លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣២

ចូរដើរជាមួយនឹងព្រះនៃខ្លួនដោយចិត្តរាបទាប

ចូរដើរជាមួយនឹងព្រះនៃខ្លួនដោយចិត្តរាបទាប

​«​[​ចូរ​]​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​»។—មីកា ៦:៨

ចម្រៀង​លេខ​៣១ ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ!

សេចក្ដី​សង្ខេប *

១. តើ​ដាវីឌ​បាន​និយាយ​យ៉ាង​ណា​អំពី​ចិត្ត​រាប​ទាប​របស់​ព្រះ​យេហូវ៉ា?

តើ​យើង​ពិត​ជា​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប​ឬ​ទេ? យើង​អាច​និយាយ​ដូច្នេះ​បាន។ ដាវីឌ​បាន​និយាយ​ថា​៖ ​«​ទ្រង់​បាន​ប្រទាន​ខែល​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល​បង្គំ ហើយ​ព្រះ​ហឫទ័យ​ស្រទន់​របស់​ទ្រង់​[​ឬ​ចិត្ត​រាប​ទាប​]​បាន​លើក​ទូល​បង្គំ​ឡើង​ជា​ធំ​»។ (​២សាំ ២២:៣៦; ទំនុក ១៨:៣៥​) ដាវីឌ​ប្រហែល​ជា​បាន​គិត​អំពី​ថ្ងៃ​ដែល​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​មក​ផ្ទះ​របស់​ឪពុក​គាត់​ដើម្បី​តែង​តាំង​អនាគត​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល។ ក្នុង​ចំណោម​កូន​ប្រុស​៨​នាក់​ដាវីឌ​ជា​កូន​ពៅ តែ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​ស្ដេច​សុល។—១សាំ. ១៦:១, ១០​-​១៣

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ដាវីឌ​ច្បាស់​ជា​យល់​ស្រប​នឹង​ពាក្យ​របស់​អ្នក​តែង​ទំនុក​តម្កើង​ម្នាក់​ដែល​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​ឱន​ព្រះ​នេត្រ​ដើម្បី​ទត​មើល​ផ្ទៃ​មេឃ​នឹង​ផែនដី ទ្រង់​លើក​មនុស្ស​ក្រី​ក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កំសត់​ទុគ៌ត . . . ដើម្បី​នឹង​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​»។ (​ទំនុក. ១១៣:៦​-​៨​) នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​មេ​រៀន​ដ៏​សំខាន់​អំពី​ចិត្ត​រាប​ទាប ដោយ​ពិចារណា​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​សម្បត្តិ​នេះ។ បន្ទាប់​មក យើង​នឹង​រៀន​ថែម​ទៀត​អំពី​ចិត្ត​រាប​ទាប​ពី​គំរូ​របស់​ស្ដេច​សុល ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ និង​លោក​យេស៊ូ។

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា?

៣. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​មក​លើ​យើង ហើយ​តើ​នេះ​បង្ហាញ​អំពី​អ្វី?

របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក បង្ហាញ​ថា​លោក​មាន​ចិត្ត​រាប​ទាប។ លោក​មិន​គ្រាន់​តែ​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចាត់​ទុក​យើង​ថា​ជា​មិត្ត​សម្លាញ់​របស់​លោក​ផង​ដែរ។ (​ទំនុក. ២៥:១៤​) ដើម្បី​ឲ្យ​យើង​អាច​មាន​មិត្តភាព​ជា​មួយ​នឹង​លោក ព្រះ​យេហូវ៉ា​បាន​ផ្ដល់​បុត្រ​របស់​លោក​ជា​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​របស់​យើង។ ព្រះ​យេហូវ៉ា​ពិត​ជា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង​មែន!

៤. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ឲ្យ​យើង ហើយ​ហេតុ​អ្វី?

