លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៧

សូមកុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត

សូមកុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត

​«​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ថា កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត តែ​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល​»។—រ៉ូម ១២:៣

ចម្រៀង​លេខ​១៣០ យើង​ត្រូវ​ចេះ​អភ័យ​ទោស

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​ការ​មាន​ចិត្ត​រាប​ទាប​ដូច​ដែល​ចែង​នៅ​ភីលីព ២:៣ នាំ​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត?

យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប ពី​ព្រោះ​យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ (​អេភ. ៤:២២​-​២៤​) ពេល​យើង​មាន​ចិត្ត​រាប​ទាប យើង​យល់​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​បំណង​ចិត្ត​របស់​យើង ហើយ​ក៏​យល់​ថា​អ្នក​ឯ​ទៀត​គឺ​ប្រសើរ​ជាង​យើង។ ជា​លទ្ធផល យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។—សូម​អាន ភីលីព ២:៣

២. តើ​សាវ័ក​ប៉ូល​បាន​បញ្ជាក់​អំពី​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

បើ​យើង​មិន​ប្រយ័ត្ន​ទេ យើង​អាច​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ក្នុង​ពិភព​លោក​របស់​សាថាន ដែល​មាន​អំណួត​និង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ * តាម​មើល​ទៅ​បង​ប្អូន​ខ្លះ​នៅ​សតវត្សរ៍​ទី​១​បាន​ទទួល​ឥទ្ធិពល​នោះ ពី​ព្រោះ​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ថា កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត តែ​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល​»។ (​រ៉ូម ១២:៣​) ប៉ូល​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ចាត់​ទុក​ថា​ខ្លួន​មាន​តម្លៃ​មួយ​កម្រិត។ ប៉ុន្តែ ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​មិន​ឲ្យ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត​ក្នុង​ស្ថានភាព​បី​៖ (​១​) ក្នុង​អាពាហ៍​ពិពាហ៍ (​២​) ភារកិច្ច​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា និង​(​៣​) របៀប​ដែល​យើង​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។

ចូរ​បង្ហាញ​ចិត្ត​រាប​ទាប​ក្នុង​អាពាហ៍​ពិពាហ៍

៣. ហេតុ​អ្វី​គូ​អាពាហ៍​ពិពាហ៍​អាច​មាន​បញ្ហា ហើយ​តើ​អ្នក​ខ្លះ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។ ប៉ុន្តែ ដោយ​សារ​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ពួក​គេ​នឹង​ទំនង​ជា​ខ្វែង​គំនិត​គ្នា​ក្នុង​រឿង​ខ្លះ។ តាម​ការ​ពិត ប៉ូល​បាន​សរសេរ​ថា​អ្នក​ដែល​រៀប​ការ​អាច​រំពឹង​ថា​ពួក​គេ​នឹង​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត។ (​១កូ. ៧:២៨​) មនុស្ស​ខ្លះ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​គូ​អាពាហ៍​ពិពាហ៍​ជា​ញឹក​ញយ ហើយ​ប្រហែល​ជា​សន្និដ្ឋាន​ថា​ពួក​គេ​មិន​ស៊ី​គ្នា​ទេ។ បើ​ពួក​គេ​ទទួល​ឥទ្ធិពល​ពី​ពិភព​លោក ពួក​គេ​នឹង​គិត​ថា​វិធី​ដោះ​ស្រាយ គឺ​ការ​លែង​លះ​គ្នា។ ពួក​គេ​នឹង​គិត​ថា​អ្វី​ដ៏​សំខាន់​បំផុត​គឺ​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ​ចិត្ត។

៤. តើ​យើង​មិន​ត្រូវ​ធ្វើ​អ្វី?

