លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៩

«ពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា»

«ពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា»

​«​ខ្ញុំ​ពេញ​ចិត្ត​នឹង​ភាព​ទន់​ខ្សោយ ការ​តិះ​ដៀល ការ​ខ្វះ​ខាត ការ​បៀត​បៀន និង​ការ​លំបាក ដើម្បី​គ្រិស្ត​»។—២កូ. ១២:១០

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

សេចក្ដី​សង្ខេប *

១. តើ​សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​អ្វី​អំពី​ខ្លួន​ឯង?

សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​ថា ជួន​កាល​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ខ្សោយ។ គាត់​បាន​សារភាព​ថា​រូប​កាយ​របស់​គាត់​«​កំពុង​ខូច​ទៅ​»​ ហើយ​ថា​គាត់​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ គាត់​ក៏​បាន​សារភាព​ថា​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​តាម​របៀប​ដែល​គាត់​សង្ឃឹម​ទុក​ឡើយ។ (​២កូ. ៤:១៦; ១២:៧​-​៩; រ៉ូម ៧:២១​-​២៣​) ប៉ូល​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា អ្នក​ប្រឆាំង​របស់​គាត់ ចាត់​ទុក​គាត់​ជា​មនុស្ស​ទន់​ខ្សោយ។ * ប៉ុន្តែ គាត់​មិន​បាន​ឲ្យ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​អ្នក​ឯ​ទៀត ឬ​ភាព​ទន់​ខ្សោយ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ឡើយ។—២កូ. ១០:១០​-​១២, ១៧, ១៨

២. នៅ​កូរិនថូស​ទី​២ ១២:៩, ១០ តើ​ប៉ូល​បាន​ទាញ​មេ​រៀន​ដ៏​សំខាន់​អ្វី?

មាន​មេ​រៀន​ដ៏​សំខាន់​មួយ​ដែល​ប៉ូល​បាន​រៀន គឺ​ថា​មនុស្ស​ម្នាក់​អាច​មាន​កម្លាំង​ខ្លាំង​ក្លា ទោះ​ជា​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ខ្សោយ​ក្ដី។ (​សូម​អាន កូរិនថូស​ទី​២ ១២:៩, ១០) ព្រះ​យេហូវ៉ា​បាន​ប្រាប់​ប៉ូល​ថា​ឫទ្ធានុភាព​របស់​លោក​បាន​‹ពេញ​លក្ខណៈ​ពេល​ដែល​ប៉ូល​ទន់​ខ្សោយ› នោះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ ដំបូង សូម​យើង​ស្វែង​យល់​អំពី​មូលហេតុ​ដែល​យើង​មិន​គួរ​ខឹង​ពេល​អ្នក​ប្រឆាំង​តិះ​ដៀល​យើង។

​‹ចូរ​ពេញ​ចិត្ត​នឹង​ការ​តិះ​ដៀល›

៣. ហេតុ​អ្វី​យើង​អាច​ពេញ​ចិត្ត​នឹង​ការ​តិះ​ដៀល?

គ្មាន​យើង​ណា​ម្នាក់​ចង់​ឲ្យ​គេ​តិះ​ដៀល​ទេ។ ក៏​ប៉ុន្តែ បើ​សត្រូវ​របស់​យើង​តិះ​ដៀល​យើង ហើយ​យើង​គិត​ច្រើន​ពេក​អំពី​អ្វី​ដែល​ពួក​គេ​និយាយ យើង​អាច​ធ្លាក់​ទឹក​ចិត្ត។ (​សុភ. ២៤:១០​) ដូច្នេះ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​តិះ​ដៀល​ពី​អ្នក​ប្រឆាំង? ដូច​ប៉ូល យើង​អាច​«​ពេញ​ចិត្ត​នឹង . . . ការ​តិះ​ដៀល​»។ (​២កូ. ១២:១០​) ហេតុ​អ្វី? ពី​ព្រោះ​ពេល​គេ​តិះ​ដៀល​និង​ប្រឆាំង​យើង នោះ​បង្ហាញ​ថា​យើង​គឺ​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។ (​១ពេ. ៤:១៤​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​កាន់​តាម​លោក​នឹង​ទទួល​ការ​បៀត​បៀន។ (​យ៉ូន. ១៥:១៨​-​២០​) នោះ​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​១។ នៅ​សម័យ​នោះ ពួក​អ្នក​ដែល​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ក្រិច​ចាត់​ទុក​គ្រិស្ត​សាសនិក​ជា​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា​និង​ទន់​ខ្សោយ។ ជនជាតិយូដា​ចាត់​ទុក​គ្រិស្ត​សាសនិក​ថា​ជា​អ្នក​ដែល​«​មិន​បាន​រៀន​សូត្រ​»​ ដូច​ជា​សាវ័ក​ពេត្រុស​និង​យ៉ូហាន​ជា​ដើម។ (​សកម្ម. ៤:១៣​) គ្រិស្ត​សាសនិក​មើល​ទៅ​ទន់​ខ្សោយ ដោយ​សារ​ពួក​គេ​គ្មាន​អំណាច​នយោបាយ​ឬ​យោធា​ទេ ហើយ​មនុស្ស​ចាត់​ទុក​ពួក​គេ​ជា​បុគ្គល​ដែល​គ្មាន​តម្លៃ​នៅ​ក្នុង​សង្គម។