សូម​គិត​អំពី​របៀប​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មាន​ចិត្ត​រាប​ទាប។ ក្នុង​នាម​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ ព្រះ​យេហូវ៉ា​អាច​សម្រេច​ចិត្ត​ជំនួស​យើង​អំពី​ដំណើរ​ជីវិត​របស់​យើង​ក៏​បាន ប៉ុន្តែ​លោក​មិន​ធ្វើ​ដូច្នេះ​ទេ។ លោក​បាន​បង្កើត​យើង​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​លោក ហើយ​ឲ្យ​យើង​មាន​ចិត្ត​សេរី។ ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​តូច​តាច​និង​ទន់​ខ្សោយ​បើ​ប្រៀប​ធៀប​នឹង​លោក​ក្ដី។ លោក​ចង់​ឲ្យ​យើង​សម្រេច​ចិត្ត​បម្រើ​លោក​ដោយ​ចេញ​ពី​ចិត្ត ពី​ព្រោះ​យើង​ស្រឡាញ់​លោក​និង​ទទួល​ស្គាល់​ថា​ការ​ស្ដាប់​បង្គាប់​លោក​គឺ​នាំ​ឲ្យ​ទទួល​ប្រយោជន៍។ (​ចោ. ១០:១២; អេ. ៤៨:១៧, ១៨​) យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ដែល​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប!

លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ហើយ​ក្បែរ​លោក​មាន​បុគ្គល​ខ្លះ​ដែល​គ្រប់​គ្រង​ជា​មួយ​លោក។ ទាំង​អស់​គ្នា​សម្លឹង​មើល​ទេវតា​មួយ​ចំនួន​ធំ។ ទេវតា​ខ្លះ​កំពុង​ហោះ​ឆ្ពោះ​ទៅ​ផែនដី​ដើម្បី​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​អំណាច​ឲ្យ​បុគ្គល​ទាំង​អស់​ដែល​នៅ​ក្នុង​រូប​ភាព​នេះ (​សូម​មើល​វគ្គ​៥​)

៥. តើ​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​មក​លើ​យើង លោក​បង្រៀន​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប។ ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​នៅ​ក្នុង​សកល​លោក។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​ជួយ​លោក​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​សុភ. ៨:២៧​-​៣០; កូឡ. ១:១៥, ១៦​) ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ក្ដី លោក​ប្រគល់​ភារកិច្ច​ដល់​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ លោក​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​លោក ហើយ​លោក​នឹង​ប្រគល់​ភារកិច្ច​ដល់​មនុស្ស​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។ (​លូក. ១២:៣២​) ព្រះ​យេហូវ៉ា​បាន​បង្ហាត់​បង្រៀន​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច​និង​សម្ដេច​សង្ឃ។ (​ហេ. ៥:៨, ៩​) លោក​ក៏​បង្ហាត់​បង្រៀន​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ ប៉ុន្តែ​លោក​មិន​ព្យាយាម​គ្រប់​គ្រង​ទៅ​លើ​របៀប​ដែល​ពួក​គេ​បំពេញ​ភារកិច្ច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ទំនុក​ចិត្ត​ថា ពួក​គេ​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។—បប. ៥:១០

យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ពេល​យើង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត ហើយ​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គេ (​សូម​មើល​វគ្គ​៦​-​៧​) *

៦​-​៧. តើ​យើង​អាច​រៀន​អ្វី​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​អំពី​ការ​ប្រគល់​ភារកិច្ច​ដល់​អ្នក​ឯ​ទៀត?

បើ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ប្រគល់​ភារកិច្ច​ដល់​អ្នក​ឯ​ទៀត ទោះ​ជា​លោក​អាច​បំពេញ​កិច្ចការ​ទាំង​អស់​ដោយ​មិន​ត្រូវ​ការ​ជំនួយ​ក្ដី នោះ​យើង​គួរ​តែ​ធ្វើ​ច្រើន​ជាង​លោក​ទៅ​ទៀត។ ជា​ឧទាហរណ៍ តើ​អ្នក​ជា​មេ​គ្រួសារ ឬ​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? បើ​មែន ចូរ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ដោយ​ប្រគល់​ភារកិច្ច​ដល់​អ្នក​ឯ​ទៀត ហើយ​បន្ទាប់​មក​ចូរ​ជៀស​វាង​ពី​ការ​ព្យាយាម​គ្រប់​គ្រង​លើ​របៀប​ដែល​ពួក​គេ​បំពេញ​ភារកិច្ច​នោះ។ ពេល​អ្នក​យក​តម្រាប់​ព្រះ​យេហូវ៉ា អ្នក​មិន​គ្រាន់​តែ​សម្រេច​កិច្ចការ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​នឹង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត ហើយ​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​អេ. ៤១:១០​) តើ​ពួក​អ្នក​ដែល​មាន​អំណាច​មួយ​កម្រិត​អាច​រៀន​អ្វី​ទៀត​ពី​ព្រះ​យេហូវ៉ា?

គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ចំពោះ​មតិ​យោបល់​របស់​ពួក​ទេវតា​ដែល​ជា​កូន​របស់​លោក។ (​១ព. ២២:១៩​-​២២​) បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ពេល​សម​រម្យ ចូរ​សុំ​មតិ​យោបល់​ពី​កូន​អំពី​របៀប​បំពេញ​កិច្ចការ​ណា​មួយ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន សូម​ធ្វើ​តាម​យោបល់​របស់​កូន។

៨. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​ចំពោះ​អាប្រាហាំ​និង​សារ៉ា​យ៉ាង​ដូច​ម្ដេច?

របៀប​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មាន​ចិត្ត​រាប​ទាប​គឺ​ដោយ​បង្ហាញ​ចិត្ត​អត់​ធ្មត់។ ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់ ពេល​អ្នក​បម្រើ​របស់​លោក​ឆ្ងល់​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក ហើយ​សួរ​លោក​អំពី​ការ​សម្រេច​ចិត្ត​នោះ​ដោយ​នៅ​តែ​បង្ហាញ​ការ​គោរព​ចំពោះ​លោក។ ជា​ឧទាហរណ៍​នៅ​ពេល​មួយ ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ពេល​នោះ​អាប្រាហាំ​បារម្ភ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក ហើយ​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​គាត់​ពេល​គាត់​រៀប​រាប់​អំពី​ការ​ព្រួយ​បារម្ភ​ទាំង​នោះ។ (​លោ. ១៨:២២​-​៣៣​) មាន​ពេល​មួយ​ទៀត​ដែល​សារ៉ា​ជា​ប្រពន្ធ​អាប្រាហាំ​បាន​សើច កាល​ដែល​គាត់​ឮ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​គាត់​នឹង​មាន​ផ្ទៃ​ពោះ​ពេល​ដែល​គាត់​ចាស់។ លោក​មិន​បាន​ខក​ចិត្ត​ឬ​ខឹង​សារ៉ា​ទេ។ (​លោ. ១៨:១០​-​១៤​) ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រព្រឹត្ត​ដោយ​ថ្លៃ​ថ្នូរ​ចំពោះ​សារ៉ា។

៩. តើ​ឪពុក​ម្ដាយ​និង​អ្នក​ចាស់​ទុំ​អាច​រៀន​អ្វី​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា?

បើ​អ្នក​ជា​ឪពុក​ម្ដាយ​ឬ​អ្នក​ចាស់​ទុំ តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា? សូម​គិត​អំពី​ប្រតិកម្ម​របស់​អ្នក ពេល​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​អ្នក​សង្ស័យ​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក។ ដំបូង តើ​អ្នក​ចង់​កែ​តម្រង់​ពួក​គេ​ឬ​ទេ? ឬ​តើ​អ្នក​ព្យាយាម​យល់​អំពី​ទស្សនៈ​របស់​ពួក​គេ? ក្រុម​គ្រួសារ​និង​ក្រុម​ជំនុំ​ពិត​ជា​ទទួល​ប្រយោជន៍ ពេល​ពួក​អ្នក​ដែល​មាន​អំណាច​យក​តម្រាប់​ព្រះ​យេហូវ៉ា។ រហូត​មក​ដល់​ត្រឹម​នេះ យើង​បាន​ពិចារណា​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​អំពី​ចិត្ត​រាប​ទាប។ ឥឡូវ​សូម​យើង​ស្វែង​យល់​អំពី​អ្វី​ដែល​យើង​អាច​រៀន​អំពី​ចិត្ត​រាប​ទាប​ពី​គំរូ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បណ្ដាំ​របស់​ព្រះ។

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អ្នក​ឯ​ទៀត?

១០. តើ​ព្រះ​យេហូវ៉ា​ប្រើ​គំរូ​របស់​អ្នក​ឯ​ទៀត​ដើម្បី​បង្រៀន​យើង​យ៉ាង​ដូច​ម្ដេច?