យើង​ត្រូវ​ជៀស​វាង​ពី​ការ​គិត​ថា​អាពាហ៍​ពិពាហ៍​របស់​យើង​បាន​បរាជ័យ​ឡើយ។ យើង​ដឹង​ថា​ក្នុង​គម្ពីរ​មូលហេតុ​តែ​មួយ​គត់​សម្រាប់​ការ​លែង​លះ គឺ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​ម៉ាថ. ៥:៣២​) ដូច្នេះ ពេល​មាន​បញ្ហា​កើត​ឡើង​ក្នុង​អាពាហ៍​ពិពាហ៍ យើង​មិន​គួរ​ឲ្យ​អំណួត​បណ្ដាល​ឲ្យ​យើង​ចាប់​ផ្ដើម​គិត​ថា ‹គូ​របស់​ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ទេ។ គូ​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ដូច​ដែល​ខ្ញុំ​សម​នឹង​ទទួល។ ប្រហែល​ជា​ខ្ញុំ​សប្បាយ​ជាង បើ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​ផ្សេង​ទេ​ដឹង›។ ការ​គិត​បែប​នេះ​បង្ហាញ​ថា​យើង​គិត​តែ​អំពី​ខ្លួន​ឯង មិន​មែន​គិត​អំពី​គូ​របស់​ខ្លួន​ទេ។ ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ប្រាប់​អ្នក​ថា​អ្នក​គួរ​ស្ដាប់​តាម​បេះ​ដូង និង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នកសប្បាយ ទោះ​ជា​នោះ​មាន​ន័យ​ថា​អាពាហ៍​ពិពាហ៍​ត្រូវ​បញ្ចប់​ក្ដី។ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​របស់​ព្រះ​ប្រាប់​ថា អ្នក​គួរ​«​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​»។ (​ភី. ២:៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រក្សា​អាពាហ៍​ពិពាហ៍​របស់​អ្នក​ឲ្យ​ស្ថិតស្ថេរ មិន​មែន​បញ្ចប់​វា​ទេ។ (​ម៉ាថ. ១៩:៦​) លោក​ចង់​ឲ្យ​អ្នក​គិត​អំពី​លោក​ជា​មុន​សិន មិន​មែន​អំពី​ខ្លួន​ឯង​ទេ។

៥. យោង​ទៅ​តាម​អេភេសូរ ៥:៣៣ តើ​ប្ដី​ប្រពន្ធ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្នា?

ប្ដី​ប្រពន្ធ​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ (​សូម​អាន អេភេសូរ ៥:៣៣) គម្ពីរ​បង្រៀន​យើង​ថា​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ឲ្យ​ជា​ជាង​ការ​ទទួល។ (​សកម្ម. ២០:៣៥​) តើ​គុណ​សម្បត្តិ​អ្វី​នឹង​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​គោរព​គ្នា? គឺ​ចិត្ត​រាប​ទាប។ ប្ដី​ប្រពន្ធ​ដែល​មាន​ចិត្ត​រាប​ទាប សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​«​ដើម្បី​ប្រយោជន៍​»​គូ​របស់​គាត់។—១កូ. ១០:២៤

ជា​ជាង​ព្យាយាម​យក​ឈ្នះ​គ្នា ប្ដី​ប្រពន្ធ​ដែល​មាន​ចិត្ត​រាប​ទាប​នឹង​សហការ​គ្នា (​សូម​មើល​វគ្គ​៦​)

៦. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​ស្ទីវើន​និង​បង​ស្តេហ្វានី?

