លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៣

ព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក

ព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក

​«​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា​៖ ‹មិន​មែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ​សារ​វិញ្ញាណ​របស់​អញ​វិញ›​»។—សាក. ៤:៦

ចម្រៀង​លេខ​៤០ តើ​អ្នក​ណា​ជា​ម្ចាស់​យើង?

សេចក្ដី​សង្ខេប *

១. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​បន្ត​ធ្វើ​អ្វី?

តើ​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ? បើ​ដូច្នេះ ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បាន​បង្ហាញ​នៅ​មុខ​អ្នក​ឯ​ទៀត​ថា​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ហើយ​ចង់​បម្រើ​លោក​ជា​មួយ​អង្គការ​របស់​លោក។ * អ្នក​ត្រូវ​បន្ត​មាន​ជំនឿ​កាន់​តែ​មាំ​មួន​ឡើង​ៗ​ទៅ​លើ​ព្រះ​យេហូវ៉ា។ អ្នក​ក៏​ត្រូវ​បន្ត​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា ព្រះ​យេហូវ៉ា​កំពុង​ប្រើ​អង្គការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។

២​-​៣. តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​របស់​លោក​តាម​របៀប​ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ គោល​បំណង និង​ខ្នាត​តម្រា​របស់​លោក។ សូម​យើង​ពិចារណា​អំពី​គុណ​សម្បត្តិ​បី​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​ឃើញ​ក្នុង​អង្គការ​របស់​លោក។

ទី​១ ​«​ព្រះ​មិន​រើស​មុខ​ទេ​»។ (​សកម្ម. ១០:៣៤​) សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​បុត្រ​របស់​លោក​ជា​«​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់​»។ (​១ធី. ២:៦; យ៉ូន. ៣:១៦​) ព្រះ​យេហូវ៉ា​ប្រើ​រាស្ត្រ​របស់​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អស់​អ្នក​ដែល​ចង់​ស្ដាប់។ យ៉ាង​នេះ លោក​ជួយ​មនុស្ស​ច្រើន​បំផុត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ។ ទី​២ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​និង​សណ្ដាប់​ធ្នាប់។ (​១កូ. ១៤:៣៣, ៤០​) ដូច្នេះ យើង​គួរ​រំពឹង​ថា អ្នក​គោរព​ប្រណិប័តន៍​លោក​បម្រើ​លោក​ជា​ក្រុម​ដោយ​មាន​សេចក្ដី​សុខ​សាន្ត​និង​សណ្ដាប់​ធ្នាប់។ ទី​៣ ព្រះ​យេហូវ៉ា​ជា​គ្រូ​ដ៏​ឧត្ដម​បំផុត។ (​យ៉ូប ៣៦:២២​) នេះ​ជា​មូលហេតុ​ដែល​អង្គការ​របស់​លោក​ខំ​ព្យាយាម​បង្រៀន​អ្នក​ឯ​ទៀត​អំពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​ទាំង​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តើ​ពួក​អ្នក​ដែល​នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​មាន​គុណ​សម្បត្តិ​ទាំង​បី​នេះ​ដូច​ព្រះ​យេហូវ៉ា? ចុះ​យ៉ាង​ណា​នៅ​សម័យ​យើង? តើ​រាស្ត្រ​របស់​លោក​បាន​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​ដូច​លោក​យ៉ាង​ដូច​ម្ដេច? តើ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​អ្នក​យ៉ាង​ណា កាល​ដែល​អ្នក​បម្រើ​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ?

ព្រះ​មិន​រើស​មុខ

៤. ដូច​បាន​ចែង​នៅ​សកម្មភាព ១:៨ តើ​លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​ពួក​គេ​បាន​ទទួល​ជំនួយ​អ្វី?

