លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បង​អូណេស៊ីមេ និង​បង​ជេរោលឌីន

បងប្អូនដែលត្រឡប់ទៅស្រុកកំណើតវិញទទួលពរជាបរិបូរ

បងប្អូនដែលត្រឡប់ទៅស្រុកកំណើតវិញទទួលពរជាបរិបូរ

បង​ប្អូន​ជា​ច្រើន​ដែល​ធ្លាប់​ចំណាក​ស្រុក​ទៅ​ប្រទេស​អ្នក​មាន ក្រោយ​មក​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ហេតុ​អ្វី​ពួក​គេ​បាន​ធ្វើ​ដូច្នេះ? សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​មនុស្ស បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​រើ​ទៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ច្រើន​ជាង។ (​ម៉ាថ. ២២:៣៧​-​៣៩​) តើ​ពួក​គេ​បាន​លះ​បង់​អ្វី ហើយ​តើ​ពួក​គេ​បាន​ទទួល​ពរ​អ្វី​ខ្លះ? ដើម្បី​ដឹង​ចម្លើយ សូម​យើង​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ខ្លះ​នៅ​ប្រទេស​កាមេរូន នា​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។

​«​កន្លែង​ដ៏​ស័ក្ដិ​សម​ដើម្បី​‹នេសាទ​មនុស្ស›​»​

នៅ​ឆ្នាំ​១៩៩៨ បង​ប្រុស​ម្នាក់​ឈ្មោះ​អូណេស៊ីមេ​បាន​ចាក​ចេញ​ពី​ប្រទេស​កាមេរូន ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ អស់​១៤​ឆ្នាំ​គាត់​បាន​រស់​នៅ​ប្រទេស​ក្រៅ។ នៅ​ថ្ងៃ​មួយ​នៅ​កិច្ច​ប្រជុំ គាត់​បាន​ឮ​ឧទាហរណ៍​មួយ​អំពី​កិច្ច​បម្រើ​ផ្សាយ។ អ្នក​ថ្លែង​បាន​និយាយ​ថា​៖ ​«​បើ​មិត្ត​ភក្ដិ​ពីរ​នាក់​នេសាទ​ត្រី​នៅ​កន្លែង​ផ្សេង​ពី​គ្នា ហើយ​ម្នាក់​ចាប់​ត្រី​បាន​ច្រើន​ជាង​ម្នាក់​ទៀត មិត្ត​ភក្ដិ​ដែល​ចាប់​ត្រី​បាន​តិច​នឹង​រើ​ទៅ​កន្លែង​ដែល​អាច​ចាប់​ត្រី​បាន​ច្រើន​ជាង មែន​ទេ?​»។

ឧទាហរណ៍​នោះ​បាន​នាំ​ឲ្យ​បង​អូណេស៊ីមេ​គិត​អំពី​ការ​ត្រឡប់​ទៅ​ប្រទេស​កាមេរូន​ដើម្បី​ជួយ​អ្នក​ផ្សាយ​នៅ​ទី​នោះ ដោយ​សារ​នោះ​ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​ចង់​រៀន​គម្ពីរ។ ប៉ុន្តែ គាត់​មាន​ការ​ព្រួយ​បារម្ភ។ តើ​គាត់​អាច​សម្រប​ខ្លួន​តាម​ការ​រស់​នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់​ក្រោយ​ពី​គាត់​រស់​នៅ​ប្រទេស​ក្រៅ​អស់​ជា​ច្រើន​ឆ្នាំ​ឬ​ទេ? ដើម្បី​ដឹង​ថា​គាត់​អាច​រស់​នៅ​បាន​ឬ​យ៉ាង​ណា បង​អូណេស៊ីមេ​បាន​ទៅ​លេង​ប្រទេស​កាមេរូន​អស់​៦​ខែ​សិន។ ក្រោយ​មក​នៅ​ឆ្នាំ​២០១២ គាត់​បាន​រើ​ទៅ​រស់​នៅ​ប្រទេស​នោះ​វិញ។

