លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការធ្វើឲ្យមានចំណងមិត្តភាពឡើងវិញជាមួយព្រះយេហូវ៉ា

ការធ្វើឲ្យមានចំណងមិត្តភាពឡើងវិញជាមួយព្រះយេហូវ៉ា

ជា​រៀង​រាល់​ឆ្នាំ បុគ្គល​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​ចៀម​ដ៏​មាន​តម្លៃ​ចូល​មក​ក្រុម​ជំនុំ​ឡើង​វិញ។ សូម​ស្រមៃ​គិត​ថា​«​នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​»​ខ្លាំង​យ៉ាង​ណា រាល់​ដង​ពេល​បុគ្គល​ម្នាក់​ត្រឡប់​មក​វិញ! (​លូក. ១៥:៧, ១០​) បើ​អ្នក​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​បណ្ដា​ទេវតា​អរ​សប្បាយ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កាល​ដែល​អ្នក​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ឡើង​វិញ អ្នក​ប្រហែល​ជា​នឹង​ជួប​ការ​ពិបាក​ផ្សេង​ៗ។ តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ ហើយ​តើ​អ្វី​អាច​ជួយ​អ្នក?

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ?

បង​ប្អូន​ជា​ច្រើន​នៅ​តែ​ធ្លាក់​ទឹក​ចិត្ត ទោះ​ជា​ពួក​គេ​បាន​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​ក្ដី។ អ្នក​ប្រហែល​ជា​យល់​អំពី​អារម្មណ៍​របស់​ស្ដេច​ដាវីឌ។ សូម្បី​តែ​ក្រោយ​ពី​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​គាត់ ក៏​គាត់​និយាយ​ថា​៖ ​«​កំហុស​របស់​ខ្ញុំ​មាន​ច្រើន​ពន់​ពេក​»។ (​ចសព. ៤០:១២; ៦៥:៣​) ក្រោយ​ពី​បុគ្គល​ម្នាក់​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ គាត់​ប្រហែល​ជា​បន្ទោស​ខ្លួន ឬ​ខ្មាស​គេ​អស់​ជា​ច្រើន​ឆ្នាំ។ បង​ស្រី​អ៊ីស្សាបេឡេ *បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អស់​ជាង​២០​ឆ្នាំ ហើយ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​ខ្ញុំ​»។ បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​អាច​ចុះ​ខ្សោយ​ម្ដង​ទៀត។ (​សុភ. ២៤:១០​) សូម​ព្យាយាម​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក​ឡើយ។

បង​ប្អូន​ផ្សេង​ទៀត​ព្រួយ​បារម្ភ​ថា ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើង​វិញ​ឡើយ។ ក្រោយ​ពី​បង​ប្រុស​ម្នាក់​ឈ្មោះ​អេនធ្វាន​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ភ្លេច​អ្វី​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​ធ្លាប់​រៀន​និង​ធ្វើ​ពេល​ខ្ញុំ​ជា​សាក្សី​»។ ដោយ​សារ​បង​ប្អូន​ខ្លះ​មាន​អារម្មណ៍​បែប​នេះ ពួក​គេ​មិន​សូវ​ខំ​ប្រឹង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទេ។

សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ផ្ទះ​មួយ​ខ្នង​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី​ដោយ​សារ​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ។ ពេល​ម្ចាស់​ផ្ទះ​គិត​អំពី​ពេល​វេលា​និង​កម្លាំង​ដែល​នឹង​ត្រូវ​ការ​ដើម្បី​សាង​សង់​ផ្ទះ​នោះ​ឡើង​វិញ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​នោះ​គឺ​ពិបាក​បាត់​ទៅ​ហើយ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក។ ប៉ុន្តែ អ្នក​អាច​ទទួល​ជំនួយ​បាន។

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ថា​៖ ​«​សូម​មក យើង​នឹង​សម្រុះ​សម្រួល​គ្នា​»។ (​អេ. ១:១៨​) ពេល​អ្នក​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ អ្នក​បាន​ខំ​ប្រឹង​«​សម្រុះ​សម្រួល​»​ជា​មួយ​លោក។ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ដោយ​សារ​អ្នក​បាន​ខំ​ប្រឹង​ធ្វើ​ដូច្នេះ។ សូម​គិត ដោយ​សារ​អ្នក​បាន​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ លោក​អាច​ប្រើ​អ្នក​ជា​គំរូ​ដើម្បី​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក!—សុភ. ២៧:១១

ដោយ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ អ្នក​បាន​បង្ហាញ​ថា​អ្នក​បាន​ចូល​កាន់​តែ​ជិត​លោក ហើយ​លោក​សន្យា​ថា​លោក​នឹង​ចូល​មក​ជិត​អ្នក​ផង​ដែរ។ (​យ៉ា. ៤:៨​) ជា​ការ​ល្អ​ដែល​អ្នក​ឯ​ទៀត​ឃើញ​ថា​អ្នក​បាន​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ តែ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទៀត។ តើ​នោះ​ជា​អ្វី? គឺ​អ្នក​ត្រូវ​បន្ត​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ជា​បិតា​និង​មិត្ត​សម្លាញ់​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន

សូម​ព្យាយាម​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន។ អ្នក​ប្រហែល​ជា​នៅ​ចាំ​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​អំពី​ព្រះ​យេហូវ៉ា និង​សេចក្ដី​សន្យា​របស់​លោក​អំពី​ថ្ងៃ​អនាគត។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ត្រូវ​មាន​ទម្លាប់​ល្អ​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច​ជា​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ ចូល​រួម​កិច្ច​ប្រជុំ និង​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ជា​រឿយ​ៗ។ ឥឡូវ សូម​យើង​ពិចារណា​អំពី​គោល​ដៅ​មួយ​ចំនួន​ដែល​អ្នក​អាច​សម្រេច​បាន។

