លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៦

តើអ្នកអាចបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូឬទេ?

តើអ្នកអាចបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូឬទេ?

​«​ព្រះ . . . ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។—ភី. ២:១៣

ចម្រៀង​លេខ​៦៤ ការ​ចូល​រួម​ប្រមូល​ផល​ដោយ​អំណរ

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​សម្រាប់​អ្នក?

តើ​អ្នក​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? ដំបូង អ្នក​ប្រហែល​ជា​បាន​ឮ​«​ដំណឹង​ល្អ​»​ពី​ឪពុក​ម្ដាយ អ្នក​រួម​ការ​ងារ ឬ​សិស្ស​រួម​ថ្នាក់ ឬ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ (​ម៉ាក. ១៣:១០​) បន្ទាប់​មក មាន​អ្នក​ណា​ម្នាក់​ចំណាយ​ពេល​និង​កម្លាំង​ជា​ច្រើន​ដើម្បី​បង្រៀន​គម្ពីរ​ដល់​អ្នក។ ក្នុង​អំឡុង​ពេល​រៀន​គម្ពីរ អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​អ្នក​រៀន​ថា​លោក​ក៏​ស្រឡាញ់​អ្នក​ដែរ។ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​អ្នក​ឲ្យ​ចូល​ក្នុង​សេចក្ដី​ពិត ហើយ​ឥឡូវ​ដោយ​សារ​អ្នក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត អ្នក​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ (​យ៉ូន. ៦:៤៤​) អ្នក​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​លោក​ជំរុញ​ចិត្ត​បុគ្គល​ណា​ម្នាក់​ឲ្យ​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក ហើយ​ដែល​លោក​បាន​ទទួល​យក​អ្នក​ជា​អ្នក​បម្រើ​ម្នាក់​របស់​លោក។

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ឥឡូវ​យើង​ស្គាល់​សេចក្ដី​ពិត ដូច្នេះ​យើង​មាន​ឯកសិទ្ធិ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ដើរ​ជា​មួយ​យើង​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។ យើង​ប្រហែល​ជា​ស្រួល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ប៉ុន្តែ​យើង​ប្រហែល​ជា​ពិបាក​ស្នើ​សុំ​បង្រៀន​គម្ពីរ​និង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ តើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? បើ​ដូច្នេះ យោបល់​ខ្លះ​ក្នុង​អត្ថបទ​នេះ​ទំនង​ជា​នឹង​ជួយ​អ្នក។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​អ្នក​ឯ​ទៀត​ទៅ​ជា​អ្នក​កាន់​តាម ហើយ​អំពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​ការ​ពិបាក​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ ជា​ដំបូង សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​មិន​គ្រាន់​តែ​ត្រូវ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ធ្វើ​ជា​អ្នក​បង្រៀន​ដែរ។

លោក​យេស៊ូ​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន

៣. ហេតុ​អ្វី​យើង​ផ្សព្វ​ផ្សាយ?

ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ឲ្យ​បង្គាប់​មួយ​ដល់​អ្នក​កាន់​តាម​លោក​ដែល​រួម​បញ្ចូល​ចំណុច​ពីរ​យ៉ាង។ ទី​១ លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ហើយ​លោក​បាន​បង្ហាញ​ពួក​គេ​អំពី​របៀប​ធ្វើ​ដូច្នេះ។ (​ម៉ាថ. ១០:៧; លូក. ៨:១​) ជា​ឧទាហរណ៍ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​យ៉ាង​ណា​ពេល​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ដំណឹង​អំពី​រាជាណាចក្រ។ (​លូក. ៩:២​-​៥​) លោក​ក៏​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ទំហំ​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា ពួក​គេ​នឹង​ផ្សព្វ​ផ្សាយ​ដល់​«​ប្រជា​ជាតិ​ទាំង​ឡាយ​»។ (​ម៉ាថ. ២៤:១៤; សកម្ម. ១:៨​) មិន​ថា​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ក៏​ដោយ ពួក​អ្នក​កាន់​តាម​លោក​ត្រូវ​តែ​ប្រាប់​មនុស្ស​អំពី​រាជាណាចក្រ​របស់​ព្រះ​និង​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​សម្រេច។

៤. យោង​ទៅ​តាម​ម៉ាថាយ ២៨:១៨​-​២០ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ក្រៅ​ពី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ?

