លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥១

ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកធ្លាក់ទឹកចិត្ត

ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកធ្លាក់ទឹកចិត្ត

​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប​»។—ទំនុក. ៣៤:១៨

ចម្រៀង​លេខ​៣០ បិតា​ខ្ញុំ​ជា​ព្រះ​និង​ជា​មិត្ត​របស់​ខ្ញុំ

សេចក្ដី​សង្ខេប *

១​-​២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ជីវិត​មនុស្ស​គឺ​ខ្លី និង​«​មាន​សេចក្ដី​លំបាក​ជា​និច្ច​»។ (​យ៉ូប ១៤:១​) ជួន​កាល នេះ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​នៅ​សម័យ​បុរាណ ធ្លាប់​មាន​អារម្មណ៍​បែប​នេះ។ អ្នក​ខ្លះ​ថែម​ទាំង​ចង់​ស្លាប់​ទៀត​ផង។ (​១ព. ១៩:២​-​៤; យ៉ូប ៣:១​-​៣, ១១; ៧:១៥, ១៦​) ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​ពួក​គេ​ទុក​ចិត្ត បាន​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​ពួក​គេ។ កំណត់​ហេតុ​របស់​ពួក​គេ​បាន​ត្រូវ​កត់​ទុក​ដើម្បី​សម្រាល​ទុក្ខ​និង​ណែនាំ​យើង។—រ៉ូម ១៥:៤

ក្នុង​អត្ថបទ​នេះ យើង​នឹង​គិត​អំពី​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មួយ​ចំនួន​ដែល​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ពួក​គាត់​មាន​បញ្ហា​ផ្សេង​ៗ ដូច​ជា​យ៉ូសែប​ជា​កូន​យ៉ាកុប ស្ត្រី​មេម៉ាយ​ន៉ាអូមី​និង​កូន​ប្រសា​ស្រី​របស់​គាត់​ឈ្មោះ​រូថ លេវី​ម្នាក់​ដែល​បាន​សរសេរ​ទំនុក​តម្កើង ៧៣ និង​សាវ័ក​ពេត្រុស។ តើ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ពួក​គាត់? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប​»​ឬ​ធ្លាក់​ទឹក​ចិត្ត។—ទំនុក. ៣៤:១៨

យ៉ូសែប​រង​អំពើ​អយុត្តិធម៌​ដ៏​ព្រៃ​ផ្សៃ

៣​-​៤. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​យ៉ូសែប​ពេល​គាត់​នៅ​ក្មេង?

យ៉ូសែប​មាន​អាយុ​ប្រហែល​ជា​១៧​ឆ្នាំ ពេល​គាត់​មាន​សុបិន​ពីរ​ដែល​មក​ពី​ព្រះ។ សុបិន​ទាំង​នេះ​បង្ហាញ​ថា នៅ​ថ្ងៃ​ណា​មួយ​យ៉ូសែប​នឹង​ទៅ​ជា​បុគ្គល​សំខាន់​ដែល​ក្រុម​គ្រួសារ​របស់​គាត់​គោរព។ (​លោ. ៣៧:៥​-​១០​) ប៉ុន្តែ មិន​យូរ​ក្រោយ​ពី​យ៉ូសែប​មាន​សុបិន​ទាំង​នោះ មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​គាត់។ ជា​ជាង​គោរព​គាត់ បង​ប្អូន​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក គាត់​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មន្ត្រី​ជន​ជាតិ​អេស៊ីប​ម្នាក់​ឈ្មោះ​ប៉ូទីផារ។ (​លោ. ៣៧:២១​-​២៨​) ក្នុង​រយៈ​ពេល​ដ៏​ខ្លី យ៉ូសែប​ធ្លាក់​ខ្លួន​ពី​កូន​ប្រុស​សំណព្វ​របស់​ឪពុក​គាត់ ទៅ​ជា​ខ្ញុំ​បម្រើ​ទន់​ទាប​របស់​មន្ត្រី​ជន​ជាតិ​អេស៊ីប​ម្នាក់ ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—លោ. ៣៩:១

