លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥០

«តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?»

«តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?»

​«​សេចក្ដី​ស្លាប់​អើយ តើ​ជ័យ​ជម្នះ​របស់​អ្នក​នៅ​ឯ​ណា? សេចក្ដី​ស្លាប់​អើយ តើ​ទ្រនិច​របស់​អ្នក​នៅ​ឯ​ណា?​»។—១កូ. ១៥:៥៥

ចម្រៀង​លេខ​១៤១ ភាព​អស្ចារ្យ​នៃ​ជីវិត

សេចក្ដី​សង្ខេប *

១​-​២. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌?

មនុស្ស​ភាគ​ច្រើន​ដែល​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត។ ប៉ុន្តែ មាន​គ្រិស្ត​សាសនិក​មួយ​ចំនួន​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នេះ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ថា ពួក​គេ​នឹង​មាន​ជីវិត​បែប​ណា​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ ហេតុ​អ្វី​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​ក៏​ចង់​ដឹង​អំពី​រឿង​នេះ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌ នឹង​នាំ​ឲ្យ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​ជា​រៀង​រហូត​ទទួល​ប្រយោជន៍​ផង​ដែរ។ ដូច្នេះ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី យើង​គួរ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌។

ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ អ្នក​កាន់​តាម​លោក​យេស៊ូ​មួយ​ចំនួន​នៅ​សតវត្សរ៍​ទី​១​បាន​សរសេរ​អំពី​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ សាវ័ក​យ៉ូហាន​ពន្យល់​ថា​៖ ​«​យើង​ជា​កូន​ព្រះ ប៉ុន្តែ​ព្រះ​មិន​ទាន់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ឡើយ។ អ្វី​ដែល​យើង​ដឹង​គឺ យើង​នឹង​បាន​ដូច​ព្រះ ពេល​ដែល​ព្រះ​បង្ហាញ​ឲ្យ​យើង​ឃើញ​លោក​»។ (​១យ៉ូន. ៣:២​) ដូច្នេះ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ដឹង​ថា​ពួក​គេ​នឹង​មាន​របៀប​រស់​នៅ​បែប​ណា​ទេ ពេល​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​ដោយ​មាន​រូប​កាយ​ជា​វិញ្ញាណ។ តែ​ពួក​គេ​នឹង​ឃើញ​ព្រះ​យេហូវ៉ា​នៅ​ពេល​ពួក​គេ​ទទួល​រង្វាន់​របស់​ពួក​គេ។ គម្ពីរ​មិន​បាន​ពន្យល់​យ៉ាង​ពេញ​លេញ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​ទេ តែ​សាវ័ក​ប៉ូល​បាន​ផ្ដល់​ព័ត៌មាន​ខ្លះ​ៗ​អំពី​រឿង​នេះ។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​នៅ​ជា​មួយ​គ្រិស្ត ពេល​លោក​«​បំផ្លាញ​ការ​គ្រប់​គ្រង អំណាច និង​ឫទ្ធានុភាព​ទាំង​អស់​ឲ្យ​សាប​សូន្យ​»។ នេះ​រួម​បញ្ចូល​«​សត្រូវ​ចុង​ក្រោយ . . . គឺ​សេចក្ដី​ស្លាប់​»។ ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​លោក​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​លោក​ដែរ។ (​១កូ. ១៥:២៤​-​២៨​) នោះ​គឺ​ជា​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​មែន! *

៣. ដូច​បញ្ជាក់​នៅ​កូរិនថូស​ទី​១ ១៥:៣០​-​៣២ តើ​ជំនឿ​របស់​ប៉ូល​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​អ្វី?

