លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

យើងបានរៀនថាកុំនិយាយទេទៅព្រះយេហូវ៉ា

យើងបានរៀនថាកុំនិយាយទេទៅព្រះយេហូវ៉ា

ក្រោយ​ពី​ព្យុះ​សង្ឃរា​មួយ ទឹក​ទន្លេ​បាន​ទៅ​ជា​ល្អក់ ហើយ​ទឹក​ហូរ​យ៉ាង​ខ្លាំង​រហូត​ដល់​នាំ​ថ្ម​ធំ​ៗ​ទៅ​ជា​មួយ។ យើង​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត តែ​ស្ពាន​បាន​បាក់​ខ្ទេច​ខ្ទី​អស់ ដោយ​សារ​ទឹក​ហូរ​ខ្លាំង។ ខ្ញុំ​និង​ប្ដី​ខ្ញុំ​ហាវី ព្រម​ទាំង​អ្នក​បក​ប្រែ​ភាសា​អេមីស​ខ្លាច ហើយ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទេ។ មាន​បង​ប្អូន​នៅ​ត្រើយ​ម្ខាង​ទៀត​មើល​មក​យើង​ដោយ​បារម្ភ។ ដំបូង យើង​បើក​ឡាន​តូច​របស់​យើង​ឡើង​ទៅ​លើ​ឡាន​ដឹក​ទំនិញ​ធំ​ជាង​បន្តិច។ បន្ទាប់​មក​ដោយ​គ្មាន​ខ្សែ ឬ​ច្រវាក់​ដើម្បី​ចង​ឡាន​ឲ្យ​នៅ​នឹង ឡាន​ដឹក​ទំនិញ​នោះ​ចាប់​ផ្ដើម​ឆ្លង​ទឹក​ដែល​ហូរ​ខ្លាំង​បន្តិច​ម្ដង​ៗ។ យើង​មាន​អារម្មណ៍​ថា​ការ​ឆ្លង​នោះ​គឺ​យូរ​ណាស់ ប៉ុន្តែ​នៅ​ទី​បំផុត យើង​បាន​ទៅ​ដល់​ត្រើយ​ម្ខាង​ទៀត​ដោយ​សុវត្ថិភាព​ទាំង​អធិដ្ឋាន​អង្វរ​សុំ​ជំនួយ​រហូត​ពី​ព្រះ​យេហូវ៉ា។ យើង​ជួប​រឿង​នោះ​នៅ​ឆ្នាំ​១៩៧១ នៅ​ភាគ​ខាង​កើត​នៃ​កោះ​តៃវ៉ាន់ ដែល​មាន​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​ស្រុក​កំណើត​របស់​យើង។ ខ្ញុំ​សូម​ប្រាប់​អ្នក​អំពី​ជីវប្រវត្តិ​របស់​យើង។

យើង​រៀន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា

បង​ហាវី​ជា​កូន​ច្បង​ក្នុង​ចំណោម​កូន​ប្រុស​បួន​នាក់។ ក្រុម​គ្រួសារ​របស់​គាត់​បាន​ចូល​សេចក្ដី​ពិត​នៅ​ភូមិ​មីតលិន ចាំងសិន រដ្ឋ​អូស្ត្រាលី​ខាង​លិច ក្នុង​អំឡុង​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​នា​ទសវត្សរ៍​ឆ្នាំ​១៩៣០។ បង​ហាវី​បាន​ធំ​ឡើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១៤​ឆ្នាំ។ មិន​យូរ​ក្រោយ​ពី​នោះ គាត់​បាន​រៀន​ថា គាត់​មិន​គួរ​បដិសេធ​ទទួល​ភារកិច្ច​ពី​អង្គការ​របស់​ព្រះ​ទេ។ មាន​ពេល​មួយ គាត់​មិន​ព្រម​អាន​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​កិច្ច​ប្រជុំ ដោយ​សារ​គាត់​គិត​ថា​គាត់​មិន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទេ។ ប៉ុន្តែ បង​ប្រុស​ម្នាក់​ដែល​បាន​និយាយ​ជា​មួយ​បង​ហាវី​បាន​វែក​ញែក​ជា​មួយ​គាត់​ថា​៖ ​«​ពេល​បុគ្គល​ណា​ម្នាក់​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​សុំ​ប្អូន​ឲ្យ​ធ្វើ​អ្វី​មួយ គាត់​គិត​ថា​ប្អូន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់!​»។—២កូ. ៣:៥

