លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

«ព្រះយេហូវ៉ាមិនបានភ្លេចខ្ញុំទេ»

«ព្រះយេហូវ៉ាមិនបានភ្លេចខ្ញុំទេ»

ខ្ញុំ​រស់​នៅ​ភូមិ​អូរីអាឡា ដែល​ជា​ភូមិ​ជន​ជាតិ​ភាគ​តិច​មួយ​នៅ​ប្រទេស​ហ្គីយ៉ាន នា​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ ភូមិ​ខ្ញុំ​មាន​ប្រជាជន​ប្រហែល​ជា​២.០០០​នាក់ ហើយ​នៅ​ដាច់​ស្រយាល។ ដូច្នេះ ដើម្បី​ទៅ​ដល់​ទី​នោះ ត្រូវ​តែ​ជិះ​យន្ត​ហោះ​តូច ឬ​ជិះ​ទូក។

ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៨៣។ ពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​មាន​សុខភាព​ល្អ ប៉ុន្តែ​ពេល​ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ឈឺ​ចាប់​ពេញ​ខ្លួន​យ៉ាង​ខ្លាំង។ ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​ភ្ញាក់​ពី​គេង​នៅ​ព្រឹក​មួយ ខ្ញុំ​មិន​អាច​កម្រើក​បាន​សោះ។ ទោះ​ជា​ខ្ញុំ​ព្យាយាម​កម្រើក​ក្ដី ជើង​ខ្ញុំ​គ្មាន​កម្លាំង​សោះ។ តាំង​ពី​ថ្ងៃ​នោះ ខ្ញុំ​ដើរ​មិន​បាន​ទៀត​ទេ។ ជំងឺ​នោះ​ក៏​ធ្វើ​ឲ្យ​កាយ​សម្បទា​ខ្ញុំ​ឈប់​លូត​លាស់។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​មាឌ​តូច​ដូច​កូន​ក្មេង។

ក្រោយ​ពី​ខ្ញុំ​មិន​អាច​ចេញ​ពី​ផ្ទះ​អស់​ប៉ុន្មាន​ខែ មាន​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​មក​លេង​ផ្ទះ​ខ្ញុំ។ តាម​ធម្មតា ពេល​មាន​ភ្ញៀវ​មក​លេង ខ្ញុំ​ទៅ​ពួន ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​និយាយ​ជា​មួយ​ស្ត្រី​ពីរ​នាក់​នោះ។ កាល​ដែល​ពួក​គេ​និយាយ​អំពី​សួន​ឧទ្យាន នោះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​អំពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឮ​ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​ប្រាំ​ឆ្នាំ។ នៅ​ពេល​នោះ សាសនទូត​ម្នាក់​ឈ្មោះ​ចេតរូ​ដែល​រស់​នៅ​ប្រទេស​សូរីណាម​បាន​មក​ភូមិ​របស់​យើង​មួយ​ខែ​ម្ដង ហើយ​បាន​សិក្សា​គម្ពីរ​ជា​មួយ​ឪពុក​ខ្ញុំ។ បង​ចេតរូ​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ចូល​ចិត្ត​គាត់​ខ្លាំង​ណាស់។ នៅ​គ្រា​នោះ យាយ​តា​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​កិច្ច​ប្រជុំ​ខ្លះ​របស់​សាក្សី ដែល​ធ្វើ​ឡើង​នៅ​ភូមិ​របស់​យើង។ ដូច្នេះ ពេល​បង​ស្រី​ផ្លរ៉ិន ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បង​ស្រី​ពីរ​នាក់​ដែល​មក​ផ្ទះ​ខ្ញុំ​នៅ​ថ្ងៃ​នោះ សួរ​ខ្ញុំ​ថា​ចង់​រៀន​គម្ពីរ​ទៀត​ទេ ខ្ញុំ​ឆ្លើយ​ថា​ចង់។

បង​ផ្លរ៉ិន​បាន​ត្រឡប់​មក​វិញ​ជា​មួយ​បង​ចាស្ទាស ដែល​ជា​ប្ដី​របស់​គាត់ ហើយ​ពួក​គាត់​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។ ពេល​ពួក​គាត់​ឃើញ​ថា​ខ្ញុំ​មិន​ចេះ​អក្សរ ពួក​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ។ មួយ​រយៈ​ពេល​ក្រោយ​មក ខ្ញុំ​អាច​អាន​អក្សរ​ដោយ​ខ្លួន​ឯង។ នៅ​ថ្ងៃ​មួយ ប្ដី​ប្រពន្ធ​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ប្រទេស​សូរីណាម។ គួរ​ឲ្យ​ស្ដាយ​ណាស់ នៅ​ភូមិ​អូរីអាឡា​គ្មាន​អ្នក​ណា​ដែល​អាច​បន្ត​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ​ឡើយ។ ប៉ុន្តែ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​ខ្ញុំ​ទេ។