ជំនឿ​របស់​ប៉ូល​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ជួយ​គាត់​ឲ្យ​ត​ស៊ូ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ (​សូម​អាន កូរិនថូស​ទី​១ ១៥:៣០​-​៣២) គាត់​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ខ្ញុំ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​»។ ប៉ូល​ក៏​សរសេរ​ដែរ​ថា​៖ ​«​ខ្ញុំ​បាន​ត​យុទ្ធ​ជា​មួយ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ​»។ គាត់​ប្រហែល​ជា​សំដៅ​ទៅ​លើ​ការ​ត​យុទ្ធ​នឹង​សត្វ​សាហាវ​មែន​ទែន​នៅ​កីឡាដ្ឋាន​មួយ​នា​ក្រុង​អេភេសូរ។ (​២កូ. ១:៨; ៤:១០; ១១:២៣​) ឬ​គាត់​ប្រហែល​ជា​សំដៅ​ទៅ​លើ​ការ​ប្រឆាំង​ពី​ជនជាតិ​យូដា​និង​អ្នក​ឯ​ទៀត​ដែល​ប្រៀប​ដូច​ជា​«​សត្វ​សាហាវ​»។ (​សកម្ម. ១៩:២៦​-​៣៤; ១កូ. ១៦:៩​) ទោះ​ជា​នេះ​សំដៅ​ទៅ​លើ​សត្វ​ឬ​មនុស្ស​ក្ដី ប៉ូល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដ៏​ធំ។ ប៉ុន្តែ គាត់​នៅ​តែ​ជឿ​ថា​គាត់​នឹង​មាន​អនាគត​ដ៏​សប្បាយ​រីករាយ។—២កូ. ៤:១៦​-​១៨

នៅ​ប្រទេស​ដែល​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​យើង​ជា​គ្រិស្ត​សាសនិក ក្រុម​គ្រួសារ​មួយ​បន្ត​ត​ស៊ូ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​នឹង​ផ្ដល់​អ្វី​ល្អ​ៗ​ឲ្យ​ពួក​គេ (​សូម​មើល​វគ្គ​៤​)

៤. តើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ពង្រឹង​ចិត្ត​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

យើង​កំពុង​រស់​នៅ​ក្នុង​សម័យ​ដែល​ងាយ​រង​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ បង​ប្អូន​ខ្លះ​របស់​យើង​បាន​ទៅ​ជា​ជន​រង​គ្រោះ​នៃ​បទ​ឧក្រិដ្ឋ។ បង​ប្អូន​ឯ​ទៀត​រស់​នៅ​កន្លែង​ដែល​មាន​សង្គ្រាម ហើយ​ពួក​គេ​មិន​សូវ​មាន​សុវត្ថិភាព​ទេ។ រីឯ​អ្នក​ឯ​ទៀត​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ដែល​កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​ដាក់​កម្រិត ឬ​ថែម​ទាំង​ដាក់​បម្រាម ហើយ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គេ​អាច​ត្រូវ​គេ​ចាប់​ដាក់​គុក ឬ​បាត់​បង់​ជីវិត​ក្ដី។ ប៉ុន្តែ បង​ប្អូន​ទាំង​អស់​នេះ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ទុក​គំរូ​ល្អ​ឲ្យ​យើង។ ពួក​គេ​មាន​ទំនុក​ចិត្ត​ថា ទោះ​ជា​ពួក​គេ​ស្លាប់​នៅ​គ្រា​បច្ចុប្បន្ន​នេះ​ក្ដី ព្រះ​យេហូវ៉ា​បាន​រៀបចំ​អ្វី​ដ៏​ល្អ​ប្រសើរ​ចំពោះ​ពួក​គេ​នៅ​ថ្ងៃ​អនាគត។

៥. តើ​ទស្សនៈ​អ្វី​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ចុះ​ខ្សោយ?

ប៉ូល​បាន​ព្រមាន​បង​ប្អូន​របស់​គាត់​អំពី​ចិត្ត​គំនិត​ដែល​អាច​បង្ខូច​ជំនឿ​ពួក​គេ ថា​៖ ​«​ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ‹ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់›​»។ តាម​ការ​ពិត មុន​សម័យ​ប៉ូល មនុស្ស​ខ្លះ​មាន​ទស្សនៈ​នេះ​រួច​ហើយ។ គាត់​ប្រហែល​ជា​ដក​ស្រង់​ពាក្យ​នៅ​អេសាយ ២២:១៣ ដែល​សំដៅ​ទៅ​លើ​ចិត្ត​គំនិត​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជា​ជាង​ចូល​ទៅ​ជិត​ព្រះ ពួក​គេ​ស្វែង​រក​ការ​សប្បាយ​ក្នុង​ជីវិត។ ទស្សនៈ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​គឺ​ស្រដៀង​នឹង​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​គិត​ថា​សប្បាយ​ឲ្យ​ហើយ​ទៅ​ទាន់​ខ្លួន​នៅ​រស់។ ប៉ុន្តែ លទ្ធផល​ដ៏​ជូរ​ចត់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ដោយ​សារ​ពួក​គេ​មាន​ទស្សនៈ​នោះ បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។—២រប. ៣៦:១៥​-​២០

. តើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​ពេល​យើង​ជ្រើស​រើស​មិត្ត​ភក្ដិ?

ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​គួរ​មាន​ឥទ្ធិពល​មក​លើ​យើង​ពេល​យើង​ជ្រើស​រើស​មិត្ត​ភក្ដិ។ បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​សេព​គប់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មិន​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នេះ​ក៏​ជា​មេ​រៀន​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ គ្មាន​អ្វី​ល្អ​មក​ពី​ការ​សេព​គប់​ជា​រឿយ​ៗ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មាន​ទស្សនៈ​ថា សប្បាយ​ឲ្យ​ហើយ​ទៅ​ទាន់​ខ្លួន​នៅ​រស់​នោះ​ទេ។ ការ​សេព​គប់​ជា​មួយ​នឹង​បុគ្គល​បែប​នេះ​អាច​បង្ខូច​ចិត្ត​គំនិត​និង​ទម្លាប់​របស់​យើង​ជា​គ្រិស្ត​សាសនិក។ មនុស្ស​បែប​នេះ​អាច​នាំ​ឲ្យ​បុគ្គល​ណា​ម្នាក់​ធ្វើ​អ្វី​ដែល​ព្រះ​ស្អប់ ពោល​គឺ​អំពើ​ខុស​ឆ្គង។ យ៉ាង​នេះ ប៉ូល​បាន​ដាស់​តឿន​ថា​៖ ​«​ចូរ​ភ្ញាក់​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​កុំ​ប្រព្រឹត្ត​ខុស​ឡើយ​»។—១កូ. ១៥:៣៣, ៣៤

តើ​ពួក​គេ​នឹង​មាន​រូប​កាយ​បែប​ណា?

៧. ដូច​បាន​បង្ហាញ​នៅ​កូរិនថូស​ទី​១ ១៥:៣៥​-​៣៨ តើ​មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​អ្វី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

សូម​អាន កូរិនថូស​ទី​១ ១៥:៣៥​-​៣៨បុគ្គល​ដែល​ចង់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សង្ស័យ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប្រហែល​ជា​សួរ​ថា​៖ ​«​តើ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?​»។ ជា​ការ​ល្អ​ដែល​យើង​គិត​អំពី​ចម្លើយ​របស់​ប៉ូល ដោយ​សារ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ទស្សនៈ​ផ្សេង​ៗ​អំពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​មនុស្ស​ស្លាប់។ ប៉ុន្តែ តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

ដោយ​លើក​ឧទាហរណ៍​អំ​ពី​គ្រាប់​ពូជ​និង​រុក្ខជាតិ ប៉ូល​ពន្យល់​ថា​ព្រះ​អាច​ផ្ដល់​រូប​កាយ​ដល់​បុគ្គល​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ពួក​គេ​ត្រូវ​ការ (​សូម​មើល​វគ្គ​៨​)

៨. តើ​ឧទាហរណ៍​អ្វី​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌?

