ការចេះទប់ចិត្ត គុណសម្បត្តិមួយដែលសំខាន់ចាំបាច់ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា
បងប្រុសផលនិយាយថា៖ «ពេលបងជីទួតមួយរបស់ខ្ញុំចាប់ផ្ដើមរករឿងឈ្លោះជាមួយខ្ញុំ ខ្ញុំក៏ច្របាច់កគាត់វិញ។ ខ្ញុំចង់សម្លាប់គាត់ឲ្យងាប់»។
បងប្រុសម៉ាកូរៀបរាប់ថា៖ «ពេលនៅផ្ទះ ខ្ញុំឆាប់ខឹងដោយគ្មានមូលហេតុត្រឹមត្រូវ។ ខ្ញុំបោកគ្រឿងសង្ហារិម ប្រដាប់ប្រដាក្មេងលេងរបស់កូនខ្ញុំ និយាយទៅបើឃើញអីជិតដៃ ខ្ញុំបោកហ្នឹង»។
យើងប្រហែលជាមិនប្រព្រឹត្តដល់ថ្នាក់នេះទេ។ ប៉ុន្តែ ជួនកាលយើងទាំងអស់គ្នាពិបាកគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ នេះគឺដោយសារយើងមានទំនោរចិត្តខុសឆ្គងដែលមកពីអាដាមជាបុរសដំបូង។ (រ៉ូម ៥:១២) ដូចបងផលនិងបងម៉ាកូ អ្នកខ្លះពិបាកគ្រប់គ្រងកំហឹងរបស់ខ្លួន។ អ្នកខ្លះទៀតពិបាកកាន់កាប់គំនិតរបស់ពួកគេ។ ជាឧទាហរណ៍ ពួកគេចេះតែគិតអំពីអ្វីដែលធ្វើឲ្យពួកគេភ័យខ្លាច ឬធ្លាក់ទឹកចិត្ត។ អ្នកខ្លះទៀតប្រហែលជាពិបាកទប់ទល់នឹងបំណងចិត្តឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ផឹកស្រាហួសប្រមាណ ឬប្រើប្រាស់គ្រឿងញៀន។
ពួកអ្នកដែលមិនគ្រប់គ្រងគំនិត បំណងប្រាថ្នា និងការប្រព្រឹត្តរបស់ខ្លួនអាចបំផ្លាញជីវិតខ្លួនឯង។ ប៉ុន្តែយើងអាចជៀសវាងពីលទ្ធផលនេះបាន។ តើតាមរបៀបណា? គឺដោយចេះទប់ចិត្ត។ ដើម្បីជួយយើងឲ្យធ្វើដូច្នេះ សូមយើងស្វែងយល់ចម្លើយចំពោះសំណួរបីដូចតទៅ៖ (១) តើអ្វីជាការចេះទប់ចិត្ត? (២) ហេតុអ្វីគុណសម្បត្តិនេះគឺសំខាន់ម្ល៉េះ? (៣) តើយើងអាចធ្វើអ្វីដើម្បីបណ្ដុះឲ្យមានគុណសម្បត្តិនេះ ដែលជាលក្ខណៈមួយនៃ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»? (កាឡ. ៥:២២, ២៣) បន្ទាប់មក យើងនឹងពិចារណាអំពីអ្វីដែលយើងម្នាក់ៗអាចធ្វើ បើនៅពេលខ្លះយើងពិបាកទប់ចិត្ត។
តើអ្វីជាការចេះទប់ចិត្ត?