ចិត្ត​រាប​ទាប​បាន​ជួយ​គ្រិស្ត​សាសនិក​ជា​ច្រើន​គូ​ឲ្យ​មាន​សុភមង្គល​ជាង​ក្នុង​អាពាហ៍​ពិពាហ៍។ ជា​ឧទាហរណ៍ ប្ដី​ម្នាក់​ឈ្មោះ​ស្ទីវើន​និយាយ​ថា​៖ ​«​ប្ដី​ប្រពន្ធ​ត្រូវ​សហការ​គ្នា ជា​ពិសេស​ពេល​មាន​បញ្ហា។ ជា​ជាង​គិត​អំពី​ប្រយោជន៍​ខ្លួន យើង​គិត​អំពី​ប្រយោជន៍​រួម​»។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ស្តេហ្វានី​ក៏​មាន​គំនិត​ស្រដៀង​គ្នា គាត់​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ចង់​រស់​នៅ​ជា​មួយ​គូ​ប្រកួត​ប្រជែង​ទេ។ ពេល​មាន​ជម្លោះ​កើត​ឡើង យើង​ព្យាយាម​ស្វែង​យល់​ថា​បញ្ហា​នោះ​មក​ពី​អី។ បន្ទាប់​មក​យើង​អធិដ្ឋាន ធ្វើ​ការ​ស្រាវ​ជ្រាវ និង​និយាយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ យើង​ព្យាយាម​យក​ឈ្នះ​បញ្ហា មិន​មែន​យក​ឈ្នះ​គ្នា​ទេ​»។ ប្ដី​ប្រពន្ធ​នឹង​មាន​សុភមង្គល​ជាង បើ​ពួក​គេ​មិន​គិត​ថា​ខ្លួន​សំខាន់​ជាង​គូ​របស់​ខ្លួន។

ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ ​‹មាន​ចិត្ត​រាប​ទាប​ជា​និច្ច›

៧. តើ​បង​ប្អូន​ប្រុស​ដែល​ទទួល​ភារកិច្ច​ណា​មួយ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ចិត្ត​គំនិត​បែប​ណា?

យើង​យល់​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ផ្សេង​ៗ គឺ​ជា​ឯកសិទ្ធិ​មួយ។ (​ទំនុក. ២៧:៤; ៨៤:១០​) បើ​បង​ប្អូន​ប្រុស​ណា​ម្នាក់​សុខ​ចិត្ត​ធ្វើ​ច្រើន​ជាង​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា នោះ​គឺ​គួរ​ឲ្យ​សរសើរ​មែន។ ពី​ព្រោះ​គម្ពីរ​ចែង​ថា​៖ ​«​ប្រសិន​បើ​បុរស​ណា​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ គាត់​ចង់​បាន​កិច្ចការ​ដ៏​ល្អ​ប្រសើរ​»។ (​១ធី. ៣:១​) ប៉ុន្តែ ពេល​គាត់​ទទួល​ភារកិច្ច​ណា​មួយ គាត់​មិន​គួរ​គិត​ថា​ឥឡូវ​គាត់​ជា​បុគ្គល​សំខាន់​ម្នាក់​នោះ​ទេ។ (​លូក. ១៧:៧​-​១០​) គាត់​គួរ​មាន​គោល​ដៅ​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​រាប​ទាប។—២កូ. ១២:១៥

៨. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ឌីអូត្រែប អូសៀស និង​អាប់សាឡំម?

គម្ពីរ​មាន​គំរូ​ខ្លះ​ដែល​ទុក​ជា​ការ​ព្រមាន​អំពី​មនុស្ស​ដែល​ឲ្យ​តម្លៃ​ច្រើន​ពេក​ចំពោះ​ខ្លួន​ឯង។ ជា​ឧទាហរណ៍ ឌីអូត្រែបមិន​មាន​ចិត្ត​សុភាព​រាប​ទាប​ទេ គាត់​បាន​ព្យាយាម​«​ធ្វើ​ជា​អ្នក​ធំ​ជាង​គេ​»​ក្នុង​ក្រុម​ជំនុំ។ (​៣យ៉ូន. ៩​) ដោយ​អំណួត អូសៀសបាន​ព្យាយាម​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ប្រគល់​ឲ្យ​គាត់។ (​២រប. ២៦:១៦​-​២១​) អាប់សាឡំមចង់​ធ្វើ​ជា​ស្ដេច ដូច្នេះ​គាត់​បាន​ធ្វើ​ពុត​ជា​ស្រឡាញ់​បណ្ដា​ជន​ដើម្បី​ទទួល​ការ​គាំ​ទ្រ​ពី​ពួក​គេ។ (​២សាំ. ១៥:២​-​៦​) កំណត់​ហេតុ​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​មនុស្ស​ដែល​ព្យាយាម​លើក​កិត្តិយស​ខ្លួន​ឯង​ទេ។ (​សុភ. ២៥:២៧​) អំណួត​និង​មហិច្ឆតា​នាំ​ឲ្យ​អន្តរាយ។—សុភ. ១៦:១៨

៩. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី?

