លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ខ្ញុំស្វែងរកជីវិតដែលមានន័យខ្លឹមសារ

ខ្ញុំស្វែងរកជីវិតដែលមានន័យខ្លឹមសារ

ពេល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ទូក​ក្ដោង​នៅ​កណ្ដាល​សមុទ្រ​មេឌីទែរ៉ានេ ខ្ញុំ​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ទូក​ក្ដោង​ចាស់​របស់​ខ្ញុំ​ធ្លាយ​យ៉ាង​ខ្លាំង​រហូត​ដល់​មាន​ទឹក​ចូល​យ៉ាង​ច្រើន។ ក្រោយ​មក​មាន​ព្យុះ។ ខ្ញុំ​ភ័យ ហើយ​បាន​អធិដ្ឋាន ជា​អ្វី​ដែល​ខ្ញុំ​ខាន​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ។ ហេតុ​អ្វី​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​នេះ? ខ្ញុំ​សូម​រៀប​រាប់​សាច់​រឿង​តាំង​ពី​ដើម​ដំបូង​មក។

ពេល​ខ្ញុំ​អាយុ​៧​ឆ្នាំ ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​រស់​នៅ​ប្រទេស​ប្រេស៊ីល

ខ្ញុំ​បាន​កើត​មក​នៅ​ឆ្នាំ​១៩៤៨ នា​ប្រទេស​ហូឡង់។ នៅ​ឆ្នាំ​បន្ទាប់ ក្រុម​គ្រួសារ​របស់​យើង​បាន​រើ​ទៅ​ក្រុង​សៅប៉ូឡូ ប្រទេស​ប្រេស៊ីល។ ឪពុក​ម្ដាយ​ខ្ញុំ​ទៅ​វិហារ​ជា​ទៀង​ទាត់ ហើយ​ក្រុម​គ្រួសារ​យើង​មាន​ទម្លាប់​អាន​គម្ពីរ​ជា​មួយ​គ្នា​ក្រោយ​ពី​អាហារ​ល្ងាច។ នៅ​ឆ្នាំ​១៩៥៩ យើង​បាន​រើ​ពី​ប្រទេស​ប្រេស៊ីល​ទៅ​សហរដ្ឋ​អាម៉េរិក នៅ​រដ្ឋ​ម៉ាស្សាឈូសេត។

ឪពុក​របស់​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​៨​នាក់។ គាត់​មាន​ការ​ងារ​ផ្សេង​ៗ​ដូច​ជា អ្នក​លក់​តាម​ផ្ទះ អ្នក​សាង​សង់​ផ្លូវ និង​អ្នក​លក់​សំបុត្រ​នៅ​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរជាតិ​មួយ។ យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ពេល​គាត់​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរជាតិ ដោយ​សារ​យើង​អាច​ធ្វើ​ដំណើរ​បាន​ច្រើន​កន្លែង។

ក្នុង​អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ច្រើន​តែ​គិត​ថា​‹តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ពេល​ខ្ញុំ​ធំ​ឡើង?›។ មិត្ត​ភក្តិ​ខ្លះ​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ រីឯ​មិត្ត​ភក្ដិ​ខ្លះ​ទៀត បាន​សម្រេច​ចិត្ត​ធ្វើ​ទាហាន។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​ទាហាន​ទេ ដោយ​សារ​ខ្ញុំ​ពិត​ជា​មិន​ចង់​ធ្វើ​សង្គ្រាម។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​ដើម្បី​ជៀស​វាង​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា។ តាម​ពិត​នៅ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ចង់​ជួយ​អ្នក​ឯ​ទៀត ដោយ​សារ​ខ្ញុំ​គិត​ថា​នេះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។

ជីវិត​នៅ​សកល​វិទ្យាល័យ

អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ស្វែង​រក​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ

នៅ​សកល​វិទ្យាល័យ ខ្ញុំ​ចាប់​អារម្មណ៍​មុខ​វិជ្ជា​មនុស្ស​សាស្ត្រ ដោយ​សារ​ខ្ញុំ​ឆ្ងល់​អំពី​ដើម​កំណើត​នៃ​ជីវិត។ គ្រូ​បង្រៀន​នៅ​ទី​នោះ​បង្រៀន​យើង​អំពី​ការ​វិវត្តន៍ ហើយ​ចង់​ឲ្យ​យើង​ជឿ​ថា​នោះ​ជា​ការ​ពិត។ ប៉ុន្តែ ចំពោះ​ខ្ញុំ ការ​ពន្យល់​របស់​ពួក​គេ​គឺ​មិន​សម​ហេតុ​ផល ហើយ​តម្រូវ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​អ្វី​មួយ​ដែល​គ្មាន​ភ័ស្តុតាង។

នៅ​ក្នុង​ថ្នាក់​របស់​ខ្ញុំ គ្រូ​មិន​បង្រៀន​អំពី​គោល​ការណ៍​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បង្រៀន​អំពី​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ពិន្ទុ​ល្អ​នៅ​សកល​វិទ្យាល័យ។ ការ​ជប់​លៀង​ជា​មួយ​មិត្ត​ភក្ដិ​នៅ​សាលា​និង​ការ​សាក​ប្រើ​គ្រឿង​ញៀន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ប៉ុន្តែ​នោះ​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំ​ឆ្ងល់​ថា​‹តើ​ជីវិត​បែប​នេះ​ពិត​ជា​មាន​ន័យ​ខ្លឹម​សារ​ឬ​ទេ?›។

ក្រោយ​មក ខ្ញុំ​បាន​រើ​ទៅ​ក្រុង​បូស្តុន ហើយ​បាន​ចាប់​ផ្ដើម​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​នៅ​ទី​នោះ។ ខ្ញុំ​បាន​ធ្វើ​ការ​ក្នុង​អំឡុង​ពេល​វិស្សមកាល ហើយ​នៅ​កន្លែង​ធ្វើ​ការ ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ជា​លើក​ដំបូង។ អ្នក​រួម​ការ​ងារ​ដែល​ជា​សាក្សី​នោះ និយាយ​ជា​មួយ​ខ្ញុំ​អំពី​ទំនាយ​ស្ដី​អំពី​«​៧​គ្រា​»​នៅ​ដានីយ៉ែល ជំពូក​ទី⁠៤ ហើយ​ពន្យល់​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់។ (​ដាន. ៤:១៣​-​១៧​) ភ្លាម​ៗ​ខ្ញុំ​យល់​ថា បើ​ខ្ញុំ​បន្ត​និយាយ​ជា​មួយ​គាត់​អំពី​គម្ពីរ ហើយ​ជឿ​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត។ ដូច្នេះ ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គេច​ពី​គាត់។

នៅ​សកល​វិទ្យាល័យ ខ្ញុំ​បាន​រៀន​មុខ​វិជ្ជា​ដែល​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ស្ម័គ្រ​ចិត្ត​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ ខ្ញុំ​បាន​គិត​ថា ការ​ធ្វើ​កិច្ច​ការ​សប្បុរសធម៌​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​ដឹង​ថា​សូម្បី​តែ​កិច្ច​ការ​នោះ ក៏​មិន​នាំ​ឲ្យ​មាន​ជីវិត​ដែល​មាន​ន័យ​ទេ។ ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​ឈប់​ទៅ​សកល​វិទ្យាល័យ​នៅ​ចុង​ឆមាស។

ខ្ញុំ​បន្ត​ស្វែង​រក​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​នៅ​កន្លែង​ឆ្ងាយ

