លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣១

តើអ្នកកំពុងរង់ចាំ«ក្រុងដែលមានគ្រឹះដ៏ពិត»ឬទេ?

តើអ្នកកំពុងរង់ចាំ«ក្រុងដែលមានគ្រឹះដ៏ពិត»ឬទេ?

​«​គាត់​រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត ជា​ក្រុង​ដែល​មាន​ព្រះ​ជា​អ្នក​សង់​និង​ជា​អ្នក​បង្កើត​»។—ហេ. ១១:១០

ចម្រៀង​លេខ​២២ សូម​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់!

សេចក្ដី​សង្ខេប *

១. តើ​បង​ប្អូន​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​លះបង់​អ្វី ហើយ​ហេតុ​អ្វី?

នៅ​សព្វ​ថ្ងៃ​នេះ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​បាន​ធ្វើ​ការ​លះបង់​ផ្សេង​ៗ។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​មិន​រៀប​ការ។ ប្ដី​ប្រពន្ធ​ជា​ច្រើន​បាន​សម្រេច​ចិត្ត​មិន​យក​កូន​នៅ​ឥឡូវ​នេះ។ ក្រុម​គ្រួសារ​ខ្លះ​បាន​រក្សា​ជីវិត​ឲ្យ​សាមញ្ញ។ ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​សម្រាប់​មូលហេតុ​ដ៏​សំខាន់​មួយ គឺ​ពួក​គេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត។ ពួក​គេ​ស្កប់​ចិត្ត​និង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ។ តើ​ពួក​គេ​នឹង​ខក​ចិត្ត​ឬ​ទេ? ពួក​គេ​នឹង​មិន​ខក​ចិត្ត​ទេ! ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? មូលហេតុ​មួយ គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​អាប្រាហាំ​ដែល​ជា​«​ឪពុក​របស់​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​»។—រ៉ូម ៤:១១

២. (​ក​) យោង​ទៅ​តាម​ហេប្រឺ ១១:៨​-​១០, ១៦ ហេតុ​អ្វី​អាប្រាហាំ​សុខ​ចិត្ត​ចាក​ចេញ​ពី​ក្រុង​អ៊ើរ? (​ខ​) តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

អាប្រាហាំ​សុខ​ចិត្ត​លះ​បង់​ជីវិត​សុខ​ស្រួល​ដែល​គាត់​អាច​មាន​នៅ​ក្រុង​អ៊ើរ។ ហេតុ​អ្វី? ព្រោះ​គាត់​រង់​ចាំ​«​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត​»។ (​សូម​អាន ហេប្រឺ ១១:៨​-​១០, ១៦) តើ​«​ក្រុង​»​នោះ​ជា​អ្វី? តើ​អាប្រាហាំ​ជួប​ការ​ពិបាក​អ្វី​ខ្លះ​កាល​ដែល​គាត់​រង់​ចាំ​ក្រុង​នោះ​ឲ្យ​សង់​ឡើង? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ​និង​បង​ប្អូន​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​យក​តម្រាប់​គាត់​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ជា​«​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត​»​?

៣. តើ​ក្រុង​ដែល​អាប្រាហាំ​រង់​ចាំ​គឺ​ជា​អ្វី?

ក្រុង​ដែល​អាប្រាហាំ​រង់​ចាំ​គឺ​ជា​រាជាណាចក្រ​របស់​ព្រះ។ លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​នៃ​រាជាណាចក្រ​នោះ ហើយ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​១៤៤.០០០​នាក់​គ្រប់​គ្រង​ជា​មួយ​នឹង​លោក។ ប៉ូល​បាន​ហៅ​រាជាណាចក្រ​នោះ​ថា​៖ ​«​ក្រុង​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ក្រុង​យេរូសាឡិម​នា​ស្ថាន​សួគ៌​»។ (​ហេ. ១២:២២; បប. ៥:៨​-​១០; ១៤:១​) លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​នោះ​មក​ដល់ ដើម្បី​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។—ម៉ាថ. ៦:១០

៤. យោង​ទៅ​តាម​លោកុប្បត្តិ ១៧:១, ២, តើ​អាប្រាហាំ​បាន​ដឹង​ច្រើន​ប៉ុណ្ណា​អំពី​ក្រុង ឬ​រាជាណាចក្រ​ដែល​ព្រះ​បាន​សន្យា?