៤. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ធ្វើ​អ្វី ពេល​មនុស្ស​និយាយ​អាក្រក់​អំពី​ពួក​គេ?

គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ទាំង​នោះ​មិន​បាន​ឲ្យ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​អ្នក​ប្រឆាំង​បញ្ឈប់​ពួក​គេ​ពី​ការ​កាន់​តាម​លោក​យេស៊ូ​និង​ការ​ផ្សព្វ​ផ្សាយ​ទេ។ ជា​ឧទាហរណ៍ សាវ័ក​ពេត្រុស​និង​យ៉ូហាន បាន​ចាត់​ទុក​ការ​បៀត​បៀន​ដោយ​សារ​ពួក​គេ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​និង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​លោក គឺ​ជា​កិត្តិយស​មួយ។ (​សកម្ម. ៤:១៨​-​២១; ៥:២៧​-​២៩, ៤០​-​៤២​) ពួក​អ្នក​កាន់​តាម​គ្មាន​ហេតុ​ឲ្យ​ខ្មាស​អៀន​ទេ។ នៅ​សតវត្សរ៍​ទី​១ ទោះ​ជា​មនុស្ស​ក្នុង​សហគមន៍​មិន​បាន​គោរព​គ្រិស្ត​សាសនិក​ទាំង​នោះ​ក្ដី ពួក​គេ​បាន​ជួយ​អ្នក​ឯ​ទៀត​ច្រើន​ជាង​អ្នក​ដែល​ប្រឆាំង​ពួក​គេ​បាន​ជួយ​ទៅ​ទៀត។ ជា​ឧទាហរណ៍ សៀវភៅ​ដែល​បាន​ត្រូវ​សរសេរ​ដោយ​គ្រិស្ត​សាសនិក​ខ្លះ នៅ​តែ​ជួយ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​រាប់​លាន​នាក់។ ម្យ៉ាង​ទៀត រាជាណាចក្រ​ដែល​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ ហើយ​មិន​យូរ​ទៀត​នឹង​គ្រប់​គ្រង​មក​លើ​មនុស្សជាតិ។ (​ម៉ាថ. ២៤:១៤​) ផ្ទុយ​ពី​នេះ រដ្ឋាភិបាល​រ៉ូម​ដ៏​មាន​អំណាច​ខ្លាំង​ក្លា​នៅ​សម័យ​បុរាណ​ដែល​បាន​បៀត​បៀន​គ្រិស្ត​សាសនិក បាន​រលាយ​ទៅ​ដូច​ជា​ផេះ។ ចំណែក​ឯ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​ធ្លាប់​រស់​នៅ​សម័យ​នោះ ឥឡូវ​ពួក​គេ​គឺ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌។ រីឯ​អ្នក​ប្រឆាំង​វិញ ពួក​គេ​បាន​ស្លាប់ ហើយ​បើ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​ត្រូវ​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ដែល​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ដោយ​គ្រិស្ត​សាសនិក​ដែល​ពួក​គេ​ធ្លាប់​ស្អប់។—បប. ៥:១០

៥. យោង​ទៅ​តាម​យ៉ូហាន ១៥:១៩ ហេតុ​អ្វី​មនុស្ស​ក្នុង​ពិភព​លោក​មើល​ងាយ​យើង?

សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​សើច​ចំអក​និង​មិន​គោរព​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​គិត​ថា​យើង​ទន់​ខ្សោយ​និង​គ្មាន​ប្រាជ្ញា។ ហេតុ​អ្វី? ពី​ព្រោះ​យើង​មិន​មាន​ចិត្ត​គំនិត​ដូច​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​ទេ។ យើង​ព្យាយាម​មាន​ចិត្ត​រាប​ទាប ស្លូត​បូត និង​ស្ដាប់​បង្គាប់ តែ​មនុស្ស​ក្នុង​ពិភព​លោក​នេះ​កោត​ស្ងើច​អ្នក​ដែល​មាន​អំណួត ក្រអឺត​ក្រទម និង​បះ​បោរ។ បន្ថែម​ពី​នេះ​ទៅ​ទៀត យើង​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ ហើយ​យើង​មិន​ធ្វើ​ទាហាន​សម្រាប់​ប្រទេស​ណា​មួយ​ដែរ។ យើង​មិន​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ​ទេ។ ហេតុ​នេះ មនុស្ស​ក្នុង​ពិភព​លោក​គិត​ថា​យើង​អន់​ជាង​ពួក​គេ។—សូម​អាន យ៉ូហាន ១៥:១៩; រ៉ូម ១២:២

៦. តើ​ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​អ្វី?

ទោះ​ជា​មនុស្ស​ក្នុង​ពិភព​លោក​គិត​ថា​យើង​ជា​មនុស្ស​ទន់​ខ្សោយ​ក្ដី ព្រះ​យេហូវ៉ា​កំពុង​ប្រើ​យើង​ដើម្បី​ធ្វើ​អ្វី​ដ៏​អស្ចារ្យ។ លោក​កំពុង​ធ្វើ​ឲ្យ​កិច្ចការ​ផ្សព្វ​ផ្សាយ​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​កើត​ឡើង។ អ្នក​បម្រើ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ កំពុង​បោះ​ពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ដែល​បក​ប្រែ​និង​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ផែនដី ហើយ​ពួក​គេ​ប្រើ​គម្ពីរ​ដើម្បី​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​មាន​ជីវិត​ប្រសើរ​ជាង។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នេះ​កើត​ឡើង ហើយ​លោក​កំពុង​ប្រើ​ក្រុម​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ​ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​នេះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​យើង​ម្នាក់​ៗ​? តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា​ឬ​ទេ? បើ​លោក​អាច​ជួយ​យើង តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជំនួយ​នោះ។ ឥឡូវ សូម​ឲ្យ​យើង​គិត​អំពី​អ្វី​បី​យ៉ាង​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​សាវ័ក​ប៉ូល។

សូម​កុំ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ខ្លួន​ឡើយ

៧. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ប៉ូល?

មេ​រៀន​មួយ​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ប៉ូល​គឺ​ថា សូម​កុំ​ពឹង​ផ្អែក​លើ​កម្លាំង ឬ​សមត្ថភាព​របស់​ខ្លួន​ពេល​បម្រើ​ព្រះ​យេហូវ៉ា។ តាម​ទស្សនៈ​របស់​មនុស្ស ប៉ូល​អាច​មាន​អំណួត​និង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង។ គាត់​ធំ​ឡើង​នៅ​ក្រុង​តើសុស ដែល​ជា​រាជធានី​របស់​ខេត្ត​មួយ​នៃ​រ៉ូម។ ក្រុង​តើសុស​ជា​ក្រុង​អ្នក​មាន ហើយ​ក៏​មាន​សកល​វិទ្យាល័យ​ដ៏​ល្បី។ ប៉ូល​បាន​ទទួល​ការ​អប់រំ​ខ្ពស់។ គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​កាម៉េលៀល​ដែល​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា ហើយ​ដែល​គេ​គោរព​ជាង​គេ​បំផុត​ម្នាក់​នៅ​សម័យ​របស់​គាត់។ (​សកម្ម. ៥:៣៤; ២២:៣​) ប៉ូល​ក៏​ធ្លាប់​មាន​ឋានៈ​ខ្ពស់​ក្នុង​សហគមន៍​ជន​ជាតិ​យូដា​ដែរ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​កាន់​តាម​សាសនាយូដា​បាន​ប្រសើរ​ជាង​មនុស្ស​ជា​ច្រើន​ដែល​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​និង​អ្នក​ដែល​ស្រករ​ខ្ញុំ​»។ (​កាឡ. ១:១៣, ១៤; សកម្ម. ២៦:៤​) ប៉ុន្តែ ប៉ូល​មិន​បាន​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ឡើយ។

