លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៥

មេរៀនពីប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូ

មេរៀនពីប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូ

​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត។ ចូរ​ស្ដាប់​តាម​លោក​»។—ម៉ាថ. ១៧:៥

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

សេចក្ដី​សង្ខេប *

១​-​២. សូម​រៀប​រាប់​អ្វី​ដែល​បាន​កើត​ឡើង កាល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ចុង​ក្រោយ​ជា​មនុស្សជាតិ។

នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត និង​វិនិច្ឆ័យ​ទោស​ថា​ជា​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែល​លោក​មិន​បាន​ប្រព្រឹត្ត លោក​បាន​ត្រូវ​គេ​សើច​ចំអក ធ្វើ​ទារុណកម្ម​ដោយ​ឥត​មេត្តា រួច​មក​ព្យួរ​នៅ​លើ​បង្គោល​ទារុណកម្ម ដោយ​ដំ​ដែក​គោល​ជាប់​ដៃ​និង​ជើង​របស់​លោក។ គ្រប់​ពេល​ដែល​លោក​ដក​ដង្ហើម និង​គ្រប់​ពេល​ដែល​លោក​និយាយ​គឺ​ឈឺ​ចុក​ចាប់។ ប៉ុន្តែ​លោក​ត្រូវ​តែ​និយាយ ព្រោះ​លោក​មាន​អ្វី​សំខាន់​ដែល​ត្រូវ​ប្រាប់។

សូម​យើង​ពិចារណា​ប្រសាសន៍​របស់​លោក​យេស៊ូ កាល​ដែល​លោក​ហៀប​នឹង​ស្លាប់​លើ​បង្គោល​ទារុណកម្ម និង​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ប្រសាសន៍​ទាំង​នោះ។ និយាយ​ឲ្យ​ចំ​ទៅ សូម​ឲ្យ​យើង​«​ស្ដាប់​តាម​លោក​»។—ម៉ាថ. ១៧:៥

​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ​»​

៣. តើ​លោក​យេស៊ូ​ទំនង​ជា​សំដៅ​ទៅ​លើ​អ្នក​ណា ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ​»​?

តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? ពេល​លោក​នៅ​លើ​បង្គោល​ទារុណកម្ម លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ​»។ តើ​លោក​ចង់​ឲ្យ​បិតា​លោក​អភ័យ​ទោស​ឲ្យ​អ្នក​ណា? ប្រសាសន៍​បន្ទាប់​មក​របស់​លោក​ដែល​ថា​៖ ​«​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»​ បង្ហើប​ឲ្យ​យើង​ដឹង។ (​លូក. ២៣:៣៣, ៣៤​) លោក​យេស៊ូ​ទំនង​ជា​សំដៅ​ទៅ​លើ​ទាហាន​រ៉ូម​ដែល​ដំ​ដែក​គោល​ជាប់​ដៃ​និង​ជើង​របស់​លោក។ ពួក​គេ​មិន​ដឹង​ថា​លោក​ជា​បុត្រ​របស់​ព្រះ​ទេ។ លោក​ក៏​ប្រហែល​ជា​សំដៅ​ទៅ​លើ​បុគ្គល​ខ្លះ​ក្នុង​ចំណោម​បណ្ដា​ជន​ដែល​ទាម​ទារ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក ប៉ុន្តែ​ក្រោយ​មក​បង្ហាញ​ជំនឿ​លើ​លោក។ (​សកម្ម. ២:៣៦​-​៣៨​) លោក​មិន​បាន​ឲ្យ​អំពើ​អយុត្តិធម៌​ដែល​គេ​ប្រព្រឹត្ត​មក​លើ​លោក​ធ្វើ​ឲ្យ​លោក​ខឹង​និង​ចង​គំនុំ​ឡើយ។ (​១​ពេ. ២:២៣​) ផ្ទុយ​ទៅ​វិញ លោក​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​អភ័យ​ទោស​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក។

៤. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ដែល​លោក​យេស៊ូ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ប្រឆាំង?

តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? ដូច​លោក​យេស៊ូ យើង​ត្រូវ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ (​កូឡ. ៣:១៣​) អ្នក​ខ្លះ​រួម​ទាំង​ញាតិ​សន្ដាន​របស់​យើង ប្រហែល​ជា​ប្រឆាំង​យើង​ដោយ​សារ​ពួក​គេ​មិន​យល់​អំពី​ជំនឿ​របស់​យើង​និង​របៀប​រស់​នៅ​របស់​យើង​ជា​គ្រិស្ត​សាសនិក។ ពួក​គេ​ប្រហែល​ជា​មួល​បង្កាច់​យើង ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​នៅ​មុខ​អ្នក​ឯ​ទៀត បំផ្លាញ​សៀវភៅ​របស់​យើង ឬ​ថែម​ទាំង​គំរាម​ប្រើ​អំពើ​ហិង្សា​មក​លើ​យើង​ទៀត​ផង។ ជា​ជាង​ខឹង​ងំ យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​ពួក​អ្នក​ដែល​ប្រឆាំង​យើង​ឲ្យ​ទទួល​យក​សេចក្ដី​ពិត​នៅ​ថ្ងៃ​ណា​មួយ។ (​ម៉ាថ. ៥:៤៤, ៤៥​) ជួន​កាល យើង​ប្រហែល​ជា​ពិបាក​អភ័យ​ទោស​ឲ្យ​អ្នក​នោះ ជា​ពិសេស​បើ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់​មក​លើ​យើង។ តែ​បើ​យើង​បន្ត​ខឹង​និង​ចង​គំនុំ យើង​ធ្វើ​បាប​ខ្លួន​ឯង។ បង​ស្រី​ម្នាក់​ពន្យល់​ថា​៖ ​«​ខ្ញុំ​យល់​ថា​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​មិន​មាន​ន័យ​ថា​អ្វី​ដែល​គេ​ធ្វើ​គឺ​មិន​ខុស​នោះ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​ខ្ញុំ​ឲ្យ​គេ​ទាញ​ប្រយោជន៍​ពី​ខ្ញុំ​ដែរ។ តែ​នេះ​មាន​ន័យ​ថា ខ្ញុំ​សម្រេច​ចិត្ត​លះ​ចោល​កំហឹង​»។ (​ទំនុក. ៣៧:៨​) ពេល​យើង​សម្រេច​ចិត្ត​អភ័យ​ទោស យើង​មិន​ឲ្យ​បទ​ពិសោធន៍​ជូរ​ចត់​ធ្វើ​ឲ្យ​យើង​ចង​គំនុំ​ឡើយ។—អេភ. ៤:៣១, ៣២

​«​អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»​

៥. តើ​លោក​យេស៊ូ​បាន​សន្យា​អ្វី​ដល់​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​ហៀប​នឹង​ស្លាប់​នៅ​ក្បែរ​លោក ហើយ​ហេតុ​អ្វី?

តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? ឧក្រិដ្ឋ​ជន​ពីរ​នាក់​បាន​ត្រូវ​ព្យួរ​លើ​បង្គោល​ទារុណកម្ម​ក្បែរ​លោក​យេស៊ូ។ ដំបូង បុរស​ពីរ​នាក់​នោះ​បាន​តិះ​ដៀល​លោក​យេស៊ូ​ជា​មួយ​អ្នក​ឯ​ទៀត។ (​ម៉ាថ. ២៧:៤៤​) ប៉ុន្តែ ក្រោយ​មក​ឧក្រិដ្ឋ​ជន​ម្នាក់​បាន​ប្រែ​ចិត្ត។ គាត់​យល់​ថា​លោក​យេស៊ូ​«​គ្មាន​កំហុស​អ្វី​ឡើយ​»។ (​លូក. ២៣:៤០, ៤១​) លើស​ពី​នេះ​ទៅ​ទៀត គាត់​ជឿ​ថា​លោក​យេស៊ូ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ថ្ងៃ​អនាគត។ គាត់​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​លោក​យេស៊ូ សូម​នឹក​ឃើញ​ខ្ញុំ កាល​ណា​លោក​ទៅ​ជា​ស្ដេច​»។ (​លូក. ២៣:៤២​) បុរស​នេះ​បាន​បង្ហាញ​ជំនឿ​ខ្លាំង​មែន! លោក​យេស៊ូ​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​[​មិន​មែន​ក្នុង​រាជាណាចក្រ តែ​]​ក្នុង​សួន​ឧទ្យាន​»។ (​លូក. ២៣:៤៣​) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​បាន​សន្យា​នឹង​គាត់​ផ្ទាល់ ដោយ​ប្រើ​ពាក្យ​«​ខ្ញុំ​»​ និង​«​អ្នក​»។ លោក​យេស៊ូ​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​នេះ​ដល់​ឧក្រិដ្ឋ​ជន​ដែល​ហៀប​នឹង​ស្លាប់ ដោយ​សារ​លោក​ដឹង​ថា​បិតា​របស់​លោក​មាន​សេចក្ដី​មេត្តា​ករុណា។—ទំនុក. ១០៣:៨

៦. តើ​យើង​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ឧក្រិដ្ឋ​ជន​ម្នាក់?

តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? លោក​យេស៊ូ​គឺ​ដូច​បិតា​របស់​លោក​បេះ​បិទ។ (​ហេ. ១:៣​) ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​យើង និង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង។ ប៉ុន្តែ​លោក​នឹង​ធ្វើ​ដូច្នេះ លុះ​ត្រា​តែ​យើង​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​អំពើ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ពី​មុន និង​មាន​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​គ្រិស្ត។ (​១យ៉ូន. ១:៧​) អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​ចំពោះ​កំហុស​ឆ្គង​ដែល​ពួក​គេ​ធ្លាប់​ធ្វើ។ បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច្នេះ សូម​គិត​អំពី​ចំណុច​នេះ​៖ មិន​យូរ​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះឧក្រិដ្ឋ​ជនម្នាក់​ដែល​ទើប​តែ​បង្ហាញ​ជំនឿ​លើ​លោក។ បើ​លោក​យេស៊ូ​ធ្វើ​ដូច្នេះ​ចំពោះ​ឧក្រិដ្ឋ​ជន​ដែល​ទើប​តែ​បង្ហាញ​ជំនឿ ទម្រាំ​តែ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​បង្គាប់​របស់​លោក ព្រះ​យេហូវ៉ា​ច្បាស់​ជា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ច្រើន​ជាង​នោះ​យ៉ាង​ណា​ទៅ!—ទំនុក. ៥១:១; ១​យ៉ូន. ២:១, ២

​«​មើល! កូន​របស់​អ្នក! . . . មើល! ម្ដាយ​របស់​អ្នក!​»​

៧. តាម​យ៉ូហាន ១៩:២៦, ២៧ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី​ទៅ​កាន់​ម៉ារៀ​និង​យ៉ូហាន ហើយ​ហេតុ​អ្វី​លោក​មាន​ប្រសាសន៍​ដូច្នេះ?

តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? (​សូម​អាន យ៉ូហាន ១៩:២៦, ២៧) លោក​យេស៊ូ​បារម្ភ​អំពី​ម្ដាយ​របស់​លោក ដែល​ទំនង​ជា​ស្ត្រី​មេម៉ាយ។ ប្អូន​ៗ​របស់​លោក​យេស៊ូ​ប្រហែល​ជា​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​គាត់។ ប៉ុន្តែ តើ​អ្នក​ណា​នឹង​ជួយ​គាត់​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា? គម្ពីរ​មិន​បាន​បង្ហាញ​ថា​ប្អូន​ៗ​របស់​លោក​យេស៊ូ​ទៅ​ជា​អ្នក​កាន់​តាម​លោក​រួច​ហើយ​នៅ​ពេល​នោះ​ទេ។ ប៉ុន្តែ​យ៉ូហាន​វិញ គាត់​ជា​សាវ័ក​ស្មោះ​ត្រង់​និង​ជា​មិត្ត​ភក្ដិ​ជិត​ដិត​ម្នាក់​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ចាត់​ទុក​ពួក​អ្នក​ដែល​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​លោក​ជា​ក្រុម​គ្រួសារ​រួម​ជំនឿ​លោក។ (​ម៉ាថ. ១២:៤៦​-​៥០​) យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម៉ារៀ​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​សុំ​យ៉ូហាន​ឲ្យ​មើល​ថែ​ម៉ារៀ ដោយ​ដឹង​ថា​គាត់​នឹង​ជួយ​ម៉ារៀ​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម្ដាយ​លោក​ថា​៖ ​«​មើល! កូន​របស់​អ្នក!​»​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូហាន​ថា​៖ ​«​មើល! ម្ដាយ​របស់​អ្នក!​»។ ចាប់​ពី​ថ្ងៃ​នោះ យ៉ូហាន​បាន​ទៅ​ដូច​ជា​កូន​របស់​ម៉ារៀ ហើយ​មើល​ថែ​គាត់​ហាក់​ដូច​ជា​ម្ដាយ។ លោក​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​ដ៏​មាន​តម្លៃ​នេះ​ដែល​បីបម​ថែ​រក្សា​លោក​ពេល​លោក​កើត​មក និង​នៅ​ក្បែរ​លោក​ពេល​លោក​ហៀប​នឹង​ស្លាប់។

៨. តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ម៉ារៀ​និង​យ៉ូហាន?

តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? មនោសញ្ចេតនា​ដែល​យើង​មាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ អាច​ខ្លាំង​ជាង​មនោសញ្ចេតនា​ដែល​យើង​មាន​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង។ សាច់​ញាតិ​របស់​យើង​ប្រហែល​ជា​ប្រឆាំង​យើង ឬ​ថែម​ទាំង​បោះ​បង់​ចោល​យើង។ ប៉ុន្តែ​ដូច​លោក​យេស៊ូ​បាន​សន្យា បើ​យើង​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក យើង​នឹង​ទទួល​«​មួយ​ជា​មួយ​រយ​»​លើស​ជាង​អ្វី​ដែល​យើង​បាន​បាត់​បង់។ បង​ប្អូន​ជា​ច្រើន​នឹង​ទៅ​ដូច​ជា​កូន​ប្រុស​ស្រី ឬ​ឪពុក​ម្ដាយ​របស់​យើង។ (​ម៉ាក. ១០:២៩,៣០​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​រួម​ជំនឿ​ដែល​មាន​សាមគ្គីភាព ដោយ​សារ​ពួក​គេ​មាន​ជំនឿ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក?—កូឡ. ៣:១៤; ១​ពេ. ២:១៧

​«​ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?​»​

៩. តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៧:៤៦?

តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? មិន​យូរ​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?​»។ (​ម៉ាថ. ២៧:៤៦​) គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ទេ។ ប៉ុន្តែ សូម​គិត​អំពី​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ប្រសាសន៍​ទាំង​នេះ។ អ្វី​មួយ​ដែល​យើង​រៀន​គឺ​ថា​លោក​យេស៊ូ​កំពុង​ធ្វើ​ឲ្យ​ទំនាយ​នៅ​ទំនុក​តម្កើង ២២:១​បាន​សម្រេច។ * ម្យ៉ាង​ទៀត ប្រសាសន៍​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​‹របង​ការ​ពារ​ព័ទ្ធ​ជុំ​វិញ›​បុត្រ​របស់​លោក​ទេ។ (​យ៉ូប ១:១០​) លោក​យេស៊ូ​បាន​យល់​ថា​បិតា​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​លោក​សាក​ល្បង​ជំនឿ​របស់​លោក​យ៉ាង​ពេញ​លេញ​រហូត​ដល់​លោក​ស្លាប់។ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ធ្លាប់​ទទួល​ការ​សាក​ល្បង​ដល់​កម្រិត​ដូច​លោក​យេស៊ូ​ទេ។ បន្ថែម​ទៅ​ទៀត ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​លោក​គ្មាន​ទោស​ចំពោះ​បទ​ឧក្រិដ្ឋ​ណា​ដែល​សម​ឲ្យ​លោក​ស្លាប់​ឡើយ។