តើ​អាប្រាហាំ​ដឹង​អំពី​របៀប​រៀបចំ​នៃ​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ? គាត់​មិន​ដឹង​ទេ។ អ្វី​ទាំង​នោះ​ជា​«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»​ អស់​ជា​ច្រើន​សតវត្សរ៍។ (​អេភ. ១:៨​-​១០; កូឡ. ១:២៦, ២៧​) ប៉ុន្តែ អាប្រាហាំ​បាន​ដឹង​ថា​កូន​ចៅ​ខ្លះ​របស់​គាត់​នឹង​ទៅ​ជា​ស្ដេច ដោយ​សារ​នេះ​ជា​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ដល់​គាត់។ (​សូម​អាន លោកុប្បត្តិ ១៧:១, ២, ) អាប្រាហាំ​មាន​ជំនឿ​ខ្លាំង​ដល់​ម្ល៉េះ​ថា​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ត្រូវ​សម្រេច គឺ​ហាក់​ដូច​ជា​គាត់​អាច​ឃើញ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ឬ​មេស្ស៊ី​ដែល​នឹង​ទៅ​ជា​ស្ដេច​នៃ​រា​ជាណាចក្ររបស់​ព្រះ។ ហេតុ​នេះ លោក​យេស៊ូ​អាច​ប្រាប់​ជន​ជាតិ​យូដា​នៅ​សម័យ​របស់​លោក​ថា​៖ ​«​អាប្រាហាំ ដែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​គ្រា​របស់​ខ្ញុំ ហើយ​គាត់​បាន​ឃើញ​ក៏​បាន​ត្រេក​អរ​ផង​»។ (​យ៉ូន. ៨:៥៦​) ដូច្នេះ អាប្រាហាំ​ដឹង​ថា​កូន​ចៅ​របស់​គាត់​នឹង​មាន​ចំណែក​ក្នុង​រាជាណាចក្រ​មួយ​ដែល​ព្រះ​យេហូវ៉ា​នឹង​ស្ថាបនា​ឡើង ហើយ​គាត់​សុខ​ចិត្ត​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នេះ​បាន​សម្រេច។

តើ​អាប្រាហាំ​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​វគ្គ​៥​)

៥. ហេតុ​អ្វី​យើង​ដឹង​ថា​អាប្រាហាំ​រង់​ចាំ​ក្រុង​ដែល​ព្រះ​បង្កើត?

តើ​អាប្រាហាំ​បង្ហាញ​យ៉ាង​ណា​ថា​គាត់​រង់​ចាំ​ក្រុង​ឬ​រាជាណាចក្រ​ដែល​ព្រះ​បង្កើត? អាប្រាហាំ​មិន​ទៅ​ជា​ពលរដ្ឋ​នៃ​រាជាណា​ចក្រ​មួយ​នៅ​ផែនដី​ទេ។ គាត់​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន និង​មិន​ដែល​គាំ​ទ្រ​ស្ដេច​ណា​ម្នាក់​នៅ​លើ​ផែនដី​ឡើយ។ អាប្រាហាំ​ក៏​មិន​ព្យាយាម​បង្កើត​រាជាណាចក្រ​ផ្ទាល់​ខ្លួន​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​រង់​ចាំ​លោក​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​បាន​សម្រេច។ យ៉ាង​នេះ អាប្រាហាំ​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​យើង​ពិចារណា​ការ​ពិបាក​ខ្លះ​ដែល​គាត់​ជួប​ប្រទះ និង​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​គាត់។

តើ​អាប្រាហាំ​ជួប​ការ​ពិបាក​អ្វី​ខ្លះ?

៦. តើ​ក្រុង​អ៊ើរ​ជា​ក្រុង​បែប​ណា?

