លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៧

តើអ្នកនឹងបន្តកែតម្រង់ខ្លួនឬទេ?

តើអ្នកនឹងបន្តកែតម្រង់ខ្លួនឬទេ?

​«​ជា​ទី​បញ្ចប់​នេះ បង​ប្អូន​អើយ ចូរ​បន្ត​អរ​សប្បាយ [​និង​]​កែ​តម្រង់​ខ្លួន​»។—២កូ. ១៣:១១

ចម្រៀង​លេខ​៥៤ ‹គឺ​ផ្លូវ​នេះ​ហើយ›

សេចក្ដី​សង្ខេប *

១. យោង​ទៅ​តាម​ម៉ាថាយ ៧:១៣, ១៤ តើ​យើង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ក្នុង​ន័យ​យ៉ាង​ណា?

យើង​ទាំង​អស់​គ្នា​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​មួយ។ ទិស​ដៅ​ឬ​គោល​ដៅ​របស់​យើង គឺ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​រៀង​រាល់​ថ្ងៃ យើង​ព្យាយាម​ដើរ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។ ប៉ុន្តែ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ផ្លូវ​នោះ​គឺ​ចង្អៀត ហើយ​ជួន​កាល​ពិបាក​ដើរ។ (​សូម​អាន ម៉ាថាយ ៧:១៣, ១៤) ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​យើង​ងាយ​វង្វេង​ចេញ​ពី​ផ្លូវ​នោះ។—កាឡ. ៦:១

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចិត្ត​រាប​ទាប​ជួយ​យើង​ឲ្យ​កែ​តម្រង់​ជំហាន​របស់​យើង​»​)

បើ​យើង​ចង់​បន្ត​ដើរ​នៅ​លើ​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត យើង​ត្រូវ​សុខ​ចិត្ត​កែ​ប្រែ​របៀប​គិត​គូរ ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង។ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​កូរិនថូស​ឲ្យ​បន្ត​«​កែ​តម្រង់​ខ្លួន​»។ (​២កូ. ១៣:១១​) យោបល់​នោះ​ក៏​ជាប់​ទាក់​ទង​នឹង​យើង​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​កែ​តម្រង់​ជំហាន​របស់​យើង និង​អំពី​របៀប​ដែល​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ​អាច​ជួយ​យើង​ឲ្យ​បន្ត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​អាច​ឲ្យ​យើង​ពិបាក​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត យើង​នឹង​រៀន​អំពី​របៀប​ដែល​ចិត្ត​រាប​ទាប​អាច​ជួយ​យើង​ឲ្យ​កែ​តម្រង់​ខ្លួន​ដោយ​មិន​បាត់​បង់​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​កែ​តម្រង់​អ្នក

៣. តើ​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ពេល​យើង​ព្យាយាម​ពិនិត្យ​ពិចារណា​អំពី​គំនិត​និង​អារម្មណ៍​របស់​យើង យើង​មាន​ការ​ពិបាក​មួយ។ តើ​នោះ​ជា​អ្វី? ចិត្ត​របស់​យើង​ជា​គ្រឿង​បញ្ឆោត ហើយ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ដឹង​ថា​វា​នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី។ (​យេ. ១៧:៩​) គឺ​ស្រួល​ឲ្យ​យើង​បញ្ឆោត​ខ្លួន​«​តាម​ការ​វែក​ញែក​ខុស​»។ (​យ៉ា. ១:២២​) ដូច្នេះ យើង​ត្រូវ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង។ បណ្ដាំ​របស់​ព្រះ​បង្ហាញ​ថា​យើង​ពិត​ជា​មនុស្ស​បែប​ណា គឺ​ឲ្យ​យើង​ដឹង​អំពី​«​គំនិត​និង​បំណង​ចិត្ត​»​របស់​យើង។ (​ហេ. ៤:១២, ១៣​) ក្នុង​ន័យ​ម្យ៉ាង បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ម៉ាស៊ីន​អេកូ ដែល​អាច​ឲ្យ​យើង​ឃើញ​អ្វី​នៅ​ខាង​ក្នុង​ខ្លួន​យើង។ ប៉ុន្តែ​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប ដើម្បី​យើង​អាច​អនុវត្ត​យោបល់​ដែល​យើង​ទទួល​ពី​គម្ពីរ ឬ​ពី​បុគ្គល​ដែល​ជា​តំណាង​របស់​ព្រះ។

៤. តើ​អ្វី​បង្ហាញ​ថា​ស្ដេច​សុល​ទៅ​ជា​មនុស្ស​មាន​អំណួត?