បុគ្គលដែលចេះទប់ចិត្តមិនតែងតែធ្វើតាមចិត្តខ្លួនទេ។ ផ្ទុយទៅវិញ គាត់ជៀសវាងពីការនិយាយឬប្រព្រឹត្តអ្វីដែលធ្វើឲ្យព្រះមិនពេញចិត្ត។
លោកយេស៊ូបានបង្ហាញថាការចេះទប់ចិត្តមានន័យយ៉ាងណា។ គម្ពីរចែងថា៖ «ពេលដែលលោកត្រូវគេជេរប្រមាថ លោកមិនបានជេរប្រមាថគេវិញទេ។ ពេលដែលលោករងទុក្ខ នោះលោកមិនបានគំរាមកំហែងគេឡើយ ប៉ុន្តែលោកតែងតែផ្ញើខ្លួនទៅលើព្រះដែលវិនិច្ឆ័យដោយសុចរិតយុត្តិធម៌»។ (១ពេ. ២:២៣) លោកយេស៊ូបានបង្ហាញការចេះទប់ចិត្តបែបនេះ ពេលពួកអ្នកប្រឆាំងចំអកឲ្យលោក កាលដែលលោកត្រូវគេព្យួរនៅលើបង្គោលទារុណកម្ម។ (ម៉ាថ. ២៧:៣៩-៤៤) មុននោះ លោកក៏បានបង្ហាញការចេះទប់ចិត្ត ពេលពួកអ្នកដឹកនាំសាសនាបានព្យាយាមរកវិធីឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុចោទប្រកាន់លោក។ (ម៉ាថ. ២២:១៥-២២) ម្យ៉ាងទៀត លោកបានទុកគំរូដ៏ល្អ ពេលជនជាតិយូដាខ្លះដែលមានកំហឹងបានរើសដុំថ្មដើម្បីគប់លោក! ជាជាងប្រព្រឹត្តអាក្រក់ទៅលើពួកគេវិញ «លោកយេស៊ូលាក់ខ្លួន រួចក៏ចេញពីវិហារទៅ»។—យ៉ូន. ៨:៥៧-៥៩
តើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូឬទេ? យើងអាចធ្វើបានមួយកម្រិត។ សាវ័កពេត្រុសបានសរសេរថា៖ «គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។ (១ពេ. ២:២១) ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី យើងអាចធ្វើតាមគំរូរបស់លោកយេស៊ូឲ្យបានដិតដល់ ស្ដីអំពីការចេះទប់ចិត្ត។ ហេតុអ្វីគឺសំខាន់ចាំបាច់ដែលយើងធ្វើដូច្នេះ?
ហេតុអ្វីការចេះទប់ចិត្តគឺសំខាន់ចាំបាច់?
ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា យើងត្រូវចេះទប់ចិត្ត។ ទោះជាយើងបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់រយៈពេលជាយូរហើយក្ដី យើងអាចបាត់បង់ចំណងមិត្តភាពរបស់យើងជាមួយនឹងលោក បើយើងមិនគ្រប់គ្រងពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង។
សូមគិតអំពីម៉ូសេដែលជាបុគ្គល«សុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»នាសម័យគាត់។ (ជន. ១២:៣) ម៉ូសេបានទ្រាំស្ដាប់ពាក្យត្អូញត្អែររបស់ជនជាតិអ៊ីស្រាអែលអស់ជាច្រើនឆ្នាំ តែក្រោយមក នៅថ្ងៃមួយគាត់បានបាត់បង់ម្ចាស់ការលើខ្លួនឯង។ គាត់ខឹងខ្លាំងណាស់ ពេលពួកគេបានត្អូញត្អែរម្ដងទៀតអំពីការខ្វះទឹក។ គាត់បាននិយាយខ្លាំងៗទៅបណ្ដាជនថា៖ «ចូរស្ដាប់ចុះ ពួកបះបោរអើយ! តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះសំរាប់អ្នករាល់គ្នាឬអី?»។—ជន. ២០:២-១១
ម៉ូសេបានធ្វេសប្រហែសដោយមិនបានទប់ចិត្តឡើយ។ គាត់មិនបានលើកកិត្តិយសព្រះយេហូវ៉ាដែលជាអ្នកធ្វើអព្ភូតហេតុដើម្បីផ្ដល់ទឹកទេ។ (ទំនុក. ១០៦:៣២, ៣៣) ជាលទ្ធផល ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យគាត់ចូលស្រុកដែលលោកបានសន្យាឡើយ។ (ជន. ២០:១២) រហូតដល់ថ្ងៃស្លាប់ ម៉ូសេទំនងជាស្ដាយក្រោយដែលគាត់មិនបានទប់កំហឹងរបស់ខ្លួន។—ចោ. ៣:២៣-២៧
តើយើងអាចទាញមេរៀនអ្វី? ទោះបីជាយើងនៅក្នុងសេចក្ដីពិតយូរហើយក្ដី យើងមិនគួរនិយាយដោយខ្វះការគោរពចំពោះអ្នកដែលធ្វើឲ្យយើងទើសចិត្ត ឬអ្នកដែលត្រូវការការកែតម្រង់នោះទេ។ (អេភ. ៤:៣២; កូឡ. ៣:១២) ពិតមែនថាពេលដែលយើងកាន់តែចាស់ទៅនិងសុខភាពចុះខ្សោយជាង ជួនកាលយើងពិបាកមានចិត្តអត់ធ្មត់ តែសូមនឹកចាំគំរូរបស់ម៉ូសេ។ ទោះជាយើងបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំក្ដី យើងអាចមានកេរ្តិ៍ឈ្មោះមិនសូវល្អដូចដែលយើងធ្លាប់មានពីមុន បើយើងភ្លាត់ធ្វើខុសដោយមិនបានទប់ចិត្ត។ យើងច្បាស់ជាមិនចង់ឲ្យនេះកើតឡើងទេ។ តើយើងអាចធ្វើអ្វី ដើម្បីបណ្ដុះឲ្យមានគុណសម្បត្តិដ៏សំខាន់ចាំបាច់នេះ?
