លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៤

«សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត»

«សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត»

​«​សូម​ជួយ​ខ្ញុំ​ឲ្យ​គោរព​កោត​ខ្លាច​នាម​របស់​លោក​យ៉ាង​អស់​ពី​ចិត្ត។ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សរសើរ​លោក​យ៉ាង​អស់​ពី​ដួង​ចិត្ត​»។—ទំនុក. ៨៦:១១, ១២; ព.ថ.

ចម្រៀង​លេខ​៧ ព្រះ​យេហូវ៉ា​ជា​កម្លាំង​របស់​យើង

សេចក្ដី​សង្ខេប *

១. តើ​ការ​គោរព​កោត​ខ្លាច​ព្រះ​មាន​ន័យ​យ៉ាង​ណា ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់​ចាំ​បាច់​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា?

គ្រិស្ត​សាសនិក​ស្រឡាញ់​ព្រះ ហើយ​ថែម​ទាំង​កោត​ខ្លាច​លោក​ផង​ដែរ។ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​ពាក្យ​ស្រឡាញ់​និង​កោត​ខ្លាច​មិន​ស៊ី​គ្នា​ទេ។ ប៉ុន្តែ ការ​កោត​ខ្លាច​គឺ​ខុស​ពី​ការ​ភ័យ​ខ្លាច។ មនុស្ស​ដែល​មាន​ការ​គោរព​កោត​ខ្លាច មាន​ចិត្ត​កោត​ស្ងើច​ចំពោះ​ព្រះ​និង​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ។ ពួក​គេ​មិន​ចង់​ធ្វើ​ឲ្យ​បិតា​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​លែង​ពេញ​ចិត្ត​នឹង​ពួក​គេ ដោយ​សារ​ពួក​គេ​មិន​ចង់​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​លោក។—ទំនុក. ១១១:១០; សុភ. ៨:១៣

២. តើ​យើង​នឹង​រៀន​ចំណុច​ពីរ​យ៉ាង​អ្វី​ពី​ពាក្យ​របស់​ស្ដេច​ដាវីឌ​នៅ​ទំនុក​តម្កើង ៨៦:១១?

ទំនុក​តម្កើង ៨៦:១១ ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មីចែង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​លោក​បង្រៀន​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​លោក ខ្ញុំ​នឹង​ដើរ​តាម​មាគ៌ា​នៃសេចក្ដី​ពិត​របស់​លោក។ សូម​ជួយ​ខ្ញុំ​ឲ្យ​គោរព​កោត​ខ្លាច​នាម​របស់​លោក​យ៉ាង​អស់​ពី​ចិត្ត​»។ យើង​អាច​ឃើញ​ច្បាស់​ពី​បទ​គម្ពីរ​នេះ​ថា ស្ដេច​ដាវីឌ​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះ។ ឥឡូវ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ពាក្យ​របស់​ដាវីឌ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ដំបូង យើង​នឹង​រៀន​អំពី​មូលហេតុ​ខ្លះ​ដែល​យើង​គួរ​កោត​ស្ងើច​ចំពោះ​នាម​របស់​ព្រះ។ បន្ទាប់​មក យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​កោត​ស្ងើច​ចំពោះ​នាម​លោក ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។

ហេតុ​អ្វី​យើង​គួរ​គោរព​នាម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ?

៣. តើ​បទ​ពិសោធន៍​អ្វី​ប្រហែល​ជា​បាន​ជួយ​ម៉ូសេ​ឲ្យ​បន្ត​កោត​ស្ងើច​ចំពោះ​នាម​របស់​ព្រះ?