នៅ​សតវត្សរ៍​ទី​១។ លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​គ្រប់​រូប។ (​លូក. ៤:៤៣​) លោក​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ត​ធ្វើ​កិច្ចការ​ដែល​លោក​បាន​ចាប់​ផ្ដើម ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សូម​អាន សកម្មភាព ១:៨) ពួក​គេ​ច្បាស់​ជា​មិន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​កម្លាំង​ខ្លួន​ឯង​បាន​ទេ។ ពួក​គេ​ត្រូវ​ការ​សកម្មពល​បរិសុទ្ធ ពោល​គឺ​«​អ្នក​ជួយ​»​ដែល​លោក​យេស៊ូ​បាន​សន្យា​នឹង​ពួក​គេ។—យ៉ូន. ១៤:២៦; សាក. ៤:៦

៥​-​៦. តើ​សកម្មពល​បរិសុទ្ធ​បាន​ជួយ​អ្នក​កាន់​តាម​លោក​យេស៊ូ​តាម​របៀប​ណា​ខ្លះ?

អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ទទួល​សកម្មពល​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ ដោយ​មាន​ជំនួយ​ពី​សកម្មពល​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ ហើយ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី មនុស្ស​រាប់​ពាន់​នាក់​បាន​ទទួល​យក​ដំណឹង​ល្អ។ (​សកម្ម. ២:៤១; ៤:៤​) ពេល​អ្នក​កាន់​តាម​ចាប់​ផ្ដើម​ត្រូវ​គេ​បៀត​បៀន ពួក​គេ​មិន​បាន​ភ័យ​ខ្លាច​និង​ឈប់​ផ្សព្វ​ផ្សាយ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​សុំ​ព្រះ​ឲ្យ​ជួយ​ពួក​គេ។ ពួក​គេ​បាន​អធិដ្ឋាន​ថា​៖ ​«​[​សូម​]​អនុគ្រោះ​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​សេចក្ដី​ក្លាហាន​»។ បន្ទាប់​មក ពួក​គេ​បាន​ពេញ​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​បាន​បន្ត​«​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន​»។—សកម្ម. ៤:១៨​-​២០, ២៩, ៣១

អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​ជួប​ប្រទះ​ការ​ពិបាក​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ នៅ​ពេល​នោះ​មិន​សូវ​មាន​ឯកសារ​គម្ពីរ​ទេ ហើយ​ក៏​មិន​មាន​សៀវភៅ​ផ្សេង​ៗ​ដែល​ពន្យល់​អំពី​គម្ពីរ ដូច​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ។ ម្យ៉ាង​ទៀត អ្នក​កាន់​តាម​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ៗ។ ទោះ​ជា​មាន​ការ​ពិបាក​ទាំង​អស់​នោះ​ក្ដី អ្នក​កាន់​តាម​ដ៏​ខ្នះ​ខ្នែង​ទាំង​នោះ​បាន​ធ្វើ​អ្វី​ដែល​មើល​ទៅ​មិន​អាច​ធ្វើ​បាន។ ក្នុង​រយៈ​ពេល​ប្រហែល​ជា​៣០​ឆ្នាំ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​«​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។—កូឡ. ១:៦, ២៣

៧. ជាង​១០០​ឆ្នាំ​មុន តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដឹង​យ៉ាង​ដូច​ម្ដេច​អំពី​អ្វី​ដែល​លោក​តម្រូវ​ពី​ពួក​គេ ហើយ​តើ​ពួក​គេ​បាន​ធ្វើ​អ្វី?