គំរូ​របស់​ស្ដេច​សុល​បង្ហាញ​អំពី​អ្វី​ដែល​អាច​កើត​ឡើង ពេល​យើង​ខ្វះ​ចិត្ត​រាប​ទាប។ សុល​មាន​អំណួត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​ព្រម​ទទួល​ស្គាល់​ថា​របៀប​គិត​គូរ និង​ការ​ប្រព្រឹត្ត​របស់​គាត់​ត្រូវ​ការ​ការ​កែ​ប្រែ។ (​ទំនុក. ៣៦:១, ២; ហាប. ២:៤​) នេះ​ស​ឲ្យ​ឃើញ​ពេល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ការ​ណែនាំ​ជាក់​លាក់​ដល់​សុល អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ​ក្រោយ​ពី​គាត់​យក​ឈ្នះ​ជន​ជាតិ​អាម៉ាលេក។ ប៉ុន្តែ សុល​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឡើយ។ ម្យ៉ាង​ទៀត ពេល​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​គាត់​អំពី​រឿង​នោះ សុល​មិន​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ព្យាយាម​ដោះ​សា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​គាត់​ដោយ​និយាយ​ថា រឿង​នោះ​មិន​មែន​ធំ​ដុំ​ទេ ហើយ​ថា​បណ្ដា​ជន​បាន​បង្ខំ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ។ (​១សាំ. ១៥:១៣​-​២៤​) មុន​នោះ សុល​ក៏​បាន​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ​ដែរ។ (​១សាំ. ១៣:១០​-​១៤​) គួរ​ឲ្យ​ស្ដាយ គាត់​បាន​ឲ្យ​ចិត្ត​របស់​គាត់​មាន​អំណួត។ គាត់​មិន​បាន​កែ​តម្រង់​របៀប​គិត​គូរ​របស់​គាត់​ទេ ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​ប្រដៅ​គាត់ ហើយ​លែង​ទទួល​ស្គាល់​គាត់។

៥. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​សុល?

ដើម្បី​រៀន​ពី​គំរូ​របស់​សុល យក​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​នូវ​សំណួរ​ទាំង​នេះ​ថា ‹ពេល​ខ្ញុំ​អាន​យោបល់​ពី​បណ្ដាំ​របស់​ព្រះ តើ​ខ្ញុំ​រក​លេស​មិន​ធ្វើ​តាម​ឬ​ទេ? តើ​ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ គឺ​មិន​អាក្រក់​ណាស់​ណា​ឬ? តើ​ខ្ញុំ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ឯ​ទៀត ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ឬ​ទេ?›។ បើ​យើង​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ណា​មួយ​ក្នុង​ចំណោម​សំណួរ​ទាំង​នេះ យើង​ត្រូវ​កែ​ប្រែ​របៀប​គិត​គូរ​និង​ចិត្ត​គំនិត​របស់​យើង។ បើ​ពុំ​នោះ​ទេ ចិត្ត​របស់​យើង​អាច​ទៅ​ជា​មាន​អំណួត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ព្រះ​យេហូវ៉ា​នឹង​មិន​ព្រម​ទទួល​ស្គាល់​យើង​ជា​មិត្ត។—យ៉ា. ៤:៦