ខ្ញុំ​បាន​រៀន​សេចក្ដី​ពិត​នៅ​ប្រទេស​អង់គ្លេស​ជា​មួយ​ម្ដាយ​និង​បង​ស្រី​ម្នាក់​របស់​ខ្ញុំ។ ដំបូង ឪពុក​របស់​ខ្ញុំ​ប្រឆាំង ប៉ុន្តែ​យូរ​ឆ្នាំ​ក្រោយ​មក គាត់​បាន​ទទួល​យក​សេចក្ដី​ពិត។ គាត់​មិន​ពេញ​ចិត្ត​ទេ កាល​ដែល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​អាយុ​៩​ឆ្នាំ។ ខ្ញុំ​មាន​គោល​ដៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​បន្ទាប់​មក​ទៅ​ជា​សាសនទូត។ ប៉ុន្តែ​ឪពុក​របស់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​២១​ឆ្នាំ​សិន។ ខ្ញុំ​មិន​ចង់​ចាំ​យូរ​ដូច​នោះ​ទេ។ ដូច្នេះ​ពេល​ខ្ញុំ​អាយុ​តែ​១៦​ឆ្នាំ គាត់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រើ​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​រស់​នៅ​ជា​មួយ​បង​ស្រី​ទី​១​របស់​ខ្ញុំ ដែល​បាន​រើ​ទៅ​ប្រទេស​នោះ​ហើយ។ ក្រោយ​មក ពេល​ខ្ញុំ​អាយុ​១៨​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។

នៅ​ថ្ងៃ​រៀប​ការ​របស់​យើង​នា​ឆ្នាំ​១៩៥១

ខ្ញុំ​បាន​ជួប​បង​ហាវី​នៅ​ប្រទេស​អូស្ត្រាលី។ យើង​ទាំង​ពីរ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ជា​សាសនទូត។ យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៥១។ ក្រោយ​ពី​ត្រួស​ត្រាយ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ យើង​បាន​ត្រូវ​សុំ​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ មណ្ឌល​របស់​យើង​រួម​បញ្ចូល​ទឹក​ដី​ភាគ​ច្រើន​របស់​រដ្ឋ​អូស្ត្រាលី​ខាង​លិច។ ដូច្នេះ យើង​ច្រើន​តែ​ធ្វើ​ដំណើរ​កាត់​តំបន់​ស្ងួត​និង​ដាច់​ស្រយាល។

ក្ដី​ស្រមៃ​របស់​យើង​ក្លាយ​ជា​ការ​ពិត

វគ្គ​បញ្ចប់​សិក្សា​សាលា​គីលាត​នៅ​កីឡាដ្ឋាន​យ៉ាងគី​នា​ឆ្នាំ​១៩៥៥

នៅ​ឆ្នាំ​១៩៥៤ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​២៥។ មិន​យូរ​ក្រោយ​មក ក្ដី​ស្រមៃ​របស់​យើង​ចង់​ទៅ​ជា​សាសនទូត​បាន​សម្រេច។ យើង​បាន​ទៅ​ក្រុង​ញូវយ៉ក​ដោយ​ជិះ​កប៉ាល់ ហើយ​ពេល​ទៅ​ដល់​ទី​នោះ យើង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ។ ក្នុង​វគ្គ​សិក្សា​សាលា​គីលាត យើង​ត្រូវ​រៀន​ភាសា​អេស្ប៉ាញ តែ​នេះ​ពិបាក​សម្រាប់​បង​ហាវី ពី​ព្រោះ​គាត់​ពិបាក​បញ្ចេញ​សំឡេង​រ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ភាសា​នោះ។

