លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៨

«អ្នករាល់គ្នាត្រូវតែបរិសុទ្ធ»

«អ្នករាល់គ្នាត្រូវតែបរិសុទ្ធ»

​«​ចូរ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​»។—១ពេ. ១:១៥

ចម្រៀង​លេខ​៣៤ ចូរ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជានិច្ច

សេចក្ដី​សង្ខេប *

១. តើ​សាវ័ក​ពេត្រុស​បាន​ឲ្យ​យោបល់​អ្វី​ដល់​គ្រិស្ត​សាសនិក​ឯ​ទៀត ហើយ​ហេតុ​អ្វី​យោបល់​របស់​គាត់​ប្រហែល​ជា​មើល​ទៅ​ពិបាក​ធ្វើ​តាម?

មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី យើង​អាច​ទទួល​ប្រយោជន៍​ដោយ​ពិចារណា​អំពី​យោបល់​ដែល​សាវ័ក​ពេត្រុស​បាន​សរសេរ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សតវត្សរ៍​ទី​១។ ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់ ដូច​ព្រះ​ដ៏​បរិសុទ្ធ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ›​»។ (​១ពេ. ១:១៥, ១៦​) តាម​រយៈ​ពាក្យ​ទាំង​នេះ យើង​រៀន​ថា​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​ភាព​បរិសុទ្ធ។ យើង​អាច​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​បាន ហើយ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ។ ប៉ុន្តែ​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រហែល​ជា​គិត​ថា​យើង​មិន​អាច​ធ្វើ​នេះ​បាន​ទេ។ សូម​គិត​អំពី​ពេត្រុស។ ទោះ​ជា​នៅ​ពេល​ខ្លះ​គាត់​ធ្វើ​ខុស​ក្ដី គំរូ​របស់​គាត់​បង្ហាញ​ថា​យើង​អាច​«​ទៅ​ជា​មនុស្ស​បរិសុទ្ធ​»​បាន។

២. តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​ភាព​បរិសុទ្ធ​ជា​អ្វី? តើ​គម្ពីរ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា? តើ​យើង​អាច​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច? តើ​ការ​ដែល​យើង​ទៅ​ជា​មនុស្ស​បរិសុទ្ធ និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?

តើ​ភាព​បរិសុទ្ធ​ជា​អ្វី?

៣. តើ​មនុស្ស​ជា​ច្រើន​គិត​ថា​បុគ្គល​ដែល​បរិសុទ្ធ​ជា​មនុស្ស​បែប​ណា ប៉ុន្តែ​តើ​យើង​អាច​យល់​អត្ថន័យ​នៃ​ពាក្យ​នេះ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ឯ​ណា?

ពេល​មនុស្ស​ឮ​ពាក្យ​បុគ្គល​បរិសុទ្ធ ពួក​គេ​ភាគ​ច្រើន​គិត​អំពី​មនុស្ស​ក្រៀម​ក្រំ​ដែល​ស្លៀក​សម្លៀក​បំពាក់​សាសនា និង​តែង​តែ​មាន​មុខ​ស្មើ។ ប៉ុន្តែ មនុស្សបរិសុទ្ធ​មិន​មែន​ដូច្នេះ​ទេ។ ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​បរិសុទ្ធ បាន​ត្រូវ​ហៅ​ថា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​១ធី. ១:១១​) ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​ក៏​មាន​«​សុភមង្គល​»​ឬ​សប្បាយ​ដែរ។ (​ចសព. ១៤៤:១៥​) លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​បុគ្គល​ដែល​ស្លៀក​សម្លៀក​បំពាក់​ចម្លែក​និង​ប្រព្រឹត្ត​សុចរិត​ដើម្បីយកមុខយក​មាត់។ (​ម៉ាថ. ៦:១; ម៉ាក. ១២:៣៨​) គ្រិស្ត​សាសនិក​ពិត​យល់​ថា​ការ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​មាន​អត្ថន័យ​យ៉ាង​ណា ដោយ​សារ​អ្វី​ដែល​គម្ពីរ​ចែង។ យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ ដូច្នេះ​ពេល​លោក​ប្រាប់​យើង​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​»​ យើង​ជឿ​ជាក់​ថា​នោះ​គឺ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ ប៉ុន្តែ មុន​យើង​អាច​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត យើង​ត្រូវ​ដឹង​ថា​តើ​ភាព​បរិសុទ្ធ​ជា​អ្វី។

៤. តើ​ពាក្យ​«​បរិសុទ្ធ​»​មាន​អត្ថន័យ​អ្វី?

