លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»​មាន​តែ​គុណ​សម្បត្តិ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​កាឡាទី ៥:២២, ២៣​ប៉ុណ្ណោះ​ឬ​ទេ?

ខ​ទាំង​នោះ​រៀប​រាប់​អំពី​គុណ​សម្បត្តិ​៩​របស់​គ្រិស្ត​សាសនិក ថា​៖ ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូត​បូត ការ​ចេះ​ទប់​ចិត្ត​»។ ក៏​ប៉ុន្តែ​សកម្មពល​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​មាន​គុណ​សម្បត្តិ​ជា​ច្រើន​លើស​ពី​គុណ​សម្បត្តិ​ទាំង​នេះ។

សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​មុន​ខ​ទាំង​នោះ ដែល​ថា​៖ ​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង . . . គឺ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក ការ​មាន​សីលធម៌​ធូរ​រលុង ការ​គោរព​បូជា​រូប​ព្រះ ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ការ​ស្អប់​គ្នា ការ​ឈ្លោះ​ប្រកែក​គ្នា ការ​ច្រណែន ការ​ច្រឡោត​ខឹង ទំនាស់ ការ​បែក​បាក់​គ្នា និកាយ ការ​ឈ្នានីស ការ​ផឹក​ស្រា​ឲ្យ​ស្រវឹង ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ហើយ​អ្វី​ៗ​ដែល​ស្រដៀង​នឹង​ការទាំង​នេះ​»។ (​កាឡ. ៥:១៩​-​២១​) ពាក្យ​នៅ​ចុង​ខ​ទាំង​នោះ​បង្ហាញ​ថា​មាន​អ្វី​ផ្សេង​ទៀត​ដែល​ជា​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​ ដូច​ជា​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​កូឡុស ៣:៥។ ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​ប៉ូល​បាន​រៀប​រាប់​រួច​ហើយ​អំពី​គុណ​សម្បត្តិ​៩​ដ៏​គួរ​ឲ្យ​ទាក់​ទាញ គាត់​និយាយ​ថា​៖ ​«​គ្មាន​ច្បាប់​ណា​ប្រឆាំង​អ្វី​ៗ​បែប​នេះ​ឡើយ​»។ ដូច្នេះ ប៉ូល​រៀប​រាប់​មិន​ទាន់​អស់​អំពី​គុណ​សម្បត្តិ​ដ៏​ប្រសើរ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ។

នេះ​ស​ឲ្យ​ឃើញ​ពេល​យើង​ប្រៀប​ធៀប​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ទៅ​នឹង​អ្វី​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ ដែល​ថា​៖ ​«​ផល​នៃ​ពន្លឺ​មាន​គុណធម៌ សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​យ៉ាង​»។ (​អេភ. ៥:៨, ៩​) ពិត​មែន​ថា​«​គុណធម៌​»​ ព្រម​ទាំង​សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គឺ​ជា​គុណ​សម្បត្តិ​ឬ​លក្ខណៈ​មួយ​នៃ​«​ផល​នៃ​ពន្លឺ​»​ ប៉ុន្តែ​វា​ក៏​ជា​គុណ​សម្បត្តិ​មួយ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»​ដែរ។

ស្រដៀង​គ្នា​ដែរ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ព្យាយាម​មាន​គុណ​សម្បត្តិ​ដ៏​ប្រសើរ​៦ ពោល​គឺ​«​ភាព​សុចរិត ភក្ដី​ភាព​ចំពោះ​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ការ​ស៊ូ​ទ្រាំ និង​ចិត្ត​ស្លូត​បូត​»។ (​១ធី. ៦:១១​) មាន​តែ​គុណ​សម្បត្តិ​បី​ប៉ុណ្ណោះ ពោល​គឺ​ជំនឿ សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត ដែល​បាន​ត្រូវ​រៀប​រាប់​ថា​ជា​គុណ​សម្បត្តិ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ ប៉ុន្តែ ធីម៉ូថេ​ក៏​ចង់​ទទួល​ជំនួយ​ពី​សកម្មពល ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ឯ​ទៀត​ដូច​ជា​៖ ភាព​សុចរិត ភក្ដី​ភាព​ចំពោះ​ព្រះ និង​ការ​ស៊ូ​ទ្រាំ។—សូម​ពិនិត្យ​បន្ថែម កូឡុស ៣:១២; ពេត្រុស​ទី២ ១:៥​-​៧

ដូច្នេះ​កាឡាទី ៥:២២, ២៣ មិន​បាន​រៀប​រាប់​អំពី​គុណ​សម្បត្តិ​ទាំង​អស់​ដែល​គ្រិស្ត​សាសនិក​គួរ​បណ្ដុះ​ឲ្យ​មាន​ទេ។ សកម្មពល​របស់​ព្រះ​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​៩ ដែល​ជា​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ ប៉ុន្តែ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​នេះ ដើម្បី​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ ហើយ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដី​ភាព​ដ៏​ពិត​ប្រាកដ​»។—អេភ. ៤:២៤