ក្នុង​អំឡុង​ពេល​សិក្សា អ្នក​បង្រៀន​បាន​ប្រកាស​ថា​បង​ប្អូន​ណា​ដែល​ចង់​បម្រើ​នៅ​ប្រទេស​ជប៉ុន អាច​ចុះ​ឈ្មោះ​រៀន​ភាសា​ជប៉ុន​បាន។ យើង​សម្រេច​ចិត្ត​ថា​យើង​ចង់​ទុក​ឲ្យ​អង្គការ​របស់​ព្រះ​យេហូវ៉ា​សម្រេច​ឲ្យ​យើង។ មិន​យូរ​ក្រោយ​មក បង​ប្រុស​អាល់បឺត ស្រូឌែរ ដែល​ជា​អ្នក​បង្រៀន​សាលា​គីលាត​ម្នាក់​បាន​ឮ​ថា​យើង​មិន​បាន​ចុះ​ឈ្មោះ​ទេ។ គាត់​បាន​និយាយ​មក​យើង​ថា​៖ ​«​សូម​គិត​ថែម​ទៀត​»។ ពេល​យើង​នៅ​តែ​ស្ទាក់​ស្ទើរ​ទៀត បង​ស្រូឌែរ​និយាយ​ថា​៖ ​«​ខ្ញុំ​និង​អ្នក​បង្រៀន​ឯ​ទៀត​បាន​ចុះ​ឈ្មោះ​ប្អូន​ហើយ។ សូម​ព្យាយាម​រៀន​ភាសា​ជប៉ុន​»។ បង​ហាវី​ស្រួល​រៀន​ភាសា​នោះ​ជាង។

យើង​បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៥៥ កាល​ដែល​មាន​អ្នក​ផ្សព្វ​ផ្សាយ​តែ​៥០០​នាក់​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស។ នៅ​ពេល​នោះ​បង​ហាវី​មាន​អាយុ​២៦​ឆ្នាំ ហើយ​ខ្ញុំ​មាន​អាយុ​២៤​ឆ្នាំ។ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ក្រុង​កូបេ ហើយ​យើង​បាន​បម្រើ​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ឆ្នាំ។ ក្រោយ​មក យើង​អរ​សប្បាយ​ពេល​ដែល​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​ម្ដង​ទៀត នៅ​ជិត​ក្រុង​ណាហ្គោយ៉ា។ យើង​សប្បាយ​រីករាយ​ជា​មួយ​បង​ប្អូន ហើយ​ចូល​ចិត្ត​ម្ហូប​អាហារ និង​ទេសភាព​នៅ​ទី​នោះ។ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក យើង​មាន​ឱកាស​មួយ​ទៀត​ឲ្យ​ជៀស​វាង​ពី​ការ​និយាយ​ទេ​ទៅ​ព្រះ​យេហូវ៉ា។

ភារកិច្ច​ថ្មី​នាំ​ឲ្យ​មាន​ការ​ពិបាក​ថ្មី

ខ្ញុំ​និង​បង​ហាវី​ជា​មួយ​សាសនទូត​ឯ​ទៀត​នៅ​ក្រុង​កូបេ ប្រទេស​ជប៉ុន នា​ឆ្នាំ​១៩៥៧

ក្រោយ​ពី​យើង​បាន​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​អស់​បី​ឆ្នាំ ការិយាល័យ​សាខា​ជប៉ុន​បាន​សួរ​យើង​ថា​តើ​យើង​សុខ​ចិត្ត​ទៅ​បម្រើ​នៅ​ប្រទេស​តៃវ៉ាន់ ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ភាគ​តិច​អេមីស​ឬ​យ៉ាង​ណា។ មាន​ការ​ក្បត់​ជំនឿ​នៅ​ទី​នោះ ហើយ​ការិយាល័យ​សាខា​តៃវ៉ាន់​ត្រូវ​ការ​បង​ប្រុស​ម្នាក់​ដែល​និយាយ​ភាសា​ជប៉ុន​យ៉ាង​ស្ទាត់​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នោះ។ * យើង​ចូល​ចិត្ត​កិច្ច​បម្រើ​របស់​យើង​នៅ​ប្រទេស​ជប៉ុន​ខ្លាំង​ណាស់។ ដូច្នេះ​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ចំពោះ​យើង។ ប៉ុន្តែ បង​ហាវី​បាន​រៀន​ថា កុំ​និយាយ​ទេ​ពេល​ទទួល​ភារកិច្ច​ណា​មួយ ដូច្នេះ​យើង​ព្រម​ទៅ។