នៅ​ខែ​ឧសភា ឆ្នាំ​១៩៧០ ខ្ញុំ​បាន​រើ​ទៅ​ក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់ ដើម្បី​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​អាកាសចរណ៍​ដូច​ឪពុក​ខ្ញុំ។ ដោយ​សារ​ការ​ងារ​នោះ ខ្ញុំ​មាន​ឱកាស​ទៅ​លេង​ប្រទេស​ផ្សេង​ៗ​នៅ​ទ្វីប​អាហ្វ្រិក អាម៉េរិក អឺរ៉ុប និង​អាស៊ី។ នៅ​ប្រទេស​ទាំង​នោះ ខ្ញុំ​បាន​ឃើញ​ថា​មាន​បញ្ហា​ធំ​ៗ​ដូច​គ្នា ហើយ​គ្មាន​អ្នក​ណា​អាច​ដោះ​ស្រាយ​បាន​ទេ។ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​អ្វី​មួយ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​ខ្ញុំ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​រើ​ទៅ​សហរដ្ឋ​អាម៉េរិក​វិញ ហើយ​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​ដែល​ខ្ញុំ​ធ្លាប់​រៀន​នៅ​ក្រុង​បូស្តុន។

ប៉ុន្តែ ភ្លាម​ៗ​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​រៀន​នៅ​សកល​វិទ្យាល័យ​មិន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ចម្លើយ​ដែល​ខ្ញុំ​ឆ្ងល់​អំពី​ជីវិត​ទេ។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ឡើយ។ ដូច្នេះ ខ្ញុំ​បាន​សុំ​យោបល់​ពី​សាស្ត្រាចារ្យ​ម្នាក់​ខាង​មនុស្ស​សាស្ត្រ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល​គាត់​និយាយ​ថា​៖ ​«​មិន​ចាំ​បាច់​បន្ត​សិក្សា​ទេ ឈប់​ឥឡូវ​ក៏​បាន!​»។ ក្រោយ​ពី​គាត់​និយាយ​ចប់ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​រៀន​តែ​ម្ដង។

ជីវិត​របស់​ខ្ញុំ​ដូច​ជា​គ្មាន​ន័យ​ទេ។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ចូល​ក្រុម​មនុស្ស​ដែល​មាន​របៀប​រស់​នៅ​ខុស​គេ ហើយ​ដែល​មើល​ទៅ​លើក​ស្ទួយ​ការ​មាន​សេចក្ដី​ស្រឡាញ់​និង​សន្តិសុខ។ ខ្ញុំ​និង​មិត្ត​ភក្ដិ​ខ្លះ​ៗ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សហរដ្ឋ​អាម៉េរិក​រហូត​ដល់​យើង​ទៅ​ដល់​ក្រុង​អាកាផូលកូ ប្រទេស​ម៉ិកស៊ិក។ នៅ​ទី​នោះ យើង​បាន​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ដែល​មើល​ទៅ​គ្មាន​ការ​ខ្វល់​ខ្វាយ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​រស់​នៅ​ជា​មួយ​ពួក​គេ ខ្ញុំ​អាច​ដឹង​ថា​ជីវិត​របស់​ពួក​គេ​មិន​មាន​ន័យ​ខ្លឹម​សារ ហើយ​មិន​មាន​សុភមង្គល​ដែល​ស្ថិត​ស្ថេរ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ឃើញ​ថា​ពួក​គេ​ភាគ​ច្រើន គឺ​មិន​មែន​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​ទៀង​ត្រង់​នោះ​ឡើយ។

ខ្ញុំ​ជិះ​ទូក​ក្ដោង​បន្ត​ស្វែង​រក​ជីវិត​ដ៏​មាន​ន័យ

ខ្ញុំ​និង​មិត្ត​ភក្ដិ​ខ្ញុំ​បាន​ស្វែង​រក​កោះ​ដ៏​ស្អាត

ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​គិត​ចង់​សម្រេច​ក្ដី​ស្រមៃ​ដែល​ខ្ញុំ​មាន​តាំង​ពី​ក្មេង​មក។ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​បើក​ទូក​ក្ដោង​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​អ្នក​ណា​បញ្ជា។ វិធី​មួយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន​គឺ​ខ្ញុំ​ត្រូវ​ទិញ​ទូក​ក្ដោង។ ដោយ​សារ​ខ្ញុំ​និង​ថំ​ដែល​ជា​មិត្ត​ខ្ញុំ​មាន​ចិត្ត​គំនិត​ដូច​គ្នា​អំពី​រឿង​នេះ យើង​សម្រេច​ចិត្ត​ជិះ​ទូក​ក្ដោង​ជា​មួយ​គ្នា​ដើម្បី​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក។ ខ្ញុំ​ចង់​ស្វែង​រក​កោះ​ស្អាត​មួយ ជា​កន្លែង​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​សង្គម​មនុស្ស។