របៀបបណ្ដុះឲ្យមានការចេះទប់ចិត្ត
ចូរអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ ហេតុអ្វី? ដោយសារការចេះទប់ចិត្តគឺជាគុណសម្បត្តិមួយនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះ ហើយព្រះយេហូវ៉ាឲ្យសកម្មពលរបស់លោកដល់អ្នកដែលសុំពីលោក។ (លូក. ១១:១៣) តាមរយៈសកម្មពលបរិសុទ្ធរបស់លោក ព្រះយេហូវ៉ាអាចផ្ដល់ឲ្យយើងនូវកម្លាំងដែលយើងត្រូវការ។ (ភី. ៤:១៣) លោកក៏អាចជួយយើងបណ្ដុះឲ្យមានគុណសម្បត្តិឯទៀតនៃផលដែលបង្កើតដោយសកម្មពលរបស់លោក ដែលនឹងជួយយើងឲ្យកាន់តែចេះទប់ចិត្ត ដូចជាសេចក្ដីស្រឡាញ់ជាដើម។—១កូ. ១៣:៥
ចូរជៀសវាងពីអ្វីណាក៏ដោយដែលអាចធ្វើឲ្យអ្នកកាន់តែពិបាកទប់ចិត្ត។ ជាឧទាហរណ៍ ចូរជៀសវាងពីការមើលគេហទំព័រនិងការកម្សាន្តណាដែលមានការប្រព្រឹត្តមិនត្រឹមអេភ. ៥:៣, ៤) តាមពិត យើងត្រូវជៀសវាងអ្វីណាក៏ដោយដែលអាចនាំឲ្យយើងចង់ធ្វើខុស។ (សុភ. ២២:៣; ១កូ. ៦:១២) ជាឧទាហរណ៍ បុគ្គលដែលងាយចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាមិនស្អាតស្អំខាងសីលធម៌ ប្រហែលជាគួរជៀសវាងអានសៀវភៅស្នេហា និងមើលភាពយន្តស្នេហា។
ត្រូវ។ (យើងប្រហែលជាគិតថាពិបាកធ្វើតាមយោបល់នេះ។ ក៏ប៉ុន្តែ បើយើងខំព្យាយាម ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវកម្លាំងដែលយើងត្រូវការដើម្បីចេះទប់ចិត្ត។ (២ពេ. ១:៥-៨) លោកនឹងជួយយើងឲ្យចេះគ្រប់គ្រងគំនិត ពាក្យសម្ដី និងការប្រព្រឹត្តរបស់យើង។ ដូចក្នុងករណីបងផលនិងបងម៉ាកូដែលបានត្រូវរៀបរាប់ខាងលើ ពួកគាត់ម្នាក់ៗបានរៀនឲ្យចេះទប់កំហឹងរបស់ខ្លួន។ សូមគិតផងដែរអំពីបងប្រុសម្នាក់ទៀតដែលមិនសូវចេះទប់កំហឹងរបស់ខ្លួនពេលកំពុងបើកបរ ហើយថែមទាំងឈ្លោះប្រកែកជាមួយគេទៀតផង។ តើគាត់បានចាត់វិធានការយ៉ាងណា? គាត់និយាយថា៖ «ខ្ញុំខំអធិដ្ឋានអស់ពីចិត្តរាល់ថ្ងៃ។ ខ្ញុំបានសិក្សាអត្ថបទអំពីការចេះទប់ចិត្ត ហើយខំទន្ទេញចាំបទគម្ពីរដែលអាចជួយខ្ញុំ។ ទោះជាខ្ញុំខំប្រឹងចេះទប់ចិត្តអស់ជាច្រើនឆ្នាំហើយក្ដី ខ្ញុំនៅតែរំលឹកខ្លួនឯងរាល់ព្រឹកថាខ្ញុំចង់ព្យាយាមធ្វើចិត្តឲ្យត្រជាក់។ ខ្ញុំចេញទៅការណាត់ជួបលឿនជាង ដើម្បីកុំឲ្យតក់ក្រហល់ពេក»។
តើយើងគួរធ្វើអ្វី បើយើងពិបាកទប់ចិត្ត?
