លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

«ខ្ញុំបានរៀនច្រើនពីអ្នកឯទៀត!»

«ខ្ញុំបានរៀនច្រើនពីអ្នកឯទៀត!»

ខ្ញុំ​កំពុង​យាម​ល្បាត​ម្នាក់​ឯង​ដោយ​កាន់​កាំភ្លើង នៅ​ខាង​ក្រោយ​បាវ​ខ្សាច់​មួយ​គំនរ នា​យប់​ដ៏​ស្ងាត់​មួយ​នៅ​ភ្នំ​នៃ​ប្រទេស​អាល់ហ្សេរី ជា​កន្លែង​បោះ​ជំរំ​របស់​កង​ទ័ព​បារាំង។ សង្គ្រាម​នៅ​ប្រទេស​អាល់ហ្សេរី​កាន់​តែ​ក្ដៅ​គគុក។ នៅ​ពេល​នោះ ខ្ញុំ​ស្រាប់​តែ​ឮ​សម្រឹប​ជើង។ ខ្ញុំ​ភាំង​ស្មារតី។ ពេល​នោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​២០​ឆ្នាំ។ ខ្ញុំ​មិន​ចង់​សម្លាប់​អ្នក​ណា ហើយ​ក៏​មិន​ចង់​ស្លាប់​ដែរ។ ខ្ញុំ​ស្រែក​ថា​៖ ​«​ព្រះ​អើយ​ព្រះ!​»។

ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នោះ​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ ដោយ​សារ​នោះ​ជា​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ព្យាយាម​ស្វែង​រក​ព្រះ។ ប៉ុន្តែ មុន​ខ្ញុំ​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​យប់​ដ៏​ស្ងាត់​នោះ ខ្ញុំ​សូម​ប្រាប់​អំពី​បទ​ពិសោធន៍​នៅ​កុមារភាព​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​គិត​គូរ​របស់​ខ្ញុំ ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ស្វែង​រក​ព្រះ។

អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​ឪពុក​ខ្ញុំ

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៣៧​នៅ​ក្រុង​តូច​មួយ​ឈ្មោះ​ហ្គេណាន់ ដែល​ជា​ក្រុង​សម្បទាន​ស្វែង​រុក​រក​រ៉ែ នា​ខាង​ជើង​ប្រទេស​បារាំង។ ឪពុក​ខ្ញុំ​ជា​កម្មករ​ជីក​រក​ធ្យូង​ថ្ម ហើយ​គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ខំ​ប្រឹង​ធ្វើ​ការ។ ឪពុក​ខ្ញុំ​ក៏​បង្រៀន​ខ្ញុំ​ឲ្យ​ស្អប់​អំពើ​អយុត្តិធម៌។ គាត់​ឃើញ​កម្មករ​ជា​ច្រើន​បាន​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌ និង​ធ្វើ​ការ​នៅ​កន្លែង​គ្រោះ​ថ្នាក់ ហើយ​គាត់​ចង់​ជួយ​ពួក​គេ។ ដូច្នេះ គាត់​បាន​ចូល​ជា​មួយ​សហជីព​សេរី​កម្មករ។ គាត់​ក៏​ទើស​ចិត្ត​ចំពោះ​ភាព​ពុត​ត្បុត​របស់​ពួក​បូជាចារ្យ​នៅ​តំបន់​នោះ។ ពួក​គេ​ជា​ច្រើន​នាក់​រស់​នៅ​ដោយ​មាន​ជីវភាព​ធូរ​ធារ ប៉ុន្តែ​ពួក​គេ​សុំ​អាហារ​និង​លុយ​ពី​កម្មករ​ដែល​ពិបាក​ចិញ្ចឹម​ជីវិត។ ឪពុក​ខ្ញុំ​ស្អប់​ខ្ពើម​ការ​ប្រព្រឹត្ត​របស់​ពួក​បូជាចារ្យ​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​ដែល​បង្រៀន​ខ្ញុំ​អំពី​សាសនា​ទេ។ តាម​ពិត​ទៅ យើង​មិន​ដែល​ទាំង​និយាយ​អំពី​ព្រះ​ផង។