លោក​យេស៊ូមិន​ដូច​មនុស្ស​ដែល​មាន​អំណួត​ទាំង​នោះទេ។ គម្ពីរ​ចែង​ថា​៖ ​«​ទោះ​ជា​លោក​[​យេស៊ូ​]​ធ្លាប់​មាន​សណ្ឋាន​ដូច​ព្រះ លោក​មិន​ដែល​គិត​អំពី​ការ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ ពោល​គឺ​ការ​តាំង​ខ្លួន​ឲ្យ​ស្មើ​ព្រះ​នោះ​ទេ​»។ (​ភី. ២:៦​) លោក​យេស៊ូ​ដែល​មាន​អំណាច​ទី​២​បន្ទាប់​ពី​ព្រះ​យេហូវ៉ា មិន​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត​ទេ។ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​អ្នក​ធំ​»។ (​លូក. ៩:៤៨​) ការ​បម្រើ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ ជំនួយ​ការ​ខាង​កិច្ច​បម្រើ អ្នក​ចាស់​ទុំ និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ដែល​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ចិត្ត​រាប​ទាប គឺ​ជា​ពរ​មួយ​មែន! អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ចិត្ត​រាប​ទាប បង្កើត​បរិយាកាស​ដ៏​កក់​ក្ដៅ​ដែល​បញ្ជាក់​ថា​នេះ​ជា​អង្គការ​របស់​ព្រះ។—យ៉ូន. ១៣:៣៥

១០. តើ​អ្នក​គួរ​ធ្វើ​អ្វី បើ​អ្នក​គិត​ថា​បញ្ហា​ក្នុង​ក្រុម​ជំនុំ​មិន​បាន​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ?

១០ ចុះ​យ៉ាង​ណា​បើ​មើល​ទៅ​មាន​បញ្ហា​ក្នុង​ក្រុម​ជំនុំ ហើយ​អ្នក​គិត​ថា​បញ្ហា​នោះ​មិន​បាន​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ? ជា​ជាង​ត្អូញត្អែរ អ្នក​អាច​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​គាំ​ទ្រ​ពួក​អ្នក​ដែល​នាំ​មុខ។ (​ហេ. ១៣:១៧​) ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​បញ្ហា​នោះ​ធំ​ដុំ​រហូត​ដល់​ត្រូវ​ការ​ការ​កែ​តម្រូវ​ឬ​ទេ? តើ​នេះ​គឺ​ជា​ពេល​សម​ត្រឹម​ត្រូវ​ឲ្យ​កែ​តម្រូវ​បញ្ហា​នោះ​ឬ​ទេ? តើ​ខ្ញុំ​មាន​សិទ្ធិ​កែ​តម្រូវ​រឿង​នោះ​ឬ​ទេ? តាម​ការ​ពិត តើ​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ ឬ​តើ​ខ្ញុំ​កំពុង​ព្យាយាម​ចេញ​មុខ​ចេញ​មាត់​វិញ?›។

បង​ប្អូន​ដែល​មាន​ភារកិច្ច គួរ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប (​សូម​មើល​វគ្គ​១១​) *

១១. ស្ដី​អំពី​លទ្ធផល​ដែល​យើង​ទទួល​ពេល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប តើ​យើង​រៀន​អ្វី​ពី​អេភេសូរ ៤:២, ៣?