ពេល​យើង​បាន​ទៅ​ដល់​ប្រទេស​តៃវ៉ាន់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៦២ មាន​អ្នក​ផ្សព្វ​ផ្សាយ​២.២៧១​នាក់ ហើយ​ពួក​គេ​ភាគ​ច្រើន​ជា​ជន​ជាតិ​អេមីស។ ប៉ុន្តែ​មុន​ដំបូង យើង​ត្រូវ​រៀន​ភាសា​ចិន។ យើង​មាន​សៀវភៅ​តែ​មួយ​ក្បាល​ប៉ុណ្ណោះ ហើយ​អ្នក​បង្រៀន​យើង​មិន​ចេះ​ភាសា​អង់គ្លេស​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​បាន​រៀន​ចេះ​និយាយ​ភាសា​ចិន។

មិន​យូរ​ក្រោយ​ពី​យើង​ទៅ​ដល់​ប្រទេស​តៃវ៉ាន់ បង​ហាវី​បាន​ទទួល​ភារកិច្ច​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា។ ដោយ​សារ​ការិយាល័យ​សាខា​តូច បង​ហាវី​អាច​បំពេញ​ភារកិច្ច​របស់​គាត់ ហើយ​នៅ​តែ​បម្រើ​ជា​មួយ​បង​ប្អូន​ជន​ជាតិ​អេមីស​រហូត​ដល់​បី​សប្ដាហ៍​ក្នុង​មួយ​ខែ។ គាត់​ក៏​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​ម្ដង​ម្កាល​ដែរ ហើយ​នេះ​រួម​បញ្ចូល​ការ​ថ្លែង​សុន្ទរកថា​នៅ​សន្និបាត។ បើ​បង​ហាវី​ថ្លែង​សុន្ទរកថា​ជា​ភាសា​ជប៉ុន បង​ប្អូន​ជន​ជាតិ​អេមីស​អាច​យល់​បាន។ ប៉ុន្តែ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ការ​ប្រជុំ​សាសនា​ធ្វើ​ឡើង​តែ​ក្នុង​ភាសា​ចិន​ប៉ុណ្ណោះ។ ដូច្នេះ បង​ហាវី​ថ្លែង​សុន្ទរកថា​ជា​ភាសា​ចិន​ទាំង​រដិប​រដុប ហើយ​បង​ប្រុស​ម្នាក់​ទៀត​បក​ប្រែ​ទៅ​ជា​ភាសា​អេមីស។

នៅ​ពេល​នោះ ប្រទេស​តៃវ៉ាន់​នៅ​ក្រោម​ច្បាប់​យោធា។ ដូច្នេះ​ដើម្បី​ធ្វើ​សន្និបាត បង​ប្អូន​ត្រូវ​ទទួល​លិខិត​អនុញ្ញាត​ពី​ពួក​អាជ្ញាធរ។ តែ​ការ​ទទួល​លិខិត​អនុញ្ញាត​នោះ​គឺ​មិន​ស្រួល​ទេ ហើយ​ប៉ូលិស​ច្រើន​តែ​ទុក​វា​ចោល​អស់​មួយ​រយៈ​ពេល​យូរ។ បើ​ប៉ូលិស​មិន​ឲ្យ​លិខិត​អនុញ្ញាត​មុន​សប្ដាហ៍​នៃ​សន្និបាត បង​ហាវី​ទៅ​ប៉ុស្តិ៍​ប៉ូលិស ហើយ​អង្គុយ​នៅ​ទី​នោះ​រហូត​ដល់​ពួក​គេ​ឲ្យ។ ដោយ​សារ​ប៉ូលិស​ខ្មាស​គេ បើ​មាន​ជន​បរទេស​អង្គុយ​ចាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស នោះ​ពួក​គេ​ព្រម​ឲ្យ​លិខិត​អនុញ្ញាត​នោះ​ភ្លាម​ៗ។