អាប្រាហាំ​ចាក​ចេញ​ពី​ក្រុង​អ៊ើរ​ជា​ក្រុង​ដែល​បាន​ត្រូវ​ការ​ពារ​យ៉ាង​ល្អ ស្រួល​រស់​នៅ ហើយ​មនុស្ស​នៅ​ក្រុង​នោះ​ជា​អ្នក​មាន និង​ទទួល​ការ​អប់រំ​ខ្ពស់។ ក្រុង​នោះ​បាន​ត្រូវ​ការ​ពារ​ដោយ​កំពែង​ដ៏​ខ្ពស់​និង​មាន​ប្រឡាយ​ទឹក​នៅ​បី​ជ្រុង។ អ្នក​ក្រុង​អ៊ើរ​ពូកែ​ខាង​អក្សរ​សាស្ត្រ​និង​គណិត​វិទ្យា។ តាម​មើល​ទៅ ក្រុង​នោះ​សំខាន់​សម្រាប់​ធ្វើ​ជំនួញ ហើយ​ឯកសារ​ជំនួញ​ជា​ច្រើន​បាន​ត្រូវ​រក​ឃើញ​នៅ​ទី​នោះ។ ផ្ទះ​នីមួយ​ៗ​បាន​ត្រូវ​សង់​ឡើង​ពី​ឥដ្ឋ​ដែល​គេ​លាប​កំបោរ​ពណ៌​ស។ ផ្ទះ​ខ្លះ​មាន​១៣ ឬ​១៤​បន្ទប់​ដែល​នៅ​ជុំ​វិញ​ទី​ធ្លា​ផ្ទះ។

៧. ហេតុ​អ្វី​អាប្រាហាំ​ត្រូវ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​គាត់?

អាប្រាហាំ​ត្រូវ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់។ ហេតុ​អ្វី? សូម​ចាំ​ថា អាប្រាហាំ​និង​សារ៉ា​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ក្រុង​អ៊ើរ​ដែល​មាន​សុវត្ថិភាព​និង​សុខ​ស្រួល ដើម្បី​ទៅ​រស់​នៅ​ក្នុង​ត្រសាល នា​ឯ​ទី​វាល​នៅ​ស្រុក​កាណាន។ អាប្រាហាំ​និង​ក្រុម​គ្រួសារ​គាត់​លែង​មាន​កំពែង​ដ៏​ក្រាស់ និង​ប្រឡាយ​ទឹក​ដើម្បី​ការ​ពារ​ទៀត​ហើយ ដូច្នេះ​សត្រូវ​អាច​វាយ​ប្រហារ​ពួក​គេ​យ៉ាង​ងាយ។

៨. នៅ​ពេល​មួយ តើ​អាប្រាហាំ​ត្រូវ​ប្រឈម​មុខ​នឹង​អ្វី?

ទោះ​ជា​អាប្រាហាំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ក្ដី នៅ​ពេល​មួយ​គាត់​ពិបាក​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន​ដ៏​ខ្លាំង​មួយ​នៅ​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​ទៅ។ ភាព​អត់​ឃ្លាន​នោះ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​អាប្រាហាំ​បាន​សម្រេច​ចិត្ត​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ស្រុក​អេស៊ីប​អស់​មួយ​រយៈ​ពេល។ ប៉ុន្តែ ពេល​គាត់​នៅ​ស្រុក​អេស៊ីប ផារ៉ូ​ដែល​ជា​អ្នក​គ្រប់​គ្រង​ស្រុក​នោះ​បាន​យក​ប្រពន្ធ​របស់​គាត់។ សូម​ស្រមៃ​គិត​ថា​អាប្រាហាំ​ព្រួយ​ចិត្ត​យ៉ាង​ណា ទម្រាំ​ដល់​ពេល​ដែល​ព្រះ​យេហូវ៉ា​ដាក់​ទោស​ផារ៉ូ ហើយ​ឲ្យ​ផារ៉ូ​ប្រគល់​សារ៉ា​ទៅ​អាប្រាហាំ​វិញ។—លោ. ១២:១០​-​១៩

៩. តើ​អាប្រាហាំ​មាន​បញ្ហា​អ្វី​ខ្លះ​ក្នុង​ក្រុម​គ្រួសារ?

