លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៩

ចូរគាំទ្របងប្អូនស្រីគ្រិស្តសាសនិក

ចូរគាំទ្របងប្អូនស្រីគ្រិស្តសាសនិក

​«​ពួក[​ស្ត្រី​]​ដែល​ប្រកាស​ប្រាប់​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់​»។—ទំនុក. ៦៨:១១

ចម្រៀង​លេខ​១៣៧ ស្ត្រី​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់

សេចក្ដី​សង្ខេប *

បង​ប្អូន​ស្រី​របស់​យើង​មាន​ចិត្ត​ខ្នះ​ខ្នែង ហើយ​ជាប់​រវល់​ក្នុង​កិច្ចការ​ផ្សេង​ៗ។ ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ កិច្ច​ផ្សព្វ​ផ្សាយ ជួយ​ថែ​ទាំ​សាល​ប្រជុំ និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​រួម​ជំនឿ (​សូម​មើល​វគ្គ​១)

១. តើ​បង​ប្អូន​ស្រី​ផ្ដល់​ការ​គាំទ្រ​អ្វី​ដល់​អង្គការ​របស់​ព្រះ ប៉ុន្តែ​តើ​ពួក​គេ​ជា​ច្រើន​ជួប​ការ​ពិបាក​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

យើង​ពិត​ជា​សប្បាយ​ចិត្ត ដែល​យើង​មាន​បង​ប្អូន​ស្រី​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ ដែល​ខំ​ប្រឹង​ធ្វើ​កិច្ចការ​ផ្សេង​ៗ​! ជា​ឧទាហរណ៍ ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ។ បង​ប្អូន​ស្រី​ខ្លះ ជួយ​ថែ​ទាំ​សាល​ប្រជុំ ហើយ​បង្ហាញ​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ ពួក​គេ​ច្បាស់​ជា​មាន​ការ​ពិបាក។ អ្នក​ខ្លះ​ទៀត ត្រូវ​មើល​ថែ​ឪពុក​ម្ដាយ​វ័យ​ចាស់។ បង​ប្អូន​ស្រី​ឯ​ទៀត​ទទួល​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ។ រីឯ​អ្នក​ខ្លះ​ទៀត​ជា​ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​តែ​ម្នាក់​ឯង។

២. ហេតុ​អ្វី​យើង​គួរ​គាំ​ទ្រ​បង​ប្អូន​ស្រី?

ហេតុ​អ្វី​យើង​គួរ​គាំ​ទ្រ​បង​ប្អូន​ស្រី? ពី​ព្រោះ​ពិភព​លោក​មិន​តែង​តែ​លើក​កិត្តិយស​ស្ត្រី ដូច​ដែល​ពួក​គេ​សម​នឹង​ទទួល​ទេ។ បន្ថែម​ពី​នេះ​ទៅ​ទៀត គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គាំទ្រ​ពួក​គេ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ប្រាប់​ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម​ឲ្យ​ទទួល​ស្វាគមន៍​ភីបេ និង​«​ជួយ​នាង​ក្នុង​រឿង​អ្វី​ក៏​ដោយ​ដែល​នាង​ត្រូវ​ការ​»។ (​រ៉ូម ១៦:១, ២​) ពេល​ប៉ូល​ជា​ផារិស៊ី គាត់​នៅ​ក្នុង​ក្រុម​មនុស្ស​មួយ ដែល​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​ដូច​ជា​ពួក​គេ​អន់​ជាង​បុរស។ ប៉ុន្តែ ក្រោយ​ពី​គាត់​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​យក​តម្រាប់​លោក​យេស៊ូ ដោយ​លើក​កិត្តិយស​ស្ត្រី​និង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ពួក​គេ។—១កូ. ១១:១

៣. តើ​លោក​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ស្ត្រី ហើយ​តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ស្ត្រី​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ?

លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ដោយ​ការ​គោរព​ចំពោះ​ស្ត្រី​ទាំង​អស់។ (​យ៉ូន. ៤:២៧​) លោក​មិន​មាន​ទស្សនៈ​ដូច​អ្នក​ដឹក​នាំ​សាសនា​យូដា​នៅ​សម័យ​របស់​លោក​ឡើយ។ តាម​ការ​ពិត ឯកសារ​យោង​មួយ​អំពី​គម្ពីរ​ចែង​ថា​៖ ​«​លោក​យេស៊ូ​មិន​ដែល​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ត្រី​អាប់​ឱន​កិត្តិយស​ទេ​»។ ជា​ពិសេស​លោក​យេស៊ូ​មាន​ការ​គោរព​ចំពោះ​ស្ត្រី​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។ អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ពេល​លោក​រៀប​រាប់​អំពី​អ្នក​ណា​ដែល​លោក​ចាត់​ទុក​ថា​ជា​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​លោក លោក​បាន​រួម​បញ្ចូល​ទាំង​បុរស​ទាំង​ស្ត្រី​ផង​ដែរ។—ម៉ាថ. ១២:៥០

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

លោក​យេស៊ូ​តែង​តែ​ប្រុង​ប្រៀប​ជា​និច្ច ដើម្បី​ជួយ​ប្អូន​ស្រី​រួម​ជំនឿ​របស់​លោក។ លោក​បង្ហាញ​ថា​ពួក​គេ​មាន​តម្លៃ​ចំពោះ​លោក ហើយ​និយាយ​ការពារ​ពួក​គេ។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ស្រី។

សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ស្រី​របស់​យើង

៥. ហេតុ​អ្វី​បង​ប្អូន​ស្រី​ខ្លះ​ប្រហែល​ជា​ពិបាក​មាន​ការ​សេព​គប់​ល្អ?

