លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៨

ចូរចូលទៅជិតក្រុមគ្រួសាររួមជំនឿរបស់អ្នក

ចូរចូលទៅជិតក្រុមគ្រួសាររួមជំនឿរបស់អ្នក

​«​ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា​»។—យ៉ូន. ២០:១៧

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

សេចក្ដី​សង្ខេប *

១. តើ​មនុស្ស​ស្មោះ​ត្រង់​អាច​មាន​ចំណង​មិត្តភាព​បែប​ណា​ជា​មួយ​ព្រះ​យេហូវ៉ា?

ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក រួម​មាន​លោក​យេស៊ូ​ដែល​ជា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»​ ព្រម​ទាំង​បណ្ដា​ទេវតា​ដ៏​ច្រើន​រូប។ (​កូឡ. ១:១៥; ចសព. ១០៣:២០​) ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បង្ហាញ​ថា​មនុស្ស​ស្មោះ​ត្រង់​អាច​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ពួក​គេ។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម លោក​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​បិតា​របស់​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ២០:១៧​) ម្យ៉ាង​ទៀត ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក យើង​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​រួម​ជំនឿ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—ម៉ាក. ១០:២៩, ៣០

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

អ្នក​ខ្លះ​ពិបាក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ រីឯ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មិន​សូវ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទេ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ចាត់​ទុក​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ជា​បុគ្គល​ដែល​យើង​អាច​ចូល​ទៅ​ជិត​បាន។ យើង​ក៏​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ចូល​ទៅ​ជិត​លោក

៣. តើ​សេចក្ដី​អធិដ្ឋាន​គំរូ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​លោក គឺ​ហាក់​ដូច​ជា​ឪពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​និង​ស្រួល​ប្រាស្រ័យ​ទាក់​ទង មិន​មែន​ជា​បុគ្គល​ដែល​មាន​អំណាច​ផ្ដាច់​ការ​ទេ។ នេះ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​និយាយ​ពេល​អធិដ្ឋាន។ លោក​បាន​ចាប់​ផ្ដើម​សេចក្ដី​អធិដ្ឋាន​គំរូ​ដោយ​ពាក្យ​ថា​៖ ​«​ឱ​បិតា​របស់​យើង​»។ (​ម៉ាថ. ៦:៩​) លោក​យេស៊ូ​អាច​ប្រាប់​យើង​ឲ្យ​ហៅ​ព្រះ​យេហូវ៉ា​ថា​ជា​«​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ ​«​អ្នក​បង្កើត​»​ ឬ​«​ស្ដេច​ដែល​រស់​ជា​រៀង​រហូត​»។ ឋានៈ​ទាំង​នេះ​គឺ​សម​ត្រឹម​ត្រូវ ដោយ​សារ​គម្ពីរ​ប្រើ​ពាក្យ​ទាំង​អស់​នេះ​ដើម្បី​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា។ (​ដក. ១៧:១; អេ. ៤០:២៨; ១ធី. ១:១៧​) ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​«​បិតា​»​ដែល​បង្កប់​អារម្មណ៍​កក់​ក្ដៅ។

៤. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក?

តើ​អ្នក​ពិបាក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? អ្នក​ខ្លះ​មាន​អារម្មណ៍​បែប​នេះ។ បើ​ឪពុក​របស់​យើង​មិន​បង្ហាញ​សេចក្ដី​សប្បុរស យើង​ប្រហែល​ជា​ពិបាក​ស្រមៃ​គិត​អំពី​បិតា​ម្នាក់​ដែល​ស្រឡាញ់​យើង។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​អារម្មណ៍​របស់​យើង​ទាំង​ស្រុង! លោក​ចង់​ចូល​មក​ជិត​យើង។ នេះ​ជា​មូលហេតុ​ដែល​បណ្ដាំ​របស់​លោក​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​»។ (​យ៉ា. ៤:៨​) ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​លោក​សម​ធ្វើ​ជា​បិតា​ដ៏​ល្អ​បំផុត​ដែល​យើង​មិន​ធ្លាប់​មាន។

៥. យោង​ទៅ​តាម​លូកា ១០:២២ តើ​លោក​យេស៊ូ​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

