លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៦

ចូរបន្តមានចិត្តកតញ្ញូចំពោះថ្លៃលោះ

ចូរបន្តមានចិត្តកតញ្ញូចំពោះថ្លៃលោះ

​«​កូន​មនុស្ស​បាន​មក . . . ដើម្បី . . . ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។—ម៉ាក. ១០:៤៥

ចម្រៀង​លេខ​១៨ ចូរ​ដឹង​គុណ​ព្រះ​សម្រាប់​ថ្លៃ​លោះ

សេចក្ដី​សង្ខេប *

១​-​២. តើ​ថ្លៃ​លោះ​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ការ​ថ្លៃ​លោះ?

ពេល​អាដាម​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គាត់​បាន​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត។ មិន​គ្រាន់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ចៅ​របស់​គាត់​ក្រោយ​ៗ​មក ក៏​បាត់​បង់​ឱកាស​នោះ​ផង​ដែរ។ អាដាម​មិន​អាច​ដោះ​សារ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះ​ទេ។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា។ អាដាម​សម​នឹង​ស្លាប់​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​កូន​ៗ​របស់​គាត់​វិញ? ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស ហើយ​មិន​បាន​បញ្ចុះ​បញ្ចូល​អាដាម​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។ (​រ៉ូម ៥:១២, ១៤​) តើ​មាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​អាច​ធ្វើ ដើម្បី​ឲ្យ​កូន​ចៅ​របស់​គាត់​អាច​រស់​ជា​រៀង​រហូត​ឬ​ទេ? គឺ​មាន! មិន​យូរ​ក្រោយ​ពី​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​បង្ហាញ​អំពី​របៀប​ដែល​លោក​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អាដាម​រាប់​លាន​នាក់​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​លោ. ៣:១៥​) នៅ​ពេល​កំណត់ ព្រះ​យេហូវ៉ា​ចាត់​បុត្រ​របស់​លោក​ពី​ស្ថាន​សួគ៌ ដើម្បី​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។—ម៉ាក. ១០:៤៥; យ៉ូន. ៦:៥១

តើ​ថ្លៃ​លោះ​គឺ​ជា​អ្វី? ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ថ្លៃ​លោះ​គឺ​ជា​តម្លៃ​ដែល​លោក​យេស៊ូ​បង់​ដើម្បី​ទិញ​អ្វី​ដែល​អាដាម​បាន​បាត់​បង់​មក​វិញ។ (​១​កូ. ១៥:២២​) ហេតុ​អ្វី​យើង​ត្រូវ​ការ​ថ្លៃ​លោះ? ពីព្រោះ​ខ្នាត​តម្រា​ដ៏​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្នុង​ច្បាប់​ព្រះ​តម្រូវ​ឲ្យ​ជីវិត​សង​ដោយ​ជីវិត។ (​និក្ខ. ២១:២៣, ២៤​) អាដាម​បាន​បាត់​បង់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គាត់។ លោក​យេស៊ូ​បាន​ជូន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​គ្រឿង​បូជា ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​យុត្តិធម៌​របស់​ព្រះ។ (​រ៉ូម ៥:១៧​) ដូច្នេះ លោក​បាន​ទៅ​ជា​«​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​»​ចំពោះ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ។—អេ. ៩:៦; រ៉ូម ៣:២៣, ២៤

៣. យោង​ទៅ​តាម​យ៉ូហាន ១៤:៣១ និង​១៥:១៣ ហេតុ​អ្វី​លោក​យេស៊ូ​សុខ​ចិត្ត​ជូន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​គ្រឿង​បូជា?