កាល​ដែល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចាប់​ផ្ដើម​ស្អប់​អំពើ​អយុត្តិធម៌​ដូច​ឪពុក​ខ្ញុំ​ដែរ។ អំពើ​អយុត្តិធម៌​នោះ​រួម​បញ្ចូល​ការ​រើស​អើង​របស់​អ្នក​ខ្លះ​ចំពោះ​ជន​បរទេស​ដែល​រស់​នៅ​ប្រទេស​បារាំង។ ខ្ញុំ​លេង​បាល់​ទាត់​ជា​មួយ​កូន​ក្មេង​របស់​ជន​អន្តោប្រវេសន៍ ហើយ​ខ្ញុំ​ចូល​ចិត្ត​លេង​ជា​មួយ​ពួក​គេ។ ម្ដាយ​ខ្ញុំ​ជា​ជន​ជាតិ​ប៉ូឡូញ មិន​មែន​ជន​ជាតិ​បារាំង​ទេ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ដែល​មាន​ជន​ជាតិ​ផ្សេង​ៗ​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​និង​មាន​សិទ្ធិ​ស្មើ​គ្នា។

ខ្ញុំ​ចាប់​ផ្ដើម​គិត​ច្រើន​ជាង​អំពី​ខ្លឹម​សារ​ជីវិត

ពេល​ខ្ញុំ​ជា​ទាហាន

នៅ​ឆ្នាំ​១៩៥៧ រដ្ឋាភិបាល​តម្រូវ​ឲ្យ​ខ្ញុំ​ចូល​ធ្វើ​ទាហាន។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​នៅ​ភ្នំ​នា​ប្រទេស​អាល់ហ្សេរី នៅ​យប់​ស្ងាត់​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ។ ក្រោយ​ពី​ខ្ញុំ​ស្រែក​ថា​៖ ​«​ព្រះ​អើយ​ព្រះ!​»​ ខ្ញុំ​បាន​ឃើញ​អ្វី​មួយ នោះ​មិន​មែន​ជា​ទាហាន​ដែល​ជា​សត្រូវ​ទេ តែ​ជា​លា​ព្រៃ​មួយ​ក្បាល​វិញ។ ខ្ញុំ​ធូរ​ចិត្ត​ណាស់! ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ​និង​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ច្រើន​ជាង​អំពី​ខ្លឹម​សារ​ជីវិត។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​យើង​កើត​មក? តើ​ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ទេ? តើ​យើង​នឹង​មាន​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​ឬ​ទេ?

កាល​ដែល​ខ្ញុំ​ទៅ​លេង​ឪពុក​ម្ដាយ​ក្នុង​អំឡុង​ពេល​ខ្ញុំ​ធ្វើ​ទាហាន ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ គាត់​បាន​ឲ្យ​ខ្ញុំ​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​សាសនា​កាតូលិក​(​La Sainte Bible​)​ជា​ភាសា​បារាំង ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាន​ក្រោយ​ពី​ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​អាល់ហ្សេរី​វិញ។ ខ​គម្ពីរ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​គឺ​នៅ​ការ​បើក​បង្ហាញ ២១:៣, ៤ ដែល​ចែង​ថា​៖ ​«​ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ . . . លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ * ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​ពាក្យ​ទាំង​នេះ។ ខ្ញុំ​ឆ្ងល់​ថា ‹តើ​អាច​ជា​ការ​ពិត​ទេ?›។ នៅ​ពេល​នោះ ខ្ញុំ​មិន​សូវ​ស្គាល់​ព្រះ​និង​គម្ពីរ​ទេ។

ក្រោយ​ពី​ខ្ញុំ​បាន​បញ្ចប់​កាតព្វកិច្ច​យោធា​នៅ​ឆ្នាំ​១៩៥៩ ខ្ញុំ​បាន​ជួប​សាក្សី​ម្នាក់​ឈ្មោះ​ហ្វ្រែនស្វ័ស ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​សេចក្ដី​បង្រៀន​ជា​ច្រើន​ពី​គម្ពីរ។ ជា​ឧទាហរណ៍ គាត់​បាន​បង្ហាញ​ខ្ញុំ​ក្នុង​គម្ពីរ​ថា​ព្រះ​មាន​នាម​យេហូវ៉ា។ (​ទំនុក. ៨៣:១៨​) បង​ហ្វ្រែនស្វ័ស​ក៏​បាន​ពន្យល់​ថា​ព្រះ​យេហូវ៉ា​នឹង​នាំ​យុត្តិធម៌​មក​ផែនដី ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន និង​សម្រេច​ពាក្យ​នៅ​ការ​បើក​បង្ហាញ ២១:៣, ៤

សេចក្ដី​បង្រៀន​ទាំង​នោះ​សម​ហេតុ​សម​ផល​ណាស់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត។ ប៉ុន្តែ ខ្ញុំ​ក៏​ខឹង​ពួក​បូជាចារ្យ​ជា​ខ្លាំង ហើយ​ចង់​ផ្ដន្ទា​ទោស​ពួក​គេ​ចំពោះ​ការ​បង្រៀន​អ្វី​ៗ​ដែល​មិន​មាន​នៅ​ក្នុង​គម្ពីរ! តាម​ពិត ខ្ញុំ​នៅ​តែ​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​របស់​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​មិន​ចេះ​អត់​ធ្មត់​ទេ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​ភ្លាម​ៗ​!