យើង​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ត្រូវ​ការ​ការ​សេព​គប់​ល្អ។ ប៉ុន្តែ​ជួន​កាល​បង​ប្អូន​ស្រី ប្រហែល​ជា​ពិបាក​មាន​ការ​សេព​គប់​ល្អ​ដែល​ពួក​គេ​ត្រូវ​ការ។ ហេតុ​អ្វី? សូម​គិត​អំពី​ពាក្យ​សម្ដី​របស់​បង​ប្អូន​ខ្លះ។ បង​ស្រី​ម្នាក់​ឈ្មោះ​ចូដាន់ *និយាយ​ថា​៖ ​«​ដោយ​សារ​ខ្ញុំ​នៅ​លីវ ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មែន​ជា​បុគ្គល​សំខាន់​អី​ក្នុង​ក្រុម​ជំនុំ​ទេ ហើយ​ថា​ខ្ញុំ​ខុស​ពី​គេ​»។ បង​ស្រី​គ្រីស្ទិន ជា​អ្នក​ត្រួស​ត្រាយ​ដែល​បាន​រើ​ផ្ទះ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ និយាយ​ថា​៖ ​«​ពេល​យើង​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី យើង​ប្រហែល​ជា​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​»។ បង​ប្អូន​ប្រុស​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ស្រដៀង​គ្នា​ដែរ។ បុគ្គល​ដែល​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ប្រហែល​ជា​ពិបាក​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​ក៏​មាន​អារម្មណ៍​ថា​ដាច់​ឆ្ងាយ​ពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែរ។ បង​ប្អូន​ស្រី​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ ដោយ​សារ​ពួក​គេ​ឈឺ ហើយ​មិន​អាច​ចាក​ចេញ​ពី​ផ្ទះ ឬ​ដោយ​សារ​ពួក​គេ​ប្រហែល​ជា​ត្រូវ​ថែ​រក្សា​សមាជិក​គ្រួសារ​ដែល​ឈឺ។ បង​ស្រី​អាណេត​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​សេព​គប់​ជា​មួយ​បង​ប្អូន ដោយ​សារ​ខ្ញុំ​ជា​អ្នក​ថែ​ទាំ​ម្ដាយ​ខ្ញុំ​»។

ដូច​លោក​យេស៊ូ យើង​អាច បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បង​ប្អូន​ស្រី​ដ៏​ស្មោះ​ត្រង់ (​សូម​មើល​វគ្គ​៦​-​៩​) *

៦. ដូច​បាន​កត់​ទុក​នៅ​លូកា ១០:៣៨​-​៤២ តើ​លោក​យេស៊ូ​បាន​ជួយ​ម៉ាថា​និង​ម៉ារៀ​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​ចំណាយ​ពេល​ជា​មួយ​ស្ត្រី​ដែល​ជា​អ្នក​បម្រើ​ព្រះ ហើយ​លោក​ជា​មិត្ត​ពិត​របស់​ពួក​គេ។ សូម​គិត​អំពី​មិត្តភាព​ដែល​លោក​មាន​ជា​មួយ​ម៉ារៀ​និង​ម៉ាថា។ ពួក​គេ​ទំនង​ជា​ស្ត្រី​នៅ​លីវ។ (​សូម​អាន លូកា ១០:៣៨​-​៤២) លោក​យេស៊ូ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក។ ជា​ឧទាហរណ៍ ម៉ារៀ​មាន​អារម្មណ៍​ស្រួល​អង្គុយ​នៅ​ក្បែរ​ជើង​របស់​លោក ក្នុង​នាម​ជា​អ្នក​កាន់​តាម។ * រីឯ​ម៉ាថា គាត់​មិន​ខ្លាច​ប្រាប់​លោក​យេស៊ូ​អំពី​អារម្មណ៍​របស់​គាត់ ពេល​គាត់​អន់​ចិត្ត​ដោយ​សារ​ម៉ារៀ​មិន​ជួយ​គាត់។ នៅ​ពេល​នោះ លោក​យេស៊ូ​បាន​ជួយ​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ឲ្យ​រៀន​មេ​រៀន​សំខាន់​ៗ។ លោក​យេស៊ូ​ក៏​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​ទាំង​នេះ​និង​ឡាសា​ដែល​ជា​បង​ប្អូន​របស់​ពួក​គាត់​ដែរ ដោយ​ទៅ​លេង​ពួក​គាត់​នៅ​ពេល​ផ្សេង​ទៀត។ (​យ៉ូន. ១២:១​-​៣​) ដូច្នេះ ពេល​ឡាសា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ម៉ារៀ​និង​ម៉ាថា​ដឹង​ថា​ពួក​គាត់​អាច​សុំ​ជំនួយ​ពី​លោក​យេស៊ូ​បាន។—យ៉ូន. ១១:៣,

៧. តើ​យើង​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ស្រី​តាម​របៀប​ណា?

