លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៥

របៀបជួយអ្នកឯទៀតឲ្យកាន់តាមបង្គាប់របស់គ្រិស្ត

របៀបជួយអ្នកឯទៀតឲ្យកាន់តាមបង្គាប់របស់គ្រិស្ត

​«​ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។—ម៉ាថ. ២៨:១៩, ២០

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ

សេចក្ដី​សង្ខេប *

១. យោង​ទៅ​តាម​ម៉ាថាយ ២៨:១៨​-​២០ តើ​លោក​យេស៊ូ​បាន​ឲ្យ​បង្គាប់​អ្វី?

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​អ្នក​កាន់​តាម​លោក​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ស្រុក​កាលីឡេ។ លោក​មាន​អ្វី​សំខាន់​ប្រាប់​ពួក​គេ។ តើ​នោះ​ជា​អ្វី? គឺ​ពាក្យ​របស់​លោក​នៅ​ម៉ាថាយ ២៨:១៨​-​២០សូម​អាន

២. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

បង្គាប់​របស់​លោក​យេស៊ូ​អំពី​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​ក៏​សម្រាប់​អ្នក​បម្រើ​ម្នាក់​ៗ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ សូម​យើង​ពិចារណា​សំណួរ​បី​ដែល​ជាប់​ទាក់​ទង​នឹង​ភារកិច្ច​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង។ ទី​១ តើ​យើង​គួរ​ធ្វើ​អ្វី​ទៀត​ក្រៅ​ពី​បង្រៀន​អ្នក​កាន់​តាម​ថ្មី​អំពី​តម្រូវ​ការ​របស់​ព្រះ? ទី២ តើ​អ្នក​ផ្សាយ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច? ទី៣ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​អសកម្ម ឲ្យ​ចាប់​ផ្ដើម​ចូល​រួម​ឡើង​វិញ​ក្នុង​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ?

ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​បង្គាប់​របស់​គ្រិស្ត

៣. តើ​បង្គាប់​របស់​លោក​យេស៊ូ​រួម​បញ្ចូល​ការ​ណែនាំ​ច្បាស់​អ្វី?

ការ​ណែនាំ​របស់​លោក​យេស៊ូ​គឺ​ច្បាស់។ យើង​ត្រូវ​បង្រៀន​មនុស្ស​អំពី​អ្វី​ៗ​ដែល​លោក​បាន​បង្គាប់។ ប៉ុន្តែ យើង​មិន​គួរ​មើល​រំលង​ចំណុច​ដ៏​សំខាន់​មួយ​ឡើយ។ គឺ​ថា​លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា ‹ចូរ​បង្រៀន​ពួក​គេ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា›​ទេ តែ​លោក​បាន​មាន​ប្រសាសន៍​វិញ​ថា​៖ ចូរ​បង្រៀន​ពួក​គេ​«​ឲ្យ​កាន់​តាមអ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។ ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ យើង​ត្រូវ​បង្រៀន​សិស្ស​គម្ពីរ​របស់​យើង​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ហើយ​បង្ហាញ​ពួក​គេ​អំពី​របៀប​អនុវត្ត។ ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ដូច្នេះ?

៤. សូម​លើក​ឧទាហរណ៍​អំពី​អត្ថន័យ​នៃ​ការ​បង្រៀន​បុគ្គល​ម្នាក់​ឲ្យ​កាន់​តាម​បង្គាប់​ណា​មួយ។

ដើម្បី​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​បង្រៀន​បុគ្គល​ណា​ម្នាក់​ឲ្យ​«​កាន់​តាម​»​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្គាប់ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ តើ​គ្រូ​បង្រៀន​បើក​បរ​បង្រៀន​សិស្ស​របស់​គាត់​ឲ្យ​ធ្វើ​តាម​ច្បាប់​ចរាចរណ៍​យ៉ាង​ដូច​ម្ដេច? ដំបូង គ្រូ​នោះ​បង្រៀន​សិស្ស​អំពី​ច្បាប់​ដែល​គាត់​ត្រូវ​ធ្វើ​តាម​ពេល​គាត់​បើក​បរ។ ប៉ុន្តែ ដើម្បី​បង្រៀន​សិស្ស​អំពី​របៀប​អនុវត្ត​ច្បាប់​ទាំង​នោះ គាត់​ត្រូវ​ធ្វើ​អ្វី​មួយ​ទៀត។ គាត់​ត្រូវ​ទៅ​ជា​មួយ​សិស្ស ហើយ​ឲ្យ​ការ​ណែនាំ​ដល់​សិស្ស​ពេល​សិស្ស​បើក​បរ និង​ពេល​សិស្ស​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន។ តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ?