បង​ហ្វ្រែនស្វ័ស​និង​សាក្សី​ឯ​ទៀត​ដែល​ជា​មិត្ត​ភក្ដិ​ថ្មី​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ស្ងប់​អារម្មណ៍។ ពួក​គាត់​ពន្យល់​ថា​កិច្ច​ការ​របស់​យើង​ជា​គ្រិស្ត​សាសនិក គឺ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ដោយ​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ មិន​មែន​វិនិច្ឆ័យ​ពួក​គេ​ទេ។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ គឺ​ជា​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​ធ្វើ ហើយ​ក៏​ជា​កិច្ចការ​ដែល​លោក​បាន​ឲ្យ​អ្នក​កាន់​តាម​លោក​ធ្វើ។ (​ម៉ាថ. ២៤:១៤; លូក. ៤:៤៣​) ខ្ញុំ​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​និយាយ​ដោយ​សប្បុរស​និង​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត ទោះ​ជា​ខ្ញុំ​មិន​យល់​ស្រប​នឹង​ជំនឿ​របស់​ពួក​គេ​ក្ដី។ គម្ពីរ​ចែង​ថា​៖ ​«​ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់​»។—២ធី. ២:២៤

ខ្ញុំ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ដែល​ចាំ​បាច់ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​ឆ្នាំ​១៩៥៩ នា​សន្និបាត​ប្រចាំ​មណ្ឌល។ នៅ​ទី​នោះ ខ្ញុំ​បាន​ជួប​បង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​អាន់ជេល ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​គាត់។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ទៅ​លេង​ក្រុម​ជំនុំ​របស់​គាត់ ហើយ​យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៦០។ គាត់​ពិត​ជា​ស្ត្រី​ដ៏​ល្អ ជា​ប្រពន្ធ​គ្រប់​លក្ខណ៍ និង​ជា​អំណោយ​ដ៏​វិសេស​មួយ​ពី​ព្រះ​យេ​ហូ​វ៉ា។—សុភ. ១៩:១៤

នៅ​ថ្ងៃ​រៀប​ការ​របស់​យើង

ខ្ញុំ​រៀន​ច្រើន​ពី​បុរស​ដែល​មាន​ប្រាជ្ញា​និង​បទ​ពិសោធន៍

អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​រៀន​មេ​រៀន​ដ៏​សំខាន់​ជា​ច្រើន​ពី​បង​ប្អូន​ប្រុស​ដែល​មាន​ប្រាជ្ញា​និង​បទ​ពិសោធន៍។ មេ​រៀន​ដ៏​សំខាន់​បំផុត​មួយ​គឺ​ថា យើង​អាច​ទទួល​ជោគ​ជ័យ​ក្នុង​ភារកិច្ច​ដ៏​ពិបាក​ណា​ក៏​ដោយ បើ​យើង​មាន​ចិត្ត​រាប​ទាប និង​ធ្វើ​តាម​ពាក្យ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​សុភាសិត ១៥:២២ ដែល​ចែង​ថា​៖ ​«​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ​»។

កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​១៩៦៥

នៅ​ឆ្នាំ​១៩៦៤ ខ្ញុំ​បាន​ចាប់​ផ្ដើម​ឃើញ​ថា​បទ​គម្ពីរ​នោះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​ជា​ការ​ពិត។ នៅ​ឆ្នាំ​នោះ ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ហើយ​ខ្ញុំ​មាន​ភារកិច្ច​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ក្រុម​ជំនុំ​នានា​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​និង​ជួយ​ពួក​គេ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ នៅ​ពេល​នោះ ខ្ញុំ​មាន​អាយុ​២៧​ឆ្នាំ​និង​ខ្វះ​បទ​ពិសោធន៍។ ដូច្នេះ ខ្ញុំ​ធ្វើ​ខុស​ផ្សេង​ៗ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​រៀន​ពី​កំហុស​ទាំង​នោះ។ សំខាន់​បំផុត ខ្ញុំ​បាន​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​ជា​ច្រើន​ពី​«​អ្នក​ជួយ​គំនិត​»​ដែល​មាន​គុណ​សម្បត្តិ​និង​បទ​ពិសោធន៍។