ពេល​មនុស្ស​ស្លាប់​ទៅ រូប​កាយ​របស់​គាត់​ខូច​រលួយ។ ប៉ុន្តែ បុគ្គល​ដែល​បង្កើត​សកល​លោក​ពី​អ្វី​ទទេ អាច​ប្រោស​បុគ្គល​នោះ​ឲ្យ​រស់​ឡើង​វិញ​ដោយ​ឲ្យ​គាត់​មាន​រូប​កាយ​ដែល​គាត់​ត្រូវ​ការ។ (​លោ. ១:១; ២:៧​) ប៉ូល​បាន​ប្រើ​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា ព្រះ​មិន​ចាំ​បាច់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​រូប​កាយ​ដដែល​ឡើយ។ សូម​គិត​អំពី​«​គ្រាប់​ទទេ​»​ ឬ​«​គ្រាប់​ពូជ​»។ គ្រាប់​ពូជ​ដែល​ដាំ​ក្នុង​ដី ដុះ​ឡើង​ទៅ​ជា​រុក្ខជាតិ​មួយ។ រុក្ខជាតិ​ថ្មី​នោះ​គឺ​មាន​រាង​ខុស​ពី​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​ដាំ។ ប៉ូល​បាន​ប្រើ​ការ​ប្រដូច​នេះ​ដើម្បី​បង្ហាញ​ថា អ្នក​បង្កើត​របស់​យើង​អាច​ផ្ដល់​នូវ​«​រូប​រាង​តាម​ដែល​លោក​ពេញ​ចិត្ត​»។

៩. តើ​កូរិនថូស​ទី​១ ១៥:៣៩​-​៤១​ចែង​អំពី​ភាព​ខុស​គ្នា​អ្វី​ខ្លះ?

សូម​អាន កូរិនថូស​ទី​១ ១៥:៣៩​-​៤១ប៉ូល​បាន​កត់​សម្គាល់​ថា​ព្រះ​មិន​បាន​បង្កើត​រូប​កាយ​ទាំង​អស់​ឲ្យ​ដូច​គ្នា​នោះ​ទេ។ ជា​ឧទាហរណ៍ សត្វ​គោ បក្សី និង​ត្រី មាន​រូប​រាង​ខុស​ពី​គ្នា។ គាត់​ប្រាប់​ថា​នៅ​លើ​មេឃ យើង​ឃើញ​ដួង​ខែ​និង​ដួង​អាទិត្យ​មិន​ដូច​គ្នា​ទេ។ គាត់​ក៏​កត់​សម្គាល់​ថា​ផ្កាយ​នា​នា​«​មាន​រស្មី​រុង​រឿង​ផ្សេង​ៗ​ពី​គ្នា​»។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​អាច​មើល​ឃើញ​ភាព​ខុស​គ្នា​នេះ​ដោយ​ភ្នែក​ទទេ​ក្ដី អ្នក​វិទ្យា​សាស្ត្រ​ប្រាប់​ថា​មាន​ផ្កាយ​ខុស​ៗ​គ្នា​ដូច​ជា ខ្លះ​ធំ ខ្លះ​តូច​ជាង ខ្លះ​ពណ៌​ក្រហម ខ្លះ​ពណ៌​ស និង​ខ្លះ​ពណ៌​លឿង​ដូច​ជា​ដួង​អាទិត្យ​របស់​យើង​ជា​ដើម។ ប៉ូល​ក៏​ប្រាប់​ដែរ​ថា​៖ ​«​មាន​រូប​កាយ​សម្រាប់​ស្ថាន​សួគ៌ និង​មាន​រូប​កាយ​សម្រាប់​ផែនដី​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នៅ​ផែនដី យើង​មាន​រូប​កាយ​ជា​សាច់​ឈាម ប៉ុន្តែ​បុគ្គល​ដែល​នៅ​ស្ថាន​សួគ៌ មាន​រូប​កាយ​ជា​វិញ្ញាណ​ដូច​ដែល​ទេវតា​មាន។

១០. តើ​បុគ្គល​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​មាន​រូប​កាយ​បែប​ណា?