ក្នុង​ក្រុម​គ្រួសារ​របស់​អាប្រាហាំ​ក៏​មាន​បញ្ហា​ដែរ។ សារ៉ា​ដែល​ជា​ប្រពន្ធ​សំណព្វ​របស់​គាត់​មិន​អាច​មាន​កូន​ទេ។ ពួក​គាត់​ខក​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ។ ក្រោយ​មក សារ៉ា​បាន​ឲ្យ​ហាកា​ដែល​ជា​ស្ត្រី​បម្រើ​របស់​គាត់​ទៅ​អាប្រាហាំ ដើម្បី​នាង​អាច​បង្កើត​កូន​ឲ្យ​គាត់​និង​អាប្រាហាំ។ ប៉ុន្តែ ពេល​អ៊ីសម៉ាអែល​នៅ​ក្នុង​ផ្ទៃ​របស់​ហាកា នាង​ចាប់​ផ្ដើម​មើល​ងាយ​សារ៉ា។ ស្ថានភាព​នោះ​ពិបាក​យ៉ាង​ខ្លាំង រហូត​ដល់​សារ៉ា​បាន​បណ្ដេញ​ហាកា​ចេញ​ពី​កន្លែង​ស្នាក់​នៅ។—លោ. ១៦:១​-​៦

១០. តើ​អ្វី​ខ្លះ​បាន​កើត​ឡើង​ដែល​អាច​ធ្វើ​ឲ្យ​អាប្រាហាំ​ពិបាក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

១០ នៅ​ទី​បំផុត​សារ៉ា​មាន​គភ៌ ហើយ​បាន​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​អាប្រាហាំ ដែល​អាប្រាហាំ​ដាក់​ឈ្មោះ​ថា​អ៊ីសាក។ អាប្រាហាំ​ស្រឡាញ់​កូន​ប្រុស​ទាំង​ពីរ​របស់​គាត់ ទាំង​អ៊ីសម៉ាអែល​ទាំង​អ៊ីសាក។ ប៉ុន្តែ ដោយ​សារ​អ៊ីសម៉ាអែល​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់​ទៅ​លើ​អ៊ីសាក អាប្រាហាំ​ត្រូវ​បណ្ដេញ​អ៊ីសម៉ាអែល​និង​ហាកា​ចេញ។ (​លោ. ២១:៩​-​១៤​) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ឲ្យ​ជូន​អ៊ីសាក​ជា​គ្រឿង​បូជា។ (​លោ. ២២:១, ២; ហេ. ១១:១៧​-​១៩​) ក្នុង​ស្ថានភាព​ទាំង​ពីរ​នេះ អាប្រាហាំ​ត្រូវ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នៅ​តែ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​កូន​របស់​គាត់​បាន​សម្រេច។

១១. ហេតុ​អ្វី​អាប្រាហាំ​ត្រូវ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់?

១១ ក្នុង​អំឡុង​ពេល​នោះ អាប្រាហាំ​ត្រូវ​រៀន​ឲ្យ​ចេះ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់។ គាត់​ទំនង​ជា​មាន​អាយុ​៧០​ឆ្នាំ​ជាង ពេល​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាក​ចេញ​ពី​ក្រុង​អ៊ើរ។ (​លោ. ១១:៣១–១២:៤​) អស់​រយៈ​ពេល​ប្រហែល​ជា​១០០​ឆ្នាំ គាត់​បាន​រស់​នៅ​ក្នុង​ត្រសាល ហើយ​ធ្វើ​ដំណើរ​ទូ​ទាំង​ស្រុក​កាណាន។ អាប្រាហាំ​បាន​ស្លាប់​ពេល​ដែល​គាត់​មាន​អាយុ​១៧៥​ឆ្នាំ។ (​លោ. ២៥:៧​) ប៉ុន្តែ គាត់​មិន​បាន​ឃើញ​កូន​ចៅ​របស់​គាត់​ទទួល​ស្រុក​កាណាន ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ទេ។ គាត់​បាន​ស្លាប់​មុន​ក្រុង ឬ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពេល​អាប្រាហាំ​ស្លាប់ គម្ពីរ​បាន​រៀប​រាប់​ថា​៖ ​«​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់​ស្កល់​នឹង​អាយុ​របស់​ខ្លួន​»។ (​លោ. ២៥:៨​) មិន​ថា​អាប្រាហាំ​ជួប​បញ្ហា​ច្រើន​យ៉ាង​ណា​ក្ដី ជំនឿ​របស់​គាត់​នៅ​តែ​រឹង​មាំ ហើយ​គាត់​ពេញ​ចិត្ត​រង់​ចាំ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​គាត់​អាច​ស៊ូ​ទ្រាំ​បាន? ពី​ព្រោះ​ពេញ​មួយ​ជីវិត​របស់​អាប្រាហាំ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​គាត់ ហើយ​ប្រព្រឹត្ត​មក​លើ​គាត់​ដូច​មិត្ត​សម្លាញ់។—លោ. ១៥:១; អេ. ៤១:៨; យ៉ា. ២:២២, ២៣