តើ​ភាព​បរិសុទ្ធ​ជា​អ្វី? ក្នុង​គម្ពីរ ពាក្យ​«​បរិសុទ្ធ​»​សំដៅ​លើ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​សាសនា ឬ​អ្វី​ៗ​ដែល​ពិសិដ្ឋ។ ពាក្យ​នេះ​ក៏​អាច​មាន​ន័យ​ថា​ទុក​ដោយ​ឡែក​សម្រាប់​កិច្ច​បម្រើ​ព្រះ។ និយាយ​ឲ្យ​ស្រួល​យល់​ទៅ យើង​នឹង​រាប់​ជា​មនុស្ស​បរិសុទ្ធ បើ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ បើ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត និង​បើ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។ យើងនឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​នៅ​តែ​ចង់​ធ្វើ​ជា​មិត្ត​ជិតស្និទ្ធ​ជា​មួយ​យើង ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​លោក​បរិសុទ្ធ​ទាំង​ស្រុង​ក្ដី។

​‹បរិសុទ្ធ បរិសុទ្ធ ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ›

៥. តើ​ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់​អាច​ជួយ​យើង​ឲ្យ​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ស្អាត​ស្អំ​និង​គ្មាន​មន្ទិល​ក្នុង​គ្រប់​ការ​ទាំង​អស់។ យើង​ដឹង​ដូច្នេះ​តាម​រយៈ​អ្វី​ដែល​ពួក​សេរភីម​ដែល​ជា​ទេវតា​នៅ​ជិត​បល្ល័ង្ក​ព្រះ​យេហូវ៉ា​បាន​និយាយ។ ពួក​សេរភីម​ខ្លះ​បាន​ប្រកាស​ថា​៖ ​«​បរិសុទ្ធ បរិសុទ្ធ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​បរិសុទ្ធ​»។ (​អេ. ៦:៣​) ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​ពួក​គេ ទេវតា​ទាំង​នេះ​ត្រូវ​បរិសុទ្ធ ហើយ​ពួក​គេ​បរិសុទ្ធ​មែន។ នេះ​ជា​មូលហេតុ​ដែល​ការ​មាន​វត្តមាន​របស់​ទេវតា​នៅ​កន្លែង​ណា​មួយ​នៅ​ផែនដី អាច​ធ្វើ​ឲ្យ​កន្លែង​នោះ​ទៅ​ជា​បរិសុទ្ធ ដូច​ជា​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ម៉ូសេ​នៅ​ក្បែរ​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ។—ដច. ៣:២​-​៥; យ៉ូស. ៥:១៥

នៅ​លើ​ស្លាក​មាស​មួយ​នៅ​ខាង​មុខ​ឈ្នួត​ក្បាល​របស់​សម្ដេច​សង្ឃ មាន​ពាក្យ​«​ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា​»​ (​សូម​មើល​វគ្គ​៦​-​៧​)

៦​-​៧. (​ក​) យោង​ទៅ​តាម​ដំណើរ​ចាក​ចេញ ១៥:១, ១១ តើ​ម៉ូសេ​បាន​លើក​បញ្ជាក់​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ? (​ខ​) ស្ដី​អំពី​ភាព​បរិសុទ្ធ​របស់​ព្រះ តើ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​រំលឹក​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