ប៉ូល​បាន​ចាត់​ទុក​អ្វី​ដែល​ពិភព​លោកថា​សំខាន់​ជា​«​សំរាម​»​ បើ​ប្រៀប​ធៀប​នឹង​ឯកសិទ្ធិ​ធ្វើ​ជាអ្នក​កាន់​តាម​គ្រិស្ត (​សូម​មើល​វគ្គ​៨​) *

៨. នៅ​ភីលីព ៣:៨ តើ​ប៉ូល​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​គាត់​បាន​លះ​បង់ ហើយ​ហេតុ​អ្វី​គាត់​«​ពេញ​ចិត្ត​នឹង​ភាព​ទន់​ខ្សោយ​»​?

ប៉ូល​ពេញ​ចិត្ត​លះ​បង់​អ្វី​ដែល​អ្នក​ឯ​ទៀត​ចាត់​ទុក​ថា​សំខាន់។ តាម​ការ​ពិត នៅ​ពេល​ក្រោយ​មក​គាត់​ចាត់​ទុក​អ្វី​ដែល​គាត់​ធ្លាប់​មាន​ពី​មុន​ជា​«​សំរាម​»។ (​សូម​អាន ភីលីព ៣:៨) ដោយ​សារ​ប៉ូល​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត គាត់​បាន​ជួប​ការ​ពិបាក​ជា​ច្រើន។ គាត់​បាន​ត្រូវ​ជន​រួម​ជាតិ​ស្អប់​គាត់។ (​សកម្ម. ២៣:១២​-​១៤​) គាត់​ថែម​ទាំង​បាន​ត្រូវ​ជន​ជាតិ​រ៉ូម​ដែល​មាន​សញ្ជាតិ​ដូច​គាត់ វាយ​គាត់​និង​ចាប់​គាត់​ដាក់​គុក។ (​សកម្ម. ១៦:១៩​-​២៤, ៣៧​) គាត់​ក៏​ទទួល​ស្គាល់​ថា​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ពិត​ជា​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​រ៉ូម ៧:២១​-​២៥​) ប៉ុន្តែ គាត់​មិន​បាន​ឈប់​បម្រើ​គ្រិស្ត​ដោយ​សារ​តែ​គាត់​មាន​បញ្ហា​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​«​ពេញ​ចិត្ត​នឹង​ភាព​ទន់​ខ្សោយ​»។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​ដែល​គាត់​ខ្សោយ គាត់​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​គាត់។—២កូ. ៤:៧; ១២:១០

៩. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ទន់​ខ្សោយ?

បើ​យើង​ចង់​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា យើង​មិន​គួរ​វាយ​តម្លៃ​ខ្លួន​តាម​ការ​អប់រំ វប្បធម៌ កម្លាំង​កាយ ឬ​ទ្រព្យ​សម្បត្តិ​ឡើយ។ អ្វី​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​យើង​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ តាម​ការ​ពិត រាស្ត្រ​របស់​ព្រះ​ជា​ច្រើន​មិន​មែន​«​ជា​អ្នក​ប្រាជ្ញ​តាម​ទស្សនៈ​មនុស្ស ឬ​ជា​អ្នក​មាន​អំណាច ឬ​ក៏​ជា​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់​ឡើយ​»។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ជ្រើស​រើស​«​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ​»។ (​១កូ. ១:២៦, ២៧​) ដូច្នេះ សូម​កុំ​ចាត់​ទុក​ថា​ភាព​ទន់​ខ្សោយ​របស់​អ្នក រា​រាំង​អ្នក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ តែ​សូម​ចាត់​ទុក​ថា​នោះ​ជា​ឱកាស ដើម្បី​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​អ្នក។ ជា​ឧទាហរណ៍ បើ​អ្នក​ភ័យ​ខ្លាច​ពេល​គេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​លើ​ជំនឿ​របស់​អ្នក ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​នូវ​ចិត្ត​ក្លាហាន ដើម្បី​និយាយ​ការ​ពារ​ជំនឿ។ (​អេភ. ៦:១៩, ២០​) បើ​អ្នក​រង​ទុក្ខ​ដោយ​សារ​អ្នក​ឈឺ​ធ្ងន់​ធ្ងរ ឬ​ក៏​បើ​អ្នក​មាន​បញ្ហា​ខាង​រាង​កាយ​ឬ​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ពិបាក សូម​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ឲ្យ​អ្នក​ព្យាយាម​ជាប់​រវល់​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​កិច្ច​បម្រើ​លោក។ រាល់​ដង​ដែល​អ្នក​ឃើញ​ព្រះ​យេហូវ៉ា​ជួយ​អ្នក ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ ហើយ​អ្នក​នឹង​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ។