លោក​យេស៊ូ​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ ហើយ​បង្ហាញ​គុណ​សម្បត្តិ​ដូច​បិតា​លោក​បេះ​បិទ បាន​ជា​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​យ៉ូន. ១៤:៩​) ដូច​បង​ប្រុស​បង្កើត​ម្នាក់ លោក​យេស៊ូ​បង្រៀន​យើង​អំពី​របៀប​បង្ហាញ​ការ​គោរព​និង​ស្ដាប់​បង្គាប់​បិតា​របស់​យើង របៀប​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត និង​របៀប​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ប៉ុន្តែ​ជា​ពិសេស លោក​យេស៊ូ​ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​សប្បុរស​និង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង។ (​សូម​អាន លូកា ១០:២២) សូម​យើង​ពិចារណា​អំពី​ឧទាហរណ៍​ខ្លះ។

ក្នុង​នាម​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​បុត្រ​លោក​តាម​រយៈ​ទេវតា​មួយ​រូប (​សូម​មើល​វគ្គ​៦​) *

៦. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ស្ដាប់​លោក​យេស៊ូ។

ព្រះ​យេហូវ៉ា​ស្ដាប់​កូន​ៗ​របស់​លោក។ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ស្ដាប់​បុត្រ​ច្បង​របស់​លោក។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ជា​ច្រើន​របស់​បុត្រលោក​ពេល​លោក​យេស៊ូ​នៅ​ផែនដី។ (​លូក. ៥:១៦​) ព្រះ​បាន​ស្ដាប់​លោក​យេស៊ូ​អធិដ្ឋាន​អំពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ដូច​ជា ពេល​លោក​ជ្រើស​រើស​សាវ័ក​១២​នាក់។ (​លូក. ៦:១២, ១៣​) ព្រះ​យេហូវ៉ា​ក៏​ស្ដាប់​លោក​យេស៊ូ​អធិដ្ឋាន​ដែរ ពេល​លោក​កើត​ទុក្ខ​ជា​ខ្លាំង។ បន្តិច​មុន​លោក​យេស៊ូ​បាន​ត្រូវ​គេ​ក្បត់ លោក​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​បិតា​លោក​អំពី​ការ​ល្បង​ល​ដ៏​ពិបាក​ដែល​លោក​ហៀប​នឹង​ជួប។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ពង្រឹង​កម្លាំង​ចិត្ត​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ដែរ។—លូក. ២២:​៤១​-​៤៤

៧. តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង គួរ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា?

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បន្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​លោក ហើយ​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​នៅ​ពេល​ត្រឹម​ត្រូវ និង​តាម​របៀប​ដ៏​ល្អ​បំផុត។ (​ចសព. ១១៦:១, ២​) សូម​គិត​អំពី​របៀប​ដែល​បង​ស្រី​ម្នាក់​នៅ​ប្រទេស​ឥណ្ឌាបាន​ពិសោធ​រឿង​នេះ​ដោយ​ផ្ទាល់។ គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ហើយ​គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ។ គាត់​សរសេរ​ថា​៖ ​«​កម្ម​វិធី​JW​ទូរទស្សន៍​សម្រាប់​ខែ​ឧសភា ឆ្នាំ​២០១៩​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​កង្វល់ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ។ កម្ម​វិធី​នោះ​គឺ​ជា​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​»។

៨. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​យេស៊ូ​តាម​របៀប​ណា​ខ្លះ?

ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ដូច​ដែល​លោក​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​យេស៊ូ​ក្នុង​អំឡុង​ពេល​ដែល​លោក​បំពេញ​ភារកិច្ច​ដ៏​ពិបាក​របស់​លោក​នៅ​ផែនដី។ (​យ៉ូន. ៥:២០​) ព្រះ​យេហូវ៉ា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​រក្សា​ជំនឿ​មាំ​មួន បាន​លើក​ទឹក​ចិត្ត​លោក​ពេល​មាន​ការ​តាន​តឹង​ចិត្ត និង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​យេស៊ូ​មាន​អ្វី​ៗ​ដែល​លោក​ត្រូវ​ការ​ដើម្បី​រស់​នៅ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​ពេញ​ចិត្ត​ចំពោះ​បុត្រ​របស់​លោក​ទេ។ (​ម៉ាថ. ៣:១៦, ១៧​) ដោយ​សារ​លោក​យេស៊ូ​ដឹង​ថា លោក​តែង​តែ​អាច​ពឹង​ទៅ​លើ​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ស្ថាន​សួគ៌ លោក​មិន​ដែល​មាន​អារម្មណ៍​ថា​លោក​នៅ​ម្នាក់​ឯង​ឡើយ។—យ៉ូន. ៨:១៦