លើក​ដំបូង​ដែល​ខ្ញុំ​ឡើង​ភ្នំ

យើង​ឆ្លង​ទន្លេ​ដែល​រាក់​នៅ​ប្រទេស​តៃវ៉ាន់​ដើម្បី​ផ្សព្វ​ផ្សាយ

ក្នុង​អំឡុង​សប្ដាហ៍​ដែល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន ធម្មតា​យើង​ដើរ​ឡើង​ភ្នំ​និង​លុយ​ទឹក​ទន្លេ​រហូត​អស់​មួយ​ម៉ោង​ឬ​ច្រើន​ជាង។ ខ្ញុំ​នឹក​ចាំ​លើក​ទី​១​ដែល​ខ្ញុំ​ឡើង​ភ្នំ។ ក្រោយ​ពី​យើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​មួយ​ភ្លែត យើង​ចេញ​ដំណើរ​តាម​ឡាន​ក្រុង​នៅ​ម៉ោង​៥:៣០​ព្រឹក​ទៅ​ភូមិ​ឆ្ងាយ​មួយ។ ក្រោយ​មក​យើង​ដើរ​លុយ​បាត​ទន្លេ​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​ឡើង​ភ្នំ។ ភ្នំ​នោះ​គឺ​ចោត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ជើង​របស់​បង​ប្រុស​ដែល​ដើរ​ឡើង​មុន​ខ្ញុំ នៅ​ចំ​ខាង​មុខ​ភ្នែក​របស់​ខ្ញុំ។

នៅ​ព្រឹក​នោះ បង​ហាវី​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ខ្លះ​ពី​តំបន់​នោះ។ រីឯ​ខ្ញុំ​ផ្សព្វ​ផ្សាយ​ម្នាក់​ឯង​នៅ​ភូមិ​តូច​មួយ​ដែល​មាន​មនុស្ស​និយាយ​ភាសា​ជប៉ុន។ ប្រហែល​ជា​នៅ​ម៉ោង​១​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ទន់​ដៃ​ទន់​ជើង ដោយ​សារ​ខ្ញុំ​មិន​បាន​ញ៉ាំ​អ្វី​សោះ​អស់​ច្រើន​ម៉ោង។ ពេល​ខ្ញុំ​បាន​ជួប​ប្ដី​ខ្ញុំ មិន​មាន​បង​ប្អូន​ឯ​ទៀត​នៅ​ជា​មួយ​គាត់​ទេ។ បង​ហាវី​បាន​ប្ដូរ​ទស្សនាវដ្ដី​ខ្លះ​ដើម្បី​បាន​ពង​មាន់​ឆៅ​បី។ គាត់​បាន​បង្ហាញ​ខ្ញុំ​អំពី​របៀប​ញ៉ាំ​ពង​មាន់​នោះ​ដោយ​ចោះ​វា​ទាំង​សង​ខាង ហើយ​បឺត។ ទោះ​ជា​មើល​ទៅ​វា​មិន​ឆ្ងាញ់​ក៏​ដោយ ខ្ញុំ​សាក​ល្បង​ញ៉ាំ​មួយ ហើយ​ខ្ញុំ​ក៏​បាន​ញ៉ាំ​ពង​មាន់​មួយ​ចុង​ក្រោយ​ដែរ។ ហេតុ​អ្វី? ដោយ​សារ​បង​ហាវី​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​បី​ខ្ញុំ​ចុះ​ភ្នំ​បាន​ទេ បើ​ខ្ញុំ​សន្លប់​ព្រោះ​ហេវ​ពេក។