ចូរ​រៀន​ពី​គំរូ​ក្នុង​គម្ពីរ

១០. ហេតុ​អ្វី​យើង​គួរ​សិក្សា​គំរូ​របស់​បុគ្គល​ដ៏​ស្មោះ​ត្រង់​ក្នុង​គម្ពីរ ដូច​ជា​បុគ្គល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ហេប្រឺ ១១:៣២​-​៣៤?

១០ ប៉ូល​ចូល​ចិត្ត​សិក្សា​ស្រាវ​ជ្រាវ​បទ​គម្ពីរ។ គាត់​បាន​រៀន​អ្វី​ៗ​ជា​ច្រើន ហើយ​គាត់​ក៏​រៀន​ពី​គំរូ​របស់​បុគ្គល​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បណ្ដាំ​របស់​ព្រះ។ ពេល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ គាត់​សុំ​ពួក​គេ​ឲ្យ​គិត​អំពី​គំរូ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់។ (​សូម​អាន ហេប្រឺ ១១:៣២​-​៣៤) សូម​គិត​អំពី​ស្ដេច​ដាវីឌ​ដែល​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ ដាវីឌ​មិន​គ្រាន់​តែ​ទទួល​ការ​ប្រឆាំង​ពី​សត្រូវ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​ការ​ប្រឆាំង​ពី​បុគ្គល​ខ្លះ​ដែល​ធ្លាប់​ជា​មិត្ត​ភក្ដិ​របស់​គាត់​ដែរ។ កាល​ដែល​យើង​ពិចារណា​អំពី​គំរូ​របស់​ដាវីឌ យើង​នឹង​យល់​មូលហេតុ​ដែល​ការ​គិត​អំពី​គំរូ​របស់​គាត់ ប្រហែល​ជា​បាន​ជួយ​ប៉ូល ហើយ​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ប៉ូល។

ដាវីឌ​មិន​ខ្លាច​តយុទ្ធ​នឹង​កូលីយ៉ាត​ទេ ទោះ​ជា​គាត់​ក្មេង​និង​មើល​ទៅ​ជា​មនុស្ស​ខ្សោយ​ក្ដី។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ពី​ព្រោះ​គាត់​ដឹង​ថា​លោក​នឹង​ផ្ដល់​សមត្ថភាព​ឲ្យ​គាត់​ច្បាំង​ឈ្នះ​នឹង​កូលីយ៉ាត ហើយ​នេះ​បាន​កើត​ឡើង​មែន ​(​សូម​មើល​វគ្គ​១១​)