បង​អូណេស៊ីមេ​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ត្រូវ​ស៊ាំ​នឹង​អាកាសធាតុ​ក្ដៅ និង​របៀប​រស់​នៅ​ក្នុង​ប្រទេស​នោះ។ នៅ​សាល​ប្រជុំ ខ្ញុំ​ត្រូវ​ស៊ាំ​អង្គុយ​នៅ​លើ​កៅអី​ឈើ​ដែល​ពិបាក​អង្គុយ​ម្ដង​ទៀត​»។ គាត់​និយាយ​ទាំង​ញញឹម​ថា​៖ ​«​ប៉ុន្តែ កាល​ដែល​ខ្ញុំ​កាន់​តែ​ផ្ចង់​អារម្មណ៍​ទៅ​លើ​កម្ម​វិធី ខ្ញុំ​កាន់​តែ​អាច​បំភ្លេច​អនុស្សាវរីយ៍​ដែល​ខ្ញុំ​ធ្លាប់​អង្គុយ​នៅ​លើ​កៅអី​ពូក​»។

នៅ​ឆ្នាំ​២០១៣ បង​អូណេស៊ីមេ​រៀប​ការ​ជា​មួយ​បង​ជេរោលឌីន ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​កាមេរូន​វិញ ក្រោយ​ពី​រស់​នៅ​ប្រទេស​បារាំង​អស់​៩​ឆ្នាំ។ តើ​ប្ដី​ប្រពន្ធ​នេះ​បាន​ទទួល​ពរ​អ្វី​ខ្លះ ដោយ​សារ​ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ព្រះ? បង​អូណេស៊ីមេ​និយាយ​ថា​៖ ​«​យើង​បាន​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ និង​បម្រើ​នៅ​បេតអែល​ជា​មួយ​គ្នា​»។ ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ សិស្ស​គម្ពីរ​២០​នាក់​ក្នុង​ក្រុម​ជំនុំ​របស់​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ខ្ញុំ​មាន​អារម្មណ៍​ថា ឥឡូវ​នេះ​ខ្ញុំ​នៅ​កន្លែង​ដ៏​ស័ក្ដិ​សម​ដើម្បី​‹នេសាទ​មនុស្ស›​»។ (​ម៉ាក. ១:១៧, ១៨​) បង​ជេរោលឌីន​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ពរ​ច្រើន​ហួស​ពី​ការ​នឹក​ស្មាន​»។

អំណរ​ដែល​មក​ពី​ការ​រក​ឃើញ​កូន​ៗ​ក្នុង​សេចក្ដី​ពិត

បង​ជូឌិត និង​បង​សេមកាស្តិល

បង​ស្រី​ជូឌិត​បាន​រើ​ទៅ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​គាត់​ចង់​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​រាល់​ដង​ដែល​ខ្ញុំ​ទៅ​លេង​ក្រុម​គ្រួសារ​នៅ​ប្រទេស​កាមេរូន ហើយ​ហៀប​នឹង​ត្រឡប់​ទៅ​អាម៉េរិក​វិញ ខ្ញុំ​យំ​ដោយ​សារ​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​បុគ្គល​មួយ​ចំនួន​ដែល​ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​»។ ក៏​ប៉ុន្តែ​បង​ជូឌិត​ស្ទាក់​ស្ទើរ​ត្រឡប់​ទៅ​ប្រទេស​កាមេរូន​វិញ។ គាត់​មាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ហើយ​អាច​ឲ្យ​គាត់​បង់​ថ្លៃ​ព្យាបាល​ដែល​ឪពុក​គាត់​ត្រូវ​ការ​នៅ​ប្រទេស​កាមេរូន។ ប៉ុន្តែ​បង​ជូឌិត​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​រើ​ទៅ​កាមេរូន​វិញ។ គាត់​សារភាព​ថា គាត់​នឹក​ភាព​ស្រណុក​សុខ​ស្រួល​ខ្លះ​ដែល​គាត់​ធ្លាប់​មាន កាល​ដែល​រស់​នៅ​ប្រទេស​ក្រៅ។ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​ចេះ​សម្រប​ខ្លួន ហើយ​គាត់​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​របស់​គាត់។

បង​ជូឌិត​និយាយ​ថា​៖ ​«​ក្នុង​អំឡុង​បី​ឆ្នាំ ខ្ញុំ​មាន​អំណរ ដោយ​សារ​ខ្ញុំ​បាន​រក​ឃើញ​កូន​បួន​នាក់​ក្នុង​សេចក្ដី​ពិត​»។ ក្រោយ​មក​បង​ជូឌិត​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ សព្វ​ថ្ងៃ​នេះ គាត់​បម្រើ​ជា​មួយ​ប្ដី​គាត់​ឈ្មោះ​សេមកាស្តិល ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ ប៉ុន្តែ តើ​អ្វី​កើត​ឡើង​ចំពោះ​ឪពុក​របស់​បង​ជូឌិត? បង​ជូឌិត​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រក​ឃើញ​មន្ទីរ​ពេទ្យ​មួយ​នៅ​ប្រទេស​ក្រៅ​ដែល​សុខ​ចិត្ត​វះ​កាត់​ឪពុក​របស់​គាត់​ដោយ​ឥត​បង់​ថ្លៃ។ គួរ​ឲ្យ​សប្បាយ​ណាស់ ការ​វះ​កាត់​នោះ​បាន​ជោគ​ជ័យ។