នៅ​សម័យ​នេះ។ ព្រះ​យេហូវ៉ា​បន្ត​ដឹក​នាំ​រាស្ត្រ​របស់​លោក ហើយ​ផ្ដល់​កម្លាំង​ដល់​ពួក​គេ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ លោក​ច្រើន​តែ​ណែនាំ​រាស្ត្រ​របស់​លោក​តាម​រយៈ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ​របស់​លោក។ ក្នុង​គម្ពីរ មាន​ការ​រៀប​រាប់​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ ហើយ​ក៏​មាន​បង្គាប់​របស់​លោក​ដែល​ឲ្យ​អ្នក​កាន់​តាម​លោក​បន្ត​ធ្វើ​កិច្ចការ​ដែល​លោក​បាន​ចាប់​ផ្ដើម។ (​ម៉ាថ. ២៨:១៩, ២០​) ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​១៨៨១ រៀប​រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​បាន​រើស​តាំង​យើង ដើម្បី​ឲ្យ​មនុស្ស​លើក​កិត្តិយស​យើង ឬ​ទៅ​ជា​អ្នក​មាន​ទេ។ ប៉ុន្តែ ដើម្បី​ឲ្យ​យើង​ប្រើ​អ្វី​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយដំណឹង​ល្អ​»។ កូន​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា តើ​កិច្ចការ​នេះ​បាន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​ណា? ជា​ភាសា​អង់គ្លេស ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩១៩ បាន​ចែង​ថា​៖ ​«​កិច្ចការ​នេះ​គឺ​មើល​ទៅ​ធំ​សម្បើម។ ប៉ុន្តែ​វា​ជា​កិច្ចការ​របស់​លោក​ម្ចាស់ ហើយ​លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​យើង​អាច​សម្រេច​កិច្ចការ​នេះ​»។ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ បង​ប្អូន​ទាំង​នោះ​មាន​ចិត្ត​ក្លាហាន​និង​ខំ​ព្យាយាម ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​ថា​សកម្មពល​បរិសុទ្ធ​នឹង​ជួយ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​ទំនុក​ចិត្ត​ដូច​គ្នា​ដែរ។

អង្គការ​របស់​ព្រះ​យេហូវ៉ា បាន​ប្រើ​ឧបករណ៍​ដ៏​ល្អ​បំផុត ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ (​សូម​មើល​វគ្គ​៨​-​៩​)

៨​-​៩. តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​វិធី​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​ឧបករណ៍​ល្អ​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ឧបករណ៍​ទាំង​នេះ​រួម​មាន​សៀវភៅ​ផ្សេង​ៗ ​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»​ ម៉ាស៊ីន​ចាក់​ថាស​សំឡេង ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង ការ​ផ្សាយ​តាម​វិទ្យុ ហើយ​ថ្មី​ៗ​នេះ​មាន​បច្ចេកវិទ្យា​អេឡិចត្រូនិក។ អង្គការ​របស់​ព្រះ​ក៏​បក​ប្រែ​ភាសា​ជា​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន។ ហេតុ​អ្វី? គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​អាច​ឮ​ដំណឹង​ល្អ​ជា​ភាសា​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​មិន​រើស​មុខ​ទេ លោក​បាន​ប្រាប់​ទុក​ជា​មុន​ថា​ដំណឹង​ល្អ​នឹង​ត្រូវ​ប្រកាស​ប្រាប់​ដល់​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុល​សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍​»។ (​បប. ១៤:៦, ៧​) លោក​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ឱកាស​ឮ​ដំណឹង​អំពី​រាជាណាចក្រ។

ចុះ​យ៉ាង​ណា​មនុស្ស​ដែល​យើង​ពិបាក​ជួប ប្រហែល​ជា​ដោយ​សារ​ពួក​គេ​រស់​នៅ​ក្នុង​អគារ​ដែល​បាន​ត្រូវ​ការ​ពារ​យ៉ាង​តឹង​តែង? ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត ព្រះ​យេហូវ៉ា​បាន​ជួយ​អង្គការ​របស់​លោក​ឲ្យ​ចាប់​ផ្ដើម​ប្រើ​វិធី​ផ្សព្វ​ផ្សាយ​សាធារណៈ​ប្រភេទ​ផ្សេង​ៗ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០១ គណៈ​អភិបាល​បាន​យល់​ព្រម​ឲ្យ​ប្រើ​រទេះ​រុញ​សម្រាប់​ដាក់​តាំង​សៀវភៅ​ផ្សេង​ៗ និង​របៀប​ផ្សេង​ទៀត​ដើម្បី​ដាក់​តាំង​បង្ហាញ​សៀវភៅ​របស់​យើង​នៅ​ប្រទេស​បារាំង និង​ក្រោយ​មក​នៅ​កន្លែង​ឯ​ទៀត។ វិធី​ផ្សព្វ​ផ្សាយ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ នៅ​ឆ្នាំ​២០១១ កម្ម​វិធី​ថ្មី​បាន​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ទី​ប្រជុំ​ជន​មួយ​នៃ​ក្រុង​ញូវយ៉ក។ ក្នុង​ឆ្នាំ​ដំបូង ពួក​គេ​បាន​ចែក​ចាយ​សៀវភៅ​អស់​១០២.១២៩​ក្បាល និង​ទស្សនាវដ្ដី​៦៨.៩១១​ក្បាល។ ម្យ៉ាង​ទៀត មនុស្ស​៤.៧០១​នាក់​បាន​សុំ​រៀន​គម្ពីរ! យើង​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​គាំទ្រ​កិច្ចការ​នោះ។ ដូច្នេះ គណៈ​អភិបាល​បាន​យល់​ព្រម​ឲ្យ​បង​ប្អូន​នៅ​ទូទាំង​ពិភព​លោក​ប្រើ​រទេះ​រុញ​ដាក់​តាំង​សៀវភៅ និង​ប្រើ​របៀប​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​សៀវភៅ​របស់​យើង។