ការ​ងូត​ទឹក​ខុស​ពី​ធម្មតា

នៅ​សន្និបាត​ប្រចាំ​មណ្ឌល​មួយ ខ្ញុំ​បាន​ជួប​រឿង​ដ៏​ចម្លែក​មួយ។ យើង​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្រុស​ម្នាក់​នៅ​ក្បែរ​សាល​ប្រជុំ។ ដោយ​សារ​ជន​ជាតិ​អេមីស​ចាត់​ទុក​ថា​ការ​ងូត​ទឹក​ជា​រឿង​សំខាន់ នោះ​ប្រពន្ធ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​រៀបចំ​អ្វី​ផ្សេង​ៗ​ដើម្បី​ឲ្យ​យើង​ងូត​ទឹក។ បង​ហាវី​ជាប់​រវល់ ហេតុ​នេះ​គាត់​បាន​សុំ​ខ្ញុំ​ឲ្យ​ទៅ​មុន។ ប្រពន្ធ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​រៀបចំ​ធុង​ទឹក​ត្រជាក់​មួយ ធុង​ទឹក​ក្ដៅ​មួយ និង​ធុង​ទទេ​មួយ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​គាត់​បាន​ដាក់​វា​នៅ​ក្រៅ​ផ្ទះ នៅ​ចំ​កន្លែង​ដែល​បង​ប្អូន​ជួយ​រៀបចំ​សន្និបាត​អាច​ឃើញ។ ខ្ញុំ​មិន​ដែល​ងូត​ទឹក​បែប​នេះ​ទេ ដូច្នេះ​ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​យក​វាំងនន​ណា​មួយ​មក​បាំង តែ​គាត់​បាន​យក​ផ្ទាំង​ប្លាស្ទិក​ថ្លា​មក​ឲ្យ​ខ្ញុំ! ខ្ញុំ​គិត​ថា​នឹង​ទៅ​ងូត​ទឹក​នៅ​ខាង​ក្រោយ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​មាន​គេ​ឃើញ​ខ្ញុំ។ ប៉ុន្តែ​នៅ​ទី​នោះ មាន​ក្ងាន​ដែល​ចង់​ហួរ​អ្នក​ណា​ដែល​ទៅ​ជិត​វា។ ដូច្នេះ​ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា ​«​បង​ប្អូន​រវល់​ខ្លាំង​អ៊ីចឹង មិន​ចាប់​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ងូត​ទឹក​ទេ ហើយ​បើ​ខ្ញុំ​មិន​ងូត ពួក​គេ​នឹង​ទើស​ចិត្ត។ អ៊ីចឹង​ខ្ញុំ​ងូត​តែ​ម្ដង​ទៅ​»។

យើង​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​របស់​ជន​ជាតិ​អេមីស

សៀវភៅ​សម្រាប់​ជន​ជាតិ​អេមីស

បង​ហាវី​បាន​ឃើញ​ថា​បង​ប្អូន​ជន​ជាតិ​អេមីស​ពិបាក​រីក​ចម្រើន​ក្នុង​សេចក្ដី​ពិត ដោយ​សារ​ពួក​គេ​ជា​ច្រើន​នាក់​មិន​ចេះ​អក្សរ ហើយ​ពួក​គេ​មិន​មាន​សៀវភៅ​របស់​យើង​ជា​ភាសា​អេមីស​ទេ។ មើល​ទៅ​គឺ​ជា​ការ​ល្អ​ឲ្យ​បង្រៀន​បង​ប្អូន​ចេះ​អាន​ភាសា​ខ្លួន​ឯង ដោយ​សារ​មិន​យូរ​មុន​នោះ ភាសា​អេមីស​ចាប់​ផ្ដើម​សរសេរ​ដោយ​ប្រើ​តួ​អក្សរ​ដូច​ភាសា​អង់គ្លេស។ ការ​ធ្វើ​ដូច្នេះ​គឺ​មិន​ស្រួល​ទេ ប៉ុន្តែ​យូរ​ៗ​ទៅ បង​ប្អូន​អាច​សិក្សា​ដោយ​ខ្លួន​ឯង។ សៀវភៅ​ភាសា​អេមីស​ចាប់​ផ្ដើម​ចេញ​ផ្សាយ​នៅ​ឆ្នាំ​១៩៦៦ ហើយ​នៅ​ឆ្នាំ​១៩៦៨ ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​អេមីស​ចាប់​ផ្ដើម​បោះ​ពុម្ព​ផ្សាយ​ដែរ។