៩. តើ​អ្វី​ខ្លះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

ដូច​លោក​យេស៊ូ យើង​ទាំង​អស់​គ្នា​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​តាម​របៀប​ផ្សេង​ៗ។ សូម​គិត​អំពី​ចំណុច​ដូច​ត​ទៅ​នេះ​៖ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​យើង​មក​ឯ​លោក ហើយ​បាន​ឲ្យ​យើង​ក្រុម​គ្រួសារ​រួម​ជំនឿ​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​មាន​សាមគ្គីភាព ដើម្បី​ឲ្យ​យើង​សប្បាយ​ចិត្ត និង​ដើម្បី​លើក​ទឹក​ចិត្ត​យើង​ពេល​ដែល​យើង​ត្រូវ​ការ។ (​យ៉ូន. ៦:៤៤​) ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យើង​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ជំនឿ​ឲ្យ​រឹង​មាំ។ លោក​ថែម​ទាំង​ជួយ​យើង​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង។ (​ម៉ាថ. ៦:៣១, ៣២​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង កាល​ដែល​យើង​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង។

ចូរ​ប្រព្រឹត្ត​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ក្រុម​គ្រួសារ​រួម​ជំនឿ

១០. តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន?

១០ ព្រះ​យេហូវ៉ា​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ប៉ុន្តែ យើង​ប្រហែល​ជា​មិន​តែង​តែ​ងាយ​ស្រួល​មាន​សេចក្ដី​ស្រឡាញ់​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង​ទេ។ នេះ​ប្រហែល​ជា​នឹង​កើត​ឡើង ដោយ​សារ​យើង​មាន​វប្បធម៌​និង​ជីវប្រវត្តិ​ខុស​ៗ​គ្នា។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស ហើយ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ខឹង​និង​ខក​ចិត្ត​ចំពោះ​យើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង។ តើ​តាម​របៀប​ណា? គឺ​ដោយ​យក​តម្រាប់​បិតា​របស់​យើង​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន។ (​អេភ. ៥:១, ២; ១យ៉ូន. ៤:​១៩​) សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា។

១១. តើ​លោក​យេស៊ូ​បាន​បង្ហាញ​«​សេចក្ដី​អាណិត​មេត្តា​»​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេហូវ៉ា​បង្ហាញ​«​សេចក្ដី​អាណិត​មេត្តា​»។ (​លូក. ១:៧៨​) បុគ្គល​ដែល​មាន​សេចក្ដី​អាណិត​មេត្តា ព្រួយ​បារម្ភ​ពេល​គាត់​ឃើញ​អ្នក​ឯ​ទៀត​រង​ទុក្ខ​វេទនា ហើយ​គាត់​រក​វិធី​ផ្ដល់​ជំនួយ​និង​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​នោះ។ ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ចំពោះ​អ្នក​ឯ​ទៀត បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គេ។ (​យ៉ូន. ៥:១៩​) នៅ​ពេល​មួយ ពេល​លោក​យេស៊ូ​ឃើញ​បណ្ដា​ជន​មួយ​ក្រុម ​«​លោក​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ ពីព្រោះ​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថ. ៩:​៣៦​) លោក​យេស៊ូ​មិន​គ្រាន់​តែ​មាន​សេចក្ដី​អាណិត​មេត្តា​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា ដោយ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ ព្រម​ទាំង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​ដែល​«​ធ្វើ​ការ​នឿយ​ហត់ ហើយ​មាន​បន្ទុក​ធ្ងន់​»។—ម៉ាថ. ១១:២៨​-​៣០; ១៤:១៤

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា ដោយ​បង្ហាញ​សេចក្ដី​អាណិត​មេត្តា និង​ចិត្ត​ទូលាយ​ចំពោះ​បង​ប្អូន (​សូម​មើល​វគ្គ​១២​-​១៤​) *