ចំពោះ​បង​ប្អូន​ស្រី​ខ្លះ កិច្ច​ប្រជុំ​ជា​ឱកាស​ធំ​ជាង​គេ​ដើម្បី​សេព​គប់​បង​ប្អូន​រួម​ជំនឿ។ ដូច្នេះ យើង​ចង់​ប្រើ​ឱកាស​នោះ​ដើម្បី​ស្វាគមន៍​ពួក​គេ និយាយ​ជា​មួយ​ពួក​គេ និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ បង​ចូដាន់​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​អ្នក​ឯ​ទៀត​សរសើរ​ចម្លើយ​របស់​ខ្ញុំ​នៅ​កិច្ច​ប្រជុំ ណាត់​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ ឬ​បង្ហាញ​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​»។ យើង​ត្រូវ​បង្ហាញ​បង​ប្អូន​ស្រី​ថា ពួក​គេ​គឺ​សំខាន់​ចំពោះ​យើង។ បង​ស្រី​ឃីអា​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​មិន​បាន​ទៅ​កិច្ច​ប្រជុំ បង​ប្អូន​នឹង​ផ្ញើ​សារ​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ដូច្នេះ​ខ្ញុំ​ដឹង​ថា​បង​ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​»។

៨. តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​តាម​របៀប​ណា​ទៀត?

ដូច​លោក​យេស៊ូ យើង​អាច​លៃ​ទុក​ពេល​ដើម្បី​សេព​គប់​ជា​មួយ​បង​ប្អូន​ស្រី។ យើង​ប្រហែល​ជា​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​បរិភោគ​អាហារ​ជា​មួយ​យើង ឬ​លេង​ការ​កម្សាន្ត​ខ្លះ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ចង់​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ត។ (​រ៉ូម ១:១១, ១២​) លោក​យេស៊ូ​ដឹង​ថា​អ្នក​ខ្លះ​ពិបាក​នៅ​លីវ តែ​លោក​ក៏​បញ្ជាក់​ដែរ​ថា ការ​រៀប​អាពាហ៍​ពិពាហ៍​ឬ​ការ​មាន​កូន​មិន​នាំ​ឲ្យ​មាន​សុភមង្គល​ដែល​ស្ថិតស្ថេរ​ទេ។ (​លូក. ១១:២៧, ២៨​) ផ្ទុយ​ទៅ​វិញ សុភមង្គល​ដែល​ស្ថិតស្ថេរ​គឺ​មក​ពី​ការ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (​ម៉ាថ. ១៩:១២​) អ្នក​ចាស់​ទុំ​គួរ​មាន​ចិត្ត​គំនិត​ដូច​លោក។

៩. តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​បង​ប្អូន​ស្រី?

ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​គ្រិស្ត​សាសនិក​ដូច​ជា​ម្ដាយ​និង​បង​ប្អូន​រួម​ជំនឿ។ (​១ធី. ៥:១, ២​) ជា​ការ​ល្អ​ដែល​ពួក​អ្នក​ចាស់​ទុំ​លៃ​ទុក​ពេល​និយាយ​ជា​មួយ​បង​ប្អូន​ស្រី​មុន​ឬ​ក្រោយ​កិច្ច​ប្រជុំ។ បង​គ្រីស្ទិន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖ ​«​អ្នក​ចាស់​ទុំ​ម្នាក់​ឃើញ​ថា​ខ្ញុំ​រវល់​ណាស់ ហើយ​គាត់​ចង់​ដឹង​អំពី​កាល​វិភាគ​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​សប្បាយ​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​»។ ពេល​ពួក​អ្នក​ចាស់​ទុំ​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ស្រី ពួក​គេ​បង្ហាញ​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ទាំង​នោះ។ * បង​អាណេត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ លើក​បញ្ជាក់​អំពី​ប្រយោជន៍​មួយ​ដែល​មក​ពី​ការ​និយាយ​ជា​រឿយ​ៗ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ស្គាល់​ពួក​គេ​ច្បាស់​ជាង ហើយ​ពួក​គេ​ក៏​ស្គាល់​ខ្ញុំ​ដែរ។ ដូច្នេះ​ពេល​ខ្ញុំ​មាន​បញ្ហា ខ្ញុំ​មាន​អារម្មណ៍​ស្រួល​សុំ​ជំនួយ​ពី​ពួក​គេ​ជាង​»។

ចូរ​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ស្រី

១០. តើ​អ្វី​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​របស់​យើង​សប្បាយ​ចិត្ត?