ដូច​អាប្រាហាំ​និង​សារ៉ា តើ​អ្នក​បម្រើ​របស់​ព្រះ​បង្ហាញ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១២​) *

១២. តើ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី?

១២ ដូច​អាប្រាហាំ យើង​កំពុង​ទន្ទឹង​រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត។ ប៉ុន្តែ យើង​មិន​មែន​រង់​ចាំ​ឲ្យ​ក្រុង​នោះ​សង់​ឡើង​ទេ ដោយ​សារ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤ ហើយ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់​នៅ​ស្ថាន​សួគ៌​រួច​ហើយ។ (​បប. ១២:៧​-​១០​) ប៉ុន្តែ យើង​កំពុង​រង់​ចាំ​ឲ្យ​រាជាណាចក្រ​នោះ​គ្រប់​គ្រង​មក​លើ​ផែនដី​ទាំង​មូល។ កាល​ដែល​យើង​រង់​ចាំ​ឲ្យ​នេះ​កើត​ឡើង យើង​ប្រហែល​ជា​ត្រូវ​ស៊ូ​ទ្រាំ​ការ​ពិបាក​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ការ​ពិបាក​ដែល​អាប្រាហាំ​និង​សារ៉ា​បាន​ជួប​ប្រទះ។ តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ​ឬ​ទេ? ជីវប្រវត្តិ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាមបង្ហាញ​ថា ដូច​អាប្រាហាំ​និង​សារ៉ា បង​ប្អូន​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ មាន​ជំនឿ​និង​ចិត្ត​អត់​ធ្មត់។ សូម​ឲ្យ​យើង​ពិចារណា​អំពី​ជីវប្រវត្តិ​ខ្លះ ហើយ​ទាញ​យក​មេ​រៀន​ពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ទាំង​នេះ។

បុគ្គល​ខ្លះ​ដែល​បាន​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ

បង​បៀល វ៉ាលដឺន​សុខ​ចិត្ត​ធ្វើ​ការ​លះបង់ ហើយ​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា

១៣. តើ​អ្នក​រៀន​អ្វី​ពី​ជីវប្រវត្តិ​របស់​បង​វ៉ាលដឺន?