មិន​យូរ​ក្រោយ​មក អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​ផ្លូយ​បាន​មក​ដល់​ភូមិ​អូរីអាឡា ហើយ​បាន​ជួប​ខ្ញុំ​កាល​ដែល​គាត់​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ខ្ញុំ​ញញឹម​ពេល​គាត់​ប្រាប់​ខ្ញុំ​អំពី​កម្ម​វិធី​បង្រៀន​គម្ពីរ។ ដូច្នេះ គាត់​បាន​សួរ​ថា​៖ ​«​ម៉េច​បាន​ជា​ប្អូន​ញញឹម​អ៊ីចឹង?​»។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​បាន​សិក្សា​សៀវភៅ​ស្ដើង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?រួច​ហើយ ហើយ​បាន​ចាប់​ផ្ដើម​សិក្សា​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច។ * ខ្ញុំ​ប្រាប់​គាត់​អំពី​មូលហេតុ​ដែល​ខ្ញុំ​មិន​បាន​រៀន​គម្ពីរ​ទៀត។ បង​ផ្លូយ​បាន​បង្រៀន​ខ្ញុំ​សៀវភៅ​ចំណេះរហូត​ដល់​ចប់។ ប៉ុន្តែ​ក្រោយ​មក គាត់​ក៏​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​កន្លែង​ផ្សេង​ដែរ។ ម្ដង​នេះ​ទៀត ខ្ញុំ​គ្មាន​អ្នក​បង្រៀន​គម្ពីរ​ទេ។

ក៏​ប៉ុន្តែ នៅ​ឆ្នាំ​២០០៤ បង​ប្រុស​ក្រេនវីល​និង​បង​ប្រុស​ចូស៊ូអា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ភូមិ​អូរីអាឡា។ ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​បាន​ជួប​ខ្ញុំ។ ខ្ញុំ​ញញឹម​ពេល​ពួក​គាត់​សួរ​ខ្ញុំ​ថា​ចង់​រៀន​គម្ពីរ​ទេ។ ខ្ញុំ​បាន​សុំ​ពួក​គាត់​ឲ្យ​បង្រៀន​ខ្ញុំ​សៀវភៅ​ចំណេះចាប់​ពី​ដំបូង។ ខ្ញុំ​ចង់​ដឹង​ថា តើ​ពួក​គាត់​នឹង​បង្រៀន​ខ្ញុំ​ដូច​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​ធ្លាប់​រៀន​ពី​មុន​ឬ​ទេ? បង​ក្រេនវីល​បាន​ប្រាប់​ខ្ញុំ​ថា​មាន​កិច្ច​ប្រជុំ​នៅ​ភូមិ​ខ្ញុំ។ ទោះ​ជា​ខ្ញុំ​មិន​បាន​ចាក​ចេញ​ពី​ផ្ទះ​ជិត​១០​ឆ្នាំ​ហើយ​ក្ដី ខ្ញុំ​ចង់​ចូល​រួម។ ដូច្នេះ​បង​ក្រេនវីល​បាន​មក​ផ្ទះ​ខ្ញុំ លើក​ខ្ញុំ​ដាក់​លើ​កៅអី​រុញ ហើយ​រុញ​ខ្ញុំ​ទៅ​សាល​ប្រជុំ។

ក្រោយ​មក បង​ក្រេនវីល​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចូល​សាលា​កិច្ច​បម្រើ​ផ្សាយ។ គាត់​និយាយ​ថា​៖ ​«​ប្អូន​ពិការ​មែន តែ​ប្អូន​និយាយ​បាន។ នៅ​ថ្ងៃ​ណា​មួយ ប្អូន​នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ។ ប្អូន​នឹងធ្វើ!​»។ ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​ទាំង​នេះ​បាន​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ក្រេនវីល។ ប៉ុន្តែ ផ្លូវ​ជា​ច្រើន​នៅ​ភូមិ​យើង​គឺ​ជា​ផ្លូវ​ដី​រដិប​រដុប ដែល​ធ្វើ​ឲ្យ​ពិបាក​ជិះ​កៅអី​រុញ។ ដូច្នេះ ខ្ញុំ​បាន​សុំ​បង​ក្រេនវីល​ឲ្យ​លើក​ខ្ញុំ​ដាក់​នៅ​លើ​រទេះ​មួយ ហើយ​រុញ​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ។ នោះ​គឺ​ស្រួល​ជាង។ នៅ​ខែ​មេសា ឆ្នាំ​២០០៥ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ មិន​យូរ​ក្រោយ​មក បង​ប្រុស​ៗ​បាន​បង្ហាត់​បង្រៀន​ខ្ញុំ​ឲ្យ​ជួយ​ខាង​សៀវភៅ​សម្រាប់​ក្រុម​ជំនុំ ហើយ​រៀបចំ​ប្រព័ន្ធ​សំឡេង​នៅ​សាល​ប្រជុំ។