១១. ហេតុ​អ្វី​ដាវីឌ​មើល​ទៅ​ទន់​ខ្សោយ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១១ កូលីយ៉ាត​ដែល​ជា​ទាហាន​ដ៏​ខ្លាំង​ក្លា​បាន​ចាត់​ទុក​ដាវីឌ​ជា​បុគ្គល​ទន់​ខ្សោយ។ ពេល​កូលីយ៉ាត​ឃើញ​ដាវីឌ គាត់​«​តាំង​ចិត្ត​មើល​ងាយ​»។ កូលីយ៉ាត​មាន​មាឌ​ធំ​ជាង មាន​អាវុធ​ច្រើន​ជាង និង​ទទួល​ការ​ហ្វឹកហាត់​ធ្វើ​សង្គ្រាម​បាន​ច្រើន​ជាង។ រីឯ​ដាវីឌ​មើល​ទៅ​ជា​កំលោះ​ដែល​គ្មាន​បទ​ពិសោធន៍ និង​មិន​មាន​អាវុធ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​សង្គ្រាម​ទេ។ ប៉ុន្តែ ដាវីឌ​បាន​ប្រើ​អ្វី​ដែល​មើល​ទៅ​ទន់​ខ្សោយ ដើម្បី​ទៅ​ជា​បុគ្គល​ខ្លាំង​ក្លា។ គាត់​បាន​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ច្បាំង​ឈ្នះ​សត្រូវ​គាត់។—១សាំ. ១៧:៤១​-​៤៥, ៥០

១២. តើ​ដាវីឌ​មាន​ការ​ពិបាក​អ្វី​ទៀត?

១២ ដាវីឌ​មាន​ការ​ពិបាក​មួយ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ទន់​ខ្សោយ។ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដាវីឌ​បាន​បម្រើ​សុល​ជា​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល។ ដំបូង ស្ដេច​សុល​គោរព​ដាវីឌ។ ប៉ុន្តែ​ក្រោយ​មក អំណួត​បាន​ធ្វើ​ឲ្យ​សុល​ច្រណែន​ដាវីឌ។ សុល​បាន​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​ដាវីឌ ហើយ​ថែម​ទាំង​ព្យាយាម​សម្លាប់​គាត់​ទៀត​ផង។—១សាំ. ១៨:៦​-​៩, ២៩; ១៩:៩​-​១១

១៣. តើ​ដាវីឌ​បាន​ធ្វើ​អ្វី​ពេល​ស្ដេច​សុល​បាន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​មក​លើ​គាត់?

១៣ ទោះ​ជា​ស្ដេច​សុល​បាន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ទៅ​លើ​ដាវីឌ​ក្ដី គាត់​នៅ​តែ​បន្ត​បង្ហាញ​ការ​គោរព​ចំពោះ​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។ (​១សាំ. ២៤:៦​) ដាវីឌ​មិន​បាន​បន្ទោស​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​អាក្រក់​ដែល​សុល​បាន​ធ្វើ​ទេ។ ផ្ទុយ​ទៅ​វិញ ដាវីឌ​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​នោះ។—ពាក្យ​ផ្ដើម​នៃ​ទំនុក. ១៨:១

១៤. តើ​សាវ័ក​ប៉ូល​មាន​បញ្ហា​អ្វី​ស្រដៀង​នឹង​បញ្ហា​របស់​ដាវីឌ?

១៤ សាវ័ក​ប៉ូល​មាន​បញ្ហា​ស្រដៀង​នឹង​ដាវីឌ។ សត្រូវ​របស់​ប៉ូល​មាន​អំណាច​ខ្លាំង​ជាង​គាត់​ឆ្ងាយ​ណាស់។ អ្នក​ដឹក​នាំ​ជា​ច្រើន​នៅ​សម័យ​គាត់​ស្អប់​គាត់។ ពួក​គេ​ច្រើន​តែ​ឲ្យ​គេ​វាយ​គាត់​និង​ចាប់​គាត់​ដាក់​គុក។ ដូច​ដាវីឌ អ្នក​ដែល​គួរ​ជា​មិត្តភក្តិ​របស់​ប៉ូល​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់​មក​លើ​គាត់។ បុគ្គល​ខ្លះ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ថែម​ទាំង​បាន​ប្រឆាំង​គាត់​ទៀត​ផង។ (​២កូ. ១២:១១; ភី. ៣:១៨​) ប៉ុន្តែ ប៉ូល​បាន​យក​ឈ្នះ​អស់​អ្នក​ដែល​ប្រឆាំង​គាត់។ តើ​តាម​របៀប​ណា? គាត់​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី។ គាត់​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន ទោះ​ជា​ពួក​គេ​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ក៏​ដោយ។ សំខាន់​បំផុត គាត់​ស្មោះ​ត្រង់​ចំពោះ​ព្រះ​រហូត​ដល់​គាត់​ស្លាប់។ (​២ធី. ៤:៨​) គាត់​អាច​ធ្វើ​អ្វី​ទាំង​អស់​នេះ មិន​មែន​ដោយ​សារ​គាត់​ពឹង​ផ្អែក​លើ​កម្លាំង​ឬ​សមត្ថភាព​របស់​ខ្លួន​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។