តើ​អ្វី​ជា​ចំណុច​ទី​២​ពី​បង្គាប់​របស់​លោក​យេស៊ូ? លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​បង្រៀន​មនុស្ស​ឯ​ទៀត​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្គាប់។ ប៉ុន្តែ មនុស្ស​ខ្លះ​ប្រហែល​ជា​និយាយ​ថា បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​គឺ​សម្រាប់​តែ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ប៉ុណ្ណោះ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? មិន​មែន​ទេ លោក​យេស៊ូ​បាន​បញ្ជាក់​ថា កិច្ច​ការ​ដ៏​ធំ​សម្បើម​នេះ​នឹង​បន្ត​ធ្វើ​ឡើង​រហូត​ដល់​សម័យ​យើង ពោល​គឺ​«​រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​សូម​អាន ម៉ាថាយ ២៨:១៨​-​២០) លោក​យេស៊ូ​ទំនង​ជា​ឲ្យ​បង្គាប់​នេះ ពេល​លោក​បាន​លេច​មក​ជួប​អ្នក​កាន់​តាម​លោក​ជាង​៥០០​នាក់។ (​១កូ. ១៥:៦​) ម្យ៉ាង​ទៀត ក្នុង​ការ​បើក​បង្ហាញ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​ជួយ​អ្នក​ឯ​ទៀត​រៀន​អំពី​ព្រះ​យេហូវ៉ា។—បប. ២២:១៧

៥. តើ​ប៉ូល​បាន​ប្រើ​ការ​ប្រៀប​ប្រដូច​អ្វី​នៅ​កូរិនថូស​ទី​១ ៣:៦​-​៩ ដើម្បី​បង្ហាញ​ថា​ការ​ផ្សព្វ​ផ្សាយ​ជាប់​ទាក់​ទង​នឹង​ការ​បង្រៀន?

សាវ័ក​ប៉ូល​បាន​ប្រដូច​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ទៅ​នឹង​ការ​ដាំ​ដុះ ដោយ​បង្ហាញ​ថា​យើង​មិន​គ្រាន់​តែ​ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​ប៉ុណ្ណោះ​ទេ។ គាត់​រំលឹក​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដាំ អាប៉ូឡុស​ជា​អ្នក​ស្រោច... អ្នក​រាល់​គ្នា​ជា​វាល​ដែល​ព្រះ​កំពុង​ដាំ​ដុះ​»។ (​សូម​អាន កូរិនថូស​ទី​១ ៣:៦​-​៩) ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ក្នុង​‹វាល​របស់​ព្រះ› យើង​សាប​ព្រោះ​គ្រាប់​ពូជ​ពេល​យើង​ផ្សព្វ​ផ្សាយ និង​ស្រោច​ទឹក​ពេល​យើង​បង្រៀន។ (​យ៉ូន. ៤:៣៥​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​ដឹង​ថា​គឺ​ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​គ្រាប់​ពូជ​ដុះ​ឡើង ពោល​គឺ​ទាញ​នាំ​មនុស្ស​មក​ឯ​លោក។

៦. តើ​កិច្ច​ការ​របស់​យើង​ជា​អ្នក​បង្រៀន​គម្ពីរ​រួម​បញ្ចូល​អ្វី​ខ្លះ?