លោក​យេស៊ូ​សុខ​ចិត្ត​ជូន​ជីវិត​ជា​គ្រឿង​បូជា ដោយ​សារ​លោក​ស្រឡាញ់​យើង​និង​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​ខ្លាំង​ណាស់។ (​សូម​អាន យ៉ូហាន ១៤:៣១; ១៥:១៣) សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​លោក​ពេញ​មួយ​ជីវិត ហើយ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​បិតា​លោក​បាន​សម្រេច។ លោក​ធ្វើ​ដូច្នេះ ដោយ​រក្សា​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ ហេតុ​នេះ គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្សជាតិ​និង​ផែនដី​នឹង​ត្រូវ​សម្រេច។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​រង​ទុក្ខ​យ៉ាង​ខ្លាំង​មុន​លោក​ទទួល​មរណភាព។ យើង​ក៏​នឹង​មើល​ឡើង​វិញ​អំពី​គំរូ​របស់​អ្នក​សរសេរ​គម្ពីរ​ម្នាក់​ដែល​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ថ្លៃ​លោះ។ ក្រោយ​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​អំណរ​គុណ​និង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​ថ្លៃ​លោះ ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​ជា​ប្រយោជន៍​យើង។

ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​រង​ទុក្ខ?

សូម​គិត​អំពី​ទុក្ខ​វេទនា​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ប្រឈម​មុខ​ដើម្បី​ផ្ដល់​ថ្លៃ​លោះ​សម្រាប់​យើង! (​សូម​មើល​វគ្គ​៤​)

៤. សូម​រៀប​រាប់​អំពី​របៀប​ដែល​លោក​យេស៊ូ​ទទួល​មរណភាព។

សូម​ស្រមៃ​គិត​អំពី​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​ជា​មនុស្សជាតិ។ ទោះ​ជា​លោក​អាច​ហៅ​ទេវតា​រាប់​កង​ពល​ឲ្យ​មក​ការ​ពារ​លោក​ក្ដី លោក​អនុញ្ញាត​ឲ្យ​ទាហាន​រ៉ូម​ចាប់​ខ្លួន​លោក ហើយ​វាយ​លោក​ដោយ​គ្មាន​មេត្តា​ប្រណី។ (​ម៉ាថ. ២៦:៥២​-​៥៤; យ៉ូន. ១៨:៣; ១៩:១​) ពួក​គេ​ប្រើ​ខ្សែ​តី​វាយ​លោក​ឲ្យ​រលាត់​ស្បែក។ ក្រោយ​មក ពួក​គេ​បាន​បង្ខំ​លោក​ឲ្យ​លី​បង្គោល​ដ៏​ធ្ងន់​មួយ​នៅ​លើ​ខ្នង​ដែល​រលាត់​ស្បែក​ហើយ។ លោក​យេស៊ូ​ព្យាយាម​លី​បង្គោល​នោះ​ទៅ​កន្លែង​ប្រហារ​ជីវិត ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ទាហាន​រ៉ូម​បាន​បញ្ជា​បុរស​ម្នាក់​ទៀត​ឲ្យ​លី​ជំនួស​លោក។ (​ម៉ាថ. ២៧:៣២​) ពេល​លោក​យេស៊ូ​ទៅ​ដល់​កន្លែង​ដែល​គេ​នឹង​ប្រហារ​ជីវិត​លោក ទាហាន​បាន​ដំ​ដែក​គោល​ចូល​ដៃ​និង​ជើង​របស់​លោក​ភ្ជាប់​នឹង​បង្គោល។ ពេល​លោក​យេស៊ូ​បាន​ត្រូវ​ព្យួរ​នៅ​លើ​បង្គោល ទម្ងន់​ខ្លួន​របស់​លោក​ធ្វើ​ឲ្យ​របួស​នោះ​កាន់​តែ​ហែក​រយះ។ មិត្ត​របស់​លោក​កើត​ទុក្ខ ហើយ​ម្ដាយ​លោក​យំ​សោក ប៉ុន្តែ​អ្នក​គ្រប់​គ្រង​ជនជាតិ​យូដា​ចំអក​មើល​ងាយ​លោក​យេស៊ូ។ (​លូក. ២៣:៣២​-​៣៨; យ៉ូន. ១៩:២៥​) លោក​យេស៊ូ​បាន​រង​ទុក្ខ​អស់​ជា​ច្រើន​ម៉ោង។ បេះ​ដូង​និង​សួត​របស់​លោក​ពិបាក​ដំណើរ​ការ ដូច្នេះ​លោក​កាន់​តែ​ពិបាក​ដក​ដង្ហើម។ ពេល​លោក​ហៀប​នឹង​ស្លាប់ លោក​បាន​អធិដ្ឋាន​ជា​លើក​ចុង​ក្រោយ​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ដឹង​ថា​លោក​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់។ បន្ទាប់​មក លោក​ឱន​ក្បាល ហើយ​លះ​បង់​ជីវិត​ខ្លួន។ (​ម៉ាក. ១៥:៣៧; លូក. ២៣:៤៦; យ៉ូន. ១០:១៧, ១៨; ១៩:៣០​) លោក​ស្លាប់​ដោយ​សន្សឹម​ៗ ឈឺ​ចាប់ ហើយ​យ៉ាង​អាម៉ាស់​មែន!