១០. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រីក​ចម្រើន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន?

១០ អ្វី​ដែល​អ្នក​អាច​ធ្វើ។ ចូរ​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​បង្ហាត់​បង្រៀន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​នៅ​កិច្ច​ប្រជុំ​របស់​យើង។ ចូរ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក​ជា​រឿយ​ៗ។ បង​ប្អូន​ក្នុង​ក្រុម​ផ្សាយ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន ហើយ​ពួក​គេ​ក៏​អាច​លើក​ទឹក​ចិត្ត​អ្នក​ដែរ តាម​រយៈ​គំរូ​ល្អ​របស់​ពួក​គេ។ ចូរ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ​រំលឹក​យើង​ថា យើង​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ មិន​មែន​ដោយ​សារ​យើង​មាន​កម្លាំង​មាំ​មួន​ទេ ប៉ុន្តែ​ដោយ​សារ​យើង​ទទួល​កម្លាំង​ពី​សកម្មពល​បរិសុទ្ធ។ (​សាក. ៤:៦​) យើង​អាច​ប្រាកដ​ថា​ព្រះ​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ ដោយ​សារ​យើង​កំពុង​ធ្វើ​កិច្ចការ​របស់​លោក។

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត និង​សណ្ដាប់​ធ្នាប់

១១. តើ​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១​បាន​សហការ​គ្នា​យ៉ាង​ដូច​ម្ដេច ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ?

១១ នៅ​សតវត្សរ៍​ទី​១។ គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម​បាន​សហការ​គ្នា​ដើម្បី​រក្សា​ឲ្យ​មាន​របៀប​រៀប​រយ​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។ (​សកម្ម. ២:៤២​) ជា​ឧទាហរណ៍ ប្រហែល​ជា​នៅ​ឆ្នាំ​៤៩ គ.ស. គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​បាន​ខ្វែង​គំនិត​គ្នា​អំពី​រឿង​ថា តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​កាត់​ចុង​ស្បែក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? ដូច្នេះ ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ គណៈ​អភិបាល​បាន​គិត​ពិចារណា​អំពី​រឿង​នោះ។ បើ​ក្រុម​ជំនុំ​បន្ត​ខ្វែង​គំនិត​គ្នា​អំពី​រឿង​នោះ កិច្ច​បម្រើ​ផ្សាយ​នឹង​មិន​រីក​ចម្រើន​ទៅ​មុខ​ទេ។ ទោះ​ជា​ពួក​សាវ័ក​និង​បុរស​ចាស់​ទុំ​ជា​ជនជាតិ​យូដា​ក្ដី ពួក​គេ​មិន​បាន​ទទួល​ឥទ្ធិពល​ពី​ទំនៀម​ទម្លាប់​ជនជាតិ​យូដា ឬ​ពី​ពួក​អ្នក​ដែល​លើក​ស្ទួយ​ទំនៀម​ទម្លាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ស្វែង​រក​ការ​ណែនាំ​ពី​បណ្ដាំ​របស់​ព្រះ​និង​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​សកម្ម. ១៥:១, ២, ៥​-​២០, ២៨​) តើ​នោះ​មាន​លទ្ធផល​អ្វី? ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ ក្រុម​ជំនុំ​បន្ត​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព ហើយ​ពួក​គេ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—សកម្ម. ១៥:៣០, ៣១; ១៦:៤, ៥

១២. តើ​អ្វី​បង្ហាញ​ថា​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​មាន​សណ្ដាប់​ធ្នាប់​និង​សេចក្ដី​សុខ​សាន្ត?