១០ មិន​ថា​យើង​ប្រុស​ឬ​ស្រី​ក្ដី យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ពេល​អ្នក​ឯ​ទៀត​ទទួល​ស្គាល់​សមត្ថភាព​របស់​យើង ហើយ​ប្រាប់​យើង​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​កិច្ចការ​ដែល​យើង​ធ្វើ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ឯ​ទៀត​មិន​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​របស់​យើង​ឬ​កិច្ចការ​ដែល​យើង​ធ្វើ យើង​ធ្លាក់​ទឹក​ចិត្ត។ បង​ស្រី​អាបឺហ្គេល​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​លីវ​ម្នាក់​សារភាព​ថា ជួន​កាល​គាត់​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​មិន​អើពើ​នឹង​គាត់។ គាត់​និយាយ​ថា​៖ ​«​គេ​មើល​មក​ខ្ញុំ គ្រាន់​តែ​ជា​បង​ប្អូន​ស្រី​របស់​អ្នក​នេះ​ឬ​របស់​អ្នក​នោះ ជា​កូន​ស្រី​របស់​អ្នក​នេះ​ឬ​របស់​អ្នក​នោះ។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​កត់​សម្គាល់​ខ្ញុំ​ទេ​»។ សូម​គិត​អំពី​ពាក្យ​របស់​បង​ស្រី​ម្នាក់​ដែល​នៅ​លីវ​ឈ្មោះ​ផេម។ គាត់​ធ្លាប់​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ​ជា​សាសនទូត។ ក្រោយ​មក គាត់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​មើល​ថែ​ឪពុក​ម្ដាយ។ ឥឡូវ គាត់​មាន​អាយុ​៧០​ឆ្នាំ​ជាង ហើយ​គាត់​នៅ​តែ​ជា​អ្នក​ត្រួស​ត្រាយ។ បង​ផេម​និយាយ​ថា​៖ ​«​អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ច្រើន​បំផុត គឺ​ពេល​អ្នក​ឯ​ទៀត​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​»។

១១. តើ​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​ពួក​ស្ត្រី​ដែល​ជួយ​បម្រើ​លោក​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក?

១១ ស្ត្រី​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​«​ប្រើ​ធន​ធាន​របស់​ខ្លួន​»​ដើម្បី​បម្រើ​លោក​យេស៊ូ ហើយ​លោក​ឲ្យ​តម្លៃ​ខ្លាំង​ចំពោះ​ជំនួយ​ពី​ពួក​គេ។ (​លូក. ៨:១​-​៣​) លោក​មិន​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ឯកសិទ្ធិ​បម្រើ​លោក​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បង្រៀន​ពួក​គេ​សេចក្ដី​ពិត​ដ៏​សំខាន់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ ជា​ឧទាហរណ៍ លោក​ប្រាប់​ពួក​គេ​ថា​លោក​នឹង​ស្លាប់ ហើយ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​លូក. ២៤:៥​-​៨​) ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​ពួក​សាវ័ក លោក​បាន​ជួយ​ស្ត្រី​ទាំង​នោះ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក​ដែល​ពួក​គេ​នឹង​ជួប​ប្រទះ។ (​ម៉ាក. ៩:៣០​-​៣២; ១០:៣២​-​៣៤​) គឺ​គួរ​ឲ្យ​កត់​សម្គាល់​ថា ទោះ​ជា​ពួក​សាវ័ក​រត់​គេច​ខ្លួន​ពេល​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ខ្លួន​ក្ដី ស្ត្រី​មួយ​ចំនួន​ដែល​បាន​គាំទ្រ​លោក នៅ​ក្បែរ​លោក​កាល​ដែល​លោក​ជិត​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម។—ម៉ាថ. ២៦:៥៦; ម៉ាក. ១៥:៤០, ៤១

១២. តើ​លោក​យេស៊ូ​បាន​ប្រគល់​កិច្ចការ​អ្វី​ដល់​ស្ត្រី?

១២ លោក​យេស៊ូ​បាន​ប្រគល់​កិច្ចការ​ដ៏​សំខាន់​ដល់​ស្ត្រី។ ជា​ឧទាហរណ៍ ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ជា​សាក្សី​ដំបូង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​លោក។ លោក​បាន​សុំ​ស្ត្រី​ទាំង​នោះ​ឲ្យ​ប្រាប់​ពួក​សាវ័ក​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ (​ម៉ាថ. ២៨:៥, ៩, ១០​) ម្យ៉ាង​ទៀត ពេល​ព្រះ​ចាក់​សកម្មពល​បរិសុទ្ធ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ប្រហែល​ជា​ស្ត្រី​ខ្លះ​មាន​វត្តមាន​នៅ​ទី​នោះ។ បើ​ដូច្នេះ ស្ត្រី​ដែល​ទើប​តែ​បាន​រើស​តាំង​ទាំង​នោះ ប្រហែល​ជា​បាន​ទទួល​សមត្ថភាព​ដ៏​អស្ចារ្យ​និយាយ​ភាសា​បរទេស និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​«​ការ​ដ៏​រុង​រឿង​របស់​ព្រះ​»។—សកម្ម. ១:១៤; ២:២​-​៤, ១១

១៣. តើ​ស្ត្រី​ជា​គ្រិស្ត​សាសនិក​កំពុង​ធ្វើ​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ?