យើង​កំពុង​ស្វែង​រក​ពួក​អ្នក​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​សកម្ម. ១៣:៤៨​) ដើម្បី​ជួយ​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​ត្រូវ​ជួយ​ពួក​គេ​ឲ្យ (​១​)​យល់ (​២​)​មាន​ជំនឿ និង​(​៣​)​ធ្វើ​តាម​អ្វី​ៗ​ដែល​ពួក​គេ​រៀន​ពី​គម្ពីរ។ (​យ៉ូន. ១៧:៣; កូឡ. ២:៦, ៧; ១ថែ. ២:១៣​) បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​សិស្ស​គម្ពីរ ដោយ​ទុក​គំរូ​ល្អ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​អ្នក​ថ្មី​ទាំង​នោះ និង​ស្វាគមន៍​ពួក​គេ​ពេល​ពួក​គេ​មក​កិច្ច​ប្រជុំ។ (​យ៉ូន. ១៣:៣៥​) អ្នក​បង្រៀន​គម្ពីរ​ក៏​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​និង​កម្លាំង​ជា​ច្រើន ដើម្បី​ជួយ​សិស្ស​ឲ្យ​លះ​ចោល​ជំនឿ​ឬ​ទម្លាប់​ដែល​«​ចាក់​ឫស​ជ្រៅ​»។ (​២កូ. ១០:៤, ៥​) ប្រហែល​ជា​ត្រូវ​ការ​ពេល​អស់​ជា​ច្រើន​ខែ ដើម្បី​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​ក្នុង​ជីវិត​របស់​គាត់ ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ ការ​ខំ​ប្រឹង​ទាំង​អស់​នេះ​ពិត​ជា​មាន​ប្រយោជន៍។

សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​មនុស្ស​ទៅ​ជា​អ្នក​កាន់​តាម

៧. តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​ចូល​រួម​ផ្សព្វ​ផ្សាយ​និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម?

ហេតុ​អ្វី​យើង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ? ទី​១ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ពេល​អ្នក​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម អ្នក​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ (​១យ៉ូន. ៥:៣​) សូម​គិត​អំពី​ចំណុច​នេះ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​អ្នក​រួច​ហើយ​ឲ្យ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ តើ​អ្នក​ស្រួល​ធ្វើ​តាម​បង្គាប់​នេះ​ឬ​ទេ? ទំនង​ជា​មិន​ស្រួល​ទេ។ ពេល​អ្នក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង តើ​អ្នក​ភ័យ​ឬ​ទេ? អ្នក​ទំនង​ជា​ភ័យ​មែន! ប៉ុន្តែ អ្នក​ដឹង​ថា​នេះ​ជា​កិច្ចការ​ដែល​លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​ធ្វើ ហើយ​អ្នក​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក។ យូរ​ៗ​ទៅ អ្នក​ទំនង​ជា​មាន​អារម្មណ៍​ស្រួល​ជាង​ពេល​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត? តើ​នេះ​ធ្វើ​ឲ្យ​អ្នក​ភ័យ​ឬ​ទេ? ប្រហែល​ជា​អ្នក​ភ័យ​មែន។ ប៉ុន្តែ ពេល​អ្នក​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​និង​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ចិត្ត​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម។

៨. យោង​ទៅ​តាម​ម៉ាកុស ៦:៣៤ តើ​អ្វី​ទៀត​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត?