សូម​គិត​អំពី​អារម្មណ៍​របស់​ម៉ូសេ ពេល​ដែល​គាត់​នៅ​ក្នុង​ក្រហែង​ថ្ម ហើយ​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ឆ្លង​កាត់​មុខ​គាត់។ នេះ​ទំនង​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​របស់​មនុស្ស​ណា​ម្នាក់​ដែល​មិន​ធ្លាប់​មាន មុន​លោក​យេស៊ូ​នៅ​ផែនដី។ ម៉ូសេ​បាន​ឮ​ពាក្យ​ដែល​ទំនង​ជា​ទេវតា​ជា​អ្នក​និយាយ​ដូច​ត​ទៅ​នេះ​ថា​៖ ​«​យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប​»។ (​និក្ខ. ៣៣:១៧​-​២៣; ៣៤:៥​-​៧​) ម៉ូសេ​ប្រហែល​ជា​បាន​នឹក​ចាំ​អំពី​ព្រឹត្តិ​ការណ៍​នោះ ពេល​ដែល​គាត់​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ នៅ​ពេល​ក្រោយ​មក ម៉ូសេ​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ព្រះ​«​ឲ្យ​បាន​កោត​ខ្លាច​ដល់​ព្រះ​នាម​ដ៏​មាន​សិរី​ល្អ ហើយ​គួរ​ស្ញែង​ខ្លាច​នេះ​»។—ចោ. ២៨:៥៨

៤. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​កោត​ស្ងើច​ចំពោះ​ព្រះ​យេហូវ៉ា?

ពេល​យើង​គិត​អំពី​នាម​របស់​ព្រះ​យេហូវ៉ា ជា​ការ​ល្អ​ដែល​យើង​ក៏​គិត​អំពី​បុគ្គលិក​លក្ខណៈ​របស់​លោក​ដែរ។ យើង​គួរ​គិត​អំពី​គុណ​សម្បត្តិ​របស់​លោក​ដូច​ជា​ឫទ្ធានុភាព ប្រាជ្ញា យុត្តិធម៌ និង​សេចក្ដី​ស្រឡាញ់។ ការ​គិត​អំពី​គុណ​សម្បត្តិ​ទាំង​នេះ​និង​គុណ​សម្បត្តិ​ឯ​ទៀត​របស់​លោក អាច​ជួយ​យើង​ឲ្យ​កាន់​តែ​កោត​ស្ងើច​ចំពោះ​លោក។—ទំនុក. ៧៧:១១​-​១៥

៥​-​៦. (​ក​) តើ​នាម​របស់​ព្រះ​មាន​អត្ថន័យ​យ៉ាង​ណា? (​ខ​) យោង​ទៅ​តាម​និក្ខមនំ ៣:១៣, ១៤ និង​អេសាយ ៦៤:៨ តើ​ព្រះ​យេហូវ៉ា​អាច​សម្រេច​គោល​បំណង​របស់​លោក​តាម​របៀប​ណា​ខ្លះ?

តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​អត្ថន័យ​នៃ​នាម​របស់​ព្រះ? បណ្ឌិត​ជា​ច្រើន​នាក់​យល់​ស្រប​ថា តាម​មើល​ទៅ​អត្ថន័យ​នៃ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»។ អត្ថន័យ​នេះ​រំលឹក​យើង​ថា​គ្មាន​អ្វី​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ចង់​ធ្វើ​ឡើយ ហើយ​លោក​អាច​ធ្វើ​ឲ្យ​អ្វី​ណា​ក៏​ដោយ​កើត​ឡើង។ តើ​នេះ​ក្នុង​ន័យ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ក្លាយ​ទៅ​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ (​សូម​អាន និក្ខមនំ ៣:១៣, ១៤) ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​»​ក្នុង​ខ​នេះ ក៏​អាច​ត្រូវ​បក​ប្រែ​ថា​«​ខ្ញុំ​នឹង​ក្លាយ​ទៅជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​»។ យើង​ច្រើន​តែ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​គិត​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​នេះ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​បម្រើ​មិន​ល្អ​ឥត​ខ្ចោះ​របស់​លោក​ក្លាយ​ទៅ​ជា​អ្វី​ណា​ក៏​ដោយ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​បម្រើ​លោក និង​សម្រេច​គោល​បំណង​របស់​លោក។ (​សូម​អាន អេសាយ ៦៤:៨) តាម​របៀប​ទាំង​នេះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​បាន​សម្រេច។ គ្មាន​អ្វី​អាច​រា​រាំង​លោក​មិន​ឲ្យ​សម្រេច​គោល​បំណង​របស់​លោក​បាន​ឡើយ។—អេ. ៤៦:១០, ១១

៧. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កោត​ស្ងើច​និង​គោរព​បិតា​របស់​យើង​កាន់​តែ​ខ្លាំង?