១០ ក្នុង​នាម​ជា​គ្រូ​ដ៏​ឧត្ដម​របស់​យើង ព្រះ​យេហូវ៉ា​ផ្ដល់​គំរូ​ក្នុង​បណ្ដាំ​របស់​លោក​ដើម្បី​បង្រៀន​យើង។ (​អេ. ៣០:២០, ២១​) យើង​ទុក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​បង្រៀន​យើង ពេល​យើង​រំពឹង​គិត​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​បង្ហាញ​គុណ​សម្បត្តិ​ដូច​លោក ដូច​ជា​ចិត្ត​សុភាព​រាប​ទាប​ជា​ដើម។ យើង​ក៏​រៀន​ដែរ​ពេល​យើង​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​បង្ហាញ​គុណ​សម្បត្តិ​ដូច​លោក។—ទំនុក. ៣៧:៣៧; ១កូ. ១០:១១

១១. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​មិន​ល្អ​របស់​សុល?

១១ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ដេច​សុល។ ដំបូង​គាត់​ជា​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប។ គាត់​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន ហើយ​ក៏​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​ភារកិច្ច​ថែម​ទៀត​ផង​ដែរ។ (​១សាំ. ៩:២១; ១០:២០​-​២២​) ប៉ុន្តែ​មិន​យូរ​ក្រោយ​ពី​សុល​បាន​ទៅ​ជា​ស្ដេច គាត់​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​គាត់​គ្មាន​សិទ្ធិ​ធ្វើ។ នៅ​ពេល​មួយ គាត់​បាន​បាត់​បង់​ចិត្ត​អត់​ធ្មត់​កាល​ដែល​គាត់​រង់​ចាំ​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ ជា​ជាង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ចាត់​វិធានការ​ដើម្បី​ការ​ពារ​រាស្ត្រ​លោក សុល​បាន​ជូន​គ្រឿង​បូជា​ដុត ជា​អ្វី​ដែល​គាត់​គ្មាន​សិទ្ធិ​ធ្វើ​នោះ​ទេ។ ជា​លទ្ធផល សុល​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ហើយ​នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​គាត់​ជា​ស្ដេច។ (​១សាំ. ១៣:៨​-​១៤​) គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​រៀន​ពី​គំរូ​មិន​ល្អ​នេះ ហើយ​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​យើង​គ្មាន​សិទ្ធិ​ធ្វើ។

១២. ហេតុ​អ្វី​ដានីយ៉ែល​ជា​គំរូ​ល្អ?

១២ ផ្ទុយ​ពី​គំរូ​មិន​ល្អ​របស់​សុល សូម​គិត​អំពី​គំរូ​ល្អ​របស់​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយវិញ។ ពេញ​មួយ​ជីវិត​របស់​ដានីយ៉ែល គាត់​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដែល​រក្សា​ចិត្ត​រាប​ទាប​និង​តែង​តែ​ស្វែង​រក​ការ​ណែនាំ​ពី​លោក។ ជា​ឧទាហរណ៍ ពេល​ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​បក​ស្រាយ​អត្ថន័យ​នៃ​ការ​យល់​សប្ដិ​របស់​នេប៊ូក្នេសា ដានីយ៉ែល​មិន​បាន​និយាយ​ថា​ការ​បក​ស្រាយ​នោះ​គឺ​មក​ពី​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឲ្យ​ការ​សរសើរ​តម្កើង​និង​កិត្តិយស​ទាំង​អស់​ទៅ​ព្រះ​យេហូវ៉ា។ (​ដាន. ២:២៦​-​២៨​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? បើ​បង​ប្អូន​ចូល​ចិត្ត​ស្ដាប់​សុន្ទរកថា​របស់​យើង ឬ​បើ​យើង​មាន​បទ​ពិសោធន៍​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​គួរ​ឲ្យ​ការ​សរសើរ​តម្កើង​ទៅ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​នោះ។ យើង​គួរ​ទទួល​ស្គាល់​ថា​យើង​មិន​អាច​ធ្វើ​អ្វី​ទាំង​នេះ​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ (​ភី. ៤:១៣​) ពេល​យើង​មាន​ចិត្ត​គំនិត​បែប​នេះ យើង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​លោក​យេស៊ូ។ តើ​តាម​របៀប​ណា?