ក្រោយ​ពី​ម៉ូសេ​បាន​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ឆ្លង​សមុទ្រ​ក្រហម គាត់​បាន​លើក​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។ (​សូម​អាន ដំណើរ​ចាក​ចេញ ១៥:១, ១១) ជន​ជាតិ​អេហ្ស៊ីប​ដែល​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត មិន​បរិសុទ្ធ​ទេ ហើយ​ជន​ជាតិ​កាណាន​ដែល​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត​ក៏​មិន​បរិសុទ្ធ​ដែរ។ ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ រួម​បញ្ចូល​ការ​ដុត​កូន​ជា​គ្រឿង​បូជា និង​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ (​ចល. ១៨:៣, ៤, ២១​-​២៤; បច. ១៨:៩, ១០​) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មិន​ដែល​តម្រូវ​ឲ្យ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​ពួក​គេ​មិន​បរិសុទ្ធ​ទេ។ លោក​បរិសុទ្ធ​ទាំង​ស្រុង។ ដើម្បី​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​អំពី​ចំណុច​នេះ មាន​អក្សរ​ចារឹក​ដែល​បាន​ត្រូវ​ឆ្លាក់​លើ​ស្លាក​មាស​មួយ​នៅ​ខាង​មុខ​ឈ្នួត​ក្បាល​របស់​សម្ដេច​សង្ឃ ដែល​ថា​៖ ​«​ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា​»។—ដច. ២៨:៣៦​-​៣៨

អ្នក​ណា​ដែល​ឃើញ​អក្សរ​ចារឹក​នៅ​លើ​ស្លាក​មាស​របស់​សម្ដេច​សង្ឃ​ដឹង​ថា ព្រះ​យេហូវ៉ា​ពិត​ជា​បរិសុទ្ធ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​អាច​ឃើញ​ស្លាក​មាស ដោយ​សារ​ពួក​គេ​មិន​អាច​ចូល​ទៅ​ជិត​សម្ដេច​សង្ឃ? តើ​ពួក​គេ​នឹង​មិន​ដឹង​ថា​ព្រះ​យេហូវ៉ា​បរិសុទ្ធ​ឬ? មិន​មែន​ទេ! ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ មិន​ថា​បុរស ស្ត្រី និង​កូន​ក្មេង អាច​ឮ​ពេល​គេ​អាន​ច្បាប់​ម៉ូសេ។ (​បច. ៣១:៩​-​១២​) បើ​អ្នក​នៅ​ទី​នោះ អ្នក​នឹង​ឮ​គេ​អាន​ថា​៖ ​«​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា... ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ​»។ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា​»។—ចល. ១១:៤៤, ៤៥; ២០:៧, ២៦

៨. តើ​យើង​រៀន​អ្វី​ពី​ច្បាប់​លេវី ១៩:២​និង​ពេត្រុស​ទី​១ ១:១៤​-​១៦?

សូម​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ឃ្លា​មួយ​នៅ​ច្បាប់​លេវី ១៩:២ ដែល​បាន​ត្រូវ​អាន​ឮ​ៗ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ស្ដាប់។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរប្រាប់បណ្ដាជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។ ពេត្រុស​ប្រហែល​ជា​បាន​ដក​ស្រង់​ខ​នេះ ពេល​គាត់​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​«​ទៅ​ជា​មនុស្ស​បរិសុទ្ធ​»។ (​សូម​អាន ពេត្រុស​ទី១ ១:១៤​-​១៦) សព្វ​ថ្ងៃ​នេះ យើង​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេទេ ប៉ុន្តែ​អ្វី​ដែល​ពេត្រុស​បាន​សរសេរ បញ្ជាក់​អំពី​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ច្បាប់​លេវី ១៩:២ គឺ​ថា​ព្រះ​យេហូវ៉ា​បរិសុទ្ធ ហើយ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​គួរ​តែ​ព្យាយាម​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែនដី​ជា​សួន​ឧទ្យាន​ក្ដី យើង​ត្រូវ​តែ​បរិសុទ្ធ។—១ពេ. ១:៤; ២ពេ. ៣:១៣

​«​ចូរ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​»​

៩. តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិចារណា​សៀវ​ភៅ​ច្បាប់​លេវី ជំពូក⁠១៩?