យើង​អាច​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ដោយ​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​បានធ្វើ និង​សមត្ថភាព​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង​ដើម្បី​ធ្វើ​អ្វី​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ពេល​យើង​រំពឹង​គិត​អំពីស្នាដៃ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា នោះ​នាំ​ឲ្យ​យើង​កោត​ស្ងើច​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ។ (​ទំនុក. ៨:៣, ៤​) ពេល​យើង​រំពឹង​គិត​អំពី​សមត្ថភាព​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​ដើម្បី​យើង​អាច​សម្រេច​គោល​បំណង​របស់​លោក នោះ​នាំ​ឲ្យ​យើង​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ។ នាម​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​គួរ​ឲ្យ​កោត​ស្ងើច​មែន! នាម​នោះ​រួម​បញ្ចូល​បុគ្គលិក​លក្ខណៈ​របស់​លោក អ្វី​ទាំង​អស់​ដែល​លោក​បាន​សម្រេច និង​អ្វី​ទាំង​អស់​ដែល​លោក​នឹង​ធ្វើ។—ទំនុក. ៨៩:៧, ៨

​«​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ព្រះ​យេហូវ៉ា​»​

អ្វី​ដែល​ម៉ូសេ​បាន​បង្រៀន​នាំ​ឲ្យ​មានកម្លាំង​ចិត្ត​ឡើង​វិញ។ នោះ​ផ្ដោត​ទៅ​លើ​នាម​និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៨​) *

៨. តើ​ចោទិយកថា ៣២:២, ៣ បង្ហាញ​យ៉ាង​ណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​នាម​របស់​លោក?

បន្តិច​មុន​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ស្រុកដែលព្រះបាន​សន្យា ព្រះ​យេហូវ៉ា​បាន​បង្រៀន​ម៉ូសេ​ទំនុក​ច្រៀង​មួយ។ (​ចោ. ៣១:១៩​) ម៉ូសេ​ត្រូវ​បង្រៀន​ចម្រៀង​នោះ​ដល់​បណ្ដាជន។ (​សូម​អាន ចោទិយកថា ៣២:២, ៣) កាល​ដែល​យើង​រំពឹង​គិត​អំពី​ខ​ពីរ​និង​បី យើង​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មិន​ចង់​លាក់​នាម​របស់​លោក​ទេ ហាក់​ដូច​ជា​នោះ​ពិសិដ្ឋ​ពេក​មិន​អាច​ហៅ​បាន។ លោក​ចង់​ឲ្យ​បុគ្គល​គ្រប់​រូប​ស្គាល់​នាម​របស់​លោក! បណ្ដា​ជន​អ៊ី​ស្រា​អែល​មាន​ឯកសិទ្ធិ​ឮ​ម៉ូសេ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​និង​នាម​ដ៏​រុង​រឿង​របស់​លោក​ក្នុង​ចម្រៀង​នោះ! អ្វី​ដែល​ម៉ូសេ​បាន​បង្រៀន​ពួក​គេ បាន​លើក​ទឹក​ចិត្ត​និង​ពង្រឹង​ជំនឿ​របស់​ពួក​គេ ប្រៀប​ដូច​ជា​ភ្លៀង​រលឹម​ដែល​ធ្លាក់​លើ​រុក្ខជាតិ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​របៀប​ដែល​យើង​បង្រៀន​មាន​ឥទ្ធិពល​បែប​នេះ?