១៣ ចូរ​សុខ​ចិត្ត​ធ្វើ​ការ​លះបង់។ ដើម្បី​ចាត់​ទុក​ក្រុង​របស់​ព្រះ ឬ​រាជាណាចក្រ​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង យើង​ត្រូវ​យក​តម្រាប់​អាប្រាហាំ​ដែល​សុខ​ចិត្ត​ធ្វើ​ការ​លះបង់​ដើម្បី​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ (​ម៉ាថ. ៦:៣៣; ម៉ាក. ១០:២៨​-​៣០​) សូម​គិត​អំពី​ជីវិត​របស់​បង​ប្រុស​បៀល វ៉ាលដឺន។ * នៅ​ឆ្នាំ​១៩៤២ ពេល​បង​បៀល​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា គាត់​ជិត​បញ្ចប់​វគ្គ​សិក្សា​បរិញ្ញាប័ត្រ​ផ្នែក​វិស្វកម្ម​ខាង​សំណង់ នៅ​សកល​វិទ្យាល័យ​មួយ​នា​សហរដ្ឋ​អាម៉េរិក។ សាស្ត្រាចារ្យ​ដែល​បង្រៀន​បង​បៀល​បាន​រៀបចំ​ឲ្យ​បង​បៀល​ទទួល​ការងារ​មួយ​ក្រោយ​ពី​រៀន​ចប់ ប៉ុន្តែ​បង​បៀល​មិន​ព្រម​ទទួល​យក​ការងារ​នោះ​ទេ។ គាត់​បាន​ពន្យល់​ដល់​សាស្ត្រាចារ្យ​នោះ​ថា គាត់​សម្រេច​ចិត្ត​មិន​ទទួល​យក​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ ដោយ​សារ​គាត់​ចង់​បម្រើ​ព្រះ​ឲ្យ​បាន​ពេញ​លេញ​ជាង។ មិន​យូរ​ក្រោយ​មក បង​បៀល​បាន​ត្រូវ​គេ​បង្គាប់​ឲ្យ​ចូល​បំពេញ​កាតព្វកិច្ច​យោធា។ គាត់​មិន​ព្រម​ធ្វើ​ទេ ហើយ​ជា​លទ្ធផល​គាត់​ត្រូវ​គេ​ផាក​ពិន័យ​១០.០០០​ដុល្លារ ហើយ​ត្រូវ​ជាប់​គុក​ប្រាំ​ឆ្នាំ។ តែ​ក្រោយ​បី​ឆ្នាំ គាត់​បាន​ត្រូវ​ដោះ​លែង។ ក្រោយ​មក គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត ហើយ​បម្រើ​ជា​សាសនទូត​នៅ​ទ្វីប​អាហ្វ្រិក។ មួយ​រយៈ​ពេល​ក្រោយ​មក បង​បៀល​បាន​រៀប​ការ​ជា​មួយ​នឹង​បង​អេវ៉ា ហើយ​ពួក​គាត់​បាន​បម្រើ​ជា​មួយ​គ្នា​នៅ​ទ្វីប​អាហ្វ្រិក នេះ​មានន័យ​ថា​ពួក​គាត់​ត្រូវ​ធ្វើ​ការ​លះបង់។ ក្រោយ​មក ពួក​គាត់​បាន​ត្រឡប់​ទៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​មើល​ថែ​ម្ដាយ​របស់​បង​បៀល។ បង​បៀល​និយាយ​អំពី​ជីវិត​របស់​គាត់​ថា​៖ ​«​ខ្ញុំ​ទឹក​ភ្នែករលីង​រលោង ពេល​ខ្ញុំ​គិត​អំពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​មាន គឺ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ខ្ញុំ​អស់​ជាង​៧០​ឆ្នាំ​ក្នុង​កិច្ច​បម្រើ​របស់​លោក។ ជា​រឿយ​ៗ ខ្ញុំ​អរគុណ​លោក​ដែល​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ចាត់​ទុក​កិច្ច​បម្រើ​របស់​លោក​ជា​កិច្ចការ​ចម្បង​»។ ចុះ​អ្នក​វិញ តើ​អ្នក​អាច​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ពេញ​ពេល​ទៅ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ?

បង​អា​រីស្តូ​តេ​លីស អា​ផុស​ថូ​លី​ទី​ស​និង​ប្រពន្ធ​របស់​គាត់​បង​អិលលេនី មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​របស់​ពួក​គាត់

១៤​-​១៥. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ប្រុស​អា​ផុស​ថូ​លី​ទី​ស​និង​ប្រពន្ធ​របស់​គាត់?

១៤ សូម​កុំ​សន្និដ្ឋាន​ថា​ជីវិត​របស់​អ្នក​នឹង​មិន​មាន​បញ្ហា​ឡើយ។ យើង​រៀន​ពី​ជីវិត​របស់​អាប្រាហាំ​ថា សូម្បី​តែ​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ក៏​មាន​បញ្ហា​ដែរ។ (​យ៉ា. ១:២; ១ពេ. ៥:៩​) នេះ​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​អា​រីស្តូ​តេ​លីស អា​ផុស​ថូ​លី​ទី​ស។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦ នា​ប្រទេស​ក្រិច ហើយ​នៅ​ឆ្នាំ​១៩៥២ គាត់​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​បង​ស្រី​ម្នាក់​ឈ្មោះ​អិលលេនី ដែល​មាន​គោល​ដៅ​ដូច​គាត់។ ប៉ុន្តែ​ក្រោយ​មក បង​អិលលេនី​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​គេ​បាន​រក​ឃើញ​ថា​គាត់​មាន​ដុំ​សាច់​ដុះ​នៅ​ក្នុង​ខួរ​ក្បាល។ គេ​បាន​វះ​កាត់​ដុំ​សាច់​នោះ​ចេញ ប៉ុន្តែ​គ្រាន់​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ ដុំ​សាច់​នោះ​បាន​ដុះ​ឡើង​វិញ។ គ្រូ​ពេទ្យ​បាន​វះ​កាត់​ម្ដង​ទៀត ប៉ុន្តែ​នោះ​ធ្វើ​ឲ្យ​បង​អិលលេនី​ពិការ ហើយ​លែង​អាច​និយាយ​ដូច​ធម្មតា​បាន​ទៀត។ គាត់​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ទោះ​ជា​គាត់​មាន​ជំងឺ និង​នៅ​ពេល​នោះ​រដ្ឋាភិបាល​បៀត​បៀន​ក៏​ដោយ។

១៥ អស់​៣០​ឆ្នាំ បង​អា​រីស្តូ​តេ​លីស​បាន​មើល​ថែ​ប្រពន្ធ​របស់​គាត់។ ក្នុង​អំឡុង​ពេល​នោះ បង​អា​រីស្តូ​តេ​លីស​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ ធ្វើ​ជា​សមាជិក​គណៈ​កម្មាធិការ​មហា​សន្និបាត និង​ជួយ​សង់​សាល​សន្និបាត​មួយ។ នៅ​ឆ្នាំ​១៩៨៧ បង​អិលលេនី​មាន​គ្រោះ​ថ្នាក់​ពេល​ដែល​គាត់​ផ្សព្វ​ផ្សាយ។ គាត់​សន្លប់​មិន​ដឹង​ខ្លួន​អស់​បី​ឆ្នាំ ហើយ​ក្រោយ​មក​គាត់​បាន​ស្លាប់។ បង​អា​រីស្តូ​តេលីស​ពន្យល់​ថា បទ​ពិសោធន៍​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់ ពេល​គាត់​និយាយ​ថា​៖ ​«​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មាន​បញ្ហា​ជា​ច្រើន ហើយ​បញ្ហា​ខ្លះ​កើត​ឡើង​ក្នុង​មួយ​ពព្រិច​ភ្នែក។ ដូច្នេះ ខ្ញុំ​ត្រូវ​តាំង​ចិត្ត​ស៊ូ​ទ្រាំ និង​មិន​ឲ្យ​អ្វី​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​កម្លាំង​ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​យក​ឈ្នះ​បញ្ហា​ទាំង​នោះ​»។ (​ទំនុក. ៩៤:១៨, ១៩​) ព្រះ​យេហូវ៉ា​ស្រឡាញ់​យ៉ាង​ខ្លាំង​អស់​អ្នក​ដែល​ខំ​អស់​ពីសមត្ថភាព​ក្នុង​ការ​បម្រើ​លោក ទោះ​ជា​ពួក​គេ​មាន​បញ្ហា​ក៏​ដោយ។

បង​អូឌ្រី ហាយ​បាន​រក្សា​ទស្សនៈ​ល្អ ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត

១៦. តើ​បង​ន័រ​បាន​ផ្ដល់​យោបល់​ល្អ​អ្វី​ដល់​ប្រពន្ធ​គាត់?

១៦ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត។ អាប្រាហាំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​គាត់​នៅ​ពេល​អនាគត ហើយ​នេះ​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​បញ្ហា​ដែល​គាត់​មាន។ បង​ស្រី​អូឌ្រី ហាយ​បាន​ព្យាយាម​រក្សា​ទស្សនៈ​ល្អ​បែប​នេះ ទោះ​ជា​ប្ដី​ទី​១​របស់​គាត់ បង​ណាថាន់ ន័រ​បាន​ស្លាប់​ដោយ​សារ​មហា​រីក និង​បង​គ្លេន ហាយ​ដែល​ជា​ប្ដីទី​២​របស់​គាត់ កើត​ជំងឺ​ភ្លេច​ភ្លាំង​ក្ដី។ គាត់​និយាយ​ថា​អ្វី​មួយ​ដែល​បង​ន័រ​បាន​ប្រាប់​គាត់​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​ស្លាប់ បាន​ជួយ​គាត់។ គាត់​និយាយ​ថា​៖ ​«​បង​ណាថាន់​រំលឹក​ខ្ញុំ​ថា​៖ ‹យើង​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ស្ដី​អំពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​យើង​ស្លាប់ ហើយ​យើង​នឹង​មិន​ត្រូវ​រង​ការ​ឈឺ​ចាប់​ទៀត​ទេ›។ បន្ទាប់​មក គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា​៖ ‹ចូរ​មើល​ទៅ​ខាង​មុខ ពី​ព្រោះ​រង្វាន់​គឺ​នៅ​ថ្ងៃ​អនាគត›។ . . . គាត់​បន្ថែម​ថា​៖ ‹ចូរ​ជាប់​រវល់ ដោយ​ព្យាយាម​ប្រើ​ជីវិត​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ នេះ​នឹង​ជួយ​អូន​ឲ្យ​មាន​អំណរ›​»។ ការ​ជាប់​រវល់​ក្នុង​ការ​ធ្វើ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​«​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​»​គឺ​ជា​យោបល់​ល្អ​មែន!—រ៉ូម ១២:១២