ពួក​គេ​បាន​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា

បង​ការ៉ូលេន​និង​បង​វីកទ័រ

បង​ប្រុស​ម្នាក់​ឈ្មោះ​វីកទ័រ​បាន​រើ​ទៅ​ប្រទេស​កាណាដា។ ក្រោយ​ពី​គាត់​បាន​អាន​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាមអំពី​ការ​រៀន​នៅ​សកល​វិទ្យាល័យ គាត់​បាន​គិត​អំពី​ការ​អប់រំ​របស់​គាត់។ គាត់​បាន​ឈប់​រៀន​នៅ​សកល​វិទ្យាល័យ ហើយ​ចាប់​ផ្ដើម​រៀន​ជំនាញ​វគ្គ​ខ្លី​វិញ។ គាត់​និយាយ​ថា​៖ ​«​នោះ​អាច​ឲ្យ​ខ្ញុំ​ទទួល​បាន​ការងារ​លឿន​ជាង ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​យូរ​មក​ហើយ គឺ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​»។ ក្រោយ​មក បង​វីកទ័រ​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ការ៉ូលេន ហើយ​ពួក​គាត់​បាន​ទៅ​លេង​ប្រទេស​កាមេរូន។ ពេល​នៅ​ទី​នោះ ពួក​គាត់​បាន​ទៅ​លេង​ការិយាល័យ​សាខា ហើយ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គិត​អំពី​ការ​បម្រើ​នៅ​ប្រទេស​កាមេរូន។ បង​វីកទ័រ​និយាយ​ថា​៖ ​«​យើង​គ្មាន​ហេតុ​ថា​អត់​ទៅ​ទេ ហើយ​ដោយ​សារ​យើង​បាន​រក្សា​ជីវិត​ឲ្យ​សាមញ្ញ យើង​អាច​ទៅ​បាន​»។ ទោះ​ជា​បង​ការ៉ូលេន​មាន​បញ្ហា​សុខភាព​ខ្លះ​ៗ​ក្ដី ពួក​គាត់​បាន​សម្រេច​ចិត្ត​រើ​ទៅ​ប្រទេស​កាមេរូន។

បង​វីកទ័រ​និង​បង​ការ៉ូលេន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដើម្បី​ជួយ​មនុស្ស​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​រៀន​គម្ពីរ​ក្នុង​តំបន់​ផ្សាយ។ អស់​មួយ​រយៈ​ពេល ពួក​គាត់​មិន​ចាំ​បាច់​ធ្វើ​ការ​ទេ ដោយ​សារ​ពួក​គាត់​ប្រើ​លុយ​ដែល​ពួក​គាត់​បាន​សន្សំ។ ក្រោយ​មក ពួក​គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កាណាដា​អស់​ប៉ុន្មាន​ខែ។ ដូច្នេះ ពួក​គាត់​អាច​ត្រឡប់​ទៅ​ប្រទេស​កាមេរូន​វិញ ហើយ​បន្ត​ត្រួស​ត្រាយ។ តើ​ពួក​គាត់​បាន​ទទួល​ពរ​អ្វី​ខ្លះ? ពួក​គាត់​បាន​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​ឥឡូវ​ជា​អ្នក​បម្រើ​ផ្នែក​សាង​សង់។ បង​វីកទ័រ​និយាយ​ថា​៖ ​«​ការ​លះ​ចោល​ជីវិត​សុខ​ស្រួល នាំ​ឲ្យ​យើង​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​»។

អំណរ​ដែល​មក​ពី​ការ​ជួយ​មនុស្ស​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា

បង​ស្តេហ្វានី​និង​បង​អាឡេន

នៅ​ឆ្នាំ​២០០២ បង​ប្រុស​អាឡេន​ដែល​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​មួយ​នា​ប្រទេស​អាល្លឺម៉ង់ បាន​អាន​ខិត្តប័ណ្ណ​មួយ​ដែល​មាន​ចំណង​ជើង​ថា ប្អូន​ៗ​យុវវ័យ! តើ​អ្នក​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​អ្នក? ព័ត៌មាន​ក្នុង​ខិត្តប័ណ្ណ​នោះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​មាន​គោល​ដៅ​ថ្មី។ នៅ​ឆ្នាំ​២០០៦ គាត់​បាន​ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ប្រទេស​កាមេរូន​ដែល​ជា​ស្រុក​កំណើត​របស់​គាត់។

នៅ​ប្រទេស​កាមេរូន បង​អាឡេន​បាន​រក​ឃើញ​ការងារ​មិន​ពេញ​ពេល។ ក្រោយ​មក គាត់​បាន​រក​ឃើញ​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង ប៉ុន្តែ​គាត់​បារម្ភ​ថា​នោះ​នឹង​នាំ​ឲ្យ​គាត់​ផ្សព្វ​ផ្សាយ​មិន​បាន​ច្រើន។ ដូច្នេះ ពេល​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស គាត់​បាន​យល់​ព្រម​ដោយ​មិន​ស្ទាក់​ស្ទើរ។ ថៅកែ​របស់​គាត់​បាន​ស្នើ​ឲ្យ​គាត់​នូវ​ប្រាក់​ខែ​ខ្ពស់​ជាង ប៉ុន្តែ​បង​អាឡេន​មិន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​គាត់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ទេ។ ក្រោយ​មក បង​អាឡេន​បាន​រៀប​ការ​ជា​មួយ​បង​ស្តេហ្វានី ដែល​បាន​រស់​នៅ​ប្រទេស​បារាំង​អស់​ប៉ុន្មាន​ឆ្នាំ។ តើ​បង​ស្តេហ្វានី​មាន​ការ​ពិបាក​អ្វី​ខ្លះ​បន្ទាប់​ពី​រើ​ទៅ​ប្រទេស​កាមេរូន?

បង​ស្តេហ្វានី​និយាយ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​មាន​អាល្លែកហ្ស៊ី និង​បញ្ហា​សុខភាព​តិច​តួច តែ​ខ្ញុំ​បាន​ទទួល​ការ​ព្យាបាល​ជា​រឿយ​ៗ ហើយ​ធូរ​ស្បើយ​ជាង​»។ ពួក​គាត់​បាន​ទទួល​ពរ​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គាត់។ បង​អាឡេន​និយាយ​ថា​៖ ​«​ពេល​យើង​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ខតេ ដែល​ជា​ភូមិ​ដាច់​ស្រយាល​មួយ យើង​បាន​ជួប​បុគ្គល​មួយ​ចំនួន​ដែល​ចង់​រៀន​គម្ពីរ។ ក្រោយ​មក យើង​អាច​សិក្សា​គម្ពីរ​ជា​មួយ​ពួក​គេ​តាម​ទូរស័ព្ទ។ សិស្ស​គម្ពីរ​ពីរ​នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មាន​អ្នក​ផ្សព្វ​ផ្សាយ​ថ្មី​មួយ​ក្រុម​នៅ​ទី​នោះ​»។ បង​ស្តេហ្វានី​បន្ថែម​ថា​៖ ​«​គ្មាន​អ្វី​អរ​សប្បាយ​ជាង​ការ​ជួយ​មនុស្ស​រហូត​ដល់​ពួក​គេ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទេ។ ដោយ​សារ​យើង​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ យើង​បាន​ទទួល​អំណរ​នេះ​ជា​ច្រើន​ដង​»។ សព្វ​ថ្ងៃ​នេះ បង​អាឡេន​និង​បង​ស្តេហ្វានី​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។

​«​យើង​បាន​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​»​

បង​ឡេអន់​និង​បង​ជីសេល

បង​ស្រី​ជីសេល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​កាល​ដែល​គាត់​រៀន​នៅ​សាលា​ពេទ្យ នា​ប្រទេស​អ៊ីតាលី។ គាត់​រៀន​គម្ពីរ​ជា​មួយ​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ ហើយ​គាត់​កោត​ស្ងើច​ចំពោះ​ជីវិត​សាមញ្ញ​របស់​ពួក​គេ។ នេះ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ដូច្នេះ កាល​ដែល​បង​ជីសេល​ជិត​រៀន​ចប់ គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