៦. សូម​រៀប​រាប់​អំពី​ភាព​ខុស​គ្នា​រវាង​ស្ដេច​សុល​និង​ស្ដេច​ដាវីឌ។

សូម​កត់​សម្គាល់​ភាព​ខុស​គ្នា​រវាង​ស្ដេច​សុល​និង​ស្ដេច​ដាវីឌ​ដែល​ជា​ស្ដេច​បន្ទាប់​ពី​គាត់។ ដាវីឌ​ជា​បុរស​ដែល​ស្រឡាញ់​«​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​»។ (​ទំនុក. ១:១​-​៣​) ដាវីឌ​ដឹង​ថា​ព្រះ​យេហូវ៉ា​សង្គ្រោះ​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប ប៉ុន្តែ​ប្រឆាំង​នឹង​បុគ្គល​ដែល​មាន​អំណួត។ (​២សាំ. ២២:២៨​) ដូច្នេះ ដាវីឌ​បាន​ឲ្យ​ច្បាប់​របស់​ព្រះ​កែ​តម្រង់​របៀប​គិត​គូរ​របស់​គាត់។ គាត់​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ជួយ​គំនិត​ទូល​បង្គំ។ អើ ចិត្ត​ក៏​បង្គាប់​ដល់​ទូល​បង្គំ​នៅ​វេលា​យប់​ដែរ​»។—ទំនុក. ១៦:៧

បណ្ដាំ​របស់​ព្រះ

បណ្ដាំ​របស់​ព្រះ​ព្រមាន​យើង ពេល​ដែល​យើង​វង្វេង​ចេញ​ពី​ផ្លូវ។ បើ​យើង​មាន​ចិត្ត​រាប​ទាប យើង​ឲ្យ​បណ្ដាំ​លោក​កែ​តម្រូវ​គំនិត​មិន​ត្រឹម​ត្រូវ​របស់​យើង (​សូម​មើល​វគ្គ​៧​)

៧. បើ​យើង​មាន​ចិត្ត​រាប​ទាប តើ​យើង​នឹង​ធ្វើ​អ្វី?

បើ​យើង​មាន​ចិត្ត​រាប​ទាប យើង​នឹង​ឲ្យ​បណ្ដាំ​របស់​ព្រះ​កែ​តម្រង់​របៀប​គិត​គូរ​មិន​ត្រឹម​ត្រូវ​របស់​យើង មុន​ចេញ​ជា​ការ​ប្រព្រឹត្ត។ បណ្ដាំ​របស់​ព្រះ​នឹង​ប្រៀប​ដូច​ជា​សំឡេង​មួយ​ដែល​ប្រាប់​យើង​ថា​៖ ​«​គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ​»។ បណ្ដាំ​របស់​លោក​នឹង​ព្រមាន​យើង​ពេល​យើង​វង្វេង​ចេញ​ពី​ផ្លូវ ដោយ​បែរ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង។ (​អេ. ៣០:២១​) យើង​នឹង​ទទួល​ប្រយោជន៍​ច្រើន​ពេល​យើង​ស្ដាប់​តាម​ព្រះ​យេហូវ៉ា។ (​អេ. ៤៨:១៧​) ជា​ឧទាហរណ៍ យើង​នឹង​មិន​ខ្មាស​គេ ដោយ​សារ​ត្រូវ​ទទួល​ការ​កែ​តម្រង់​ពី​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ទទួល​ស្គាល់​ថា​លោក​កំពុង​ប្រព្រឹត្ត​ទៅ​លើ​យើង​ដូច​ជា​កូន​ជា​ទី​ស្រឡាញ់។—ហេ. ១២:៧

៨. ដូច​បាន​ចែង​នៅ​យ៉ាកុប ១:២២​-​២៥ តើ​យើង​អាច​ប្រើ​បណ្ដាំ​របស់​ព្រះ​ដូច​ជា​កញ្ចក់​តាម​របៀប​ណា?