៥. (​ក​) យោង​ទៅ​តាម​យ៉ូហាន ១៤:១៥ និង​យ៉ូហាន​ទី​១ ២:៣ តើ​យើង​ត្រូវ​បង្រៀន​សិស្ស​គម្ពីរ​ឲ្យ​ធ្វើ​អ្វី? (​ខ​) សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​យើង​អាច​ណែនាំ​សិស្ស​គម្ពីរ។

ពេល​យើង​សិក្សា​គម្ពីរ​ជា​មួយ​អ្នក​ឯ​ទៀត យើង​បង្រៀន​ពួក​គេ​អំពី​អ្វី​ដែល​ព្រះ​តម្រូវ។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ។ យើង​ត្រូវ​បង្រៀន​សិស្ស​គម្ពីរ​ឲ្យ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន។ (​សូម​អាន យ៉ូហាន ១៤:១៥; យ៉ូហាន​ទី​១ ២:៣) តាម​រយៈ​គំរូ​របស់​យើង យើង​អាច​បង្ហាញ​សិស្ស​គម្ពីរ​អំពី​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​ពួក​គេ​កំពុង​រៀន ពេល​ពួក​គេ​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា ឬ​ពេល​សម្រាក​លម្ហែ​កាយ។ យើង​អាច​រៀប​រាប់​អំពី​បទ​ពិសោធន៍​របស់​យើង​ផ្ទាល់ ដើម្បី​បង្ហាញ​ពួក​គេ​អំពី​របៀប​ដែល​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​បាន​ការ​ពារ​យើង ឬ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ។ ពេល​យើង​នៅ​ជា​មួយ​សិស្ស​គម្ពីរ យើង​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ណែនាំ​ពួក​គេ តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក។—យ៉ូន. ១៦:១៣

៦. តើ​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តាម​បង្គាប់​របស់​លោក​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ?

តើ​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តាម​បង្គាប់​របស់​លោក​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ? គឺ​យើង​ត្រូវ​ជួយ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ សិស្ស​ខ្លះ​ប្រហែល​ជា​ភ័យ ពេល​គិត​អំពី​ការ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ។ ដូច្នេះ យើង​ត្រូវ​តែ​មាន​ចិត្ត​អត់​ធ្មត់ កាល​ដែល​យើង​ជួយ​ពួក​គេ​ឲ្យ​យល់​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ឲ្យ​បាន​ច្បាស់​ជាង ដើម្បី​ពួក​គេ​អាច​មាន​ជំនឿ​កាន់​តែ​មាំ​មួន​ឡើង។ នេះ​នឹង​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ ហើយ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កាន់​តែ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត?

៧. តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​យ៉ាង​ដូច​ម្ដេច​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត?

យើង​អាច​សួរ​សិស្ស​គម្ពីរ​នូវ​សំណួរ​ដូច​ជា​៖ ​«​តើ​ជីវិត​របស់​បង​ល្អ​ប្រសើរ​ជាង​យ៉ាង​ណា ដោយ​សារ​បង​អនុវត្ត​ការ​បង្រៀន​ពី​គម្ពីរ? តើ​បង​គិត​ថា​អ្នក​ឯ​ទៀត​ត្រូវ​ឮ​អ្វី​ដែល​បង​កំពុង​រៀន​ឬ​ទេ? តើ​បង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គេ?​»។ (​សុភ. ៣:២៧; ម៉ាថ. ៩:៣៧, ៣៨​) សូម​បង្ហាញ​សិស្ស​អំពី​ខិត្តប័ណ្ណ​របស់​យើង​ដែល​ជា​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ ហើយ​ឲ្យ​គាត់​ជ្រើស​រើស​ខិត្តប័ណ្ណ​ណា​ដែល​គាត់​គិត​ថា​ញាតិ​សន្ដាន មិត្ត​ភក្ដិ ឬ​អ្នក​រួម​ការងារ​នឹង​ចាប់​អារម្មណ៍។ ក្រោយ​មក សូម​ឲ្យ​សិស្ស​នូវ​ខិត្តប័ណ្ណ​ទាំង​នេះ​មួយ​ចំនួន។ សូម​ហាត់​ជា​មួយ​គ្នា ដើម្បី​បង្រៀន​គាត់​អំពី​របៀប​ឲ្យ​ខិត្តប័ណ្ណ​ដល់​អ្នក​ឯ​ទៀត​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​នោះ​ទើស​ចិត្ត។ ក្រោយ​ពី​សិស្ស​គម្ពីរ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក យើង​ក៏​ចង់​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់​ដើម្បី​ជួយ​ណែនាំ​គាត់​ផង​ដែរ។—សាស្ដ. ៤:៩, ១០; លូក. ៦:៤០