១០ សូម​គិត​អំពី​អ្វី​ដែល​ប៉ូល​និយាយ​បន្ទាប់​មក​ថា​៖ ​«​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដូច្នេះ​ដែរ។ រូប​កាយ​ដែល​បាន​ត្រូវ​សាប​ព្រោះ​អាច​ខូច​ទៅ តែ​រូប​កាយ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​អាច​ខូច​ទៅ​បាន​ទេ​»។ យើង​ដឹង​ថា​ពេល​មនុស្ស​ស្លាប់​ទៅ រូប​កាយ​របស់​គាត់​ខូច​រលួយ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។ (​លោ. ៣:១៩​) ដូច្នេះ តើ​ពាក្យ​ដែល​ថា​«​រូប​កាយ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​អាច​ខូច​ទៅ​បាន​»​មាន​ន័យ​យ៉ាង​ណា? ប៉ូល​មិន​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ដូច​ជា​បុគ្គល​ផ្សេង​ៗ​ដែល​អេលីយ៉ា អេលីសេ និង​លោក​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ទេ។ គាត់​សំដៅ​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​រូប​កាយ​សម្រាប់​នៅ​ស្ថាន​សួគ៌ ពោល​គឺ​«​រូប​កាយ​វិញ្ញាណ​»។—១កូ. ១៥:៤២​-​៤៤

១១​-​១២. តើ​ការ​ផ្លាស់​ប្ដូរ​អ្វី​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​តើ​មាន​ការ​ផ្លាស់​ប្ដូរ​ស្រដៀង​គ្នា​អ្វី​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង?

១១ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​មាន​រូប​កាយ​ជា​សាច់​ឈាម។ ប៉ុន្តែ​ពេល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​«​បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​»​ ហើយ​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។ ប៉ូល​ពន្យល់​ថា​៖ ​«​ដូច​យើង​មាន​រូប​ដូច​រូប​របស់​អ្នក​ដែល​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី នោះ​យើង​ក៏​នឹង​មាន​រូប​ដូច​រូប​របស់​អ្នក​ដែល​បាន​មក​ពី​ស្ថាន​សួគ៌​ដែរ​»។—១កូ. ១៥:៤៥​-​៤៩

១២ គឺ​សំខាន់​ឲ្យ​យើង​ចាំ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មិន​មាន​រូប​កាយ​ជា​សាច់​ឈាម​ទេ។ ពេល​ប៉ូល​ពណ៌នា​ជិត​ចប់ គាត់​ពន្យល់​ថា​៖ ​«​មនុស្ស​ដែល​មាន​រូប​កាយ​ជា​សាច់​ឈាម​មិន​អាច​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​»​នៅ​ស្ថាន​សួគ៌​ឡើយ។ (​១កូ. ១៥:៥០​) ពួក​សាវ័ក​និង​អ្នក​រើស​តាំង​ឯ​ទៀត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​ដោយ​មាន​រូប​កាយ​ជា​សាច់​ឈាម​ដែល​អាច​ខូច​ទៅ​ទេ។ តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​ពួក​គេ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ប៉ូល​បាន​និយាយ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​ពួក​គេ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ មិន​មែន​ភ្លាម​ៗ​ក្រោយ​ពី​ពួក​គេ​បាន​ស្លាប់​នោះ​ទេ។ កាល​ដែល​ប៉ូល​បាន​សរសេរ​សៀវភៅ​កូរិនថូស​ទី​១ ពួក​អ្នក​កាន់​តាម​ខ្លះ​«​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ហើយ​»​ ដូច​ជា​សាវ័ក​យ៉ាកុប​ជា​ដើម។ (​សកម្ម. ១២:១, ២​) ពួក​សាវ័ក​និង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឯ​ទៀត​ក៏​នឹង​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​នៅ​ពេល​ក្រោយ​នោះ​ដែរ។—១កូ. ១៥:៦

ជ័យ​ជម្នះ​លើ​សេចក្ដី​ស្លាប់

១៣. តើ​មាន​អ្វី​ខ្លះ​កើត​ឡើង​ក្នុង​អំឡុង​វត្តមាន​របស់​លោក​យេស៊ូ?