សូម​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ។ បិតា​របស់​អ្នក​យល់​ថា បើ​អ្នក​បន្ត​បន្ទោស​ខ្លួន នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​អធិដ្ឋាន​ទៅ​លោក។ (​រ៉ូម ៨:២៦​) ដូច្នេះ​«​ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»​ ដោយ​ប្រាប់​លោក​ថា​អ្នក​ពិត​ជា​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ (​រ៉ូម ១២:១២​) បង​ប្រុស​អាន់ទ្រេ​នឹក​ចាំ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​អៀន​ខ្មាស​និង​បន្ទោស​ខ្លួន​យ៉ាង​ខ្លាំង។ ប៉ុន្តែ រាល់​ដង​ក្រោយ​ពី​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​អារម្មណ៍​ធូរ​ជាង និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ច្រើន​ជាង​»។ បើ​អ្នក​មិន​ដឹង​ថា​អ្នក​គួរ​អធិដ្ឋាន​អំពី​អ្វី​ទេ សូម​គិត​ពិចារណា​អំពី​សេចក្ដី​អធិដ្ឋាន​របស់​ស្ដេច​ដាវីឌ​នៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៥១ និង​៦៥ ដែល​បង្ហាញ​អំពី​ការ​ប្រែ​ចិត្ត​របស់​គាត់។

ចូរ​សិក្សា​គម្ពីរ​ជា​រឿយ​ៗ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​រឹង​មាំ ហើយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​កាន់​តែ​ខ្លាំង​ឡើង។ (​ចសព. ១៩:៧​-​១១​) បង​ប្រុស​ហ្វេលេភេ​និយាយ​ថា​៖ ​«​ដោយ​សារ​ពី​មុន ខ្ញុំ​មិន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​អាន​គម្ពីរ ជំនឿ​របស់​ខ្ញុំ​បាន​ចុះ​ខ្សោយ​ទៅ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត។ ខ្ញុំ​មិន​ចង់​ធ្វើ​ខុស​ម្ដង​ទៀត​ទេ ដូច្នេះ​ខ្ញុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​រឿយ​ៗ​»។ អ្នក​ក៏​អាច​ធ្វើ​ដូច​បង​ហ្វេលេភេ​ដែរ។ បើ​អ្នក​មិន​ដឹង​ថា​គួរ​សិក្សា​ប្រធានបទ​ណា​ខ្លះ អ្នក​អាច​សុំ​ជំនួយ​ពី​មិត្ត​ភក្តិ​ណា​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ។

ចូរ​ព្យាយាម​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ អ្នក​ខ្លះ​ដែល​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​បារម្ភ​ថា​អ្នក​ឯ​ទៀត​អាច​គិត​មិន​ល្អ​មក​លើ​ពួក​គេ។ បង​ស្រី​ឡារិស្សា​បាន​សារភាព​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ជា​បាន​ក្បត់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​អៀន​ខ្មាស​ខ្លាំង​ណាស់ ហើយ​អារម្មណ៍​នេះ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​អស់​រយៈ​ពេល​ជា​យូរ​»។ ទោះ​ជា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ក្ដី សូម​ជឿ​ជាក់​ថា​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ ចង់​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី​ខ្លះ?​»​) ពួក​គេ​សប្បាយ​ចិត្ត​ដែល​អ្នក​មក​វិញ ហើយ​ពួក​គេ​ក៏​ចង់​ឃើញ​អ្នក​សប្បាយ​រីករាយ​ដែរ!—សុភ. ១៧:១៧

តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ចូល​កាន់​តែ​ជិត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ? សូម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់ និង​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ជា​ទៀង​ទាត់។ តើ​នេះ​នឹង​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច? បង​ប្រុស​ហ្វេលីច​និយាយ​ថា​៖ ​«​បង​ប្អូន​ក្រុម​ជំនុំ​ទន្ទឹង​រង់​ចាំ​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​តម្លៃ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​ក្រុម​គ្រួសារ​របស់​ព្រះ​ឡើង​វិញ ជួយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ទទួល​ការ​អភ័យ​ទោស ហើយ​ជួយ​ខ្ញុំ​ឲ្យ​ឈាន​ទៅ​មុខ​»​ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ?​»​)។

សូម​កុំ​ឈប់​ព្យាយាម​ឡើយ!

ពេល​អ្នក​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា សាថាន​នឹង​បន្ត​ព្យាយាម​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​ដើម្បី​នាំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ​ទៅ។ (​លូក. ៤:១៣​) សូម​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ ដោយ​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក។

ស្ដី​អំពី​ចៀម​របស់​លោក ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​ចៀម​ណា​ដែល​បាត់ ខ្ញុំ​នឹង​ស្វែង​រក។ ចៀម​ណា​ដែល​វង្វេង ខ្ញុំ​នឹង​នាំ​ត្រឡប់​មក​វិញ។ ចៀម​ណា​ដែល​មាន​របួស ខ្ញុំ​នឹង​រុំ​របួស​ឲ្យ។ ចៀម​ណា​ដែល​ខ្សោយ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​»។ (​អេគ. ៣៤:១៦​) ព្រះ​យេហូវ៉ា​បាន​ជួយ​បុគ្គល​ជា​ច្រើន​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​លោក។ ដូច្នេះ ចូរ​ជឿ​ជាក់​ថា​លោក​ចង់​ជួយ​អ្នក​ឲ្យ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​លោក។

^ វគ្គ 4 ឈ្មោះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។