ទី​២ សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្រៀន​ពួក​គេ​សេចក្ដី​ពិត។ នៅ​ពេល​មួយ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​អស់​កម្លាំង ដោយ​សារ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ច្រើន។ ពួក​គេ​ត្រូវ​ទៅ​កន្លែង​ណា​មួយ​ដើម្បី​សម្រាក ប៉ុន្តែ​បណ្ដា​ជន​មួយ​ក្រុម​ធំ​បាន​រក​ឃើញ​ពួក​គេ។ លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​ពួក​គេ ហើយ​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​«​អ្វី​ៗ​ជា​ច្រើន​»។ (​សូម​អាន ម៉ាកុស ៦:៣៤) នៅ​ពេល​នោះ​លោក​បាន​ខំ​ប្រឹង​ព្យាយាម ទោះ​ជា​លោក​នឿយ​ហត់​ក្ដី។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​យល់​អារម្មណ៍​របស់​បណ្ដា​ជន​មួយ​ក្រុម​នោះ។ លោក​បាន​ឃើញ​ថា ពួក​គេ​រង​ទុក្ខ​វេទនា​និង​ត្រូវ​ការ​សេចក្ដី​សង្ឃឹម ហើយ​លោក​ចង់​ជួយ​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ទោះ​ជា​មើល​ទៅ​មនុស្ស​សប្បាយ​និង​ស្កប់​ស្កល់​នឹង​ជីវិត​ក្ដី ពួក​គេ​នៅ​តែ​មាន​បញ្ហា​និង​ត្រូវ​ការ​សេចក្ដី​សង្ឃឹម។ ពួក​គេ​ប្រៀប​ដូច​ជា​ចៀម​វង្វេង​ដែល​គ្មាន​គង្វាល​ណែនាំ​ពួក​គេ។ សាវ័ក​ប៉ូល​បាន​រៀប​រាប់​ថា មនុស្ស​បែប​នេះ​មិន​ស្គាល់​ព្រះ​និង​គ្មាន​សេចក្ដី​សង្ឃឹម​ទេ។ (​អេភ. ២:១២​) ពួក​គេ​នៅ​លើ​«​ផ្លូវ . . . ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត​»។ (​ម៉ាថ. ៧:១៣​) ពេល​យើង​គិត​ពិចារណា​អំពី​ស្ថានភាព​របស់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ថា​ពួក​គេ​ពិត​ជា​ត្រូវ​ការ​ព្រះ នោះ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អាណិត​មេត្តា​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​ពួក​គេ។ របៀប​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ជួយ គឺ​ដោយ​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​ពួក​គេ។

៩. យោង​ទៅ​តាម​ភីលីព ២:១៣ តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

អ្នក​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត ដោយ​សារ​អ្នក​យល់​ថា​ការ​បង្រៀន​គេ​គឺ​ត្រូវ​ការ​ពេល​ជា​ច្រើន។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​ប្រាប់​ព្រះ​យេហូវ៉ា។ សូម​សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ចង់​រក​ឃើញ​បុគ្គល​ដែល​អ្នក​អាច​បង្រៀន​គម្ពីរ។ (​សូម​អាន ភីលីព ២:១៣) សាវ័ក​យ៉ូហាន​បាន​ប្រាប់​យើង​ថា ព្រះ​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​១យ៉ូន. ៥:១៤, ១៥​) ដូច្នេះ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ចង់​ចូល​រួម​ក្នុង​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។

របៀប​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ទៀត

១០​-​១១. តើ​អ្វី​ប្រហែល​ជា​រា​រាំង​យើង​ពី​ការ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ?

១០ យើង​ដឹង​ថា​កិច្ច​ការ​បង្រៀន​មនុស្ស​គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់​ណាស់ ប៉ុន្តែ​យើង​ប្រហែល​ជា​មិន​សូវ​ស្រួល​ធ្វើ​កិច្ច​ការ​នោះ​ទេ។ សូម​យើង​ពិចារណា​អំពី​ការ​ពិបាក​ខ្លះ​ដែល​យើង​ប្រហែល​ជា​មាន និង​របៀប​ដែល​យើង​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។

១១ យើង​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​ចិត្ត​យើង​ចង់​ទេ។ ជា​ឧទាហរណ៍ អ្នក​ផ្សាយ​ខ្លះ​មាន​វ័យ​ចាស់​ឬ​មាន​បញ្ហា​សុខភាព។ តើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​ពិចារណា​អំពី​មេ​រៀន​ដែល​យើង​បាន​រៀន​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩។ យើង​បាន​រៀន​ថា យើង​អាច​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ដោយ​មាន​ប្រសិទ្ធភាព​តាម​គ្រឿង​អេឡិចត្រូនិក! ដូច្នេះ អ្នក​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​និង​បន្ត​បង្រៀន​អ្នក​នោះ​ពី​ផ្ទះ​របស់​អ្នក ហើយ​នេះ​ប្រហែល​ជា​ស្រួល​ជាង​សម្រាប់​អ្នក។ ការ​បង្រៀន​គម្ពីរ​តាម​គ្រឿង​អេឡិចត្រូនិក​ក៏​មាន​ប្រយោជន៍​មួយ​ទៀត​ដែរ។ អ្នក​ខ្លះ​ចង់​រៀន​គម្ពីរ ប៉ុន្តែ​ពួក​គេ​មិន​អាច​រៀន​នៅ​ម៉ោង​ធម្មតា​ដែល​យើង​ផ្សព្វ​ផ្សាយ​ទេ។ ពួក​គេ​ប្រហែល​ជា​ទំនេរ​នៅ​ពេល​ព្រឹក​ព្រលឹម​ឬ​នៅ​ពេល​យប់។ តើ​អ្នក​អាច​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ណា​ម្នាក់​នៅ​ពេល​នោះ​ឬ​ទេ? លោក​យេស៊ូ​បាន​បង្រៀន​នីកូដេម​នៅ​ពេល​យប់​ដែល​ជា​ពេល​ល្អ​សម្រាប់​គាត់។—យ៉ូន. ៣:១, ២