ខ្ញុំ​និង​ថំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អារិនីស ដាម៉ា ជិត​ក្រុង​បាសាឡូណា ប្រទេស​អេស្ប៉ាញ។ នៅ​ទី​នោះ យើង​បាន​ទិញ​ទូក​ក្ដោង​មួយ​ឈ្មោះ​លីក្រា ដែល​មាន​ប្រវែង​៩.៤​ម៉ែត្រ។ យើង​បាន​ជួស​ជុល​ទូក​នោះ ដើម្បី​យើង​អាច​ធ្វើ​ដំណើរ​តាម​សមុទ្រ​ដោយ​សុវត្ថិភាព។ ដោយ​សារ​យើង​មិន​ប្រញាប់​ទៅ​ដល់​គោល​ដៅ​របស់​យើង យើង​បាន​ដក​ម៉ាស៊ីន​ចេញ ហើយ​ដាក់​ទឹក​ផឹក​ជំនួស​វិញ។ យើង​ក៏​បាន​ទិញ​ចង្វា​ប្រវែង​ប្រាំ​ម៉ែត្រ​មួយ​គូ ដើម្បី​អាច​ជិះ​ចូល​កំពង់​ផែ​តូច​ៗ។ ទី​បំផុត យើង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​កោះ​សីស្ហែល នា​មហា​សមុទ្រ​ឥណ្ឌា។ យើង​មាន​គម្រោង​ជិះ​ឆ្វែល​តាម​ឆ្នេរ​នៅ​អាហ្វ្រិក​ភាគ​ខាង​លិច​និង​អាហ្វ្រិក​ភាគ​ខាង​ត្បូង។ យើង​ប្រើ​ផ្កាយ ផែន​ទី​ខ្លះ សៀវ​ភៅ​ផ្សេង​ៗ និង​ឧបករណ៍​សាមញ្ញ​ដែល​បង្ហាញ​ទិស ដើម្បី​យើង​អាច​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ត្រឹម​ត្រូវ។ ខ្ញុំ​កោត​ស្ងើច ដោយ​ប្រើ​អ្វី​ទាំង​នោះ យើង​អាច​ដឹង​អំពី​ទី​តាំង​របស់​យើង​យ៉ាង​ត្រឹម​ត្រូវ។

មិន​យូរ​ក្រោយ​មក យើង​បាន​ឃើញ​ថា​ទូក​របស់​យើង​មិន​សម​ធ្វើ​ដំណើរ​កាត់​មហា​សមុទ្រ​ទេ។ វា​មាន​ទឹក​ចូល​ប្រហែល​ជា​២២​លីត្រ​ក្នុង​មួយ​ម៉ោង។ ដូច​ខ្ញុំ​បាន​រៀប​រាប់​នៅ​ពាក្យ​ផ្ដើម ពេល​មាន​ខ្យល់​ព្យុះ ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​បាន​អធិដ្ឋាន​ទៅ​ព្រះ ជា​អ្វី​ដែល​ខ្ញុំ​ខាន​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ។ នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​នោះ ខ្ញុំ​បាន​សន្យា​ទៅ​ព្រះ​ថា បើ​ខ្ញុំ​រួច​ជីវិត ខ្ញុំ​នឹង​ស្វែង​រក​លោក។ ក្រោយ​មក ខ្យល់​ព្យុះ​បាន​ស្ងប់​ជាង ហើយ​ខ្ញុំ​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្ញុំ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​គម្ពីរ​កាល​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ។ សូម​ស្រមៃ​គិត​ថា​គឺ​ស្អាត​យ៉ាង​ណា នៅ​ជុំ​វិញ​អាច​ឃើញ​ត្រី​ច្រើន​ប្រភេទ​កំពុង​ហែល​ទឹក ហើយ​សម្លឹង​ឃើញ​ជើង​មេឃ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក! យប់​ឡើង ខ្ញុំ​កោត​ស្ងើច​ចំពោះ​កាឡាក់ស៊ី​មីលគីវ៉េ​របស់​យើង​ដែល​មាន​ផ្កាយ​ជា​ច្រើន។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​មាន​ព្រះ​មួយ​ដែល​ចាប់​អារម្មណ៍​នឹង​មនុស្សជាតិ។