របៀប​ដែល​ក្រុម​ជំនុំ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន

៨. ហេតុ​អ្វី​គឺ​សំខាន់​ដែល​សិស្ស​គម្ពីរ​របស់​យើង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​»​)

សូម​ចាំ​ថា​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​បង្រៀន​អ្នក​ឯ​ទៀត​«​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​»​ ដែល​លោក​បាន​បង្គាប់។ នេះ​ច្បាស់​ជា​រួម​បញ្ចូល​បញ្ញត្តិ​ដ៏​សំខាន់​បំផុត​ពីរ ពោល​គឺ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ បង្គាប់​ទាំង​ពីរ​នេះ​ជាប់​ទាក់​ទង​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន។ (​ម៉ាថ. ២២:៣៧​-​៣៩​) តើ​តាម​របៀប​ណា? មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​គឺ​សេចក្ដី​ស្រឡាញ់ ពោល​គឺ​យើង​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ ពិត​មែន​ថា សិស្ស​គម្ពីរ​ខ្លះ​ភ័យ​ពេល​គិត​អំពី​ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ តែ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​សិស្ស​ទាំង​នោះ​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស​បន្តិច​ម្ដង​ៗ។ (​ទំនុក. ១៨:១​-​៣; សុភ. ២៩:២៥​) ក្នុង​អត្ថបទ​នេះ មាន​ប្រអប់​ដែល​រៀប​រាប់​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​សិស្ស​គម្ពីរ​ឲ្យ​កាន់​តែ​ស្រឡាញ់​ព្រះ​ខ្លាំង​ឡើង​ៗ។ ចុះ​យ៉ាង​ណា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ? តើ​ពួក​គេ​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​អ្នក​កាន់​តាម​ថ្មី​ឲ្យ​កាន់​តែ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

៩. តើ​អ្នក​រៀន​បើក​បរ​រៀន​មេ​រៀន​ដ៏​សំខាន់​តាម​របៀប​ណា​ខ្លះ?

សូម​គិត​ម្ដង​ទៀត​អំពី​ឧទាហរណ៍​របស់​អ្នក​រៀន​បើក​បរ។ តើ​គាត់​អាច​រៀន​យ៉ាង​ដូច​ម្ដេច កាល​ដែល​គាត់​បើក​បរ​ដោយ​មាន​គ្រូ​បង្រៀន​នៅ​ក្បែរ​គាត់? គឺ​ដោយ​ស្ដាប់​គ្រូ​បង្រៀន និង​ដោយ​សង្កេត​មើល​អ្នក​បើក​បរ​ឯ​ទៀត​ដែល​បើក​យ៉ាង​ប្រុង​ប្រយ័ត្ន។ ជា​ឧទាហរណ៍ គ្រូ​បង្រៀន​ប្រហែល​ជា​ចង្អុល​ប្រាប់​សិស្ស​អំពី​អ្នក​បើក​បរ​ម្នាក់​ដែល​បង្ហាញ​សេចក្ដី​សប្បុរស ដោយ​ឲ្យ​អ្នក​បើក​បរ​ម្នាក់​ទៀត​ទៅ​មុន​គាត់ ឬ​គ្រូ​បង្រៀន​ចង្អុល​ប្រាប់​អំពី​អ្នក​បើក​បរ​ដែល​បន្ថយ​ពន្លឺ​ភ្លើង​ហ្វារ ដើម្បី​កុំ​ឲ្យ​ចាំង​ភ្នែក​អ្នក​បើក​បរ​ឯ​ទៀត។ អ្វី​ទាំង​នេះ​បង្រៀន​សិស្ស​មេ​រៀន​ដ៏​សំខាន់​ដែល​គាត់​អាច​អនុវត្ត​ពេល​គាត់​បើក​បរ។

១០. តើ​អ្វី​នឹង​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន?