១១ ចំពោះ​ព្រះ​យេហូវ៉ា ការ​មាន​ចិត្ត​រាប​ទាប​គឺ​សំខាន់​ជាង​ការ​មាន​សមត្ថភាព ហើយ​សាមគ្គី​ភាព​គឺ​សំខាន់​ជាង​ស​មិទ្ធផល។ ដូច្នេះ សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប។ យ៉ាង​នេះ អ្នក​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ (​សូម​អាន អេភេសូរ ៤:២, ៣) តើ​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​តាម​របៀប​ណា​ខ្លះ? ចូរ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ចូរ​គិត​អំពី​វិធី​ផ្សេង​ៗ​ដែល​អ្នក​អាច​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត។ ចូរ​ទទួល​បង​ប្អូន​ទាំង​អស់​ដោយ​រាក់​ទាក់ រួម​ទាំង​ពួក​អ្នក​ដែល​មិន​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ។ (​ម៉ាថ. ៦:១​-​៤; លូក. ១៤:១២​-​១៤​) ពេល​អ្នក​រក្សា​ចិត្ត​រាប​ទាប ហើយ​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ពួក​គេ​នឹង​ឃើញ​ថា​អ្នក​មាន​សមត្ថភាព ប៉ុន្តែ​សំខាន់​ជាង​នេះ ពួក​គេ​នឹង​ឃើញ​ថា​អ្នក​មាន​ចិត្ត​រាប​ទាប។

ចូរ​បង្ហាញ​ចិត្ត​រាប​ទាប ពេល​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា

១២. តើ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​មិត្ត​ភក្ដិ​ឬ​ទេ? សូម​ពន្យល់។

១២ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សេព​គប់​យ៉ាង​សប្បាយ​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។ (​ទំនុក. ១៣៣:១​) ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​មាន​មិត្ត​ភក្ដិ​ល្អ។ (​យ៉ូន. ១៥:១៥​) គម្ពីរ​រៀប​រាប់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​មាន​មិត្ត​ពិត។ (​សុភ. ១៧:១៧; ១៨:២៤​) គម្ពីរ​ក៏​ប្រាប់​យើង​ដែរ​ថា​ការ​ញែក​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត​គឺ​មិន​ល្អ​ទេ។ (​សុភ. ១៨:១​) មនុស្ស​ជា​ច្រើន​យល់​ថា​កា​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​គឺ​ជា​របៀប​មួយ ដើម្បី​មាន​មិត្ត​ភក្ដិ​ច្រើន​និង​កុំ​ឲ្យ​មាន​អារម្មណ៍​ឯកោ។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ទាក់​ទង​គ្នា​តាម​របៀប​នេះ។

១៣. ហេតុ​អ្វី​អ្នក​ខ្លះ​ដែល​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​មាន​អារម្មណ៍​ឯកោ​និង​ធ្លាក់​ទឹក​ចិត្ត?

១៣ ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗ​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ចំណាយ​ពេល​ច្រើន​មើល​មតិ​យោបល់​និង​រូប​ថត​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ឯកោ​និង​ធ្លាក់​ទឹក​ចិត្ត។ ហេតុ​អ្វី? ប្រហែល​ជា​មូលហេតុ​មួយ​គឺ​ថា​មនុស្ស​ច្រើន​តែ​បង្ហោះ​រូប​ថត​អំពី​គ្រា​ដ៏​ពិសេស​ក្នុង​ជីវិត ដោយ​ជ្រើស​រើស​រូប​ថត​ដែល​ស្អាត​បំផុត​អំពី​ខ្លួន​ឯង មិត្ត​ភក្ដិ​របស់​ពួក​គេ និង​កន្លែង​សប្បាយ​ៗ​ដែល​ពួក​គេ​ទៅ។ អ្នក​ដែល​មើល​រូប​ថត​នោះ ប្រហែល​ជា​សន្និដ្ឋាន​ថា​ជីវិត​របស់​ខ្លួន​គ្មាន​អ្វី​ពិសេស​ទេ ឬ​ថែម​ទាំង​គួរ​ឲ្យ​ធុញ​ទ្រាន់​ទៀត​ផង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​នោះ។ ប្អូន​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​អាយុ​១៩​ឆ្នាំ​សារភាព​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​ច្រណែន ពេល​ខ្ញុំ​ឃើញ​គេ​សប្បាយ​នៅ​ចុង​សប្ដាហ៍ ហើយ​ខ្ញុំ​អផ្សុក​នៅ​ផ្ទះ​»។

១៤. តើ​យោបល់​នៅ​ពេត្រុស​ទី​១ ៣:៨ អាច​ជួយ​យើង​យ៉ាង​ណា​ពេល​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា?