៥. ចំពោះ​លោក​យេស៊ូ តើ​អ្វី​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​ជាង​របៀប​ដែល​លោក​បាន​ត្រូវ​គេ​សម្លាប់?

ចំពោះ​លោក​យេស៊ូ របៀប​ដែល​គេ​ប្រហារ​ជីវិត​លោក​មិន​មែន​ជា​អ្វី​ដ៏​អាក្រក់​បំផុត​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​បំផុត​គឺ​មូលហេតុ​ដែល​ពួក​គេ​ប្រហារ​ជីវិត​លោក។ គេ​បាន​ចោទ​ប្រកាន់​មិន​ពិត​ថា​លោក​ជា​អ្នក​ប្រមាថ​ព្រះ ពោល​គឺ​បុគ្គល​ដែល​គ្មាន​ការ​គោរព​ចំពោះ​ព្រះ ឬ​ចំពោះ​នាម​លោក។ (​ម៉ាថ. ២៦:៦៤​-​៦៦​) ការ​គិត​អំពី​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​សង្ឃឹម​ថា បិតា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ហេតុ​ដ៏​គួរ​ឲ្យ​អាម៉ាស់​នេះ​ឡើយ។ (​ម៉ាថ. ២៦:៣៨, ៣៩, ៤២​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រង​ទុក្ខ​និង​ស្លាប់? សូម​យើង​គិត​អំពី​មូលហេតុ​បី។

៦. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​ព្យួរ​នៅ​លើ​បង្គោល​ទារុណកម្ម?

ទី​១ លោក​យេស៊ូ​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ​ដើម្បី​រំដោះ​ជនជាតិ​យូដា​ឲ្យ​រួច​ពី​បណ្ដាសា​មួយ។ (​កាឡ. ៣:១០, ១៣​) ពួក​គេ​ជាប់​បណ្ដាសា​នេះ ដោយ​សារ​ពួក​គេ​បាន​សន្យា​ថា​ពួក​គេ​នឹង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ តែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ទេ។ តាម​ពិត ពួក​គេ​ជាប់​បណ្ដាសា​មួយ​រួច​ហើយ ហើយ​សម​នឹង​ស្លាប់ ដោយ​សារ​ពួក​គេ​ជា​កូន​ចៅ​របស់​អាដាម​ដែល​មាន​ភាព​ខុស​ឆ្គង តែ​ពួក​គេ​ជាប់​បណ្ដាសា​នេះ​មួយ​ទៀត ដោយ​សារ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ (​រ៉ូម ៥:១២​) ច្បាប់​របស់​ព្រះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ចែង​ថា បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សម​នឹង​ស្លាប់ គួរ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ហើយ​ក្រោយ​មក​គេ​យក​សាក​សព​របស់​គាត់​ទៅ​ព្យួរ​លើ​បង្គោល​ឈើ។ * (​ចោ. ២១:២២, ២៣; ២៧:២៦​) ដោយ​សារ​លោក​យេស៊ូ​បាន​ត្រូវ​ព្យួរ​នៅ​លើ​បង្គោល​ឈើ ជនជាតិ​យូដា​អាច​រួច​ពី​បណ្ដាសា​នេះ ហើយ​គ្រឿង​បូជា​របស់​លោក​អាច​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ ទោះ​ជា​ពួក​គេ​បាន​បដិសេធ​លោក​ក្ដី។

៧. តើ​អ្វី​ជា​មូលហេតុ​ទី​២​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​រង​ទុក្ខ​វេទនា?