ក្រោយ​ពី​ប៉ុន្មាន​សប្ដាហ៍​នៅ​លើ​សមុទ្រ យើង​បាន​ទៅ​ដល់​កំពង់​ផែ​នា​ក្រុង​អាលីខេនធី ប្រទេស​អេស្ប៉ាញ ជា​កន្លែង​ដែល​យើង​ដាក់​ទូក​ក្ដោង​លក់​ដើម្បី​យើង​អាច​ទិញ​ទូក​ល្អ​ជាង។ ទូក​យើង​ចាស់ ជ្រាប​ទឹក និង​គ្មាន​ម៉ាស៊ីន ដូច្នេះ​គឺ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​មិន​ងាយ​មាន​គេ​ចង់​ទិញ! ប៉ុន្តែ​ល្អ​ម្យ៉ាង ខ្ញុំ​អាច​មាន​ពេល​អាន​គម្ពីរ។

កាល​ដែល​ខ្ញុំ​កាន់​តែ​អាន​គម្ពីរ ខ្ញុំ​កាន់​តែ​ឃើញ​ថា​សៀវ​ភៅ​នោះ​មាន​ការ​ណែនាំ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​ក្នុង​ជីវិត។ ខ្ញុំ​កោត​ស្ងើច​ដែល​គម្ពីរ​រៀប​រាប់​យ៉ាង​ច្បាស់​លាស់​អំពី​របៀប​រស់​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​រួម​ទាំង​ខ្ញុំ​ចាត់​ទុក​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក ប៉ុន្តែ​បែរ​ជា​មិន​អើពើ​នឹង​អ្វី​ដែល​គម្ពីរ​ចែង​ទៅ​វិញ។

ខ្ញុំ​តាំង​ចិត្ត​លះ​ចោល​របៀប​រស់​នៅ​ដែល​ខ្ញុំ​កំពុង​មាន ដូច្នេះ​ខ្ញុំ​បាន​ឈប់​ប្រើ​គ្រឿង​ញៀន។ ខ្ញុំ​គិត​ថា​ច្បាស់​ជា​មាន​មនុស្ស​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​គម្ពីរ ហើយ​ខ្ញុំ​ចង់​ជួប​ពួក​គេ។ ខ្ញុំ​បាន​អធិដ្ឋាន​ម្ដង​ទៀត​ទៅ​ព្រះ​ដើម្បី​សុំ​លោក​ឲ្យ​ជួយ​ខ្ញុំ​ជួប​ពួក​គេ។

ខ្ញុំ​ស្វែង​រក​សាសនា​ពិត

សម្រាប់​ខ្ញុំ គឺ​មើល​ទៅ​សម​ហេតុ​សម​ផល​ឲ្យ​ពិនិត្យ​ពិចារណា​សាសនា​ទាំង​អស់​ម្ដង​មួយ​ៗ រហូត​ដល់​ខ្ញុំ​រក​ឃើញ​សាសនា​ពិត។ កាល​ដែល​ខ្ញុំ​ដើរ​តាម​ផ្លូវ​នៃ​ក្រុង​អាលីខេនធី ខ្ញុំ​បាន​ឃើញ​អគារ​ជា​ច្រើន​របស់​សាសនា។ ប៉ុន្តែ ដោយ​សារ​អគារ​ភាគ​ច្រើន​ទាំង​នោះ​មាន​រូប​ព្រះ ខ្ញុំ​ដឹង​ថា​សាសនា​ទាំង​នោះ​មិន​មែន​ជា​សាសនា​ពិត​ទេ។