យើង​ព្យាយាម​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ ដោយ​សារ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​ឲ្យ​យោបល់​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ យើង​អាច​រក​ឃើញ​យោបល់​ខ្លះ​នោះ​នៅ​ក្នុង​សៀវ​ភៅ​ច្បាប់​លេវី ជំពូក⁠១៩។ សាស្ត្រាចារ្យ​ជន​ជាតិ​ហេប្រឺ​ម្នាក់​ឈ្មោះ​ម៉ាគុស ខាលិស​សរសេរ​ថា​៖ ​«​នេះ​ប្រហែល​ជា​ជំពូក​សំខាន់​ជាង​គេ​នៃ​សៀវ​ភៅ​ច្បាប់​លេវី និង​ក្នុង​ចំណោម​សៀវ​ភៅ​ប្រាំ​ក្បាល​ដំបូង​នៃ​គម្ពីរ​»។ សូម​កត់​សម្គាល់​មេ​រៀន​ពី​ខ​ខ្លះ​នៅ​ក្នុង​ជំពូក​នេះ ដែល​យើង​អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ សូម​ចាំ​ថា​ច្បាប់​លេវី ១៩​មាន​ពាក្យ​ផ្ដើម​ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​»។

តើ​បញ្ញត្តិ​នៅ​ច្បាប់​លេវី ១៩:៣​ស្ដី​អំពី​ឪពុក​ម្ដាយ គួរ​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​គិត​អំពី​អ្វី? (​សូម​មើល​វគ្គ​១០​-​១២​) *

១០​-​១១. តើ​ច្បាប់​លេវី ១៩:៣​ចែង​ថា​យើង​ត្រូវ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​នេះ​សំខាន់​ណាស់?

១០ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ​បរិសុទ្ធ លោក​បាន​បន្ថែម​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​គោរព​ឪពុក​និង​ម្ដាយ​របស់​ខ្លួន... ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។—ចល. ១៩:២, ៣

១១ គឺ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​ដែល​ឲ្យ​គោរព​ឪពុក​ម្ដាយ។ មាន​ពេល​មួយ​បុរស​ម្នាក់​បាន​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អំពើ​ល្អ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?​»។ ក្នុង​ចម្លើយ​របស់​លោក​យេស៊ូ លោក​បាន​ប្រាប់​បុរស​នោះ​ថា គាត់​ត្រូវ​គោរព​ឪពុក​ម្ដាយ។ (​ម៉ាថ. ១៩:១៦​-​១៩​) លោក​យេស៊ូ​ថែម​ទាំង​បាន​ផ្ដន្ទា​ទោស​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដោយ​សារ​ពួក​គេ​ព្យាយាម​គេច​វេះ​ពី​ការ​មើល​ថែ​ឪពុក​ម្ដាយ​របស់​ខ្លួន។ យ៉ាង​នេះ ពួក​គេ​«​បាន​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​អសារ​ឥត​ការ​»។ (​ម៉ាថ. ១៥:៣​-​៦​) ​«​បណ្ដាំ​របស់​ព្រះ​»​រួម​បញ្ចូល​បញ្ញត្តិ​ទី​៥​នៃ​បញ្ញត្ដិ​១០​ប្រការ និង​ខ​គម្ពីរ​នៅ​ច្បាប់​លេវី ១៩:៣។ (​ដច. ២០:១២​) សូម​ចាំ​ថា បង្គាប់​នៅ​ច្បាប់​លេវី ១៩:៣ ដែល​ឲ្យ​គោរព​ឪពុក​ម្ដាយ បាន​ត្រូវ​ចែង​បន្ទាប់​ពី​ឃ្លា​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។

១២. យោង​ទៅ​តាម​ច្បាប់​លេវី ១៩:៣ តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី?