សូម​គិត​អំពី​មូលហេតុ​ទី​២​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​បុត្រ​លោក​រង​ទុក្ខ​វេទនា។ លោក​កំពុង​បង្ហាត់​បង្រៀន​លោក​យេស៊ូ​ឲ្យ​បំពេញ​តួ​នាទី​របស់​លោក​ជា​អនាគត​សម្ដេច​សង្ឃ​របស់​យើង។ តាម​បទ​ពិសោធន៍​របស់​លោក​យេស៊ូ លោក​បាន​ដឹង​ថា​ការ​ស្ដាប់​បង្គាប់​ព្រះ​ពេល​ដែល​ជួប​ការ​ល្បង​ល​ខ្លាំង​គឺ​ពិបាក​យ៉ាង​ណា។ លោក​មាន​សម្ពាធ​ក្រៃ​លែង​រហូត​ដល់​លោក​បាន​អធិដ្ឋាន​សុំ​ជំនួយ ​«​ដោយ​ទឹក​ភ្នែក​និង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​»។ ដោយ​សារ​លោក​យេស៊ូ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង លោក​យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង ហើយ​‹អាច​ចូល​មក​ជួយ​យើង› ពេល​ដែល​យើង​«​ទទួល​ការ​ល្បង​ល​»។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​យេហូវ៉ា​តែង​តាំង​សម្ដេច​សង្ឃ​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​យើង និង​ដែល​អាច​«​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​»។—ហេ. ២:១៧, ១៨; ៤:១៤​-​១៦; ៥:៧​-​១០

៨. តើ​អ្វី​ជា​មូលហេតុ​ទី​៣​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​ទទួល​ការ​ល្បង​ល​ដ៏​ខ្លាំង?

ទី​៣ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​រង​ទុក្ខ​យ៉ាង​ខ្លាំង ដើម្បី​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​មួយ​គឺ តើ​មនុស្ស​អាច​រក្សា​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​ឬ​ទេ ទោះ​ជា​ពេល​ទទួល​ការ​ល្បង​ល​ខ្លាំង​យ៉ាង​ណា​ក្ដី? សាថាន​ឆ្លើយ​ថា​មិន​អាច​ទេ! វា​អះអាង​ថា​មនុស្ស​បម្រើ​ព្រះ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​តែ​ប៉ុណ្ណោះ។ វា​ជឿ​ថា​ដូច​អាដាម​ដែល​ជា​បុព្វ​បុរស ពួក​គេ​មិន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ (​យ៉ូប ១:៩​-​១១; ២:៤, ៥​) ប៉ុន្តែ​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា​បុត្រ​របស់​លោក​នឹង​បង្ហាញ​ភក្ដី​ភាព ហេតុ​នេះ​លោក​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​ទទួល​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ហើយ​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ។

អ្នក​សរសេរ​គម្ពីរ​ម្នាក់​ដែល​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​ថ្លៃ​លោះ

៩. តើ​សាវ័ក​យ៉ូហាន​បាន​ទុក​គំរូ​អ្វី​ឲ្យ​យើង?

សេចក្ដី​បង្រៀន​អំពី​ថ្លៃ​លោះ​បាន​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់។ ពួក​គេ​បាន​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី ហើយ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​អស់​មួយ​ជីវិត។ សូម​គិត​អំពី​គំរូ​របស់​សាវ័ក​យ៉ូហាន។ គាត់​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​យ៉ាង​ស្មោះ​ត្រង់​អំពី​គ្រិស្ត​និង​ថ្លៃ​លោះ ហើយ​គាត់​ទំនង​ជា​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​៦០​ឆ្នាំ​ជាង។ ពេល​គាត់​មាន​អាយុ​ជិត​១០០​ឆ្នាំ រដ្ឋាភិបាល​រ៉ូម​បាន​ចាត់​ទុក​គាត់​ថា​ជា​ជន​បង្ក​រឿង​ក្នុង​សង្គម។ ដូច្នេះ​គេ​បាន​និរទេស​គាត់​ទៅ​គុក​នៅ​កោះ​ប៉ាត់ម៉ុស។ តើ​គាត់​ជាប់​ទោស​អ្វី? គឺ​គាត់​«​និយាយ​អំពី​ព្រះ​និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​»។ (​បប. ១:៩​) យ៉ូហាន​ទុក​គំរូ​ដ៏​ប្រសើរ​អំពី​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ!