១៣ បង​ប្អូន​ស្រី​របស់​យើង​សម​នឹង​ទទួល​ការ​សរសើរ​ចំពោះ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ កិច្ច​បម្រើ​នោះ រួម​បញ្ចូល​ការ​សាង​សង់​និង​ថែ​ទាំ​អគារ​ផ្សេង​ៗ ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​ដែល​និយាយ​ភាសា​បរទេស និង​ការ​ស្ម័គ្រ​ចិត្ត​បម្រើ​នៅ​បេតអែល។ ពួក​គេ​ចូល​រួម​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ពេល​មាន​មហន្តរាយ ជួយ​បក​ប្រែ​សៀវភៅ​របស់​យើង ហើយ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​និង​សាសនទូត។ ដូច​បង​ប្អូន​ប្រុស​ដែរ បង​ប្អូនស្រី​ចូល​រួម​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ សាលា​បង្ហាត់​បង្រៀន​អ្នកផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ និង​សាលា​គីលាត។ បន្ថែម​ទៅ​ទៀត បង​ប្អូន​ស្រី​ដែល​ជា​ប្រពន្ធ​ជួយ​ប្ដី ដើម្បី​គាត់​អាច​បំពេញ​ភារកិច្ច​ដ៏​ធំ​ក្នុង​ក្រុម​ជំនុំ និង​ក្នុង​អង្គការ​របស់​ព្រះ។ បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រពន្ធ​ទេ បង​ប្រុស​ៗ​ដែល​មាន​ភារកិច្ច មិន​អាច​បំពេញ​ភារកិច្ច​ឲ្យ​បាន​ពេញ​លេញ ក្នុង​នាម​ជា​«​អំណោយ​ជា​មនុស្ស​»​ឡើយ។ (​អេភ. ៤:៨​) តើ​អ្នក​អាច​គិត​អំពី​របៀប​ជួយ​បង​ប្អូន​ស្រី​ទាំង​នេះ​បំពេញ​កិច្ចការ​របស់​ពួក​គេ​ឬ​ទេ?

១៤. ដូច​ដែល​បាន​ចែង​នៅ​ទំនុក​តម្កើង ៦៨:១១ តើ​អ្នក​ចាស់​ទុំ​ដ៏​ឈ្លាស​វៃ​ធ្វើ​អ្វី?

១៤ អ្នក​ចាស់​ទុំ​ដ៏​ឈ្លាស​វៃ​ទទួល​ស្គាល់​ថា បង​ប្អូន​ស្រី​«​មាន​គ្នា​ច្រើន​ណាស់​»​ ប្រៀប​ដូច​ជា​កង​ទ័ព​ដ៏​ធំ​ដែល​សុខ​ចិត្ត​ធ្វើ​កិច្ចការ​ផ្សេង​ៗ ហើយ​ថា​ពួក​គេ​ច្រើន​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​សូម​អាន ទំនុក​តម្កើង ៦៨:១១ពី​កំណត់​សម្គាល់ *) ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​រៀន​ពី​បង​ប្អូន​ស្រី។ បង​អាបឺហ្គេល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​បង​ប្រុស​ៗ​សួរ​យោបល់​គាត់​ថា តើ​ពាក្យ​ផ្ដើម​បែប​ណា​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ផ្សាយ។ គាត់​និយាយ​ថា​៖ ​«​នេះ​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា ព្រះ​យេហូវ៉ា​មាន​កិច្ចការ​ដ៏​សំខាន់​ឲ្យ​ខ្ញុំ​ធ្វើ​ក្នុង​អង្គការ​របស់​លោក​»។ អ្នក​ចាស់​ទុំ​ក៏​ទទួល​ស្គាល់​ថា បង​ស្រី​ដ៏​ស្មោះ​ត្រង់​ដែល​មាន​ភាព​ចាស់​ទុំ ពូកែ​ជួយ​បង​ប្អូន​ស្រី​ដែល​មាន​ភាព​វ័យ​ក្មេង​ជាង​ឲ្យ​យក​ឈ្នះ​នឹង​បញ្ហា​ផ្សេង​ៗ។ (​ទីត. ២:៣​-​៥​) បង​ប្អូន​ស្រី​របស់​យើង​ពិត​ជា​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​សរសើរ​ពី​យើង។

ចូរ​និយាយ​ការពារ​និង​ជួយ​បង​ប្អូន​ស្រី

១៥. តើ​បង​ប្អូន​ស្រី​ប្រហែល​ជា​ត្រូវ​ការ​បុគ្គល​ណា​ម្នាក់​ឲ្យ​និយាយ​ការពារ​ពួក​គេ​នៅ​ពេល​ណា​ខ្លះ?