១២ ស្ដី​អំពី​យោបល់​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​យើង​គោរព​ឪពុក​ម្ដាយ យើង​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​គោរព​ឪពុក​ម្ដាយ​ខ្ញុំ​ឬ​ទេ?›។ បើ​អ្នក​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ដែល​មិន​សូវ​បាន​ធ្វើ​ច្រើន​នៅ​អតីតកាល អ្នក​អាច​តាំង​ចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ចាប់​ពី​ឥឡូវ​នេះ​ទៅ។ អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អតីតកាល​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ខំ​អស់​ពី​សមត្ថភាព​នៅ​ឥឡូវ​នេះ​ដើម្បី​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​ឪពុក​ម្ដាយ​របស់​អ្នក ហើយ​ជួយ​ពួក​គេ​ឲ្យ​បាន​ច្រើន​ជាង។ ប្រហែល​ជា​អ្នក​អាច​លៃ​ទុក​ពេល​ច្រើន​ជាង​ជា​មួយ​ពួក​គេ។ ចុះ​យ៉ាង​ណា​អំពី​ការ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ឬ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ តើ​អ្នក​អាច​ជួយ​ពួក​គេ​ច្រើន​ជាង​ឬ​ទេ? ឬ​តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​ពួក​គេ​ច្រើន​ជាង​ឬ​ទេ? ការ​ធ្វើ​ដូច្នេះ​គឺ​ស្រប​តាម​អ្វី​ដែល​បាន​ត្រូវ​ចែង​នៅ​ច្បាប់​លេវី ១៩:៣

១៣. (​ក​) តើ​មាន​យោបល់​អ្វី​ទៀត​នៅ​ច្បាប់​លេវី ១៩:៣? (​ខ​) សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ៤:១៦​-​១៨​យ៉ាង​ដូច​ម្ដេច?

១៣ មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន​ពី​ច្បាប់​លេវី ១៩:៣​អំពី​ការ​ទៅ​ជា​មនុស្ស​បរិសុទ្ធ។ ក្នុង​នោះ​ចែង​អំពី​ការ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក។ គ្រិស្ត​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ ដូច្នេះ​យើង​មិន​ចាំ​បាច់​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​ជា​រៀង​រាល់​សប្ដាហ៍​ទេ។ ប៉ុន្តែ យើង​អាច​រៀន​ច្រើន​ពី​របៀប​ដែល​ជន​ជាតិ​អ៊ីស្រាអែល​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក និង​ប្រយោជន៍​ដែល​ពួក​គេ​បាន​ទទួល​ពី​ការ​កាន់​តាម​ថ្ងៃ​នោះ។ ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​វេលា​ដែល​បណ្ដា​ជន​សម្រាក​ពី​កិច្ច​ការ​ប្រចាំ​ថ្ងៃ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ។ * នេះ​ជា​មូលហេតុ​ដែល​នៅ​ថ្ងៃ​ឈប់​សម្រាក លោក​យេស៊ូ​បាន​ទៅ​សាលា​ប្រជុំ​នៅ​ក្រុង​ដែល​លោក​បាន​ធំ​ឡើង ហើយ​អាន​បណ្ដាំ​របស់​ព្រះ។ (​ដច. ៣១:១២​-​១៥; សូម​អាន លូកា ៤:១៦​-​១៨) បង្គាប់​របស់​ព្រះ​នៅ​ច្បាប់​លេវី ១៩:៣ ដែល​ថា​«​ត្រូវ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​របស់​[​លោក​]​»​ គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​លៃ​ទុក​ពេល​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ។ តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​ធ្វើ​តាម​បង្គាប់​នេះ​ឲ្យ​បាន​ដិត​ដល់​ជាង​ឬ​ទេ? បើ​អ្នក​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ អ្នក​នឹង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដោយ​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​នេះ​សំខាន់​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។

ចូរ​ពង្រឹង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា

១៤. តើ​មាន​ការ​ពិត​ដ៏​សំខាន់​អ្វី ដែល​បាន​ត្រូវ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ច្បាប់​លេវី ជំពូក⁠១៩?