១២. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្តា។

១២ យើង​ត្រូវ​គិត​អំពី​ការ​ពិបាក​ណា​ខ្លះ​ដែល​បង​ប្អូន​របស់​យើង​កំពុង​ជួប​ប្រទះ មុន​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​ពួក​គេ។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ប្រហែល​ជា​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ គាត់​មិន​ដែល​ត្អូញត្អែរ​អំពី​បញ្ហា​នោះ​ទេ ប៉ុន្តែ​គាត់​ទំនង​ជា​នឹង​សប្បាយ​ចិត្ត​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត។ តើ​គាត់​ពិបាក​ធ្វើ​អ្វី​ផ្សេង​ៗ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ឬ​ទេ? តើ​គាត់​នឹង​សប្បាយ​ចិត្ត បើ​យើង​ជួយ​គាត់​តិច​តួច​ដោយ​ធ្វើ​ម្ហូប​ឲ្យ​ក្រុម​គ្រួសារ​គាត់​ឬ​សម្អាត​ផ្ទះ​ឲ្យ​គាត់​ឬ​ទេ? មួយ​វិញ​ទៀត បង​ប្រុស​ម្នាក់​ប្រហែល​ជា​បាន​បាត់​បង់​ការ​ងារ។ តើ​ការ​ឲ្យ​លុយ​បន្តិច​បន្តួច​ដោយ​ប្រហែល​ជា​មិន​ប្រាប់​គាត់​ថា​អំណោយ​នេះ​មក​ពី​អ្នក​ណា នឹង​ជួយ​គាត់​មុន​ដែល​គាត់​រក​បាន​ការ​ងារ​ថ្មី​ឬ​ទេ?

១៣​-​១៤. តើ​យើង​អាច​បង្ហាញ​ចិត្ត​ទូលាយ​ដូច​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ខ្លះ?

១៣ ព្រះ​យេហូវ៉ា​មាន​ចិត្ត​ទូលាយ។ (​ម៉ាថ. ៥:៤៥​) យើង​មិន​គួរ​រង់​ចាំ​រហូត​ដល់​បង​ប្អូន​សុំ​ជំនួយ​ពី​យើង ទើប​យើង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​នោះ​ទេ។ ដូច​ព្រះ​យេហូវ៉ា យើង​អាច​ចាត់​វិធានការ​ទុក​ជា​មុន។ លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​យើង​ជា​រៀង​រាល់​ថ្ងៃ​ដោយ​មិន​តម្រូវ​ឲ្យ​យើង​សុំ​ពី​លោក​ឡើយ! ម្យ៉ាង​ទៀត មនុស្ស​ទាំង​អស់​អាច​ទទួល​ប្រយោជន៍​ពី​កម្ដៅ​ដួង​អាទិត្យ មិន​គ្រាន់​តែ​ពួក​អ្នក​ដែល​មាន​អំណរ​គុណ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង ដោយ​ផ្គត់​ផ្គង់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​មាន​ចិត្ត​ទូលាយ​និង​សេចក្ដី​សប្បុរស!

១៤ បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​យក​តម្រាប់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ក្នុង​ការ​បង្ហាញ​ចិត្ត​ទូលាយ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១៣ ព្យុះ​សង្ឃរា​ហាយយ៉ាន់​បាន​ធ្វើ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​នៅ​ប្រទេស​ហ្វីលីពីន។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​បាត់​បង់​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ។ ប៉ុន្តែ ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​ពួក​គេ​ទូទាំង​ពិភព​លោក​បាន​ផ្ដល់​ជំនួយ​ដល់​ពួក​គេ​ភ្លាម​ៗ។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ឲ្យ​វិភាគទាន ឬ​ចូល​រួម​ក្នុង​កិច្ច​ការ​សាង​សង់​ដ៏​ធំ​មួយ​ដើម្បី​ជួយ​ពួក​គេ។ ជា​លទ្ធផល ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ឆ្នាំ ផ្ទះ​ជិត​៧៥០​ខ្នង​បាន​ត្រូវ​ជួស​ជុល​ឬ​សង់​ឡើង​វិញ! មួយ​វិញ​ទៀត ក្នុង​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩ សាក្សី​បាន​ខំ​ប្រឹង​ជួយ​គ្នា។ ពេល​យើង​ឆាប់​ជួយ​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង យើង​បង្ហាញ​ពួក​គេ​ថា​យើង​ស្រឡាញ់​ពួក​គេ។

១៥​-​១៦. យោង​ទៅ​តាម​លូកា ៦:៣៦ តើ​អ្វី​ជា​វិធី​ដ៏​សំខាន់​ដែល​យើង​អាច​យក​តម្រាប់​បិតា​របស់​យើង?