បណ្ដាំ​របស់​ព្រះ​អាច​ប្រដូច​ទៅ​នឹង​កញ្ចក់។ (​សូម​អាន យ៉ាកុប ១:២២​-​២៥) រាល់​ព្រឹក​មុន​ចេញ​ពី​ផ្ទះ យើង​ភាគ​ច្រើន​ឆ្លុះ​កញ្ចក់​ដើម្បី​ដឹង​ថា​យើង​ស្អាត​គ្រប់​ជ្រុង​ជ្រោយ​ហើយ​ឬ​នៅ។ យ៉ាង​នេះ យើង​អាច​ដឹង​ថា យើង​ត្រូវ​កែ​អ្វី​ខ្លះ​មុន​ជួប​អ្នក​ឯ​ទៀត។ ស្រដៀង​គ្នា​ដែរ ពេល​យើង​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​ឃើញ​របៀប​ដែល​យើង​អាច​កែ​តម្រង់​ចិត្ត​គំនិត និង​របៀប​គិត​គូរ​របស់​យើង។ បង​ប្អូន​ជា​ច្រើន​ទទួល​ប្រយោជន៍​ពី​ការ​អាន​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​រាល់​ព្រឹក​មុន​ពួក​គេ​ចេញ​ទៅ​ក្រៅ។ ពួក​គេ​ឲ្យ​អ្វី​ដែល​ពួក​គេ​អាន​មាន​ឥទ្ធិពល​លើ​គំនិត​របស់​ពួក​គេ។ ក្រោយ​មក​ពេញ​មួយ​ថ្ងៃ​នោះ ពួក​គេ​រក​ឱកាស​ធ្វើ​តាម​យោបល់​ពី​បណ្ដាំ​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត យើង​ត្រូវ​មាន​ទម្លាប់​សិក្សា​គម្ពីរ ដែល​រួម​បញ្ចូល​ការ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ស្ដាប់​ទៅ​ស្រួល ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​នៅ​លើ​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ដល់​ជីវិត។

ចូរ​ស្ដាប់​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ

មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ

បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ភាព​ចាស់​ទុំ ប្រហែល​ជា​ព្រមាន​យើង​យ៉ាង​សប្បុរស។ តើ​យើង​ដឹង​គុណ​មិត្ត​ភក្ដិ​ដែល​មាន​ចិត្ត​ក្លាហាន​ព្រមាន​យើង​ឬ​ទេ? (​សូម​មើល​វគ្គ​៩​)

៩. ហេតុ​អ្វី​មិត្ត​ភក្ដិ​ប្រហែល​ជា​ត្រូវ​កែ​តម្រង់​អ្នក?

តើ​អ្នក​ធ្លាប់​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​ដែល​នាំ​ឲ្យ​អ្នក​វង្វេង​ចេញ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? (​ទំនុក. ៧៣:២, ៣​) បើ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ មាន​ចិត្ត​ក្លាហាន​កែ​តម្រង់​អ្នក តើ​អ្នក​បាន​ស្ដាប់​គាត់​នៅ​ពេល​នោះ ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់​ឬ​ទេ? បើ​អ្នក​បាន​ធ្វើ​ដូច្នេះ អ្នក​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​អ្នក​ទំនង​ជា​សប្បាយ​ចិត្ត​ដែល​មិត្ត​ភក្ដិ​បាន​ព្រមាន​អ្នក។—សុភ. ១:៥

១០. តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​បើ​មិត្ត​កែ​តម្រង់​អ្នក?