១០ ស្រដៀង​គ្នា​ដែរ សិស្ស​គម្ពីរ​ដែល​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​រៀន​ពី​អ្នក​បង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រៀន​ពី​គំរូ​ល្អ​របស់​អ្នក​ឯ​ទៀត​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ ដូច្នេះ តើ​អ្វី​នឹង​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន? គឺ​ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។ ហេតុ​អ្វី? ការ​ណែនាំ​ពី​គម្ពីរ​នៅ​កិច្ច​ប្រជុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចំណេះ​កាន់​តែ​ច្រើន មាន​ជំនឿ​កាន់​តែ​រឹង​មាំ និង​ជួយ​ពួក​គេ​ឲ្យ​កាន់​តែ​ស្រឡាញ់​ព្រះ។ (​សកម្ម. ១៥:៣០​-​៣២​) ម្យ៉ាង​ទៀត​នៅ​កិច្ច​ប្រជុំ អ្នក​បង្រៀន​គម្ពីរ​អាច​ណែនាំ​សិស្ស​ឲ្យ​ជួប​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍ ឬ​ស្ថានភាព​ស្រដៀង​នឹង​គាត់។ សិស្ស​គម្ពីរ​នឹង​ឃើញ​បង​ប្អូន​ដែល​ជា​គំរូ​ល្អ​ស្ដី​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ក្រុម​ជំនុំ។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ។

១១. តើ​សិស្ស​គម្ពីរ​អាច​ឃើញ​គំរូ​អ្វី​ខ្លះ​ក្នុង​ក្រុម​ជំនុំ ហើយ​តើ​នោះ​ប្រហែល​ជា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​សិស្ស?

១១ ឧបមា​ថា សិស្ស​គម្ពីរ​ម្នាក់​ដែល​ជា​ស្ត្រី​មេម៉ាយ​និង​មាន​កូន ប្រហែល​ជា​សង្កេត​ឃើញ​បង​ស្រី​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​ស្ថានភាព​ស្រដៀង​នឹង​គាត់។ ការ​ខំ​ប្រឹង​របស់​បង​ស្រី​នោះ​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​កូន​តូច​ៗ​របស់​គាត់​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​សិស្ស​គម្ពីរ។ សិស្ស​គម្ពីរ​ម្នាក់​ទៀត​ដែល​ពិបាក​ផ្ដាច់​បារី ចាប់​ផ្ដើម​ស្គាល់​អ្នក​ផ្សាយ​ម្នាក់​ដែល​ធ្លាប់​មាន​បញ្ហា​ស្រដៀង​គ្នា ប៉ុន្តែ​បាន​យក​ឈ្នះ​បញ្ហា​នោះ។ អ្នក​ផ្សាយ​នោះ​ប្រាប់​សិស្ស​គម្ពីរ​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​ព្រះ​យេហូវ៉ា បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ (​២កូ. ៧:១; ភី. ៤:១៣​) ក្រោយ​ពី​បង​ប្រុស​ប្រាប់​សិស្ស​គម្ពីរ​អំពី​របៀប​ដែល​គាត់​បាន​ផ្ដាច់​បារី បង​ប្រុស​នោះ​និយាយ​ថា​៖ ​«​បង​ក៏​អាច​ផ្ដាច់​បារី​បាន​ដែរ​»។ នេះ​បាន​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​នោះ ហើយ​គាត់​ជឿ​ថា​គាត់​ក៏​អាច​ធ្វើ​បាន​ដែរ។ រីឯ​យុវតី​ម្នាក់​ដែល​រៀន​គម្ពីរ កត់​សម្គាល់​ប្អូន​ស្រី​វ័យ​ក្មេង​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ពិត​ជា​សប្បាយ​នឹង​ជីវិត​ជា​សាក្សី ហើយ​ចូល​ចិត្ត​ជួយ​អ្នក​ឯ​ទៀត។ អ្វី​ដែល​គាត់​សង្កេត​ឃើញ នាំ​ឲ្យ​គាត់​ចង់​រៀន​ថែម​ទៀត​អំពី​មូលហេតុ​ដែល​ប្អូន​ស្រី​នោះ​តែង​តែ​សប្បាយ។

១២. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​សិស្ស​គម្ពីរ?

