​៥ដោយ​ធ្វើ​ឲ្យ​សត្វ​ពស់​មើល​ទៅ​ចេះ​និយាយ សាថាន​បាន​សួរ​អេវ៉ា​ថា​៖ ​«​តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?​»។ សំណួរ​នេះ​បង្កប់​ការ​កុហក​ដែល​នាំ​ឲ្យ​អេវ៉ា​ចាប់​ផ្ដើម​គិត​មិន​ល្អ​អំពី​ព្រះ។ តាម​ការ​ពិត ព្រះ​បាន​មាន​ប្រសាសន៍​ថា​ពួក​គេ​អាច​បរិភោគ​ផល​ពី​គ្រប់​ទាំង​ដើម​ឈើ លើក​លែង​តែ​មួយ​ដើម។ ដូច្នេះ នេះ​មាន​ន័យ​ថា​អាដាម​និង​អេវ៉ា​មាន​អាហារ​ជា​បរិបូរ​ដើម្បី​បរិភោគ។ (​លោ. ២:៩​) ពិត​មែន​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ទូលាយ ប៉ុន្តែ​លោក​បាន​ហាម​មិន​ឲ្យ​អាដាម​និង​អេវ៉ា​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​មួយ។ ដូច្នេះ សំណួរ​របស់​សាថាន​បង្ខុស​ការ​ពិត។ វា​ធ្វើ​ឲ្យ​មើល​ទៅ​ព្រះ​គ្មាន​ចិត្ត​ទូលាយ​ទៅ​វិញ។ នេះ​ប្រហែល​ជា​នាំ​ឲ្យ​អេវ៉ា​ឆ្ងល់​ថា ‹តើ​មាន​អ្វី​ល្អ​ដែល​ព្រះ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឬ​ទេ?›។

១០. តើ​សាថាន​បាន​និយាយ​បង្កាច់​បង្ខូច​ចំ​ៗ​ទៅ​លើ​នាម​របស់​ព្រះ​តាម​របៀប​ណា ហើយ​តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា?

១០ នៅ​ពេល​នោះ អេវ៉ា​នៅ​តែ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង។ គាត់​បាន​ប្រាប់​សាថាន​អំពី​ការ​ណែនាំ​ដ៏​ច្បាស់​លាស់​របស់​ព្រះ។ គាត់​បាន​និយាយ​បន្ត​ថា​ពួក​គាត់​ថែម​ទាំង​មិន​គួរ​ប៉ះ​ដើម​ឈើ​នោះ​ទៀត​ផង។ គាត់​បាន​ដឹង​អំពី​ការ​ព្រមាន​របស់​ព្រះ​ដែល​ថា ការ​មិន​ស្ដាប់​បង្គាប់​នឹង​នាំ​ឲ្យ​ស្លាប់។ ប៉ុន្តែ សាថាន​បាន​តប​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ​»។ (​លោ. ៣:២​-​៤​) សាថាន​លែង​និយាយ​បញ្ឆិត​បញ្ឆៀង​ទៀត។ ផ្ទុយ​ទៅ​វិញ វា​និយាយ​បង្កាច់​បង្ខូច​ចំ​ៗ​ទៅ​លើ​នាម​របស់​ព្រះ ហាក់​ដូច​ជា​វា​កំពុង​និយាយ​ប្រាប់​អេវ៉ា​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​កុហក។ ដូច្នេះ សាថាន​បាន​ទៅ​ជា​មេ​កំណាច ឬ​អ្នក​បង្កាច់​បង្ខូច។ អេវ៉ា​បាន​ចាញ់​បោក​ទាំង​ស្រុង ដោយ​សារ​គាត់​បាន​ជឿ​សាថាន។ (​១ធី. ២:១៤​) គាត់​បាន​ទុក​ចិត្ត​វា​ជាង​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ គាត់​ស្រួល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​បំផុត ពោល​គឺ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ គាត់​បាន​ចាប់​ផ្ដើម​បរិភោគ​ផ្លែ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាម ហើយ​ក្រោយ​មក​គាត់​ក៏​ឲ្យ​ទៅ​អាដាម។—លោ. ៣:៦

១១. តើ​អាដាម​និង​អេវ៉ា​អាច​ប្រព្រឹត្ត​យ៉ាង​ណា? តើ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី?