១០ បណ្ដាំ​របស់​ព្រះ​រំលឹក​យើង​ថា​៖ ​«​របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​»។ (​សុភ. ២៧:៦​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? សូម​គិត​អំពី​ឧទាហរណ៍​មួយ​៖ ឧបមា​ថា អ្នក​កំពុង​រង់​ចាំ​ឆ្លង​ផ្លូវ​ដ៏​មមាញឹក​មួយ ហើយ​អ្នក​ចាប់​ផ្ដើម​មើល​ទូរស័ព្ទ។ បន្ទាប់​មក អ្នក​ដើរ​ឆ្លង​ផ្លូវ ដោយ​មិន​មើល​ទៅ​មុខ។ ពេល​នោះ​មិត្ត​ភក្ដិ​ចាប់​ដៃ​របស់​អ្នក ហើយ​ទាញ​អ្នក​ទៅ​ចិញ្ចើម​ផ្លូវ។ គាត់​ចាប់​ដៃ​អ្នក​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ដៃ​របស់​អ្នក​ជាំ។ ប៉ុន្តែ ការ​ប្រព្រឹត្ត​ដ៏​រហ័ស​របស់​គាត់​សង្គ្រោះ​អ្នក​មិន​ឲ្យ​ឡាន​បុក។ ទោះ​ជា​គាត់​ចាប់​ដៃ​របស់​អ្នក​ឡើង​ជាំ ហើយ​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​អស់​ប៉ុន្មាន​ថ្ងៃ​ក្ដី តើ​អ្នក​នឹង​ខឹង​ដោយ​សារ​គាត់​ធ្វើ​ដូច្នេះ​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! អ្នក​នឹង​ដឹង​គុណ​គាត់​ដែល​គាត់​បាន​ជួយ​អ្នក។ ស្រដៀង​គ្នា​ដែរ បើ​មិត្ត​ភក្ដិ​ព្រមាន​អ្នក​ថា ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក​មិន​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ នៅ​ដើម​ដំបូង​អ្នក​ប្រហែល​ជា​ឈឺ​ចិត្ត។ ប៉ុន្តែ សូម​កុំ​ខឹង​ឬ​ទើស​ចិត្ត​ដោយ​សារ​គាត់​បាន​ឲ្យ​ឱវាទ​អ្នក។ នោះ​គឺ​មិន​ឈ្លាស​វៃ​ទេ។ (​សាស្ដ. ៧:៩​) ផ្ទុយ​ទៅ​វិញ ចូរ​ដឹង​គុណ​មិត្ត​ភក្ដិ​របស់​អ្នក​ដែល​គាត់​ហ៊ាន​និយាយ​ប្រាប់​អ្នក។

១១. ហេតុ​អ្វី​បុគ្គល​ម្នាក់​ប្រហែល​ជា​មិន​ព្រម​ទទួល​ឱវាទ​ល្អ​ពី​មិត្ត​ភក្ដិ?

១១ ហេតុ​អ្វី​បុគ្គល​ម្នាក់​ប្រហែល​ជា​មិន​ព្រម​ទទួល​ឱវាទ​ល្អ​ពី​មិត្ត​ដែល​ស្រឡាញ់​គាត់? គឺ​ដោយ​សារ​អំណួត។ មនុស្ស​ដែល​មាន​អំណួត​ចូល​ចិត្ត​«​ឮ​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត​ស្ដាប់​»។ ពួក​គេ​«​ឈប់​ស្ដាប់​សេចក្ដី​ពិត​»។ (​២ធី. ៤:៣, ៤​) ពួក​គេ​គិត​ថា​ពួក​គេ​មិន​ត្រូវ​ការ​យោបល់ ដោយ​សារ​ពួក​គេ​គិត​ថា​ពួក​គេ​មាន​ប្រាជ្ញា​ជាង ឬ​សំខាន់​ជាង​អ្នក​ឯ​ទៀត។ ក៏​ប៉ុន្តែ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​សំខាន់ តែ​តាម​ពិត​ខ្លួន​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​កំពុង​បញ្ឆោត​ខ្លួន​ហើយ​»។ (​កាឡ. ៦:៣​) ស្ដេច​សាឡូម៉ូន​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​កំឡោះ​ដែល​ទាល់​ក្រ​តែ​មាន​ប្រាជ្ញា នោះ​វិសេស​ជាង​ស្ដេច​ដែល​ចាស់​ជរា ហើយ​ល្ងី​ល្ងើ ជា​ស្ដេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់​តឿន​ទៀត​»។—សាស្ដ. ៤:១៣

១២. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​សាវ័ក​ពេត្រុស​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​កាឡាទី ២:១១​-​១៤?