៩. តើ​យើង​អាច​ជួយ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឬ​ជា​សាធារណៈ យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​បង្ហាញ​មនុស្ស​ឯ​ទៀត​អំពី​នាម​របស់​ព្រះ​យេហូវ៉ា។ យើង​អាច​ស្នើ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សៀវភៅ​ស្អាត​ៗ វីដេអូ​ល្អ​ៗ និង​ព័ត៌មាន​នៅ​គេហទំព័រ​របស់​យើង​ដែល​លើក​កិត្តិយស​ព្រះ​យេហូវ៉ា។ នៅ​កន្លែង​ធ្វើ​ការ សាលា​រៀន ឬ​ពេល​ធ្វើ​ដំណើរ យើង​ប្រហែល​ជា​រក​ឱកាស​ដើម្បី​ប្រាប់​អំពី​ព្រះ​ជា​ទី​ស្រឡាញ់​របស់​យើង​និង​គុណ​សម្បត្តិ​របស់​លោក។ ពេល​យើង​ប្រាប់​ពួក​អ្នក​ដែល​យើង​ជួប​អំពី​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ​និង​ផែនដី យើង​កំពុង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ស្គាល់​អ្វី​ថ្មី​អំពី​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ប្រាប់​អ្នក​ឯ​ទៀត​នូវ​សេចក្ដី​ពិត​អំពី​បិតា​ដែល​ស្រឡាញ់​យើង នោះ​យើង​កំពុង​ជួយ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ យើង​ក៏​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​អ្វី​ដែល​ពួក​គេ​ធ្លាប់​ឮ​អំពី​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​កុហក។ អ្វី​ដែល​យើង​បង្រៀន​ពួក​គេ​ពី​គម្ពីរ​គឺ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ​ជាង​អ្វី​ណា​ទាំង​អស់។—អេ. ៦៥:១៣, ១៤

១០. ពេល​យើង​បង្រៀន​គម្ពីរ ហេតុ​អ្វី​យើង​មិន​គ្រាន់​តែ​ត្រូវ​បង្រៀន​អំពី​តម្រូវ​ការ​និង​ខ្នាត​តម្រា​របស់​ព្រះ​ប៉ុណ្ណោះ?

១០ ពេល​យើង​បង្រៀន​គម្ពីរ យើង​ចង់​ជួយ​សិស្ស​ឲ្យ​ស្គាល់​និង​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា។ យើង​ក៏​ចង់​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់។ បើ​យើង​គ្រាន់​តែ​បង្រៀន​ពួក​គេ​អំពី​ការ​ណែនាំ ខ្នាត​តម្រា និង​ច្បាប់​របស់​ព្រះ តើ​ពួក​គេ​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់​ឬ​ទេ? ពិត​មែន​ថា​សិស្ស​ល្អ​ប្រហែល​ជា​រៀន​អំពី​ច្បាប់​របស់​ព្រះ ហើយ​ថែម​ទាំង​ឲ្យ​តម្លៃ​ចំពោះ​ច្បាប់​ទាំង​នោះ។ ប៉ុន្តែ តើ​គាត់​នឹង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​សារ​គាត់​ស្រឡាញ់​លោក​ឬ​ទេ? សូម​ចាំ​ថា​អេវ៉ា​បាន​ស្គាល់​ច្បាប់​របស់​ព្រះ ប៉ុន្តែ​គាត់​មិន​បាន​ស្រឡាញ់​អ្នក​បង្កើត​ច្បាប់​នោះ​ឡើយ ហើយ​អាដាម​ក៏​ដូច​គ្នា។ (​លោ. ៣:១​-​៦​) ដូច្នេះ យើង​មិន​គ្រាន់​តែ​ត្រូវ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​តម្រូវ​ការ​និង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​ប៉ុណ្ណោះ​ទេ។

១១. ពេល​បង្រៀន​សិស្ស​គម្ពីរ​អំពី​ច្បាប់​និង​ខ្នាត​តម្រា​របស់​ព្រះ តើ​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​បុគ្គល​ដែល​បាន​ឲ្យ​ច្បាប់​នោះ​យ៉ាង​ដូច​ម្ដេច?