១១ សូម​គិត​អំពី​អ្វី​ដែល​អេវ៉ា​គួរ​និយាយ​ទៅ​សាថាន។ ឧបមា​ថា​គាត់​និយាយ​ដូច​ត​ទៅ​នេះ​៖ ​«​ខ្ញុំ​មិន​ស្គាល់​អ្នក​ជា​អ្នក​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ខ្ញុំ ហើយ​ខ្ញុំស្រឡាញ់​និង​ទុក​ចិត្ត​លោក។ អ្វី​ទាំង​អស់​ដែល​ខ្ញុំ​និង​ប្ដី​ខ្ញុំ​មាន​គឺ​មក​ពី​លោក។ ម៉េច​ហ៊ាន​និយាយ​អាក្រក់​អំពី​លោក? ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។ បើ​ព្រះ​យេហូវ៉ា​ឮ​ពាក្យ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​ចេញ​ពី​មាត់​របស់​កូន​ស្រី​ជា​ទី​ស្រឡាញ់ នោះ​លោក​ច្បាស់​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទៅ! (​សុភ. ២៧:​១១​) ប៉ុន្តែ​អេវ៉ា​គ្មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ហើយ​អាដាម​ក៏​គ្មាន​ដែរ។ ដោយ​សារ​អាដាម​និង​អេវ៉ា​គ្មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​បិតា នោះ​ពួក​គេ​មិន​បាន​និយាយ​ការ​ពារ​នាម​របស់​លោក​ពី​ការ​បង្កាច់​បង្ខូច​ឡើយ។

១២. តើ​សាថាន​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អេវ៉ា​ចាប់​ផ្ដើម​សង្ស័យ ហើយ​តើ​អាដាម​និង​អេវ៉ា​មិន​បាន​ធ្វើ​អ្វី?

១២ ដូច​យើង​បាន​រៀន សាថាន​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អេវ៉ា​បង្កើត​ចិត្ត​សង្ស័យ។ វា​បាន​ធ្វើ​ឲ្យ​គាត់​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បិតា​ដ៏​ល្អ​ទេ។ បន្ទាប់​មក អាដាម​និង​អេវ៉ា​មិន​បាន​និយាយ​ការ​ពារ​នាម​និង​កេ​រ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ជា​លទ្ធផល ពួក​គេ​ស្រួល​ស្ដាប់​តាម​សាថាន និង​បះ​បោរ​ប្រឆាំង​បិតា​របស់​ពួក​គេ។ នៅ​សព្វ​ថ្ងៃ​នេះ សាថាន​ប្រើ​មធ្យោបាយ​ស្រដៀង​នឹង​នេះ។ វា​បង្កាច់​បង្ខូច​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា។ មនុស្ស​ដែល​ជឿ​ពាក្យ​កុហក​របស់​សាថាន​ស្រួល​ទទួល​ឥទ្ធិពល​ពី​វា ហើយ​មិន​ព្រម​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ទេ។

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​របស់​លោក​ បាន​បរិសុទ្ធ

១៣. តើ​អេសេគាល ៣៦:២៣​លើក​បញ្ជាក់​យ៉ាង​ណា​អំពី​គោល​រឿង​ក្នុង​គម្ពីរ?

១៣ តើ​ព្រះ​យេហូវ៉ា​គ្រាន់​តែ​ទ្រាំ​ឲ្យ​គេ​បង្កាច់​បង្ខូច​នាម​របស់​លោក​ដោយ​មិន​ធ្វើ​អ្វី​សោះ​ឬ​ទេ? មិន​មែន​ទេ! គម្ពីរ​ទាំង​មូល​ប្រាប់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជម្រះ​ការ​តិះ​ដៀល​ពី​នាម​របស់​លោក​តាំង​ពី​សួន​អេដែន។ (​លោ. ៣:១៥​) គោល​រឿង​នៃ​គម្ពីរ​គឺ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​តាម​រយៈ​រាជាណាចក្រ​ដែល​គ្រប់​គ្រង​ដោយ​បុត្រ​លោក ហើយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត​និង​សេចក្ដី​សុខ​សាន្ត​ឡើង​វិញ​នៅ​ផែនដី។ គម្ពីរ​មាន​ព័ត៌មាន​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ។—សូម​អាន អេសេគាល ៣៦:២៣

១៤. តើ​ប្រតិកម្ម​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​បះ​បោរ​នៅ​សួន​អេដែន​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

១៤ សាថាន​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​មិន​ឲ្យ​ព្រះ​យេហូវ៉ា​សម្រេច​គោល​បំណង​របស់​លោក។ ប៉ុន្តែ សាថាន​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត។ គម្ពីរ​បង្ហាញ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ ហើយ​នោះ​ស​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត។ ការ​បះ​បោរ​របស់​សាថាន​និង​ពួក​អ្នក​ដែល​នៅ​ខាង​វា​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ (​ទំនុក. ៧៨:៤០​) ក៏​ប៉ុន្តែ លោក​បាន​ចាត់​វិធានការ​ចំពោះ​រឿង​នេះ​ដោយ​ប្រាជ្ញា ចិត្ត​អត់​ធ្មត់ និង​យុ​ត្តិ​ធម៌។ លោក​ក៏​បាន​បង្ហាញ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​លោក​តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់។ សំខាន់​បំផុត អ្វី​ទាំង​អស់​ដែល​លោក​ធ្វើ​ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក។ (​១យ៉ូន. ៤:៨​) ព្រះ​យេហូវ៉ា​មិន​ដែល​ឈប់​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​ទេ។