ខ្ញុំ​នឹក​ចាំ​អំពី​អ្វី​មួយ​ដែល​បាន​កើត​ឡើង ពេល​ខ្ញុំ​ទើប​តែ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ មុន​ខ្ញុំ​ហៀប​នឹង​ចេញ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ​នា​ក្រុង​ប៉ារីស បង​ប្រុស​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ​បាន​សុំ​និយាយ​ជា​មួយ​ខ្ញុំ​តែ​ពីរ​នាក់។ ខ្ញុំ​ឆ្លើយ​ថា​៖ ​«​បាន​»។

គាត់​បាន​សួរ​ថា​៖ ​«​បង​លូអ៊ី ពេល​គ្រូ​ពេទ្យ​មក​ពិនិត្យ​ដល់​ផ្ទះ តើ​គាត់​ទៅ​ជួប​អ្នក​ណា?​»។

ខ្ញុំ​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ដែល​ឈឺ​»។

គាត់​ឆ្លើយ​ថា​៖ ​«​ត្រូវ​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា​បង​ចំណាយ​ពេល​ភាគ​ច្រើន​ជា​មួយ​នឹង​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ​ដូច​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​ជា​ដើម។ ក្រុម​ជំនុំ​របស់​យើង​មាន​បង​ប្អូន​ជា​ច្រើន​ដែល​ធ្លាក់​ទឹក​ចិត្ត ជា​អ្នក​ថ្មី ឬ​ជា​មនុស្ស​អៀន។ ពួក​គេ​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ច្រើន​បើ​បង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ ព្រម​ទាំង​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​ពួក​គេ​»។

យោបល់​របស់​បង​ប្រុស​ជា​ទី​ស្រឡាញ់​នោះ គឺ​ត្រឹម​ត្រូវ​និង​មាន​ប្រយោជន៍។ សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ចៀម​របស់​ព្រះ​យេហូវ៉ា ប៉ះ​ពាល់​ដល់​ចិត្ត​របស់​ខ្ញុំ។ ដូច្នេះ ទោះ​ជា​ខ្ញុំ​មិន​ស្រួល​ទទួល​ស្គាល់​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​ក្ដី ភ្លាម​ៗ​ខ្ញុំ​ចាប់​ផ្ដើម​អនុវត្ត​អ្វី​ដែល​គាត់​បាន​និយាយ។ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ដែល​មាន​បង​ប្រុស​បែប​នេះ។

នៅ​ឆ្នាំ​១៩៦៩​និង​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​ផ្គត់​ផ្គង់​អាហារ នា​មហា​សន្និបាត​អន្តរជាតិ​ពីរ​នៅ​សង្កាត់​កូឡាំបឺ ក្រុង​ប៉ារីស។ នៅ​មហា​សន្និបាត​ឆ្នាំ​១៩៧៣ យើង​ត្រូវ​ផ្គត់​ផ្គង់​អាហារ​ដល់​អ្នក​ចូល​រួម​ប្រហែល​ជា​៦០.០០០​នាក់​សម្រាប់​ប្រាំ​ថ្ងៃ។ ខ្ញុំ​មិន​ដឹង​ថា​យើង​អាច​ធ្វើ​នោះ​យ៉ាង​ម៉េច​ទេ។ ប៉ុន្តែ​ម្ដង​នេះ​ទៀត សុភាសិត ១៥:២២​ផ្ដល់​ដំណោះ​ស្រាយ គឺ​សុំ​យោបល់​ពី​អ្នក​ឯ​ទៀត។ ខ្ញុំ​បាន​សុំ​ជំនួយ​ពី​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍។ អ្នក​នោះ​រួម​មាន​អ្នក​លក់​សាច់ អ្នក​ទិញ អ្នក​ដាំ​បន្លែ និង​អ្នក​ធ្វើ​ម្ហូប។ ដោយ​សហការ​គ្នា យើង​អាច​សម្រេច​កិច្ច​ការ​ដ៏​ធំ​ប៉ុន​ភ្នំ​នោះ​បាន។

នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល​ប្រទេស​បារាំង។ ភារកិច្ច​ដំបូង​របស់​ខ្ញុំ​នៅ​ទី​នោះ​ក៏​ពិបាក​ចំពោះ​ខ្ញុំ​ដែរ។ ខ្ញុំ​ត្រូវ​ស្វែង​រក​វិធី​ផ្ញើ​សៀវភៅ​របស់​យើង​ទៅ​បង​ប្អូន​នៅ​ប្រទេស​កាមេរូន នា​ទ្វីប​អាហ្វ្រិក ដែល​ជា​ប្រទេស​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង រវាង​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៩៣។ លើក​នេះ​ទៀត ខ្ញុំ​មិន​ប្រាកដ​ថា​ខ្ញុំ​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​យ៉ាង​ម៉េច​ទេ។ បង​ប្រុស​ដែល​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​យើង​នៅ​ប្រទេស​បារាំង​ប្រហែល​ជា​បាន​កត់​សម្គាល់​អំពី​អារម្មណ៍​របស់​ខ្ញុំ ដូច្នេះ​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា​៖ ​«​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​កាមេរូន​ពិត​ជា​ត្រូវ​ការ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ សូម​យើង​ផ្គត់​ផ្គង់​ពួក​គេ!​»។ យើង​បាន​ធ្វើ​ដូច្នេះ​មែន!

នៅ​កិច្ច​ប្រជុំ​ពិសេស​មួយ​នា​ប្រទេស​នីហ្សេរីយ៉ា​ជា​មួយ​សាក្សី​ពី​ប្រទេស​កាមេរូន នៅ​ឆ្នាំ​១៩៧៣

ខ្ញុំ​បាន​ធ្វើ​ដំណើរ​អស់​ប៉ុន្មាន​ដង​ទៅ​ប្រទេស​ផ្សេង​ៗ​ជាប់​ព្រំ​ប្រទល់​ប្រទេស​កាមេរូន ដើម្បី​ជួប​ពួក​អ្នក​ចាស់​ទុំ​ពី​ប្រទេស​កាមេរូន។ បុរស​ដែល​មាន​ចិត្ត​ក្លាហាន​និង​ចេះ​ពិចារណា​ទាំង​នេះ បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការ​រៀបចំ​ដែល​សំខាន់​ចាំ​បាច់ ដើម្បី​ឲ្យ​បង​ប្អូន​នៅ​ប្រទេស​កាមេរូន​ទទួល​សៀវភៅ​របស់​យើង​ជា​ទៀង​ទាត់។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​លើ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង។ តាម​ការ​ពិត អស់​រយៈ​ពេល​ប្រហែល​ជា​២០​ឆ្នាំ រាស្ត្រ​របស់​លោក​នៅ​ប្រទេស​នោះ​មិន​ដែល​ខក​ខាន​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម​លេខ​ណា​មួយ​ឡើយ ព្រម​ទាំង​ឯកសារ​ប្រចាំ​ខែ​ដែល​នៅ​ពេល​នោះ​ហៅ​ថា​កិច្ច​បម្រើ​រាជាណាចក្រ​របស់​យើង (​Our Kingdom Service​)។

នៅ​ឆ្នាំ​១៩៧៧ នា​ប្រទេស​នីហ្សេរីយ៉ា ខ្ញុំ​និង​អាន់ជេល​សប្បាយ​ជួប​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​របស់​ពួក​គេ​ពី​ប្រទេស​កាមេរូន

ខ្ញុំ​រៀន​ច្រើន​ពី​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ

ចាប់​តាំង​ពី​ពេល​យើង​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា ខ្ញុំ​សង្កេត​ឃើញ​ថា​អាន់ជេល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​នេះ​ស​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ ជា​ឧទាហរណ៍ នៅ​ល្ងាច​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យើង គាត់​បាន​សុំ​ខ្ញុំ​អធិដ្ឋាន​អំពី​បំណង​ចិត្ត​របស់​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ​ជា​ប្ដី​ប្រពន្ធ។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នោះ។

អាន់ជេល​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៧៣ ពេល​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល ខ្ញុំ​ស្ទាក់​ស្ទើរ ដោយ​សារ​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ តែ​អាន់ជេល​បាន​រំលឹក​ខ្ញុំ​ថា យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​គួរ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អង្គការ​របស់​លោក​សុំ​យើង​ឲ្យ​ធ្វើ មែន​ទេ? (​ហេ. ១៣:១៧​) ខ្ញុំ​ឯកភាព​ទាំង​ស្រុង​នឹង​អ្វី​ដែល​គាត់​និយាយ! ដូច្នេះ​យើង​បាន​ទៅ​បេតអែល។ ប្រពន្ធ​របស់​ខ្ញុំ​ជា​ស្ត្រី​ដែល​មាន​ប្រាជ្ញា​និង​សម​ហេតុ​សម​ផល​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា។ គុណ​សម្បត្តិ​ទាំង​នេះ​បាន​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង ហើយ​បាន​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​អំឡុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ។