១៤ ពិត​មែន​ថា​ការ​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​អាច​មាន​ប្រយោជន៍ ដូច​ជា​សម្រាប់​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។ តែ​តើ​អ្នក​បាន​សង្កេត​ឃើញ​ឬ​ទេ​ថា ព័ត៌មាន​ខ្លះ​ដែល​គេ​បង្ហោះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​ពួក​គេ​ប៉ុណ្ណោះ? មើល​ទៅ​ដូច​ជា​ពួក​គេ​តែង​តែ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពួក​គេ។ អ្នក​ខ្លះ​ថែម​ទាំង​បញ្ចេញ​មតិ​យោបល់​អសុរោះ​និង​អាសអាភាស​លើ​រូប​ថត​ខ្លួន​ឯង ឬ​លើ​រូប​ថត​ដែល​អ្នក​ឯ​ទៀត​បង្ហោះ។ ដោយ​សារ​គ្រិស្ត​សាសនិក​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​មាន​ចិត្ត​គំនិត​តែ​មួយ ពួក​គេ​នឹង​មិន​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​តាម​របៀប​នេះ​ទេ។—សូម​អាន ពេត្រុស​ទី​១ ៣:៨

បើ​អ្នក​បង្ហោះ​អ្វី​មួយ​លើ​បណ្ដាញ​គេហទំព័រ តើ​នោះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​អ្នក​អួត​ខ្លួន ឬ​មាន​ចិត្ត​រាប​ទាប? (​សូម​មើល​វគ្គ​១៥​)

១៥. តើ​គម្ពីរ​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ជៀស​វាង​ពី​ការ​លើក​ខ្លួន​ហួស​ប្រមាណ?

១៥ បើ​អ្នក​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​មតិ​យោបល់ រូប​ថត ឬ​វីដេអូ​ដែល​ខ្ញុំ​បង្ហោះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​ខ្ញុំ​អួត​ឬ​ទេ? តើ​វា​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ច្រណែន​ខ្ញុំ​ឬ​ទេ?›។ គម្ពីរ​ចែង​ថា​៖ ​«​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន នោះ​មិន​មែន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ តែ​មក​ពី​ពិភព​លោក​នេះ​វិញ​»។ (​១យ៉ូន. ២:១៦​) គ្រិស្ត​សាសនិក​មិន​មាន​អារម្មណ៍​ថា​ត្រូវ​លើក​ខ្លួន​ឲ្យ​លេច​មុខ​លេច​មាត់​ទេ។ ពួក​គេ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ ដែល​ថា​៖ ​«​កុំ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​លើក​ខ្លួន​ហួស​ប្រមាណ ដោយ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា ដោយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​កាឡ. ៥:២៦​) បើ​យើង​មាន​ចិត្ត​រាប​ទាប យើង​នឹង​មិន​ដូច​មនុស្ស​ក្នុង​ពិភព​លោក​ដែល​មាន​អំណួត​និង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​ពួក​គេ​ជា​បុគ្គល​ដ៏​សំខាន់​ឡើយ។

​«​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល​»​

១៦. ហេតុ​អ្វី​យើង​មិន​គួរ​មាន​អំណួត?