សាថាន​បាន​កុហក​អេវ៉ា​អំពី​ព្រះ​យេហូវ៉ា ហើយ​អស់​ជា​ច្រើន​សតវត្សរ៍ មេកំណាចនៅតែបង្កាច់​បង្ខូច​ព្រះ(​សូម​មើល​វគ្គ​៩​-​១០, ១៥​) *

១៥. តើ​សាថាន​កំពុង​មួល​បង្កាច់​នាម​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា?

១៥ សាថាន​នៅ​តែ​មួល​បង្កាច់​នាម​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ វា​បញ្ឆោត​មនុស្ស​ឲ្យ​សង្ស័យ​ថា​ព្រះ​គ្មាន​ឫទ្ធានុភាព គ្មាន​យុ​ត្តិ​ធម៌ គ្មាន​ប្រាជ្ញា និង​គ្មាន​សេចក្ដី​ស្រឡាញ់​ឡើយ។ ជា​ឧទាហរណ៍ សាថាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់​ទេ។ ម្យ៉ាង​ទៀត ទោះ​ជា​មនុស្ស​ជឿ​ថា​មាន​ព្រះ​ក៏​ដោយ សាថាន​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា​ព្រះ​និង​ខ្នាត​តម្រា​របស់​លោក​គឺ​តឹងរ៉ឹង​និង​អ​យុ​ត្តិ​ធម៌។ វា​ថែម​ទាំង​បង្រៀន​មនុស្ស​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​គ្មាន​មេ​ត្តា​និង​ឃោរ​ឃៅ​ដែល​ដុត​មនុស្ស​ក្នុង​ភ្លើង​នរក ក្រោយ​ពី​ពួក​គេ​ស្លាប់។ ពេល​ពួក​គេ​ជឿ​ពាក្យ​បង្កាច់​បង្ខូច​បែប​នេះ ពួក​គេ​ទំនង​ជា​ស្រួល​បដិសេធ​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ទម្រាំ​តែ​ព្រះ​យេហូវ៉ា​បំផ្លាញ​សាថាន វា​នឹង​បន្ត​បង្កាច់​បង្ខូច​លោក ហើយ​វា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​លះ​ចោល​លោក។ តើ​វា​នឹង​ទទួល​ជោគ​ជ័យ​ឬ​ទេ?

តួ​នាទី​របស់​អ្នក​ក្នុង​រឿង​ ដ៏​សំខាន់​នេះ

១៦. អ្នក​អាច​ធ្វើ​អ្វី​មួយ​ដែល​អាដាម​និង​អេវ៉ា​មិន​បាន​ធ្វើ តើ​នោះ​ជា​អ្វី?

១៦ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ ដូច្នេះ អ្នក​អាច​ធ្វើ​អ្វី​មួយ​ដែល​អាដាម​និង​អេវ៉ា​មិន​បាន​ធ្វើ។ ទោះ​ជា​អ្នក​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​បង្កាច់​បង្ខូច​និង​ប្រមាថ​នាម​របស់​ព្រះ​យេហូវ៉ា​ក្ដី អ្នក​មាន​ឱកាស​និយាយ​ការ​ពារ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​ថា លោក​គឺ​បរិសុទ្ធ សុចរិត ល្អ និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​អេ. ២៩:២៣; យ៉ូប ៣៦:៣​) អ្នក​អាច​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​លោក។ អ្នក​អាច​ជួយ​មនុស្ស​ឲ្យ​យល់​ថា​មាន​តែ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ពិត​ជា​សុចរិត ហើយ​អាច​នាំ​ឲ្យ​មាន​សន្តិភាព​និង​សុភមង្គល​ដល់​បុគ្គល​គ្រប់​រូប។—ទំនុក. ៣៧:៩, ៣៧; ១៤៦:៥, ៦, ១០

១៧. តើ​លោក​យេស៊ូ​បាន​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​នាម​របស់​បិតា​លោក​យ៉ាង​ដូច​ម្ដេច?