១០. តើ​សៀវភៅ​ដែល​យ៉ូហាន​សរសេរ​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ?

១០ ក្នុង​សៀវភៅ​គម្ពីរ​ដែល​យ៉ូហាន​បាន​សរសេរ គាត់​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​គាត់​មាន​ចំពោះ​លោក​យេស៊ូ និង​ចិត្ត​កតញ្ញូ​ដែល​គាត់​មាន​ចំពោះ​ថ្លៃ​លោះ។ ក្នុង​សៀវភៅ​ទាំង​នោះ គាត់​រៀប​រាប់​ជាង​១០០​ដង​អំពី​ថ្លៃ​លោះ ឬ​ប្រយោជន៍​ដែល​មនុស្ស​ទទួល​ពី​ថ្លៃ​លោះ។ ជា​ឧទាហរណ៍ យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ភ្លាត់​ធ្វើ​ខុស​អ្វី​មួយ នោះ​លោក​យេស៊ូ​គ្រិស្ត​ដែល​នៅ​ជា​មួយ​នឹង​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ និង​ជា​អ្នក​សុចរិត នឹង​ជួយ​យើង​»។ (​១យ៉ូន. ២:១, ២​) សៀវភៅ​ដែល​យ៉ូហាន​សរសេរ​ក៏​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​«​ការ​ធ្វើ​ជា​សាក្សី​អំពី​លោក​យេស៊ូ​»។ (​បប. ១៩:១០​) យ៉ូហាន​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ថ្លៃ​លោះ។ តើ​យើង​អាច​បង្ហាញ​ថា​យើង​មាន​អារម្មណ៍​ដូច​គាត់​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​ថ្លៃ​លោះ​យ៉ាង​ដូច​ម្ដេច?

បើ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ យើង​នឹង​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង (​សូម​មើល​វគ្គ​១១​) *

១១. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង?

១១ ចូរ​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ បើ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ យើង​នឹង​មិន​គិត​ថា ‹ខ្ញុំ​មិន​ចាំ​បាច់​ខំ​ប្រឹង​ទប់​ទល់​នឹង​ការ​ល្បួង​ទេ។ ខ្ញុំ​អាច​ធ្វើ​ខុស ហើយ​ក្រោយ​មក​ចាំ​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​ក៏​បាន›។ ផ្ទុយ​ទៅ​វិញ ពេល​យើង​បាន​ត្រូវ​ល្បួង​ឲ្យ​ធ្វើ​ខុស យើង​នឹង​និយាយ​ថា ‹ទេ! ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ខ្ញុំ តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​រឿង​ដូច​នេះ​ម្ដេច​បាន?›។ យើង​ក៏​អាច​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ដោយ​អង្វរ​លោក​ថា ‹សូម​កុំ​ឲ្យ​ខ្ញុំ​ចាញ់​សេចក្ដី​ល្បួង​ឡើយ›។—ម៉ាថ. ៦:១៣

១២. តើ​យើង​អាច​ធ្វើ​តាម​យោបល់​នៅ​យ៉ូហាន​ទី​១ ៣:១៦​-​១៨​តាម​របៀប​ណា?

១២ ចូរ​ស្រឡាញ់​បង​ប្អូន។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ក៏​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ​ដែរ។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​បាន​លះ​បង់​ជីវិត​មិន​គ្រាន់​តែ​ចំពោះ​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ចំពោះ​បង​ប្អូន​របស់​យើង​ដែរ។ បើ​លោក​យេស៊ូ​សុខ​ចិត្ត​ស្លាប់​ដើម្បី​ពួក​គេ នោះ​បង្ហាញ​ថា​លោក​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង។ (​សូម​អាន យ៉ូហាន​ទី​១ ៣:១៦​-​១៨) យើង​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ថា​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង។ (​អេភ. ៤:២៩, ៣១​–​៥:២​) ជា​ឧទាហរណ៍ យើង​ជួយ​ពួក​គេ​ពេល​ដែល​ពួក​គេ​ឈឺ ឬ​រង​ទុក្ខ​វេទនា រួម​ទាំង​ពេល​ពួក​គេ​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ។ ប៉ុន្តែ តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​បង​ប្អូន​រួម​ជំនឿ​ធ្វើ ឬ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត?