១២. តើ​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​ធ្វើ​ជា​អ្នក​បង្រៀន​ល្អ?

១២ យើង​ប្រហែល​ជា​ខ្វះ​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​បង្រៀន​គម្ពីរ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​គួរ​មាន​ចំណេះ​ច្រើន​ជាង ឬ​ធ្វើ​ជា​អ្នក​ពូកែ​បង្រៀន​គម្ពីរ​ជា​មុន​សិន មុន​ចាប់​ផ្ដើម​បង្រៀន​គេ។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​គិត​អំពី​ចំណុច​បី​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត។ ទី១ ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្នក​ថា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។ (​២កូ. ៣:៥​) ទី​២ លោក​យេស៊ូ​ដែល​មាន​«​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»​បាន​បង្គាប់​អ្នក​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត។ (​ម៉ាថ. ២៨:១៨​) ទី​៣ អ្នក​អាច​ពឹង​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​អ្នក។ លោក​យេស៊ូ​បាន​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​បិតា​លោក​បាន​បង្រៀន​លោក​ឲ្យ​មាន​ប្រសាសន៍ ហើយ​អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ (​យ៉ូន. ៨:២៨; ១២:៤៩​) បន្ថែម​ទៅ​ទៀត អ្នក​អាច​សុំ​ជំនួយ​ដើម្បី​ចាប់​ផ្ដើម និង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ពី​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ អ្នក​ត្រួស​ត្រាយ ឬ​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍។ របៀប​មួយ​ដែល​អ្នក​អាច​រៀន​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ច្រើន​ជាង គឺ​ដោយ​ចូល​រួម​ជា​មួយ​បង​ប្អូន​បែប​នេះ​ពេល​ពួក​គេ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។

១៣. ហេតុ​អ្វី​យើង​ត្រូវ​ចេះ​កែ​ប្រែ​របៀប​បង្រៀន?

១៣ យើង​ប្រហែល​ជា​ពិបាក​សម្រប​ខ្លួន​ទៅ​តាម​វិធី​បង្រៀន​ថ្មី​និង​ឧបករណ៍​ថ្មី។ ឥឡូវ របៀប​ដែល​យើង​បង្រៀន​គម្ពីរ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!ជា​សៀវភៅ​ដែល​យើង​ប្រើ​ច្រើន​ជាង​គេ​សម្រាប់​បង្រៀន។ សៀវភៅ​នេះ​តម្រូវ​ឲ្យ​យើង​រៀបចំ​និង​ដឹក​នាំ​ការ​សិក្សា​ខុស​ពី​ពេល​មុន។ យើង​អាន​វគ្គ​តិច​ជាង តែ​មាន​ការ​សន្ទនា​ច្រើន​ជាង​ជា​មួយ​សិស្ស​គម្ពីរ។ ពេល​បង្រៀន យើង​ប្រើ​វីដេអូ អ្វី​ផ្សេង​ទៀត​ពី​គេហទំព័រ​របស់​យើង និង​កម្ម​វិធី​JW​បណ្ណាល័យ​ច្រើន​ជាង​មុន។ បើ​អ្នក​មិន​ចេះ​ប្រើ​ឧបករណ៍​ទាំង​នេះ ចូរ​សុំ​ជំនួយ​ពី​បុគ្គល​ណា​ម្នាក់​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ប្រើ​វា។ តាម​ធម្មតា មនុស្ស​ចូល​ចិត្ត​ធ្វើ​អ្វី​ដដែល​ៗ ហើយ​មិន​សូវ​ស្រួល​សម្រប​ខ្លួន​ទៅ​តាម​របៀប​ថ្មី​ទេ។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត អ្នក​នឹង​ឃើញ​ថា​ការ​កែ​ប្រែ​គឺ​ស្រួល​ជាង ហើយ​ថា​ការ​បង្រៀន​គឺ​សប្បាយ​ជាង។ អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​និយាយ​ថា វិធី​បង្រៀន​នេះ​«​ធ្វើ​ឲ្យ​ទាំង​អ្នក​បង្រៀន ទាំង​សិស្ស​សប្បាយ​រីករាយ​»។