នៅ​រសៀល​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​អង្គុយ​លើ​ជម្រាល​ភ្នំ មើល​ទៅ​កំពង់​ផែ ហើយ​អាន​បទ​គម្ពីរ​នៅ​យ៉ាកុប ២:១​-​៥ ដែល​ព្រមាន​អំពី​ការ​ប្រព្រឹត្ត​ដោយ​លម្អៀង​ចំពោះ​អ្នក​មាន។ ក្រោយ​មក ពេល​ខ្ញុំ​ដើរ​ទៅ​ទូក​វិញ ខ្ញុំ​ឃើញ​កន្លែង​មួយ​ដែល​មើល​ទៅ​ជា​កន្លែង​ប្រជុំ​គ្នា​ខាង​សាសនា។ នៅ​ទី​នោះ គេ​មាន​ស្លាក​មួយ​ដែល​ថា ​«​សាល​ប្រជុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​»។

ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា ‹ខ្ញុំ​នឹង​សាក​ចូល​កន្លែង​នេះ ហើយ​ចាំ​មើល​ថា​មនុស្ស​នៅ​ទី​នោះ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ខ្ញុំ›។ ខ្ញុំ​ចូល​ទៅ​ទាំង​ជើង​ទទេ មាន​ពុក​ចង្កា​ស្រមូម និង​ស្លៀក​ខោ​រហែក។ ពេល​ខ្ញុំ​ចូល​ទៅ​ក្នុង ឆ្មាំ​ម្នាក់​បាន​នាំ​ខ្ញុំ​ឲ្យ​អង្គុយ​ជិត​ស្ត្រី​វ័យ​ចាស់​ម្នាក់​ដែល​ជួយ​ខ្ញុំ​ឲ្យ​បើក​គម្ពីរ​ពេល​អ្នក​ថ្លែង​ប្រាប់។ ក្រោយ​ប្រជុំ ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​សប្បុរស​របស់​អស់​អ្នក​ដែល​មក​ស្វាគមន៍​ខ្ញុំ។ មាន​បុរស​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​និយាយ​គ្នា​អំពី​គម្ពីរ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​មិន​ទាន់​អាន​គម្ពីរ​ទាំង​មូល​ចប់ ខ្ញុំ​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​នឹង​ប្រាប់​បង ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ទៅ​លេង​បុរស​នោះ ហើយ​គាត់​បាន​ឆ្លើយ​សំណួរ​ផ្សេង​ៗ​របស់​ខ្ញុំ​អំពី​គម្ពីរ។ មួយ​សប្ដាហ៍​ក្រោយ​មក គាត់​បាន​ឲ្យ​ខ្ញុំ​កាតាប​មួយ​ដែល​មាន​ខោ​អាវ​ស្អាត​ៗ​ជា​ច្រើន។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ម្ចាស់​ខោ​អាវ​នោះ​ជាប់​គុក ដោយ​សារ​ធ្វើ​តាម​បញ្ញត្តិ​ពី​គម្ពីរ​ដែល​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត។ (​អេ. ២:៤; យ៉ូន. ១៣:៣៤, ៣៥​) នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​បាន​រក​ឃើញ​អ្វី​ដែល​ខ្ញុំ​កំពុង​ស្វែង​រក គឺ​មនុស្ស​ដែល​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង​យ៉ាង​ច្បាស់​អំពី​របៀប​រស់​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌។ ខ្ញុំ​លែង​មាន​គោល​ដៅ​ស្វែង​រក​កោះ​ស្អាត​ទៀត​ហើយ តែ​មាន​គោល​ដៅ​សិក្សា​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ​វិញ។ ដូច្នេះ ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​ហូឡង់​វិញ។

ខ្ញុំ​ស្វែង​រក​ការ​ងារ​ធ្វើ

ខ្ញុំ​ធ្វើ​ដំណើរ​អស់​បួន​ថ្ងៃ​ដើម្បី​ទៅ​ដល់​ក្រុង​ក្រុនណិនកិន ប្រទេស​ហូឡង់។ នៅ​ទី​នោះ ខ្ញុំ​ស្វែង​រក​ការ​ងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត។ នៅ​កន្លែង​ជាង​ឈើ​មួយ​ដែល​ខ្ញុំ​បំពេញ​ឯកសារ​ការ​ងារ គេ​សួរ​អំពី​សាសនា​របស់​ខ្ញុំ។ ខ្ញុំ​សរសេរ​ថា​«​សាក្សី​ព្រះ​យេហូវ៉ា​»។ ពេល​ម្ចាស់​កន្លែង​នោះ​ឃើញ​ចម្លើយ​របស់​ខ្ញុំ ទឹក​មុខ​គាត់​ផ្លាស់​ប្ដូរ ហើយ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​ប្អូន​»​ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ។

នៅ​កន្លែង​ជាង​ឈើ​មួយ​ទៀត ខ្ញុំ​បាន​សួរ​ម្ចាស់​កន្លែង​នោះ​ថា​ត្រូវ​ការ​អ្នក​ធ្វើ​ការ​ទេ។ ម្ចាស់​នៅ​ទី​នោះ​បាន​សុំ​មើល​សញ្ញាប័ត្រ​និង​សំបុត្រ​បញ្ជាក់​ការ​ងារ​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ធ្លាប់​ជួស​ជុល​ទូក​ក្ដោង​ដែល​ធ្វើ​ពី​ឈើ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​ពេល​គាត់​ឆ្លើយ​ថា​៖ ​«​ប្អូន​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​រសៀល​នេះ​ទៅ​បាន ប៉ុន្តែ​មាន​ល័ក្ខខ័ណ្ឌ​មួយ។ ខ្ញុំ​មិន​ចង់​ឲ្យ​ប្អូន​បង្ក​បញ្ហា​ណា​ទេ ដោយ​សារ​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ​»។ ខ្ញុំ​មើល​ទៅ​គាត់​ទាំង​ភ្ញាក់​ផ្អើល ហើយ​តប​វិញ​ថា​៖ ​«​ខ្ញុំ​ក៏​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ!​»។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មាន​សក់​វែង​និង​ពុក​ចង្កា គាត់​និយាយ​មក​ខ្ញុំ​ថា​៖ ​«​អ៊ីចឹង ខ្ញុំ​នឹង​បង្រៀន​គម្ពីរ​ដល់​ប្អូន​»។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​យល់​ព្រម ហើយ​ពេល​នោះ​ខ្ញុំ​យល់​មូលហេតុ​ដែល​ម្ចាស់​កន្លែង​មុន​មិន​ទទួល​យក​ខ្ញុំ​ធ្វើ​ការ គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ដ៏​អស់​ពី​ចិត្ត​របស់​ខ្ញុំ។ (​ចសព. ៣៧:៤​) ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កន្លែង​របស់​បង​ប្រុស​នោះ​អស់​មួយ​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ​ហើយ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ខែ​មករា ឆ្នាំ​១៩៧៤។

ទី​បំផុត​ខ្ញុំ​រក​ឃើញ​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ

មួយ​ខែ​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង។ នៅ​ខែ​បន្ទាប់ ខ្ញុំ​បាន​រើ​ទៅ​ក្រុង​អាំស្ទែដាំ ដើម្បី​គាំទ្រ​ក្រុម​ភាសា​អេស្ប៉ាញ​ដែល​ទើប​តែ​បង្កើត​ឡើង។ ខ្ញុំ​ពិត​ជា​សប្បាយ​បង្រៀន​គម្ពីរ​ជា​ភាសា​អេស្ប៉ាញ​និង​ភាសា​ព័រទុយហ្គាល់។ នៅ​ខែ​ឧសភា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ទទួល​ឯកសិទ្ធិ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។