១៥ ព្រះ​យេហូវ៉ា​មាន​ចិត្ត​មេត្តា​ករុណា​និង​អភ័យ​ទោស​ឲ្យ​យើង។ (​សូម​អាន លូកា ៦:៣៦) ជា​រៀង​រាល់​ថ្ងៃ យើង​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ (​ចសព. ១០៣:១០​-​១៤​) ទោះ​ជា​ពួក​អ្នក​កាន់​តាម​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ហើយ​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ។ លោក​ថែម​ទាំង​សុខ​ចិត្ត​បូជា​ជីវិត​ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ (​១យ៉ូន. ២:១, ២​) ការ​អភ័យ​ទោស​និង​ចិត្ត​មេត្តា​ករុណា​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បង្ហាញ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ចង់​ចូល​កាន់​តែ​ជិត​លោក​ទាំង​ពីរ។

១៦ យើង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង ពេល​យើង​‹អភ័យ​ទោស​ឲ្យ​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ›។ (​អេភ. ៤:៣២​) ជួន​កាល ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​អាច​ជា​អ្វី​ដ៏​ពិបាក​ណាស់ ដូច្នេះ​យើង​ត្រូវ​ខំ​ព្យាយាម។ បង​ស្រី​ម្នាក់​មាន​អារម្មណ៍​ថា អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​ *បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ។ គាត់​សរសេរ​ថា​៖ ​«​ការ​សិក្សា​អត្ថបទ​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទស្សនៈ​ល្អ​ប្រសើរ​ជាង​មុន​អំពី​រឿង​នេះ។ អត្ថបទ​នោះ​បាន​ពន្យល់​ថា ការ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​មិន​មាន​ន័យ​ថា​យើង​ពេញ​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មក​លើ​យើង ឬ​គិត​ថា​ការ​ប្រព្រឹត្ត​នោះ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ឯ​ទៀត​ឡើយ។ ប៉ុន្តែ ការ​អភ័យ​ទោស​មាន​ន័យ​ថា​យើង​បំភ្លេច​គំនុំ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មក​លើ​យើង ហើយ​រក្សា​សេចក្ដី​សុខ​របស់​យើង​»។ ពេល​យើង​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​យើង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ ហើយ​ថា​យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង។

ចូរ​អរ​សប្បាយ​ដែល​អ្នក​នៅ​ក្នុង​ក្រុម​គ្រួសារ​ព្រះ

ទាំង​ចាស់​ទាំង​ក្មេង​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ (​សូម​មើល​វគ្គ​១៧​) *

១៧. យោង​ទៅ​តាម​ម៉ាថាយ ៥:១៦ តើ​យើង​អាច​លើក​កិត្តិយស​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​តាម​របៀប​ណា?

១៧ ការ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​អន្តរជាតិ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ គឺ​ពិត​ជា​ឯកសិទ្ធិ​មែន! យើង​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​ចូល​រួម​ជា​មួយ​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ហេតុ​នេះ យើង​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី​ណា​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​គិត​មិន​ល្អ​អំពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ឬ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ឡើយ។ យើង​ព្យាយាម​ប្រព្រឹត្ត​ល្អ​ជា​និច្ច ដើម្បី​នាំ​ឲ្យ​មនុស្ស​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក។—សូម​អាន ម៉ាថាយ ៥:១៦

១៨. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន?

១៨ ជួន​កាល អ្នក​ខ្លះ​រិះ​គន់​យើង ឬ​ថែម​ទាំង​បៀត​បៀន​យើង​ដោយ​សារ​យើង​ស្ដាប់​បង្គាប់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ បើ​យើង​ភ័យ​ខ្លាច​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង តើ​យើង​អាច​ធ្វើ​អ្វី? យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ជួយ​យើង។ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​មិន​ចាំ​បាច់​ខ្វល់​ថា​ពួក​គេ​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​ឡើយ។ ហេតុ​អ្វី? លោក​ពន្យល់​ថា​៖ ​«​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​វេលា​នោះ​ឯង ព្រោះ​មិន​មែន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ តែ​គឺ​ជា​ឫទ្ធានុភាព​នៃ​បិតា​របស់​អ្នក ដែល​និយាយ​តាម​រយៈ​អ្នក​»។—ម៉ាថ. ១០:​១៩, ២០

១៩. សូម​លើក​ឧទាហរណ៍​អំពី​បង​ប្អូន​ម្នាក់​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន។