១២ នៅ​សព្វ​ថ្ងៃ​នេះ។ អង្គការ​របស់​ព្រះ​យេហូវ៉ា​ខំ​រក្សា​សណ្ដាប់​ធ្នាប់​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។ នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៨៩៥ ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ប្រកាស​វត្តមាន​របស់​គ្រិស្ត (​Zion’s Watch Tower and Herald of Christ’s Presence​) មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ត្រឹម​ត្រូវ​និង​ដោយ​របៀប​រៀប​រយ​»​ ដែល​មាន​មូលដ្ឋាន​លើ​កូរិនថូស​ទី​១ ១៤:៤០។ អត្ថបទ​នោះ​ចែង​ថា​៖ ​«​ពួក​សាវ័ក​បាន​សរសេរ​អ្វី​ៗ​ជា​ច្រើន​ទៅ​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១​អំពី​សណ្ដាប់​ធ្នាប់។ . . . គឺ​សំខាន់​ឲ្យ​យើង​បន្ត​ធ្វើ​តាម​យ៉ាង​ដិត​ដល់​នូវ​‹អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន​ដើម្បី​ណែនាំ​យើង›​»។ (​រ៉ូម ១៥:៤​) ដូច​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ខំ​ព្យាយាម​រក្សា​ឲ្យ​មាន​របៀប​រៀប​រយ​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ បើ​អ្នក​ចូល​រួម​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាមនៅ​ក្រុម​ជំនុំ​ផ្សេង មិន​ថា​នៅ​ប្រទេស​របស់​អ្នក​ឬ​នៅ​ប្រទេស​ឯ​ទៀត​ក្ដី អ្នក​នឹង​ដឹង​ថា​ការ​សិក្សា​នោះ​ធ្វើ​ឡើង​តាម​របៀប​ណា ហើយ​អត្ថបទ​ណា​ដែល​នឹង​ត្រូវ​សិក្សា។ ហេតុ​នេះ អ្នក​នឹង​ឆាប់​មាន​អារម្មណ៍​ស្រួល។ មាន​តែ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ប៉ុណ្ណោះ​អាច​នាំ​ឲ្យ​មាន​សាមគ្គី​ភាព​បែប​នេះ​បាន។—សេផ. ៣:៩

១៣. តើ​យ៉ាកុប ៣:១៧​នាំ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ?

១៣ អ្វី​ដែល​អ្នក​អាច​ធ្វើ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​«​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​អេភ. ៤:១​-​៣​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? តើ​ខ្ញុំ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​នាំ​មុខ​ឬ? តើ​អ្នក​ឯ​ទៀត​អាច​ពឹង​ពាក់​ខ្ញុំ ជា​ពិសេស​បើ​ខ្ញុំ​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? តើ​ខ្ញុំ​ជា​មនុស្ស​ទៀង​ពេល ចេះ​ជួយ​យក​អាសា និង​ចង់​បម្រើ​អ្នក​ឯ​ទៀត​ឬ?›។ (​សូម​អាន យ៉ាកុប ៣:១៧) បើ​អ្នក​ឃើញ​ថា​អ្នក​អាច​ធ្វើ​អ្វី​ទាំង​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង សូម​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ កាល​ដែល​អ្នក​អនុញ្ញាត​ឲ្យ​សកម្មពល​នោះ​មាន​ឥទ្ធិពល​លើ​បុគ្គលិក​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​កាន់​តែ​ច្រើន នោះ​បង​ប្អូន​នឹង​កាន់​តែ​ស្រឡាញ់​អ្នក ហើយ​ឲ្យ​តម្លៃ​អ្នក។

ព្រះ​យេហូវ៉ា​អប់រំ​យើង​និង​ផ្ដល់​អ្វី​ដែល យើង​ត្រូវ​ការ

១៤. យោង​ទៅ​តាម​កូឡុស ១:៩, ១០ តើ​ព្រះ​យេហូវ៉ា​បាន​អប់រំ​រាស្ត្រ​របស់​លោក​នៅ​សតវត្សរ៍​ទី​១​យ៉ាង​ដូច​ម្ដេច?