១៧ យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​គ្រិស្ត ពេល​យើង​និយាយ​ការ​ពារ​នាម​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៧:២៦​) លោក​យេស៊ូ​មិន​គ្រាន់​តែ​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​នាម​របស់​បិតា​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ការ​ពារ​កេ​រ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ដែរ។ ជា​ឧទាហរណ៍ ពួក​ផារិស៊ី​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​ទាម​ទារ​ហួស​ហេតុ​ពេក មិន​អាច​នៅ​ជិត​ស្និទ្ធ និង​គ្មាន​មេ​ត្តា។ ខុស​ពី​ពួក​គេ លោក​យេស៊ូ​បាន​ជួយ​មនុស្ស​ឲ្យ​ឃើញ​ថា​បិតា​របស់​លោក​គឺ​សម​ហេតុ​ផល អត់​ធ្មត់ ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​អភ័យ​ទោស។ លោក​ក៏​បាន​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ដោយ​បង្ហាញ​គុណ​សម្បត្តិ​ដូច​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក។—យ៉ូន. ១៤:៩

១៨. តើ​យើង​អាច​បក​អាក្រាត​ពាក្យ​កុហក​និង​ការ​បង្កាច់​បង្ខូច​អំពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៨ ដូច​លោក​យេស៊ូ យើង​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​ដោយ​បង្រៀន​ពួក​គេ​ថា​លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស។ ដោយ​ធ្វើ​ដូច្នេះ យើង​បក​អាក្រាត​ពាក្យ​កុហក​និង​ការ​បង្កាច់​បង្ខូច​អំពី​ព្រះ​យេហូវ៉ា។ យើង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចាត់​ទុក​នាម​របស់​លោក​ថា​បរិសុទ្ធ។ យើង​ក៏​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែរ ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ (​អេភ. ៥:១, ២​) តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង អ្នក​ឯ​ទៀត​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​ណា។ យ៉ាង​នេះ​យើង​ជួយ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ យើង​ក៏​ចូល​រួម​ក្នុង​ការ​ជម្រះ​នាម​របស់​ព្រះ​ពី​ការ​តិះ​ដៀល ដោយ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យស្គាល់​សេចក្ដី​ពិត​អំពី​លោក។ ម្យ៉ាង​ទៀត យើង​ធ្វើ​ឲ្យនាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ពេល​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​លោក។—យ៉ូប ២៧:៥

យើង​ចង់​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​គឺ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស(​សូម​មើល​វគ្គ​១៨​-​១៩​) *

១៩. តើ​អេសាយ ៦៣:៧​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ណា​អំពី​គោល​បំណង​ចម្បង​របស់​យើង ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត?

១៩ មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ ពេល​យើង​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត យើង​ច្រើន​តែ​លើក​ឡើង​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​ថា ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សកល​លោក ហើយ​នេះ​គឺ​ត្រឹម​ត្រូវ។ ទោះ​ជា​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ច្បាប់​របស់​ព្រះ​គឺ​សំខាន់​ក្ដី គោល​ដៅ​ចម្បង​របស់​យើង​គឺ​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង និង​មាន​ភក្ដី​ភាព​ចំពោះ​លោក។ យ៉ាង​នេះ យើង​ត្រូវ​លើក​ឡើង​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា ហើយ​បញ្ជាក់​ថា​លោក​ជា​បុគ្គល​បែប​ណា។ (​សូម​អាន អេសាយ ៦៣:៧) កាល​ដែល​យើង​បង្រៀន​អ្នក​ឯ​ទៀត​តាម​របៀប​នេះ យើង​នឹង​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្ដាប់​បង្គាប់​លោក ដោយ​សារ​ពួក​គេ​ចង់​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក។

២០. តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២០ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​របៀប​ដែល​យើង​ប្រព្រឹត្ត​និង​បង្រៀន​អ្នក​ឯ​ទៀត​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា និង​ទាក់​ទាញ​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​លោក? អត្ថបទ​បន្ទាប់​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។

ចម្រៀង​លេខ​២ នាម​លោក​គឺ​យេហូវ៉ា

^ វគ្គ 5 តើ​អ្វី​ជា​រឿង​ដ៏​សំខាន់​ចំពោះ​មនុស្ស​និង​ទេវតា? ហេតុ​អ្វី​រឿង​នេះ​សំខាន់​ម្ល៉េះ ហើយ​តើ​នេះ​ជាប់​ទាក់​ទង​នឹង​យើង​យ៉ាង​ណា? ការ​យល់​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​និង​សំណួរ​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​នេះ នឹង​ជួយ​យើង​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: មេ​កំណាច​បាន​និយាយ​បង្កាច់​បង្ខូច​ព្រះ ដោយ​ប្រាប់​អេវ៉ា​ថា​លោក​គឺ​ជា​អ្នក​កុហក។ អស់​ជា​ច្រើន​សតវត្សរ៍ សាថាន​បាន​លើក​ស្ទួយ​សេចក្ដី​បង្រៀន​មិន​ពិត ដូច​ជា​ព្រះ​គឺ​គ្មាន​មេ​ត្តា ហើយ​ថា​លោក​មិន​បាន​បង្កើត​មនុស្សជាតិ​ទេ។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​បង​ប្រុស​ម្នាក់​កំពុង​បង្រៀន​គម្ពីរ គាត់​លើក​ឡើង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ។