១៩២១ មួយរយឆ្នាំបានកន្លងផុតទៅ
នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩២១ មានសំណួរសម្រាប់និស្សិតគម្ពីរថា៖ «តើយើងអាចទន្ទឹងរង់ចាំធ្វើកិច្ចការអ្វីខ្លះនៅឆ្នាំនេះ?»។ បន្ទាប់មកទស្សនាវដ្ដីនោះបានផ្ដល់ចម្លើយពីអេសាយ ៦១:១, ២ ដែលរំលឹកពួកគេអំពីភារកិច្ចរបស់ពួកគេដើម្បីផ្សព្វផ្សាយ។ ខគម្ពីរនោះចែងថា៖ «ព្រះយេហូវ៉ាបានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អ ដល់ជនដែលមានចិត្តសុភាព... ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត និងអំពីថ្ងៃសងសឹករបស់ព្រះនៃយើង»។
អ្នកផ្សាយដ៏ក្លាហាន
និស្សិតគម្ពីរត្រូវការចិត្តក្លាហាន ដើម្បីផ្សព្វផ្សាយ។ ពួកគេត្រូវប្រកាស«ដំណឹងល្អ»ដល់មនុស្សដែលមានចិត្តសុភាព ព្រមទាំងប្រកាសអំពី«ថ្ងៃសងសឹក»ដល់មនុស្សអាក្រក់ដែរ។
បងប្រុសចន ហុសកិនដែលរស់នៅប្រទេសកាណាដា បានផ្សព្វផ្សាយដោយចិត្តក្លាហាន ទោះជាគាត់ទទួលការប្រឆាំងក៏ដោយ។ នៅដើមឆ្នាំ១៩២១ គាត់បានជួបគ្រូគង្វាលពីនិកាយមេតូឌីស្ទ។ បងហុសកិនចាប់ផ្ដើមការសន្ទនាដោយនិយាយថា៖ «សូមយើងនិយាយគ្នាលេងៗអំពីគម្ពីរ ហើយបើមានចំណុចណាដែលយើងមិនយល់ស្រប យើងនៅតែអាចបញ្ចប់ការសន្ទនាដោយស្រួលបួល និងនៅតែរាប់អានគ្នា»។ ប៉ុន្តែ នោះមិនបានកើតឡើងទេ។ បងហុសកិននិយាយថា៖ «ក្រោយយើងបាននិយាយគ្នាតែប៉ុន្មាននាទី [គ្រូគង្វាលនោះ]វ៉ៃទ្វារផ្ទះខ្លាំងដល់ម្ល៉េះ បានជាខ្ញុំស្មានថាកញ្ចក់ទ្វារនឹងបែក»។
គ្រូគង្វាលនោះបានស្រែកថា៖ «ម៉េចមិនទៅរកអ្នកមិនជឿ ហើយនិយាយជាមួយគេទៅ?»។ បងហុសកិនមិនបានតបឆ្លើយទេ តែពេលគាត់ចេញទៅ គាត់គិតក្នុងចិត្តថា‹ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងនិយាយជាមួយអ្នកមិនជឿហើយតើ!›។
នៅថ្ងៃបន្ទាប់ ពេលគ្រូគង្វាលនោះថ្លែងសុន្ទរកថានៅវិហាររបស់គាត់ គាត់បាននិយាយមិនល្អអំពីបងហុសកិន។ បងហុសកិននិយាយថា៖ «គាត់បានព្រមានក្រុមជំនុំរបស់គាត់អំពីខ្ញុំ ហើយថាខ្ញុំជាអ្នកភូតភរខ្លាំងជាងគេដែលមិនធ្លាប់មាននៅក្រុងនោះ ព្រមទាំងថាខ្ញុំសមនឹងឲ្យគេបាញ់សម្លាប់»។ ប៉ុន្តែនេះមិនបានបញ្ឈប់បងហុសកិនទេ។ គាត់បានបន្តផ្សព្វផ្សាយ ហើយនិយាយជាមួយមនុស្សជាច្រើន។ បងហុសកិននិយាយបន្តទៀតថា៖ «ខ្ញុំចូលចិត្តផ្សព្វផ្សាយនៅក្រុងនោះខ្លាំងណាស់។ អ្នកខ្លះថែមទាំងនិយាយថា៖ ‹ខ្ញុំដឹងថាអ្នកកំពុងធ្វើកិច្ចការរបស់ព្រះ!› ហើយពួកគេបានស្នើសុំជួយបំពេញសេចក្ដីត្រូវការរបស់ខ្ញុំ»។
ការសិក្សាផ្ទាល់ខ្លួន និងការសិក្សាជាក្រុមគ្រួសារ
ដើម្បីជួយអ្នកចាប់អារម្មណ៍ឲ្យរីកចម្រើន និស្សិតគម្ពីរបានបោះពុម្ពសំណួរនិងចម្លើយពីគម្ពីរជាទៀងទាត់ក្នុងទស្សនាវដ្ដីសម័យរុងរឿង(The Golden Age)។ * ទស្សនាវដ្ដីនោះក៏មានសំណួរពីគម្ពីរសម្រាប់ប្អូនៗវ័យក្មេង ដែលឪពុកម្ដាយអាចយកមកពិចារណាជាមួយកូនៗ។ ឪពុកម្ដាយបានសួរសំណួរដល់កូន ហើយជួយពួកគេឲ្យរកឃើញចម្លើយពីគម្ពីរ។ សំណួរខ្លះ ដូចជា«តើមានសៀវភៅប៉ុន្មានក្នុងគម្ពីរ?» បានបង្រៀនព័ត៌មានបឋមៗអំពីគម្ពីរ។ សំណួរផ្សេងទៀត ដូចជា«តើគ្រិស្តសាសនិកម្នាក់ៗគួររំពឹងថា គាត់នឹងទទួលការបៀតបៀនឬទេ?» ជួយប្អូនៗវ័យក្មេងឲ្យត្រៀមខ្លួនផ្សព្វផ្សាយដោយចិត្តក្លាហាន។
មានសំណួរអំពីគម្ពីរសម្រាប់បុគ្គលដែលស្គាល់គម្ពីរច្បាស់ជាង។ ពួកគេអាចរកចម្លើយពីសៀវភៅទី១នៃការសិក្សាអំពីបទគម្ពីរ(Studies in the Scriptures)។ បុគ្គលជាច្រើននាក់បានទទួលប្រយោជន៍ពីសំណួរទាំងនោះ។ ប៉ុន្តែ ទស្សនាវដ្ដីសម័យរុងរឿង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩២១ បានប្រកាសថាសំណួរទាំងនោះនឹងលែងបោះពុម្ពទៀត។ ហេតុអ្វី?
សៀវភៅថ្មី!
បងប្អូនជាអ្នកនាំមុខបានយល់ថា សិស្សគម្ពីរថ្មីត្រូវរៀនគម្ពីរតាមប្រធានបទម្ដងមួយៗ។ ដូច្នេះនៅខែវិច្ឆិកា ឆ្នាំ១៩២១ សៀវភៅដែលមានចំណងជើងថាពិណរបស់ព្រះ(The Harp of God)បានត្រូវចេញផ្សាយ។ អ្នកចាប់អារម្មណ៍ដែលទទួលសៀវភៅនោះក៏អាចរៀនវគ្គសិក្សាដោយខ្លួនឯង។ វគ្គសិក្សានោះជួយមនុស្សឲ្យរៀនអំពីគោលបំណងរបស់ព្រះដើម្បីឲ្យមនុស្សជាតិមានជីវិតដែលគ្មានទីបញ្ចប់។ តើវគ្គសិក្សានោះបានធ្វើឡើងយ៉ាងដូចម្ដេច?
ពេលបុគ្គលណាម្នាក់ទទួលសៀវភៅនោះ គាត់ទទួលកាតតូចមួយដែលប្រាប់គាត់អំពីទំព័រណាដែលគាត់គួរអាន។ នៅសប្ដាហ៍បន្ទាប់ គាត់ទទួលកាតមួយដែលមានសំណួរផ្សេងៗអំពីអ្វីដែលគាត់បានអាន ហើយនៅចុងកាតនោះ ប្រាប់អំពីទំព័រខ្លះទៀតដែលគាត់គួរអានសម្រាប់សប្ដាហ៍ក្រោយ។
មួយសប្ដាហ៍ម្ដងអស់១២សប្ដាហ៍ សិស្សនោះទទួលកាតថ្មីតាមសំបុត្រពីក្រុមជំនុំដែលនៅជិតគាត់។ បងប្អូនវ័យចាស់ឬបងប្អូនដែលមិនអាចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ច្រើនតែជាអ្នកផ្ញើកាតនោះ។ ជាឧទាហរណ៍ បងស្រីអាណា ហ្គាដណឺពីក្រុងមិលវ៉េល រដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាម៉េរិក នឹកចាំថា៖ «ពេលសៀវភៅពិណរបស់ព្រះបានចេញផ្សាយ បងស្រីខ្ញុំដែលពិការឈ្មោះថែល អាចធ្វើច្រើនជាងក្នុងកិច្ចការផ្សព្វផ្សាយ។ ជារៀងរាល់សប្ដាហ៍ គាត់ត្រូវផ្ញើកាតដែលមានសំណួរទាំងនោះដល់បុគ្គលផ្សេងៗ»។ ពេលសិស្សបង្ហើយវគ្គសិក្សានោះ បងប្អូនណាម្នាក់ពីក្រុមជំនុំបានទៅជួបគាត់ ដើម្បីជួយគាត់ឲ្យរៀនថែមទៀតអំពីគម្ពីរ។
កិច្ចការនៅខាងមុខ
នៅចុងឆ្នាំនោះ បងប្រុសចូសេហ្វ រ៉ូធើហ្វឺតបានផ្ញើសំបុត្រមួយទៅក្រុមជំនុំនានា។ គាត់សរសេរថា៖ «កិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះនៅឆ្នាំនេះ គឺធ្វើឡើងនៅកន្លែងច្រើនជាង និងជួយមនុស្សច្រើនជាងឆ្នាំមុនៗទៅទៀត»។ គាត់បន្ថែមថា៖ «នៅសល់កិច្ចការច្រើនទៀត។ សូមលើកទឹកចិត្តអ្នកឯទៀត ឲ្យចូលរួមក្នុងកិច្ចការដ៏អស្ចារ្យនេះ»។ និស្សិតគម្ពីរពិតជាបានធ្វើតាមយោបល់នោះ។ នៅឆ្នាំ១៩២២ ពួកគេបានផ្សព្វផ្សាយយ៉ាងអង់អាចក្លាហានអំពីរាជាណាចក្រព្រះច្រើនជាងពេលមុនៗ។
^ វគ្គ 9 នៅឆ្នាំ១៩៣៧ ឈ្មោះរបស់ទស្សនាវដ្ដីសម័យរុងរឿង បានទៅជាទស្សនាវដ្ដីការសម្រាលទុក្ខ(Consolation)។ បន្ទាប់មក ឈ្មោះនោះបានត្រូវផ្លាស់ប្ដូរជាទស្សនាវដ្ដីភ្ញាក់រឭក! នៅឆ្នាំ១៩៤៦។