១៩ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​រ៉ូបឺត។ ពេល​គាត់​ជា​សិស្ស​គម្ពីរ​និង​មិន​ទាន់​មាន​ចំណេះ​ច្រើន​អំពី​គម្ពីរ គាត់​បាន​ត្រូវ​កាត់​ក្ដី​នៅ​មុខ​តុលាការ​យោធា​មួយ នា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គាត់បាន​ពន្យល់​ដោយ​ក្លាហាន​ថា​គាត់​ចង់​កាន់​ជំហរអព្យាក្រឹត ដោយ​សារ​គាត់​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​របស់​គាត់។ គាត់​ឲ្យ​តម្លៃ​ចំពោះ​ការ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​ព្រះ! ចៅ​ក្រម​ម្នាក់​បាន​សួរ​គាត់​ភ្លាម​ៗ​ថា​៖ ​«​តើ​អ្នក​ណា​ជា​បង​ប្អូន​របស់​អ្នក?​»។ បង​រ៉ូបឺត​មិន​បាន​សន្និដ្ឋាន​ថា គេ​នឹង​សួរ​សំណួរ​បែប​នេះ​ដល់​គាត់​ទេ ប៉ុន្តែ​ភ្លាម​ៗ​បង​រ៉ូបឺត​នឹក​ចាំ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​នោះ។ បទ​គម្ពីរ​នោះ​គឺ​ម៉ាថាយ ១២:៥០ ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​ខ្ញុំ​»។ ទោះ​ជា​នៅ​ពេល​នោះ​បង​រ៉ូបឺត​ជា​សិស្ស​គម្ពីរ​ថ្មី​ក្ដី ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​តប​ឆ្លើយ​ចំពោះ​សំណួរ​នោះ​និង​សំណួរ​ផ្សេង​ទៀត​ដែល​គាត់​ស្មាន​មិន​ដល់​ថា​គេ​នឹង​សួរ​គាត់។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​មោទនភាព​ចំពោះ​បង​រ៉ូបឺត! ព្រះ​យេហូវ៉ា​ក៏​មាន​មោទនភាព​ចំពោះ​យើង ពេល​យើង​ពឹង​ផ្អែក​លើ​លោក​ដើម្បី​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​កាល​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក។

២០. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? (​យ៉ូហាន ១៧:១១, ១៥​)

២០ យើង​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែល​យើង​ជា​សមាជិក​ក្រុម​គ្រួសារ​រួម​ជំនឿ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នេះ។ យើង​មាន​បិតា​ដ៏​ល្អ​បំផុត ព្រម​ទាំង​មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​ស្រឡាញ់​យើង។ យើង​មិន​គួរ​មើល​ស្រាល​អ្វី​ទាំង​នោះ​ទេ។ សាថាន​និង​ពួក​អ្នក​កាន់​តាម​ដ៏​អាក្រក់​របស់​វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​មិន​ស្រឡាញ់​យើង ហើយ​ព្យាយាម​បង្ខូច​សាមគ្គីភាព​ដែល​យើង​មាន។ ប៉ុន្តែ លោក​យេស៊ូ​បាន​អធិដ្ឋាន​អំពី​យើង ដោយ​សុំ​បិតា​ឲ្យ​ការ​ពារ​យើង​ដើម្បី​ក្រុម​គ្រួសារ​យើង​រក្សា​សាមគ្គីភាព។ (​សូម​អាន យ៉ូហាន ១៧:១១, ១៥) ព្រះ​យេហូវ៉ា​កំពុង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នោះ។ ដូច​លោក​យេស៊ូ សូម​ឲ្យ​យើង​ដឹង​ជា​និច្ច​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​និង​គាំទ្រ​យើង។ សូម​យើង​តាំង​ចិត្ត​បន្ត​ចូល​កាន់​តែ​ជិត​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង។

ចម្រៀង​លេខ​៩៩ បង​ប្អូន​ដ៏​ច្រើន​អនេក​របស់​យើង

^ វគ្គ 5 យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ គឺ​នៅ​ក្នុង​ក្រុម​គ្រួសារ​រួម​ជំនឿ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​ទាំង​អស់​គ្នា​ចង់​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​រវាង​គ្នា​នឹង​គ្នា។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? គឺ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចំពោះ​យើង និង​ដោយ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ព្រម​ទាំង​បង​ប្អូន​របស់​យើង។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ពង្រឹង​កម្លាំង​លោក​យេស៊ូ​នៅ​សួន​កេតសេម៉ានី។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩ បង​ប្អូន​ជា​ច្រើន​ខំ​រៀបចំ​និង​ចែក​ចាយ​អាហារ​ដល់​បង​ប្អូន​ឯ​ទៀត។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: ម្ដាយ​ម្នាក់​ជួយ​កូន​ស្រី​ដែល​កំពុង​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​មួយ​ដល់​បង​ប្រុស​ម្នាក់​ដែល​ជាប់​គុក។