១៣ ទាំង​លោក​យេស៊ូ​ទាំង​ប៉ូល​បាន​ប្រកាស​ទុក​ជា​មុន​អំពី​គ្រា​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ ពោល​គឺ​វត្តមាន​របស់​គ្រិស្ត។ សញ្ញា​សម្គាល់​នៃ​វត្តមាន​នោះ​គឺ​សង្គ្រាម ការ​រញ្ជួយ​ដី រោគ​រាត​ត្បាត និង​ព្រឹត្តិការណ៍​ឯ​ទៀត​ដែល​កើត​ឡើង​នៅ​ទូទាំង​ពិភព​លោក។ យើង​បាន​ឃើញ​ថា​ទំនាយ​នេះ​ពី​គម្ពីរ​បាន​សម្រេច​តាំង​ពី​ឆ្នាំ​១៩១៤។ តែ​មាន​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​នៃ​សញ្ញា​សម្គាល់​នោះ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដែល​កំពុង​គ្រប់​គ្រង នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថ. ២៤:៣, ៧​-​១៤​) ប៉ូល​បង្ហាញ​ថា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​បាន​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​អំឡុង​«​វត្តមាន​របស់​លោក​ម្ចាស់​»។—១ថែ. ៤:១៤​-​១៦; ១កូ. ១៥:២៣

១៤. តើ​អ្វី​កើត​ឡើង​ចំពោះ​ពួក​អ្នក​រើស​តាំង​ដែល​ស្លាប់​ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត?

១៤ សព្វ​ថ្ងៃ​នេះ បង​ប្អូន​ដែល​ព្រះ​បាន​រើស​តាំង​ដែល​បញ្ចប់​កិច្ច​បម្រើ​នៅ​ផែនដី ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​ភ្លាម​ៗ។ នេះ​បាន​ត្រូវ​បញ្ជាក់​ដោយ​ពាក្យ​របស់​ប៉ូល​នៅ​កូរិនថូស​ទី​១ ១៥:៥១, ៥២ ដែល​ចែង​ថា​៖ ​«​មិន​មែន​យើង​ទាំង​អស់​គ្នា​នឹង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទេ តែ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ​ក្នុង​មួយ​រំពេច គឺ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ក្នុង​អំឡុង​ពេល​ដែល​ត្រែ​ចុង​ក្រោយ​បន្លឺ​ឡើង​»។ ពាក្យ​ទាំង​នេះ​របស់​ប៉ូល​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ បង​ប្អូន​ទាំង​នេះ​របស់​គ្រិស្ត​នឹង​មាន​អំណរ​ជា​ខ្លាំង​ពេល​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​នឹង​«​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់​ជា​រៀង​រហូត​ត​ទៅ​»។—១ថែ. ៤:១៧

ពួក​អ្នក​ដែល​បាន​ត្រូវ​ផ្លាស់​ប្រែ​«​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​»​នឹង​រួម​គ្នា​ជា​មួយ​លោក​យេស៊ូ​ដើម្បី​ត​យុទ្ធ​នឹង​មនុស្ស​អាក្រក់​ទាំង​អស់​នៅ​លើ​ផែនដី (​សូម​មើល​វគ្គ​១៥​)

១៥. តើ​ពួក​អ្នក​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ធ្វើ​កិច្ច​ការ​អ្វី?

១៥ គម្ពីរ​ចែង​អំពី​កិច្ច​ការ​នៅ​ស្ថាន​សួគ៌​របស់​ពួក​អ្នក​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​រហូត​ដល់​ទី​បញ្ចប់ ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​លើ​ប្រជា​ជាតិ​ទាំង​ឡាយ ហើយ​អ្នក​នោះ​នឹង​ឃ្វាល​បណ្ដា​ជន​ដោយ​ដំបង​ដែក ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ចាយ​ដូច​ភាជនៈ​ដី ដូច​អំណាច​ដែល​ខ្ញុំ​បាន​ទទួល​ពី​បិតា​របស់​ខ្ញុំ​»។ (​បប. ២:២៦, ២៧​) ពួក​គេ​នឹង​ទៅ​តាម​លោក​យេស៊ូ ហើយ​ឃ្វាល​បណ្ដា​ជន​ដោយ​ដំបង​ដែក។—បប. ១៩:១១​-​១៥

១៦. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​បុគ្គល​ស្មោះ​ត្រង់​ឯ​ទៀត​នឹង​ទទួល​ជ័យ​ជម្នះ​លើ​សេចក្ដី​ស្លាប់​យ៉ាង​ដូច​ម្ដេច?