១៥ ជួន​កាល​បង​ប្អូន​ស្រី ប្រហែល​ជា​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ឲ្យ​ជួយ​និយាយ​ការពារ​ពួក​គេ ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​ណា​មួយ។ (​អេ. ១:១៧​) ជា​ឧទាហរណ៍ បង​ស្រី​មេម៉ាយ ប្រហែល​ជា​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ឲ្យ​ជួយ​និយាយ​ការពារ​គាត់​ពេល​គាត់​ជួប​បញ្ហា ហើយ​ជួយ​ធ្វើ​កិច្ចការ​ដែល​ប្ដី​របស់​គាត់​ធ្លាប់​ធ្វើ។ បង​ស្រី​វ័យ​ចាស់​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​និយាយ​ជា​មួយ​ពេទ្យ។ បង​ស្រី​ត្រួស​ត្រាយ​ដែល​បំពេញ​ភារកិច្ច​ផ្សេង​ទៀត​សម្រាប់​អង្គការ​របស់​ព្រះ​យេហូវ៉ា ប្រហែល​ជា​ត្រូវ​ការ​អ្នក​និយាយ​ការពារ​គាត់ បើ​អ្នក​ឯ​ទៀត​រិះ​គន់​គាត់​ដោយ​សារ​គាត់​មិន​ផ្សព្វ​ផ្សាយ​ច្រើន​ដូច​អ្នក​ត្រួស​ត្រាយ​ផ្សេង​ទៀត។ តើ​យើង​អាច​ជួយ​បង​ប្អូន​ស្រី​បែប​នេះ​តាម​របៀប​ណា? សូម​យើង​គិត​ម្ដង​ទៀត​អំពី​គំរូ​របស់​លោក​យេស៊ូ។

១៦. យោង​ទៅ​តាម​ម៉ាកុស ១៤:៣​-​៩ តើ​លោក​យេស៊ូ​បាន​និយាយ​ការពារ​ម៉ារៀ​យ៉ាង​ដូច​ម្ដេច?

១៦ លោក​យេស៊ូ​មិន​ស្ទាក់​ស្ទើរ​និយាយ​ការពារ​បង​ប្អូន​ស្រី ពេល​អ្នក​ឯ​ទៀត​យល់​ច្រឡំ​ពួក​គេ។ ជា​ឧទាហរណ៍ លោក​បាន​និយាយ​ការពារ​ម៉ារៀ ពេល​ម៉ាថា​បាន​ត្អូញត្អែរ​ដាក់​នាង។ (​លូក. ១០:៣៨​-​៤២​) លោក​ក៏​បាន​និយាយ​ការពារ​ម៉ារៀ​ម្ដង​ទៀត​ដែរ ពេល​អ្នក​ឯ​ទៀត​ស្ដី​បន្ទោស​នាង ដោយ​សារ​ពួក​គេ​គិត​ថា​នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ។ (​សូម​អាន ម៉ាកុស ១៤:៣​-​៩) លោក​យេស៊ូ​យល់​អំពី​បំណង​ចិត្ត​របស់​ម៉ារៀ ហើយ​សរសើរ​នាង​ថា​៖ ​«​នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ . . . នាង​បាន​ធ្វើ​អស់​ពី​សមត្ថភាព​»។ លោក​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ថា ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​របស់​នាង​នឹង​ត្រូវ​លើក​ឡើង​«​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក​»​ ដូច​ដែល​យើង​ឃើញ​ក្នុង​អត្ថបទ​នេះ។ ពេល​លោក​យេស៊ូ​បាន​សរសើរ​ម៉ារៀ​ចំពោះ​ការ​ប្រព្រឹត្ត​នោះ​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​ក៏​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ ពាក្យ​របស់​លោក​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ារៀ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ក្រោយ​ពី​គេ​បាន​យល់​ច្រឡំ​នាង។

១៧. សូម​លើក​ឧទាហរណ៍​មួយ​អំពី​ពេល​យើង​ប្រហែល​ជា​ត្រូវ​និយាយ​ការពារ​បង​ប្អូន​ស្រី​ណា​ម្នាក់?

១៧ តើ​អ្នក​និយាយ​ការពារ​បង​ប្អូន​ស្រី​រួម​ជំនឿ ពេល​ពួក​គេ​ត្រូវ​ការ​ឬ​ទេ? សូម​គិត​អំពី​ឧទាហរណ៍​ដូច​ត​ទៅ។ អ្នក​ផ្សាយ​ខ្លះ​ឃើញ​ថា បង​ស្រី​ម្នាក់​ដែល​មាន​ប្ដី​មិន​មែន​ជា​អ្នក​ជឿ ច្រើន​តែ​មក​ដល់​កិច្ច​ប្រជុំ​យឺត ហើយ​ចេញ​ទៅ​វិញ​ភ្លាម​ៗ​ក្រោយ​ពី​កិច្ច​ប្រជុំ​ចប់។ ពួក​គេ​ឃើញ​ថា​គាត់​ក៏​មិន​សូវ​យក​កូន​មក​កិច្ច​ប្រជុំ​ដែរ។ ដូច្នេះ ពួក​គេ​រិះ​គន់​គាត់​ដោយ​សារ​ពួក​គេ​គិត​ថា​គាត់​គួរ​ទាម​ទារ​ប្ដី​របស់​គាត់​អនុញ្ញាត​ឲ្យ​គាត់​យក​កូន​មក​កិច្ច​ប្រជុំ។ ប៉ុន្តែ តាម​ការ​ពិត​បង​ស្រី​នោះ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​រួច​ហើយ។ គាត់​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​ទាំង​ស្រុង​អំពី​អ្វី​ដែល​គាត់​ធ្វើ​ប្រចាំ​ថ្ងៃ​ទេ ហើយ​គាត់​ក៏​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ចំពោះ​កូន​ដែរ។ តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​មាន​បញ្ហា​នេះ​កើត​ឡើង? បើ​អ្នក​សរសើរ​បង​ស្រី​នោះ​ចំពោះ​ការ​ខំ​ប្រឹង​របស់​គាត់ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​ថា​គាត់​កំពុង​ធ្វើ​ល្អ អ្នក​ប្រហែល​ជា​អាច​បញ្ឈប់​ពាក្យ​សម្ដី​មិន​ល្អ​អំពី​គាត់។

១៨. តើ​យើង​អាច​ជួយ​បង​ប្អូន​ស្រី​តាម​វិធី​ណា​ទៀត?

១៨ យើង​អាច​បង្ហាញ​បង​ប្អូន​ស្រី​របស់​យើង​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​យ៉ាង​ណា ដោយ​ស្នើ​សុំ​ជួយ​ពួក​គេ។ (​១យ៉ូន. ៣:១៨​) បង​ស្រី​អាណេត​ដែល​បាន​មើល​ថែ​ម្ដាយ​របស់​គាត់ និយាយ​ថា​៖ ​«​បង​ប្អូន​ខ្លះ មក​ជួយ​ថែ​ទាំ​ម្ដាយ​របស់​ខ្ញុំ​អស់​មួយ​រយៈ​ពេល​ដើម្បី​ខ្ញុំ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត ឬ​ពួក​គេ​យក​ម្ហូប​ឲ្យ​ខ្ញុំ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ក្នុង​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ​»។ បង​ស្រី​ចូដាន់​ក៏​បាន​ទទួល​ជំនួយ​ដែរ។ បង​ប្រុស​ម្នាក់​បាន​បង្រៀន​គាត់​អំពី​របៀប​ថែ​ទាំ​ឡាន។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ដឹង​ថា​បង​ប្អូន​យក​ចិត្ត​ដាក់​ចំពោះ​សុវត្ថិ​ភាព​របស់​ខ្ញុំ​»។

១៩. តើ​មាន​វិធី​អ្វី​ទៀត​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​បង​ប្អូន​ស្រី?

១៩ អ្នក​ចាស់​ទុំ​ក៏​ព្យាយាម​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​ស្រី​ដែរ។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ល្អ​ទៅ​លើ​បង​ប្អូន​ស្រី។ (​យ៉ា. ១:២៧​) ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​លោក​យេស៊ូ ហើយ​មាន​គំនិត​សម​ហេតុ​ផល ដោយ​មិន​បង្កើត​ច្បាប់​នៅ​ពេល​ស្ថានភាព​ណា​មួយ​សម​ត្រឹម​ត្រូវ​ឲ្យ​យោគ​យល់។ (​ម៉ាថ. ១៥:២២​-​២៨​) ពេល​ពួក​អ្នក​ចាស់​ទុំ​ខំ​ប្រឹង​ជួយ នោះ​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ ពេល​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​របស់​បង​ស្រី​ឃីអា​ដឹង​ថា​គាត់​រើ​ផ្ទះ ភ្លាម​ៗ​បង​ប្រុស​នោះ​បាន​រៀបចំ​ជួយ​គាត់។ បង​ឃីអា​រៀប​រាប់​ថា​៖ ​«​នោះ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​ណាស់ ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​លើក​ទឹក​ចិត្ត​ខ្ញុំ និង​ផ្ដល់​ជំនួយ​ដែល​ខ្ញុំ​ត្រូវ​ការ។ ពួក​គេ​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ក្រុម​ជំនុំ ហើយ​ថា​ខ្ញុំ​មិន​មែន​នៅ​ម្នាក់​ឯង​ទេ ពេល​ខ្ញុំ​មាន​ស្ថានភាព​ពិបាក​»។

បង​ប្អូន​ស្រី​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ត្រូវ​ការ​ការ​គាំទ្រ​ពី​យើង

២០​-​២១ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ស្រឡាញ់​បង​ប្អូន​ស្រី​គ្រិស្ត​សាសនិក​ទាំង​អស់​របស់​យើង?