១៤ នៅ​សតវត្សរ៍​ទី​១។ ព្រះ​យេហូវ៉ា​ចូល​ចិត្ត​អប់រំ​រាស្ត្រ​របស់​លោក។ (​ទំនុក. ៣២:៨​) លោក​ចង់​ឲ្យ​ពួក​គេ​ស្គាល់​និង​ស្រឡាញ់​លោក ហើយ​រស់​ជា​រៀង​រហូត​ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក។ អ្វី​ទាំង​អស់​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ បើ​គ្មាន​ការ​អប់រំ​ពី​លោក។ (​យ៉ូន. ១៧:៣​) ព្រះ​យេហូវ៉ា​បាន​ប្រើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដើម្បី​អប់រំ​រាស្ត្រ​របស់​លោក។ (​សូម​អាន កូឡុស ១:៩, ១០) សកម្មពល​បរិសុទ្ធ ពោល​គឺ​«​អ្នក​ជួយ​»​ដែល​លោក​យេស៊ូ​បាន​សន្យា ក៏​បាន​ជួយ​អ្នក​កាន់​តាម​លោក​ដែរ។ (​យ៉ូន. ១៤:១៦​) សកម្មពល​បរិសុទ្ធ​បាន​ជួយ​អ្នក​កាន់​តាម​ឲ្យ​យល់​បណ្ដាំ​របស់​ព្រះ ហើយ​នឹក​ឃើញ​អ្វី​ៗ​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​និង​មាន​ប្រសាសន៍។ ក្រោយ​មក អ្វី​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​ដំណឹង​ល្អ។ ចំណេះ​នេះ​បាន​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ បុត្រ​របស់​លោក និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

១៥. តើ​អ្នក​បាន​ឃើញ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​នៅ​អេសាយ ២:២, ៣ បាន​សម្រេច​តាម​របៀប​ណា​ខ្លះ?

១៥ នៅ​សម័យ​យើង។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​នៅ​ជាន់​ក្រោយ​បង្អស់​»​ មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​នឹង​មក​ឯ​ភ្នំ​របស់​លោក ពោល​គឺ​នឹង​ចូល​រួម​ជា​មួយ​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​លោក​ដើម្បី​ទទួល​ការ​ណែនាំ​អំពី​ផ្លូវ​របស់​លោក។ (​សូម​អាន អេសាយ ២:២, ៣) ទំនាយ​នេះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​អាច​ឃើញ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​គឺ​ប្រសើរ​ជាង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ណា​ទាំង​អស់។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​កំពុង​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​លោក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​គម្ពីរ។ (​អេ. ២៥:៦​) តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ លោក​មិន​គ្រាន់​តែ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​យ៉ាង​បរិបូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ផ្ដល់​សេចក្ដី​បង្រៀន​ទាំង​នោះ​តាម​វិធី​ផ្សេង​ៗ​ដែរ ដូច​ជា​សុន្ទរកថា អត្ថបទ គំនូរ​ជីវចល និង​វីដេអូ។ (​ម៉ាថ. ២៤:៤៥​) យើង​មាន​អារម្មណ៍​ដូច​អេលីហ៊ូវ​ជា​មិត្ត​ភក្ដិ​របស់​យ៉ូប ដែល​បាន​និយាយ​ថា​៖ ​«​តើ​មាន​គ្រូ​ឯ​ណា​ដែល​ប្រៀប​ផ្ទឹម​នឹង​[​ព្រះ​]​បាន?​»។—យ៉ូប ៣៦:២២

ចូរ​ជឿ​ជាក់​ថា​អ្នក​មាន​សេចក្ដី​ពិត ហើយ​ធ្វើ​តាម​ក្នុង​ជីវិត​របស់​អ្នក (​សូម​មើល​វគ្គ​១៦​) *