១០. តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ខ្លះ​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​បិតា​លោក?

១០ តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? មេ​រៀន​មួយ​ដែល​យើង​អាច​រៀន​គឺ​ថា យើង​មិន​គួរ​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​យើង​ពី​ការ​ពិបាក​ដែល​នឹង​សាក​ល្បង​ជំនឿ​របស់​យើង​ទេ។ ដូច​លោក​យេស៊ូ​បាន​ទទួល​ការ​សាក​ល្បង​យ៉ាង​ពេញ​លេញ យើង​ក៏​ត្រូវ​ត្រៀម​ចិត្ត​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ បើ​ចាំ​បាច់។ (​ម៉ាថ. ១៦:២៤, ២៥​) ប៉ុន្តែ​យើង​អាច​ជឿ​ជាក់​ថា ព្រះ​នឹង​មិន​ឲ្យ​យើង​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង​ឡើយ។ (​១​កូ. ១០:១៣​) មេ​រៀន​មួយ​ទៀត​ដែល​យើង​រៀន​គឺ​ថា ដូច​លោក​យេស៊ូ​យើង​ប្រហែល​ជា​រង​អំពើ​អយុត្តិធម៌។ (​១​ពេ. ២:១៩, ២០​) តាម​ពិត គេ​ប្រឆាំង​យើង មិន​មែន​ដោយ​សារ​យើង​ធ្វើ​អ្វី​ខុស​ទេ តែ​ដោយ​សារ​យើង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត។ (​យ៉ូន. ១៧:១៤; ១​ពេ. ៤:១៥, ១៦​) លោក​យេស៊ូ​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​លោក​រង​ទុក្ខ​វេទនា។ ប៉ុន្តែ​ផ្ទុយ​ពី​លោក អ្នក​បម្រើ​ស្មោះ​ត្រង់​មួយ​ចំនួន​ដែល​ជួប​ការ​ពិបាក ធ្លាប់​ឆ្ងល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​រឿង​ខ្លះ​កើត​ឡើង។ (​ហាប. ១:៣​) ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​និង​ចិត្ត​អត់​ធ្មត់ យល់​ថា​បុគ្គល​ទាំង​នេះ​មិន​មែន​ខ្វះ​ជំនឿ​ទេ តែ​ពួក​គេ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ដែល​មាន​តែ​លោក​ប៉ុណ្ណោះ​អាច​ផ្ដល់​ឲ្យ។—២​កូ. ១:៣, ៤

​«​ខ្ញុំ​ស្រេក​ទឹក​»​

១១. ហេតុ​អ្វី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ​យ៉ូហាន ១៩:២៨?