១២ ពេល​សិស្ស​គម្ពីរ​ចាប់​ផ្ដើម​ស្គាល់​អ្នក​ផ្សាយ​ដ៏​ស្មោះ​ត្រង់​ផ្សេង​ៗ គាត់​រៀន​ពី​គំរូ​របស់​ពួក​គេ​អំពី​របៀប​កាន់​តាម​បង្គាប់​របស់​គ្រិស្ត ដែល​ឲ្យ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ (​យ៉ូន. ១៣:៣៥; ១ធី. ៤:១២​) បន្ថែម​ទៅ​ទៀត ដូច​បាន​រៀប​រាប់​នៅ​ខាង​លើ សិស្ស​គម្ពីរ​អាច​រៀន​ពី​អ្នក​ផ្សាយ​ដែល​មាន​បញ្ហា​ស្រដៀង​នឹង​បញ្ហា​របស់​គាត់។ តាម​គំរូ​ទាំង​នេះ សិស្ស​គម្ពីរ​រៀន​ថា​គាត់​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ (​ចោ. ៣០:១១​) បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​សិស្ស​គម្ពីរ​តាម​របៀប​ផ្សេង​ៗ​ដើម្បី​ឲ្យ​រីក​ចម្រើន។ (​ម៉ាថ. ៥:១៦​) តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ដែល​មក​កិច្ច​ប្រជុំ?

ចូរ​ជួយ​ពួក​អ្នក​អសកម្ម​ឲ្យ​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត

១៣​-​១៤. តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​សាវ័ក​របស់​លោក​នៅ​ពេល​ពួក​គេ​អស់​កម្លាំង​ចិត្ត?

១៣ យើង​ចង់​ជួយ​បង​ប្អូន​អសកម្ម​របស់​យើង​ឲ្យ​ចូល​រួម​ឡើង​វិញ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ចំពោះ​ពួក​សាវ័ក​ពេល​ដែល​ពួក​គេ​អស់​កម្លាំង​ចិត្ត បង្ហាញ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ។

១៤ នៅ​ចុង​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែនដី​ពេល​លោក​ហៀប​នឹង​ស្លាប់ ពួក​សាវ័ក​«​បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា​»។ (​ម៉ាក. ១៤:៥០; យ៉ូន. ១៦:៣២​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​ពួក​សាវ័ក​របស់​លោក​ទន់​ខ្សោយ​អស់​មួយ​រយៈ​ពេល? មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​មួយ​ចំនួន​របស់​លោក​ថា​៖ ​«​កុំ​ខ្លាច​ឡើយ! ចូរ​ទៅ ហើយ​នាំ​ដំណឹង​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ​[​ថា​ខ្ញុំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​]​»។ (​ម៉ាថ. ២៨:១០​ក​) លោក​យេស៊ូ​មិន​បាន​បោះ​បង់​ចោល​ពួក​សាវ័ក​របស់​លោក​ទេ។ ទោះ​ជា​ពួក​គេ​រត់​ចោល​លោក​ក៏​ដោយ លោក​នៅ​តែ​ហៅ​ពួក​គេ​ជា​«​បង​ប្អូន​របស់​ខ្ញុំ​»។ ដូច​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​អភ័យ​ទោស​ឲ្យ​ពួក​គេ។—២ព. ១៣:២៣

១៥. តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​ឈប់​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៥ យើង​ក៏​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​អ្នក​ដែល​ឈប់​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពួក​គេ​ជា​បង​ប្អូន​របស់​យើង ហើយ​យើង​ស្រឡាញ់​ពួក​គេ! យើង​នៅ​តែ​នឹក​ចាំ​ការ​ខំ​ប្រឹង​របស់​បង​ប្អូន​ទាំង​នេះ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ បង​ប្អូន​អសកម្ម​ខ្លះ​ធ្លាប់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្នះ​ខ្នែង​អស់​ជា​ច្រើន​ឆ្នាំ។ (​ហេ. ៦:១០​) យើង​ពិត​ជា​នឹក​បង​ប្អូន​ទាំង​នេះ! (​លូក. ១៥:៤​-​៧​) ដោយ​យក​តម្រាប់​លោក​យេស៊ូ តើ​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៦. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​អសកម្ម?