១៤ ច្បាប់​លេវី ជំពូក⁠១៩​រៀប​រាប់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ពិត​ដ៏​សំខាន់​មួយ ដែល​អាច​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ។ នៅ​ខ​៤​បញ្ចប់​ដោយ​ពាក្យ​ថា​«​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។ ពាក្យ​នេះ​ឬ​ពាក្យ​ស្រដៀង​នឹង​នេះ​មាន​១៦​ដង​ក្នុង​ជំពូក​នេះ។ នេះ​រំលឹក​យើង​អំពី​បញ្ញត្តិ​ទី​១​ដែល​ថា​៖ ​«​ខ្ញុំ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា... អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត​ក្រៅ​ពី​ខ្ញុំ​ទេ​»។ (​ដច. ២០:២, ៣​) គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ចង់​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្មាន​អ្វី​ឬ​គ្មាន​អ្នក​ណា​សំខាន់​ជាង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើយ។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​នាម​ដ៏​បរិសុទ្ធ​របស់​លោក​អាប់​ឱន។—ចល. ១៩:១២; អេ. ៥៧:១៥

១៥. តើ​ការ​អាន​ខ​មួយ​ចំនួន​នៅ​ច្បាប់​លេវី ជំពូក⁠១៩​អំពី​គ្រឿង​បូជា​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

១៥ ជន​ជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ ដោយ​ធ្វើ​តាម​ច្បាប់​របស់​លោក។ ច្បាប់​លេវី ១៨:៤​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ក្រឹត្យ​ក្រម និង​បញ្ញត្តិ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។ ​«​បញ្ញត្តិ​»​ខ្លះ​សម្រាប់​ពួក​អ៊ីស្រាអែល​គឺ​បាន​ត្រូវ​ចែង​នៅ​ជំពូក​ទី​១៩។ ជា​ឧទាហរណ៍ នៅ​ខ​៥​-​៨, ២១, ២២​ចែង​អំពី​គ្រឿង​បូជា​ជា​សត្វ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ជូន​គ្រឿង​បូជា​ទាំង​នោះ​តាម​របៀប​ដែល​មិន​«​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​អាប់​ឱន​»​ទេ។ ការ​អាន​ខ​ទាំង​នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​ជូន​លោក​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា ដូច​ហេប្រឺ ១៣:១៥​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ។

១៦. តើ​គោល​ការណ៍​អ្វី​នៅ​ច្បាប់​លេវី ជំពូក⁠១៩​អាច​រំលឹក​យើង​អំពី​ភាព​ខុស​គ្នា​រវាង​ពួក​អ្នក​បម្រើ​ព្រះ​និង​ពួក​អ្នក​ដែល​មិន​បម្រើ​លោក?

១៦ ដើម្បី​ទៅ​ជា​មនុស្ស​បរិសុទ្ធ យើង​ត្រូវ​សុខ​ចិត្ត​ធ្វើ​ខុស​ពី​ពួក​អ្នក​ដែល​មិន​បម្រើ​ព្រះ។ ជួន​កាល​សិស្ស​រួម​ថ្នាក់ អ្នក​រួម​ការ​ងារ សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ និង​បុគ្គល​ផ្សេង​ទៀត ព្យាយាម​បង្ខំ​យើង​ឲ្យ​ចូល​រួម​សកម្មភាព​ផ្សេង​ៗ​ដែល​រា​រាំង​យើង​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ពេល​ពួក​គេ​ធ្វើ​ដូច្នេះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ? សូម​ពិចារណា​អំពី​គោល​ការណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ច្បាប់​លេវី ១៩:១៩​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ដែល​ត្បាញ​ពី​អំបោះ​ពីរ​យ៉ាង​ទេ​»។ ច្បាប់​នេះ​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ខុស​ប្លែក​ពី​ជន​ជាតិ​ផ្សេង​ៗ​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ សព្វ​ថ្ងៃ​នេះ យើង​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ ដូច្នេះ​គឺ​មិន​ខុស​ទេ​ដែល​គ្រិស្ត​សាសនិក​ស្លៀក​សម្លៀក​បំពាក់​ដែល​លាយ​អំបោះ​ពីរ​ប្រភេទ ដូច​ជា​កប្បាស​និង​សូត្រ​ជា​ដើម។ ប៉ុន្តែ យើង​មិន​ព្រម​ធ្វើ​ដូច​ពួក​អ្នក​ដែល​មាន​ជំនឿ​និង​ការ​ប្រព្រឹត្ត​ដែល​មិន​សម​ស្រប​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ទេ ទោះ​ជា​បុគ្គល​ទាំង​នោះ​ជា​អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ ឬ​សាច់​ញាតិ​ក្ដី។ យើង​ស្រឡាញ់​សាច់​ញាតិ​របស់​យើង ហើយ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ ប៉ុន្តែ ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ក្នុង​ជីវិត យើង​បង្ហាញ​ថា​យើង​ស្ដាប់​បង្គាប់​ព្រះ ទោះ​ជា​នេះ​ធ្វើ​ឲ្យ​យើង​ខុស​ពី​គេ​ក៏​ដោយ។ សូម​ចាំ​ថា​ការ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​រួម​បញ្ចូល​ការ​ញែក​ទុក​សម្រាប់​ព្រះ។ នេះ​គឺ​សំខាន់​ណាស់ បើ​យើង​ចង់​ទៅ​ជា​មនុស្ស​បរិសុទ្ធ។—២កូ. ៦:១៤​-​១៦; ១ពេ. ៤:៣, ៤