១២ សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ពេត្រុស​ពេល​សាវ័ក​ប៉ូល​បាន​កែ​តម្រង់​គាត់​នៅ​មុខ​អ្នក​ឯ​ទៀត។ (​សូម​អាន កាឡាទី ២:១១​-​១៤) ពេត្រុស​អាច​ទើស​ចិត្ត​ចំពោះ​ការ​កែ​តម្រង់​ពី​ប៉ូល ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ប៉ូល​និយាយ និង​ទី​កន្លែង​ដែល​គាត់​និយាយ។ ប៉ុន្តែ ពេត្រុស​មាន​ប្រាជ្ញា។ គាត់​ព្រម​ទទួល​យោបល់ ហើយ​មិន​ប្រកាន់​ទោស​នឹង​ប៉ូល​ទេ។ ផ្ទុយ​ទៅ​វិញ ក្រោយ​មក​គាត់​បាន​ហៅ​ប៉ូល​ថា​៖ ​«​បង​ប្រុស​ជា​ទី​ស្រឡាញ់​»។—២ពេ. ៣:១៥

១៣. តើ​យើង​គួរ​គិត​អំពី​ចំណុច​អ្វី​ខ្លះ​ពេល​ឲ្យ​យោបល់​អ្នក​ឯ​ទៀត?

១៣ បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ឲ្យ​យោបល់​ទៅ​មិត្ត​ភក្ដិ តើ​អ្នក​គួរ​ចាំ​ចំណុច​អ្វី​ខ្លះ? មុន​អ្នក​ទៅ​ជួប​មិត្ត​ភក្ដិ​របស់​អ្នក សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ជា​«​មនុស្ស​សុចរិត​ហួស​ល្បត់​»​ឬ​ទេ?›។ (​សាស្ដ. ៧:១៦​) បុគ្គល​ដែល​សុចរិត​ហួស​ល្បត់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​តាម​ខ្នាត​តម្រា​របស់​ខ្លួន មិន​មែន​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​គាត់​ទំនង​ជា​មិន​សូវ​មាន​សេចក្ដី​មេត្តា​ករុណា​ឡើយ។ បើ​អ្នក​បាន​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​មូលហេតុ​ដែល​អ្នក​ចង់​ឲ្យ​យោបល់​ដល់​មិត្ត ហើយ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​នៅ​តែ​ត្រូវ​ធ្វើ សូម​ប្រាប់​គាត់​ថា​គាត់​បាន​ធ្វើ​ខុស​អ្វី ហើយ​សួរ​សំណួរ​ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​ខុស។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​និយាយ​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ ដោយ​ចាំ​ថា​មិត្ត​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា មិន​មែន​ចំពោះ​អ្នក​ទេ។ (​រ៉ូម ១៤:១០​) ចូរ​ពឹង​ផ្អែក​លើ​ប្រាជ្ញា​ពី​បណ្ដាំ​របស់​ព្រះ ហើយ​ពេល​ឲ្យ​យោបល់​ដល់​បុគ្គល​ណា​ម្នាក់ សូម​មាន​ចិត្ត​មេត្តា​ករុណា​ដូច​លោក​យេស៊ូ។ (​សុភ. ៣:៥; ម៉ាថ. ១២:២០​) ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​ចំពោះ​យើង ដូច​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។—យ៉ា. ២:១៣

ចូរ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​ព្រះ

អង្គការ​របស់​ព្រះ

អង្គការ​របស់​ព្រះ​ផ្ដល់​សៀវភៅ វីដេអូ និង​កិច្ច​ប្រជុំ​ដែល​ជួយ​យើង​ឲ្យ​ធ្វើ​តាម​យោបល់​ពី​បណ្ដាំ​របស់​លោក។ ជួន​កាល គណៈ​អភិបាល​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ស្ដី​អំពី​របៀប​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​រៀបចំ (​សូម​មើល​វគ្គ​១៤​)

១៤. តើ​អង្គការ​របស់​ព្រះ​ផ្ដល់​អ្វី​ខ្លះ​ឲ្យ​យើង?