១៦ ចូរ​អញ្ជើញ​ពួក​គេ​យ៉ាង​កក់​ក្ដៅ​ឲ្យ​មក​កិច្ច​ប្រជុំ។ របៀប​មួយ​ដែល​លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ពេល​ពួក​គេ​អស់​កម្លាំង​ចិត្ត គឺ​ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​មួយ។ (​ម៉ាថ. ២៨:១០​ខ; ១កូ. ១៥:៦​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​យើង​អាច​លើក​ទឹក​ចិត្ត​ពួក​អ្នក​អសកម្ម​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ យើង​ដឹង​ថា​យើង​ប្រហែល​ជា​ត្រូវ​អញ្ជើញ​ពួក​គេ​អស់​ជា​ច្រើន​ដង។ តែ​ពេល​ពួក​គេ​ចូល​រួម យើង​នឹង​សប្បាយ​រីក​រាយ ដូច​លោក​យេស៊ូ​ទំនង​ជា​សប្បាយ​ចិត្ត​ពេល​អ្នក​កាន់​តាម​លោក​ទទួល​យក​ការ​អញ្ជើញ​របស់​លោក។—សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ២៨:១៦ និង​លូកា ១៥:៦

១៧. តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​បុគ្គល​ដែល​អសកម្ម​មក​កិច្ច​ប្រជុំ?

១៧ សូម​ស្វាគមន៍​ពួក​គេ​ដោយ​អស់​ពី​ចិត្ត។ លោក​យេស៊ូ​បាន​ស្វាគមន៍​ពួក​អ្នក​កាន់​តាម​លោក ពេល​ពួក​គេ​ជួប​ជុំ​ជា​មួយ​លោក ហើយ​លោក​បាន​ទៅ​រក​ពួក​គេ​មុន។ (​ម៉ាថ. ២៨:១៨​) តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​បង​ប្អូន​អសកម្ម​ណា​ម្នាក់​មក​សាល​ប្រជុំ? យើង​គួរ​ទៅ​រក​គាត់​មុន ដោយ​ស្វាគមន៍​គាត់​យ៉ាង​កក់​ក្ដៅ។ ដំបូង យើង​ប្រហែល​ជា​បារម្ភ​ថា យើង​មិន​ដឹង​ថា​គួរ​និយាយ​អ្វី។ ប៉ុន្តែ ដោយ​មិន​ធ្វើ​ឲ្យ​គាត់​ខ្មាស យើង​អាច​ប្រាប់​គាត់​ថា​យើង​សប្បាយ​ចិត្ត​ឃើញ​គាត់។

១៨. តើ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ផ្សាយ​អសកម្ម​តាម​របៀប​ណា?

១៨ ចូរ​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ។ អ្នក​កាន់​តាម​លោក​យេស៊ូ​ទំនង​ជា​មាន​អារម្មណ៍​ថា ការ​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទូទាំង​ពិភព​លោក​គឺ​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ។ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​កាន់​តាម​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ​»។ (​ម៉ាថ. ២៨:២០​) តើ​នោះ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឬ​ទេ? គឺ​បាន​ជួយ​មែន! មិន​យូរ​ក្រោយ​មក ពួក​គេ​ជាប់​រវល់​ក្នុង​ការ​«​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​»។ (​សកម្ម. ៥:៤២​) អ្នក​ផ្សាយ​អសកម្ម​ក៏​ត្រូវ​ការ​ការ​ពង្រឹង​កម្លាំង​ចិត្ត​ដែរ។ ប្រហែល​ជា​ពួក​គេ​មិន​ហ៊ាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត។ យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ​ថា ពួក​គេ​មិន​មែន​ផ្សព្វ​ផ្សាយ​ម្នាក់​ឯង​ទេ។ ពេល​ពួក​គេ​ចង់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត យើង​ពេញ​ចិត្ត​ទៅ​ជា​មួយ​ពួក​គេ។ ពួក​គេ​នឹង​ទំនង​ជា​សប្បាយ​ចិត្ត​ទទួល​ជំនួយ​ពី​យើង ពេល​ពួក​គេ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ម្ដង​ទៀត។ ពេល​យើង​បង្ហាញ​ពួក​អ្នក​អសកម្ម​ថា យើង​ចាត់​ទុក​ពួក​គេ​ជា​បង​ប្អូន​របស់​យើង នោះ​ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ ហើយ​នេះ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​អរ​សប្បាយ។

យើង​ចង់​បង្ហើយ​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង

១៩. តើ​យើង​មាន​បំណង​ចិត្ត​អ្វី ហើយ​ហេតុ​អ្វី?

១៩ តើ​យើង​គួរ​បន្ត​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ដល់​ពេល​ណា? គឺ​រហូត​ដល់​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ (​ម៉ាថ. ២៨:២០​) តើ​យើង​នឹង​អាច​ផ្សព្វ​ផ្សាយ ហើយ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​រហូត​ដល់​គ្រា​នោះ​ឬ​ទេ? យើង​តាំង​ចិត្ត​ធ្វើ​ដូច្នេះ! យើង​សប្បាយ​ចិត្ត​ប្រើ​ពេល​វេលា កម្លាំង និង​ធន​ធាន​របស់​យើង​ដើម្បី​ស្វែង​រក​មនុស្ស​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​សកម្ម. ១៣:៤៨​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយកិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។ (​យ៉ូន. ៤:៣៤; ១៧:៤​) យើង​ក៏​មាន​បំណង​ចិត្ត​បែប​នេះ​ដែរ។ យើង​ចង់​បង្ហើយ​កិច្ចការ​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​យើង។ (​យ៉ូន. ២០:២១​) យើង​ក៏​ចង់​ឲ្យ​អ្នក​ឯ​ទៀត រួម​ទាំង​ពួក​អ្នក​អសកម្ម​តស៊ូ​ជា​មួយ​យើង​ក្នុង​កិច្ច​ការ​នេះ។—ម៉ាថ. ២៤:១៣

២០. យោង​ទៅ​តាម​ភីលីព ៤:១៣ ហេតុ​អ្វី​យើង​អាច​បំពេញ​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ?

២០ ពិត​មែន​ថា ការ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​គឺ​មិន​ស្រួល​ឡើយ។ ប៉ុន្តែ យើង​មិន​មែន​ធ្វើ​កិច្ច​ការ​នេះ​តែ​ម្នាក់​ឯង​ទេ។ លោក​យេស៊ូ​បាន​សន្យា​ថា​លោក​នឹង​នៅ​ជា​មួយ​យើង។ យើង​បំពេញ​ភារកិច្ច​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ​«​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​»​ និង​«​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»។ (​១កូ. ៣:៩; ២កូ. ២:១៧​) ហេតុ​នេះ យើង​អាចធ្វើ​កិច្ច​ការ​នេះ​បាន។ យើង​សប្បាយ​ចិត្ត​ដែល​យើង​មាន​ឯកសិទ្ធិ​បំពេញ​ភារកិច្ច​នេះ និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ!—សូម​អាន ភីលីព ៤:១៣

ចម្រៀង​លេខ​៧៩ ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​ជំហរ​មាំ​មួន

^ វគ្គ 5 លោក​យេស៊ូ​បាន​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​កាន់​តាម​លោក​ឲ្យ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាមអ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្គាប់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ។ ព័ត៌មាន​ខ្លះ​ក្នុង​អត្ថបទ​នេះ​មាន​មូលដ្ឋាន​លើ​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៤ នៅ​ទំព័រ​១៤​-​១៩

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ដែល​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ពន្យល់​អំពី​អ្វី​ដែល​សិស្ស​ត្រូវ​ធ្វើ ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ។ ក្រោយ​មក សិស្ស​គម្ពីរ​ធ្វើ​តាម​យោបល់​បី​យ៉ាង​ដែល​គាត់​បាន​ទទួល​ពី​អ្នក​បង្រៀន។