ប៉ុន្តែ រដ្ឋាភិបាល​មិន​ចង់​ឲ្យ​យើង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ដែល​មិន​មែន​ជា​ភាសា​ចិន​ទេ។ ដូច្នេះ​ដើម្បី​ជៀស​វាង​ពី​បញ្ហា ទស្សនាវដ្ដី​ប៉ម​យាម​ភាសា​អេមីស​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ អស់​មួយ​រយៈ​ពេល យើង​ប្រើ​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​មាន​ទាំង​ភាសា​អេមីស​ទាំង​ភាសា​ចិនកុកងឺ។ ដូច្នេះ មនុស្ស​ឯ​ទៀត​សន្និដ្ឋាន​ថា​យើង​កំពុង​បង្រៀន​ជន​ជាតិ​អេមីស​ឲ្យ​ចេះ​អាន​ភាសា​ចិន។ តាំង​ពី​ពេល​នោះ​មក អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សៀវភៅ​ផ្សេង​ៗ​ជា​ច្រើន​ជា​ភាសា​អេមីស​ដើម្បី​ជួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំង​នេះ​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ។—សកម្ម. ១០:៣៤, ៣៥

គ្រា​មួយ​ដែល​មាន​ការ​សម្រិត​សម្រាំង

អស់​ជា​ច្រើន​ឆ្នាំ បង​ប្អូន​ជន​ជាតិ​អេមីស​ជា​ច្រើន​នាក់​មិន​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​ទេ។ បង​ប្អូន​ខ្លះ​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌ ប្រមឹក​ស្រា ឬ​ប្រើ​ថ្នាំ​ជក់​និង​ម្លូ​ស្លា ដោយ​សារ​ពួក​គេ​មិន​បាន​យល់​គោល​ការណ៍​គម្ពីរ​យ៉ាង​ច្បាស់​ទេ។ បង​ហាវី​បាន​ទៅ​ក្រុម​ជំនុំ​ជា​ច្រើន​ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នេះ។ មាន​ម្ដង​នោះ យើង​មាន​បទ​ពិសោធន៍​ដែល​ខ្ញុំ​បាន​រៀប​រាប់​នៅ​ដើម​ដំបូង។

ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​សុខ​ចិត្ត​ធ្វើ​ការ​កែ​ប្រែ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ បុគ្គល​ជា​ច្រើន​នាក់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ហើយ​អ្នក​ផ្សាយ​នៅ​ប្រទេស​តៃវ៉ាន់​បាន​ធ្លាក់​ចុះ​ពី​២.៤៥០​នាក់​ជាង​ទៅ​ប្រហែល​ជា​៩០០​នាក់​ក្នុង​អំឡុង​រយៈ​ពេល​២០​ឆ្នាំ។ នេះ​គួរ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត តែ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ឲ្យ​ពរ​ដល់​អង្គការ​ដែល​មិន​ស្អាត​ស្អំ​ទេ។ (​២កូ. ៧:១​) ក្រោយ​ពី​នោះ ក្រុម​ជំនុំ​នានា​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ស្អាត​ស្អំ ហើយ​ដោយ​សារ​ពរ​ពី​លោក ឥឡូវ​ប្រទេស​តៃវ៉ាន់​មាន​អ្នក​ផ្សាយ​ជាង​១១.០០០​នាក់។

ក្រោយ​ពី​ឆ្នាំ​១៩៨០ យើង​ឃើញ​ថា​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ភាសា​អេមីស​មាន​ជំនឿ​មាំ​មួន​ជាង ហើយ​បង​ហាវី​អាច​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​នឹង​ជន​ជាតិ​ចិន។ គាត់​សប្បាយ​ចិត្ត​ដែល​បាន​ជួយ​ប្ដី​របស់​បង​ស្រី​មួយ​ចំនួន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ ខ្ញុំ​នឹក​ចាំ​ថា​គាត់​និយាយ​ថា គាត់​សប្បាយ​ចិត្ត​ណាស់​ពេល​បង​ប្រុស​ម្នាក់​ក្នុង​ចំណោម​បង​ប្រុស​ទាំង​នោះ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ ដែល​ខ្ញុំ​បាន​បង្រៀន​មនុស្ស​ជា​ច្រើន​នាក់​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​ថែម​ទាំង​បាន​បម្រើ​នៅ​ការិយាល័យ​សាខា​តៃវ៉ាន់​ជា​មួយ​កូន​ប្រុស​និង​កូន​ស្រី​នៃ​សិស្ស​គម្ពីរ​ពី​មុន​របស់​ខ្ញុំ​ទៀត​ផង។