១៤ ព្រះ​យេហូវ៉ា​ណែនាំ​យើង​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅដល់​ជីវិត តាម​រយៈ​អង្គការ​របស់​លោក​ផ្នែក​នៅ​ផែនដី ដោយ​ផ្ដល់​វីដេអូ សៀវភៅ​ផ្សេង​ៗ និង​កិច្ច​ប្រជុំ​ដែល​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ធ្វើ​តាម​យោបល់​ពី​បណ្ដាំ​របស់​ព្រះ។ ព័ត៌មាន​នេះ​គួរ​ឲ្យ​ទុក​ចិត្ត​ដោយ​សារ​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ។ ពេល​សម្រេច​ចិត្ត​អំពី​របៀប​ដែល​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អាច​ធ្វើ​ឡើង​ឲ្យ​បាន​ល្អ​បំផុត គណៈ​អភិបាល​ពឹង​ផ្អែក​លើ​សកម្មពល​បរិសុទ្ធ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គណៈ​អភិបាល​ពិនិត្យ​មើល​ឡើង​វិញ​ជា​រឿយ​ៗ​អំពី​ការ​សម្រេច​ចិត្ត ស្ដី​អំពី​របៀប​ដែល​កិច្ច​ការ​នោះ​បាន​ត្រូវ​រៀបចំ។ ហេតុ​អ្វី? ពី​ព្រោះ​«​ស្ថានភាព​ពិភព​លោក​កំពុង​ប្រែ​ប្រួល​»​ ហើយ​អង្គការ​របស់​ព្រះ​ត្រូវ​សម្រប​តាម​ស្ថានភាព​ថ្មី។—១កូ. ៧:៣១

១៥. តើ​អ្នក​ផ្សាយ​ខ្លះ​ជួប​ការ​ពិបាក​អ្វី?

១៥ ពេល​អង្គការ​របស់​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ពន្យល់​ថ្មី​ស្ដី​អំពី​សេចក្ដី​បង្រៀន​ពី​គម្ពីរ ឬ​ឲ្យ​យើង​ការ​ណែនាំ​អំពី​ខ្នាត​តម្រា​សីលធម៌ យើង​ទទួល​យក ហើយ​ធ្វើ​តាម។ ប៉ុន្តែ តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​អង្គការ​របស់​ព្រះ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង? ជា​ឧទាហរណ៍ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ តម្លៃ​នៃ​ការ​សាង​សង់​និង​ការ​ថែ​ទាំ​កន្លែង​គោរព​ប្រណិប័តន៍ បាន​ឡើង​ថ្លៃ​ណាស់។ ដូច្នេះ គណៈ​អភិបាល​បាន​ណែនាំ​ឲ្យ​ក្រុម​ជំនុំ​ច្រើន​បំផុត​ប្រើ​សាល​ប្រជុំ​មួយ។ ជា​លទ្ធផល​ក្រុម​ជំនុំ​ផ្សេង​ៗ​បាន​ត្រូវ​បញ្ចូល​គ្នា ហើយ​សាល​ប្រជុំ​ខ្លះ​បាន​ត្រូវ​លក់។ លុយ​សន្សំ​ពី​នោះ​បាន​ត្រូវ​ប្រើ​ដើម្បី​ជួយ​សង់​សាល​ប្រជុំ​នៅ​តំបន់​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​គេ។ បើ​អ្នក​រស់​នៅ​តំបន់​ដែល​សាល​ប្រជុំ​បាន​ត្រូវ​លក់ ហើយ​ក្រុម​ជំនុំ​បាន​ត្រូវ​បញ្ចូល​គ្នា អ្នក​ប្រហែល​ជា​ពិបាក​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី។ ឥឡូវ​អ្នក​ផ្សាយ​ខ្លះ ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ជាង​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ។ អ្នក​ឯ​ទៀត​ដែល​បាន​ខំ​ប្រឹង​សាង​សង់​ឬ​ថែ​ទាំ​សាល​ប្រជុំ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​ឥឡូវ​សាល​ប្រជុំ​នោះ​បាន​ត្រូវ​លក់។ ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពេល​វេលា​និង​ការ​ខំ​ប្រឹង​របស់​ពួក​គេ​គឺ​ឥត​ប្រយោជន៍។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គេ​ទទួល​យក​ការ​រៀបចំ​ថ្មី​នេះ ហើយ​នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​សរសើរ។

១៦. តើ​ការ​ធ្វើ​តាម​យោបល់​នៅ​កូឡុស ៣:២៣, ២៤​នឹង​ជួយ​យើង​យ៉ាង​ណា​ឲ្យ​រក្សា​អំណរ?