នៅ​ថ្ងៃ​មួយ ប្អូន​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ឈ្មោះ​អ៊ីណេខេ​បាន​មក​កិច្ច​ប្រជុំ​របស់​យើង​ជា​ភាសា​អេស្ប៉ាញ ដើម្បី​ណែនាំ​សិស្ស​គម្ពីរ​របស់​គាត់​ដែល​ជា​ជន​ជាតិ​បូលីវី ឲ្យ​ស្គាល់​បង​ប្អូន​ដែល​និយាយ​ភាសា​អេស្ប៉ាញ។ ខ្ញុំ​និង​អ៊ីណេខេ​បាន​សម្រេច​ចិត្ត​ស្វែង​យល់​ចិត្ត​គ្នា​ដោយ​សរសេរ​សំបុត្រ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក្រោយ​មក​យើង​ឃើញ​ថា យើង​មាន​គោល​ដៅ​ដូច​គ្នា។ យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៧៦ ហើយ​បាន​បន្ត​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ជា​មួយ​គ្នា​រហូត​ដល់​ឆ្នាំ​១៩៨២។ នៅ​ឆ្នាំ​នោះ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៧៣។ យើង​ភ្ញាក់​ផ្អើល​ផង​សប្បាយ​ផង ពេល​ដែល​ទទួល​ភារកិច្ច​ឲ្យ​បម្រើ​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​កើត។ យើង​បាន​បម្រើ​នៅ​ក្រុង​មុំបាសា ប្រទេស​កេនយ៉ា​អស់​ប្រាំ​ឆ្នាំ។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៨៧ យើង​បាន​ទទួល​ភារកិច្ច​ឲ្យ​បម្រើ​នៅ​ប្រទេស​តង់សានី ជា​កន្លែង​ដែល​គេ​លើក​បម្រាម​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ចេញ។ យើង​បាន​បម្រើ​នៅ​ប្រទេស​នោះ​អស់​២៦​ឆ្នាំ មុន​ដែល​យើង​ត្រឡប់​ទៅ​ប្រទេស​កេនយ៉ា​វិញ។

ការ​ជួយ​មនុស្ស​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​កើត​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ បាន​នាំ​ឲ្យ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង

ការ​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ន័យ​ខ្លឹម​សារ។ ជា​ឧទាហរណ៍ សិស្ស​គម្ពីរ​ដំបូង​របស់​ខ្ញុំ​នៅ​ក្រុង​មុំបាសា ជា​បុរស​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​ពេល​ផ្សព្វ​ផ្សាយ​សាធារណៈ។ ក្រោយ​ខ្ញុំ​បាន​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ពីរ​ក្បាល​ឲ្យ​គាត់ គាត់​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​អាន​ទស្សនាវដ្ដី​ទាំង​នេះ​ចប់ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ទៀត?​»។ នៅ​សប្ដាហ៍​បន្ទាប់ យើង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​គ្នា​ដោយ​ប្រើ​សៀវ​ភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្ដរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ដែល​ទើប​តែ​បាន​ចេញ​ផ្សាយ​ជា​ភាសា​ស្វាហ៊ីលី។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មួយ​ឆ្នាំ​ក្រោយ​មក ហើយ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល។ តាំង​ពី​ពេល​នោះ​មក គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​ជួយ​មនុស្ស​ជិត​១០០​នាក់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។

ខ្ញុំ​និង​អ៊ីណេខេ​បាន​ពិសោធ​ដោយ​ខ្លួន​យើង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​អ្នក​បម្រើ​លោក​ឲ្យ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ

ពេល​ខ្ញុំ​យល់​ថា​អ្វី​ជា​គោល​បំណង​នៃ​ជីវិត ខ្ញុំ​មាន​អារម្មណ៍​ដូច​អ្នក​ជួញ​ដូរ​ម្នាក់​ដែល​បាន​រក​ឃើញ​គជ់​ខ្យង​ដ៏​វិសេស ហើយ​មិន​ចង់​បាត់​បង់​វា​ទេ។ (​ម៉ាថ. ១៣:៤៥, ៤៦​) ពេល​នៅ​ក្មេង ខ្ញុំ​ចង់​ប្រើ​ជីវិត​របស់​ខ្ញុំ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រក​ឃើញ​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ ខ្ញុំ​និង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​ខ្ញុំ​បាន​ពិសោធន៍​ដោយ​ខ្លួន​យើង អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​លោក​ឲ្យ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។