១៦. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

១៦ អ្វី​ដែល​អ្នក​អាច​ធ្វើ។ សកម្មពល​របស់​ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​អ្នក​អាន​និង​សិក្សា​ក្នុង​បណ្ដាំ​របស់​លោក។ ចូរ​អធិដ្ឋាន​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់។ ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់។ សូម​បំព្រួម​ចិត្ត​ទូល​បង្គំ​មក​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់​»។ (​ទំនុក. ៨៦:១១​) ដូច្នេះ សូម​បន្ត​អាន​និង​សិក្សា​គម្ពីរ ព្រម​ទាំង​សៀវភៅ​ឯ​ទៀត​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ។ អ្នក​មិន​គ្រាន់​តែ​ចង់​ទទួល​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ចង់​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​ពិត ហើយ​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក។ សកម្មពល​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ។ អ្នក​ក៏​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ផង​ដែរ។ (​ហេ. ១០:២៤, ២៥​) ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ជា​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​អ្នក។ ចូរ​អធិដ្ឋាន​សុំ​សកម្មពល​របស់​ព្រះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ឆ្លើយ​អស់​ពី​ចិត្ត​នៅ​កិច្ច​ប្រជុំ ហើយ​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ពេល​ដែល​អ្នក​មាន​ផ្នែក​ណា​មួយ​នៅ​កិច្ច​ប្រជុំ។ យ៉ាង​នេះ អ្នក​បង្ហាញ​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ថា អ្នក​ស្រឡាញ់​«​ចៀម​»​ដ៏​មាន​តម្លៃ​របស់​ពួក​លោក។—យ៉ូន. ២១:១៥​-​១៧

១៧. តើ​តាម​របៀប​ណា​ខ្លះ​អ្នក​អាច​បង្ហាញ​ថា​អ្នក​គាំទ្រ​អង្គការ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់?

១៧ មិន​យូរ​ទៀត អង្គការ​តែ​មួយ​គត់​ដែល​នៅ​សល់​លើ​ផែនដី​គឺ​ជា​អង្គការ​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ។ ដូច្នេះ ចូរ​សហការ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ចូរ​យក​តម្រាប់​ព្រះ ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​រើស​មុខ​ចំពោះ​មនុស្ស​ទាំង​អស់ ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អស់​អ្នក​ដែល​អ្នក​ជួប។ ដូច​ព្រះ ចូរ​ស្រឡាញ់​សណ្ដាប់​ធ្នាប់​និង​សេចក្ដី​សុខ​សាន្ត ដោយ​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ ចូរ​ស្ដាប់​គ្រូ​បង្រៀន​ដ៏​ឧត្ដម ដោយ​រៀន​ពី​ព័ត៌មាន​ទាំង​អស់​ដែល​លោក​ផ្ដល់​ឲ្យ។ យ៉ាង​នេះ ពេល​ពិភព​លោក​របស់​សាថាន​សាប​សូន្យ​ទៅ អ្នក​នឹង​មិន​ភ័យ​ខ្លាច​ទេ តែ​អ្នក​នឹង​ឈរ​ដោយ​មាន​ទំនុក​ចិត្ត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ជា​មួយ​នឹង​អង្គការ​របស់​លោក។

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

^ វគ្គ 5 តើ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​អង្គការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ និង​អំពី​របៀប​ដែល​លោក​បន្ត​ដឹក​នាំ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: អង្គការ​របស់​ព្រះ​យេហូវ៉ា​មាន​ទាំង​ផ្នែក​នៅ​ស្ថាន​សួគ៌​ទាំង​ផ្នែក​នៅ​ផែនដី។ ក្នុង​អត្ថបទ​នេះ ពាក្យ​«​អង្គការ​»​សំដៅ​ទៅ​លើ​ផ្នែក​នៅ​ផែនដី។

^ វគ្គ 52 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​មើល​វីដេអូ​និង​ឃើញ​បង​ប្អូន​ឯ​ទៀត​ដែល​បម្រើ​នៅ​ប្រទេស​ដែល​មាន​សេចក្ដី​ត្រូវ​ការ បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ចង់​ធ្វើ​តាម​គំរូ​របស់​ពួក​គេ។ ក្រោយ​មក​គាត់​សម្រេច​គោល​ដៅ​របស់​គាត់ ដោយ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។