១៣. ហេតុ​អ្វី​យើង​គួរ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

១៣ ជួន​កាល តើ​អ្នក​ពិបាក​អភ័យ​ទោស​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? (​លេវី. ១៩:១៨​) បើ​ដូច្នេះ សូម​ធ្វើ​តាម​យោបល់​នេះ ថា​៖ ​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម្ល៉ោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។ (​កូឡ. ៣:១៣​) រាល់​ដង​ដែល​យើង​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​យើង យើង​បង្ហាញ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ថា យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ។ តើ​យើង​អាច​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​អំណោយ​នេះ​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​ថ្លៃ​លោះ​តាម​របៀប​ណា?

១៤. តើ​អ្វី​ជា​របៀប​មួយ​ដែល​យើង​អាច​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​ថ្លៃ​លោះ?

១៤ ចូរ​អរគុណ​ព្រះ​យេហូវ៉ា​សម្រាប់​ថ្លៃ​លោះ។ បង​ស្រី​ចូអាណា​ដែល​មាន​អាយុ​៨៣​ឆ្នាំ ហើយ​រស់​នៅ​ប្រទេស​ឥណ្ឌា​និយាយ​ថា​៖ ​«​ចំពោះ​ខ្ញុំ ការ​លើក​ឡើង​អំពី​ថ្លៃ​លោះ​រាល់​ថ្ងៃ​ក្នុង​សេចក្ដី​អធិដ្ឋាន ព្រម​ទាំង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អំណោយ​នោះ គឺ​សំខាន់​»។ រាល់​ថ្ងៃ​ពេល​អ្នក​អធិដ្ឋាន​ផ្ទាល់​ខ្លួន សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស ហើយ​សុំ​ការ​អភ័យ​ទោស​ពី​លោក។ ក៏​ប៉ុន្តែ បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ អ្នក​ក៏​នឹង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ផង​ដែរ។ ពួក​គេ​នឹង​ស្ដាប់​អ្នក ហើយ​ផ្ដល់​ឱវាទ​ពី​បណ្ដាំ​របស់​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ពួក​គេ​នឹង​អធិដ្ឋាន​ជា​មួយ​អ្នក ដោយ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក ដើម្បី​អ្នក​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើង​វិញ។—យ៉ា. ៥:១៤​-​១៦

១៥. ហេតុ​អ្វី​យើង​គួរ​លៃ​ទុក​ពេល​ដើម្បី​អាន​និង​រំពឹង​គិត​អំពី​ថ្លៃ​លោះ?

១៥ ចូរ​រំពឹង​គិត​អំពី​ថ្លៃ​លោះ។ បង​ស្រី​រ៉ាចាម៉ានី​ដែល​មាន​អាយុ​៧៣​ឆ្នាំ និយាយ​ថា​៖ ​«​រាល់​ដង​ដែល​ខ្ញុំ​អាន​អំពី​ការ​ឈឺ​ចាប់​របស់​លោក​យេស៊ូ ខ្ញុំ​រលីង​រលោង​ទឹក​ភ្នែក​»។ អ្នក​ក៏​ប្រហែល​ជា​រំជួល​ចិត្ត ពេល​គិត​អំពី​ការ​ឈឺ​ចាប់​ក្រៃ​លែង​របស់​បុត្រ​ព្រះ។ ប៉ុន្តែ កាល​ដែល​អ្នក​កាន់​តែ​រំពឹង​គិត​អំពី​គ្រឿង​បូជា​របស់​លោក​យេស៊ូ អ្នក​នឹង​កាន់​តែ​ស្រឡាញ់​លោក​និង​បិតា​លោក។ ដើម្បី​ជួយ​អ្នក​ឲ្យ​រំពឹង​គិត​អំពី​ថ្លៃ​លោះ ប្រហែល​ជា​អ្នក​អាច​សិក្សា​ដោយ​ខ្លួន​ឯង​អំពី​ប្រធានបទ​នេះ។