១១ តម្រូវ​ការ​និង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​ប្រយោជន៍​ចំពោះ​យើង។ (​ទំនុក. ១១៩:៩៧, ១១១, ១១២​) ប៉ុន្តែ សិស្ស​របស់​យើង​ប្រហែល​ជា​មិន​គិត​ដូច្នេះ​ទេ បើ​ពួក​គេ​មិន​យល់​ថា​មូល​ហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ច្បាប់​ទាំង​នោះ គឺ​ដោយ​សារ​លោក​ស្រឡាញ់​យើង។ ដូច្នេះ យើង​អាច​សួរ​សិស្ស​របស់​យើង​ថា ​«​ហេតុ​អ្វី​បង​គិត​ថា​ព្រះ​ឲ្យ​អ្នក​បម្រើ​របស់​លោក​ធ្វើ​នេះ​ឬ​ហាម​មិន​ឲ្យ​ធ្វើ​នោះ? តើ​នេះ​បង្រៀន​យើង​អ្វី​អំពី​លោក?​»។ បើ​យើង​ជួយ​សិស្ស​របស់​យើង​ឲ្យ​គិត​អំពី​ព្រះ​យេហូវ៉ា និង​ស្រឡាញ់​នាម​ដ៏​រុង​រឿង​របស់​លោក នោះ​ទំនង​ជា​មាន​ឥទ្ធិពល​ជាង​លើ​ចិត្ត​របស់​ពួក​គេ។ សិស្ស​របស់​យើង​នឹង​មិន​គ្រាន់​តែ​ស្រឡាញ់​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ស្រឡាញ់​អ្នក​បង្កើត​ច្បាប់​ដែរ។ (​ទំនុក. ១១៩:៦៨​) យ៉ាង​នេះ ពួក​គេ​នឹង​កាន់​តែ​មាន​ជំនឿ​រឹង​មាំ ហើយ​អាច​ចេះ​ស៊ូ​ទ្រាំ​ពេល​ដែល​មាន​ទុក្ខ​លំបាក។—១កូ. ៣:១២​-​១៥

​«​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះនាមនៃព្រះយេហូវ៉ា​»​

នៅ​ពេល​មួយ ដាវីឌ​មិន​បាន​រក្សា​ចិត្ត​ស្មោះ​តែ​មួយ​ទេ (​សូម​មើល​វគ្គ​១២​)

១២. នៅ​ពេល​មួយ ហេតុ​អ្វី​ដាវីឌ​មិន​បាន​រក្សា​ចិត្ត​ស្មោះ​តែ​មួយ ហើយ​តើ​នោះ​មាន​លទ្ធផល​អ្វី?

១២ តាម​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ពាក្យ​ដែល​ស្ដេច​ដាវីឌ​បាន​សរសេរ​នៅ​ទំនុក​តម្កើង ៨៦:១១​ដែល​ថា​៖ ​«​សូម​ជួយ​ខ្ញុំ​ឲ្យ​គោរព​កោត​ខ្លាច​នាម​របស់​លោក​យ៉ាង​អស់​ពី​ចិត្ត​»​ ក៏​សំខាន់​ណាស់​ដែរ។ ស្ដេច​ដាវីឌ​បាន​សរសេរ​ពាក្យ​ទាំង​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ក្នុង​ជីវិត​របស់​គាត់ គាត់​បាន​ឃើញ​ថា​គឺ​ងាយ​ស្រួល​ឲ្យ​យើង​មាន​ចិត្ត​ពីរ។ មាន​ពេល​មួយ កាល​ដែល​ដាវីឌ​នៅ​លើ​ដំបូល​ដំណាក់ គាត់​បាន​ឃើញ​ប្រពន្ធ​របស់​បុរស​ម្នាក់​កំពុង​ងូត​ទឹក។ នៅ​ពេល​នោះ តើ​ដាវីឌ​មាន​ចិត្ត​ស្មោះ​តែ​មួយ​ឬ​មាន​ចិត្ត​ពីរ? គាត់​ស្គាល់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ដែល​ថា​៖ ​«​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ​»។ (​និក្ខ. ២០:១៧​) ទោះ​ជា​យ៉ាង​នេះ​ក្ដី គាត់​បន្ត​មើល​ស្ត្រី​នោះ។ ចិត្ត​របស់​គាត់​បាន​បែង​ចែក​ជា​ពីរ រវាង​ការ​ចង់​បាន​ស្ត្រី​នោះ​ដែល​មាន​ឈ្មោះ​បាតសេបា និង​ការ​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ទោះ​ជា​ដាវីឌ​បាន​ស្រឡាញ់​និង​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​ជា​យូរ​ហើយ​ក្ដី គាត់​បាន​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ហេតុ​នេះ ដាវីឌ​បាន​ធ្វើ​អ្វី​ដ៏​អាក្រក់។ គាត់​បាន​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​អាប់​ឱន ហើយ​គាត់​ក៏​នាំ​ទុក្ខ​ដល់​មនុស្ស​ឯ​ទៀត​ដែល​គ្មាន​កំហុស រួម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់។—២សាំ. ១១:១​-​៥, ១៤​-​១៧; ១២:៧​-​១២