១៧. (​ក​) ហេតុ​អ្វី​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត? (​ខ​) តើ​ការ​ធ្វើ​តាម​គំរូ​នៅ​មីកា ៧:៧ នឹង​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ទទួល​ពរ​នៅ​ថ្ងៃ​អនាគត?

១៧ សព្វ​ថ្ងៃ​នេះ យើង​មាន​មូលហេតុ​ច្រើន​ជាង​សម័យ​មុន​ៗ ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត។ ព្រឹត្តិ​ការណ៍​ពិភព​លោក​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​កំពុង​រស់​នៅ​ចុង​បញ្ចប់​នៃ​គ្រា​ចុង​ក្រោយ​នៃ​របៀប​របប​ពិភព​លោក​នេះ។ មិន​យូរ​ទៀត យើង​នឹង​លែង​ត្រូវ​រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត​ឬ​រា​ជាណាចក្រ​របស់​ព្រះ​ឲ្យ​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។ យើង​នឹង​ទទួល​ពរ​ជា​ច្រើន​នៅ​ពេល​នោះ ពរ​មួយ​គឺ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​អាប្រាហាំ​ដោយ​សារ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​របស់​គាត់ គឺ​ថា​លោក​នឹង​ប្រោស​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី។ តើ​អ្នក​នឹង​នៅ​ទី​នោះ​ដើម្បី​ទទួល​ស្វាគមន៍​ពួក​គាត់​ឬ​ទេ? អ្នក​អាច​នៅ​ទី​នោះ​បាន បើ​អ្នក​យក​តម្រាប់​អាប្រាហាំ​ដោយ​សុខ​ចិត្ត​ធ្វើ​ការ​លះបង់​ដើម្បី​រាជាណាចក្រ​របស់​ព្រះ រក្សា​ជំនឿ​របស់​អ្នក​ទោះ​ជា​មាន​បញ្ហា​ក្ដី ហើយ​រៀន​ឲ្យ​រង់​ចាំ​ព្រះ​យេហូវ៉ា​យ៉ាង​អត់​ធ្មត់។—សូម​អាន មីកា ៧:៧

ចម្រៀង​លេខ​៧៤ ចូរ​យើង​រួម​គ្នា​ច្រៀង​ចម្រៀង​រាជាណាចក្រ!

^ វគ្គ 5 ការ​រង់​ចាំ​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ​បាន​សម្រេច អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ចិត្ត​អត់​ធ្មត់ ឬ​ថែម​ទាំង​ពិបាក​រក្សា​ជំនឿ​របស់​យើង​ផង​ដែរ។ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​អាប្រាហាំ​ដែល​អាច​ជួយ​យើង​កាន់​តែ​តាំង​ចិត្ត​រង់​ចាំ​ដោយ​អត់​ធ្មត់ ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​បាន​សម្រេច? តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ទុក​គំរូ​ល្អ​អ្វី​ខ្លះ​ឲ្យ​យើង?

^ វគ្គ 13 ជីវប្រវត្ដិ​របស់​បង​វ៉ាលដឺន បាន​ត្រូវ​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៤ ទំព័រ​៨​-​១០

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​មាន​ការ​ពិបាក​ក្ដី។ ពួក​គេ​រក្សា​ជំនឿ​រឹង​មាំ​ដោយ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ថ្ងៃ​អនាគត។