១១ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? (​សូម​អាន យ៉ូហាន ១៩:២៨) ហេតុ​អ្វី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រេក​ទឹក​»​? គឺ​«​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​»​ ពោល​គឺ​ទំនាយ​នៅ​ទំនុក​តម្កើង ២២:១៥​ដែល​ចែង​ថា​៖ ​«​កំឡាំង​ទូល​បង្គំ​ហួត​ខ្សោះ​ទៅ​ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល​បង្គំ​ជាប់​នៅ​ក្រអូម​មាត់​»។ ម្យ៉ាង​ទៀត ក្រោយ​ពី​លោក​យេស៊ូ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន រួម​ទាំង​ការ​ឈឺ​ចាប់​ក្រៃ​លែង​នៅ​លើ​បង្គោល​ទារុណកម្ម លោក​ច្បាស់​ជា​ស្រេក​ទឹក​ណាស់។ លោក​ត្រូវ​ការ​ឲ្យ​គេ​ជួយ​យក​អ្វី​ឲ្យ​លោក​ពិសា​ដើម្បី​បាត់​ស្រេក​ទឹក។

១២. តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ខ្ញុំ​ស្រេក​ទឹក​»​?

១២ តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? លោក​យេស៊ូ​មិន​បាន​គិត​ថា​ការ​ប្រាប់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​គឺ​ជា​ភាព​ទន់​ខ្សោយ​ទេ ហើយ​យើង​ក៏​មិន​គួរ​គិត​ដូច្នេះ​ដែរ។ យើង​ប្រហែល​ជា​មាន​ទម្លាប់​មិន​ប្រាប់​គេ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង។ ប៉ុន្តែ បើ​យើង​ត្រូវ​ការ​ជំនួយ យើង​មិន​គួរ​ស្ទាក់​ស្ទើរ​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត​ទេ។ ជា​ឧទាហរណ៍ បើ​យើង​ឈឺ​ឬ​មាន​វ័យ​ចាស់ យើង​ប្រហែល​ជា​ត្រូវ​សុំ​មិត្ត​ភក្ដិ​ឲ្យ​ជួយ​ជូន​យើង​ទៅ​ផ្សារ ឬ​ទៅ​ជួប​គ្រូ​ពេទ្យ។ បើ​យើង​ធ្លាក់​ទឹក​ចិត្ត យើង​ប្រហែល​ជា​ត្រូវ​សុំ​អ្នក​ចាស់​ទុំ​ឬ​មិត្ត​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​ស្ដាប់​យើង ឬ​និយាយ​«​ពាក្យ​ល្អ​»​ដើម្បី​លើក​ទឹក​ចិត្ត​យើង។ (​សុភ. ១២:២៥​) សូម​យើង​ចាំ​ថា​បង​ប្អូន​របស់​យើង​ស្រឡាញ់​យើង ហើយ​ចង់​ជួយ​យើង​នៅ​«​គ្រា​លំបាក​»។ (​សុភ. ១៧:១៧​) ប៉ុន្តែ ពួក​គេ​មិន​អាច​មើល​ចិត្ត​យើង​ធ្លុះ​ឡើយ។ ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ថា​យើង​ត្រូវ​ការ​ជំនួយ​ទេ បើ​យើង​មិន​និយាយ។

​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»​

១៣. តើ​ការ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​រហូត​ដល់​ស្លាប់​បាន​ឲ្យ​លោក​យេស៊ូ​សម្រេច​រឿង​អ្វី​ខ្លះ?

១៣ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? ប្រហែល​ជា​ម៉ោង​បី​រសៀល​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន លោក​យេស៊ូ​បន្លឺ​សំឡេង​ថា​៖ ​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»។ (​យ៉ូន. ១៩:៣០​) បន្តិច​មុន​លោក​យេស៊ូ​ផុត​ដង្ហើម​ទៅ លោក​ដឹង​ថា​លោក​បាន​ធ្វើ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​លោក​ធ្វើ។ ដោយ​សារ​លោក​យេស៊ូ​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​រហូត​ដល់​ស្លាប់ លោក​បាន​សម្រេច​អ្វី​មួយ​ចំនួន។ ទី​១ លោក​បាន​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ។ លោក​យេស៊ូ​បាន​បង្ហាញ​ថា​មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​យ៉ាង​ល្អ​ឥត​ខ្ចោះ ទោះ​ជា​សាថាន​ធ្វើ​អ្វី​ក៏​ដោយ។ ទី​២ លោក​យេស៊ូ​បាន​ប្រគល់​ជីវិត​ជា​ថ្លៃ​លោះ។ ដោយ​សារ​លោក​ជូន​ជីវិត​ជា​គ្រឿង​បូជា នោះ​បើក​ឱកាស​ឲ្យ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ ទី​៣ លោក​យេស៊ូ​បាន​ជម្រះ​នាម​របស់​បិតា​លោក​ពី​ការ​តិះ​ដៀល និង​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​សុចរិត។