បង​ជីសេល​ចង់​ត្រឡប់​ទៅ​ប្រទេស​កាមេរូន​វិញ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង ប៉ុន្តែ​គាត់​មាន​ការ​ព្រួយ​បារម្ភ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​លះ​ចោល​សិទ្ធិ​រស់​នៅ នៅ​ប្រទេស​អ៊ីតាលី ហើយ​ត្រូវ​បែក​ពី​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ប្រទេស​អ៊ីតាលី​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ខែ​ឧសភា ឆ្នាំ​២០១៦ បង​ជីសេល​បាន​រើ​ទៅ​ប្រទេស​កាមេរូន​វិញ។ មួយ​រយៈ​ពេល​ក្រោយ​មក គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ប្រុស​ឡេអន់ ហើយ​ការិយាល័យ​សាខា​នៅ​ប្រទេស​កាមេរូន​បាន​ឲ្យ​យោបល់​ដល់​ប្ដី​ប្រពន្ធ​នោះ​រើ​ទៅ​ក្រុង​អេយ៉ូស ជា​ក្រុង​តូច​មួយ​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ​ច្រើន។

តើ​ជីវិត​នៅ​ក្រុង​អេយ៉ូស​មាន​សភាព​បែប​ណា? បង​ជីសេល​និយាយ​ថា​៖ ​«​នៅ​ទី​នោះ​ច្រើន​តែ​ដាច់​ភ្លើង​អស់​ជា​ច្រើន​សប្ដាហ៍ ហើយ​យើង​គ្មាន​អគ្គិសនី​ដើម្បី​បញ្ចូល​ថ្ម​ទូរស័ព្ទ​ទេ។ ភាគ​ច្រើន ទូរស័ព្ទ​យើង​មិន​សូវ​ដំណើរ​ការ។ ខ្ញុំ​រៀន​ចម្អិន​ម្ហូប​ដោយ​ប្រើ​អុស ហើយ​យប់​ឡើង ពេល​ដែល​មិន​សូវ​មាន​មនុស្ស យើង​យក​ពិល​និង​រទេះ​រុញ​ដើម្បី​ទៅ​ដង​ទឹក​»។ តើ​អ្វី​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​នោះ​អាច​ស៊ូ​ទ្រាំ? បង​ជីសេល​និយាយ​ថា​៖ ​«​សកម្មពល​របស់​ព្រះ​យេហូវ៉ា ការ​គាំទ្រ​ពី​គូ​អាពាហ៍ពិពាហ៍ និង​ការ​លើក​ទឹក​ចិត្ត ហើយ​ជួន​កាល​ជំនួយ​ថវិកា​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​បាន​ជួយ​យើង​»។

តើ​បង​ជីសេល​សប្បាយ​ចិត្ត​ដែល​គាត់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ​ឬ​ទេ? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទាល់​តែ​សោះ។ ដំបូង យើង​មាន​ការ​ពិបាក​និង​ធ្លាក់​ទឹក​ចិត្ត​ដែរ។ ប៉ុន្តែ​ពេល​យើង​យក​ឈ្នះ​បញ្ហា​ទាំង​នោះ ខ្ញុំ​និង​ប្ដី​ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​បាន​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ។ យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​លោក​»។ បង​ឡេអន់ និង​បង​ជីសេល​បាន​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ឥឡូវ​ពួក​គាត់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បណ្ដោះ​អាសន្ន។

ដូច​អ្នក​នេសាទ​ត្រី​ដែល​បង្ហាញ​ចិត្ត​ក្លាហាន​ដើម្បី​ចាប់​ត្រី​បាន​ច្រើន ទោះ​ជា​ពួក​គេ​មាន​ការ​ពិបាក​ក្ដី បង​ប្អូន​ដែល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ សុខ​ចិត្ត​ធ្វើ​ការ​លះបង់​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ដែល​ស្ដាប់​ដំណឹង​អំពី​រាជាណាចក្រ។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹក​ចាំ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​ទាំង​នេះ ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាម​របស់​លោក។ (​នេហ. ៥:១៩; ហេ. ៦:១០​) បើ​អ្នក​កំពុង​រស់​នៅ​ប្រទេស​ក្រៅ ហើយ​ស្រុក​កំណើត​របស់​អ្នក​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ច្រើន​ជាង តើ​អ្នក​អាច​ត្រឡប់​ទៅ​វិញ​ឬ​ទេ? បើ​អ្នក​ទៅ អ្នក​នឹង​ទទួល​ពរ​ជា​បរិបូរ។—សុភ. ១០:២២