តើ​ជន​ជាតិ​អ៊ីស្រាអែល​គួរ​ទាញ​យក​មេ​រៀន​អ្វី​ពី​ច្បាប់​លេវី ១៩:២៣​-​២៥ ហើយ​តើ​អ្នក​ទាញ​យក​មេ​រៀន​អ្វី​ពី​ខ​ទាំង​នោះ? (​សូម​មើល​វគ្គ​១៧​-​១៨​) *

១៧​-​១៨. តើ​យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​អ្វី​ពី​ច្បាប់​លេវី ១៩:​២៣​-​២៥?

១៧ ឃ្លា​ដែល​ថា​«​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»​ គួរ​ធ្វើ​ឲ្យ​ពួក​អ៊ីស្រាអែល​នឹក​ឃើញ​ថា ពួក​គេ​គួរ​តែ​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ថា​ជា​អ្វី​សំខាន់​បំផុត។ តើ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ច្បាប់​លេវី ១៩:២៣​-​២៥​បង្ហាញ​អំពី​របៀប​មួយ។ (​សូម​អាន​) តើ​ពាក្យ​ទាំង​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ពួក​អ៊ីស្រាអែល ក្រោយ​ពី​ពួក​គេ​បាន​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា? បើ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ដាំ​ដំណាំ​ហូប​ផ្លែ​ណា​មួយ គាត់​មិន​អាច​បរិភោគ​ផល​ដំណាំ​នោះ​អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​៤ គាត់​ប្រមូល​ផល​ដំណាំ​ទុក​ដើម្បី​ប្រើ​នៅ​ទី​បរិសុទ្ធ​របស់​ព្រះ។ នៅ​ឆ្នាំ​ទី​៥ គាត់​អាច​បរិភោគ​ផល​ដំណាំ​របស់​ខ្លួន​បាន។ ច្បាប់​នេះ​គួរ​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​នឹក​ឃើញ​ថា ពួក​គេ​មិន​គួរ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ជា​អ្វី​សំខាន់​បំផុត​ទេ។ ពួក​គេ​ត្រូវ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​មាន​អ្វី​គ្រប់​គ្រាន់​ដើម្បី​បរិភោគ។ ម្យ៉ាង​ទៀត លោក​លើក​ទឹក​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បង្ហាញ​ចិត្ត​ទូលាយ​នៅ​ទី​បរិសុទ្ធ​របស់​លោក ជា​កន្លែង​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​លោក។