ជួនកាល យើងពិបាកទប់ចិត្ត។ ពេលនេះកើតឡើង យើងប្រហែលជាមានអារម្មណ៍ខ្មាសខ្លាំងរហូតដល់មិនហ៊ានអធិដ្ឋានទៅព្រះយេហូវ៉ា។ ប៉ុន្តែនោះជាពេលដែលយើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាខ្លាំងជាងគេ។ ដូច្នេះ សូមអធិដ្ឋានទៅព្រះយេហូវ៉ាភ្លាមៗ។ ចូរសុំលោកអភ័យទោសឲ្យអ្នក ស្វែងរកជំនួយពីលោក ហើយតាំងចិត្តថាមិនធ្វើខុសដូចមុនឡើយ។ (ទំនុក. ៥១:៩-១១) សូមកុំគិតថាព្រះយេហូវ៉ានឹងមិនស្ដាប់អ្នក កាលដែលអ្នកអធិដ្ឋានស្មោះអស់ពីចិត្តដើម្បីសុំក្ដីមេត្តាករុណាពីលោក។ (ទំនុក. ១០២:១៧) សាវ័កយ៉ូហានរំលឹកយើងថាឈាមរបស់បុត្រព្រះ«សម្អាតយើងពីភាពខុសឆ្គងទាំងអស់»។ (១យ៉ូន. ១:៧; ២:១; ទំនុក. ៨៦:៥) សូមចាំថាព្រះយេហូវ៉ាប្រាប់អ្នកបម្រើរបស់លោកម្ដងហើយម្ដងទៀត ឲ្យចេះអភ័យទោសឲ្យគ្នាទៅវិញទៅមក។ ដូច្នេះយើងអាចជឿជាក់ថាលោកក៏នឹងអភ័យទោសឲ្យយើងដែរ។—ម៉ាថ. ១៨:២១, ២២; កូឡ. ៣:១៣
ព្រះយេហូវ៉ាមិនពេញចិត្តទេ ពេលម៉ូសេមិនបានទប់ចិត្តនៅតំបន់ស្ងាត់ជ្រងំ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ បណ្ដាំរបស់ព្រះចែងថា ម៉ូសេជាគំរូដ៏ល្អប្រសើរមួយអំពីជំនឿ។ (ចោ. ៣៤:១០; ហេ. ១១:២៤-២៨) ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យម៉ូសេចូលក្នុងស្រុកដែលលោកបានសន្យាទេ ប៉ុន្តែលោកនឹងអនុញ្ញាតឲ្យគាត់រស់នៅក្នុងសួនឧទ្យាននាផែនដី ហើយផ្ដល់សេចក្ដីសង្ឃឹមឲ្យគាត់អាចរស់ជារៀងរហូត។ យើងអាចមានសេចក្ដីសង្ឃឹមដូចគ្នា បើយើងបន្តខំព្យាយាមបណ្ដុះឲ្យមានគុណសម្បត្តិដ៏សំខាន់ចាំបាច់នេះ ពោលគឺការចេះទប់ចិត្ត។—១កូ. ៩:២៥