១៤. ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តើ​យើង​គួរ​តាំង​ចិត្ត​រស់​នៅ​បែប​ណា? សូម​ពន្យល់។

១៤ តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? យើង​ត្រូវ​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ជា​រៀង​រាល់​ថ្ងៃ។ សូម​គិត​អំពី​ពាក្យ​សម្ដី​របស់​បង​ប្រុស​ម៉ាកស្វែល ហ្វ្រេន ដែល​ជា​អតីត​គ្រូ​បង្រៀន​នៅ​សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម។ នៅ​សន្និបាត​អន្តរជាតិ​មួយ បង​ហ្វ្រេន​បាន​និយាយ​ក្នុង​សុន្ទរកថា​គាត់​អំពី​ភាព​ស្មោះ​ត្រង់​ថា​៖ ​«​បើ​អ្នក​មាន​អ្វី​ធ្វើ​ឬ​និយាយ​នៅ​ថ្ងៃ​នេះ សូម​កុំ​ពន្យារ​ពេល​ដល់​ថ្ងៃ​ស្អែក​ឡើយ។ តើ​អ្នក​ប្រាកដ​ឬ​ទេ​ថា​ស្អែក​អ្នក​នៅ​មាន​ជីវិត? ចូរ​រស់​នៅ​មួយ​ថ្ងៃ​ៗ​ហាក់​ដូច​ជា​នោះ​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​បង្ហាញ​ថា​អ្នក​សម​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​»។ សូម​ឲ្យ​យើង​រស់​នៅ​មួយ​ថ្ងៃ​ៗ​គឺ​ហាក់​ដូច​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ! យ៉ាង​នេះ ទោះ​ជា​យើង​ហៀប​នឹង​ស្លាប់​ក្ដី យើង​អាច​និយាយ​ថា ​«​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​លោក និង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​ថា​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត!​»។

​«​ខ្ញុំ​សូម​ប្រគល់​ជីវិត​ខ្ញុំ​ជូន​លោក!​»​

១៥. យោង​ទៅ​តាម​លូកា ២៣:៤៦ តើ​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​អ្វី?

១៥ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី? (​សូម​អាន លូកា ២៣:៤៦) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ​«​បិតា! ខ្ញុំ​សូម​ប្រគល់​ជីវិត​ខ្ញុំ​ជូន​លោក!​»។ លោក​យេស៊ូ​ដឹង​ថា​អនាគត​របស់​លោក​អាស្រ័យ​លើ​ព្រះ​យេហូវ៉ា ហើយ​ថា​បិតា​លោក​នឹង​នឹក​ចាំ​លោក។

១៦. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​សាក្សី​អាយុ​១៥​ឆ្នាំ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​វគ្គ​នេះ?