១៦ បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ទទួល​ជ័យ​ជម្នះ​លើ​សេចក្ដី​ស្លាប់។ (​១កូ. ១៥:៥៤​-​៥៧​) ដោយ​សារ​ពួក​គេ​បាន​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ពួក​គេ​នឹង​មាន​ចំណែក​ក្នុង​ការ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​អស់​នៅ​លើ​ផែនដី​ក្នុង​អំឡុង​សង្គ្រាម​ហាម៉ាគេដូន​ដែល​ជិត​មក​ដល់។ បង​ប្អូន​គ្រិស្ត​សាសនិក​រាប់​លាន​នាក់​ទៀត​នឹង​«​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ ហើយ​ចូល​ក្នុង​ពិភព​លោក​ថ្មី។ (​បប. ៧:១៤​) ពួក​អ្នក​រួច​ជីវិត​នៅ​លើ​ផែនដី​ទាំង​នោះ ក៏​នឹង​ឃើញ​ជ័យ​ជម្នះ​មួយ​ទៀត​លើ​សេចក្ដី​ស្លាប់ ពោល​គឺ​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​បាន​ស្លាប់​នៅ​អតីតកាល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ សូម​គិត​ទៅ​មើល គ្រា​នោះ​នឹង​សប្បាយ​យ៉ាង​ណា​ទៅ! (​សកម្ម. ២៤:១៥​) អស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា ក៏​នឹង​ទទួល​ជ័យ​ជម្នះ​លើ​សេចក្ដី​ស្លាប់​ដែល​ពួក​គេ​បាន​ទទួល​ពី​អាដាម ហើយ​ពួក​គេ​អាច​រស់​ជា​រៀង​រហូត។

១៧. តើ​កូរិនថូស​ទី​១ ១៥:៥៨​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?

១៧ គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​រស់​នៅ​សម័យ​នេះ គួរ​អរ​សប្បាយ​ចំពោះ​ពាក្យ​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ យើង​មាន​ហេតុ​ជា​ច្រើន​ដើម្បី​ធ្វើ​តាម​យោបល់​របស់​ប៉ូល​ដែល​ឲ្យ​ជាប់​រវល់​នៅ​ឥឡូវ​នេះ​«​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»។ (​សូម​អាន កូរិនថូស​ទី​១ ១៥:៥៨) បើ​យើង​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​និង​ដោយ​ស្មោះ​ភក្ដី​ក្នុង​កិច្ច​ការ​នោះ យើង​អាច​ទន្ទឹង​រង់​ចាំ​ជីវិត​ដ៏​សប្បាយ​នៅ​ថ្ងៃ​អនាគត។ គ្រា​នោះ​នឹង​អស្ចារ្យ​ជាង​អ្វី​ដែល​យើង​អាច​នឹក​ស្មាន ហើយ​ក៏​នឹង​បង្ហាញ​ថា​ការ​ខំ​ប្រឹង​របស់​យើង​ក្នុង​កិច្ច​ការ​របស់​លោក​ម្ចាស់​គឺ​មិន​មែន​ឥត​ប្រយោជន៍​ទេ។

ចម្រៀង​លេខ​១៤០ យើង​រស់​រហូត​ហើយ!

^ វគ្គ 5 ផ្នែក​ទី​២​នៃ​កូរិនថូស​ទី​១ ជំពូក​១៥​ពណ៌នា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​ពិសេស​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង។ ប៉ុន្តែ អ្វី​ដែល​ប៉ូល​បាន​សរសេរ​ក៏​សំខាន់​សម្រាប់​ចៀម​ឯ​ទៀត​ដែរ។ អត្ថបទ​នេះ​នឹង​បង្ហាញ​ថា​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គួរ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​នៅ​ឥឡូវ​នេះ និង​ជួយ​យើង​ឲ្យ​មាន​ជីវិត​ដ៏​សប្បាយ​រីករាយ​នៅ​ថ្ងៃ​អនាគត។

^ វគ្គ 2 អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​សំណួរ​ពី​អ្នក​អាន​»​នៅ​ក្នុង​លេខ​នេះ ពន្យល់​អំពី​ពាក្យ​របស់​ប៉ូល​នៅ​កូរិនថូស​ទី​១ ១៥:២៩