ចូរ​បង្ហាញ​ការ​គោរព​និង​សេចក្ដី​សប្បុរស ពេល​អ្នក​ព្យាយាម​វែក​ញែក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ខំ​ធ្វើ​ឲ្យ​អ្នក​ពិបាក​រក្សា​ជំនឿ​របស់​អ្នក​ជា​គ្រិស្ត​សាសនិក (​សូម​មើល​វគ្គ​១៥​) *

១៥. តើ​យើង​ចង់​ធ្វើ​អ្វី ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៥ តើ​អ្នក​ទទួល​ការ​តិះ​ដៀល ឬ​ការ​បៀត​បៀន​ពី​សិស្ស​រួម​ថ្នាក់ អ្នក​រួម​ការងារ ឬ​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​សាក្សី​ឬ​ទេ? តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ធ្លាប់​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​អ្នក​ឬ​ទេ? បើ​ដូច្នេះ សូម​នឹក​ចាំ​អំពី​គំរូ​របស់​ដាវីឌ​និង​ប៉ូល។ អ្នក​អាច​«​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​»។ (​រ៉ូម ១២:២១​) ពេល​មនុស្ស​ប្រឆាំង​យើង យើង​មិន​តយុទ្ធ​នឹង​ពួក​គេ​ដូច​ដាវីឌ​តយុទ្ធ​នឹង​កូលីយ៉ាត​ទេ។ តែ​យើង​អាច​ឈ្នះ​សេចក្ដី​អាក្រក់ ដោយ​ព្យាយាម​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គម្ពីរ។ យើង​អាច​ធ្វើ​ដូច្នេះ ដោយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​ឯ​ទៀត​សួរ ដោយ​បង្ហាញ​ការ​គោរព​និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​យើង និង​ដោយ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​សត្រូវ​របស់​យើង។—ម៉ាថ. ៥:៤៤; ១ពេ. ៣:១៥​-​១៧

ចូរ​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត

១៦​-​១៧. តើ​ប៉ូល​មិន​ដែល​ភ្លេច​អ្វី?

១៦ មុន​សាវ័ក​ប៉ូល​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត គាត់​ជា​មនុស្ស​ព្រហើន​ដែល​បៀត​បៀន​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​សកម្ម. ៧:៥៨; ១ធី. ១:១៣​) លោក​យេស៊ូ​ផ្ទាល់​បាន​ឃាត់​ប៉ូល​[​ឬ​សុល​]​ពី​ការ​វាយ​ប្រហារ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ លោក​បាន​និយាយ​ពី​ស្ថាន​សួគ៌​ទៅ​កាន់​ប៉ូល ហើយ​ធ្វើ​ឲ្យ​គាត់​លែង​មើល​ឃើញ។ ដើម្បី​មើល​ឃើញ​ឡើង​វិញ ប៉ូល​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ដែល​គាត់​ធ្លាប់​បៀត​បៀន។ ដោយ​ចិត្ត​រាប​ទាប គាត់​បាន​ទទួល​ជំនួយ​ពី​អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​អាណានាស ហើយ​អាណានាស​បាន​ធ្វើ​ឲ្យ​ប៉ូល​មើល​ឃើញ​ឡើង​វិញ។—សកម្ម. ៩:៣​-​៩, ១៧, ១៨

១៧ ក្រោយ​មក ប៉ូល​បាន​ទៅ​ជា​បុគ្គល​ដែល​បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ស្គាល់ ប៉ុន្តែ​គាត់​មិន​ដែល​ភ្លេច​មេ​រៀន​ដែល​លោក​យេស៊ូ​បាន​បង្រៀន​គាត់​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស់​ទេ។ ប៉ូល​បាន​រក្សា​ចិត្ត​រាប​ទាប ហើយ​ក៏​សុខ​ចិត្ត​ទទួល​ជំនួយ​ពី​បង​ប្អូន។ គាត់​ទទួល​ស្គាល់​ថា ពួក​គេ​ជា​‹ជំនួយ​របស់​គាត់​និង​អ្នក​ពង្រឹង​កម្លាំង​គាត់›។—កូឡ. ៤:១០, ១១

១៨. ហេតុ​អ្វី​ជួន​កាល​យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត?

១៨ តើ​យើង​អាច​រៀន​អ្វី​ពី​ប៉ូល? ពេល​យើង​ចាប់​ផ្ដើម​សេព​គប់​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​ពេញ​ចិត្ត​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត ដោយ​សារ​យើង​ទទួល​ស្គាល់​ថា​យើង​ជា​អ្នក​ថ្មី ហើយ​ត្រូវ​រៀន​ច្រើន។ (​១កូ. ៣:១, ២​) ប៉ុន្តែ ចុះ​យ៉ាង​ណា​នៅ​ឥឡូវ​នេះ? បើ​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​និង​មាន​បទ​ពិសោធន៍​ច្រើន យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ទទួល​ជំនួយ ជា​ពិសេស​បើ​អ្នក​ជួយ​មិន​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​ដូច​យើង។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ច្រើន​តែ​ប្រើ​បង​ប្អូន​របស់​យើង ដើម្បី​ពង្រឹង​កម្លាំង​យើង។ (​រ៉ូម ១:១១, ១២​) ដូច្នេះ បើ​យើង​ចង់​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​ព្រម​ទទួល​ជំនួយ​ដែល​បង​ប្អូន​ផ្ដល់​ឲ្យ។

១៩. ហេតុ​អ្វី​ប៉ូល​អាច​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ជា​ច្រើន​បាន?

១៩ ប៉ូល​បាន​ធ្វើ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្រោយ​ពី​គាត់​ទៅ​ជា​គ្រិស្ត​សាសនិក។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​រៀន​ថា ភាព​ជោគ​ជ័យ​គឺ​មិន​អាស្រ័យ​ទៅ​លើ​កម្លាំង ការ​អប់រំ ទ្រព្យ​សម្បត្តិ ឬ​វប្បធម៌​ទេ តែ​អាស្រ័យ​លើ​ចិត្ត​រាប​ទាប​និង​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​យើង​ទាំង​អស់​គ្នា​យក​តម្រាប់​ប៉ូល​ដោយ (​១​) ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា (​២​) រៀន​ពី​គំរូ​ក្នុង​គម្ពីរ និង​(​៣​) ទទួល​ជំនួយ​ពី​បង​ប្អូន​រួម​ជំនឿ។ យ៉ាង​នេះ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​ខ្លួន​ទន់​ខ្សោយ​យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​ក្លា!

ចម្រៀង​លេខ​៧១ យើង​ជា​ទ័ព​ព្រះ​យេហូវ៉ា!

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គំរូ​របស់​សាវ័ក​ប៉ូល។ យើង​នឹង​ឃើញ​ថា បើ​យើង​មាន​ចិត្ត​រាប​ទាប ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​យើង ព្រម​ទាំង​ស៊ូ​ទ្រាំ​ពេល​មនុស្ស​សើច​ចំអក​យើង។

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ទន់​ខ្សោយ ដោយ​សារ​មូលហេតុ​មួយ​ចំនួន​ដូច​ជា យើង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ ជំងឺ ភាព​ក្រី​ក្រ ឬ​បាន​រៀន​សូត្រ​តិច​តួច។ ក្រៅ​ពី​នេះ សត្រូវ​របស់​យើង​ព្យាយាម​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ទន់​ខ្សោយ ដោយ​វាយ​ប្រហារ​យើង​តាម​រយៈ​ពាក្យ​សម្ដី ឬ​ដោយ​ការ​វាយ​ប្រហារ​ចំ​ៗ។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ពេល​ប៉ូល​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត គាត់​បាន​លះ​បង់​អ្វី​ដែល​ទាក់​ទង​នឹង​ជីវិត​របស់​គាត់​ជា​ផារិស៊ី។ អ្វី​ទាំង​នេះ​អាច​រួម​បញ្ចូល​ឯកសារ​បុរាណ​ផ្សេង​ៗ និង​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​រួម​ការងារ​ព្យាយាម​បង្ខំ​បង​ប្រុស​យើង​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​ខួប​កំណើត។