២០ នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ស្ត្រី​គ្រិស្ត​សាសនិក​ដ៏​ខ្នះ​ខ្នែង​ជា​ច្រើន​នាក់​ដែល​សម​នឹង​ទទួល​ការ​គាំទ្រ​ពី​យើង។ ដូច​ដែល​យើង​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ យើង​អាច​ជួយ​ពួក​គេ​ដោយ​ចំណាយ​ពេល​ជា​មួយ​ពួក​គេ ហើយ​ស្គាល់​ពួក​គេ​កាន់​តែ​ច្បាស់ យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ។ យើង​ក៏​អាច​និយាយ​ការពារ​ពួក​គេ​នៅ​ពេល​ចាំ​បាច់​ដែរ។

២១ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​បាន​លើក​ឡើង​អំពី​ស្ត្រី​គ្រិស្ត​សាសនិក​៩​នាក់។ (​រ៉ូម ១៦:១, ៣, ៦, ១២, ១៣, ១៥​) ស្ត្រី​ទាំង​នោះ​ច្បាស់​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ឮ​ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ​និង​ការ​សរសើរ​ពី​ប៉ូល។ យើង​ក៏​គួរ​គាំទ្រ​ស្ត្រី​គ្រប់​រូប​ក្នុង​ក្រុម​ជំនុំ​ដែរ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ​ជា​បង​ប្អូន​របស់​យើង។

ចម្រៀង​លេខ​១៣៦ រង្វាន់​ឥត​ខ្ចោះ​ពី​ព្រះ​យេហូវ៉ា

^ វគ្គ 5 បង​ប្អូន​ស្រី​គ្រិស្ត​សាសនិក​ជួប​ប្រទះ​នឹង​ការ​ពិបាក​ជា​ច្រើន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​គិត​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ដោយ​គាំ​ទ្រ​បង​ប្អូន​ស្រី​ក្នុង​ក្រុម​ជំនុំ។ តាម​រយៈ​គំរូ​របស់​លោក យើង​អាច​រៀន​ថា​លោក​ចំណាយ​ពេល​ជា​មួយ​ស្ត្រី ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ និង​និយាយ​ការពារ​ពួក​គេ។

^ វគ្គ 5 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 6 សព្វវចនាធិប្បាយ​មួយ​អំពី​គម្ពីរ​ចែង​ថា​៖ ​«​តាម​ធម្មតា អ្នក​កាន់​តាម​អង្គុយ​នៅ​ក្បែរ​ជើង​គ្រូ ពេល​ពួក​គេ​ត្រៀម​ខ្លួន​ធ្វើ​ជា​គ្រូ។ ក៏​ប៉ុន្តែ​ស្ត្រី​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​គ្រូ​ទេ។ . . . ដូច្នេះ បុរស​ជន​ជាតិ​យូដា​ភាគ​ច្រើន​ទំនង​ជា​ភ្ញាក់​ផ្អើល . . . បើ​ឃើញ​ម៉ារៀ​អង្គុយ​នៅ​ក្បែរ​ជើង​លោក​យេស៊ូ ហើយ​ចង់​រៀន​ពី​លោក​»។

^ វគ្គ 9 អ្នក​ចាស់​ទុំ​ប្រុង​ប្រយ័ត្ន​ពេល​ជួយ​បង​ប្អូន​ស្រី។ ជា​ឧទាហរណ៍ ពួក​គេ​មិន​គួរ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ស្រី​តែ​ម្នាក់​ឯង​ទេ។

^ វគ្គ 14 ទំនុក​តម្កើង ៦៨:១១​(​ព.ថ.​)​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ចេញ​បង្គាប់។ ពួក​ស្ត្រី​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ ពួក​នាង​ប្រៀប​ដូច​ជា​កង​ទ័ព​ដ៏​ធំ​មួយ​»។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: ដូច​លោក​យេស៊ូ បង​ប្រុស​ទាំង​បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​ដ៏​ស្មោះ​ត្រង់។ បង​ប្រុស​ម្នាក់​ជួយ​បង​ស្រី​ពីរ​នាក់​ដូរ​កង់​ឡាន​របស់​ពួក​គេ។ បង​ប្រុស​ម្នាក់​ទៀត​ទៅ​សួរ​សុខ​ទុក្ខ​បង​ស្រី​វ័យ​ចាស់​ដែល​មាន​សុខភាព​មិន​សូវ​មាំ។ បង​ប្រុស​ផ្សេង​ទៀត​និង​ប្រពន្ធ​របស់​គាត់ ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​នឹង​បង​ស្រី​ម្នាក់ និង​កូន​ស្រី​របស់​គាត់។