១៣. ហេតុ​អ្វី​យើង​ដឹង​ថា​ដាវីឌ​មាន​ចិត្ត​ស្មោះ​តែ​មួយ​ម្ដង​ទៀត?

១៣ ព្រះ​យេហូវ៉ា​បាន​ប្រដៅ​តម្រង់​ដាវីឌ ហើយ​គាត់​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​២សាំ. ១២:១៣; ទំនុក. ៥១:២​-​៤, ១៧​) ដាវីឌ​បាន​នឹក​ចាំ​អំពី​បញ្ហា​និង​ទុក្ខ​សោក​ដែល​មក​ពី​ការ​មាន​ចិត្ត​ពីរ។ ពាក្យ​របស់​គាត់​នៅ​ទំនុក​តម្កើង ៨៦:១១ ក៏​អាច​បក​ប្រែ​ថា ​«​សូម​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្មោះ​តែ​មួយ​»។ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ដាវីឌ​ឲ្យ​មាន​ចិត្ត​ស្មោះ​តែ​មួយ​ឬ​ទេ? ពិត​មែន ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់ ពី​ព្រោះ​ក្រោយ​មក​បណ្ដាំ​របស់​លោក​ហៅ​ដាវីឌ​ថា​ជា​បុរស​ដែល​«​ស្មោះ​ត្រង់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។—១ព. ១១:៤; ១៥:៣

១៤. តើ​យើង​ត្រូវ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី ហើយ​ហេតុ​អ្វី?

១៤ គំរូ​របស់​ដាវីឌ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ការ​ព្រមាន​ដល់​យើង។ អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​របស់​គាត់​ផ្ដល់​ការ​ព្រមាន​ដល់​អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ មិន​ថា​យើង​ទើប​តែ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា ឬ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​កំពុង​ទប់​ទល់​នឹង​សាថាន​ជា​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ពីរ​ឬ​ទេ?›។

សាថាន​នឹង​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បីធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ពីរ។ សូម​កុំ​ចុះ​ចាញ់​វា​ឡើយ! (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥. តើ​ការ​គោរព​កោត​ខ្លាច​ព្រះ​អាច​ជួយ​ការ​ពារ​យើង​យ៉ាង​ណា​បើ​យើង​ឃើញ​រូប​ស្រើប​ស្រាល?