១៤. តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​យើង​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មនុស្ស​ជា​ច្រើន​មិន​ស្ដាប់​យើង? តើ​កូរិនថូស​ទី​១ ៣:៦, ៧ លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ប្រហែល​ជា​រស់​នៅ​តំបន់​មួយ​ដែល​យើង​ពិបាក​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ។ មនុស្ស​ខ្លះ​មិន​ចាប់​អារម្មណ៍​នឹង​ដំណឹង​ដែល​យើង​ផ្សាយ ឬ​ថែម​ទាំង​ប្រឆាំង​សេចក្ដី​ពិត​នោះ​ទៀត​ផង។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​តំបន់​ផ្សាយ​បែប​នោះ? សូម​ចាំ​ថា​ស្ថានភាព​របស់​មនុស្ស​អាច​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ក្នុង​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ ហើយ​ពួក​អ្នក​ដែល​ពី​មុន​មិន​ចាប់​អារម្មណ៍ ប្រហែល​ជា​ចាប់​ផ្ដើម​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ (​ម៉ាថ. ៥:៣​) អ្នក​ខ្លះ​មិន​ដែល​ព្រម​ទទួល​សៀវភៅ​របស់​យើង​ទេ តែ​ក្រោយ​មក ពួក​គេ​ព្រម​រៀន​គម្ពីរ។ យើង​ក៏​ដឹង​ដែរ​ថា​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ។ (​ម៉ាថ. ៩:៣៨​) លោក​ចង់​ឲ្យ​យើង​បន្ត​ដាំ​និង​ស្រោច ប៉ុន្តែ​គឺ​លោក​ដែល​ធ្វើ​ឲ្យ​ដុះ​លូត​លាស់។ (​១កូ. ៣:៦, ៧​) យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ចាំ​ថា ទោះ​ជា​យើង​មិន​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់​នៅ​ឥឡូវ​នេះ​ក្ដី ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​យើង​ចំពោះ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង មិន​មែន​លទ្ធផល​ទេ! *

ចូរ​មាន​អំណរ​ដែល​មក​ពី​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម

សូម​មើល​អំពី​របៀប​ដែល​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អាច​ជួយ​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១៥​-​១៧​) *

១៥. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មនុស្ស​ណា​ម្នាក់​ព្រម​សិក្សា​គម្ពីរ ហើយ​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន?

១៥ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ពេល​មនុស្ស​ណា​ម្នាក់​ទទួល​យក​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​គាត់​បាន​រៀន។ (​សុភ. ២៣:១៥, ១៦​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​អរ​សប្បាយ​យ៉ាង​ខ្លាំង ពេល​លោក​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ! ជា​ឧទាហរណ៍ ទោះ​ជា​មាន​ជំងឺ​ឆ្លង​រាល​ដាល​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​កិច្ច​បម្រើ​២.០២០​ក្ដី បង​ប្អូន​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​៧.៧០៥.៧៦៥ ហើយ​នេះ​បាន​ជួយ​មនុស្ស​២៤១.៩៩៤​នាក់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​នឹង​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ឯ​ទៀត ហើយ​ជួយ​ឲ្យ​មាន​អ្នក​កាន់​តាម​ថ្មី​កាន់​តែ​ច្រើន។ (​លូក. ៦:៤០​) យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត។

១៦. តើ​យើង​អាច​មាន​គោល​ដៅ​ល្អ​អ្វី?