ខ្ញុំ​និង​អាន់ជេល​នៅ​សួន​បេតអែល ប្រទេស​បារាំង

ឥឡូវ​យើង​មាន​វ័យ​ចាស់​ហើយ តែ​អាន់ជេល​បន្ត​ធ្វើ​ជា​ប្រពន្ធ​គ្រប់​លក្ខណ៍​ដែល​គាំទ្រ​ខ្ញុំ។ ជា​ឧទាហរណ៍ ដើម្បី​ចូល​រួម​សាលា​កិច្ច​បម្រើ​ផ្សេង​ៗ​ដែល​ច្រើន​តែ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស ខ្ញុំ​និង​អាន់ជេល​ចាប់​ផ្ដើម​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រៀន​ភាសា​នោះ។ ដូច្នេះ យើង​បាន​ចូល​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​អង់គ្លេស ទោះ​ជា​នៅ​ពេល​នោះ​យើង​មាន​អាយុ​៧០​ឆ្នាំ​ជាង​ក្ដី។ ដោយ​សារ​ខ្ញុំ​មាន​ភារកិច្ច​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ប្រទេស​បារាំង ខ្ញុំ​ពិបាក​រៀន​ភាសា​ផ្សេង។ ប៉ុន្តែ ខ្ញុំ​និង​អាន់ជេល​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ឥឡូវ​យើង​មាន​អាយុ​៨០​ឆ្នាំ​ជាង ហើយ​យើង​បន្ត​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ភាសា​អង់គ្លេស​ផង​និង​ភាសា​បារាំង​ផង។ យើង​ក៏​ព្យាយាម​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​ក្រុម​ជំនុំ​យើង​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​មក​លើ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស។

យើង​បាន​ទទួល​ពរ​ដ៏​អស្ចារ្យ​មួយ​នៅ​ឆ្នាំ​២០១៧។ ខ្ញុំ​និង​អាន់ជេល​មាន​ឯកសិទ្ធិ​ចូល​សាលា​សម្រាប់​សមាជិក​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​និង​ភរិយា ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉ម​យាម នា​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក។

ព្រះ​យេហូវ៉ា​ពិត​ជា​គ្រូ​ដ៏​ឧត្ដុង្គ​ឧត្ដម។ (​យ៉ូប ៣៦:២២​) យ៉ាង​នេះ យើង​ទាំង​អស់​គ្នា មិន​ថា​ក្មេង​ឬ​ចាស់​ក្ដី ទទួល​ការ​អប់រំ​ដ៏​ល្អ​បំផុត។ (​ចោ. ៤:៥​-​៨​) ខ្ញុំ​បាន​ឃើញ​ថា​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ស្ដាប់​ទាំង​ព្រះ​យេហូវ៉ា​ទាំង​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍ ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​ជីវិត ហើយ​ទៅ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។ សុភាសិត ៩:៩ រំលឹក​យើង​ថា​៖ ​«​ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចំរើន​ឡើង​ដែរ​»។

ជួន​កាល ខ្ញុំ​នឹក​ឃើញ​អំពី​យប់​ស្ងាត់​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ​ភ្នំ​នា​ប្រទេស​អាល់ហ្សេរី​កាល​ពី​ប្រហែល​ជា​៦០​ឆ្នាំ​មុន។ នៅ​យប់​នោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នឹង​មាន​ជីវិត​សប្បាយ​បែប​នេះ​ទេ។ ខ្ញុំ​បាន​រៀន​ច្រើន​ពី​អ្នក​ឯ​ទៀត។ ព្រះ​យេហូវ៉ា​ពិត​ជា​ឲ្យ​ខ្ញុំ​និង​អាន់ជេល​នូវ​ជីវិត​ដ៏​សប្បាយ​ដែល​មាន​ន័យ​ខ្លឹម​សារ។ ដូច្នេះ យើង​តាំង​ចិត្ត​មិន​ឈប់​រៀន​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ និង​ពី​បង​ប្អូន​ប្រុស​ស្រី​ដែល​ស្រឡាញ់​លោក​ដែល​មាន​ប្រាជ្ញា​និង​បទ​ពិសោធន៍។

^ វគ្គ 11 សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ។