លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​សាវ័ក​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​គាត់​និយាយ​ថា​៖ ​«​ដោយ​សារ​ច្បាប់ ខ្ញុំ​បាន​ស្លាប់​ពី​ច្បាប់​»​?—កាឡ. ២:១៩, កំ.ស.

ប៉ូល​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​ច្បាប់ ខ្ញុំ​បាន​ស្លាប់​ពី​ច្បាប់ ដើម្បី​ខ្ញុំ​អាច​រស់​ដើម្បី​ព្រះ​»។—កាឡ. ២:១៩, កំ.ស.

អ្វី​ដែល​ប៉ូល​បាន​សរសេរ​ជាប់​ទាក់​ទង​នឹង​ចំណុច​ដ៏​សំខាន់​មួយ​ដែល​គាត់​បាន​លើក​ឡើង​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​នៅ​ខេត្ត​កាឡាទី​របស់​ជន​ជាតិ​រ៉ូម។ គ្រិស្ត​សាសនិក​ខ្លះ​នៅ​ទី​នោះ​ទទួល​ឥទ្ធិពល​ពី​អ្នក​បង្រៀន​មិន​ពិត។ បុរស​បែប​នេះ​បង្រៀន​ថា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ បុគ្គល​ម្នាក់​ៗ​ត្រូវ​ធ្វើ​តាម​ច្បាប់​ម៉ូសេ ជា​ពិសេស​អំពី​ការ​កាត់​ចុង​ស្បែក។ ប៉ុន្តែ ប៉ូល​ដឹង​ថា​ព្រះ​លែង​តម្រូវ​ឲ្យ​អ្នក​ជឿ​កាត់​ចុង​ស្បែក​ទៀត​ហើយ។ ដោយ​វែក​ញែក​យ៉ាង​ប៉ិន​ប្រសប់ គាត់​បង្ហាញ​ថា​សេចក្ដី​បង្រៀន​ទាំង​នេះ​គឺ​មិន​ពិត ហើយ​បាន​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​ទៅ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។—កាឡ. ២:៤; ៥:២

គម្ពីរ​ចែង​ច្បាស់​ថា ពេល​មនុស្ស​ស្លាប់ គាត់​មិន​ដឹង​អ្វី​ឬ​ទទួល​ឥទ្ធិពល​ពី​អ្វី​ដែល​នៅ​ជុំ​វិញ​គាត់​ឡើយ។ (​សាស្ដ. ៩:៥​) ពេល​ប៉ូល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ស្លាប់​ពី​ច្បាប់​»​ គាត់​មាន​ន័យ​ថា​ច្បាប់​ម៉ូសេ​លែង​មាន​អំណាច​លើ​គាត់។ ផ្ទុយ​ទៅ​វិញ ប៉ូល​ជឿ​ជាក់​ថា ដោយ​មាន​ជំនឿ​លើ​គ្រឿង​បូជា​លោះ គាត់​«​រស់​ដើម្បី​ព្រះ​»។

​«​ដោយ​សារ​ច្បាប់​»​ ស្ថានភាព​របស់​ប៉ូល​បាន​ផ្លាស់​ប្ដូរ។ តើ​តាម​របៀប​ណា? គាត់​ទើប​តែ​បាន​ពន្យល់​ថា​៖ ​«​មនុស្ស​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត មិន​មែន​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ទេ តែ​តាម​រយៈ​ជំនឿ​លើ​គ្រិស្ត​យេស៊ូ​ប៉ុណ្ណោះ​»។ (​កាឡ. ២:១៦​) ច្បាប់​ម៉ូសេ​បាន​សម្រេច​អ្វី​មួយ​ដ៏​សំខាន់​ណាស់។ ប៉ូល​បាន​ពន្យល់​បង​ប្អូន​នៅ​ខេត្ត​កាឡាទី​ថា​៖ ​«​ច្បាប់​នោះ​បាន​ត្រូវ​បន្ថែម​ដើម្បី​ស​ឲ្យ​ឃើញ​ការ​រំលង រហូត​ដល់​ពូជ​ដែល​បាន​ទទួល​សេចក្ដី​សន្យា​មក​ដល់​»។ (​កាឡ. ៣:១៩​) មែន​ហើយ ច្បាប់​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​មាន​ភាព​ខុស​ឆ្គង មិន​អាច​ធ្វើ​តាម​ច្បាប់​យ៉ាង​ល្អ​ឥត​ខ្ចោះ​បាន​ទេ ហើយ​ថា​ពួក​គេ​ត្រូវ​ការ​គ្រឿង​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ជា​ចុង​ក្រោយ។ ដូច្នេះ ច្បាប់​នោះ​បាន​ជួយ​មនុស្ស​ឲ្យ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គឺ​ជា​«​ពូជ​»។ ដោយ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត ព្រះ​អាច​ប្រកាស​ថា​មនុស្ស​ណា​ម្នាក់​ជា​មនុស្ស​សុចរិត។ (​កាឡ. ៣:២៤​) ប៉ូល​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ដោយ​សារ​តាម​រយៈ​ច្បាប់​គាត់​ទទួល​យក​និង​មាន​ជំនឿ​លើ​លោក​យេស៊ូ។ យ៉ាង​នេះ ប៉ូល​«​បាន​ស្លាប់​ពី​ច្បាប់​»​ ហើយ​បាន​«​រស់​ដើម្បី​ព្រះ​»។ ច្បាប់​នោះ​លែង​មាន​អំណាច​លើ​គាត់​ទៀត​ហើយ ប៉ុន្តែ​ព្រះ​មាន​វិញ។

ប៉ូល​បាន​លើក​ចំណុច​ស្រដៀង​នឹង​នេះ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​បង​ប្អូន​នៅ​ក្រុង​រ៉ូម។ គាត់​សរសេរ​ថា​៖ ​«​បង​ប្អូន​ខ្ញុំ​អើយ បើ​គិត​ពី​ច្បាប់ អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ តាម​រយៈ​រូប​កាយ​របស់​គ្រិស្ត... យើង​រួច​ផុត​ពី​ច្បាប់ ពីព្រោះ​យើង​ប្រៀប​ដូច​ជា​ស្លាប់​ចំពោះ​អ្វី​ដែល​ធ្លាប់​ចាប់​យើង​ជាប់​ពី​មុន​»។ (​រ៉ូម ៧:៤,​) ខ​គម្ពីរ​នេះ​និង​នៅ​កាឡាទី ២:១៩ បង្ហាញ​ថា​ប៉ូល​មិន​បាន​និយាយ​អំពី​ការ​ស្លាប់​ក្នុង​នាម​ជា​អ្នក​ដែល​បាន​ត្រូវ​គេ​កាត់​ទោស ដោយ​សារ​ការ​ខុស​ឆ្គង​នៅ​ក្រោម​ច្បាប់​ទេ តែ​គាត់​កំពុង​និយាយ​អំពី​ការ​រំដោះ​ឲ្យ​មាន​សេរី​ភាព។ ច្បាប់​នោះ​លែង​មាន​អំណាច​លើ​គាត់ និង​ទៅ​លើ​គ្រិស្ត​សាសនិក​ឯ​ទៀត​ដូច​គាត់ ដែល​បាន​ត្រូវ​រំដោះ​ឲ្យ​រួច ដោយ​សារ​ជំនឿ​ទៅ​លើ​ថ្លៃ​លោះ​របស់​គ្រិស្ត។