ប៉ុន្តែ​ក្រោយ​មក បញ្ហា​របស់​យ៉ូសែប​កាន់​តែ​ធ្ងន់​ទៅ។ ប្រពន្ធ​របស់​ប៉ូទីផារ​បាន​ចោទ​ប្រកាន់​មិន​ពិត​ថា យ៉ូសែប​ប៉ុន​ប៉ង​ចាប់​រំលោភ​គាត់។ ដោយ​មិន​ស្វែង​យល់​ការ​ពិត​អំពី​រឿង​នោះ ប៉ូទីផារ​បាន​ចាប់​យ៉ូសែប​ដាក់​គុក ហើយ​នៅ​ទី​នោះ​គាត់​បាន​ត្រូវ​គេ​ដាក់​ខ្នោះ​ដាក់​ច្រវាក់។ (​លោ. ៣៩:១៤​-​២០; ទំនុក. ១០៥:១៧, ១៨​) សូម​ស្រមៃ​គិត​ថា យ៉ូសែប​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ពី​បទ​ប៉ុន​ប៉ង​ចាប់​រំលោភ។ ម្យ៉ាង​ទៀត ការ​ចោទ​ប្រកាន់​នោះ អាច​នាំ​ឲ្យ​គេ​ប្រមាថ​មើល​ងាយ​នាម​របស់​ព្រះ​យេហូវ៉ា។ អ្វី​ទាំង​នេះ​ច្បាស់​ជា​អាច​ធ្វើ​ឲ្យ​យ៉ូសែប​ធ្លាក់​ទឹក​ចិត្ត!

៥. តើ​យ៉ូសែប​បាន​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត?

កាល​ដែល​យ៉ូសែប​ជា​ខ្ញុំ​បម្រើ ហើយ​ជាប់​គុក គាត់​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​គាត់​ទេ។ ដូច្នេះ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ? ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ គាត់​បំពេញ​កិច្ចការ​ដែល​គាត់​បាន​ទទួល​ដោយ​អស់​ពី​សមត្ថភាព។ សំខាន់​ជាង​នេះ យ៉ូសែប​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​អ្វី​ទាំង​អស់​ដែល​យ៉ូសែប​ធ្វើ។—លោ. ៣៩:២១​-​២៣

៦. តើ​យ៉ូសែប​ប្រហែល​ជា​ទទួល​ការ​សម្រាល​ទុក្ខ​អ្វី​ពី​សុបិន​របស់​គាត់?

យ៉ូសែប​ក៏​ប្រហែល​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ដោយ​រំពឹង​គិត​អំពី​សុបិន​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​មាន។ សុបិន​ទាំង​នោះ​បង្ហាញ​ថា គាត់​នឹង​ជួប​ក្រុម​គ្រួសារ​របស់​គាត់​ម្ដង​ទៀត ហើយ​ថា​ស្ថានភាព​របស់​គាត់​នឹង​ល្អ​ប្រសើរ​ឡើង។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង។ ពេល​យ៉ូសែប​មាន​អាយុ​ប្រហែល​ជា​៣៧​ឆ្នាំ សុបិន​របស់​គាត់​បាន​ចាប់​ផ្ដើម​ក្លាយ​ជា​ការ​ពិត តាម​របៀប​ដ៏​អស្ចារ្យ​មួយ!—លោ. ៣៧:៧, ៩, ១០; ៤២:៦,

៧. យោង​ទៅ​តាម​ពេត្រុស​ទី​១ ៥:១០ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​មាន​ទុក្ខ​លំបាក?

មេ​រៀន​សម្រាប់​យើង។ រឿង​របស់​យ៉ូសែប​រំលឹក​យើង​ថា ពិភព​លោក​នេះ​គឺ​គ្មាន​មេត្តា ហើយ​ថា​មនុស្ស​នឹង​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​អយុត្តិធម៌។ សូម្បី​តែ​បង​ប្អូន​រួម​ជំនឿ ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ដែរ។ ប៉ុន្តែ បើ​យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​ឬ​ជា​ទី​ពឹង​ជ្រក​របស់​យើង យើង​នឹង​មិន​ធ្លាក់​ទឹក​ចិត្ត​ឬ​ឈប់​បម្រើ​លោក​ឡើយ។ (​ទំនុក. ៦២:៦, ៧; សូម​អាន ពេត្រុស​ទី​១ ៥:១០) សូម​ចាំ​ដែរ​ថា យ៉ូសែប​ប្រហែល​ជា​មាន​អាយុ​១៧​ឆ្នាំ ពេល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គាត់​មាន​សុបិន​ទាំង​នោះ។ ដូច្នេះ ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្នក​បម្រើ​វ័យ​ក្មេង​របស់​លោក។ សព្វ​ថ្ងៃ​នេះ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ក៏​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ដូច​យ៉ូសែប​មាន។ ពួក​គេ​ខ្លះ​ថែម​ទាំង​បាន​ជាប់​គុក​ដោយ​អយុត្តិធម៌ ដោយ​សារ​ពួក​គេ​មិន​ព្រម​ឈប់​ស្ដាប់​បង្គាប់​ព្រះ។—ទំនុក. ១១០:៣

ស្ត្រី​ពីរ​នាក់​កើត​ទុក្ខ​ជា​ពន់​ពេក

៨. តើ​ន៉ាអូមី​និង​រូថ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

ដោយ​សារ​មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ន៉ាអូមី​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាក​ចេញ​ពី​ស្រុក​យូដា ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់​ជា​ជន​បរទេស។ អេលីម៉ាលេច​ដែល​ជា​ប្ដី​របស់​ន៉ាអូមី​បាន​ស្លាប់​នៅ​ទី​នោះ ដោយ​បន្សល់​ទុក​កូន​ប្រុស​ពីរ​នាក់។ ក្រោយ​មក ពួក​គេ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ម៉ូអាប់​ឈ្មោះ​រូថ​និង​អ័រប៉ា។ ប្រហែល​ជា​១០​ឆ្នាំ​ក្រោយ​មក កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​ន៉ាអូមី​ក៏​បាន​ស្លាប់​ដែរ ដោយ​គ្មាន​កូន​ទេ។ (​រស់. ១:១​-​៥​) ស្ត្រី​ទាំង​បី​នាក់​នោះ​ច្បាស់​ជា​កើត​ទុក្ខ​យ៉ាង​ខ្លាំង! ពិត​មែន​ថា​រូថ​និង​អ័រប៉ា​អាច​រៀប​ការ​ម្ដង​ទៀត តែ​តើ​អ្នក​ណា​នឹង​មើល​ថែ​ន៉ាអូមី​ដែល​ជា​ស្ត្រី​វ័យ​ចាស់? ន៉ាអូមី​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ បាន​ជា​គាត់​និយាយ​ថា​៖ ​«​កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ។ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់​»។ ដោយ​សារ​បទ​ពិសោធន៍​ដ៏​សោកសៅ​ទាំង​នេះ ន៉ាអូមី​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ក្រុង​បេថ្លេហិម​វិញ ហើយ​រូថ​បាន​ទៅ​ជា​មួយ​គាត់។—រស់. ១:៧, ១៨​-​២០

ព្រះ​បាន​ធ្វើ​ឲ្យ​ន៉ាអូមី​និង​រូថ​ដឹង​ថា លោក​អាច​ជួយ​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ភាព​សោកសៅ។ តើ​អ្នក​ជឿ​ជាក់​ថា​លោក​នឹង​ធ្វើ​ដូច្នេះ​ចំពោះ​អ្នក​ដែរ​ឬ​ទេ? (​សូម​មើល​វគ្គ​៨​-​១៣​) *

៩. យោង​ទៅ​តាម​នាង​រស់ ១:១៦, ១៧, ២២ តើ​រូថ​បាន​លើក​ទឹក​ចិត្ត​ន៉ាអូមី​តាម​របៀប​ណា​ខ្លះ?

តើ​អ្វី​បាន​ជួយ​ន៉ាអូមី? គឺ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ។ ជា​ឧទាហរណ៍ រូថ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ន៉ាអូមី ដោយ​នៅ​ជាប់​ជា​មួយ​គាត់។ (​សូម​អាន នាង​រស់ ១:១៦, ១៧, ២២) នៅ​ក្រុង​បេថ្លេហិម រូថ​ខំ​ប្រឹង​រើស​សន្សំ​ស្រូវ​សម្រាប់​ខ្លួន​គាត់​និង​ន៉ាអូមី។ ជា​លទ្ធផល បណ្ដា​ជន​អាច​ឃើញ​ថា​រូថ​ជា​ស្ត្រី​ល្អ​ដែល​ខ្នះ​ខ្នែង​ធ្វើ​ការ។—រស់. ៣:១១; ៤:១៥

១០. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ក្រី​ក្រ​ដូច​ជា​ន៉ាអូមី​និង​រូថ​យ៉ាង​ដូច​ម្ដេច?

១០ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ច្បាប់​មួយ​ដែល​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ចំពោះ​អ្នក​ក្រី​ក្រ ដូច​ជា​ន៉ាអូមី​និង​រូថ​ជា​ដើម។ លោក​បាន​ប្រាប់​រាស្ត្រ​របស់​លោក​ថា ពេល​ពួក​គេ​ប្រមូល​ផល​ដំណាំ ពួក​គេ​មិន​ត្រូវ​ប្រមូល​ដល់​កៀន​វាល ដើម្បី​ទុក​ឲ្យ​អ្នក​ក្រី​ក្រ​ប្រមូល។ (​លេវី. ១៩:៩, ១០​) ដូច្នេះ ន៉ាអូមី​និង​រូថ​អាច​ទទួល​អាហារ​ដោយ​មិន​ចាំ​បាច់​សុំ​ទាន​ទេ។

១១​-​១២. តើ​បូអូស​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ន៉ាអូមី​និង​រូថ​អរ​សប្បាយ?

១១ វាល​ដែល​រូថ​ទៅ​រើស​ផល​ដែល​នៅ​សល់ ជា​វាល​របស់​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​បូអូស។ គាត់​កោត​ស្ងើច​ណាស់ ពេល​គាត់​ឃើញ​ភក្ដី​ភាព​និង​សេចក្ដី​ស្រឡាញ់​របស់​រូថ​ចំពោះ​ន៉ាអូមី។ ដូច្នេះ ក្រោយ​មក​បូអូស​បាន​រៀប​ការ​ជា​មួយ​នឹង​រូថ និង​បាន​ទិញ​ដី​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ក្រុម​គ្រួសារ​ន៉ាអូមី ហើយ​ក៏​ជា​ដី​ដែល​កូន​របស់​រូថ​អាច​ទទួល​ជា​មត៌ក​បាន។ (​រស់. ៤:៩​-​១៣​) បូអូស​និង​រូថ​មាន​កូន​ម្នាក់​ឈ្មោះ​អូបិឌ ហើយ​ក្រោយ​មក​អូបិឌ​ទៅ​ជា​ជីតា​របស់​ស្ដេច​ដាវីឌ។—រស់. ៤:១៧

១២ សូម​ស្រមៃ​គិត​ថា ន៉ាអូមី​អរ​សប្បាយ​យ៉ាង​ណា​ពេល​គាត់​បី​អូបិឌ ហើយ​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា! នៅ​ថ្ងៃ​អនាគត​ន៉ាអូមី​និង​រូថ​នឹង​មាន​អ្វី​ដ៏​ល្អ​ជាង​នេះ​ទៅ​ទៀត។ ពេល​ពួក​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គាត់​នឹង​ដឹង​ថា​អូបិឌ​គឺ​ជា​បុព្វ​បុរស​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា!

១៣. តើ​យើង​អាច​ទាញ​មេ​រៀន​ដ៏​សំខាន់​អ្វី​ពី​កំណត់​ហេតុ​អំពី​ន៉ាអូមី​និង​រូថ?

១៣ មេ​រៀន​សម្រាប់​យើង។ ពេល​យើង​មាន​ទុក្ខ​លំបាក យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ហើយ​ថែម​ទាំង​កើត​ទុក្ខ​ជា​ខ្លាំង​ផង​ដែរ។ យើង​ប្រហែល​ជា​គិត​ថា​បញ្ហា​របស់​យើង​គ្មាន​ដំណោះ​ស្រាយ​ទេ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ យើង​គួរ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​រួម​ជំនឿ។ ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​បំបាត់​ចោល​ទុក្ខ​លំបាក​របស់​យើង​ទេ។ ជា​ឧទាហរណ៍ លោក​មិន​បាន​ប្រោស​ប្ដី​និង​កូន​របស់​ន៉ាអូមី​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​នោះ​ទេ។ ប៉ុន្តែ លោក​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ ប្រហែល​ជា​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។—សុភ. ១៧:១៧

លេវី​ម្នាក់​ដែល​ហៀប​នឹង​ជំពប់​ដួល

អ្នក​តែង​ទំនុក​តម្កើង ៧៣ ហៀប​នឹង​ជំពប់​ដួល ពេល​ឃើញ​ភាព​ចម្រុង​ចម្រើន​របស់​ពួក​អ្នក​ដែល​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ (​សូម​មើល​វគ្គ​១៤​-​១៦​)

១៤. ហេតុ​អ្វី​លេវី​ម្នាក់​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង?

១៤ លេវី​ម្នាក់​បាន​សរសេរ​ទំនុក​តម្កើង ៧៣។ ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​ពួក​លេវី គាត់​មាន​ឯកសិទ្ធិ​បម្រើ​នៅ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​ពេល​មួយ​ក្នុង​ជីវិត​របស់​គាត់ គាត់​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​ចាប់​ផ្ដើម​ច្រណែន​មនុស្ស​អាក្រក់​និង​មនុស្ស​ដែល​មាន​អំណួត មិន​មែន​ដោយ​សារ​អំពើ​អាក្រក់​របស់​ពួក​គេ​ទេ ប៉ុន្តែ​ដោយ​សារ​មើល​ទៅ​ពួក​គេ​មាន​ជីវិត​សប្បាយ​ជាង​គាត់។ (​ទំនុក. ៧៣:២​-​៩, ១១​-​១៤​) តាម​មើល​ទៅ​ពួក​គេ​ជា​អ្នក​មាន សម្បូរ​សប្បាយ និង​គ្មាន​ការ​ខ្វល់​ខ្វាយ។ ភាព​ចម្រុង​ចម្រើន​របស់​ពួក​គេ​ធ្វើ​ឲ្យ​អ្នក​តែង​ទំនុក​តម្កើង​នេះ​ធ្លាក់​ទឹក​ចិត្ត រហូត​ដល់​គាត់​និយាយ​ថា​៖ ​«​ការ​ដែល​ទូល​បង្គំ​បាន​ជំ​រះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅហ្មង នោះ​ឥត​ប្រយោជន៍​ទទេ​»។ ទស្សនៈ​នេះ​អាច​នាំ​ឲ្យ​គាត់​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

១៥. តើ​ទំនុក​តម្កើង ៧៣:១៦​-​១៩, ២២​-​២៥ បង្ហាញ​យ៉ាង​ណា​ថា​លេវី​ម្នាក់​ដែល​បាន​សរសេរ​ទំនុក​តម្កើង​នោះ​បាន​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត?

១៥ សូម​អាន ទំនុក​តម្កើង ៧៣:១៦​-​១៩, ២២​-​២៥លេវី​ម្នាក់​នោះ​«​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​»។ នៅ​ទី​នោះ ពេល​គាត់​ទំនង​ជា​នៅ​ក្នុង​ចំណោម​អ្នក​គោរព​ប្រណិប័តន៍​ឯ​ទៀត គាត់​អាច​ស្ងប់​អារម្មណ៍ គិត​យ៉ាង​ដិត​ដល់ និង​អធិដ្ឋាន​អំពី​ស្ថានភាព​របស់​គាត់។ ជា​លទ្ធផល គាត់​ចាប់​ផ្ដើម​ឃើញ​ថា​របៀប​គិត​គូរ​របស់​គាត់​គឺ​មិន​ត្រឹម​ត្រូវ ហើយ​ថា​គាត់​ចាប់​ផ្ដើម​ដើរ​នៅ​លើ​ផ្លូវ​ដែល​នាំ​ឲ្យ​គាត់​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា។ គាត់​ក៏​យល់​ថា​មនុស្ស​អាក្រក់​«​ឈរ​នៅ​កន្លែង​ដ៏​រឥល​»​ ហើយ​នឹង​«​ត្រូវ​សាប​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច​»។ ដើម្បី​លែង​មាន​ចិត្ត​ច្រណែន​និង​ធ្លាក់​ទឹក​ចិត្ត លេវី​ម្នាក់​នោះ​ត្រូវ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា។ ពេល​គាត់​ធ្វើ​ដូច្នេះ គាត់​សប្បាយ​ចិត្ត ហើយ​មាន​សេចក្ដី​សុខ​សាន្ត​ម្ដង​ទៀត។ គាត់​និយាយ​ថា​៖ ​«​នៅ​ផែនដី​ទូល​បង្គំ​ប្រាថ្នា​ចង់​បាន​តែ​[​ព្រះ​យេហូវ៉ា​]​ទេ​»។

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​លេវី​ម្នាក់?

១៦ មេ​រៀន​សម្រាប់​យើង។ យើង​មិន​គួរ​ច្រណែន​មនុស្ស​អាក្រក់​ដែល​មើល​ទៅ​មាន​ភាព​ចម្រុង​ចម្រើន​សោះ​ឡើយ។ ភាព​សម្បូរ​សប្បាយ​របស់​ពួក​គេ​នឹង​សាប​សូន្យ​ទៅ ហើយ​ពួក​គេ​នឹង​មិន​រស់​នៅ​ជា​រៀង​រហូត​ទេ។ (​សាស្ត. ៨:១២, ១៣​) បើ​យើង​ច្រណែន​ពួក​គេ យើង​នឹង​ធ្លាក់​ទឹក​ចិត្ត ហើយ​យើង​ថែម​ទាំង​អាច​បាត់​បង់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ទៀត​ផង។ ដូច្នេះ បើ​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ដូច​លេវី​ម្នាក់​នោះ សូម​ធ្វើ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ចូរ​ធ្វើ​តាម​យោបល់​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​សេព​គប់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ បើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​អ្វី​ទាំង​អស់ អ្នក​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ ហើយ​អ្នក​នឹង​បន្ត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​«​ជីវិត​ដ៏​ពិត​ប្រាកដ​»។—១ធី. ៦:១៩

ភាព​ទន់​ខ្សោយ​របស់​ពេត្រុស​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត

យើង​អាច​ទទួល​ជំនួយ ឬ​យើង​អាច​ជួយ​អ្នក​ឯ​ទៀត ដោយ​រំពឹង​គិត​អំពី​របៀប​ដែល​ពេត្រុស​ឈប់​ធ្លាក់​ទឹក​ចិត្ត ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ (​សូម​មើល​វគ្គ​១៧​-​១៩​)

១៧. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ពេត្រុស​ធ្លាក់​ទឹក​ចិត្ត?

១៧ ពេត្រុស​ជា​បុរស​ដ៏​ខ្នះ​ខ្នែង ប៉ុន្តែ​ជួន​កាល​គាត់​និយាយ​ឬ​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត រួច​មក​ស្ដាយ​ក្រោយ។ ជា​ឧទាហរណ៍ ពេល​លោក​យេស៊ូ​ប្រាប់​ពួក​សាវ័ក​ថា លោក​នឹង​រង​ទុក្ខ​ហើយ​ស្លាប់ ពេត្រុស​បន្ទោស​លោក​ថា​៖ ​«​ការ​នេះ​នឹង​មិន​កើត​ឡើង​ដល់​លោក​ឡើយ​»។ (​ម៉ាថ. ១៦:២១​-​២៣​) ដូច្នេះ​ហើយ លោក​យេស៊ូ​បាន​កែ​តម្រង់​ពេត្រុស។ ពេល​មនុស្ស​មួយ​ក្រុម​ធំ​មក​ចាប់​លោក​យេស៊ូ ពេត្រុស​មិន​បាន​គិត​ពិចារណា​ទុក​ជា​មុន ហើយ​បាន​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​ខ្ញុំ​បម្រើ​ម្នាក់​នៃ​សម្ដេច​សង្ឃ។ (​យ៉ូន. ១៨:១០, ១១​) លើក​នេះ​ដែរ លោក​យេស៊ូ​កែ​តម្រង់​គាត់។ សាវ័ក​ពេត្រុស​ថែម​ទាំង​បាន​អួត​ថា ទោះ​បី​ពួក​សាវ័ក​ឯ​ទៀត​រត់​ចោល​លោក​យេស៊ូ​គ្រិស្ត​ក្ដី គាត់​នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ! (​ម៉ាថ. ២៦:៣៣​) ប៉ុន្តែ ពេត្រុស​មិន​បាន​មាំ​មួន​ដូច​គាត់​នឹក​ស្មាន​ទេ។ ក្រោយ​មក​នៅ​យប់​នោះ គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ម្ចាស់​របស់​គាត់​បី​ដង។ ពេត្រុស​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ ​«​រួច​ចេញ​ទៅ​ក្រៅ​ហើយ​យំ​ដោយ​នឹក​ស្ដាយ​ជា​ខ្លាំង​»។ (​ម៉ាថ. ២៦:៦៩​-​៧៥​) គាត់​ទំនង​ជា​ឆ្ងល់​ថា​តើ​លោក​យេស៊ូ​អាច​អភ័យ​ទោស​ឲ្យ​គាត់​បាន​ទេ។

១៨. តើ​លោក​យេស៊ូ​បាន​ជួយ​ពេត្រុស​យ៉ាង​ដូច​ម្ដេច​ឲ្យ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត?

១៨ ពេត្រុស​មិន​បាន​ធ្លាក់​ទឹក​ចិត្ត​ហួស​ហេតុ​ពេក រហូត​ដល់​គាត់​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ក្រោយ​ពី​គាត់​បាន​ធ្វើ​ខុស​នោះ គាត់​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​ពួក​សាវ័ក​ឯ​ទៀត។ (​យ៉ូន. ២១:១​-​៣; សកម្ម. ១:១៥, ១៦​) តើ​អ្វី​បាន​ជួយ​គាត់? ពេត្រុស​បាន​នឹក​ចាំ​ថា មុន​នោះ​លោក​យេស៊ូ​បាន​អធិដ្ឋាន​អង្វរ​កុំ​ឲ្យ​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ ហើយ​លោក​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រែ​ចិត្ត និង​ពង្រឹង​ជំនឿ​បង​ប្អូន។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​លោក​យេស៊ូ។ ក្រោយ​មក លោក​យេស៊ូ​បាន​លេច​មក​ជួប​ពេត្រុស ទំនង​ជា​ក្នុង​បំណង​លើក​ទឹក​ចិត្ត​គាត់។ (​លូក. ២២:៣២; ២៤:៣៣, ៣៤; ១កូ. ១៥:៥​) ក្រោយ​ពី​ពួក​សាវ័ក​នេសាទ​ត្រី​ពេញ​មួយ​យប់​ដោយ​មិន​បាន​ត្រី​សោះ លោក​យេស៊ូ​បាន​លេច​មក​ជួប​ពួក​គេ។ នៅ​ពេល​នោះ លោក​យេស៊ូ​ឲ្យ​ឱកាស​ពេត្រុស​ដើម្បី​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​លោក។ លោក​យេស៊ូ​បាន​អភ័យ​ទោស​ឲ្យ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក ហើយ​ប្រគល់​កិច្ច​ការ​ថែម​ទៀត​ឲ្យ​គាត់។—យ៉ូន. ២១:១៥​-​១៧