១៦ គឺ​សំខាន់​ដែល​យើង​មាន​ចិត្ត​រាប​ទាប ដោយ​សារ​មនុស្ស​ដែល​មាន​អំណួត​មិន​មាន​«​គំនិត​សម​ហេតុ​សម​ផល​»​ទេ។ (​រ៉ូម ១២:៣​) មនុស្ស​ដែល​មាន​អំណួត​ចេះ​តែ​បង្ក​ជម្លោះ និង​លើក​ខ្លួន​ហួស​ប្រមាណ។ គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​គេ​និង​អ្នក​ឯ​ទៀត​រង​ទុក្ខ។ បើ​ពួក​គេ​មិន​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​ពួក​គេ​ទេ នោះ​គំនិត​របស់​ពួក​គេ​នឹង​ទៅ​ជា​ងងឹត ហើយ​ត្រូវ​បង្ខូច​ដោយ​សាថាន។ (​២កូ. ៤:៤; ១១:៣​) ផ្ទុយ​ពី​បុគ្គល​នោះ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​គឺ​ជា​បុគ្គល​ដែល​មាន​គំនិត​សម​ហេតុ​ផល។ គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ដោយ​ទទួល​ស្គាល់​ថា អ្នក​ឯ​ទៀត​ប្រសើរ​ជាង​គាត់​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ (​ភី. ២:៣​) គាត់​ក៏​ដឹង​ថា​«​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។ (​១ពេ. ៥:៥​) ពួក​អ្នក​ដែល​មាន​គំនិត​សម​ហេតុ​សម​ផល​មិន​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទៅ​ជា​សត្រូវ​របស់​ពួក​គេ​ទេ។

១៧. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​ចិត្ត​រាប​ទាប?

១៧ ដើម្បី​រក្សា​ចិត្ត​រាប​ទាប យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ ដែល​ថា​៖ ​«​ចូរ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​និង​ការ​ប្រព្រឹត្ត​របស់​វា រួច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។ ដូច្នេះ យើង​ត្រូវ​សិក្សា​អំពី​គំរូ​របស់​លោក​យេស៊ូ​និង​ព្យាយាម​យក​តម្រាប់​លោក​ឲ្យ​បាន​ដិត​ដល់។ (​កូឡ. ៣:៩, ១០; ១ពេ. ២:២១​) នេះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ព្យាយាម។ ប៉ុន្តែ​បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន។ កាល​ដែល​យើង​ព្យាយាម​ឲ្យ​មាន​ចិត្ត​រាប​ទាប​កាន់​តែ​ខ្លាំង​ឡើង ជីវិត​ក្រុម​គ្រួសារ​នឹង​កាន់​តែ​ប្រសើរ​ឡើង យើង​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ ហើយ​យើង​នឹង​មិន​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​យើង ឬ​ធ្វើ​ឲ្យ​គេ​គិត​ថា​យើង​ជា​មនុស្ស​សំខាន់​ទេ។ សំខាន់​បំផុត យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​នឹង​ទទួល​ពរ​ពី​លោក។

ចម្រៀង​លេខ​១១៧ គុណធម៌​របស់​ព្រះ

^ វគ្គ 5 សព្វ​ថ្ងៃ​នេះ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​អំណួត​និង​គិត​តែ​ប្រយោជន៍​ខ្លួន។ យើង​ត្រូវ​ប្រយ័ត្ន​ថា​យើង​មិន​មាន​ចិត្ត​គំនិត​ដូច​ពួក​គេ​ទេ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ស្ថានភាព​បី​ក្នុង​ជីវិត ដែល​យើង​មិន​គួរ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត។

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: មនុស្ស​ដែល​មាន​អំណួត​គិត​អំពី​ខ្លួន​ឯង​ច្រើន​ជាង​គិត​អំពី​អ្នក​ឯ​ទៀត។ គាត់​ក៏​គិត​តែ​អំពី​ប្រយោជន៍​ខ្លួន​ឯង​ដែរ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ចេះ​លះ​បង់​ប្រយោជន៍​ខ្លួន។ ការ​មាន​ចិត្ត​រាប​ទាប​មាន​ន័យ​ថា​គ្មាន​អំណួត ហើយ​មិន​គិត​ថា​ខ្លួន​ជា​មនុស្ស​សំខាន់​បំផុត​ទេ។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ថ្លែង​សុន្ទរកថា​នៅ​មហា​សន្និបាត ហើយ​ដឹក​នាំ​បង​ប្អូន​ឯ​ទៀត ក៏​ឲ្យ​តម្លៃ​ចំពោះ​ការ​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​ការ​សម្អាត​សាល​ប្រជុំ។