គួរ​ឲ្យ​ស្ដាយ នៅ​ឆ្នាំ​២០០៧ ឪពុក​ខ្ញុំ​បាន​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​មួយ​ពេល​ជិះ​ទូក។ នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​យើង​តក់​ស្លុត។ បង​ក្រេនវីល​បាន​អធិដ្ឋាន​ជា​មួយ​យើង ហើយ​បង្ហាញ​បទ​គម្ពីរ​ផ្សេង​ៗ​ដែល​សម្រាល​ទុក្ខ​យើង។ ពីរ​ឆ្នាំ​ក្រោយ​មក យើង​បាន​ជួប​រឿង​ដ៏​ខ្លោច​ផ្សា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត គឺ​បង​ក្រេនវីល​បាន​ស្លាប់​ដោយ​លិច​ទូក។

ក្រុម​ជំនុំ​តូច​របស់​យើង​កើត​ទុក្ខ​ជា​ខ្លាំង។ យើង​នៅ​សល់​តែ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់ និង​គ្មាន​អ្នក​ចាស់​ទុំ​សោះ។ ការ​ស្លាប់​របស់​បង​ក្រេនវីល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់ ដោយ​សារ​គាត់​ជា​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ គាត់​តែង​តែ​ជួយ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​ផ្ដល់​អ្វី​ផ្សេង​ៗ​ទៀត​ដែល​ខ្ញុំ​ត្រូវ​ការ។ នៅ​កិច្ច​ប្រជុំ​បន្ទាប់​ពី​គាត់​បាន​ស្លាប់ ខ្ញុំ​មាន​ភារកិច្ច​អាន​ទស្សនាវដ្ដី​ប៉ម​យាម។ ខ្ញុំ​បាន​អាន​ត្រឹម​ពីរ​វគ្គ​ដំបូង រួច​ខ្ញុំ​ចាប់​ផ្ដើម​យំ​ឥត​ឈប់។ ខ្ញុំ​ត្រូវ​ចុះ​ពី​វេទិកា។

ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង ពេល​បង​ប្អូន​ពី​ក្រុម​ជំនុំ​ផ្សេង​បាន​មក​ជួយ​យើង​នៅ​ភូមិ​អូរីអាឡា។ ការិយាល័យ​សាខា​ក៏​ចាត់​បង​ប្រុស​កូចូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ឲ្យ​មក​ជួយ​នៅ​ភូមិ​យើង​ដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​ម្ដាយ​និង​ប្អូន​ប្រុស​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ខែ​មីនា ឆ្នាំ​២០​១៥ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ក្រោយ​មក ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​សាធារណៈ​ជា​លើក​ទី​១។ នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ញញឹម​ទាំង​ទឹក​ភ្នែក​ពេល​គិត​អំពី​អ្វី​ដែល​បង​ក្រេនវីល​បាន​ប្រាប់​ខ្ញុំ​ប៉ុន្មាន​ឆ្នាំ​មុន​ថា​៖ ​«​នៅ​ថ្ងៃ​ណា​មួយ ប្អូន​នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ។ ប្អូន​នឹងធ្វើ!​»។

តាម​រយៈ​កម្ម​វិធី​JW​ទូរទស្សន៍ ខ្ញុំ​បាន​ឃើញ​សាក្សី​ឯ​ទៀត​ដែល​មាន​ស្ថានភាព​ស្រដៀង​នឹង​ខ្ញុំ។ ទោះ​ជា​ពួក​គេ​ពិការ​ក្ដី ពួក​គេ​មាន​ជីវិត​ដែល​មាន​ន័យ​និង​សប្បាយ។ មាន​អ្វី​ផ្សេង​ៗ​ដែល​ខ្ញុំ​ក៏​អាច​ធ្វើ​ដែរ។ ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​កម្លាំង​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ខ្ញុំ​បាន​ទទួល​ដំណឹង​ដែល​ខ្ញុំ​ស្មាន​មិន​ដល់។ នៅ​ខែ​នោះ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង ដែល​មាន​អ្នក​ផ្សាយ​ប្រហែល​ជា​៤០​នាក់។

ខ្ញុំ​ដឹង​គុណ​បង​ប្អូន​ជា​ទី​ស្រឡាញ់ ដែល​បាន​បង្រៀន​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ពិសេស ខ្ញុំ​ដឹង​គុណ​លោក​ដែល​មិន​បាន​ភ្លេច​ខ្ញុំ។

^ វគ្គ 8 សៀវភៅ​នេះ​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្តែ​ឥឡូវ​លែង​បាន​ត្រូវ​បោះ​ពុម្ព​ហើយ។