លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​កម្ម​វិធី​ផ្ញើ​សារ​ក្នុង​គ្រឿង​អេឡិចត្រូនិក?

គ្រិស្ត​សាសនិក​ខ្លះ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ទាក់​ទង​ជា​មួយ​ក្រុម​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ។ គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​ចង​ចាំ​អំពី​យោបល់​នេះ​ដែល​ថា​៖ ​«​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ​»។—សុភ. ២៧:១២

យើង​យល់​ថា​ព្រះ​យេហូវ៉ា​ចង់​ការ​ពារ​យើង។ ដូច្នេះ យើង​មិន​សេព​គប់​ពួក​អ្នក​ដែល​បណ្ដាល​ឲ្យ​បែក​បាក់​គ្នា អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ឬ​អ្នក​ដែល​បង្រៀន​អ្វី​ខុស​ទេ។ (​រ៉ូម ១៦:១៧; ១កូ. ៥:១១; ២យ៉ូន. ១០, ១១​) បង​ប្អូន​ខ្លះ​ឬ​បុគ្គល​ខ្លះ​ដែល​សេព​គប់​ជា​មួយ​ក្រុម​ជំនុំ​ប្រហែល​ជា​មិន​ធ្វើ​តាម​ច្បាប់​ក្នុង​គម្ពីរ​ឡើយ។ (​២ធី. ២:២០, ២១​) យើង​ចង​ចាំ​អំពី​ចំណុច​នេះ​ពេល​យើង​ជ្រើស​រើស​មិត្ត​ភក្ដិ។ ប៉ុន្តែ​យើង​ប្រហែល​ជា​ពិបាក​ជ្រើស​រើស​មិត្ត​ភក្ដិ​ល្អ តាម​កម្ម​វិធី​ផ្ញើ​សារ។

បើ​យើង​កំពុង​គិត​អំពី​ការ​ប្រើ​កម្ម​វិធី​ផ្ញើ​សារ​ជា​ក្រុម​ធំ​ឬ​យ៉ាង​ណា យើង​គួរ​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​អ្នក​ណា​ដែល​យើង​នឹង​សេព​គប់​ជា​មួយ។ គ្រិស្ត​សាសនិក​ខ្លះ​ធ្លាប់​ចូល​រួម​ក្នុង​ក្រុម​ផ្ញើ​សារ​ដែល​មាន​គ្នា​ច្រើន ហើយ​ទទួល​លទ្ធផល​មិន​ល្អ។ តើ​បង​ប្អូន​ណា​ម្នាក់​អាច​ប្រុង​ប្រយ័ត្ន​ក្នុង​ក្រុម​ផ្ញើ​សារ​ដែល​មាន​គ្នា​រាប់​រយ​ឬ​រាប់​ពាន់​នាក់​យ៉ាង​ដូច​ម្ដេច? គ្មាន​វិធី​ឲ្យ​ដឹង​ថា​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​នោះ​ជា​មនុស្ស​បែប​ណា ឬ​មាន​ជំនឿ​រឹង​មាំ​ប៉ុណ្ណា​ឡើយ។ ទំនុក​តម្កើង ២៦:៤ ចែង​ថា​៖ ​«​ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូត​ភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ​»។ នេះ​បង្ហាញ​ថា​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​ផ្ញើ​សារ​តែ​ជា​មួយ​មនុស្ស​ដែល​យើង​ស្គាល់​ប៉ុណ្ណោះ មែន​ទេ?

ទោះ​ជា​គ្រិស្ត​សាសនិក​ណា​ម្នាក់​ផ្ញើ​សារ​ក្នុង​ក្រុម​តូច​ជាង​ក្ដី គាត់​ត្រូវ​គិត​អំពី​រយៈ​ពេល​ដែល​គាត់​ចំណាយ និង​ប្រធានបទ​ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​ក្រុម​នោះ។ យើង​មិន​ចាំ​បាច់​មាន​អារម្មណ៍​ថា​យើង​ត្រូវ​ផ្ញើ​សារ​តប​នឹង​អ្នក​ឯ​ទៀត ចំពោះ​រឿង​ទាំង​អស់​ដែល​គេ​និយាយ ឬ​ចំពោះ​អ្វី​ដែល​នាំ​ឲ្យ​យើង​ខាត​ពេល​ទេ។ ប៉ូល​បាន​ព្រមាន​ធីម៉ូថេ​អំពី​បុគ្គល​ដែល​«​និយាយ​ដើម​គេ​ហើយ​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ​»។ (​១ធី. ៥:១៣​) សព្វ​ថ្ងៃ​នេះ នេះ​ក៏​អាច​កើត​ឡើង​តាម​កម្ម​វិធី​ផ្ញើ​សារ​ក្នុង​គ្រឿង​អេឡិចត្រូនិក​ដែរ។

គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​មិន​ប្រាប់​ឬ​ស្ដាប់​ពាក្យ​រិះ​គន់ ឬ​រឿង​សម្ងាត់​អំពី​គ្រិស្ត​សាសនិក​ឯ​ទៀត​ទេ។ (​ទំនុក. ១៥:៣; សុភ. ២០:១៩​) ម្យ៉ាង​ទៀត គាត់​មិន​ប្រាប់​ត​ឬ​ស្ដាប់​រឿង​ដែល​គាត់​មិន​ដឹង​ច្បាស់ ឬ​រឿង​ដែល​គេ​និយាយ​ពន្លើស​ឡើយ។ (​អេភ. ៤:២៥​) យើង​មាន​ព័ត៌មាន​ល្អ​ៗ​ជា​ច្រើន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ និង​សេចក្ដី​រាយ​ការណ៍​ដែល​យើង​អាច​ទុក​ចិត្ត​បាន​នៅ​ក្នុង​គេហទំព័រ​របស់​យើង​jw.org និង​ក្នុង​កម្ម​វិធី​ប្រចាំ​ខែ​នៅ​JW​ទូរទស្សន៍។

សាក្សី​ខ្លះ​ប្រើ​កម្ម​វិធី​ផ្ញើ​សារ​ក្នុង​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ទិញ លក់ និង​ផ្សព្វ​ផ្សាយ​ផលិតផល ឬ​ជ្រើស​រើស​បុគ្គលិក​ការងារ។ អ្វី​ទាំង​នេះ​ត្រូវ​បែង​ចែក​ឲ្យ​ដាច់​ពី​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ គ្រិស្ត​សាសនិក​ដែល​ចង់​«​ប្រាស​ចាក​ការ​ស្រឡាញ់​ប្រាក់​»​ មិន​ប្រើ​ប្រាស់​បង​ប្អូន​ធ្វើ​ជា​វិធី​ដើម្បី​រក​លុយ​ឡើយ។—ហេ. ១៣:៥

តើ​យើង​គួរ​ប្រើ​កម្ម​វិធី​ផ្ញើ​សារ​ក្នុង​គ្រឿង​អេឡិចត្រូនិក​ដើម្បី​សុំ​ជំនួយ​ជា​លុយ​កាក់​ឲ្យ​បង​ប្អូន​ដែល​ខ្វះ​ខាត ឬ​បង​ប្អូន​ដែល​រង​ទុក្ខ​ដោយ​សារ​មហន្តរាយ​ឬ​ទេ? យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ដូច្នេះ​យើង​ច្រើន​តែ​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ និង​លើក​ទឹក​ចិត្ត​ពួក​គេ។ (​យ៉ា. ២:១៥, ១៦​) ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​ដូច្នេះ​តាម​រយៈ​ការ​ផ្ញើ​សារ​ជា​ក្រុម​ធំ​ប្រហែល​ជា​ធ្វើ​ឲ្យ​ការិយាល័យ​សាខា​ឬ​ក្រុម​ជំនុំ​កាន់​តែ​ពិបាក​ក្នុង​ការ​ជួយ​ពួក​អ្នក​ទាំង​នោះ។ (​១ធី. ៥:៣, ៤, ៩, ១០, ១៦​) ម្យ៉ាង​វិញ​ទៀត យើង​ម្នាក់​ៗ​ច្បាស់​ជា​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា យើង​ជា​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ជា​ពិសេស​ដើម្បី​ឲ្យ​មើល​ថែ​បង​ប្អូន​ទេ។

យើង​ចង់​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង។ (​១កូ. ១០:៣១​) ដូច្នេះ ពេល​អ្នក​សម្រេច​ចិត្ត​ថា​គួរ​ឬ​មិន​គួរ​ប្រើ​កម្ម​វិធី​ផ្ញើ​សារ​ក្នុង​គ្រឿង​អេឡិចត្រូនិក​ឬ​បច្ចេកវិទ្យា​ផ្សេង​ទៀត សូម​គិត​អំពី​ផល​វិបាក ហើយ​សូម​ប្រុង​ប្រយ័ត្ន។