១៥ ជា​ឧទាហរណ៍ បើ​អ្នក​ឃើញ​រូប​ស្រើប​ស្រាល​នៅ​ក្នុង​ទូរទស្សន៍ ឬ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តើ​អ្នក​នឹង​ធ្វើ​អ្វី? យើងប្រហែល​ជា​ងាយ​បញ្ឆោត​ខ្លួន​ឯង​ថា នោះ​មិន​មែន​ជារូប​ឬរឿង​អាសអាភាស​ទេ។ ប៉ុន្តែ តើ​នោះ​ជា​អ្វី​ដែល​សាថានប្រើ​ដើម្បី​ឲ្យ​អ្នក​មាន​ចិត្ត​ពីរ​ឬ​ទេ? (​២កូ. ២:១១​) រូបបែប​នោះ​អាច​ប្រៀប​ដូច​ជា​ស្នៀត​ដែក​តូច​មួយ​ដែល​មនុស្ស​ប្រើ​ដើម្បី​បំបែក​គល់​ឈើ​ធំ។ ដំបូង គាត់​ដាក់​មុខ​ស្នៀត​នោះចូល​ទៅ​ក្នុង​គល់​ឈើ។ បន្ទាប់​មក កាលដែល​គាត់​ដំ​ស្នៀត​នោះ​ចូល​កាន់​តែ​ជ្រៅ​ទៅ គល់​ឈើ​នោះ​បែក​ជា​ពីរ។ តើ​រូប​ភាព​ស្រើប​ស្រាល​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​ស្នៀត​ដែល​មាន​មុខ​ស្រួច​ឬ​ទេ? អ្វី​ទាំង​នោះ​មើល​ទៅ​មិន​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ទេ តែ​ក្រោយ​មក​វា​អាច​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ ចូរ​កុំ​ឲ្យ​អ្វី​ណា​ក៏​ដោយ​ដែល​មិន​សមរម្យ​ចូល​ក្នុង​ចិត្ត​របស់​អ្នក! ចូរ​រក្សា​ចិត្ត​ស្មោះ​តែ​មួយ​ដើម្បី​ឲ្យ​អ្នក​បន្ត​គោរព​កោត​ខ្លាច​នាម​របស់​ព្រះ​យេហូវ៉ា!

១៦. ពេល​មាន​ការ​ល្បួង តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

១៦ ក្រៅ​ពី​រូប​ភាព​ស្រើប​ស្រាល សាថាន​ប្រើ​អ្វី​ផ្សេង​ទៀត​ជា​ច្រើន​ដើម្បី​ល្បួង​យើង​ឲ្យ​ធ្វើ​ខុស។ ក្នុង​ករណី​នោះ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា? គឺ​ស្រួល​ឲ្យ​យើង​គិត​ថា​អ្វី​ទាំង​នោះ​មិន​អាក្រក់​ណាស់​ណា​ទេ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​វែក​ញែក​ថា ‹បើ​ខ្ញុំ​ធ្វើ​អ្វី​នោះ គ្មាន​អ្នក​ណា​បណ្ដាច់​មិត្តភាព​ខ្ញុំ​ទេ ដូច្នេះ​នេះ​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ›។ ការ​វែក​ញែក​បែប​នេះ​គឺ​ខុស​តែ​ម្ដង។ ជា​ការ​ល្អ​ប្រសើរ​ជាង​ដែល​យើង​សួរ​ខ្លួន​ឯង​ថា ‹តើ​សាថាន​កំពុង​ប្រើ​អ្វី​នេះ​ដើម្បី​ល្បួង​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ពីរ​ឬ​ទេ? បើ​ខ្ញុំ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង តើ​នោះ​នឹង​នាំ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​អាប់​ឱន​ឬ​ទេ? តើ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​កាន់​តែ​ជិត​ព្រះ ឬ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​លោក?›។ ចូរ​រំពឹង​គិត​អំពី​សំណួរ​ទាំង​នេះ។ ចូរ​អធិដ្ឋាន​សុំ​ប្រាជ្ញា ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ​យ៉ាង​ស្មោះ​ដោយ​មិន​បញ្ឆោត​ខ្លួន។ (​យ៉ា. ១:​៥​) ការ​ធ្វើ​ដូច្នេះ អាច​ការ​ពារ​យើង ហើយ​អាច​ជួយ​យើង​កាន់​ជំហរ​មាំ​មួន​មិន​ចុះ​ចាញ់​ការ​ល្បួង​ដូច​លោក​យេស៊ូ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នែ! សាថាន! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។—ម៉ាថ. ៤:១០