១៦ តើ​យើង​អាច​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ? ចូរ​សុខ​ចិត្ត​ផ្ញើ​ជីវិត​របស់​អ្នក​ក្នុង​ដៃ​ព្រះ​យេហូវ៉ា។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវ​«​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត​»។ (​សុភ. ៣:៥​) សូម​គិត​អំពី​គំរូ​របស់​សាក្សី​អាយុ​១៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ចូស៊ូអា ដែល​មាន​ជំងឺ​ដ៏​កាច​សាហាវ​ដែល​នាំ​ឲ្យ​ស្លាប់។ គាត់​មិន​ព្រម​ទទួល​ការ​ព្យាបាល​ណា​ដែល​បំពាន​ច្បាប់​របស់​ព្រះ​ទេ។ មិន​យូរ​មុន​គាត់​ស្លាប់ គាត់​បាន​ប្រាប់​ម្ដាយ​របស់​គាត់​ថា​៖ ​«​ម៉ាក់ ជីវិត​កូន​នៅ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា . . . កូន​អាច​ប្រាប់​ម៉ាក់​ដោយ​ជឿ​ជាក់​ទាំង​ស្រុង​ថា កូន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​កូន​ឲ្យ​រស់​ឡើង​វិញ។ លោក​បាន​ស្ទង់​មើល​ចិត្ត​កូន ហើយ​កូន​ស្រឡាញ់​លោក​ខ្លាំង​ណាស់​»។ យើង​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ថា ‹បើ​ខ្ញុំ​ត្រូវ​ជួប​រឿង​ស្លាប់​រស់​ដែល​សាក​ល្បង​ជំនឿ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ផ្ញើ​ជីវិត​ខ្ញុំ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា ហើយ​ទុក​ចិត្ត​ថា​លោក​នឹង​នឹក​ចាំ​ខ្ញុំ​ឬ​ទេ?›។

១៧​-​១៨. តើ​យើង​បាន​រៀន​មេ​រៀន​អ្វី? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ អ្វី​ដែល​យើង​រៀន​ពី​ប្រសាសន៍​ចុង​ក្រោយ​របស់​លោក​យេស៊ូ​»​)

១៧ យើង​អាច​រៀន​មេ​រៀន​សំខាន់​ៗ​ពី​ប្រសាសន៍​ចុង​ក្រោយ​របស់​លោក​យេស៊ូ! យើង​ទទួល​ការ​រំលឹក​ថា​យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ហើយ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង។ យើង​មាន​ឯកសិទ្ធិ​ដែល​មាន​បង​ប្អូន​រួម​ជំនឿ​ជា​ក្រុម​គ្រួសារ​ដែល​ប្រុង​ប្រៀប​ជួយ​យើង។ ប៉ុន្តែ​ពេល​យើង​ត្រូវ​ការ​ជំនួយ យើង​ត្រូវ​សុំ​ពួក​គេ។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ។ យើង​ក៏​ឃើញ​ថា​គឺ​សំខាន់​ដែល​យើង​រស់​នៅ​មួយ​ថ្ងៃ​ៗ​ហាក់​ដូច​ជា​នោះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​យើង​អាច​បង្ហាញ​ចិត្ត​ស្មោះ​ឥត​ងាក​រេ ហើយ​មាន​ទំនុក​ចិត្ត​ថា​ជីវិត​របស់​យើង​នៅ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា។

១៨ ពិត​ណាស់ ពាក្យ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម​អាច​បង្រៀន​យើង​មេ​រៀន​ជា​ច្រើន​មែន! ដូច្នេះ បើ​យើង​អនុវត្ត​មេ​រៀន​ដែល​យើង​បាន​រៀន យើង​កំពុង​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​បុត្រ​របស់​លោក​ថា​៖ ​«​ចូរ​ស្ដាប់​តាម​លោក​»។—ម៉ាថ. ១៧:៥

ចម្រៀង​លេខ​១២៦ ត្រូវ​ដឹង​ខ្លួន រឹង​មាំ ហើយ​ខ្លាំង​ក្លា

^ វគ្គ 5 ដូច​ដែល​បាន​ចែង​នៅ​ម៉ាថាយ ១៧:៥ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្ដាប់​តាម​បុត្រ​របស់​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​មេ​រៀន​មួយ​ចំនួន​ដែល​យើង​អាច​រៀន​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ ពេល​លោក​ហៀប​នឹង​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម។

^ វគ្គ 9 ដើម្បី​ដឹង​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ពី​ទំនុក​តម្កើង ២២:១ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​លេខ​នេះ។