១៣. តើ​យើង​រៀន​អ្វី​ពី​លោក​យេស៊ូ​នៅ​យ៉ូហាន ៥:១៩, ៣០?

១៣ ទោះ​ជា​លោក​យេស៊ូជា​បុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​ក្ដី លោក​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ (​សូម​អាន យ៉ូហាន ៥:១៩, ៣០) លោក​មិន​ដែល​ព្យាយាម​ដណ្ដើម​យក​អំណាច​ពី​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​ទេ។ ភីលីព ២:៦​ប្រាប់​យើង​ថា​លោក​យេស៊ូ​«​មិន​ដែល​គិត​អំពី​ការ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ ពោល​គឺ​ការ​តាំង​ខ្លួន​ឲ្យ​ស្មើ​ព្រះ​នោះ​ទេ​»។ លោក​យេស៊ូ​ជា​បុត្រ​ដែល​ចុះ​ចូល​នឹង​បិតា​របស់​លោក លោក​យល់​ថា​អ្វី​ដែល​លោក​អាច​ធ្វើ​មាន​កម្រិត ហើយ​លោក​គោរព​សិទ្ធិ​អំណាច​របស់​បិតា​លោក។

លោក​យេស៊ូ​ដឹង​ថា​អំណាច​របស់​លោក​មាន​កម្រិត ហើយ​លោក​មិន​ព្យាយាម​បំពាន​សិទ្ធិ​អំណាច​របស់​លោក​ទេ (​សូម​មើល​វគ្គ​១៤​)

១៤. ពេល​គេ​សុំ​លោក​យេស៊ូ​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​គ្មាន​សិទ្ធិ​ធ្វើ តើ​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៤ សូម​គិត​អំពី​ប្រតិកម្ម​របស់​លោក​យេស៊ូ ពេល​យ៉ាកុប​និង​យ៉ូហាន​ដែល​ជា​អ្នក​កាន់​តាម​លោក ព្រម​ទាំង​ម្ដាយ​របស់​ពួក​គាត់បាន​សុំ​ឯកសិទ្ធិ​មួយ​ដែល​លោក​យេស៊ូ​គ្មាន​សិទ្ធិ​ផ្ដល់​ឲ្យ។ ភ្លាម​ៗ​លោក​យេស៊ូ​បាន​តប​ថា មាន​តែ​បិតា​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​អាច​សម្រេច​ចិត្ត​ថា​អ្នក​ណា​នឹង​អង្គុយ​នៅ​ខាង​ឆ្វេង​និង​ខាង​ស្ដាំ​លោក​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថ. ២០:២០​-​២៣​) លោក​យេស៊ូ​បង្ហាញ​ថា​លោក​មិន​ចង់​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន​ឡើយ។ លោក​មាន​ចិត្ត​សុភាព​រាប​ទាប។ លោក​មិន​ដែល​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ប្រគល់​សិទ្ធិ​ឲ្យ​លោក​ធ្វើ​ទេ។ (​យ៉ូន. ១២:៤៩​) តើ​យើង​អាច​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​មាន​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥​-​១៦. តើ​យើង​អាច​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​នៅ​កូរិនថូស​ទី​១ ៤:៦​តាម​របៀប​ណា?

១៥ យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ពេល​យើង​អនុវត្ត​យោបល់​ពី​គម្ពីរ​នៅ​កូរិនថូស​ទី​១ ៤:៦។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​កុំ​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»។ ដូច្នេះ​ពេល​អ្នក​ឯ​ទៀត​សុំ​យោបល់​ពី​យើង យើង​មិន​ចង់​បង្ខំ​ពួក​គេ​ឲ្យ​ទទួល​យោបល់​របស់​យើង ឬ​ឲ្យ​យោបល់​ដោយ​មិន​បាន​គិត​ពិចារណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​យោបល់​ដែល​មាន​ក្នុង​គម្ពីរ​និង​សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ដោយ​ធ្វើ​ដូច្នេះ នេះ​បង្ហាញ​ថា​យើង​ទទួល​ស្គាល់​ថា​យើង​មិន​ដឹង​អ្វី​ទាំង​អស់​ទេ។ យ៉ាង​នេះ យើង​បង្ហាញ​ថា​យើង​មាន​ចិត្ត​រាប​ទាប ដោយ​សារ​យើង​យល់​ថា​យោបល់​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ប្រសើរ​ជាង​យោបល់​របស់​ខ្លួន។—បប. ១៥:៣, ៤