១៨ ច្បាប់​របស់​ព្រះ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ច្បាប់​លេវី ១៩:​២៣​-​២៥ រំលឹក​យើង​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​ខ្វល់​ខ្វាយ... ថា នឹង​បាន​អ្វី​បរិភោគ​ឬ​ផឹក​»។ លោក​បាន​បន្ត​ថា​៖ ​«​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នេះ​»។ ដូច​ព្រះ​ផ្គត់​ផ្គង់​សត្វ​ស្លាប លោក​ក៏​នឹង​ផ្គត់​ផ្គង់​យើង​ដែរ។ (​ម៉ាថ. ៦:២៥, ២៦, ៣២​) យើង​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​យើង។ ម្យ៉ាង​ទៀត យើង​«​ធ្វើ​ទាន​»​ដោយ​មិន​យក​មុខ ពេល​ជួយ​ពួក​អ្នក​ដែល​ខ្វះ​ខាត។ យើង​ក៏​សប្បាយ​ឲ្យ​តាម​លទ្ធភាព​របស់​យើង ដើម្បី​ជួយ​បង់​ថ្លៃ​ចំណាយ​ក្នុង​ក្រុម​ជំនុំ។ ព្រះ​យេហូវ៉ា​ឃើញ​ពេល​យើង​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​របស់​លោក​ដោយ​ចិត្ត​ទូលាយ ហើយ​លោក​នឹង​ផ្ដល់​រង្វាន់​ឲ្យ​យើង។ (​ម៉ាថ. ៦:២​-​៤​) ពេល​យើង​មាន​ចិត្ត​ទូលាយ យើង​បង្ហាញ​ថា​យើង​យល់​មេ​រៀន​ដែល​មក​ពី​ច្បាប់​លេវី ១៩:២៣​-​២៥

១៩. តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិចារណា​សៀវ​ភៅ​ច្បាប់​លេវី?

១៩ យើង​បាន​ពិចារណា​រួច​ហើយ​អំពី​ខ​មួយ​ចំនួន​នៅ​ច្បាប់​លេវី ជំពូក⁠១៩ និង​របៀប​ដែល​ខ​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​ទៅ​ជា​មនុស្ស​បរិសុទ្ធ ដូច​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង។ ដោយ​យក​តម្រាប់​លោក យើង​ព្យាយាម​«​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​»។ (​១ពេ. ១:១៥​) មនុស្ស​ជា​ច្រើន​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​អំពី​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង។ នេះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​សរសើរ​តម្កើង​លោក។ (​១ពេ. ២:១២​) មាន​មេ​រៀន​ជា​ច្រើន​ទៀត​ដែល​យើង​អាច​រៀន​ពី​ច្បាប់​លេវី ជំពូក⁠១៩។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ខ​មួយ​ចំនួន​ទៀត​ពី​ជំពូក​នេះ ហើយ​អត្ថបទ​នោះ​ក៏​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ផ្សេង​ទៀត​ដើម្បី​«​ទៅ​ជា​មនុស្ស​បរិសុទ្ធ​»​ ដូច​ដែល​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ។

ចម្រៀង​លេខ​៨០ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​លោក​ល្អ​»​

^ វគ្គ 5 យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​បរិសុទ្ធ ហើយ​លោក​តម្រូវ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​បរិសុទ្ធ​ដែរ។ តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ពិត​ជា​អាច​ធ្វើ​ដូច្នេះ​បាន​ឬ​ទេ? គឺ​អាច​ធ្វើ​បាន! ការ​គិត​ពិចារណា​អំពី​យោបល់​របស់​សាវ័ក​ពេត្រុស​ចំពោះ​បង​ប្អូន​រួម​ជំនឿ និង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ នឹង​ជួយ​យើង​ឲ្យ​រៀន​អំពី​របៀប​ដែល​យើង​អាច​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់។

^ វគ្គ 13 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ថ្ងៃ​ឈប់​សម្រាក និង​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ថ្ងៃ​ឈប់​សម្រាក​នោះ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​មាន​ពេល​សម្រាប់​ធ្វើ​ការ​និង​សម្រាក​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ធ្នូ ឆ្នាំ​២០១៩។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: កូន​ប្រុស​ពេញ​វ័យ​ម្នាក់​ចំណាយ​ពេល​ជា​មួយ​ឪពុក​ម្ដាយ​របស់​គាត់ នាំ​ប្រពន្ធ​កូន​ទៅ​លេង​ឪពុក​ម្ដាយ​គាត់ ហើយ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​ជា​រឿយ​ៗ។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: កសិករ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ពិនិត្យ​មើល​ផល​ដំណាំ​ខ្លះ​ដែល​គាត់​បាន​ដាំ។