១៧. ហេតុ​អ្វី​ការ​មាន​ចិត្ត​ពីរ​គឺ​មិន​ល្អ? សូម​លើក​ឧទាហរណ៍។

១៧ ការ​មាន​ចិត្ត​ពីរ​គឺ​មិន​ល្អ​ទេ។ សូម​គិត​អំពី​ក្រុម​កីឡា​ដែល​មិន​ចុះ​សម្រុង​គ្នា។ អ្នក​ខ្លះ​ចង់​ទទួល​កិត្តិយស​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ អ្នក​ខ្លះ​ទៀត​មិន​ចង់​លេង​តាម​ច្បាប់ រីឯ​អ្នកផ្សេង​ទៀត​មិន​គោរព​គ្រូ​បង្វឹក។ ក្រុម​បែប​នេះ​ទំនង​ជា​មិន​ឈ្នះ​ការ​ប្រកួត​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម​ដែល​មាន​សាមគ្គី​ភាព​ងាយ​ទទួល​ជ័យ​ជម្នះ។ ចិត្ត​របស់​អ្នក​អាច​ប្រៀប​ដូច​ជា​ក្រុម​កីឡា​ដែល​ទទួល​ជោគ​ជ័យ​នោះ បើ​គំនិត បំណង​ប្រាថ្នា និង​អារម្មណ៍​របស់​អ្នក រួប​រួម​គ្នា​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា​សាថាន​ចង់​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ពីរ។ វា​ចង់​ឲ្យ​គំនិត បំណង​ប្រាថ្នា និង​អារម្មណ៍​របស់​អ្នក​ប្រឆាំង​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​មាន​ចិត្ត​ស្មោះ​តែ​មួយ។ (​ម៉ាថ. ២២:៣៦​-​៣៨​) សូម​កុំ​ឲ្យ​សាថាន​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ពីរ​ឡើយ!

១៨. ដូច​ដែល​បាន​សរសេរ​នៅ​មីកា ៤:៥ តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ ថា​៖ ​«​សូម​ជួយ​ខ្ញុំ​ឲ្យ​គោរព​កោត​ខ្លាច​នាម​របស់​លោក​យ៉ាង​អស់​ពី​ចិត្ត​»។ សូម​ខំ​អស់​ពី​សមត្ថភាព​រស់​នៅ​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​នេះ។ ជា​រៀង​រាល់​ថ្ងៃ សូម​តាំង​ចិត្ត​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទាំង​តូច​ទាំង​ធំ បង្ហាញ​ថា​អ្នក​កោត​ស្ងើច​ចំពោះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា​អ្នក​នឹង​លើក​កិត្តិយស​នាម​លោក។ (​សុភ. ២៧:១១​) ម្ល៉ោះ​ហើយ យើង​ទាំង​អស់​គ្នា​អាច​និយាយដូច​មីកា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ថា​៖ ​«​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង ជា​ដរាបរៀង​ត​ទៅ​»។—មីកា ៤:៥

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណាអំពី​ផ្នែក​មួយ​នៃ​សេចក្ដី​អធិដ្ឋាន​របស់​ស្ដេច​ដាវីឌ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ទំនុក​តម្កើង ៨៦:១១, ១២។ តើ​ការ​គោរព​កោត​ខ្លាច​នាម​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា? ហេតុ​អ្វី​យើង​គួរ​គោរព​នាម​ដ៏​ឧ​ត្ដ​ម​នេះ​យ៉ាង​ជ្រាល​ជ្រៅ? តើ​ការ​គោរព​កោត​ខ្លាច​ព្រះ​ជួយ​ការ​ពារ​យើង​យ៉ាង​ណា​ពេល​យើង​បាន​ត្រូវ​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស?

^ វគ្គ 53 ការ​ពណ៌នា​អំពី​រូប​ភាព: ម៉ូសេ​បាន​បង្រៀន​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នូវ​ទំនុក​ច្រៀង​ដែល​លើក​តម្កើង​លោក។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: អេវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង។ ផ្ទុយ​ពី​គាត់ យើង​ជៀស​វាង​មើល​រូប​ភាព​ឬ​សារ​ដែល​អាច​ធ្វើ​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ហើយ​នាំ​ឲ្យ​គេ​តិះ​ដៀល​នាម​របស់​ព្រះ។