១៦ ក្រៅ​ពី​ការ​លើក​តម្កើង​ព្រះ​យេហូវ៉ា យើង​មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​យើង​គួរ​មាន​ចិត្ត​រាប​ទាប។ ឥឡូវ​យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ការ​មាន​ចិត្ត​រាប​ទាប​អាច​នាំ​ឲ្យ​យើង​មាន​អំណរ​និង​ជួយ​យើង​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។

ហេតុ​អ្វី​ការ​មាន​ចិត្ត​រាប​ទាប​គឺ​ជា​ការ​ល្អ?

១៧. ហេតុ​អ្វី​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប ហើយ​ដែល​ទទួល​ស្គាល់​ថា​មាន​អ្វី​ខ្លះ​ដែល​ពួក​គេ​មិន​អាច​ធ្វើ គឺ​សប្បាយ​ចិត្ត?

១៧ បើ​យើង​មាន​ចិត្ត​រាប​ទាប យើង​ទំនង​ជា​នឹង​មាន​អំណរ។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​យើង​ទទួល​ស្គាល់​ថា​មាន​អ្វី​ខ្លះ​ដែល​យើង​មិន​អាច​ធ្វើ យើង​សប្បាយ​ចិត្ត​និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ជំនួយ​ណា​ក៏​ដោយ​ដែល​យើង​ទទួល​ពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ពេល​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​១០​នាក់​ដែល​កើត​ជំងឺ​ឃ្លង់​ជា​សះ​ស្បើយ។ មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រឡប់​មក​វិញ​ដើម្បី​អរគុណ​លោក​យេស៊ូ​ចំពោះ​ការ​ប្រោស​ឲ្យ​ជា​ពី​ជំងឺ​ដ៏​សាហាវ​នោះ។ បុរស​នោះ​មិន​អាច​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​គាត់​ទេ។ យ៉ាង​នេះ បុរស​ដែល​មាន​ចិត្ត​រាប​ទាប​នោះ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ជំនួយ​ដែល​គាត់​បាន​ទទួល ហើយ​គាត់​បាន​សរសើរ​តម្កើង​ព្រះ​ចំពោះ​ជំនួយ​នោះ។—លូក. ១៧:១១​-​១៩

១៨. តើ​ចិត្ត​រាប​ទាប​ជួយ​យើង​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (​រ៉ូម ១២:១០​)

១៨ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប និង​ដែល​ទទួល​ស្គាល់​ថា​មាន​អ្វី​ខ្លះ​ដែល​ពួក​គេ​មិន​អាច​ធ្វើ ច្រើន​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត និង​មាន​មិត្ត​ជិត​ស្និទ្ធ​ផង​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ឆាប់​ទទួល​ស្គាល់​ថា​អ្នក​ឯ​ទៀត​មាន​គុណ​សម្បត្តិ​ដែល​គួរ​ឲ្យ​សរសើរ ហើយ​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ពួក​គេ។ បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​សប្បាយ​ចិត្ត ពេល​អ្នក​ឯ​ទៀត​បំពេញ​ភារកិច្ច​យ៉ាង​ល្អ ហើយ​គាត់​ឆាប់​សរសើរ​និង​លើក​កិត្តិយស​ពួក​គេ។—សូម​អាន រ៉ូម ១២:១០

១៩. ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​អំណួត?