ដោយ​ធ្វើ​ពិធី​អាហារ​ដ៏​សាមញ្ញ លោក​យេស៊ូ​បាន​បង្ហាញ​ពួក​អ្នក​កាន់​តាម​លោក​នូវ​របៀប​នឹក​ចាំ​អំពី​គ្រឿង​បូជា​របស់​លោក (​សូម​មើល​វគ្គ​១៦​)

១៦. តើ​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ថ្លៃ​លោះ​អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​យើង? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៦ ចូរ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ថ្លៃ​លោះ។ រាល់​ដង​ដែល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ថ្លៃ​លោះ យើង​នឹង​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​ឡើង​ចំពោះ​អំណោយ​នេះ។ យើង​មាន​ឧបករណ៍​ដ៏​ល្អ​មួយ​ចំនួន​ដែល​ជួយ​យើង​ឲ្យ​ពន្យល់​អ្នក​ឯ​ទៀត​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​ត្រូវ​ទទួល​មរណភាព​ដើម្បី​យើង។ ជា​ឧទាហរណ៍ យើង​អាច​ប្រើ​មេ​រៀន​ទី​៤​នៃ​សៀវភៅ​ស្ដើង​ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង! ដែល​មាន​ចំណង​ជើង​ថា​«​តើ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​ណា?​»។ ឬ​យើង​អាច​ប្រើ​ជំពូក​ទី​៥​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ដែល​មាន​ចំណង​ជើង​ថា​«​ថ្លៃ​លោះ​ជា​អំណោយ​វិសេស​បំផុត​ពី​ព្រះ​»។ រាល់​ឆ្នាំ​ដែល​យើង​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ និង​អញ្ជើញ​អ្នក​ឯ​ទៀត​យ៉ាង​ខ្នះ​ខ្នែង​ឲ្យ​ចូល​រួម​ជា​មួយ​យើង នោះ​យើង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​ថ្លៃ​លោះ។ ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​បុត្រ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​ពី​ព្រះ!

១៧. ហេតុ​អ្វី​ថ្លៃ​លោះ​ជា​អំណោយ​ដ៏​វិសេស​វិសាល​បំផុត​ពី​ព្រះ​ចំពោះ​មនុស្សជាតិ?

១៧ យើង​មាន​មូលហេតុ​ល្អ​ជា​ច្រើន​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ និង​រក្សា​ចិត្ត​កតញ្ញូ​នេះ​ឲ្យ​កាន់​តែ​ខ្លាំង​ចំពោះ​ថ្លៃ​លោះ។ ដោយ​សារ​ថ្លៃ​លោះ យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ ដោយ​សារ​ថ្លៃ​លោះ ស្នា​ដៃ​របស់​មេ​កំណាច​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ (​១​យ៉ូន. ៣:៨​) ដោយ​សារ​ថ្លៃ​លោះ គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ផែនដី​នឹង​ត្រូវ​សម្រេច។ ផែនដី​ទាំង​មូល​នឹង​ទៅ​ជា​សួន​ឧទ្យាន។ មនុស្ស​គ្រប់​រូប​នឹង​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ​រាល់​ថ្ងៃ សូម​យើង​រក​វិធី​ផ្សេង​ៗ​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ដ៏​វិសេស​វិសាល​បំផុត​ពី​ព្រះ​ចំពោះ​មនុស្សជាតិ!

ចម្រៀង​លេខ​២០ លោក​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់

^ វគ្គ 5 ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​គេ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​នេះ ហើយ​ក៏​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ។

^ វគ្គ 6 ជន​ជាតិ​រ៉ូម​មាន​ទម្លាប់​ព្យួរ​ឧក្រិដ្ឋ​ជន​ទាំង​រស់​ដោយ​ចង​ភ្ជាប់​ឬ​ដំ​ដែក​គោល​នៅ​លើ​បង្គោល​ឈើ ហើយ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បុត្រ​លោក​ស្លាប់​តាម​របៀប​នេះ។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្អូន​ប្រុស​ម្នាក់​ៗ​ទប់​ទល់​នឹង​ការ​ល្បួង។ បង​ប្រុស​ម្នាក់​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​មើល​រូប​មិន​សមរម្យ ប្អូន​ប្រុស​ម្នាក់​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ជក់​បារី រីឯ​បង​ប្រុស​ម្នាក់​ទៀត​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ទទួល​សំណូក។