១៩. តើ​ទំនុក​តម្កើង ១០៣:១៣, ១៤​បង្រៀន​យើង​អ្វី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង ពេល​យើង​ធ្វើ​ខុស?

១៩ មេ​រៀន​សម្រាប់​យើង។ របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ពេត្រុស​បញ្ជាក់​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​លោក​យេស៊ូ ហើយ​ថា​លោក​មាន​គុណ​សម្បត្តិ​ដូច​បិតា​របស់​លោក​បេះ​បិទ។ ដូច្នេះ​ពេល​យើង​ធ្វើ​ខុស យើង​មិន​គួរ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ឲ្យ​យើង​ទេ។ យើង​គួរ​ចាំ​ថា សាថាន​ចង់​ឲ្យ​យើង​គិត​បែប​នេះ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង ហើយ​ថា​លោក​យល់​អំពី​កម្រិត​សមត្ថភាព​របស់​យើង ព្រម​ទាំង​ចង់​អភ័យ​ទោស​ឲ្យ​យើង។ យើង​ក៏​គួរ​យក​តម្រាប់​លោក ពេល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។—សូម​អាន ទំនុក​តម្កើង ១០៣:១៣, ១៤

២០. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២០ គំរូ​របស់​យ៉ូសែប ន៉ាអូមី រូថ លេវី​ម្នាក់ និង​ពេត្រុស​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​»។ (​ទំនុក. ៣៤:១៨​) ជួន​កាល លោក​អនុញ្ញាត​ឲ្យ​យើង​ជួប​ទុក្ខ​លំបាក​និង​ធ្លាក់​ទឹក​ចិត្ត។ តែ​ពេល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ជំនឿ​របស់​យើង​មាំ​មួន​ឡើង។ (​១ពេ. ១:៦, ៧​) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​គាំទ្រ​ពួក​អ្នក​ស្មោះ​ត្រង់​របស់​លោក​ដែល​ធ្លាក់​ទឹក​ចិត្ត ប្រហែល​ជា​ដោយសារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ ឬ​ដោយ​សារ​កាលៈទេសៈ​ពិបាក។

ចម្រៀង​លេខ​៧ ព្រះ​យេហូវ៉ា​ជា​កម្លាំង​របស់​យើង

^ វគ្គ 5 យ៉ូសែប ន៉ាអូមី រូថ លេវី​ម្នាក់ និង​សាវ័ក​ពេត្រុស​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ទឹក​ចិត្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​ពួក​គាត់។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​គាត់ និង​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដោយ​អាណិត​មេត្តា​ទៅ​លើ​ពួក​គាត់។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: ន៉ាអូមី រូថ និង​អ័រប៉ា​កើត​ទុក្ខ​និង​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​គូ​របស់​ពួក​គាត់​បាន​ស្លាប់។ ក្រោយ​មក រូថ​និង​ន៉ាអូមី អរ​សប្បាយ​ជា​មួយ​បូអូស ពេល​អូបិឌ​កើត​មក។