ការ​បាត់​បង់​ដ៏​ឈឺ​ចាប់

ឥឡូវ ខ្ញុំ​គ្មាន​ដៃ​គូ​ទេ។ ក្រោយ​ពី​រៀប​ការ​ជិត​៥៩​ឆ្នាំ បង​ហាវី​ដែល​ជា​ប្ដី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១០ ដោយ​សារ​ជំងឺ​មហា​រីក។ គាត់​បាន​បម្រើ​ពេញ​ពេល​ជិត​៦០​ឆ្នាំ។ ខ្ញុំ​នៅ​តែ​នឹក​គាត់​ខ្លាំង​ណាស់។ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​គាំទ្រ​គាត់​នៅ​គ្រា​នៃ​ការ​ចាប់​ផ្ដើម​កិច្ច​ការ​របស់​យើង​នៅ​ប្រទេស​ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ យើង​បាន​រៀន​ចេះ​និយាយ​ភាសា​អាស៊ី​ដ៏​ពិបាក​ពីរ ហើយ​បង​ហាវី​ក៏​ចេះ​សរសេរ​ភាសា​ទាំង​នោះ​ដែរ។

ប្រហែល​ជា​បួន​ឆ្នាំ​ក្រោយ​ពី​បង​ហាវី​ស្លាប់ គណៈ​អភិបាល​បាន​សម្រេច​ចិត្ត​ថា ដោយ​សារ​ខ្ញុំ​កាន់​តែ​ចាស់​ទៅ គឺ​ជា​ការ​ល្អ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ។ ដំបូង​ខ្ញុំ​គិត​ថា ‹ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​ប្រទេស​តៃវ៉ាន់​ទេ›។ ប៉ុន្តែ​បង​ហាវី​បាន​បង្រៀន​ខ្ញុំ​ថា​កុំ​និយាយ​ទេ​ទៅ​អង្គការ​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​ខ្ញុំ​បាន​ទៅ។ ក្រោយ​មក ខ្ញុំ​អាច​ឃើញ​ថា​ការ​សម្រេច​ចិត្ត​នោះ​គឺ​ប្រកប​ដោយ​ប្រាជ្ញា។

ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​និយាយ​ភាសា​ជប៉ុន​និង​ភាសា​ចិន​ដើម្បី​ណែនាំ​ពួក​អ្នក​ចូល​ទស្សនា​បេតអែល

សព្វ​ថ្ងៃ​នេះ ខ្ញុំ​បម្រើ​នៅ​ការិយាល័យ​សាខា​អូស្ត្រាឡាស៊ី​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ហើយ​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​ជំនុំ​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​ប្រើ​ភាសា​ជប៉ុន​និង​ភាសា​ចិន​ដើម្បី​និយាយ​ណែនាំ​ពួក​អ្នក​ដែល​ចូល​ទស្សនា​បេតអែល​ដែល​និយាយ​ភាសា​ទាំង​នោះ។ ប៉ុន្តែ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ត្រូវ​សន្យា ដោយ​ដឹង​ថា​បង​ហាវី​ដែល​រៀន​ថា​កុំ​និយាយ​ទេ​ទៅ​ព្រះ​យេហូវ៉ា នៅ​ក្នុង​ការ​នឹក​ចាំ​របស់​លោក។—យ៉ូន. ៥:២៨, ២៩

^ វគ្គ 14 ទោះ​ជា​សព្វ​ថ្ងៃ​នេះ​ភាសា​ចិន​ជា​ភាសា​ផ្លូវ​ការ​នៅ​ប្រទេស​តៃវ៉ាន់​ក្ដី ភាសា​ជប៉ុន​ធ្លាប់​ជា​ភាសា​ផ្លូវ​ការ​នៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ។ ដូច្នេះ នៅ​ពេល​នោះ ជន​ជាតិ​ភាគ​តិច​ផ្សេង​ៗ​នៅ​ប្រទេស​តៃវ៉ាន់​ចេះ​និយាយ​ភាសា​ជប៉ុន។