១៦ យើង​នឹង​រក្សា​អំណរ បើ​យើង​ចាំ​ថា​អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​ព្រះ​យេហូវ៉ា ហើយ​ថា​លោក​កំពុង​ដឹក​នាំ​អង្គការ​របស់​លោក។ (​សូម​អាន កូឡុស ៣:២៣, ២៤) ស្ដេច​ដាវីឌ​បាន​ទុក​គំរូ​ល្អ​ពេល​ធ្វើ​វិភាគទាន​ដើម្បី​សាង​សង់​វិហារ។ គាត់​និយាយ​ថា​៖ ​«​តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ដ្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់។ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ​»។ (​១រប. ២៩:១៤​) ពេល​យើង​ធ្វើ​វិភាគទាន យើង​ក៏​កំពុង​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​មក​ពី​លោក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ពេល​វេលា កម្លាំង និង​ធន​ធាន​ដែល​យើង​ឲ្យ​ដើម្បី​គាំទ្រ​កិច្ចការ​ដែល​លោក​ចង់​សម្រេច។—២កូ. ៩:៧

ចូរ​បន្ត​ដើរ​នៅ​លើ​ផ្លូវ​ចង្អៀត

១៧. ហេតុ​អ្វី​អ្នក​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​បើ​អ្នក​ត្រូវ​កែ​តម្រង់​ខ្លួន?

១៧ ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត យើង​ទាំង​អស់​គ្នា​ត្រូវ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់។ (​១ពេ. ២:២១​) បើ​មើល​ទៅ​អ្នក​ត្រូវ​កែ​តម្រង់​ខ្លួន សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ នេះ​ប្រហែល​ជា​ល្អ ដោយ​សារ​នេះ​បង្ហាញ​ថា​អ្នក​ចង់​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ លោក​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទេ។

១៨. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទៅ​ដល់​ទិស​ដៅ​របស់​យើង?

១៨ សូម​យើង​ទាំង​អស់​គ្នា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត ហើយ​សុខ​ចិត្ត​កែ​ប្រែ​របៀប​គិត​គូរ ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង។ (​សុភ. ៤:២៥; លូក. ៩:៦២​) សូម​យើង​រក្សា​ចិត្ត​រាប​ទាប ​«​បន្ត​អរ​សប្បាយ [​និង​]​កែ​តម្រង់​ខ្លួន​»។ (​២កូ. ១៣:១១​) បើ​យើង​ធ្វើ​ដូច្នេះ ​«​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​សន្តិភាព នឹង​នៅ​ជា​មួយ​នឹង​[​យើង​]​»​ ហើយ​យើង​នឹង​មិន​គ្រាន់​តែ​ទៅ​ដល់​ទិស​ដៅ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​នឹង​សប្បាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។

ចម្រៀង​លេខ​៣៤ ចូរ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​និច្ច

^ វគ្គ 5 អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត។ អត្ថបទ​នេះ​នឹង​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​កែ​តម្រង់​ខ្លួន និង​របៀប​ដែល​យើង​អាច​រក្សា​អំណរ​ពេល​ធ្វើ​ដូច្នេះ។

^ វគ្គ 76 ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​បង​ប្រុស​ម្នាក់​រៀប​រាប់​អំពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​មិន​ល្អ បង​ប្រុស​ដែល​មាន​វ័យ​ចាស់​ជាង​(​នៅ​ខាង​ស្ដាំ​) ស្ដាប់​ដោយ​ស្ងប់​អារម្មណ៍ ដើម្បី​ដឹង​ថា​គាត់​ត្រូវ​ឲ្យ​យោបល់​ឬ​យ៉ាង​ណា។