១៦ ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គឺ​ត្រូវ​ការ​ការ​ខំ​ប្រឹង​ព្យាយាម តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ចូល​រួម​ក្នុង​កិច្ច​ការ​បង្រៀន​អ្នក​ថ្មី​ទាំង​នោះ​ឲ្យ​ស្រឡាញ់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ តើ​យើង​អាច​មាន​គោល​ដៅ​បង្រៀន​គម្ពីរ យ៉ាង​ហោច​ណាស់​ដល់​មនុស្ស​ម្នាក់​ឬ​ទេ? យើង​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង បើ​យើង​ប្រើ​គ្រប់​ឱកាស​ដើម្បី​ស្នើ​សុំ​មនុស្ស​ដែល​យើង​ជួប​ឲ្យ​រៀន​គម្ពីរ​ជា​មួយ​យើង។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ទៅ​លើ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង។

១៧. តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​យើង​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់?

១៧ យើង​មាន​ឯកសិទ្ធិ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត! កិច្ច​ការ​នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ពិត​ប្រាកដ។ សាវ័ក​ប៉ូល​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន​នៅ​ក្រុង​ថែស្សាឡូនិច​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម ប្រាប់​អំពី​អារម្មណ៍​របស់​គាត់​ថា​៖ ​«​តើ​អ្នក​ណា​ជា​សេចក្ដី​សង្ឃឹម អំណរ ឬ​មកុដ​នៃ​មោទនភាព​របស់​យើង​ក្នុង​អំឡុង​វត្តមាន​របស់​លោក​ម្ចាស់​យេស៊ូ? តើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​ទេ​ឬ? ត្រូវ​ហើយ អ្នក​រាល់​គ្នា​ជា​មោទនភាព​និង​ជា​អំណរ​របស់​យើង​»។ (​១ថែ. ២:១៩, ២០; សកម្ម. ១៧:១​-​៤​) បង​ប្អូន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អារម្មណ៍​ដូច​នេះ។ បង​ស្រី​ស្តេហ្វានី​និង​ប្ដី​របស់​គាត់​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក គាត់​និយាយ​ថា​៖ ​«​គ្មាន​អ្វី​ធ្វើ​ឲ្យ​សប្បាយ​ជាង​ការ​ជួយ​មនុស្ស​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទេ​»។

ចម្រៀង​លេខ​៥៧ ចូរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ

^ វគ្គ 5 ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​យើង​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​បង្គាប់​ដែរ។ តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​បង្រៀន​អ្នក​ឯ​ទៀត? តើ​យើង​មាន​ការ​ពិបាក​អ្វី​ខ្លះ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ? តើ​យើង​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច? ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

^ វគ្គ 14 ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​សូម​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​»​ ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មីនា ឆ្នាំ​២០២១។

^ វគ្គ 53 ការ​ពណ៌នា​អំពី​រូប​ភាព: សូម​មើល​អំពី​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ដែល​បុគ្គល​ណា​ម្នាក់​អាច​ធ្វើ​ក្នុង​ជីវិត​របស់​គាត់ ពេល​ដែល​គាត់​រៀន​គម្ពីរ។ ដំបូង បុរស​ម្នាក់​មាន​អារម្មណ៍​ថា​ជីវិត​របស់​គាត់​គឺ​ឥត​ប្រយោជន៍ ហើយ​គាត់​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ។ ក្រោយ​មក សាក្សី​ជួប​គាត់​ពេល​ផ្សព្វ​ផ្សាយ ហើយ​គាត់​ព្រម​រៀន​គម្ពីរ។ អ្វី​ដែល​គាត់​រៀន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​ក៏​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែរ។ ក្រោយ​មក ពួក​គេ​ទាំង​អស់​គ្នា​សប្បាយ​រស់​នៅ​ក្នុង​សួន​ឧទ្យាន។