១៩ មនុស្ស​ដែល​មាន​អំណួត​ពិបាក​សរសើរ​អ្នក​ឯ​ទៀត ដោយ​សារ​ពួក​គេ​ចង់​ទទួល​ការ​សរសើរ​ចំពោះ​ខ្លួន​ឯង។ ពួក​គេ​ច្រើន​តែ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ហើយ​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា។ ជា​ជាង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​និង​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គេ បុគ្គល​ដែល​មាន​អំណួត​ច្រើន​តែ​មាន​ទស្សនៈ​ថា​ត្រូវ​តែ​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង បើ​ពុំ​នោះ​ទេ គាត់​មាន​ទស្សនៈ​ថា​នោះ​ធ្វើ​ដោយ​មិន​ត្រឹម​ត្រូវ។ ពួក​គេ​ក៏​ច្រើន​តែ​មាន​មហិច្ឆតា​និង​ចិត្ត​ច្រណែន​ដែរ។ (​កាឡ. ៥:២៦​) មនុស្ស​បែប​នោះ​មិន​សូវ​មាន​មិត្តភាព​យូរ​អង្វែង​ទេ។ បើ​យើង​ពិនិត្យ​ពិចារណា​ឃើញ​ថា​យើង​មាន​អំណួត យើង​គួរ​អធិដ្ឋាន​ស្មោះ​អស់​ពី​ចិត្ត​សុំ​ជំនួយ​ពីព្រះ​យេហូវ៉ា​ឲ្យ​‹ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង›​ដើម្បី​កុំ​ឲ្យ​គុណ​វិបត្តិ​នេះ​ទៅ​ជា​បុគ្គលិក​លក្ខណៈ​របស់​យើង។—រ៉ូម ១២:២

២០. ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​រាប​ទាប?

២០ យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​យើង​មាន​គំរូ​ល្អ​របស់​ព្រះ​យេហូវ៉ា! តាម​រយៈ​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​លោក យើង​អាច​ឃើញ​ថា​លោក​មាន​ចិត្ត​រាប​ទាប ហើយ​យើង​ក៏​ចង់​យក​តម្រាប់​លោក។ ម្យ៉ាង​ទៀត យើង​ចង់​ធ្វើ​តាម​គំរូ​ដ៏​ល្អ​នៅ​ក្នុង​គម្ពីរ​អំពី​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប ដែល​មាន​ឯកសិទ្ធិ​ដើរ​ជា​មួយ​នឹង​ព្រះ។ សូម​យើង​ផ្ដល់​ឲ្យ​ព្រះ​យេហូវ៉ា​ជា​និច្ច នូវ​ការ​សរសើរ​តម្កើង​និង​កិត្តិយស​ដែល​លោក​សម​នឹង​ទទួល។ (​បប. ៤:១១​) បើ​យើង​ធ្វើ​អ្វី​ទាំង​អស់​នេះ យើង​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​ជា​រៀង​រហូត ដោយ​សារ​លោក​ស្រឡាញ់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប និង​ដែល​ទទួល​ស្គាល់​ថា​មាន​អ្វី​ខ្លះ​ដែល​ពួក​គេ​មិន​អាច​ធ្វើ។

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀបចំ​របស់​ព្រះ

^ វគ្គ 5 តាម​ធម្មតា បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប មាន​សេចក្ដី​មេត្តា​ករុណា​និង​អាណិត​អាសូរ។ ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប យើង​ដឹង​ដូច្នេះ​ដោយ​សារ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក​ឯ​ទៀត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​គំរូ​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​រាប​ទាប។ យើង​ក៏​នឹង​រៀន​ថែម​ទៀត​អំពី​ចិត្ត​រាប​ទាប​ពី​គំរូ​របស់​ស្ដេច​សុល ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ និង​លោក​យេស៊ូ។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ម្នាក់​លៃ​ទុក​ពេល​ដើម្បី​បង្ហាត់​បង្រៀន​ប្អូន​ប្រុស​ដែល​មាន​វ័យ​ក្មេង​ជាង ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​តំបន់​ផ្សាយ​សម្រាប់​ក្រុម​ជំនុំ។ ក្រោយ​មក​អ្នក​ចាស់​ទុំ​នោះ​មិន​ព្យាយាម​គ្រប់​គ្រង​លើ​បុរស​វ័យ​ក្មេង​នោះ​ទេ តែ​អនុញ្ញាត​ឲ្យ​គាត់​បំពេញ​ភារកិច្ច​នោះ​ដោយ​ខ្លួន​ឯង។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​សួរ​អ្នក​ចាស់​ទុំ​ថា តើ​សម​រម្យ​ឬ​ទេ ឲ្យ​គាត់​ចូល​រួម​ពិធី​មង្គល​ការ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​វិហារ។ អ្នក​ចាស់​ទុំ​នោះ​មិន​ប្រាប់​គាត់​អំពី​ទស្សនៈ​របស់​ខ្លួន​ទេ តែ​ពិចារណា​គោលការណ៍​គម្ពីរ​ខ្លះ​ជា​មួយ​គាត់។